ទិវា​ជាតិ​សាធារណរដ្ឋ​បារាំង​

2298
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​បារាំង ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ទម្លាយ​ជញ្ជាំង​គុក Bastille កាលពី ឆ្នាំ ១៧៨៩ ដែលជា​ការចាប់ផ្តើម បដិវត្តន៍​បារាំង ហើយ​បាន​រីកសាយ​ភាយ​ទៅ​ស្ទើរ​ពាសពេញ​ទ្វីបអឺរ៉ុប រហូតដល់​ឆ្នាំ ១៨១៥ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ បារាំង មាន​ផ្ទៃដី ៦៤០.៦៧៩ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​ខាងលិច នៃ ទ្វីបអឺរ៉ុប មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អាល្លឺម៉ង់ អេ​ស្ប៉ា​ញ អង់​ដូ​រ៉ា ប៊ែ​ល​ស៊ិ​ក លុច​សំបួរ ស្វ៊ី​ស ម៉ូ​ណា​កូ និង អ៊ីតាលី ។ ឆ្នាំ ២០១៧ បារាំង មាន​ប្រជាពលរដ្ឋ​ជាង ៦៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ គ្រិស្តសាសនា ភាសាផ្លូវការ​របស់​ប្រទេស​គឺ​ភាសា​បារាំង រដ្ឋធានី គឺ​ទីក្រុង ប៉ារីស ។

​ប្រវត្តិសាស្ត្រ
​នា​អម្លុង​សត្ត​វត្សរ៍​ទី ១៨ សេដ្ឋកិច្ច​បារាំង មិនទាន់​សម្បូរ​រុងរឿង​ទាល់តែសោះ ការដាំដុះ​មិនបាន​ផល​ល្អ ទំនិញ​ឡើងថ្លៃ ប្រព័ន្ធ​ដឹកជញ្ជូន​មិន​គ្រប់គ្រាន់ ញ៉ាំងឱ្យ​ម្ហូបអាហារ​ឡើងថ្លៃ​កាន់តែខ្លាំង​ឡើងៗ សារពើពន្ធ​របស់​រដ្ឋា​ភិ​បាល​ដែល​បណ្តាលមកពី​ប្រព័ន្ធ​ពន្ធដារ​មិនល្អ និង​ការចំណាយ​នានា ទៅលើ​សង្គ្រាម​ពីមុនៗ​មក​ផង ធ្វើឱ្យ​បរាំង​ស្ថិតក្នុង​សភាព​គ្មាន​លំនឹង​សោះឡើយ ។​

