ទិវា​ជាតិ នៃ ការបង្កើត​សម្ព័ន្ធ ស្វី​ស​

361
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ស្វី​ស ប្រារព្ធ​ទិវា​ជាតិ នៃ ការបង្កើត​សម្ព័ន្ធ ស្វី​ស របស់ខ្លួន​នៅ​ថ្ងៃទី ១ ខែ សីហា ដើម្បី រំឭក​ដល់​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ ដែនដី​ចំនួន​បី ចងសម្ព័ន្ធភាព​គ្នា​រហូត​វិវត្តន៍​បង្កើតបានជា​ប្រទេស ស្វ៊ី​ស សព្វថ្ងៃនេះ ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សម្ព័ន្ធ​សាធារណរដ្ឋ ស្វី​ស កើត​ពី​ការរួបរួម​សម្បាច់​គ្នា នៃ ដែនដី​ចំនួន​២៦ មាន​ផ្ទៃដី សរុប ៤១.២៨៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប​កណ្តាល មាន​ព្រំដែន​ជាប់​នឹង​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ បារាំង លិច​ថេ​ន​ស្តេ​ន និង អូទ្រីស ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ ជាង​ប្រាំបី​លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់ គ្រិស្ត សាសនា កាតូលិក ភាសាផ្លូវការ​មាន ៤ គឺ ភាសា អាល្លឺម៉ង់ បារាំង អ៊ីតាលី និង ភាសា រ៉ូ​ម៉ាំង រដ្ឋធានី គឺ​ទីក្រុង ប៊ែ​ន ។​

​ប្រវត្តិសាស្ត្រ​
​ដោយ​ខ្លា​ចការ​លុកលុយ​របស់​អាណាចក្រ អាល្លឺម៉ង់ ដ៏​មានអំណាច នៅ​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ១២៩១ ដែនដី នៃ អាណ​ចក្រ រ៉ូ​ម៉ាំង ចំនួន​បី គឺ តំបន់ Uri តំបន់ Schwyz និង Unterwalden បាន​ចងសម្ព័ន្ធភាព​គ្នា​ហើយ​ថា​នឹង​ការពារ​គ្នា​ទៅវិញទៅមក​ពី​ការ​បៀត បៀ​ន​ណាមួយ ហើយ​ឱ្យឈ្មោះ​សម្ព័ន្ធ​នេះ​ថា “ សហព័ន្ធ ស្វ៊ី​ស ចាស់ “ ។ ខែវិច្ឆិកា ឆ្នាំ ១៣១៥ កងទ័ព​របស់ សហព័ន្ធ ស្វ៊ី​ស ចាស់ បាន​វាយប្រហារ​ទៅលើ​កងទ័ព អូទ្រីស នៅ​តំបន់ Morgarten ដណ្តើម​យកបាន​តំបន់​នោះបាន​ពង្រីក​នូវ​តំបន់​ស្វ័យភាព​ពី អាល្លឺម៉ង់ ។

​ឆ្នាំ ១៣៥៣ សម្ព័ន្ធភាព នៃ តំបន់ Uri តំបន់ Schwyz និង Unterwalden ត្រូវបាន ចូល​រួ ប​រួម​បន្ថែមទៀត​ដោយ​តំបន់ Glarus តំបន់ Zug តំបន់ Lucerne តំបន់ Zürich និង តំបន់ Bern បង្កើតបានជា សហព័ន្ធ ស្វ៊ី​ស ចាស់ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ៨ ។

​អ្នកគ្រប់គ្រង​តំបន់ Toggenburg បាន​ស្លាប់​នៅ​ឆ្នាំ ១៤៣៦ ។ អ្នកដឹកនាំ​នៅ​តំបន់ Zürich បាន​ដណ្តើមយក​តំបន់ Toggenburg មក​ធ្វើជា​របស់ខ្លួន ប៉ុន្តែ​ត្រូវបាន​សមាជិក ៧​ផ្សេង ទៀត នៃ សហព័ន្ធ ចាស់ បដិសេធ បង្កើតបានជា​ទំនាស់​យ៉ាងខ្លាំង​ក្លា ប៉ុន្តែ Zürich នៅតែ​បន្ត​ត្រួតត្រា​តំបន់ Toggenburg ដោយ​មិន​អើពើ​នឹង​ការជំទាស់​របស់​សមាជិក​ដទៃ ។ ទីបំផុត Zürich ត្រូវបាន​បណ្តេញ​ចេញពី សហព័ន្ធ ស្វ៊ី​ស ចាស់ នៅ​ឆ្នាំ ១៤៤០ ហើយ បានប្រកាស​សង្គ្រាម​រវាង​សមាជិក​ទាំង ៧ ប្រឆាំង Zurich ចំណែក Zurich បាន​ទៅជា សម្ព័ន្ធភាព ជាមួយ អាណាចក្រ អាល្លឺម៉ង់ វិញ ។

