ទិវា​ជាតិ នៃ​ប្រជាជន​ស៊ុយអែត​

746
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រពល​រដ្ឋ​ស៊ុយអែត ប្រារព្ធ​ទិវា​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី​៦ ខែ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​មេ​តស៊ូ​ឧទ្ទាម ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា​ត្រូវបាន​ជ្រើសរើស តែងតាំង​ជា​ស្តេច នៅ​ឆ្នាំ​១៥២៣ ហើយ​ដឹកនាំ​ទាមទារ​បាន​ឯករាជ្យភាព​ពី​រាជាណាចក្រ ដា​ណឺ​ម៉ាក ជូន​ស៊ុយអែត វិញ នៅ​ឆ្នាំ​១៥២៤ ប៉ុន្តែ​រហូតដល់​ឆ្នាំ​១៩៨៣ ទើប​ថ្ងៃទី​៦ ខែមិថុនា ត្រូវបាន​ប្រកាសថា ជា​ទិវា​ជាតិ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ ស៊ុយអែត មាន​ផ្ទៃដី ៤៥០.២៩៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប ខាងជើង មាន​ព្រំដែន​ជាប់​ប្រទេស​ន័​រវេ​ស៍ ហ្វាំ​ង​ឡង់ និង​ដា​ណឺ​ម៉ាក គឺជា​សមាជិក នៃ​សហភាព​អឺរ៉ុប ។ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ស៊ុយអែត មាន​ជាង ១០ លាន​នាក់ ភាគ ច្រើន កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា​ស៊ុយអែត រដ្ឋធានី គឺ​ទីក្រុង​ស្តុក​ខុល ។​

ប្រវត្តិសាស្ត្រ​
​នៅ​ចុង​មជ្ឈិមសម័យ ទៅ​ដើម​សម័យ​ទំនើប គឺ​ប្រហែល​ពី​ចន្លោះ​សត្ត​វត្សរ៍​ទី ១៣-១៧ នៃ​គ្រិស្តសករាជ នៅ​តំបន់​អឺរ៉ុប​ខាងជើង មាន​សម្ព័ន្ធ​មួយ​ឈ្មោះថា Hanseatic League គឺជា​សម្ព័ន្ធ​ពាណិជ្ជកម្ម និង​កង​ទ័​ការពារ​ដែនដី ។ សម្ព័ន្ធ​នេះ មានអំណាច​រីក​ជា​បន្ត​បន្ទាប់ ញ៉ាំងឱ្យមាន​កង្វល់​ដល់​បណ្តា​ប្រជាជាតិ នៅ​តំបន់ Scandinavian (​ស៊ុយអែត​-​ដា​ណឺ​ម៉ាក -​ន័​រវេ​ស៍​) ដែល​នៅ​ជិតខាង ។​

​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ (១៣៥៣-១៤១២ ) ជា​បុត្រី​នៃ​ស្តេច វ៉ា​ដឺ​ម៉ា ទី​៤ នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក បាន​រៀប​អភិសេក​ជាមួយ​ស្តេច ហា​កុន ទី​៦ នៃ​រាជាណាចក្រ ន័​រវេ​ស៍ និង ស៊ុយអែត ។ នៅ​ឆ្នាំ​១៣៧៦ បុត្រា​របស់​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ ព្រះនាម អូ​ឡា​ហ្វ ទី​២ បាន​ក្លាយជា​អ្នក​ស្នង​រាជបល្ល័ង្ក នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក នៅពេលដែល​ព្រះរាជ កុមារ​អង្គ​នោះ​ទើប​តែមាន​ព្រះជន្ម ប្រមាណ​ជា ៦ ព្រះវស្សា ។ ដោយហេតុ​នោះ ទើប​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ មាន​តួនាទី ជា​អ្នក​តម្រែតម្រង់​។

