ទិវា​ជាតិ​ចងចាំ​ព្រឹត្តិការណ៍​នៅ​មូលដ្ឋានទ័ព​ភៀ​ល​ហា​ប៊ើ​រ៍​របស់​អាមេរិក​-០៧

420

(​ភ្នំពេញ)​៖ នៅ​ម៉ោង ៧:៤៨ ព្រឹក​ថ្ងៃអាទិត្យ ទី​៧ ( ថ្ងៃ​ចន្ទ ទី​៨ នៅ ជប៉ុន​) ខែ ធ្នូ ឆ្នាំ​១៩៤១​ក្នុងពេលដែល អ្នកខ្លះ​មិនទាន់​ភ្ញាក់​ពី​ដំណេក​ផង​សន្ធឹក នៃ​សំឡេង​រ៉ុក្កែត​រាប់ពាន់​រាប់ម៉ឺន គ្រាប់​បាន​ហោះ​ចេញពី​យន្តហោះ ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក ៣៥៣​គ្រឿង​ស្រោច​ដូច​គ្រាប់​ភ្លៀង​ធ្លាក់ ពីលើ​មេឃ​ទៅបុក​បំផ្ទុះ ប​ញ្ឆោះ​បំ​ប៉ើង កម្ទេច អង្រន់​សមុទ្រ រដ្ឋ​ហា​វ៉ៃ ឱ្យ​កក្រើក ញាប់​ញ័រ និង​ឆេះ​សន្ធោសន្ធៅ​ឡើង ។ នោះ​គឺជា​ការវាយប្រហារ​រប​ស់​កងទ័ព អធិរាជ​ជប៉ុន ដោយ​មិនបាន​ប្រកាស​ឱ្យដឹង​ជាមុន​ទៅលើ​មូលដ្ឋាន កងទ័ព​ជើង ទឹក​របស់​អាមេរិក នៅ​កំពង់ផែ ភៀ​ល ហា​ប៊ើ​រ៍ (Pearl Harbor) រដ្ឋ​ហា​វ៉ៃ ។​
​ ​
​ក្នុងពេល​គ្រាប់កាំភ្លើង​តូចធំ កំពុង​ស្រោច​មក​ក្នុង​កណ្តាល​មនុស្ស ស្លាប់​ត្រៀបត្រា​អណ្តែត​ពេញ​ទឹក​ធ្វើឱ្យ ទឹកសមុទ្រ​នៅ​ទីនោះ​ប្រែជា​ពណ៌​ក្រហម សម្រែក​អ្នករងរបួស​ស្រែកថ្ងូរ​គួរ​រន្ធត់​ក្នុង​សភាព​ភ័យ​តក្កមា កងទ័ព​អាមេរិក​ប្រវេប្រវា​វាយបក​ទៅលើ​កងទ័ព​ជប៉ុន វិញ​រហូតដល់​អាច​គ្រ​ប់​គ្រង​ស្ថានការណ៍​នៅ​មូលដ្ឋាន របស់ខ្លួន​វិញ​បាន ។​
​ ​
​ប៉ុន្តែ​ភាគី​អាមេរិក​បាន​រង​ការ ខូចខាត​យ៉ាងដំណំ គឺ​កប៉ាល់ចម្បាំង​ទាំង ប្រាំបី​គ្រឿង បាន​រង​ការខូចខាត ហើយ ក្នុងនោះ​មាន​បួន​គ្រឿង​បាន​លិច​ចូល ទៅក្នុង​ជម្រៅ នៃ​ទឹកសមុទ្រ (​ប៉ុន្តែ​ក្រោយមក​កប៉ាល់ ចម្បាំង​ឈ្មោះ Arizona បាន​ងើបឡើង​ពី​សមុទ្រ​វិញ ហើយ​ក្នុង នោះ​កប៉ាល់​ប្រាំ​មួយគ្រឿង​ត្រូវបាន​ជួស ជុល ហើយ​ចូលទៅ​ប្រយុទ្ធ​តទល់​នឹង ជប៉ុន​វិញ នៅក្នុង​សង្គ្រាមលោកលើកទី ២ ) ។

