ទិវា​ជាតិ នៃ ប្រជាជន​ស៊ុយអែត​

2088
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រពល​រដ្ឋ ស៊ុយអែត ប្រារព្ធ ទិវា​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ៦ ខែ មិថុនា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​មេ​តស៊ូ​ឩ​ទ្ទាម ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា ត្រូវបាន​ជ្រើសរើស​តែងតាំង​ជា​ស្តេច នៅ​ឆ្នាំ ១៥២៣ ហើយ​ដឹកនាំ​ទាមទារ​បាន​ឯករាជភាព​ពី រាជាណាចក្រ ដា​ណឺ​ម៉ាក ជូន ស៊ុយអែត វិញ​នៅ​ឆ្នាំ ១៥២៤ ប៉ុន្តែ រហូតដល់​ឆ្នាំ ១៩៨៣ ទើប ថ្ងៃទី ៦ ខែ មិថុនា ត្រូវបាន​ប្រកាសថា ជា​ទិវា​ជាតិ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ព្រះរាជាណាចក្រ ស៊ុយអែត មាន​ផ្ទៃដី ៤៥០.២៩៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប ខាងជើង មាន​ព្រំដែន​ជាប់​ប្រទេស ន័​រវេ​ស៍ ហ្វាំ​ង​ឡង់ និង ដា​ណឺ​ម៉ាក គឺជា​សមាជិក នៃ សហភាព​អឺរ៉ុប ។ ឆ្នាំ ២០១៨ ប្រជាពលរដ្ឋ ស៊ុយអែត មាន​ជាង ១០ លាន​នាក់ ភាគច្រើន​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ គឺ​ភាសា ស៊ុយអែត រដ្ឋធានី គឺ​ទីក្រុង ស្តុក​ខុល ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ចុង​ម​ជ្ឈឹ​ម​សម័យ ទៅ​ដើម​សម័យ​ទំនើប គឺ​ប្រហែល​ពី​ចន្លោះ​សត្ត​វត្សរ៍​ទី ១៣-១៧ នៃ គ្រិស្តសករាជ នៅ​តំបន់​អឺរ៉ុប​ខាងជើង មាន​សម្ព័ន្ធ​មួយ​ឈ្មោះថា Hanseatic League គឺជា​សម្ព័ន្ធ ពាណិជ្ជកម្ម និង​កង​ទ័​ការពារ​ដែនដី​។ សម្ព័ន្ធ​នេះ​មានអំណាច​រីក​ជា​បន្តបន្ទាប់​ញ៉ាំងឱ្យមាន កង្វល់​ដល់​បណ្តា ប្រជាជាតិ​នៅ​តំបន់ Scandinavian (​ស៊ុយអែត​-​ដា​ណឺ​ម៉ាក​-​ន័​រវេ​ស៍​) ដែល​នៅ​ជិតខាង ។​

​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី ១ (១៣៥៣-១៤១២ ) ជា​បុត្រី នៃ ស្តេច វ៉ា​ដឺ​ម៉ា ទី ៤ នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក បាន​រៀប​អភិសេក​ជាមួយ​ជាមួយ​ស្តេច ហា​កុន ទី ៦​នៃ រាជាណាចក្រ ន័​រវេ​ស៍ និង ស៊ុយអែត ។ នៅ​ឆ្នាំ ១៣៧៦ បុត្រា​របស់​ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី​១ ព្រះនាម អូ​ឡា​ហ្វ ទី ២ បាន​ក្លាយជា​អ្នក​ស្នង​រាជបល្ល័ង្ក នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក​នៅពេលដែល​ព្រះរាជ​កុមារ​អង្គ នោះ​ទើប​តែមាន​ព្រះជន្ម​ប្រមាណ​ជា ៦ ព្រះវស្សា ។ ដោយហេតុ​នោះ​ទើប ព្រះ​នាង ម៉ា​ហ្កា​រ៉ែត ទី ១ មាន​តួនាទី​ជា​អ្នក​តម្រែតម្រង់​។