​ឆ្នាំ​១៣៨០ បិតា​របស់​ស្តេច អូ​ឡា​ហ្វ ទី​២ ដែលជា​ស្តេច​របស់​រាជាណាចក្រ ន័​រវេ​ស៍ បាន​ចូល​ទិវង្គត ទើប​ស្តេច អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី ទទួល​ស្នងរាជ្យ ជា​ស្តេច​របស់​រាជាណាចក្រ ន័​រវេ​ស៍ ផងដែរ ។ ដោយហេតុ​នោះ រាជាណាចក្រ​ទាំងពីរ គឺ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ត្រូវបាន​រួបរួម​បញ្ចូល​គ្នា ក្នុង​សម្ព័ន្ធ​ផ្ទាល់ខ្លួន ក្រោម​រាជបល្ល័ង្ក​របស់​ព្រះរាជា អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី ដែលមាន​មាតា គឺ​ព្រះមហាក្សត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ ជា​អ្នក​តម្រែតម្រង់ ។​

​ខែសីហា ឆ្នាំ​១៣៨៧ ស្តេច អូ​ឡា​ហ្វ ទី​២ ( នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ) បាន​ចូល​ទិវង្គត នៅ​ព្រះជន្ម ១៦ ព្រះវស្សា ។ នា​សម័យ​កាលណោះ នៅ​អឺរ៉ុប មនុស្ស​ស្រី ពុំមាន​សិទ្ធិ​កាន់អំណាច​រាជការ​ឡើយ ទើប​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១​បញ្ជា​ឱ្យ​ក្រុម ប្រឹក្សា រាជាណាចក្រ ដា​ណឺ​ម៉ាក ជ្រើសតាំង​ទ្រង់ (​ម៉ា​ហ្កា​រ៉ែត ទី​១) ជា​រា​ជានុ​សិទ្ធិ នៃ​អាណាចក្រ ដា​ណឺ​ម៉ាក ។ មួយឆ្នាំ ក្រោយមក គឺ​នៅ​ឆ្នាំ​១៣៨៨ រា​ជានុ​សិ​ទ្ទិ ម៉ា​ហ្កា​រ៉ែត ទី​១ ក៏ត្រូវ​បានទទួល​ស្គាល់​ថា ជា​រា​ជានុ​សិទ្ធិ របស់​រាជាណាចក្រ ន័​រវេ​ស៍ ទៀត ។​

​រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ បាន​ទទួលយក​ចៅប្រុស​របស់​បងស្រី ឈ្មោះ បូ​ហ្គី​ស្លា​វ (​ក្រោយមក​គេ​ស្គាល់​ថា អេ​រីក ) ហើយ​បានឱ្យ​ក្រុមប្រឹក្សា​ន័​រវេ​ស៍ ទទួល​អ្នកអង្គម្ចាស់ អង្គ​នោះ (​បូ​ហ្គី​ស្លា​វ ឬ អេ​រីក ) ជា​រាជទាយាទ នៃ​រាជាណាចក្រ​ន័​រវេ​ស៍​ហើយ​បាន​ឡើង សោយរាជ្យ​នៅ​ឆ្នាំ​១៣៨៩ ដោយ​នៅតែមាន រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១​ជា​អ្នកមើល​ការ ខុសត្រូវ​ដដែល ។

​នា​អំឡុង​ពេលនោះ នៅ​រាជាណាចក្រ​ស៊ុយអែត ឯណោះ ជា​ពេល​ដែលមាន​ជម្លោះ​រវាង ស្តេច​អាល់​បឺត និង​មេដឹកនាំ​អភិជន​មួយចំនួន ។ នៅ​ឆ្នាំ​១៣៨៨ ពួក​មេដឹកនាំ​អភិជន នៃ រាជាណាចក្រ​ស៊ុយអែត ទាំងនោះ បាន​លើក​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ (​ដែល​កំពុង គ្រង​តំណែង​ជា​រា​ជានុ​សិទ្ធិ នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក និង​ជា​អ្នកមើលការខុសត្រូវ ឬ​ជា​អ្នកត្រួតត្រា​ស្តេច ន័​រវេ​ស៍ ផង​) ឱ្យ​គ្រង​តំណែង​ជា​រាជ​នុ​សិទ្ធិ នៃ​ទឹកដី​ស៊ុយអែត ដែល​ពួកគេ (​មេដឹកនាំ​អភិជន​) បាន​កាន់កាប់​ផងដែរ ដោយបាន​សន្យាថា នឹង​ជួយ​រាជា នុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ឱ្យ​ត្រួតត្រា​រាជាណាចក្រ​ស៊ុយអែត​ទាំងមូល នាពេល​អនាគត ដ្បិត​សត្រូវ​រួម​របស់​ពួកគេ (​ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក​) ពេលនោះ​គឺ សម្ព័ន្ធ​ប្រជា ជាតិ Hanseatic League និង អាល្លឺម៉ង់ ដែល​កំពុង​កើន​អំណាច​ទៅលើ​សេដ្ឋកិច្ច របស់​ប្រជាជាតិ Scandinavian (​ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក​) ។