យន្តហោះ​ចម្បាំង​របស់​អាមេរិក ១៨៨​គ្រឿង​ត្រូវបាន​បំផ្លាញ និង ១៥៩ គ្រឿង​រង​ការខូចខាត​ជា​ដំណំ ។ ទាហាន និង​ជន​ស៊ីវិល អាមេរិក ២.៤០៣​នាក់ បាន​បាត់​បង់ជីវិត និង របួស​១.១៧៨​នាក់ ។ ប៉ុន្តែ​ទីតាំង សំខាន់ៗ​របស់​អាមេរិក​ដូចជា​ស្ថានីយ ថាមពល កន្លែង​ជួសជុល ឃ្លាំង​សម្ភារ ទីបញ្ជាការ​និង​កន្លែង​ស្តុក ប្រេងឥន្ធនៈ ជាដើម​មិនបាន​រង​ការ​វា​ប្រហារ​ឡើយ​។ ការខកខាន​របស់​ជ​ប៉ុន​នេះ ធ្វើឱ្យ​អាមេរិក​ហ៊ាន ក្រោកឈរ​ប្រកាស សង្គ្រាម​តទល់​ជប៉ុន​វិញ​។​
​ ​
​មុននឹង​បង្ខំចិត្ត​ដកថយ​ទៅវិញ កងទ័ព​ជប៉ុន​ក៏​ខាតបង់​ច្រើន​គួរសម​ដែរ​យន្តហោះ​ចម្បាំង​២៩​គ្រឿង មនុស្ស​ជាង ៦០​នាក់ នាវា​ល្បាត​បី​គ្រឿង នាវា ពិឃាត​បី​គ្រឿង​កប៉ាល់​ប្រឆាំង​យន្ត ហោះ​មួយគ្រឿង និង​កប៉ាល់​រាយ​មីន មួយគ្រឿង​បាន​បាត់បង់​និង​ខូចខាត​ជា ដំណំ ។ ក្នុងពេល​ដំណាលគ្នា​នឹង​ការ វាយប្រហារ​ទៅលើ​មូលដ្ឋាន​កងទ័ព នៅ ភៀ​ល ហា​ប៊ើ​រ៍ នោះ កងទ័ព ជប៉ុន​ក៏បាន​វាយប្រហារ ទៅលើ​ទីតាំង​កងទ័ព អាមេរិក នៅ​ហ្វ៊ី​លី​ពី​ន និង កងទ័ព អង់គ្លេស នៅ​ម៉ាឡាយូ សាំង​ហ្គា​ពួរ និង ហុងកុង ផងដែរ ។​
​ ​
​សម្រាប់​ជប៉ុន​មាន​សកម្មភាព យោធា​ដោយ​មិន​ប្រកាស​ជាមុន​នេះ​ជា ហូរហែ​មកហើយ ។ ទោះយ៉ាងណា ការដែល​មិនមាន​ការព្រមាន​ជាមុន ជាពិសេស​នៅពេលដែល​ដំណើរការ ចរចា​រវាង​ជប៉ុន និង​អាមេរិក​ដែល ពេលនោះ កំពុងមាន​ដំណើរការ និង ត្រូវបាន​គេ​ដឹង​ជាទូទៅ​ហើយ​នោះ ធ្វើឱ្យ​ជប៉ុន​រង​ការរិះគន់ ។​
​ ​
​មូលហេតុ​របស់​ជប៉ុន​
​មុន​សង្គ្រាមលោកលើកទី ២ ផ្ទុះឡើង​នោះ ទឹកដី​នៃ​ប្រទេស​នានា​នៅ អាស៊ី​សឹងតែ​ទាំងអស់​ដោយ​រួមទាំង ប្រទេស​កម្ពុជា​ផង បាន​ត្រូវ​ពួក​មហា​- អំណាច​អឺរ៉ុប​យក​ធ្វើ​អាណានិគម ។ ជប៉ុន​ដែលជា​មហា ប្រទេសមួយ​នៅ អាស៊ី​បានធ្វើ​កិច្ចការ​ជាច្រើន​ដែល​ពេល ខ្លះ​ត្រូវគេ​មើលឃើញថា​ជា​អំពើ​ឃោ​ឃៅ ក្នុង​បំណង​ទប់ស្កាត់​អំណាច​ពួក