​ឆ្នាំ ១៣៨០ បិតា​របស់ ស្តេច អូ​ឡា​ហ្វ ទី​២ ដែលជា​ស្តេច​របស់ រាជាណាចក្រ ន័​រវេ​ស៍ បាន​ចូល ទិវង្គត ទើប​ស្តេច អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី​ទទួល​ស្នងរាជ្យ ជា​ស្តេច​របស់ រាជាណាចក្រ ន័​រវេ​ស៍ ផងដែរ ។ ដោយ ហេតុ​នោះ រាជាណាចក្រ​ទាំងពីរ គឺ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ត្រូវបាន​រួបរួម​បញ្ចូល​គ្នា ក្នុង​សម្ព័ន្ធ ផ្ទាល់ខ្លួន ក្រោម​រាជបល្ល័ង្ក​របស់​ព្រះរាជា អូ​ឡា​ហ្វ ដ៏​ក្មេងខ្ចី ដែលមាន​មាតា គឺ​ព្រះមហាក្សត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី ១ ជា​អ្នក​តម្រែតម្រង់ ។​

​ខែ សីហា ឆ្នាំ ១៣៨៧ ស្តេច អូ​ឡា​ហ្វ ទី ២ (​នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍​) បាន​ចូល ទិវង្គត នៅ​ព្រះជន្ម ១៦ ព្រះវស្សា ។ នា​សម័យ​កាលណោះ នៅ​អឺរ៉ុប មនុស្ស​ស្រី ពុំមាន​សិទ្ធិ កាន់អំណាច រាជការ​ឡើយ ទើប​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី ១ បញ្ជា​ឱ្យ ក្រុមប្រឹក្សា រាជាណាចក្រ ដា​ណឺ​ម៉ាក ជ្រើសតាំង​ទ្រង់ (​ម៉ា​ហ្កា​រ៉ែត ទី ១) ជា រា​ជានុ​សិទ្ធិ នៃ អាណាចក្រ ដា​ណឺ​ម៉ាក ។ មួយឆ្នាំ ក្រោយមក គឺ​នៅ​ឆ្នាំ ១៣៨៨ រា​ជានុ​សិ​ទ្ទិ ម៉ា​ហ្កា​រ៉ែត ទី ១ ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា រា​ជានុ​សិទ្ធិ របស់ រាជាណាចក្រ ន័​រវេ​ស៍ ទៀត ។​

​រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ បាន​ទទួលយក​ចៅប្រុស​របស់​បងស្រី ឈ្មោះ បូ​ហ្គី​ស្លា​វ (​ក្រោយ មក​គេ​ស្គាល់​ថា អេ​រីក ) ហើយ​បានឱ្យ​ក្រុមប្រឹក្សា ន័​រវេ​ស៍ ទទួល​អ្នកអង្គម្ចាស់​អង្គ​នោះ (​បូ​ហ្គី​ស្លា​វ ឬ អេ​រីក ) ជា​រាជទាយាទ នៃ រាជាណាចក្រ ន័​រវេ​ស៍ ហើយ​បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ ១៣៨៩ ដោយ​នៅតែមាន រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ ជា​អ្នកមើលការខុសត្រូវ​ដ​ដែល ។

​នា​អំឡុង​ពេលនោះ នៅ​រាជាណាចក្រ ស៊ុយអែត ឯណោះ ជា​ពេល​ដែលមាន​ជម្លោះ​រវាង​ស្តេច អាល់​បឺត និង មេដឹកនាំ អភិជន​មួយចំនួន ។ នៅ​ឆ្នាំ ១៣៨៨ ពួក​មេដឹកនាំ​អភិជន នៃ រាជាណាចក្រ ស៊ុយអែត ទាំងនោះ បាន​លើក ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី ១ (​ដែល​កំពុង​គ្រង​តំណែង​ជា​រា​ជានុ​សិទ្ធិ នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ជា​អ្នកមើលការខុសត្រូវ ឬ ជា​អ្នកត្រួតត្រា​ស្តេច ន័​រវេ​ស៍ ផង​) ឱ្យ​គ្រង​តំណែង​ជា​រាជ​នុ​សិទ្ធិ នៃ ទឹកដី ស៊ុយអែត ដែល​ពួកគេ (​មេដឹកនាំ អភិជន​) បាន​កាន់កាប់ ផងដែរ ដោយ បាន​សន្យាថា នឹង​ជួយ​រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ ឱ្យ​ត្រួតត្រា រាជាណាចក្រ ស៊ុយអែត ទាំងមូល​នាពេល​អនាគត ដ្បិត​សត្រូវ​រួម​របស់​ពួកគេ (​ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក​) ពេលនោះ​គឺ សម្ព័ន្ធ​ប្រជាជាតិ Hanseatic League និង អាល្លឺម៉ង់​ដែល​កំពុង​កើន អំណាច​ទៅលើ​សេដ្ឋកិច្ច របស់​ប្រជាជាតិ Scandinavian (​ស៊ុយអែត ន័​រវេ​ស៍ និង ដា​ណឺ​ម៉ាក​) ។