​កងទ័ព​សម្ព័ន្ធមិត្ត នៃ សហព័ន្ធ ស្វ៊ី​ស ចាស់ បាន​យកជ័យ​ជម្នះ និង លុកលុយ​ទីក្រុង មួយចំនួន​របស់ Zurich ប៉ុន្តែ​ទីបំផុត ភាគី​ទាំងសងខាង​បាន​ខាតបង់​ទ្រព្យសម្បត្តិ និង អាយុជីវិត​យ៉ាងច្រើន ក៏​ខ្សោះ​អស់​ទឹកចិត្ត​ធ្វើសង្គ្រាម ទើប​ពួកគេ​បញ្ចប់សង្គ្រាម​នៅ​ឆ្នាំ ១៤៤៦ ។ លុះដល់​ឆ្នាំ ១៤៥០ Zurich ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ជា​សមាជិក សហព័ន្ធ ចាស់ វិញ ។​

​នៅ​ឆ្នាំ ១៤៩៩ កងទ័ព ស្វ៊ី​ស បាន​ប្រយុទ្ធ​ដណ្តើមយក​ទឹកដី​មួយចំនួនទៀត​ពង្រីក​បាន​ជា​តំបន់​ស្វ័យភាព​នៅក្នុង​តំន់​អាណាចក្រ រ៉ូ​ម៉ាំង ហើយ​សមាជិក​បាន​កើនឡើង​ដល់​ទៅ​១៣ ។ នៅ​ឆ្នាំ ១៥០៦ សម្តេច ប៉ាប ជូ​លី​យើ​ស ទី ២ បាន​ចងសម្ព័ន្ធភាព​ជាមួយ​ក​ង​អង្គរក្ស ស្វ៊ី​ស នៅឯ​បរទេស (​កងទ័ព​ស៊ីឈ្នួល​បំពេញការងារ​ជា​កង​អង្គរក្ស​នៅឯ​បរទេស​) ។​

សង្គ្រាម​កាតូលិក​-​ប្រូ​តិ​ស្តង់​-​ឯករាជ្យ​លើក​ទី​១
​នៅ​ឆ្នាំ ១៥១៨ Zürich បាន​ក្លាយជា​រដ្ឋ​កាន់សាសនា​គ្រិស្ត និកាយ ប្រូ​តិ​ស្តង់ ហើយ រដ្ឋ Berne, Basel និង Schaffhausen ក៏​ទទួលយក និកាយ​ប្រូ​តិ​ស្តង់ ដែរ ខណៈ​រដ្ឋ Lucerne, Uri, Schwyz, Nidwalden, Zug, Fribourg និង Solothurn នៅតែ​ជា​រដ្ឋ​កាន់ និកាយ កាតូលិក ។ ចំណែក​រដ្ឋ Glarus និង Appenzell ដែល​នៅតែ​រក្សា​និកាយ កាតូលិក បាន​ដកខ្លួន​ចេញពី​សហព័ន្ធ គឺ​ដោយសារតែ​ការប្រកាន់​សាសនា​គ្រិ​ស្តិ​ដូចគ្នា គ្រាន់តែ​ខុស​និកាយ​គ្នា​នេះ ។​

​ទំនាស់​សាសនា​គ្រិស្ត​ដូចគ្នានេះ​នៅ​ឆ្នាំ ១៥២៩ បាន​ប្រែក្លាយជា​សង្គ្រាម​យ៉ាង​សន្ធោរ សន្ធៅ រវាង​រដ្ឋ កាតូលិក និង រដ្ឋ​ប្រូ​តិ​ស្តង់ ដែលជា​អតីត​សមាជិក នៃ សហព័ន្ធ ស្វី​ស ចាស់ ជាមួយគ្នា ។ សង្គ្រាម​នេះ​បាន​ផ្ទុះឡើង​ម្តងទៀត នៅ​ឆ្នាំ ១៥៣១ ។​

