ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋបារាំង ប្រារព្ធទិវាជាតិសាធារណរដ្ឋរបស់ខ្លួននៅ ថ្ងៃទី១៤ ខែកក្កដា ដើម្បីរំឭកដល់ថ្ងៃដែលពួកគេទម្លាយជញ្ជាំងគុក Bastille កាលពីឆ្នាំ ១៧៨៩ ដែលជាការចាប់ផ្តើមបដិវត្តន៍បារាំង ហើយបានរីកសាយភាយ ទៅស្ទើរពាស ពេញទ្វីបអឺរ៉ុប រហូតដល់ឆ្នាំ ១៨១៥ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋបារាំង មានផ្ទៃដី ៦៤០.៦៧៩ គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគខាងលិច នៃ ទ្វីបអឺរ៉ុប មានព្រំដែនជាប់នឹងប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ អង់ដូរ៉ា ប៊ែលហ្ស៊ីក លុចសំបួរ ស្វីស ម៉ូណាកូ និង អ៊ីតាលី ។ ឆ្នាំ២០១៩ បារាំង មានប្រជាពលរដ្ឋ ជាង ៦៥ លាននាក់ ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ភាសាផ្លូវការ គឺភាសាបារាំង រដ្ឋធានី គឺទីក្រុងប៉ារីស ។ បារាំង គឺជាមហាអំណាច ពិភពលោកជាច្រើនសតវត្សរ៍មកហើយ ។
ប្រវត្តិសាស្ត្រ
នាអំឡុងសតវត្សរ៍ទី១៨ សេដ្ឋកិច្ចបារាំង មិនទាន់សម្បូររុងរឿងទាល់តែសោះការដាំដុះ មិនបានផលល្អ ទំនិញឡើងថ្លៃ ប្រព័ន្ធដឹកជញ្ជូនមិនគ្រប់គ្រាន់ញ៉ាំងឱ្យម្ហូបអាហារឡើងថ្លៃ កាន់តែខ្លាំងឡើងៗ សារពើពន្ធរបស់រដ្ឋាភិបាល ដែលបណ្តាលមកពីប្រព័ន្ធពន្ធដារមិនល្អ និង ការចំណាយនានា ទៅលើសង្គ្រាមពីមុនៗមកផង ធ្វើឱ្យបារាំងស្ថិតក្នុងសភាពគ្មាន លំនឹងសោះឡើយ ។
បន្ទាប់ពីសង្គ្រាម៧ឆ្នាំ រវាងអង់គ្លេស-បារាំង (១៧៥៤-១៧៦៣) បានបញ្ចប់ដោយបរាជ័យ ធ្លាក់ទៅលើបារាំង ធ្វើឱ្យបារាំងបាត់បង់ទឹកដីអាណានិគមរបស់ខ្លួន នៅអាមេរិកខាងជើង ហើយខាតទ្រព្យសម្បត្តិ និងកងទ័ព យ៉ាងច្រើនសន្ធឹកសន្ធាប់។
កងទ័ពបារាំង ត្រូវបានស្ថាបនាឡើងវិញហើយបានធ្វើអន្តរាគមន៍សងសឹកអង់គ្លេសនៅក្នុងសង្គ្រាមបដិវត្តន៍អាមេរិកាំង (១៧៧៥-១៧៨៣ ដែលជាការរើបម្រះពីអាណានិគមអង់គ្លេស ហើយរួប រួមគ្នាបង្កើតបានជាសហរដ្ឋអាមេរិក) ដោយជោគជ័យ ប៉ុន្តែបារាំងផ្សេងពីបានចំណាយ អស់ទ្រព្យសម្បត្តិយ៉ាងច្រើនមក បារាំងក៏គ្មានបានចំណេញអ្វីពីសង្គ្រាមនោះសោះឡើយ បានត្រឹមតែសងសឹកអង់គ្លេស និងកុំឱ្យអង់គ្លេស ក្អេងក្អាងពេកតែប៉ុណ្ណោះ។ប្រព័ន្ធហិរញ្ញ វត្ថុបារាំង ដែលពុំមានប្រសិទ្ធភាពគ្រប់គ្រាន់ ពុំអាចរ៉ាប់រងចំពោះបំណុលនៃសង្គ្រាមនោះ បានឡើយ ពោលគឺពេលនោះ បារាំង ស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ ធ្ងន់ធ្ងរទៅៗ។
