ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា​ប្រារព្ធ​ធ្វើ​នៅក្នុង​បរិវេណ​វត្ត​ពោធិ​ក្នុង​ក្រុង​បាត់ដំបង​

644
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​ព្រឹក​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វត្ត​ពោធិ​ក្នុង ស្ថិតក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង រដ្ឋបាលខេត្ត​សហការ​ជាមួយ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ព្រមទាំង​មេគណ​ខេត្ត​គណៈកម្មការ​វត្ត​ពោធិ​ក្នុង​បាន​ប្រារព្ធ​ពិធី ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ភាពអយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​រួមមាន​៖ ព្រះ​វិសុទ្ធិ​វង្ស​អ៊ុក មុត​រាជាគណៈ​មហា​ន​កាយ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​មេគណ​គណៈមហានិកាយ​ខេត្ត ព្រះ​ធម្ម​ត្ថេ​រ​ឡុង សុខលី រាជា​ គណៈ​ថ្នាក់​ចត្វា​និង​ជា​មេគណ​គណៈធម្មយុត្តិកនិកាយ លោក​ច័ន្ទ សុផល​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​គណៈកម្មាធិកា​បក្ស​ខេត្ត លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងួន​រត​នះ​អភិបាលខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល អភិបាលរងក្រុង​បាត់ដំបង ព្រះសង្ឃ​១០៩​អង្គ​និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាង​១​ពាន់​អង្គ​/​នាក់​។​

​លោក ងួន រតនៈ អភិបាលខេត្ត​បាន​អាន​សារលិខិត​រំលឹក​វិញ្ញាណក្ខន្ធ​បន្តថា ទិវា​២០​ឧសភា គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បានកំណត់​យក ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​) ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង មិនអាច​បំភ្លេចបាន​នូវ​ប្រវត្តិ​ដ៍​ជូរចត់ រស់នៅក្នុង​សមុទ្រ​ឈាម​នឹង​ទឹកភ្នែក ហើយ​ត្រូវបាន​ចារិក​ទុក​នៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា​យើង​គ្រប់ៗ​រូប​។​

​ក្រោយពី​ប្រារព្ធ​កម្មវិធី​តាមបែប​ព្រះពុទ្ធសាសនា​រួចមក គណៈកម្មការ​បុណ្យ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​១០៩​អង្គ ប្រារព្ធ​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ ដើម្បី​ឧ​ទិ្ទ​សម​ហ​កុសល​ជូន​ដល់​ប្រជាជន យុទ្ធជន យុទ្ធ​នារី កម្មាភិបាល​អ្នកស្នេហាជាតិ និង​បុព្វការី​ជន ដែល​បាន​ចែក​ឋាន​ទៅ ដោយ​អំពើ​ឃោ​ឃៅ ព្រៃផ្សៃ និង​អយុត្តិធម៌ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ឲ្យ​បាន​ទៅកាន់​ក្នុង​សុគតិភព​៕ ល​