អឺរ៉ុប​នៅ​អាស៊ី និង​រំដោះប្រទេស​នៅ អាស៊ី​ឱ្យ​រួច​ផុតពី​អាណានិគម​របស់ មហាអំណាច​អឺរ៉ុប ដោយ​ជប៉ុន​លើក ពាក្យស្លោក​ថា “ ទឹកដី​អាស៊ី សម្រាប់​ជនជាតិ​អាស៊ី “ ។ នៅ​ឆ្នាំ​១៩៤០ ជប៉ុន​បាន ចាប់ផ្តើម​លុកលុយ​ចូលមកក្នុង​តំបន់ ឥណ្ឌូចិន​របស់​បារាំង​(​កម្ពុជា​- វៀតណាម​-​ឡាវ​)​ជា​បន្តបន្ទាប់​បាន​គ្រប់គ្រង និង​ដាក់​ប្រទេស​ចិន​ឱ្យនៅ​ដាច់​ពី​ពិភពលោក​ដើម្បី​ងាយ ស្រួលខ្លួន គ្រប់គ្រង​ដើម្បី​ឈានទៅរក​ការ​វាយ ប្រហារ​តំបន់​នានា​ទៀត​ដែលជា​ទឹកដី​អាណានិគម របស់​អង់គ្លេស​និង​ហុ​ល្លង់ ។
​ ​
​ជា​ចំណុច​ល្អ​មួយ​ជប៉ុន​ដណ្តើម ប្រទេស​នានា​នៅ​អាស៊ី​ពី​អាណានិគម​មហាអំណាច​អឺរ៉ុប​ហើយ តែងតែ​រៀបចំ ឱ្យ​ប្រទេស​នោះៗ​ប្រកាស​ឯករាជភាព របស់ខ្លួន ដូចជា​ប្រទេស​កម្ពុជា ជាដើម (​ប៉ុន្តែ​ជា​អកុសល​ឯករាជភាព​ទាំងនោះ មិនបាន​នៅ​គង់វង្ស​ឡើយ គឺ​ភាគច្រើនបំផុត​ប្រទេស​ទាំងនោះ ត្រូវ​ធ្លាក់​ក្នុង អាណានិគម​ដើម​វិញ​បន្ទាប់ពី​ជប៉ុន​ចាញ់ សង្គ្រាម ដូចជា​ប្រទេស​កម្ពុជា ត្រូវ​ធ្លាក់ ទៅ​ក្រោម​អាណានិគម​បារាំង​វិញ​ជា ដើម ) ។ ពេលនោះ អាមេរិក​នៅ​ជា​ប្រទេស​ដែល​មិនទាន់​ចូលខ្លួន ទៅក្នុង សង្គ្រាម​នៅឡើយ ហើយ​អាមេរិក​ថែម ទាំង​ជា​អ្នកលក់​ប្រេងឥន្ធនៈ​ទៅឱ្យ​ជប៉ុន​ហើយក៏​មិន បានគិត​ចង់​ផ្តាច់​ការលក់ នោះដែរ ព្រោះ​វ៉ាស៊ីនតោន យល់ថា ការលក់​ប្រេង​ទៅឱ្យ​ជប៉ុន ធ្វើឱ្យ​ជប៉ុន ក្លាយជា​អ្នក​ពឹង​អាមេរិក​លើ​ផ្នែក​ប្រេង ឥន្ធនៈ​នោះ ហើយ​អាមេរិក​ក៏​រកប្រាក់ ចំណូល និង​ចំណេញ​បាន​យ៉ាងច្រើន សន្ធឹកសន្ធាប់​ណាស់ដែរ ។​
​ ​
​ប៉ុន្តែ​ជប៉ុន និង​ពិភពលោក​សុទ្ធ តែ​បានដឹងថា អាមេរិក​បាន​ជួយ អង់គ្លេស​ដោយ​លួចលាក់​ទាំង​មិន​ចង់ឱ្យ ជប៉ុន​រីក​អំណាច​តាម​មហិច្ឆតា​របស់ ជប៉ុន​ផង ព្រោះ​អាមេរិក​ខ្លាច​ប៉ះពាល់ ផលប្រយោជន៍​របស់ខ្លួន គឺ​ណាមួយ មហាអំណាច​ដែលជា​សត្រូវ​របស់​ជប៉ុន សុទ្ធតែ​ពួក​អឺរ៉ុប ហើយ​អាមេរិក​មាន​ផល ប្រយោជន៍​ជាមួយ​ពួក​នោះ​ផងដែរ ។​