​នៅ​ឆ្នាំ​១៣៨៩ កងទ័ព​ដា​ណឺ​ម៉ាក និង ស៊ុយអែត បាន​ផ្តួលរំលំ​ស្តេច អាល​បឺត នៃ រាជាណាចក្រ​ស៊ុយអែត ដោយ​ជោគជ័យ ហើយ​អំណាច​ក៏ត្រូវ​បាន​ស្ថិត​ក្នុងការ​ក្តោប ក្តាប់​របស់ រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ទាំងស្រុង ។ អាណាចក្រ​ទាំង ៣ (​ស៊ុយអែត ដា​ណឺ​ម៉ាក ន័​រវេ​ស៍​) ត្រូវបាន​រួបរួម​បញ្ចូល​គ្នា ក្រោម​ការក្តោបក្តាប់​រប​ស់រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ហើយ បាន​សន្យាថា នឹង​ការពារ​អធិបតេយ្យភាព អំណាច​នយោបាយ ក្រោម​ដំបូល​សហភាព ។

​នៅ​ឆ្នាំ​១៣៩៦ ស្តេច អេ​រីក ដែល​បាន​សោយរាជ្យ នៅ​ន័​រវេ​ស៍ តាំងពី​ឆ្នាំ​១៣៨៩ នោះ ត្រូវបាន​លើក​ឱ្យ​ឡើង សោយរាជ្យ​ជា​ស្តេច នៃ​រាជាណាចក្រ ដា​ណឺ​ម៉ាក និង ស៊ុយអែត ។​

សហភាព កាល់​ម៉ា
​ថ្ងៃទី​១៧ (១៣?) ខែមិថុនា ឆ្នាំ​១៣៩៧ សន្ធិសញ្ញា​មួយ (​ត្រូវគេ​សង្ស័យថា​ជា​លក្ខណៈ ផ្ទាល់​អត្តនោម័ត​រៀងៗ​ប្រទេស ពោលគឺ​ពុំមែន​មានការ​ព្រមព្រៀង តាម​ធម្មនុញ្ញភាព នៃ អាណាចក្រ​នីមួយៗ​ឡើយ​) ត្រូវបាន​ចុះហត្ថលេខា នៅ​ទីក្រុង​កាល់​ម៉ា នៃ​រាជាណាចក្រ ស៊ុយអែត បាន​រួបរួម​រាជាណាចក្រ​ទាំង ៣ (​ដា​ណឺ​ម៉ាក​-​ស៊ុយអែត​-​ន័​រវេ​ស៍​) ឱ្យទៅជា សហភាព តែមួយ ក្រោម​ការ​ត្រួ​ត្រា​របស់​ព្រះរាជា​តែមួយ ដោយមាន​សិទ្ធិ​គ្រប់គ្រង ការងារ​ផ្ទៃក្នុង​រៀងៗ​ខ្លួន ។ សហភាព​នោះ ត្រូវបាន​គេ​ស្គាល់​ថា សហភាព​កាល់​ម៉ា (Union of Kalmar) ។ ជា​ផ្លូវការ ស្តេច អេ​រីក ជា​ស្តេច​នៃ​អាណាចក្រ​ទាំង​៣​នេះ ប៉ុន្តែ​ធាតុពិត អំណាច​ស្ថិតក្នុង​ការក្តោបក្តាប់រ​បស់​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី​១ ។​