​សង្គ្រាម​ទំនាស់​សាស​គ្រិស្ត​រវាង​រដ្ឋ​ប្រូ​តិ​ស្តង់ និង រដ្ឋ​កាតូលិក នៅ​អឺរ៉ុប​កណ្តាល នេះ ក៏​ចេះតែ​រីក​រាលដាល​ធំ​ទៅៗ​រហូត​អូសទាញ​អាណាចក្រ​មហាអំណាច​នៅ​អឺរ៉ុប ចូល មក​ពាក់ព័ន្ធ​យ៉ាង​ស្មុគស្មាញ​ពាសពេញ​អឺរ៉ុប ដែល​ត្រូវបាន​គេ​ហៅថា សង្គ្រាម ៣០ ឆ្នាំ (១៦១៨-១៦៤៨ ) គឺជា​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ។​

​ទីបំផុត​សន្ធិសញ្ញា​សន្តិភាព​មួយចំនួន ដែល​គេ​ហៅ​ជា​សរុប​ថា សន្ធិសញ្ញា​សន្តិភាព Westphalia ត្រូវបាន​ចុះហត្ថលេខា​ជា​បន្តបន្ទាប់​នៅ​ទីក្រុង Osnabruk ទីក្រុង Munster ប្រទេស អាល្លឺម៉ង់ ចាប់ពី​អំឡុង​ខែ ឩ​សភា និង ខែ តុលា ឆ្នាំ ១៦៤៨ ។

​សន្ធិសញ្ញា​សន្តិភាព​នេះឯង​ហើយ ដែល​បានបញ្ចប់​នូវ​សង្គ្រាម ៣០ ឆ្នាំ នៅក្នុង​ដែនដី អាណាចក្រ រ៉ុ​ម៉ាំង ឬ អឺរ៉ុប​កណ្តាល ឬ ពួក​រដ្ឋ​ជា​សមាជិក សហព័ន្ធ ស្វ៊ី​ស ចាស់ ហើយ​តាមរយៈ​សន្ធិសញ្ញា​សន្តិភាព​នេះដែរ ស្វ៊ី​ស ទទួលបាន​ឯករាជភាព ពី​អាណាចក្រ រ៉ូ​ម៉ាំង ផង និង បានបញ្ចប់​សង្គ្រាម ៨០ ឆ្នាំ (១៥៦៨-១៦៤៨) រវាង អេ​ស្ប៉ា​ញ និង សាធារណរដ្ឋ ហុ​ល្លង់ ដោយ​ជា​ផ្លូវការ អេ​ស្ប៉ា​ញ ទទួលស្គាល់ ឯករាជភាព​របស់ សាធារណរដ្ឋ ហុ​ល្លង់ ផងដែរ​។​

​ឯករាជ្យ​ពេញលេញ​
​នៅក្នុង​អំឡុង​សង្គ្រាម បដិវត្តន៍ ខែ កក្កដា របស់ បារាំង ( ១៧៨៩-១៧៩៩ ) ដែល បាន​ពង្រីក​ចូលទៅក្នុង​អឺរ៉ុប​ជា​បន្តបន្ទាប់​នោះ កងទ័ព បារាំង បាន​ចូល កាន់កាប់ ទឹកដី ស្វ៊ី​ស ហើយ​នៅ​ឆ្នាំ ១៧៩៨ (​ដល់​ឆ្នាំ ១៨០៣ ) បារាំង បានដាក់ ស្វ៊ី​ស បញ្ចូល​ទៅជា សម្ព័ន្ធភាព​មួយ​ដែលមាន​ឈ្មោះថា សាធារណរដ្ឋ Helvetic ។

