ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ជូន​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុលពត​

1424
ចែករម្លែក

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ នៅ​បរិវេណ​ស្តូប​តម្កល់​អ​ធិ​ធាតុ​វត្ត​អំពែ​ភ្នំ ស្ថិត​ក្នុងភូមិ អំពែរ​ភ្នំ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​បាន​ប្រារព្ធ​ពិធី ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​បាត់បង់​ជីវិត ដោយ​ភាពអយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​លោក អ៊ិន ឃុន ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ និង​មន្ទីរ​ពាក់ព័ន្ធ មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ព្រមទាំង​ប្រជាពលរដ្ឋ ប្រមាណ​ជាង​ពីរពាន់ នាក់មក​ចូលរួម​។​

​លោក​បាន​បន្តថា ទិវា ២០​ឧសភា គឺជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បានកំណត់​យក​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ បងប្អូន​ប្រជាជន​ខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង មិនអាច​បំភ្លេចបាន នូវ​ប្រវត្តិ​ជូរចត់ រស់នៅក្នុង​សមុទ្រ​ឈាម​នឹង​ទឹកភ្នែក​ហើយ​ត្រូវបាន​ចារិក​ទុក​នៅក្នុង​ក្រអៅបេះដូង​របស់​ប្រជាជន​កម្ពុជា​យើង​គ្រប់ៗ​រូប​។​

​លោក​បាន​បន្ថែមថា កាលពី​ថ្ងៃទី​១៧​ខែមេសា ឆ្នាំ​១៩៧០ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​រងគ្រោះ​មហន្តរាយ ដ៏​អ​ណោ​ច​អធម​ព្រាត់ប្រាស់​ក្រុមគ្រួសារ​បងប្អូន និង​ទទួលរង​ទុក្ខវេទនា​មិនអាច​ពណ៌នា​បានឡើយ​។ ក្នុងនោះ​ដែល ក៏មាន​កងកម្លាំង​អ្នកស្នេហាជាតិ​ដ៏​បរិសុទ្ធ ដែល​កើតចេញពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​នូវ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ទាំងបី ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​បន​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​ទទួលបាន​ជ័យជំនះ​នា​ថ្ងៃ ៧​មករា ១៩៧៩ បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ជូន​ប្រជាជន និង​បន្ត​ខិតខំ​ស្តារ កសាង​ប្រទេស ពី​គំនរ​ផេះផង់ ប្រែក្លាយជា​មានការ​អភិវឌ្ឍ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ព្រមទាំង​ការពារ​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន រហូតដល់​បច្ចុប្បន្ន​៕