​ស្ថិតនៅក្រោម​ឆ័​ត្រ សហភាព​កាល់​ម៉ា ដែល​ត្រួតត្រា​បញ្ជា​ដោយ​រាជា​នុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី​១ ( រហូតដល់​ថ្ងៃ​ទិវង្គត នៅ​ឆ្នាំ​១៤១២ ) អំណាច​របស់​ដា​ណឺ​ម៉ាក បាន​ជះ​លប់​លើ អាណាចក្រ​ពីរ​ផ្សេងទៀត (​ស៊ុយអែត និង ន័​រវេ​ស៍​) ធ្វើឱ្យ​អភិជន​ស៊ុយអែត មួយចំនួន មិន​សប្បាយចិត្ត​ទាល់តែសោះ រហូតដល់​បង្កើតបាន​ជា​ចលនា​ន​ឩ​ទ្ទាម និង​ចលនា នយោបាយ ដើម្បី​ទាមទារ​ឯករាជ្យភាពរ​បស់​ស៊ុយអែត ពី​ដា​ណឺ​ម៉ាក ។ ក្នុងចំណោម​ពួក អភិជន​ទាំងនោះ ក៏មាន យុវជន​ម្នាក់ ឈ្មោះ ហ្គូ​ស្តា​វ អេ​រីក​សាន់ ដែល​ក្រោយមក ត្រូវបាន​កត់ត្រា ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថា ហ្គូ​ស្តា​វ វ៉ា​សា ផងដែរ ។​

​នៅ​ឆ្នាំ​១៤៣៩ (១៤៣៩?) ស្តេច​អេ​រីក ត្រូវបាន​ដកហូត​ចេញពី​តំណែង​ជា​ស្តេច នៅ សហភាព​កាល់​ម៉ា ហើយ​ត្រូវបាន​ជំនួស ដោយ​ក្មួយប្រុស​របស់​ទ្រង់ ឈ្មោះ គ្រី​ស្តូ​ហ្វឺ​រ៍ ។​

​នៅ​ឆ្នាំ​១៤៤៨ គ្រី​ស្តូ​ហ្វឺ​រ៍ បាន​ចូល​ទិវង្គត ធ្វើឱ្យ​សហភាព​កាល់​ម៉ា​មាន​សភាព​ប្រទាញ ប្រទង់ ។ ពេលនោះ ស៊ុយអែត បានជ្រើសរើស ស្តេច​ឆា​លស៍ ទី​៨ ឱ្យ​ឡើង​សោយរាជ្យ ក្នុង​បំណង​ចង់ឱ្យ សហភាព​កាល់​ម៉ា ស្ថិតក្រោម​ការកាន់កាប់​របស់ ស្តេច​ស៊ុយអែត វិញ​។ មួយឆ្នាំ ក្រោយមក គឺ​នៅ​ឆ្នាំ​១៤៤៩ ស្តេច​ឆា​លស៍ ត្រូវបាន​លើក​ឱ្យ​ឡើង សោយរាជ្យ ជា​ស្តេច​នៃ​រាជាណាចក្រ​ន័​រវេ​ស៍ ផងដែរ ។ ប៉ុន្តែ​ពេលនោះ ឥទ្ធិពល​របស់ Holstein League របស់ អាល្លឺម៉ង់ មាន​កម្លាំង​ខ្លាំង ជាង​កម្លាំង​បញ្ចូល​គ្នា​របស់​ស៊ុយអែត និង ន័​រវេ​ស៍ ទៀតផង បណ្តាលឱ្យ ដា​ណឺ​ម៉ាក តែងតាំង គ្រិ​ស្ទា​ន ទី ១ ជា​ស្តេច ។​

​នៅ​ឆ្នាំ​១៥១៣ ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ (​នៃ ដា​ណឺ​ម៉ាក​) បាន​ឡើង​សោយរាជ្យ ជា​ស្តេច​នៃ រាជាណាចក្រ​ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ។ លុះដល់​ឆ្នាំ​១៥២០ ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ បាន​ឡើង​សោយរាជ្យ ជា​ស្តេច​នៃ​រាជាណាចក្រ​ស៊ុយអែត​ទៀត ដែល​បណ្តាលឱ្យ​ភ្លើង ប្រឆាំង​ពី​សំណាក់​ជនជាតិ ស៊ុយអែត កាន់តែ​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ។