​បន្ទាប់ពី​សង្គ្រាម ៧ ឆ្នាំ រវាង​អង់គ្លេស​-​បារាំង (១៧៥៤-១៧៦៣) បានបញ្ចប់​ដោយ​បរាជ័យ​ធ្លាក់​ទៅ លើ​បរាំង​ធ្វើឱ្យ​បរាំង​បាត់បង់​ទឹកដី​អាណានិគម​របស់ខ្លួន​នៅ​អាមេរិក​ខាងជើង​ហើយ​ខាត​ទ្រព្យសម្បត្តិ​និង​កងទ័ព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ កងទ័ព​បារាំង​ត្រូវបាន​ស្ថាបនា​ឡើងវិញ​ហើយ​បានធ្វើ​អន្តរាគមន៍ សងសឹក​អង់គ្លេស​នៅក្នុង​សង្គ្រាម​បដិវត្តន៍​អាមេរិកាំង (១៧៧៥-១៧៨៣ ដែលជា​ការរើបម្រាស ពី​អាណានិគម​អង់គ្លេស ហើយ​រួបរួមគ្នា​បង្កើតបាន​ជាស​ហ​រដ្ឋ​អាមេរិក​) ដោយ​ជោគជ័យ ប៉ុន្តែ​បារាំង​ផ្សេង​ពី​បាន​ចំណាយ​អស់ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​មក​បរាំង​ក៏​គ្មាន​បាន​ចំណេញ​អ្វី​ពី​សង្គ្រាម​នោះ​សោះឡើយ​បានត្រឹមតែ​សងសឹក​អង់គ្លេស​និង​កុំឱ្យ​អង់គ្លេស​ក្អេងក្អាង​ពេក​តែប៉ុណ្ណោះ​។​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បរាំង​ដែល​ពុំមាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ពុំ​អាច​រ៉ាប់រង​ចំពោះ​បំណុល​នៃ​សង្គ្រាម​នោះ​បានឡើយ​ពោលគឺ​ពេលនោះ​បារាំង​ស្ថិតក្នុង​វ​ប​ត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ទៅៗ​។​
​ ​
​នៅ​ខែ តុលា ឆ្នាំ ១៧៧៦ ស្តេច ល្វី​ស ទី ១៦ (Louis XVI) បានតែងតាំង​លោក​Jacques Necker ឱ្យធ្វើជា​អ្នក​ជំ​រះ​បញ្ជី ប៉ុន្តែ​មិន​តែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ឡើយ ដោយសារតែ​គាត់​ជា​អ្នក កាន់​គ្រិស្តសាសនា និកាយ​ប្រូ​តិ​ស្តង់ (​ព្រោះ​បារាំង​ជា​ពួក​កាតូលិក​) ។ លោក Necker បាន​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​ថា ប្រព័ន្ធ​ពន្ធដារ​ដ៏​តឹងតែង​របស់​បារាំង​នោះ ដាក់បន្ទុក​ទៅលើ តែ​អ្នក​ជនបទ ខណៈដែល​ពួក​អភិជន និង បព្វជិត ( ចូរ​ដឹងថា បព្វជិត​គ្រិស្តសាសនា នាពេលនោះ មានអំណាច និង ទ្រព្យសម្បត្តិ​ស្តុក​ស្ត​មណាស់ ) មាន​ប្រព័ន្ធ​លើកលែង​ពន្ធ ទើប​គាត់​បាន​ជំទាស់ ថា ប្រព័ន្ធ​នេះ​មិនអាច​ប្រមូល​ពន្ធ​បាន​ច្រើនជាង​នេះ​ទេ គឺ​ត្រូវតែ​កាត់ បន្ថយ​ការលើកលែង​ពន្ធ​ពី​ពួក​អភិជន និង បព្វជិត ហើយ​ដើម្បី​គាំទ្រ​គំហើញ​នេះ​គាត់​បានចេញ របាយការណ៍​មួយ​ដែលមាន​ឱនភាព​៣៦ លាន លីវ​រ៍ (​ក៏​ក្នុង​បំណង​ដើម្បីឱ្យ​គាត់​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផងដែរ​) ។​

​ប៉ុន្តែ​សំណើ​នេះ ពុំ​ត្រូវបាន​ទទួលយក​ដោយ​រីករាយ​ពី​សំណាក់​រាជ​រដ្ឋមន្ត្រី​ឡើយ ទើប​ស្តេច ល្វី​ស ទី ១៦ បាន​បដិសេធ ហើយ​លោក Necker ត្រូវបាន​បណ្តេញ​ចេញពី​ការងារ ជំនួស​ដោយ​លោក Charles Alexandre de Calonne​ទៅវិញ ។ លោក Calonne​បានស្នើ​ដាក់ឱ្យ​មាន​ពន្ធ​លើដី ដែល​រួមបញ្ចូល ទាំង​ពន្ធ​លើ​ពួក​អភិជន នង បព្វជិត ដែរ ប៉ុន្តែ​លោក Calonne​ក៏​បរាជ័យ​ដែរ ទើប​ស្តេច ល្វី​ស ងាក​ទៅ​អំពាវនាវ​ឱ្យរ​មាន អគ្គ ក្រុមប្រឹក្សា វណ្ណៈ ១៧៨៩ ដែលជា​សញ្ញា​មួយ​ថា ស្ថេរភាព​ហិរញ្ញ វត្ថុ​បារាំង​ជិត​ដល់​ប្រកាសអាសន្ន​ហើយ ។

​អគ្គ ក្រុមប្រឹក្សា វណ្ណៈ ១៧៨៩ នេះ មាន​សមាសភាព​បី ផ្នែក​គឺ​៖ បព្វជិត (​ម្ចាស់​ដី ទី ១ តំណាង​ដី ១០ ភាគរយ​) អភិជន (​ម្ចាស់​ដី ទី ២ តំណាង​ដី ២៥ ភាគរយ )​និង សង្គម​បារាំង​ទូទៅ (​ម្ចាស់​ដី​ទី ៣ តំណាង​ប្រជារាស្ត្រ ៩៥ ភាគរយ​) ។ នៅក្នុង​នោះ​មាន​សមាជិក ១.២០១ រូប​ក្នុងនោះ បព្វជិត ៣០៣ រូប អភិជន ២៩១ និង សង្គម​ទូទៅ ៦១០ រូប ដែល​ក្នុងនោះ​ក៏មាន​លោក Jacques Necker ផងដែរ ។​
​ស្តេច ល្វី​ស​បង្កើត អគ្គ ក្រុមប្រឹក្សា នេះ ក្នុង​បំណង​ចងក្រង​មនុស្ស​ពី​គ្រប់​វណ្ណៈ រួមគ្នា​ដោះស្រាយ វិបត្តិ​ហិរញ្ញវត្ថុ​បរាំង ។ ប៉ុន្តែ​ដោយ​ឃើញថា ពួក​បព្វជិត និង អភិជន នៅតែមាន​គំនិត​ដើរ​ខ្សែលើ ទើប​នៅ​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ១៧៨៩ នោះ ពួក​ខាង​សង្គម​បារាំង​ទូទៅ​បាន​ងាក​ទៅធ្វើ​ការ​ដាច់ ដោយ​ខ្លួនឯង​នា ទីក្រុង Versailles ហើយ​បាន​អញ្ជើញ​ឱ្យ​ភាគី​ពីរ​ផ្នែក​ទៀត​ទៅ​ចូលរួម​វិញ ។ ខាង​ពួក​សង្គម​ទូទៅ នោះ បាន​បោះឆ្នោត​ហើយ​ហៅ​ខ្លួនឯង​ថា “ សភាធម្មនុញ្ញ​ជាតិ “ ទៅវិញ គឺ​ពុំមែន​ជា​របស់ ក្រុមប្រឹក្សា​ទៀតឡើយ ប៉ុន្តែ​ជា​របស់​ប្រជាពលរដ្ឋ ។​

​ស្តេច ល្វី​ស បាន​ប្រើ​មធ្យ​បាយ​មួយចំនួន​ដើម្បី​កុំឱ្យ​ពួក​ក្រុមទី ៣ នោះ ជួបប្រជុំ​បង្កើតជា​សភា​បាន ប៉ុន្តែ​មធ្យោបាយ​ទាំងនោះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ពួកគេ​បាន​ជួបប្រជុំគ្នា​ថ្លែង ពាក្យសម្បថ នៅ​ទីលាន​វាយ​កូន​ហ្គោល នៅ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ​ដដែល​នោះ ដោយ​ស្បថសច្ចា​ថា​នឹងមិន បែកបាក់​គ្នា​ឡើយ​រហូតដល់​ពួកគេ​ទទួលបាន​រដ្ឋធម្មនុញ្ញ ។ គិត​ត្រឹម​ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៧៨៩ នោះ ពួកគេ​ទទួលបាន​ការចូលរួម​យ៉ា​គំហុក​ពី​ផ្នែក​នានា នៃ ប្រទេស​បារាំង ។ ពេលនេះ លោក Necker បាន​ក្លាយជា​អមិត្ត ពី​ពួក​មន្ត្រី​ធំៗ ជាពិសេស​ចំពោះ​ពួក​រាជវង្ស​ថា​ជា​អ្នកធ្វើ​ប្រជា​ភិ​ថុ​ត បង្វែ​មតិ​សា​ធារ​ជន ហើយ​ទីបំផុត​ស្តេច ល្វី​ស បាន​បណ្តេញ​គាត់​ចេញពី​តំណែង​នោះ​ទៀត ដោយសារតែ​គាត់​បាន​បញ្ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​របាយការណ៍​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ស្តីពី​បំណុល​របស់​រដ្ឋាភិបាល ។ ស្របគ្នា​ពេលនោះ​ក៏មាន​ទាហាន​យ៉ាងច្រើន ដែល​ភាគច្រើន បំ​ជា​ទាហាន​បរទេស​ស៊ីឈ្នួល ត្រូវបាន​គេ​យក​ចូល​ទីក្រុង Versailles ។ ទង្វើ​របស់​ស្តេច​ល្វី​ស ធ្វើឱ្យ​មនុស្ស​ភាគច្រើន​យល់ថា ក្នុង​បំណង​ប្រឆាំងនឹង សភាធម្មនុញ្ញ​ជាតិ ទើប​ចាប់ផ្តើម​រំជើប រំជួល​ដោយ​កុប្បកម្ម​នានាភាព​ឥត​សណ្តាប់ធ្នាប់ និង ការ​លួច​ប្លន់​យ៉ាង​រាលដាល ហើយ​ក្រុមមនុស្ស ទាំងនោះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​មនុស្ស​ខ្លះ នៃ អង្គរក្ស​បារាំង​ទៀតផង ។​

