ទិវា​ជាតិ នៃ ប្រទេស កាណាដា​

615

(ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កាណាដា តែងតែ​ប្រារព្ធ​ទិវា​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ០១ ខែ កក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ទាំងបី​គឺ ខេត្ត​នៃ​កាណាដា ( Province of Canada) , ញូ​វ ប្រ៊ុ​ន​ស្វិ​ច ( New Brunswick) និង ណូ​វ៉ា ស្កុ​ត​ត្យា ( Nova Scotia) រួមបញ្ចូល​គ្នា​បង្កើតបានជា​អាណាចក្រ កាណាដា កាលពី​ឆ្នាំ ១៨៦៧ ប៉ុន្តែ កាណាដា ទើបតែ​ទទួលបាន​សិទ្ធិ​នយោបាយ និង សិទ្ធិ​ស៊ីវិល នៅ​ឆ្នាំ ១៩៨២ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ប្រទេស​កាណាដា មាន​ផ្ទៃដី ៩,៩៨ លាន​ម៉ែត្រក្រឡា គឺជា​ប្រទេស ធំ​ជាង គេ​បំផុត លំដាប់​លេខ ៤ របស់​ពិភពលោក ស្ថិតនៅ​អាមេរិក​ខាងជើង ដោយមាន​ព្រំដែន​ជាប់​នឹង សហរដ្ឋអាមេរិក និង បារាំង​។ រដ្ឋធានី គឺ​ទីក្រុង អូ​តា​វ៉ា ។ ឆ្នាំ ២០១៧ មាន​ប្រជាជន​ជាង ៣៦ លាន​នាក់ ភាគច្រើន​ជា​អ្នក កាន់សាសនា​គ្រិស្ត ។ ភាសា​ដែល​ចាត់ទុកថា​ភាសា​កំណើត​របស់​ប្រជាជន​កាណាដា គឺ​ភាសា​អង់គ្លេស និង ភាសា​បារាំង ។

​ប្រវត្តិសាស្ត្រ​
​អង់គ្លេស អាមេរិក​ខាងជើង សំដៅ​ដល់​ដែនដី ក្រោម​ការត្រួតត្រា​របស់ ចក្រភព​អង់គ្លេស នៅ​អាមេរិក​ខាងជើង ហើយ​ដែនដី​ទាំងនោះ​មាន ដូចជា ញូ​វ​ហ្វោ​ន​ឡេ​ន​, រ៉ុ​ប​ភ័ ឡេ​ន​, ណូ​វ៉ា ស្កុ​ត្យា​, កោះ ប្រាំង អេ​តវ៉ា​, ដែនដី​អាណានិគម​ទី​១៣, ហ្ល​រី​ដា​, និង គេ​ប៊ិច ។​

​ឆ្នាំ ១៧៦៣ សង្គ្រាម​រយៈពេល​ប្រាំពីរ​ឆ្នាំ រវាង​បារាំង និង ចក្រភព​អង់គ្លេស​បានបញ្ចប់​ដោយ​ជោគជ័យ បាន​ទៅលើ​អង់គ្លេស ហើយ​បាន​បណ្តេញ​បារាំង​ចេញពី​តំបន់​អាមេរិក​ខាងជើង ប៉ុន្តែ​បាន​បន្សល់ទុក នូវ​បំណុល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​ចក្រភព​អង់គ្លេស ។ ខណៈនោះ​ពន្ធ​នៅ​អង់គ្លេស​ខ្ពស់កប់ពពក ទៅហើយ ទើប​នៅ​ឆ្នាំ ១៧៦៤ សភា​អង់គ្លេស តម្រូវឱ្យ​ដែនដី​អាណានិគម​របស់ខ្លួន​នៅ​អាមេរិក ខាងជើង​នោះ ជា​អ្នកចំណាយ​សម្រាប់​កា​ររ​ស់​នៅ​របស់​កងទ័ព​នៅ​ទីនោះ ។

​ប៉ុន្តែ​ជនជាតិ​អាមេរិក បាន​ជំទាស់​យ៉ាង​ដាច់ខាត ហើយក៏​មានការ​តស៊ូ​មិន​អនុវត្ត​បទបញ្ញត្តិ​នោះ ដោយ​ប្រការ​ផ្សេងៗ​មាន​ទាំង​ធ្វើពហិកា​មិន​ប្រើប្រាស់​ទំនិញ​របស់​អង់គ្លេស រហូតដល់​បង្កើត​មាន ជា​អំពើហិង្សា​ជា​ហូរហែ ។ នៅ​ឆ្នាំ ១៧៦៨ អំពី​ហិង្សា​ដ៏​ធំ​បាន​ផ្ទុះឡើង​នៅ បូ​ស្តុ​ន ហើយ​អង់គ្លេស បាន​បញ្ជូន​យោធា ៤.០០០ នាក់ ទៅ​ត្រួតត្រា​ស្ថានការណ៍​នៅ​ទីនោះ ។ នៅ​ឆ្នាំ ១៧៧៥ ក៏​ផ្ទុះ​សង្គ្រាម​នៅ ម៉ាស្សា​ឈូ​ស្សិត រវាង​ជនជាតិ​អាមេរិក ប្រឆាំងនឹង​អាណានិគម​អង់គ្លេស​នៅ​ទីនោះ ។​

​សង្គ្រាម​ជនជាតិ​អាមេរិក ប្រឆាំងនឹង​អាណានិគម​អង់គ្លេស ក៏​ចេះតែ​រី​រាលដាល​ធំ​ទៅៗ រហូតដល់​ឆ្នាំ ១៧៨៣ ដែល​ទីបំផុត​តំបន់​មួយចំនួន នៃ ដែនដី​អាណានិគម​អង់គ្លេស​នៅ​អាមេរិក​ខាងជើង​រួមមាន ដូចជា ញូ​វ​ហ្វោ​ន​ឡេ​ន ផ្លរីដា ជាដើម​បាន​ផ្តាច់​ចេញពី​ការត្រួតត្រា​របស់​អង់គ្លេស បង្កើតបានជា​សហរដ្ឋ​អាមេរិក ។​

​ពេលនោះ ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង បាន​ថយចុះ ហើយ​បន្ទាប់ពី​ការធ្វើ សង្គ្រាម​អស់​រយៈពេល​៧​ឆ្នាំ រវាង​អង់គ្លេស និង អេ​ស្ប៉ា​ញ មក នៅ​ឆ្នាំ ១៨១៨​ដែនដី​ដែល​នៅ​សេស សល់​មួយចំនួន​បាន​ធ្លាក់​ទៅក្នុង​ការត្រួតត្រា​របស់​អេ​ស្ប៉ា​ញ​ថែមទៀត ។​

​បង្កើត​អាណាចក្រ​កាណាដា​
​នៅ​ឆ្នាំ ១៨៤១ ខេត្ត កាណាដា ឬ Province of Canada ដែល​បង្កើត​ពី​ការរួមបញ្ចូល​គ្នា នៃ កាណាដា ខាងលើ និង កាណាដា ខាងក្រោម ។ នៅ​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨៦៧ សភា​អង់គ្លេស បាន​អំពាវនាវ​ឱ្យ​បង្កើត ដែនដី អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ទាំងបី​តំបន់​ខាងលើ ឱ្យទៅជា “ អាណាចក្រ កាណាដា “ ។ ទោះ​កាណាដា បាន​ក្លាយជា អាណាចក្រ មួយ​ដូច្នោះ​ក្តី ក៏​សិទ្ធិ​នយោបាយ​មួយចំនួន​នៅតែ​ត្រូវបាន​កាន់កាប់​ដោយ​ចក្រភព​អង់គ្លេស​នៅឡើយ ។​

​ធម្មនុញ្ញ និង សេរីភាព កាណាដា ឆ្នាំ ១៩៦០ ត្រូវបាន​គេ​ហៅថា ក្រម នៃ សិទ្ធិ មានបំណង​ចង់​ការពារ និង ធានា​នូវ​សិទ្ធិ នយោបាយ និង សិទ្ធិ​ស៊ីវិល សម្រាប់​ប្រជាជន​នៅក្នុង កាណាដា ។ ទោះយ៉ាងណា ក្រម នៃ សិទ្ធិ មាន​ទម្រង់​ជា លក្ខ​និ្ត​កៈ សហព័ន្ធ ជាជាង រដ្ឋធម្មនុញ្ញ ដែល​បានសេចក្តីថា វា​ងាយ​នឹង​ត្រូវគេ​កែប្រែ ពោលគឺ​វា​ពុំ​សូវ​មាន​ឥទ្ធិពល ។ ប៉ុន្តែ​វា​បាន​ជំរុញ​ទឹកចិត្ត​មនុស្ស​នៅក្នុង​រដ្ឋាភិបាល កាណាដា នាពេលនោះ​ឱ្យ​លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កាណាដា​។​

ចលនា សិទ្ធិមនុស្ស និង សេរីភាព ដែល​បាន កើតឡើង​បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ ក៏​ចង់​បង្កើត​ផងដែរ​នូវ​គោលការណ៍​ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​សកល នៃ សិទ្ធិមនុស្ស ។ ដូច្នេះ​ទើប​នៅ​ឆ្នាំ​នោះ រដ្ឋាភិបាល​របស់លោក នាយករដ្ឋមន្ត្រី Pierre Trudeau បានអនុម័ត រដ្ឋធម្មនុញ្ញ កាណាដា ដែល​ការពារ និង ធានា នូវ សិទ្ធិ នយោបាយ និង សិទ្ធិ ស៊ីវិល​របស់​ប្រជាជន​កាណ​ដា ។​
​នៅ​ប្រទេស កាណ​ដា បាន​ហៅ រដ្ឋធម្មនុញ្ញ នេះ ថា រដ្ឋធម្មនុញ្ញ ១៨៦៧ ។ ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ទី ២ នៃ ចក្រភព​អង់គ្លេស ក្នុងឋានៈ​ជា ក្ស​ត្រី​យ៍ នៃ ប្រទេស​កាណាដា ផង បាន​ឡាយព្រះហស្តលេខា លើ​រដ្ឋធម្មនុញ្ញ នោះ និង បានដាក់​ចូល​ជា​ធរមាន​ជាមួយ​សេចក្តីប្រកាស នៅ​ទីក្រុង អូ​តា​វ៉ា នៃ ប្រទេស កាណាដា នា​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៨២ ។​

​រដ្ឋធម្មនុញ្ញ នេះហើយ​ដែល​បានធ្វើឱ្យ​ប្រទេស​កាណាដា មាន​សេរីភាព​យ៉ាង​ពេញលេញ ប៉ុន្តែ​ប្រជាជន កាណាដា បាន​ប្រារព្ធ ទិវា​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ០១ ខែ កក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល ដែនដី​អាណានិគម​អង់គ្លេស នៅ​អាមេរិក​ខាងជើង ទាំងបី រួមបញ្ចូល​គ្នា​បង្កើតបានជា អាណាចក្រ កាណ​ដា នា​ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨៦៧ ៕

​ទិដ្ឋភាព​ទីក្រុង អូ​តា​វ៉ា រដ្ឋធានី នៃ ប្រទេស កាណាដា (​អូ​តា​វ៉ា​)
​ទិដ្ឋភាព​ទីក្រុង តូ​រ៉ង់​តូ នៃ ប្រទេស កាណាដា (​តូ​រ៉ង់​តូ​)