សង្គ្រាម ដើម្បីសេរីភាព​
​នៅ​ខែកុម្ភៈ ឆ្នាំ​១៥២០ ពួក​អ្នកប្រឆាំង នៅ​រាជាណាចក្រ​ស៊ុយអែត បានតែងតាំង​យុវជន ហ្គូ​ស្តា​វ អេ​រីក​សាន់ ជា​មេដឹកនាំ​ក្រុម​ឩ​ទ្ទាម​ប្រឆាំងនឹង​ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ ហើយ​ក្រុម ឩ​ទ្ទាម​នេះ មាន​យុទ្ធជន​ត្រឹមតែ ៤០០ នាក់​ប៉ុណ្ណោះ សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​នាពេល នោះ ហើយ​សង្គ្រាម​នោះ ត្រូវបាន​គេ​ហៅថា សង្គ្រាម ដើម្បី​សេរីភាព​របស់ ប្រជាជន ស៊ុយអែត ។​

​ហ្គូ​ស្តា​វ បាន​ដឹកនាំ​ក្រុម​ឩ​ទ្ទាម​របស់គាត់ វាយ​ប្រយុទ្ធ​ជា​ញឹកញាប់ ជាមួយ​កងទ័ព​របស់ ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ ទី​២ ហើយ​បាន​ជោគជ័យ និង​រីក​ធំធាត់​ឡើងជា​បន្តបន្ទាប់​ហើយ​បាន រីកសាយ​ភាយ​ទៅ​សឹងតែ​គ្រប់ផ្នែក នៃ​រាជាណាចក្រ​ស៊ុយអែត រហូតដល់​ខែសីហា ពួកគេ​បានប្រកាស​យុវជន ហ្គូ​ស្តា​វ ថា​ជា​រា​ជានុ​សិទ្ធិ​របស់​ស៊ុយអែត​ហើយ​អ្នក​ដែល គាំទ្រ ហ្គូ​ស្តា​វ ដោយ​រួមទាំង​អ្នក​ដែលជា​មន្ត្រី​របស់​ស្តេច​គ្រី​ស្ទា​ន​ផងដែរ​នាំឱ្យ​មន្ត្រី ទាំងនោះ អ្នកខ្លះ​ត្រូវបាន​ប្រហារជីវិត អ្នកខ្លះ​រត់​ភៀសខ្លួន​ចូល​ព្រៃ ។

​ជា​លទ្ធផល​នេះ នាំឱ្យ​ក្រុមប្រឹក្សា Privy ( ក្រុមប្រឹក្សារាជបល្ល័ង្ក​) របស់​ស៊ុយអែត បាន​បាត់បង់​សមាជិក​ចាស់ទុំ​របស់ខ្លួន​ជាច្រើន ហើយ​ជំនួស ដោយ​អ្នកគាំទ្រ​ហ្គូ​ស្តា​វ ទៅវិញ​។ ជា​បន្តបន្ទាប់ ទីក្រុង និង បន្ទាយ ត្រូវបាន​លុកលុយ និង​កាន់កាប់​ដោយ ក្រុម​ឩ​ទ្ទាម របស់ ហ្គូ​ស្តា​វ ហើយ​នៅ​រដូវរងារ​ឆ្នាំ​១៥២៣ កងទ័ព​រួបរួម​របស់ ហ្គូ​ស្តា​វ បាន​ដឹកនាំ​ការវាយលុក​ទីតាំង​ធំ​របស់ ដា​ណឺ​ម៉ាក និង ន័​វេស៍ ដូចជា​នៅ​តំបន់ Scania តំបន់ Halland តំបន់ Blekinge និង​តំបន់ Bohuslän ។​

​ក្រុមប្រឹក្សា Privy ដឹងថា ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី Lübeck ចំពោះ ហ្គូ​ស្តា​វ គឺជា​កត្តា សំខាន់បំផុត ទើប​ក្រុមប្រឹក្សា​នេះ សម្រេចចិត្ត​ជ្រើសរើស ហ្គូ​ស្តា​វ អេ​រីក​សាន់​ឱ្យ​ឡើង ធ្វើជា​ស្តេច ស៊ុយអែត នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​១៥២៣ ។