ទម្លាយ​គុក Bastille-​ផ្តើម​បដិវត្តន៍​
​នៅ​ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៧៨៩ នោះ ពួក​កុប្បក​រទាំង​នោះបាន​សម្លឹង​មើលឃើញ ចង់បាន​គ្រឿង សព្វាវុធ និង យុទ្ធភណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​រក្សាទុក​នៅក្នុង​បរិវេណ​ពន្ធនាគារ Bastille ហើយ​ដែល​ទីនោះ​ក៏​ជា​និមិត​សញ្ញា នៃ អំណាច​រាជវង្សានុវង្ស​ផងដែរ ។ បន្ទាប់ពី​តស៊ូ​តទល់​នឹង​គ្នា ជាច្រើន​ម៉ោង​មក ជញ្ជាំង​គុក​ត្រូវបាន​ទម្លាយ ហើយ​ដើម្បី​ចៀស​វា​ការស្លាប់​មនុស្ស​ច្រើន អ្នកគ្រប់គ្រង​គុក​នោះ​លោក Marquis Bernard de Launay​បាន​បញ្ជា​ឱ្យមាន​បទ​ឈប់​ប្រយុទ្ធ​គ្នា ប៉ុន្តែ​រឿង​នោះ​មិន​បញ្ចប់​ត្រឹមណោះ​ឡើយ គឺ​ពួក​អ្នកបះបោរ​នៅតែ​បន្ត​ទន្ទ្រាន​តទៅទៀត រហូត​សម្លាប់​បាន ប្រធាន​គុក​គឺ​លោក Marquis Bernard de Launay ហើយ​កាត់​ក្បាល​របស់ គាត់​ដើរ​ដង្ហែ​ពាសពេញ​ទីក្រុង ។ បដិវត្តន៍ បារាំង​បានចាប់ផ្តើម នាពេល​នោះឯង ។​

​តាមពិតទៅ​នៅក្នុង​គុក​នោះ មាន​ឃុំ​មនុស្ស​ប្រាំពីរ​នាក់​ប៉ុណ្ណោះ​ដែល​អ្នក​ទាំងនោះ មិនមែនជា​អ្នកទោស សំខាន់​អ្វី​ណាស់ណា​ឡើយ ប៉ុន្តែ​គុក Bastille បម្រើ​ជា​សក្តានុពល នៃ​អ្វីៗ​គ្រប់យ៉ាង​ដែល ត្រូវបាន​គេ​ស្អប់ខ្ពើម​នៅក្នុង​សម័យបុរាណ ។ ពួក​កុប្បករ បាន​ទៅដល់​សាលាក្រុង Hôtel de Ville​ហើយ​បាន​ចោទ​ចាងហ្វាង​សាលាក្រុង​នោះ​គឺ​លោក​Jacques de Flesselles​ថា​ក្បត់ជាតិ ហើយក៏​បានសម្លាប់​គាត់​ចោល​ទៀត ។​

​ដំណឹង​នោះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ស្តេច ល្វី​ស​ទី ១៦ ។ នៅ​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ នោះ ស្តេច ល្វី​ស ត្រូវបាន​បង្ខំ​ឱ្យទទួល​ស្គាល់​ធម្មនុញ្ញ ។ ពេលនោះ លោក Necker ត្រូវបាន​ហៅ​ឱ្យ​ចូលមក កាន់តំណែង​វិញ ។ លោក Necker បានទាមទារ​ឱ្យមាន​ការលើកលែងទោស​ជាទូទៅ​ដែល​ប្រការនេះ ញ៉ាំ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ខឹងសម្បា​គាត់ ។​

​អាជ្ញាធរ​ស៊ីវិល ត្រូវបាន​ធ្វើឱ្យ​ខូច​យ៉ាង​ឆាប់រហ័ស អំពើហិង្សា និង ចោរកម្ម​បាន​រីក​រាលដាល ពាសពេញ​ប្រទេស សមាជិក​ពួក​អភិជន​បាន​ភៀសខ្លួន​ទៅ​ប្រទេសជិតខាង​ហើយ​ពួក​ជនភៀសខ្លួន ទាំងនោះ​បានផ្តល់​លុយកាក់​រៀបចំ​បដិវត្តន៍​ប្រឆាំង​ពួក​អ្នក​បដិវត្តន៍​វិញ បណ្តាលឱ្យ​ផ្ទៃក្នុង​ប្រទេស​បារាំង និង ស្តេច​ប្រទេសជិតខាង​ផ្តល់​យោធា​គាំទ្រ​ដល់​បដិវត្តន៍​ប្រឆាំង (​របស់​ពួក​អភិជន​) ប្រឆាំងនឹង​បដិវត្តន៍ ប្រជាជន ។​

​គិត​ត្រឹម​ចុងខែ​កក្កដា នោះ ស្មា​តី អធិបតេយ្យភាព ដ៏​មាន​ប្រជាប្រិយ​បាន​រីកសាយ​ពាសពេញ ប្រទេស​បារាំង ។ នៅតាម​តំបន់​ជនបទ មាន​កងជីវពល​ជាច្រើន​ត្រូវបាន​បង្កើត​បំពាក់អាវុធ និង ហ្វឹកហាត់​សម្រាប់​ប្រឆាំងនឹង​ការឈ្លានពាន​ពី​បរទេស ។ មាន​អ្នកខ្លះ​វាយប្រហារ​ទីតាំង​សំខាន់ៗ របស់​ពួក​អភិជន បូក​ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​នានា​ផង​ធ្វើឱ្យ​រំជើបរំជួល​បាត់បង់​សណ្តាប់ធ្នាប់ លែង​គោរព​ច្បាប់ ។​

​នៅ​យប់​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៧៨៩ សភាធម្មនុញ្ញ​ជាតិ បាន​បង្កើត​របប​សក្តិ​ភូមិ​និយម​លប់ បំបាត់​វណ្ណៈ​ទី​២ (​អភិជន​) និង វណ្ណៈ​ទី ១ (​បព្វជិត​) ហើយ​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ទីក្រុង ទីប្រជុំជន ខេត្ត ក្រុង ក្រុមហ៊ុន​នានា​របស់​ពួក​បព្វជិត និង អភិជន​បាន​បាត់​ឯកសិទ្ធិ ពិសេស​របស់​ពួកគេ ។​

​នៅ​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ១៧៨៩ សភាធម្មនុញ្ញ​ជាតិ បានប្រកាស​អំពី​សិទ្ធិ​បុរស និង សិទ្ធិ​ប្រជាពលរដ្ឋ ។ សភាធម្មនុញ្ញ​ជាតិ បាន​ដើរតួនាទី មិន​គ្រាន់តែ​ជា​ស្ថាប័ន​នីតិបញ្ញត្តិ​ឡើយ ប៉ុន្តែ​ក៏​ជា​ស្ថាប័ន​ព្រាង​ធម្មនុញ្ញ​ថ្មី​ផងដែរ ។ ស្ថានភាព​ក្នុងសង្គម​ពេលនោះ​ភាគច្រើន មាន​ទំនោរ​ឆ្ពោះទៅរក​បញ្ចេញ​កំហឹង​ចំពោះ​ស្តេច​ល្វី​ស ។

​ស្តេច​ល្វី​ស ដែល​បារម្ភ​អំពី​សុវត្ថិភាព ក៏​នាំ​មហេសី បាន​ចាក​ចេញពី​រាជវាំង​Tuileries Palace ប៉ារីស ទៅកាន់​ព្រំដែន ប្រទេស អូទ្រីស ហើយ​នៅ​យប់​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៧៩១ រាជវង្សានុវង្ស បាន​បន្លំ​ភៀសខ្លួន​ចេញពី​រាជវាំង ដែរ ដោយ​ស្លៀកពាក់​ជា​អ្នកបម្រើ ហើយ​អ្នកបម្រើ​ស្លៀកពាក់​ជា​អភិជន​វិញ ។​

​ទោះយ៉ាងណា នៅ​ថ្ងៃ​បន្ទាប់ ស្តេច​ល្វី​ស ត្រូវបាន​គេ​ស្គាល់ ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅឯ Varennes បញ្ជូន​ឱ្យ​ត្រឡប់​ទៅ ប៉ារីស វិញ ។ សភាធម្មនុញ្ញ​ជាតិ បាន​ផ្អាក​ស្តេច​ល្វី​ស ជា​បណ្តោះអាសន្ន ឱ្យ​ស្ថិតនៅក្រោម​ការ​យាមកាម​យ៉ាង​តឹងរឹង ។

បង្កើត​សាធារណរដ្ឋ​កាត់ទោស​ប្រហារជីវិត​ស្តេច​
​នៅ​ទីបំផុត​សម្លេង​ភាគច្រើន នៃ សភា បាន​គាំទ្រ​ឱ្យមាន​របប រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ឆ្នាំ​១៧៩១ ដោយ​ក្នុង​ក្របខណ្ឌ​នោះបាន​ផ្តល់​សិទ្ធិអំណាច​តិចតួច​ប៉ុណ្ណោះ​ដល់​ស្តេច​ល្វី​ស ។ ស្តេច​ល្វី​ស ត្រូវបាន​បង្ខំ​ឱ្យ​ស្បថ​ទទួលយក​ធម្មនុញ្ញ ដែល​ពួកគេ​បានចែង ដែល​មិនឱ្យ​ធ្វើសង្គ្រាម ប្រឆាំង​ជាតិ​ខ្លួនឯង ឬ មិន​អនុ​ញ្ញា​ត្ត​ឱ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​ដូច្នោះ​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ។​
​ទោះ​យ៉ាងនេះ​ក្តី មាន​ហ្វូងមនុស្ស​ដ៏​ធំ​មហិមា បាន​ជួបជុំគ្នា​នៅ Champ de Mars ដើម្បី​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ដែល​បាន​លើកឡើងថា ស្តេច ល្វី​ស បាន​លះបង់​ភាពជា​ស្តេច របស់ខ្លួន​រួចទៅហើយ តាំងពី​ថ្ងៃ​ដែល​ព្រះអង្គ​បាន​ចាក​ចេញពី​រាជវាំង​Tuileries Palace កាលពី​ខែ មិថុនា មកម្ល៉េះ ។

​ខណៈនោះ​ក៏​ស្រាប់តែ​មានការ​គំរាម​ពី​បរទេស​មកវិញ​ដោយ​ប្អូន​ប្រុ​ថ្លៃ​របស់​ស្តេច​ល្វី​ស គឺ​អធិរាជ​រ៉ូ​មាំ​ង Leopold ទី ២ និង ស្តេច Frederick William II នៃ​ចក្រភព Prussia (​បច្ចុប្បន្ន​អាល្លឺម៉ង់​)​និង​ស្តេច Charles-Philippe នៃ អូទ្រីស បានចេញ​សេចក្តីប្រកាស​ឱ្យ​ពួក​អ្នក​បដិវត្តន៍ ក្នុងប្រទេស​បារាំង ផ្តល់​សិទ្ធិអំណាច​ដល់​ស្តេច​ល្វី​ស វិញ ពុំ​នោះទេ​ពួកគេ​នឹង​លើកទ័ព​ចូលលុកលុយ​ប្រទេស​បារាំង ក្នុង​ព្រះនាម​ស្តេច ល្វី​ស ទី​១៦ ។ ប្រការនេះ​បាន​បញ្ឆេះ​ឱ្យ​ពលរដ្ឋ​បកស្រាយ​ថា ស្តេច ល្វី​ស គឺជា​សត្រូវ​របស់​ជាតិ​បារាំង​ទៅវិញ ។

​ពួក​អ្នក​បដិវត្តន៍​នៅក្នុង​ប្រទេស​បារាំង ប្រតិកម្ម​ទាំង​ខឹងសម្បា ហើយ​មិន​គោរព​សេចក្តីប្រកាស នោះ​សោះឡើយ​ថែមទាំង​កើន​ការ​ស្អប់ខ្ពើម​ចំពោះ​ស្តេច ប្រទេស​នានា​ដែល​គាំទ្រ ស្តេច ល្វី​ស នោះ​ទៀតផង ។ នៅ​យប់​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៧៩២ ពួក​អ្នកបះបោរ និង កងជីវពល គាំទ្រ​ដោយ​ពួក​អ្នក​បដិវត្តន៍ ប៉ារីស បាន​ទន្ទ្រាន​ចូលទៅក្នុង​រាជវាំង Tuileries Palace ហើ​បានសម្លាប់​អង្គរក្ស​ជនជាតិ ស្វ៊ី​ស ដែល​កំពុង​នៅ​ការពារ​ព្រះរាជា ។ រាជវង្សានុវង្ស ត្រូវបាន​ចាប់​ដាក់គុក ហើយ​សភា​នី​ត​បញ្ញត្តិ​បាន​ផ្អាក​តំណែង​ព្រះរាជា ហើយ​នៅ​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៧៩៣ ស្តេច ល្វី​ស ត្រូវបាន​កាត់​ឱ្យ​មានទោស​ស្លាប់​ពីបទ “ ញុះញង់​ប្រឆាំង​សេរីភាព​សាធារណៈ និង សុវត្ថិភាព​ទូទៅ “ ។​

​អតីត​ព្រះរាជា ល្វី​ស ទី ១៦ ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅ​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ១៧៩៣ ។
​ការកាត់ទោស​ប្រហារជីវិត​ស្តេច​នេះ ធ្វើឱ្យ​ពួក​អភិរក្ស​ទូទាំង​អឺរ៉ុប មានការ​ភ័យខ្លាច ទើប​ពួក​រាជានិយម​ទាំងឡាយ​នាំគ្នា​អំពាវនាវ​ឱ្យ​ប្រឆាំងនឹង​បដិវត្តន៍​បារាំង ។ ខណៈដែល​ពួក​បច្ចាមិត្ត បានធ្វើ​ដំណើរ​ឆ្ពោះ​មក​មុខ​សំដៅ​មករក​រដ្ឋាភិបាល​បដិវត្ត​ន៍​បារាំង​នោះ រដ្ឋាភិបាល​បដិវត្តន៍ បាន​បញ្ជូន ពួក​អង្គរក្ស​យី​កូ​ង​ចូលទៅ​សម្លាប់​អ្នកទោស និង បព្វជិត​នៅក្នុង​គុក ហើយ​បាន​បញ្ជូន​លិខិត​វិលជុំ ទៅ​បណ្តា​ទីក្រុង​ដទៃទៀត ហើយ​ទីក្រុង​នានា​ក៏បាន​ធ្វើបែបនេះ ហើយ​ក្លាយជា​ឈ្មោះ​ដែល​គេ​ហៅថា “ ការសម្លាប់​រង្គាល​នៅ​ខែ តុលា “ ។

​ភាព​ឥត​សណ្តាប់ធ្នាប់​បាន​បន្ត​រហូតដល់​មានការ​សរសេរ​ធម្មនុញ្ញ​ជាថ្មី ដែល​សភា​បាន​ជួបប្រជុំគ្នា នៅ​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៧៩៣ ។ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ១៧៩៣ បានប្រកាស​លប់បំបាត់​របប រាជានិយម​នៅ​បារាំង ហើយ​ប្រកាស​បង្កើត សាធារណរដ្ឋ​បារាំង​ដែលជា​សារ​ធារ​ណ​លើកដំបូង របស់​បារាំង ។ នៅ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៧៩២ ថា​ជា​ថ្ងៃទី នៃ សាធារណរដ្ឋ បារាំង ។

​ចាប់ពី​ឆ្នាំ ១៧៩៣-១៨១៥ បារាំង បាន​ជាប់រវល់​នឹង​សង្គ្រាម​ជាមួយ​អង់គ្លេស ស្ទើរតែ​រក​ពេល ស្រាកស្រាន្ត​គ្មាន ហើយ​បាន​ផ្លាស់​សម្ព័ន្ធមិត្ត​មហាអំណាច​នានា​ជាច្រើន ។ អ្នកដឹកនាំ​ជា​បន្ត បន្ទាប់​បាន​ពង្រីក​ទស្សនៈ​បដិវត្ត​ន៍​បារាំង ទៅ​ប្រទេសជិតខាង​ស្ទើរតែ​ពាសពេញ អឺរ៉ុប ។ ទោះយ៉ាងណា ទីបំផុត ណាប៉ូឡេអុង បាន​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ ១៨១៤ និង ១៨១៥ នាំឱ្យមាន​ប្រតិកម្ម ប្រឆាំងនឹង​បារាំង​ខ្លះៗ​វិញ ៕ ​ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

​គំនូរ​ពណ៌នា​អំពី​ការទម្លាយ​ជញ្ជាំង​គុក Bastille ដែលជា​ការចាប់ផ្តើម​បដិវត្តន៍​បារាំង (French)

​ទីក្រុង​ប៉ារីស នៃ ប្រទេស​បារាំង (French 2)