ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៩ ទាក់ទាញ​យុវជន​រាប់ពាន់នាក់​ចូលរួម​

655
ចែករម្លែក

​ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
យុវជន​មកពី​គ្រប់ទិសទី​រាប់ពាន់នាក់​បាន​ចួ​ល​រួម​ទស្សនា និង​សិក្សា​ស្វែងយល់ នៅក្នុង​ពិធី​បើក​ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​២ ឆ្នាំ​២០១៩​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​។​

​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​” លើក​ទី​២ ឆ្នាំ​២០១៩​នេះ ក្រោម​ប្រធានបទ “TVET អាចធ្វើ​បាន​” បានរៀបចំ​ធ្វើឡើង​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយមាន​ការចូលរួម​សហការ​គាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​សាធារណៈ ឯកជន អង្គការក្រៅរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេស​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) និង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។​

​លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ឱ្យដឹងថា​ការរៀបចំ​កម្មវិធី ទិវា​ជាតិ​នេះ​ឡើង​គឺ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ ទៅដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និង​ផ្នែក​ឯកជន​ឲ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង និង​ក្រៅ​ស្រុក​។​

​លោក​បាន​បន្ថែមថា​ទិវា​នេះ​រំពឹងថា​នឹង ទទួលបាន​ការគាំទ្រ​និង​ចូលរួម​កាន់តែ​ច្រើនឡើង​ពី​ភាគី​ពាក់ព័ន្ធ​នានា ដោយមាន​បញ្ជរ​សរុប​ចំនួន ៧២ ហើយ​ត្រូវប៉ាន់​ស្មាន​ជាមុន​ថា​នឹងមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣​ម៉ឺន​នាក់​។ ជាមួយគ្នា​ការរៀបចំ​ទិវា​ជាតិ​នា​ឆ្នាំ​នេះដែរ ក្នុង​គោលបំណង ១-​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ២-​ផ្សព្វផ្សាយ​ការណែនាំ​មុខជំនាញ​បច្ចេកទេស និង​ព័ត៌មាន​អាហារូបករណ៍ ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​សិស្សានុសិស្ស យុវជន កម្មករនិយោជិត និង​មហាជន​ទូទៅ ឲ្យ​មើលឃើញ​ពី​តម្លៃ និង​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ ព្រមទាំង ការធានា​ជាមុន​សឹងតែ​ពេញលេញ​ក្នុង​ការទទួល​បានការ​ងារ​ធ្វើ​ប្រកបដោយ​ប្រាក់ចំណូល​ល្អ​សមរម្យ ៣-​តាំង​បង្ហាញ​ពី​សមិទ្ធិផល​ពី​ស្នា​នុ​វា​នុ​វត្ត​ន៍​និង​ការបង្កើត​ថ្មី​ដែលមាន​ភាពលេច​ធ្លោ​ដោយ​ការប្រើប្រាស់​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា​ថ្មីៗ ដូចជា​រ៉ូ​បូត​ដែលមាន​បញ្ញា​និម្មិត​(AI) កាន់តែ​ខ្ពស់​និង​អាច​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស ដែលជា​ស្នាដៃ​ផ្ទាល់​របស់​សិស្ស និស្សិត​ផ្នែក​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។ នេះ​ជា​សក្ខីកម្ម​ជាក់ស្តែង​បង្ហាញ​ឱ្យ​យើងទាំងអស់គ្នា​ឃើញថា TVET មិន​គ្រាន់តែ​អាចធ្វើ​បាន​ដូច​ផ្នែក​ផ្សេង​ទេ ប៉ុន្តែ​ពេលខ្លះ​អាច​ធ្វើបាន​ប្រសើរ​ជាង​ផ្នែក​ផ្សេង​ទាំងនោះ​ទៅទៀត​។ ៤-​ជំរុញ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​មក​ហា​ជន និង​សិស្សានុសិស្ស​ឲ្យ​ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ ៥-​បង្កើត​ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល ផ្នែក​ឯកជន និង​អង្គការ​ជាតិ អន្តរជាតិ​ជាដើម​៕ ល​