នៅខែតុលា ឆ្នាំ១៧៧៦ ស្តេច ល្វីស ទី១៦ (Louis XVI) បានតែងតាំងលោកJacques Necker ឱ្យធ្វើជាអ្នកជម្រះបញ្ជី ប៉ុន្តែមិនតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុឡើយ ដោយសារ តែគាត់ជាអ្នកកាន់គ្រិស្តសាសនា និកាយប្រូតិស្តង់ (ព្រោះបារាំងជាពួកកាតូលិក) ។
លោក Necker បានមើលឃើញយ៉ាងច្បាស់ក្រឡែតថា ប្រព័ន្ធពន្ធដារដ៏តឹងតែងរបស់ បារាំងនោះ ដាក់បន្ទុកទៅលើតែអ្នកជនបទ ខណៈដែលពួកអភិជន និងបព្វជិត ( ចូរដឹងថា បព្វជិតគ្រិស្តសាសនា នាពេលនោះមានអំណាច និង ទ្រព្យសម្បត្តិស្តុកស្តមណាស់) មានប្រព័ន្ធលើកលែងពន្ធ ទើបគាត់បានជំទាស់ ថា ប្រព័ន្ធនេះមិនអាចប្រមូលពន្ធបាន ច្រើនជាងនេះទេ គឺត្រូវតែកាត់បន្ថយការលើកលែងពន្ធពីពួកអភិជន និងបព្វជិត ហើយ ដើម្បីគាំទ្រគំហើញនេះ គាត់បានចេញរបាយការណ៍មួយ ដែលមានឱនភាព ៣៦ លាន លីវរ៍ (ក៏ក្នុងបំណង ដើម្បីឱ្យគាត់ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ) ។ ប៉ុន្តែសំណើនេះ ពុំត្រូវបានទទួលយកដោយរីករាយពីសំណាក់រាជរដ្ឋមន្ត្រីឡើយ ទើប ស្តេច ល្វីស ទី១៦ បានបដិសេធ ហើយលោក Necker ត្រូវបានបណ្តេញចេញពីការងារ ជំនួសដោយលោក Charles Alexandre de Calonneទៅវិញ ។ លោក Calonne បានស្នើ ដាក់ឱ្យមានពន្ធលើដី ដែលរួមបញ្ចូលទាំងពន្ធលើពួកអភិជន និង បព្វជិត ដែរ ប៉ុន្តែលោក Calonneក៏បរាជ័យដែរ ទើបស្តេច ល្វីស ងាកទៅអំពាវនាវឱ្យរមានអគ្គក្រុមប្រឹក្សាវណ្ណៈ ១៧៨៩ ដែលជាសញ្ញាមួយថា ស្ថេរភាពហិរញ្ញវត្ថុបារាំងជិតដល់ប្រកាសអាសន្នហើយ ។
អគ្គក្រុមប្រឹក្សាវណ្ណៈ ១៧៨៩ នេះ មានសមាសភាព ៣ ផ្នែកគឺ៖ បព្វជិត (ម្ចាស់ដី ទី ១ តំណាងដី ១០ ភាគរយ) អភិជន (ម្ចាស់ដី ទី ២ តំណាងដី ២៥ ភាគរយ ) និង សង្គម បារាំងទូទៅ (ម្ចាស់ដីទី ៣ តំណាងប្រជារាស្ត្រ ៩៥ភាគរយ) ។ នៅក្នុងនោះមានសមាជិក ១.២០១ រូបក្នុងនោះ បព្វជិត ៣០៣ រូប អភិជន ២៩១ និង សង្គមទូទៅ ៦១០ រូបដែលក្នុង នោះក៏មានលោក Jacques Necker ផងដែរ ។
ស្តេចល្វីស បង្កើតអគ្គក្រុមប្រឹក្សានេះ ក្នុងបំណងចងក្រងមនុស្សពីគ្រប់វណ្ណៈរួមគ្នា ដោះស្រាយវិបត្តិហិរញ្ញវត្ថុបារាំង ។ ប៉ុន្តែដោយឃើញថា ពួកបព្វជិត និង អភិជន នៅតែមានគំនិតដើរខ្សែលើ ទើបនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៧៨៩ នោះពួកខាងសង្គម បារាំងទូទៅ បានងាកទៅធ្វើការដាច់ដោយខ្លួនឯងនាទីក្រុង Versailles ហើយបាន អញ្ជើញឱ្យភាគី ២ ផ្នែកទៀតទៅចូលរួមវិញ ។ ខាងពួកសង្គមទូទៅ នោះបានបោះឆ្នោត ហើយហៅខ្លួនឯងថា“ សភាធម្មនុញ្ញជាតិ “ ទៅវិញ គឺពុំមែនជារបស់ក្រុមប្រឹក្សាទៀត ឡើយ ប៉ុន្តែជារបស់ប្រជាពលរដ្ឋ ។