​នៅ​ឆ្នាំ ១៣៨៩ កងទ័ព ដា​ណឺ​ម៉ាក និង ស៊ុយអែត បាន​ផ្តួលរំលំ​ស្តេច អាល​បឺត នៃ រាជាណាចក្រ ស៊ុយអែត ដោយ​ជោគជ័យ ហើយ​អំណាច​ក៏ត្រូវ​បាន​ស្ថិតក្នុង​ការក្តោបក្តាប់រ​បស់ រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ ទាំងស្រុង ។ អាណាចក្រ​ទាំង ៣ (​ស៊ុយអែត ដា​ណឺ​ម៉ាក ន័​រវេ​ស៍​) ត្រូវបាន​រួប រួមបញ្ចូល​គ្នា ក្រោម​ការ ក្តោប​ក្តាប់​របស់ រា​ជានុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ ហើយ បាន​សន្យាថា នឹង​ការពារ​អធិបតេយ្យភាព អំណាច​នយោបាយ ក្រោម​ដំបូល សហភាព ។ នៅ​ឆ្នាំ ១៣៩៦ ស្តេច អេ​រីក ដែល​បាន​សោយរាជ្យ នៅ ន័​រវេ​ស៍ តាំងពី​ឆ្នាំ ១៣៨៩ នោះ ត្រូវបាន​លើក​ឱ្យ​ឡើង​សោយរាជ ជា​ស្តេច នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ស៊ុយអែត ។​

សហភាព កាល់​ម៉ា
​ថ្ងៃទី ១៧ (១៣ ?) ខែ មិថុនា ឆ្នាំ ១៣៩៧ សន្ធិសញ្ញា មួយ (​ត្រូវគេ​សង្ស័យថា​ជា​លក្ខណៈ​ផ្ទាល់ អត្តនោម័ត​រៀងៗ​ប្រទេស​ពោលគឺ​ពុំមែន​មានការ​ព្រមព្រៀង​តាម​ធម្មនុញ្ញភាព នៃ​អាណាចក្រ នីមួយៗ ឡើយ​) ត្រូវបាន​ចុះហត្ថលេខា នៅ​ទី​ក្រុ កាល់​ម៉ា នៃ រាជាណាចក្រ ស៊ុយអែត​បាន​រួបរួម រាជាណាចក្រ​ទាំង ៣ (​ដា​ណឺ​ម៉ាក​-​ស៊ុយអែត​-​ន័​រវេ​ស៍​) ឱ្យទៅជា សហភាព តែមួយ​ក្រោម​ការ ត្រួ​ត្រា​របស់​ព្រះរាជា​តែមួយ ដោយមាន​សិទ្ធិ​គ្រប់គ្រង​ការងារ​ផ្ទៃក្នុង​រៀងៗ​ខ្លួន ។ សហភាព នោះ​ត្រូវបាន​គេ​ស្គាល់​ថា សហភាព កាល់​ម៉ា (Union of Kalmar) ។ ជា​ផ្លូវការ ស្តេច អេ​រីក ជា​ស្តេច នៃ អាណាចក្រ ទាំង​៣​នេះ ប៉ុន្តែ ធាតុពិត​អំណាច​ស្ថិតក្នុង​ការក្តោបក្តាប់រ​បស់ ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​ហ្កា​រ៉ែត ទី ១ ។​

​ស្ថិតនៅក្រោម​ឆ័​ត្រ សហភាព កាល់​ម៉ា ដែល​ត្រួតត្រា​បញ្ជា​ដោយ​រាជា​នុ​សិទ្ធិ ម៉ា​ហ្កា​រ៉ែត ទី ១ ( រហូតដល់​ថ្ងៃ​ទិវង្គត​នៅ​ឆ្នាំ ១៤១២ ) អំណាច​របស់ ដា​ណឺ​ម៉ាក​បាន​ជះ​លប់​លើ​អាណាចក្រ ពីរ​ផ្សេងទៀត (​ស៊ុយអែត និង ន័​រវេ​ស៍​) ធ្វើឱ្យ​អភិជន ស៊ុយអែត​មួយចំនួន​មិន​សប្បាយចិត្ត ទាល់តែសោះ រហូតដល់​បង្កើតបាន​ជា​ចលនា​ន​ឩ​ទ្ទាម និង​ចលនានយោបាយ​ដើម្បី​ទាមទារ ឯករាជភាព​របស់ ស៊ុយអែត ពី ដា​ណឺ​ម៉ាក ។ ក្នុងចំណោម​ពួក​អភិជន​ទាំងនោះ​ក៏មាន យុវជន​ម្នាក់ ឈ្មោះ ហ្គូ​ស្តា​វ អេ​រីក​សាន់ ដែល ក្រោយមក​ត្រូវបាន​កត់ត្រា​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ថា ហ្គូ​ស្តា​វ វ៉ា​សា ផងដែរ ។​