​ ​
​នៅ​ដើមឆ្នាំ​១៩៤១ ប្រធានាធិបតី​អាមេរិក​ហ្វ្រាំង​គ្លី​ន រូស​វែ​ល​ថ៍ បាន ប្តូរ​ទីតាំង​កងទ័ពជើងទឹក​ពី សាន់ ដៀ​ហ្គោ (San Diego) ទៅ ហា​វ៉ៃ និង បាន​បញ្ជា​ឱ្យ​កសាង​មូលដ្ឋាន​កងទ័ព នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ផងដែរ ដើម្បី​បន្ទច់ បង្អាក់​ការ​លុកលុយ​របស់​ជប៉ុន​ចូលទៅ ក្នុង​តំបន់​ចុង​បូព៌ា ។​

​ប្រការ​ទាំងនេះ​នាំឱ្យ​ជប៉ុន និង អាមេរិក ចាប់ផ្តើម​មានទំនាស់​នឹង​គ្នា ហើយ​ភាគី​ទាំងពីរ​ក៏បាន​ចរចា​គ្នា ។ ចំពោះ​ជប៉ុន មិន​អនុញ្ញាតឱ្យ​អ្នកណា មក​រាំងស្ទះ​នូវ​ដំណើរ​រុលទៅមុខ ក្នុង​មហិច្ឆតា​ក្តោប​ក្តាប់​អាស៊ី​ឡើយ ។ និយាយ​ម្យ៉ាង​ទៀតថា ជប៉ុន​ដាច់ខាត​ត្រូវ តែ​ប្រយុទ្ធ​ដណ្តើម​អំណាច ឬ ទឹកដី​អាស៊ី ពី​អង់គ្លេស និង​ហូ​ឡង់ យកមក​ឱ្យ​អាស៊ី ដែលមាន​ជប៉ុន​ខ្លួនឯង​ជា​ប្រមុខ ។
​ ​
​កាលណោះ នៅ​អាមេរិក ឯណោះ ចលនា​នៃ​ការមិនធ្វើ​អន្តរាគមន៍ ឬ តាំងខ្លួន​ជា​អ្នក​មិន​ឈរ​នៅ​ខាង ភាគី​ណាមួយ​កំពុងមាន​ឥទ្ធិពល​ខ្លាំង ណាស់ ពោលគឺ​អាមេរិក​មិន​ចង់​ធ្វើ សង្គ្រាម​ទេ ។ ប៉ុន្តែ​អ្នកវិភាគ ខ្លះ​យល់ថា កាលណោះ អាមេរិក​សម្ងំ​សន្សំទ្រព្យ​ទុក ឱ្យ​ភាគី​សង្គ្រាម​ទាំងឡាយ​វាយ​ប្រយុទ្ធ​គ្នា រហូត​ខ្សោះ​កម្លាំង​រៀងខ្លួន ទើប​អាមេរិក​ចូលទៅ​ក្រញឹប​យក​ទាំងអស់ តែម្តង ហើយ​ប្រការនេះ​ឃើញថា​មិន សូវ​ខុស​ឡើយ ។
​ ​
​មូលហេតុ​ដ៏​សំខាន់បំផុត​មួយ នោះ គឺ​ជប៉ុន​យល់ថា ប្រសិនបើ​ខ្លួន (​ជប៉ុន​) វាយប្រហារ​ទៅលើ​ទឹកដី អាណានិគម​ណាមួយ​រប​ស់​អង់គ្លេស នៅ​អាស៊ីអាគ្នេយ៍​នោះ អាមេរិក​នឹង​ចូលខ្លួន​ទៅក្នុង​សង្គ្រាម​នោះ មិន​ខាន ដូច្នេះ ទើប​ជប៉ុន​យល់ថា ជម្រើស​តែមួយគត់​គឺ ការវាយប្រហារ​អាមេរិក ដែលជា​អ្នក រារាំង​មុន​ដើម្បី​កុំឱ្យ​អាមេរិក​នឹងមិន​មាន លទ្ធភាព​ចូលទៅ​ធ្វើ​អន្តរាគមន៍ ។
​ ​
​ហេតុនេះ​ជប៉ុន​វាយប្រហារ ទៅលើ​កងទ័ព​អាមេរិក​នៅតាម​មូលដ្ឋាន នានា​នៅ​មហាសាគរ​ប៉ាស៊ីហ្វិក ។ ប៉ុន្តែ ជប៉ុន​ធ្វើ​មិនបាន​ជោគជ័យ​ទាំងស្រុង ហើយ​ការវាយប្រហារ​ទៅលើ​អាមេរិក​នេះ​មាន​ឧបមា​ដូចជា គេ​គប់​សម្បុក ឪម៉ាល់ ។ ជា​លទ្ធផល មួយថ្ងៃ​ក្រោយពី ជប៉ុន​វា​ប្រហារ​ទៅលើ​កងទ័ព​អាមេរិក នៅ​តំបន់​មហាសាគរ​ប៉ាស៊ីហ្វិក មាននៅ ភៀ​ល ហា​ប៊ើ​រ៍ ជាអាទិ៍ គឺ​នៅ​ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ​១៩៤១ អាមេរិក​បានប្រកាស សង្គ្រាម​ប្រឆាំងនឹង​ជប៉ុន ដោយ​គ្មាន អ្នកណា​ជំទាស់ ។

​សង្គ្រាមលោកលើកទី​២​ផ្ទុះឡើង​ ​
​ក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់ សភា​ប្រធានាធិបតី​អាមេរិក ហ្វ្រាំង​គ្លី​ន រូស​វែ​ល​ថ៍ (Franklin D. Roosevelt) ថ្លែងថា “​ការវាយប្រហារ​ទៅលើ មូលដ្ឋាន​កងទ័ព​អាមេរិក ភៀ​ល ហា​ប៊ើ​រ៍ នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៤១ គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​នឹង​ស្ថិតនៅ​ជានិច្ច​ក្នុង ភាព​ទុរយស ព្រោះតែ​ការវាយប្រហារ នោះ​ពុំមាន​ការប្រកាសសង្គ្រាម ទាំង​ពុំ មានការ​ព្រមាន​ជាក់លាក់​ផង “ ។​

​អាមេរិក​បានក្លាយ​ជាស​ម្ព័​ន្ធ​មិត្ត ដ៏​សកម្ម​របស់​អង់គ្លេស​ញ៉ាំងឱ្យ អាល្លឺម៉ង់ និង​អ៊ីតាលី ប្រកាសសង្គ្រាម​ដែរ ត្រឹមតែ បី​ថ្ងៃ​ក្រោយមក គឺ​ថ្ងៃ​តី​១១ ខែ​ឆ្នាំ ដដែល​នោះ​។ សង្គ្រាមលោកលើកទី​២ បានចាប់ផ្តើម​ពី​ពេលនោះ និង​ដោយ ប្រការ​ដូច្នេះ​ឯង ។​
​ ​
​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពួក​អ្នក និពន្ធ​មួយចំនួន​បាន​ចោទថា មាន​មន្ត្រី ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​អាមេរិក​និង រដ្ឋាភិបាល​អង់គ្លេស​បាន​ដឹង​ពី​គម្រោង វាយប្រហារ​របស់​ជប៉ុន​ជាមុន ប៉ុន្តែ​អ្នក​ទាំងនោះ​លាក់ទុក​ព័ត៌មាន ទាំងនោះ​ឬក៏ ថែមទាំង​ជួយ​ជំរុញឱ្យមាន​ការវាយប្រហា​រ​របស់​ជប៉ុន​ទៅលើ​មូលដ្ឋានទ័ព អាមេរិក​ទៀតផង ព្រោះ​ពួកគេ​មាន បំណង​ចង់ឱ្យ​អាមេរិក​មាន​ហេតុផល គ្រប់គ្រាន់​ក្នុងការ​ចូលទៅក្នុង​សង្គ្រាម ប្រឆាំង​ជប៉ុន ហើយ​ទីបំផុត​គឺ​ជប៉ុន​បាន ចុះចាញ់​សង្គ្រាមលោកលើកទី​២​នោះ បន្ទាប់ពី​អាមេរិក​ទម្លាក់​គ្រាប់បែក បរមាណូ​នៅ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា និង ទីក្រុង ណា​ហ្កា​សា​គី នា​ឆ្នាំ​១៩៤៥​។​
​ ​
​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ១៩៩៤ សភា​អាមេរិក បានកំណត់​យក ថ្ងៃទី​៧ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ថា​ជា ទិវា​ជាតិ​ចងចាំ​ព្រឹត្តិការណ៍​នៅ​មូលដ្ឋាន ទ័ព ភៀ​ល ហា​ប៊ើ​រ៍ ហើយ​ត្រូវបាន​គេ ធ្វើជា​រៀងរាល់ឆ្នាំ នៅ​អាមេរិក ដើម្បី ចងចាំ និង​ផ្តល់​កិត្តិយស​ដល់​អ្នក​ទាំងពួង ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ដែល ជប៉ុន​វាយប្រហារ​លើ​ទៅ​មូលដ្ឋានទ័ព អាមេរិក​នៅ ភៀ​ល ហ៊ា​ប៊ើ​រ៍ កាលពី​ថ្ងៃ ទី​៧ ខែធ្នូ ឆ្នាំ​១៩៤១ នោះឯង ។​
​ ​
សរណៈ​វត្ថុ​
​សរណៈ​វត្ថុ​គឺ​វត្ថុ​អនុស្សាវរីយ៍ ឬ វត្ថុ​សម្រាប់​រំលឹក​ដល់​ថ្ងៃ​ដែល ភៀ​ល ហា​ប៊ើ​រ៍ រង​ការ​វា​ប្រហារ និង​ព្រឹត្តិការណ៍​នៃ​ការវាយប្រហារ​នោះ មាន នាវាចម្បាំង​ឈ្មោះ USS Arizona ត្រូវបាន​គេ​ធ្វើ​ពី​ថ្លើមថ្ម នៅឯ​កំពង់ផែ ភៀ​ល ហា​ប៊ើ​រ៍ នៅ​ឆ្នាំ​១៩៦២ ក៏​ដើម្បី​ចងចាំ ដល់​កងទ័ព​ដែល​បាន​ស្លាប់​នៅក្នុង ព្រឹត្តិការណ៍​នៅ ភៀ​ល ហា​ប៊ើ​រ៍ នោះ ផងដែរ ។ មួយទៀត គឺ​នាវាចម្បាំង ឈ្មោះ USS Utah ត្រូវបាន​សាងសង់ នៅ​ឆ្នាំ​១៩៧២ នៅ​ខាងជើង​កោះ Ford ជិត​កន្លែង​ដែល​កប៉ាល់​នោះបាន​លិច ដើម្បី​ផ្តល់​កិត្តិយស​ដល់​ពួក​នាវិក​នៃ កប៉ាល់ចម្បាំង​នេះ ហើយ​ទីនោះ​ត្រូវបាន​អាមេរិក​ចុះឈ្មោះ ជា​កន្លែង​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​ឆ្នាំ​១៩៨៩ ។​
​ ​
​នៅ​ឆ្នាំ​១៩៩០ មុន​ខួប​ទី​៥០ នៃ​ការវាយប្រហារ​ទៅលើ ភៀ​ល ហា​ប៊ើ​រ៍ សភា​អាមេរិក បាន​បង្កើត មេដាយ​អនុស្សាវរីយ៍ ភៀ​ល ហា​ប៊ើ​រ៍ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មេដាយ សម្រាប់​អ្នក​នៅ​រស់រានមានជីវិត​ពី ព្រឹត្តិការណ៍ ភៀ​ល ហា​ប៊ើ​រ៍ ហើយ​ត្រូវ បានប្រគល់​ទៅឱ្យ​បុគ្គល​ណា​ដែល​កាលនោះ​ស្ថិតនៅក្នុង កម្លាំងយោធា អាមេរិក ដែលមាន​វត្តមាន​នៅឯ រដ្ឋ​ហា​វ៉ៃ ហើយ​ជា​អ្នក​បាន​ចូលរួម​ប្រយុទ្ធ​តបត​នឹង​កង ទ័ព​ជប៉ុន​វិញ​នៅ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​១៩៤១​នោះ ។ មេដាយ នេះ ក៏​ត្រូវបាន​ប្រគល់ជូន​ផងដែរ​ដល់ ជន​ស៊ីវិល ដែល​បាន​ស្លាប់ ឬ របួស នៅក្នុង​ការវាយប្រហារ​នោះ ។ ប៉ុន្តែ ទង្វើ​នេះ​ធ្វើឡើង​ដោយមាន​រយៈ ពេល​កំណត់ ហើយ​បច្ចុប្បន្ននេះ​ពុំ​ត្រូវ បាន​គេ​ធ្វើ​ទៀតឡើយ ។​
​ ​
​ទិវា​ជាតិ​ចងចាំ​ព្រឹត្តិការណ៍ នៅ​មូលដ្ឋានទ័ព ភៀ​ល ហា​ប៊ើ​រ៍​នេះ ពុំមែន​ជា​ថ្ងៃ​សម្រាក​សាធារណៈ​ឡើយ ហើយ​ជា​គន្លង​ប្រពៃណី​នៅ​ថ្ងៃទី​៧ ខែធ្នូ នេះ អាមេរិក​បង្ហូតទង់ជាតិ​នៅត្រឹម​ពាក់កណ្តាល​បង្គោល ទុក​រហូតដល់ ថ្ងៃ​លិច ដើម្បី​ផ្តល់​កិត្តិយស​ដល់​អ្នក ដែល​បាន​ស្លាប់ និង​អ្នកស្នេហាជាតិ​ទាំងឡាយ របស់​ពួកគេ ៕ ចងក្រង​ប្រែ​សម្រួល​: មេសា​

​ទីតាំង​កងទ័ពជើងទឹក​អាមេរិក​នៅ ភៀ​ល ហា​ប៊ឺ​រ៍ ពេល​រង​ការវាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​
​ទីតាំង​កងទ័ពជើងទឹក​អាមេរិក​នៅ ភៀ​ល ហា​ប៊ឺ​រ៍ ពេល​រង​ការវាយប្រហារ​ដោយ​កងទ័ព​ជប៉ុន​