​ក្រុម​តស៊ូ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​នៅក្នុង​ពិភព​កាតូលិក នៅ ស្វ៊ី​ស កណ្តាល​បាន​ផ្ទុះ ឡើង​ជាមួយនឹង​ការបះបោរ​ប្រដាប់អាវុធ​ប្រឆាំង​បារាំង​នៅ​ឆ្នាំ ១៧៩៨ ប៉ុន្តែ​ត្រូវបាន បារាំង​បង្ក្រាប​ទៅវិញ ដោយសារ​ពេលនោះ ស្វ៊ី​ស មិនទាន់​រឹងមាំ​ដ្បិតអ្វីៗ​ជាច្រើន ស្ថិតនៅក្នុង​កណ្តាប់ដៃ​មេដឹកនាំ​សាសនា​ទាំងអស់ ។ ណាប៉ូឡេអុង​បាន​បើក​យុទ្ធនា ការ​យោធា​ជាច្រើន​នៅក្នុង​ប្រទេស ស្វ៊ី​ស ហើយ​បាន​បំផ្លិចបំផ្លាញ​ប្រទេស ស្វ៊ី​ស យ៉ាង​ខ្ទេចខ្ទាំ ។ ភ្លើងសង្គ្រាម​បដិវត្តន៍​បារាំង និង សង្គ្រាម ណាប់​ប៉ូ​ឡេ​អុង​បាន​ឆាបឆេះ ពាសពេញ​ទ្វីបអឺរ៉ុប ហើយ​មហាអំណាច​នានា​ភ័យ​បារម្ភ​អំពី​អតុល្យភាព នៃ អំណាច ។​

​ទីបំផុត​ពួកគេ​បាន​ព្រមព្រៀងគ្នា ជួបពិភាក្សា​នៅក្នុង​សន្និសីទ​មួយ នាទី​ក្រុង វៀ​ណា ប្រទេស អូទ្រីស ចាប់ពី ខែ កញ្ញា ដល់ ខែ មិថុនា ឆ្នាំ ១៨១៥ ដោយ​ឱ្យ​ឈ្មោះថា សន្និសីទ ទីក្រុង វៀ​ណា ចូលរួម​ដោយ​អគ្គរដ្ឋទូត នៃ បណ្តា​រដ្ឋ​នៅ​អឺរ៉ុប ដើម្បី​ស្វែងរក សន្តិភាព យូរអង្វែង​សម្រាប់​អឺរ៉ុប ដោយ​ការលើកឡើង​នូវ​បញ្ហាសំខាន់ៗ​ដែល​កើត ចេញពី​សង្គ្រាម​បដិវត្តន៍​បារាំង និង សង្គ្រាម​ណាប់​ប៉ូ​ឡេ​អុង និង​ការរៀបចំ​បែងចែក ដែនដី មួយចំនួន​ដើម្បី​ឱ្យមាន​តុល្យភាព​អំណាច​គ្នា​ទើប​ពួកគេ​អាច​នៅ​រក្សា​សន្តិភាព បាន ។​

​សន្និសីទ ក្រុង វៀ​ណា ប្រទេស អូ​ទ្រី ឆ្នាំ ១៨១៥ នេះ ឯករាជភាព របស់ ស្វ៊ី​ស ត្រូវបាន បង្កើត​ឡើងវិញ ក្នុង​សភាព​យ៉ាង​ពេញលេញ ហើយ​មហាអំណាច អឺរ៉ុប បាន​ព្រមព្រៀង គ្នា​ទទួលស្គាល់​នូវ​អ​ព្យា​ក្រឹ​ត្តភាព អចិន្ត្រៃយ៍ ។ នៅពេលនេះ តំបន់ Valais តំបន់ Neuchatel និង តំបន់ Geneva ក៏បាន​ចូល​រួបរួម​ជាមួយ ស្វ៊ី​ស ក្នុងនាម​ជា​ដែនដី​ថ្មី​ផងដែរ ក៏បាន​ពង្រីក​ព្រំដែន​ទឹកដី ស្វ៊ី​ស ឱ្យមាន​វិសាលភាព​ដល់​កម្រិត​បច្ចុប្បន្ន​នេះ ។​

​នៅ​ចុង​សត្ត​វត្សរ៍​ទី​១៩ ថ្ងៃទី ០១ ខែ សីហា ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទិវា​វិស្សមកាល​ជាតិ ដើម្បី រំឭក​ដល់ក​ថ្ងៃ​រួបរួមគ្នា​ដំបូង នៃ ដែនដី​ចំនួន​បី​គឺ​ដែនដី Uri ដែនដី Schwyz និង​ដែន Unterwalden បាន​ចងសម្ព័ន្ធភាព​គ្នា​ដែល​វិវដ្ដ​បង្កើតបានជា ស្វី​ស សព្វថ្ងៃនេះ ៕ ចងក្រង​ប្រែ​សម្រួល​:​មេសា​