ស្តេចល្វីស បានប្រើមធ្យបាយមួយចំនួនដើម្បីកុំឱ្យពួកក្រុមទី ៣ នោះ ជួបប្រជុំបង្កើត ជាសភាបាន ប៉ុន្តែមធ្យោបាយទាំងនោះពុំមានប្រសិទ្ធភាពឡើយ ហើយពួកគេបាន ជួបប្រជុំគ្នាថ្លែងពាក្យសម្បថនៅទីលានវាយកូនហ្គោល នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំដដែលនោះ ដោយស្បថសច្ចាថានឹងមិនបែកបាក់គ្នាឡើយរហូតដល់ពួកគេទទួល បានរដ្ឋធម្មនុញ្ញ។ គិតត្រឹមថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ១៧៨៩ នោះ ពួកគេទទួលបានការ ចូលរួមយ៉ាគំហុកពីផ្នែកនានា នៃ ប្រទេសបារាំង ។
ពេលនេះ លោក Necker បានក្លាយជាអមិត្ត ពីពួកមន្ត្រីធំៗ ជាពិសេសចំពោះពួករាជ វង្សថាជាអ្នកធ្វើប្រជាភិថុតិ បង្វែរមតិសាធារជន ហើយទីបំផុតស្តេច ល្វីសបានបណ្តេញ គាត់ចេញពីតំណែងនោះទៀត ដោយសារតែគាត់បានបញ្ចេញផ្សាយ ជាសាធារណៈ នូវរបាយការណ៍ ដែលគ្មានប្រភពច្បាស់លាស់ ស្តីពីបំណុលរបស់រដ្ឋាភិបាល ។
ស្របគ្នាពេលនោះ ក៏មានទាហានយ៉ាងច្រើន ដែលភាគច្រើនបំផុតជាទាហានបរទេស ស៊ីឈ្នួល ត្រូវបានគេយកចូលទីក្រុង Versailles ។ទង្វើរបស់ស្តេចល្វីសធ្វើឱ្យមនុស្ស ភាគច្រើនយល់ថា ក្នុងបំណងប្រឆាំងនឹង សភាធម្មនុញ្ញជាតិទើបចាប់ផ្តើមរំជើបរំជួល ដោយកុប្បកម្មនានា ភាពឥតសណ្តាប់ធ្នាប់ និង ការលួចប្លន់យ៉ាងរាលដាលហើយក្រុម មនុស្សទាំងនោះក៏ទទួលបានការគាំទ្រពីមនុស្សខ្លះ នៃ អង្គរក្សបារាំងទៀតផង ។
ទម្លាយគុក Bastille-ផ្តើមបដិវត្តន៍
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ នោះ ពួកកុប្បករទាំងនោះ បានសម្លឹងមើលឃើញចង់ បានគ្រឿងសព្វាវុធ និងយុទ្ធភ័ណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរក្សាទុកនៅក្នុងបរិវេណ ពន្ធនាគារ Bastille ហើយដែលទីនោះ ក៏ជានិមិត្តសញ្ញា នៃអំណាចរាជវង្សានុវង្សផងដែរ ។
បន្ទាប់ពីតស៊ូតទល់នឹងគ្នា ជាច្រើនម៉ោងមក ជញ្ជាំងគុក ត្រូវបានទម្លាយ ហើយដើម្បី ចៀសវាងការស្លាប់មនុស្សច្រើន អ្នកគ្រប់គ្រងគុកនោះ លោក Marquis Bernard de Launayបានបញ្ជាឱ្យមានបទឈប់ប្រយុទ្ធគ្នា ប៉ុន្តែរឿងនោះ មិនបញ្ចប់ត្រឹមនោះឡើយ គឺពួកអ្នកបះបោរ នៅតែបន្តទន្ទ្រានតទៅទៀត រហូតសម្លាប់បានប្រធានគុក គឺលោក Marquis Bernard de Launay ហើយកាត់ក្បាលរបស់គាត់ ដើរដង្ហែពាសពេញទីក្រុង ។ បដិវត្តន៍បារាំងបានចាប់ផ្តើម នាពេលនោះឯង ។
