(ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋស៊ីបប្រារឰទិវាជាតិរបស់ ពួកគេនៅថ្ងៃទី១ខែមេសា ដើម្បីរំឭក ដល់ថ្ងៃដែលពួកគេបើកយុទ្ធនាការ កងទ័ពប្រឆាំងអាណានិគមអង់គ្លេស ជាផ្លូវការលើកដំបូង កាលពីឆ្នាំ ១៩៥៥ រហូតដល់ពួកគេទទួលបានឯករាជ្យ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ ស៊ីប គឺជារដ្ឋកោះ ស្ថិតនៅភាគខាងកើត នៃសមុទ្រ ម៉េឌីទែរ៉ាណេ មានផ្ទៃដី ៩.២៥១ គីឡូម៉ែត្រក្រឡា ។ ឆ្នាំ២០១៨ មាន ប្រជាពលរដ្ឋជាង១លាននាក់ ភាគច្រើនជាអ្នក កាន់សាសនាគ្រិស្ត និកាយ អ័រធូដុក្ស ភាសាផ្លូវការគឺភាសា ក្រិក និងភាសា តួកគី រដ្ឋធានី គឺទីក្រុងនីកូស៊ី ។
ប្រវត្តិសាស្ត្រ
ដើមឡើយ ស៊ីប គឺជាកោះមួយ របស់ចក្រភព រ៉ូម៉ាំង ។ នៅពេលដែល ចក្រភព រ៉ូម៉ាំង ត្រូវបានបែងចែកជា ២ ផ្នែក នាឆ្នាំ ៣៩៥ ស៊ីប គឺជាផ្នែកមួយ នៃ រ៉ូម៉ាំង ខាងកើត ឬចក្រភព ប៊ីហ្សង់តាំង ( ដែលក្រោយមកគឺជា ក្រិកសព្វថ្ងៃនេះ ) ។
ឆ្នាំ១៤៥៣ ទីក្រុងកុងស្តង់ទី-ណូប របស់ ចក្រភព ប៊ីហ្សង់តាំងត្រូវបានវាយលុកបំបែក ដោយ ចក្រភព អូតូម៉ង់ (តួកគី) ។ ទឹកដីក្រិកភាគ ច្រើនបានធ្លាក់ក្នុងដៃរបស់អូតូម៉ង់ ។ ចក្រភពអូតូម៉ង់ បើកការវាយលុកទ្រង់ ទ្រាយធំទៅលើប្រទេសស៊ីបនៅឆ្នាំ ១៥៧០ ហើយត្រួតត្រាប្រទេសនេះទាំង ស្រុងនៅឆ្នាំ១៥៧១ ។ ដោយហេតុនេះ ហើយទើបមានជនជាតិតួកគីជាច្រើន រស់នៅលើទឹកដី ស៊ីប ។ រហូតដល់ពី ចន្លោះឆ្នាំ១៨២១និង១៨៣២ ទើប ជនជាតិក្រិក បាននាំគ្នាងើបបះបោរ ប្រឆាំង អូតូម៉ង់ បង្កើតបានជារដ្ឋ ក្រិក ឯករាជ្យឡើងវិញ ។
ការដណ្តើមគ្នាក្នុងការកាន់កាប់ លើតំបន់ បាល់កង់ នាំឱ្យផ្ទុះសង្គ្រាម រុស្ស៊ី-តួកគី នៅឆ្នាំ ១៨៧៧ ( ដល់ ១៨៧៨ ) ហើយក៏នាំឱ្យមានសន្និសីទ ទីក្រុង ប៊ែរឡាំង (គឺជាជំនួបរបស់មហា អំណាចចំនួន ៦ (គឺ រុស្ស៊ី អង់គ្លេស បារាំង អូទ្រីស-ហុងគ្រី អ៊ីតាលី និង អាល្លឺម៉ង់ ) អូតូម៉ង់ និង រដ្ឋនៅតំបន់ បាល់កង់ ចំនួន ៤ ( ក្រិក ស៊ែប រ៉ូម៉ានី និង ម៉ុងតេណេហ្គ្រោ ) ចាប់ពីថ្ងៃទី ១៣ ខែ មិថុនា-១៣ខែកក្កដាឆ្នាំ១៨៧៨ ។
ប៉ុន្តែកាលពីដើមឆ្នាំ ១៨៧៨ អង់គ្លេសនិងអូតូម៉ង់ បានចរចាជាសម្ងាត់ ហើយនៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ១៨៧៨ នោះ បានចុះកិច្ចព្រមព្រៀងមួយប្រគល់ ស៊ីប ឱ្យអង់គ្លេសគ្រប់គ្រងជាថ្នូរនឹង អង់គ្លេស គាំទ្រ អូតូម៉ង់ នៅក្នុងសន្និសីទ ទីក្រុង ប៊ែរឡាំង (ដែលកាលណោះ សន្និសីទនេះ ទើបតែគ្រោងនៅឡើយ ) ខាងលើនេះ ។ ស៊ីប បានធ្លាក់ក្នុងដៃ អង់គ្លេសដោយបែបនោះឯង ហើយ ក្លាយជាទីតាំងកងទ័ពដ៏សំខាន់របស់ ចក្រភពអង់គ្លេស នៅតាមផ្លូវ នៃដែនដី អាណានិគមនានា ។
អង់គ្លេស គឺជាមេខ្លោងដ៏សំខាន់ មួយនៅក្នុងសង្គ្រាមលោកលើកទី ១ (១៩១៤-១៩១៨ ) ។ ឆ្នាំ ១៩១៥ ជាថ្នូរទៅនឹង ក្រិក ចូលរួមក្នុងសង្គ្រាម ដោយឈរនៅខាង អង់គ្លេស នោះអង់គ្លេស បានប្រគល់ ស៊ីប ទៅឱ្យ ក្រិក ។ ដូច្នេះទើបនៅលើកោះ ស៊ីប មានជនដើម កំណើត តួកគី និង ក្រិក រស់នៅ ។
ជនជាតិ ស៊ីប ដើមកំណើត ក្រិក និង ស៊ីប ដើមកំណើតតួកគី ជាច្រើនបានចូលប្រយុទ្ធនៅក្នុង សង្គ្រាមលោកទាំង ២ លើក ដោយឈរនៅខាងអង់គ្លេស ។ ការលះបង់របស់ពួកគេទាំងនោះ គឺក្នុងក្តីសង្ឃឹមថា នឹងបានសម្រេចនូវ ”បំណង មហិមា” ។
បំណងមហិមា គឺជាមហិច្ឆតា នយោបាយរបស់ចលនាជាតិនិយម ក្រិក គឺចង់បង្កើតរដ្ឋក្រិក មួយដែលមាន វិសាលភាពគ្របដណ្តប់ទៅលើទឹកដី អតីតក្រិកទាំងអស់ដែលបានបែកបាក់ បាត់បង់ទៅទៅក្នុងការគ្រប់គ្រងរបស់ អូតូម៉ង់ , ភាគខាងត្បូង នៃ តំបន់បាល់កង់ និង ប្រទេស ស៊ីប ជាដើម ពោលគឺទឹកដី ក្រិក មុនពេលក្រិកដួលរលំដោយការ វាយប្រហារពីសំណាក់ អូតូម៉ង់ កាលពី ឆ្នាំ១៤៥៣ ក្នុងនោះរួមទាំងស៊ីបផង ។
សង្គ្រាមលោកលើកទី ១ បានផ្ទុះ ឡើងនៅឆ្នាំ១៩១៤(ដល់ឆ្នាំ១៩១៨ ) ហើយអង់គ្លេសបានបញ្ចុះ បញ្ចូល ក្រិក ថា អង់គ្លេស នឹងផ្តល់ឱ្យក្រិកនូវការ រួបរួមជាមួយ ស៊ីប ( ដែលជា ផ្នែកមួយ នៃគោលបំណងមហិមា របស់អ្នកជាតិ និយម ក្រិក ) ប្រសិនបើ ក្រិក ចូលខ្លួនទៅក្នុងសង្គ្រាម នេះដោយឈរនៅខាង សម្ព័ន្ធមិត្ត (បារាំង អង់គ្លេស និង រុស្ស៊ីប្រឆាំងនឹងសម្ព័ន្ធមហាអំណាច កណ្តាល ដែលមាន អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ប៊ុលហ្គារី និង តួកគី ជាប្រមុខ ) ។
ប៉ុន្តែក្រិក បានបដិសេធនឹងការ អញ្ជើញរបស់អង់គ្លេស ដោយសារស្តេច កុងស្តង់តាំង ទី ១ របស់ ក្រិក ទទួលបាន ការអប់រំពី អាល្លឺម៉ង់ ហើយបានអភិសេក ជាមួយព្រះនាង សូហ្វ៊ី នៃអាណាចក្រ ព្រុស្ស៊ី ( ជាផ្នែកមួយ នៃចក្រភព អាល្លឺម៉ង់ ) ហើយត្រូវជាប្អូនស្រីរបស់ ស្តេច វីល្លាម នៃអាល្លឺម៉ង់ ហើយស្តេចក្រិក ថែមទាំងត្រូវបានគេបញ្ចុះបញ្ចូល ថា ខាងសម្ព័ន្ធមហាអំណាច កណ្តាល នឹងឈ្នះសង្គ្រាមនោះទៀតផង ។
បន្ទាប់ពីមានការដណ្តើមគ្នាជា បន្តបន្ទាប់មកក៏មានសន្ធិសញ្ញា Lausanne នាឆ្នាំ១៩២៣ ដែលកំណត់ ឡើងវិញ នូវព្រំដែន តួកគី ហើយបាន ចូលជាធរមាននៅឆ្នាំ១៩២៥ នោះ ស៊ីប បានស្ថិតការគ្រប់គ្រងរបស់អង់គ្លេស វិញ ។
ពួកអ្នកជាតិនិយម និង ជនជាតិ ក្រិក ៩៨ ភាគរយនៅលើទឹកដី ស៊ីប តាមរយៈប្រជាមតិ កាលពីឆ្នាំ១៩៥០ យល់ថា ស៊ីប គឺជាទឹកដីរបស់ក្រិក ហើយត្រូវតែត្រឡប់ទៅនៅរួបរួមជួបជុំ គ្នា ជាមួយក្រិក តែមួយវិញ ។
ដូច្នេះដើម្បីសម្រេចគោល បំណងមហិមា ទើបនៅឆ្នាំ១៩៥៥ អង្គការចាត់តាំងយោធាឧទ្ទាមមួយ ដែលមានអក្សរកាត់ថា EOKA ត្រូវ បានបង្កើតឡើងក្នុងយុទ្ធនាការ ដើម្បីបញ្ចប់ការត្រួតត្រា របស់អង់គ្លេស ទៅ លើទឹកដីស៊ីប ។ អង្គការឧទ្ទាម EOKA បានចាប់ផ្តើមយុទ្ធនាការកងទ័ពជា ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៥ ដោយវាយប្រហារទៅលើទីតាំងកងទ័ព របស់អាណានិគមអង់គ្លេស នៅលើទឹកដីស៊ីប ។ ថ្ងៃនេះ ឯងហើយ ដែលក្រោយមករហូតដល់ បច្ចុប្បន្នបានក្លាយជាទិវាជាតិរបស់ស៊ីប ។
ប៉ុន្តែសកម្មភាពរបស់ EOKA ត្រូវបានបក្សកុម្មុយនិស្តស៊ីប AKEL ជំទាស់ ដោយបក្ស គៅឡែ យល់ថា ត្រូវ ស្វែងរកការបញ្ចប់អាណានិគមអង់គ្លេស ទៅលើស៊ីប តាមសន្តិវិធី ។
ជនជាតិតួកគី ដែលរស់នៅ លើកោះនេះ ត្រូវបានគេប៉ានស្មានថា ប្រហែលជា២០ភាគរយ នៃប្រជាជន សរុបរបស់កោះ ។ ចំពោះជនជាតិតួកគី ដែលរស់នៅលើកោះស៊ីប នេះ ក៏ចង់ យកកោះនេះ បញ្ចូលទៅជាទឹកដីតួកគី ដែរ ហើយអំឡុងទសវត្សរ៍១៩៥០ បក្ស កាន់អំណាច លើកោះនេះ ក៏ធ្លាប់បាន ប្រកាសថា កោះនេះ គឺជាផ្នែកមួយ នៃ ទួកគី ផងដែរ ។ ប៉ុន្តែដោយ សារជនជាតិ ទួកគី មិនច្រើនគ្រប់គ្រាន់នោះ ទើប ពួកគេទាមទារបំបែកស៊ីប វិញ ហើយក៏ មានបាតុកម្មចាប់ពីចុងទសវត្សរ៍១៩៥០ និងពេញទាំងទសវត្សរ៍១៩៦០ គឺក្នុងបំណងបង្កើត រដ្ឋតួកគី ឯករាជ្យមួយ នៅ ភាគខាងជើង នៃកោះស៊ីប ។
ពេលនោះអង្គការមួយរបស់ ជនជាតិតួកគី ឈ្មោះ TMT ក៏ត្រូវបាន បង្កើតឡើងដែរ ដើម្បីទាមទារ បំបែក កោះស៊ីប ចូលទៅជាតួកគី ។ អង្គការ TMT ជាអង្គការខុសច្បាប់ ប៉ុន្តែអាណានិគម អង់គ្លេស មិនធ្វើទុក្ខបុកម្នេញ អង្គការនេះទេ ព្រោះអង្គការនេះប្រឆាំង នឹងពួកក្រិកនិយមនៅ លើកោះនេះ ដែលពួកនោះ គឺជាអ្នករើបម្រះចេញពី អង់គ្លេស ។ និយាយឱ្យងាយស្តាប់ អង់គ្លេស បណ្តែតបណ្តោយឱ្យមាន TMT សម្រាប់ប្រជែងនឹង EOKA ដើម្បី កុំឱ្យ EOKA មានពេលវេលាគ្រប់គ្រាន់ ប្រឆាំងអង់គ្លេស ។
ស៊ីបទទួលបានឯករាជ្យភាព
ជាសរុបទៅក្នុងយុទ្ធនាការ កងទ័ពរបស់ EOKA មានការពើប ប្រយុទ្ធគ្នា១.១៤៤លើក ប្រឆាំងវត្តមាន អង់គ្លេស លើកោះស៊ីប ។ ទីបំផុតក៏មាន ការព្រមព្រៀងគ្នារវាងអង់គ្លេស តួកគី ក្រិក និងមេដឹកនាំសហគមន៍ជនជាតិ ស៊ីប នៅក្នុងកិច្ចព្រមព្រៀងមួយដែល គេហៅថា ”កិច្ចព្រមព្រៀង Zrich and London” នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ១៩៥៩ គឺជាកិច្ចព្រមព្រៀង ដែលទទួល ស្គាល់ឯករាជភាពរបស់កោះស៊ីប ។ ដោយហេតុនេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦០ ស៊ីប ក៏ទទួលបានឯករាជភាព ជាផ្លូវការ និងពិតប្រាកដរបស់ខ្លួន ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋ ស៊ីប បានចាត់ទុកថា ការដែលស៊ីប អាចបញ្ចប់ការត្រួតត្រារបស់ អង់គ្លេសទៅបាននោះ គឺដោយសារ តែសង្គ្រាមរបស់អង្គការ EOKA ហើយការចាប់ផ្តើម សង្គ្រាមនោះ គឺបានចាប់ ផ្តើមលើកដំបូង នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៥៥ នោះឯង ។ ដោយហេតុនេះ ពួកគេបានប្រារឰទិវាជាតិស៊ីប ដើម្បី រំលឹកដល់ថ្ងៃ នៃការចាប់ផ្តើមបើក យុទ្ធនាការកងទ័ពប្រឆាំងអង់គ្លេស នោះឯង ។
ក្រោយឯករាជ្យ
ទោះយ៉ាងណា ចាប់ ស៊ីប មិន ទាន់បានសុខសាន្តឡើយ ពេលនោះរដ្ឋ ឯករាជ្យស៊ីប មានមនុស្សសរុប៥៧៣. ៥៦៦នាក់ ក្នុងនោះ៧៧,១ គឺជាជន ដែលមានដើមកំណើតជាក្រិក ចំណែក ១៨,២ភាគរយ មានដើមកំណើតតួកគី ហើយជនជាតិផ្សេងៗ៤,៧ ភាគរយ ។
សិទ្ធិអំណាច ក៏ត្រូវបានផ្តល់ មួយចំនួនទៅតំបន់របស់ជនដើម កំណើតតួកគី ដែរ ។ ទោះយ៉ាងណា ជនជាតិដើមកំណើតតួកគី នៅតែមិន សុខចិត្តរស់នៅក្នុងភាពជារាស្ត្រ នៃរដ្ឋ ឯករាជ្យស៊ីប ដែលមានដើមកំណើត ក្រិក ជាអ្នកដឹកនាំឡើយ គឺពួកគេនៅតែប្រកាន់ចិត្តចង់ បំបែករដ្ឋស៊ីប ទៅបង្កើត ជារដ្ឋតួកគីឯករាជ្យមួយនៅលើកោះ នោះដែរ ។ ប្រការនេះ ក៏នាំឱ្យមានភាព មិនល្អូកល្អឺនគ្នារវាងរដ្ឋាភិបាលក្រិក រដ្ឋាភិបាលតួកគី និងរដ្ឋាភិបាលស៊ីប ថ្មោងថ្មីដែរ ។
ដោយហេតុនេះ ស៊ីប នៅតែ មិនទាន់បានសុខសាន្តត្រាណឡើយ ព្រោះអ្នកទាំងនេះនៅតែដណ្តើម គ្នាយកស៊ីប នៅឡើយ ជាពិសេសក្រិក ព្រោះផែនការ គោលបំណងមហិមាក្លាយជាកាន់តែក្តៅ គគុក ពោលគឺត្រូវ តែយកស៊ីបទៅដាក់ក្នុងក្រិក វិញឱ្យបាន ជាដាច់ខាត ៕ ស្រាវជ្រាវប្រែសម្រួល: មេសា