​នៅ​ឆ្នាំ ១៤៣៩ (១៤៣៩ ?) ស្តេច អេ​រីក ត្រូវបាន​ដកហូត​ចេញពី​តំណែង​ជា ស្តេច នៅ សហភាព កាល់​ម៉ា ហើយ​ត្រូវបាន​ជំនួស​ដោយ​ក្មួយប្រុស​របស់​ទ្រង់ ឈ្មោះ គ្រី​ស្តូ​ហ្វឺ​រ៍ ។ នៅ​ឆ្នាំ​១៤៤៨ គ្រី​ស្តូ​ហ្វឺ​រ៍ បាន​ចូល​ទិវង្គត ធ្វើឱ្យ សហភាព កាល់​ម៉ា មាន​សភាព ប្រទាញប្រទង់ ។ ពេលនោះ ស៊ុយអែត បានជ្រើសរើស ស្តេច ឆា​លស៍ ទី ៨ ឱ្យ​ឡើង​សោយរាជ្យ ក្នុង​បំណង​ចង់ឱ្យ សហភាព កាល់​ម៉ា ស្ថិតក្រោម​ការកាន់កាប់​របស់ ស្តេច ស៊ុយអែត វិញ ។ មួយឆ្នាំ ក្រោយមក គឺ នៅ​ឆ្នាំ ១៤៤៩ ស្តេច ឆា​លស៍ ត្រូវបាន​លើក​ឱ្យ​ឡើង​សោយរាជ្យ ជា​ស្តេច នៃ រាជាណាចក្រ ន័​រវេ​ស៍ ផងដែរ ។ ប៉ុន្តែ​ពេលនោះ ឥទ្ធិពល​របស់ Holstein League របស់ អាល្លឺម៉ង់​មាន​កម្លាំង​ខ្លាំង​ជាង កម្លាំង​បញ្ចូល​គ្នា​របស់ ស៊ុយអែត និង ន័​រវេ​ស៍ ទៀតផង បណ្តាលឱ្យ ដា​ណឺ​ម៉ាក តែងតាំង គ្រិ​ស្ទា​ន ទី ១ ជា​ស្តេច ។​

​នៅ​ឆ្នាំ ១៥១៣ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី ២ (​នៃ ដា​ណឺ​ម៉ាក​) បាន​ឡើង​សោយរាជ្យ ជា​ស្តេច​នៃ រាជាណាចក្រ ដា​ណឺ​ម៉ាក និង ន័​រវេ​ស៍ ។ លុះដល់​ឆ្នាំ ១៥២០ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី ២​បាន​ឡើង សោយរាជ្យ ជា​ស្តេច នៃ រាជាណាចក្រ ស៊ុយអែត ទៀត ដែល​បណ្តាលឱ្យ​ភ្លើង​ប្រឆាំង​ពី សំណាក់​ជនជាតិ ស៊ុយអែត កាន់តែ​ឆាបឆេះ​សន្ធោសន្ធៅ​ឡើង ។

​សង្គ្រាម​ដើម្បី​សេរីភាព​
​នៅ​ខែកុម្ភៈ ឆ្នាំ ១៥២០ ពួក​អ្នកប្រឆាំង នៅ រាជាណាចក្រ ស៊ុយអែត បានតែងតាំង​យុវជន ហ្គូ​ស្តា​វ អេ​រីក​សាន់ ជា​មេដឹកនាំ​ក្រុម​ឩ​ទ្ទាម​ប្រឆាំងនឹង ស្តេច​គ្រី​ស្តូ​ហ្វឺ​រ៍ ទី ២​ហើយ​ក្រុម​ឩ​ទ្ទាម​នេះ​មាន យុទ្ធជន​ត្រឹមតែ ៤០០ នាក់​ប៉ុណ្ណោះ សម្រាប់ធ្វើ​សង្គ្រាម​ប្រឆាំង​នាពេលនោះ​ហើយ​សង្គ្រាម​នោះ ត្រូវបាន​គេ​ហៅថា សង្គ្រាម​ដើម្បី​សេរីភាព​របស់​ប្រជាជន​ស៊ុយអែត ។ ហ្គូ​ស្តា​វ បាន​ដឹកនាំ ក្រុម​ឩ​ទ្ទាម​របស់គាត់ វាយ​ប្រយុទ្ធ​ជា​ញឹកញាប់​ជាមួយ​កងទ័ព​របស់ ស្តេច គ្រី​ស្តូ​ហ្វឺ​រ៍ ទី ២ ហើយ​បាន​ជោគជ័យ និង រីក​ធំធាត់​ឡើងជា​បន្តបន្ទាប់ ហើយ​បាន​រីកសាយ​ភាយ​ទៅ​សឹង តែ​គ្រប់ផ្នែក នៃ រាជាណាចក្រ ស៊ុយអែត រហូតដល់ ខែ សីហា ពួកគេ​បានប្រកាស យុវជន ហ្គូ​ស្តា​វ ថា​ជា​រា​ជានុ​សិទ្ធិ របស់ ស៊ុយអែត ហើយ​អ្នក​ដែល​គាំទ្រ ហ្គូ​ស្តា​វ​ដោយ​រួមទាំង​អ្នក​ដែលជា មន្ត្រី​របស់​ស្តេច គ្រី​ស្ទា​ន ផងដែរ នាំឱ្យ​មន្ត្រី​ទាំងនោះ អ្នកខ្លះ​ត្រូវបាន​ប្រហារជីវិត​អ្នកខ្លះ​រត់​ភៀស ខ្លួន​ចូល​ព្រៃ ។

​ជា​លទ្ធផល​នេះ នាំឱ្យ​ក្រុមប្រឹក្សា Privy ( ក្រុមប្រឹក្សារាជបល្ល័ង្ក​) របស់ ស៊ុយអែត​បាន​បាត់ បង់​សមាជិក​ចាស់ទុំ​របស់ខ្លួន​ជាច្រើន ហើយ​ជំនួស​ដោយ​អ្នកគាំទ្រ ហ្គូ​ស្តា​វ ទៅវិញ ។ ជា​បន្តបន្ទាប់ ទីក្រុង និង បន្ទាយ ត្រូវបាន​លុកលុយ និង កាន់កាប់​ដោយ​ក្រុម​ឩ​ទ្ទាម របស់ ហ្គូ​ស្តា​វហើយ​នៅ រដូវរងារ​ឆ្នាំ ១៥២៣ កងទ័ព​រួបរួម​របស់ ហ្គូ​ស្តា​វ បាន​ដឹកនាំ​ការវាយលុក​ទីតាំង​ធំ​របស់ ដា​ណឺ​ម៉ាក និង ន័​វេស៍ ដូចជា​នៅ​តំបន់ Scania តំបន់ Halland តំបន់ Blekinge និង តំបន់ Bohuslän ។​

​ក្រុមប្រឹក្សា Privy ដឹងថា ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី Lübeck ចំពោះ ហ្គូ​ស្តា​វ គឺជា​កត្តា សំខាន់បំផុត ទើប ក្រុមប្រឹក្សា នេះ សម្រេចចិត្ត ជ្រើសរើស ហ្គូ​ស្តា​វ អេ​រីក​សាន់ ឱ្យ​ឡើង​ធ្វើជា​ស្តេច ស៊ុយអែត នៅ​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៥២៣ ។ តំណាង​អាល្លឺម៉ង់​បាន​គាំទ្រ​នូវ​ការជ្រើសរើស តែងតាំង ហ្គូ​ស្តា​វ ជា​ស្តេច ស៊ុយអែត ដោយ​គ្មាន​ភាពស្ទាក់ស្ទើរ ហើយ​បានប្រកាសថា ការជ្រើសរើស​នោះ​គឺជា សកម្មភាព របស់​ព្រះ​ជា​ម្ចាស់ ។ ហ្គូ​ស្តា​វ បាន​ថ្លែងថា គាត់​មិនអាច បដិសេធ​បានឡើយ ពោលគឺ​ត្រូវតែ​បន្ទន់ឥរិយាបថ​ទៅនឹង​អ្វីដែល​ត្រូវបាន​បរិ​យា​ថា ជា​ចេតនា របស់​ព្រះ​ជា​ម្ចាស់ ។ ដូច្នោះ ហ្គូ​ស្តា​វ អេ​រីក​សាន់ ត្រូវបាន​ជ្រើសរើស​ជា​ស្តេច នៃ រាជាណាចក្រ ស៊ុយអែត ។ ទំនាក់ទំនង​សហប្រតិបត្តិការ រវាង ស៊ុយអែត និង អាល្លឺម៉ង់​បាន​កើនឡើង យ៉ាងគំហុក​ទាំង​វិស័យ​ពាណិជ្ជកម្ម ទាំង​វិស័យ​កងទ័ព ។

​នៅ​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ១៥២៣ នោះ ពួក​ឩ​ទ្ទាម ( របស់ ហ្គូ​ស្តា​វ ) បាន​ចូល​កាន់កាប់​ទីក្រុង ស្តុក​ខុល ដែលជា​រាជធានី​របស់ ស៊ុយអែត ហើយ​បានរៀបចំ​ក្បួន​យ៉ាង​មាន​កិត្តិយស​ស្វាគមន៍​ស្តេច ហ្គូ​ស្តា​វ ឱ្យ​ចូលទៅ​គង់នៅ​ក្នុង​រាជវាំង Tre Kronor នៃ រាជាណាចក្រ ស៊ុយអែត ។ នៅ​ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ១៥២៤ ស្តេច ហ្គូ​ស្តា​វ បាន​យាង​ទៅដល់​រាជធានី ម៉ា​ល់​ម៉ូ ( រាជា​ធានី​ធំ​លំដាប់​ទី​៣ នៃ ដា​ណឺ​ម៉ាក​) ដើម្បី រក​ដំណោះស្រាយ​ជាមួយ​ស្តេច ហ្រេ​ដឺ​រីក ដា​ណឺ​ម៉ាក​។​

​នៅ​ទីបំផុត សម្រេច​បានជា​សន្ធិសញ្ញា​មួយ​ឈ្មោះថា សន្ធិសញ្ញា ម៉ា​ល់​ម៉ូ (​ដែល​ចែងថា ” ដា​ណឺ​ម៉ាក​-​ន័​រវេ​ស៍ ទទួលស្គាល់​ពី​ឯករាជភាព​របស់ ស៊ុយអែត ” ។ សន្ធិសញ្ញា​នេះ​បានបញ្ចប់ សង្គ្រាម​ដើម្បី​សេរីភាព របស់ ប្រជាជន​ស៊ុយអែត ។ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល ជ្រើសរើស មេ​ចលនា​តស៊ូ​ឩ​ទ្ទាម ស៊ុយអែត ហ្គូ​ស្តា​វ វ៉ា​សា ឬ ហ្គូ​ស្តា​វ អេ​រី​សាន់ (​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៥២៣) ដែលជា​ហេតុនាំឱ្យ​ឈានទៅរក​ការ​បាន​ឯករាជភាព​របស់ ស៊ុយអែត ពី ដ៉ា​ណឺ​ម៉ាក នោះ នៅ​ឆ្នាំ ១៩៨៣ បានប្រកាសថា ថ្ងៃទី ៦ ខែ មិថុនា គឺជា ទិវា​ជាតិ នៃ ប្រជាជន​ស៊ុយអែត ។​ ​ឆ្លងកាត់​ការឈឺចាប់ និង សង្គ្រាម​ជាច្រើន​គ្រា​មក ស៊ុយអែត បាន​ក្លាយជា​អ្នក​លុកលុយ ដា​ណឺ​ម៉ាក វិញ រហូតដល់​បង្ខំ​ឱ្យ ន័​រវេ​ស៍ ផ្តាច់ខ្លួន​ចេញពី ដា​ណឺ​ម៉ាក បង្កើតបានជា​រាជាណាចក្រ ន័​រវេ​ស៍ ឯករាជ្យ​មួយ​នៅ​ឆ្នាំ ១៨១៤ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

រូបសំណាក​ស្តេច ហ្គូ​ស្តា​វ អេ​រីក​សាន នៃ ស៊ុយអែត (swed 1)
​ទីក្រុង​ស្តុក​ខុល នៃ រាជាណាចក្រ ស៊ុយអែត (swed 2)​