តាមពិតទៅ នៅក្នុងគុកនោះ មានឃុំមនុស្សប្រាំពីរនាក់ប៉ុណ្ណោះ ដែលអ្នកទាំងនោះមិន មែនជាអ្នកទោសសំខាន់អ្វីណាស់ណាឡើយ ប៉ុន្តែគុក Bastille បម្រើជាសក្តានុពល នៃ អ្វីៗគ្រប់យ៉ាង ដែលត្រូវបានគេស្អប់ខ្ពើម នៅក្នុងសម័យបុរាណ ។ ពួកកុប្បករ បានទៅ ដល់សាលាក្រុង Hôtel de Ville ហើយបានចោទចាងហ្វាងសាលាក្រុងនោះគឺលោក Jacques de Flesselles ថាក្បត់ជាតិ ហើយក៏បានសម្លាប់គាត់ ចោលទៀត ។
ដំណឹងនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ស្តេចល្វីសទី១៦ ។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ នោះ ស្តេចល្វីស ត្រូវបានបង្ខំឱ្យទទួលស្គាល់ធម្មនុញ្ញ ។ ពេលនោះ លោក Necker ត្រូវបានហៅឱ្យចូលមកកាន់តំណែងវិញ ។ លោក Necker បានទាមទារឱ្យមានការ លើកលែងទោសជាទូទៅ ដែលប្រការនេះ ញ៉ាំងឱ្យប្រជាពលរដ្ឋជាច្រើនខឹងសម្បារ គាត់ ។
អាជ្ញាធរស៊ីវិល ត្រូវបានធ្វើឱ្យខូចយ៉ាងឆាប់រហ័ស អំពើហិង្សា និងចោរកម្មបានរីករាល ដាលពាសពេញប្រទេស សមាជិកពួកអភិជន បានភៀសខ្លួនទៅប្រទេសជិតខាងហើយ ពួកជនភៀសខ្លួនទាំងនោះ បានផ្តល់លុយកាក់ រៀបចំបដិវត្តន៍ប្រឆាំងពួកអ្នកបដិវត្តន៍ វិញ បណ្តាលឱ្យផ្ទៃក្នុងប្រទេសបារាំង និងស្តេចប្រទេសជិតខាង ផ្តល់យោធាគាំទ្រដល់ បដិវត្តន៍ប្រឆាំង (របបពួកអភិជន) ប្រឆាំងនឹងបដិវត្តន៍ប្រជាជន ។
គិតត្រឹមចុងខែកក្កដានោះ ស្មាតីអធិបតេយ្យភាព ដ៏មានប្រជាប្រិយបានរីកសាយពាស ពេញប្រទេសបារាំង ។ នៅតាមតំបន់ជនបទ មានកងជីវពលជាច្រើនត្រូវបានបង្កើត បំពាក់អាវុធ និងហ្វឹកហាត់សម្រាប់ប្រឆាំងនឹងការឈ្លានពានពីបរទេស ។ មានអ្នកខ្លះ វាយប្រហារទីតាំងសំខាន់ៗរបស់ពួកអភិជន បូកជាមួយនឹងពាក្យចចាមអារាមនានាផង ធ្វើឱ្យរំជើបរំជួល បាត់បង់សណ្តាប់ធ្នាប់លែងគោរពច្បាប់ ។
នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៨៩ សភាធម្មនុញ្ញជាតិ បានបង្កើតរបបសក្តិភូមិនិយម លប់បំបាត់វណ្ណៈទី២ (អភិជន) និង វណ្ណៈទី ១ (បព្វជិត) ហើយត្រឹមតែរយៈពេលប៉ុន្មាន ម៉ោងប៉ុណ្ណោះ ទីក្រុង ទីប្រជុំជន ខេត្ត ក្រុង ក្រុមហ៊ុននានារបស់ពួកបព្វជិត និងអភិជន បានបាត់ឯកសិទ្ធិពិសេសរបស់ពួកគេ ។
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៧៨៩ សភាធម្មនុញ្ញជាតិ បានប្រកាសអំពីសិទ្ធិបុរស និង សិទ្ធិប្រជាពលរដ្ឋ។ សភាធម្មនុញ្ញជាតិ បានដើរតួនាទី មិនគ្រាន់តែជាស្ថាប័ននីតិ បញ្ញត្តិឡើយ ប៉ុន្តែក៏ជាស្ថាប័នព្រាងធម្មនុញ្ញថ្មីផងដែរ ។ ស្ថានភាពក្នុងសង្គមពេលនោះ ភាគច្រើន មានទំនោរឆ្ពោះទៅរកបញ្ចេញកំហឹងចំពោះស្តេចល្វីស ។
ស្តេចល្វីស ដែលបារម្ភអំពីសុវត្ថិភាព ក៏នាំមហេសី ចាកចេញពីរាជវាំងTuileries Palace ប៉ារីស ទៅកាន់ព្រំដែន ប្រទេស អូទ្រីស ហើយនៅយប់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៧៩១ រាជវង្សានុវង្ស បានបន្លំភៀសខ្លួនចេញពីរាជវាំងដែរដោយស្លៀកពាក់ជាអ្នកបម្រើ ហើយអ្នកបម្រើស្លៀកពាក់ជាអភិជនវិញ ។
ទោះយ៉ាងណា នៅថ្ងៃបន្ទាប់ ស្តេចល្វីស ត្រូវបានគេស្គាល់ ហើយត្រូវបានចាប់ខ្លួននៅឯ Varennes បញ្ជូនឱ្យត្រឡប់ទៅ ប៉ារីស វិញ ។ សភាធម្មនុញ្ញជាតិ បានផ្អាកស្តេចល្វីស ជាបណ្តោះអាសន្ន ឱ្យស្ថិតនៅក្រោមការយាមកាមយ៉ាងតឹងរឹង ។
បង្កើតសាធារណរដ្ឋ-កាត់ទោសប្រហារជីវិតស្តេច
នៅទីបំផុត សំឡេងភាគច្រើន នៃសភា បានគាំទ្រឱ្យមានរបបរាជាធិបតេយ្យអាស្រ័យ រដ្ឋធម្មនុញ្ញ នៅឆ្នាំ១៧៩១ ដោយក្នុងក្របខណ្ឌនោះ បានផ្តល់សិទ្ធិអំណាចតិចតួច ប៉ុណ្ណោះដល់ស្តេចល្វីស ។ ស្តេចល្វីស ត្រូវបានបង្ខំឱ្យស្បថ ទទួលយកធម្មនុញ្ញដែល ពួកគេបានចែង ដែលមិនឱ្យធ្វើសង្គ្រាមប្រឆាំងជាតិខ្លួនឯងឬមិនអនុញ្ញាតឱ្យបុគ្គល ណាម្នាក់ធ្វើដូច្នោះក្នុងព្រះនាមរបស់ព្រះអង្គ ។
ទោះយ៉ាងនេះក្តី មានហ្វូងមនុស្សដ៏ធំមហិមា បានជួបជុំគ្នានៅ Champ de Mars ដើម្បីចុះហត្ថលេខាលើញត្តិមួយ ដែលបានលើកឡើងថា ស្តេចល្វីសបានលះបង់ ភាពជាស្តេចរបស់ខ្លួនរួចទៅហើយ តាំងពីថ្ងៃដែលព្រះអង្គ បានចាកចេញពីរាជវាំង Tuileries Palace កាលពីខែ មិថុនា មកម្ល៉េះ ។
ខណៈនោះក៏ស្រាប់តែមានការគំរាម ពីបរទេសមកវិញដោយប្អូនប្រុសថ្លៃរបស់ ស្តេចល្វីស គឺអធិរាជរ៉ូមាំង Leopold ទី ២ និង ស្តេចFrederick William IIនៃចក្រភព Prussia (បច្ចុប្បន្ន អាល្លឺម៉ង់) និងស្តេច Charles-Philippe នៃអូទ្រីស បានចេញសេចក្តី ប្រកាសឱ្យពួកអ្នកបដិវត្តន៍ក្នុងប្រទេសបារាំង ផ្តល់សិទ្ធិអំណាចដល់ស្តេចល្វីសវិញ ពុំនោះទេពួកគេនឹងលើកទ័ពចូលលុកលុយប្រទេសបារាំង ក្នុងព្រះនាមស្តេចល្វីសទី១៦ ។ ប្រការនេះ បានបញ្ឆេះឱ្យពលរដ្ឋ បកស្រាយថា ស្តេចល្វីស គឺជាសត្រូវរបស់ជាតិ បារាំងទៅវិញ ។
ពួកអ្នកបដិវត្តន៍ នៅក្នុងប្រទេសបារាំង ប្រតិកម្មទាំងខឹងសម្បារ ហើយមិនគោរពសេចក្តី ប្រកាសនោះសោះឡើយ ថែមទាំងកើនការស្អប់ខ្ពើម ចំពោះស្តេចប្រទេសនានា ដែលគាំទ្រស្តេចល្វីស នោះទៀតផង ។ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ១៧៩២ ពួកអ្នកបះបោរ និង កងជីវពល គាំទ្រដោយពួកអ្នកបដិវត្តន៍ប៉ារីស បានទន្ទ្រានចូល ទៅក្នុងរាជវាំង Tuileries Palace ហើបានសម្លាប់អង្គរក្សជនជាតិស្វីសដែលកំពុងនៅ ការពារព្រះរាជា ។ រាជវង្សានុវង្ស ត្រូវបានចាប់ដាក់គុក ហើយសភានីតបញ្ញត្តិបានផ្អាក តំណែងព្រះរាជា ហើយនៅថ្ងៃទី១៧ ខែ មករា ឆ្នាំ១៧៩៣ ស្តេចល្វីស ត្រូវបានកាត់ឱ្យ មានទោសស្លាប់ពីបទ “ ញុះញង់ប្រឆាំងសេរីភាពសាធារណៈ និង សុវត្ថិភាពទូទៅ “ ។
អតីតព្រះរាជា ល្វីសទី១៦ ត្រូវបានកាត់ទោសប្រហារជីវិត នៅថ្ងៃទី២១ ខែមករា ឆ្នាំ ១៧៩៣ ។ ការកាត់ទោសប្រហារជីវិតស្តេចនេះ ធ្វើឱ្យពួកអភិរក្សទូទាំងអឺរ៉ុបមានការ ភ័យខ្លាច ទើបពួករាជានិយម ទាំងឡាយ នាំគ្នាអំពាវនាវឱ្យប្រឆាំងនឹង បដិវត្តន៍បារាំង ។
ខណៈដែលពួកបច្ចាមិត្ត បានធ្វើដំណើរឆ្ពោះមកមុខ សំដៅមករករដ្ឋាភិបាលបដិវត្តន៍ បារាំងនោះ រដ្ឋាភិបាលបដិវត្តន៍ បានបញ្ជូនពួកអង្គរក្សយីកូង ចូលទៅសម្លាប់អ្នកទោស និង បព្វជិតនៅក្នុងគុក ហើយបានបញ្ជូនលិខិតវិលជុំ ទៅបណ្តាទីក្រុងដទៃទៀត ហើយទីក្រុងនានា ក៏បានធ្វើបែបនេះ ហើយក្លាយជាឈ្មោះដែលគេហៅថា “ ការ សម្លាប់រង្គាលនៅខែ តុលា “ ។
ភាពឥតសណ្តាប់ធ្នាប់ បានបន្តរហូតដល់មានការសរសេរធម្មនុញ្ញជាថ្មី ដែលសភាបាន ជួបប្រជុំគ្នា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៧៩៣ ។ ថ្ងៃទី២១ ខែតុលា ឆ្នាំ១៧៩៣ បាន ប្រកាសលប់បំបាត់របប រាជានិយមនៅបារាំង ហើយប្រកាសបង្កើត សាធារណរដ្ឋ បារាំង ដែលជាសារធារណលើកដំបូងរបស់បារាំង ។
ចាប់ពីឆ្នាំ ១៧៩៣-១៨១៥ បារាំង បានជាប់រវល់នឹងសង្គ្រាមជាមួយអង់គ្លេសស្ទើរ តែរកពេលស្រាកស្រាន្តគ្មាន ហើយបានផ្លាស់សម្ព័ន្ធមិត្តមហាអំណាចនានាជាច្រើន ។ អ្នកដឹកនាំជាបន្តបន្ទាប់បានពង្រីកទស្សនៈបដិវត្តន៍បារាំង ទៅប្រទេសជិតខាងស្ទើរតែ ពាសពេញ អឺរ៉ុប ។ ទោះយ៉ាងណា ទីបំផុត ណាប៉ូឡេអុង បានចាញ់សង្គ្រាមនៅឆ្នាំ ១៨១៤ និង ១៨១៥ នាំឱ្យមានប្រតិកម្មប្រឆាំងនឹងបារាំងខ្លះៗវិញ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា
គំនូរពណ៌នាអំពីការទម្លាយជញ្ជាំងគុក Bastille ដែលជាការចាប់ផ្តើមបដិវត្តន៍បារាំង
ទីក្រុងប៉ារីស នៃ ប្រទេសបារាំង