​តំណាង​អាល្លឺម៉ង់ បាន​គាំទ្រ​នូវ​ការជ្រើសរើស​តែងតាំង ហ្គូ​ស្តា​វ ជា​ស្តេច​ស៊ុយអែត ដោយ​គ្មាន​ភាពស្ទាក់ស្ទើរ ហើយ​បានប្រកាសថា ការជ្រើសរើស​នោះ គឺជា​សកម្មភាព របស់​ព្រះ​ជា​ម្ចាស់ ។ ហ្គូ​ស្តា​វ បាន​ថ្លែងថា គាត់​មិនអាច​បដិសេធ​បានឡើយ​ពោលគឺ​ត្រូវ តែ​បន្ទន់ឥរិយាបថ​ទៅនឹង​អ្វី ដែល​ត្រូវបាន​បរិយាយ​ថា ជា​ចេតនា​របស់​ព្រះ​ជា​ម្ចាស់ ។ ដូច្នោះ ហ្គូ​ស្តា​វ អេ​រីក​សាន់ ត្រូវបាន​ជ្រើសរើស​ជា​ស្តេច នៃ​រាជាណាចក្រ​ស៊ុយអែត ។ ទំនាក់ទំនង​សហប្រតិបត្តិការ រវាង​ស៊ុយអែត និង អាល្លឺម៉ង់ បាន​កើនឡើង​យ៉ាងគំហុក ទាំង​វិស័យ​ពាណិជ្ជកម្ម ទាំង​វិស័យ​កងទ័ព ។

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៥២៣ នោះ ពួក​ឩ​ទ្ទាម (​របស់​ហ្គូ​ស្តា​វ​) បាន​ចូល​កាន់កាប់ ទីក្រុង​ស្តុក​ខុល ដែលជា​រាជធានី​របស់​ស៊ុយអែត ហើយ​បានរៀបចំ​ក្បួន យ៉ាង​មាន កិត្តិយស​ស្វាគមន៍​ស្តេច​ហ្គូ​ស្តា​វ ឱ្យ​ចូលទៅ​គង់នៅ​ក្នុង​រាជវាំង Tre Kronor នៃ រាជាណាចក្រ ស៊ុយអែត ។​

​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៥២៤ ស្តេច ហ្គូ​ស្តា​វ បាន​យាង​ទៅដល់​រាជធានី ម៉ា​ល់​ម៉ូ ( រាជា​ធានី​ធំ​លំដាប់​ទី​៣ នៃ​ដា​ណឺ​ម៉ាក​) ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​ស្តេច ហ្រេ​ដឺ​រីក ដា​ណឺ​ម៉ាក​។​

​នៅ​ទីបំផុត សម្រេច​បានជា​សន្ធិសញ្ញា​មួយ​ឈ្មោះថា សន្ធិសញ្ញា ម៉ា​ល់​ម៉ូ (​ដែល​ចែងថា “ ដា​ណឺ​ម៉ាក​-​ន័​រវេ​ស៍ ទទួលស្គាល់​ពី​ឯករាជភាព​របស់ ស៊ុយអែត “ ។ សន្ធិសញ្ញា​នេះ បានបញ្ចប់​សង្គ្រាម ដើម្បី សេរីភាព របស់ ប្រជាជន​ស៊ុយអែត ។

​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ជ្រើសរើស មេ​ចលនា​តស៊ូ​ឩ​ទ្ទាម ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា ឬ ហ្គូ​ស្តា​វ អេ​រី​សាន់ (​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​១៥២៣) ដែលជា​ហេតុនាំឱ្យ​ឈានទៅរក​ការ បាន​ឯករាជភាព​របស់ ស៊ុយអែត ពី​ដ៉ា​ណឺ​ម៉ាក នោះ នៅ​ឆ្នាំ​១៩៨៣ បានប្រកាសថា ថ្ងៃទី​៦ ខែ មិថុនា គឺជា ទិវា​ជាតិ​នៃ​ប្រជាជន​ស៊ុយអែត ។​

​ឆ្លងកាត់​ការឈឺចាប់ និង សង្គ្រាម​ជាច្រើន​គ្រា​មក ស៊ុយអែត បាន​ក្លាយជា​អ្នក​លុកលុយ ដា​ណឺ​ម៉ាក វិញ រហូតដល់​បង្ខំ​ឱ្យ ន័​រវេ​ស៍ ផ្តាច់ខ្លួន​ចេញពី ដា​ណឺ​ម៉ាក​បង្កើតបានជា រាជាណាចក្រ ន័​រវេ​ស៍ ឯករាជ្យ​មួយ​នៅ​ឆ្នាំ ១៨១៤ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា