ទិវា​ជាតិ នៃ ហុង​គ្រី​

176
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហុង​គ្រី ប្រារព្ធ​ទិវា​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី ១៥ ខែ មីនា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ជួបជុំ​តវ៉ា កាលពី​ឆ្នាំ ១៨៤៨ ទាមទារ​សិទ្ធិ ១២ ចំណុច ពី អូទ្រីស ដែល​បាន ត្រួតត្រា​ជាច្រើន​ឆ្នាំ​មកហើយ ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​ហុង​គ្រី មាន​ផ្ទៃដី ៩៣ ០៣០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប កណ្តាល មាន​ព្រំដែន​ជាប់​ប្រទេស ស្លូ​វ៉ា​ក​គី អ៊ុយ​ក្រែ​ន រ៉ូ​ម៉ា​នី ស៊ែ​ប ក្រូ​អាត ស្លូ​វ៉ា​នី និង អូទ្រីស ។ ឆ្នាំ ២០២០ មាន​ប្រជាជន ជិត ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ​គឺ​ភាសា ហុង​គ្រី រដ្ឋធានី គឺ​ទីក្រុង ប៊ុ​យ​ដា ប៉ែ​ស្ត ។​

សាវតារ នៃ ឈ្មោះ ហុង​គ្រី​
​ពាក្យ​ថា ហុង​គ្រី ដែល​ភាសា​អង់គ្លេស ថា Hungary ត្រូវបាន​គេ​គិតថា​មកពី​ឈ្មោះ​របស់​ជនជាតិ ហ៊ុន​ស៍ (Huns ) គឺជា​អម្បូរ​មនុស្ស​បុរាណ ដែល​មិន​បោះទីតាំង​អចិន្ត្រៃយ៍ នៅ​កន្លែង​ណាមួយ ពិតប្រាកដ គឺ​ពួកគេ​តែងតែ​ផ្លាស់​ទីលំនៅ ដូចជា ដើម្បី បរបាញ់ នេសាទ ឬ ដើម្បី ធ្វើ​ជំនួញ ជាដើម ហើយ​ជា​ញឹកញាប់​គឺ​ដោយ​ហេតុផល សង្គ្រាម ។ ក្រុម​អម្បូរ​មនុស្ស​នេះ​ត្រូវបាន​ប្រវត្តិ វិទូ​យល់ស្រប​គ្នា​ថា មាន​ដើមកំណើត​នៅ​អាស៊ី​កណ្តាល ហើយ​បាន​បង្ហាញខ្លួន​នៅ អឺរ៉ុប ប្រហែលជា​អំឡុង​ឆ្នាំ ៣៧០ នៃ គ​.​ស ស្របគ្នា​ជាមួយនឹង​ពួក សុង​នូ ( ម៉ុង​ហ្គោល ) ដែល​បាន ឈ្លានពាន​ប្រទេស ចិន ពីរ​វាង​សតវត្សរ៍​ទី ៣ មុន គ​.​ស និង សតវត្សរ៍​ទី ២ នៃ គ​.​ស គឺ​បន្ទាប់ ពី​ពួកគេ​បាន​បង្ហិនបង្ហោច រាជវង្ស​ហាន របស់ ចិន ហើយ ពួក សុង​នូ ភាគ​ខាងជើង បានធ្វើ ដំណើរ​ទៅ​ភាគ ពាយព្យ ។ បានសេចក្តីថា ជនជាតិ ហ៊ុន​ស៍ ដែលជា​បុព្វបុរស នៃ ជនជាតិ ហុង​គ្រី គឺជា​ជនជាតិ សុង​នូ ឬ ម៉ុង​ហ្គោល នោះឯង ។ អ្នកប្រាជ្ញ​ប្រវត្តិសាស្ត្រ​ខ្លះ​ថែម ទាំង​អះអាងថា ជនជាតិ ហ៊ុន​ស៍ ទាំងនោះ​គឺ​រួមបញ្ចូល​ទាំង​ពួក សុង​នូ ភាគ​ខាងជើង និង ពួក​កុលសម្ព័ន្ធ ដែល​ដើមកំណើត​នៅ​ប្រទេស អ៊ីរ៉ង់ បច្ចុប្បន្ននេះ​ផងដែរ ។​

​ប្រវត្តិសាស្ត្រ​
ពួក រ៉ូ​ម៉ាំង បាន​ស្គាល់​ជនជាតិ ហ៊ុន​ស៍ នៅពេល​ពួកគេ ឈ្លានពាន​តំបន់ Pontic steppes បង្ខំ​ឱ្យ​ជនជាតិ Goths ( កុលសម្ព័ន្ធ ១ នៃ ជនជាតិ អាល្លឺម៉ង់ ) រត់គេច​ទៅ​ភាគ​ខាង​ខាងក្រោម នៃ ទន្លេ ដា​នូ​ប ដើម្បី ទៅ​ជ្រកកោន​នៅលើ​ទឹកដី រ៉ូ​ម៉ាំង នៅ​ឆ្នាំ ៣៧៦ ។ លុះដល់​ឆ្នាំ ៣៩៥ ជនជាតិ ហ៊ុន​ស៍ ចាប់ផ្តើម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទៅលើ​ចក្រភព រ៉ូ​ម៉ាំង បន្ថែមទៀត និង បាន​វាយលុក​ចូល​តំបន់ Thrace (​បច្ចុប្បន្ន ប៊ុលហ្គារី ក្រិ​ក និង ទួ​ក​គី ) ចូលទៅ​ទឹកដី ស៊ី​រី ហើយ​បន្ត​ឈ្លានពាន​ចក្រភព ពែ​ក ( អ៊ីរ៉ង់ ) ទៀតផង រហូត​ត្រូវបាន ពួក ពែ​ក វាយបក​វិញ យ៉ាងដំណំ ។​

​ចាប់ពី​ឆ្នាំ ៤៣៤ ពួក​ជនជាតិ ហ៊ុន​ស៍ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​បុរស ២ នាក់ គឺ អាត់​ទី​ឡា និង ប្លេ​ដា ដែលជា​បងប្អូន​នឹង​គ្នា ។ ឆ្នាំ ៤៣៥ ពួកគេ​បាន​បង្ខំ​ឱ្យ ចក្រភព រ៉ូ​ម៉ាំង ខាងកើត ចុះហត្ថលេខា​លើ​សន្ធិសញ្ញា Margus ដែល​តម្រូវឱ្យ រ៉ូ​ម៉ាំង បង់ពន្ធ​ទៅអោយ​ខ្លួន ( ហ៊ុន​ស៍ ) នូវ​មាស ៣៥០ ផោន ទៅ ៧០០ ផោន ក្នុង ១ ឆ្នាំ និង សិទ្ធិ​ធ្វើ​ជំនួញ​លើទឹក​ដី​នោះ​ផង ។​

​ឆ្នាំ ៤៤០ នៅពេល រ៉ូ​ម៉ាំង បំពាន​លើ​សន្ធិសញ្ញា​នោះ អាត់​ទី​ឡា និង ប្លេ​ដា បាន​វាយប្រហារ​ទៅ រ៉ូ​ម៉ាំង និង បាន​គ្រប់គ្រង ទីក្រុង Margus របស់ រ៉ូ​ម៉ាំង ទីបំផុត បាន​កាន់កាប់​ទឹកដី ចក្រភព រ៉ូ​ម៉ាំង ខាងកើត ទាំងស្រុង នៅ​ឆ្នាំ ៤៤៣ ។ ឆ្នាំ ៤៤៥ ស្តេច ប្លេ​ដា បាន​សោយ​ទិវង្គត ហើយ​ស្តេច អាត់​ទី​ឡា បាន​ក្លាយជា​ស្តេច ហ៊ុន​ស៍ តែ ១ អង្គឯង ។​

​ឆ្នាំ ៤៤៧ អាត់​ទី​ឡា ដឹកនាំ​កងទ័ព​ឈ្លានពាន តំបន់​បាល់​កង់ និង តំបន់ Thrace ម្តងទៀត ហើយ​សង្គ្រាម​ចប់​នៅ​ឆ្នាំ ៤៤៩ ដោយ រ៉ូ​ម៉ាំង ព្រម​បង់​សួយសារអាករ ជា​មាស ២១០០ ផោន ក្នុង ១ ឆ្នាំ ទៅ ហ៊ុន​ស៍ ។ បន្ទាប់ពីនោះ​ទៅ ព្រះ​នាង Honoria ប្អូនស្រី អ​ធិ​រាជ្យ ចក្រភព រ៉ូ​ម៉ាំង ខាងលិច បាន​រៀប​អភិសេក​ជាមួយ អាត់​ទី​ឡា ហើយ​ទឹកដី​ប្រហែលជា​ពាក់កណ្តាល​ត្រូវ បានប្រគល់​ជា​ចំណងដៃ ។​

​ជម្លោះ​សិទ្ធិ​ធ្វើជា​ស្តេច​នៅ​តំបន់ Salian Franks បណ្តាលឱ្យ កងទ័ព អាត់​ទី​ឡា​លុកលុយ​ចូល ទៅ តំបន់ Gaul ( អឺរ៉ុប ភាគ​ខាងលិច ) នៅ​ឆ្នាំ ៤៥១ ហើយ​បន្ត​លុកលុយ​ទៅលើ​ទីក្រុង Metz (​ភាគ​ខាងជើង​ប្រទេស បារាំង ) ឆ្លងកាត់​ទីក្រុង ប៉ារីស និង តំបន់​ជាច្រើន នៃ ប្រទេស បារាំង ទៀត ។ ទោះយ៉ាងណា ពួកគេ​បាន​បា​រា​ជ័យ​នៅក្នុង​ការប្រយុទ្ធ​នៅ Catalaunian Plains នា​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ៤៥១ នោះ ។

ចក្រភព ហ៊ុន​ស៍ ធ្លាប់​ក្នុង​វិបត្តិ​
បន្ទាប់ពី​អ​ធិ​រាជ្យ អាត់​ទី​ឡា សោយ​ទិវង្គត នៅ​ឆ្នាំ ៤៥៣ ទៅ ចក្រភព ហ៊ុន​ស៍ បាន​ជួបប្រទះ វិបត្តិ​តស៊ូ​ដណ្តើម​អំណាច​ផ្ទៃក្នុង​រវាង​ពួក​ជនជាតិ អាល្លឺម៉ង់ ដែលជា​ជន​ចំណុះ និង ពួក​ជនជាតិ ហ៊ុន​ស៍ ដែលជា​អ្នកកាន់កាប់​អំណាច ហើយ​ជ័យជម្នះ​បាន​ទៅលើ​ពួក​ជនជាតិ អាល្លឺម៉ង់ ខណៈ​ជនជាតិ Goths ក៏​បះបោរ​នៅ​ឆ្នាំ​នោះដែរ ហើយ​បាន​រំលាយ​សន្ធិសញ្ញា​ទាំងឡាយ ។

​ការខាតបង់​ទាំងនេះ មិនមែនជា​ការដួលរលំ នៃ ចក្រភព ហ៊ុន​ស៍ ទេ ប៉ុន្តែ​វា​បាន​បណ្តាលឱ្យ ពួកគេ​ខាតបង់​យ៉ាងច្រើន ។ ស្របពេល​គ្នា​នោះ ហ៊ុន​ស៍ ក៏ត្រូវ​ប្រឈម​នឹង​បញ្ហា​ថ្មី​ទៀត គឺ​ការមកដល់ នៃ ពួក​ជនជាតិ និយាយ​ភាសា​ទួ​ក​គី មកពី​ទិសខាងកើត ហើយ​នៅ​ឆ្នាំ ៤៦៣ ពួកគេ​បានឈ្នះ​លើ​ពួក ហ៊ុន​ស៍ និង ដ​ណ្តើ​កាន់កាប់​តំបន់ Pontic ពី ហ៊ុន​ស៍ ។​

​ចំណែក​ពួក ហ៊ុន ខាងលិច ឯណោះ​វិញ ក៏​ជួប​ការលំបាក​ខ្លាំង​ណាស់ដែរ នៅ​ឆ្នាំ ៤៦១ នៅពេល​ពួកគេ​ចាញ់​សង្គ្រាម Sadages ហើយ​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​នៅពេល​ស្តេច Dengizich នៃ ហ៊ុន​ស៍ ខាងលិច ត្រូវបានធ្វើ​គុត នៅ​ឆ្នាំ ៤៦៩ នៅ​តំបន់ Thrace ។ ហ៊ុន​ស៍ ត្រូវ​លិចទៅ ក្នុង​ចំណុះ​របស់​ជាតិ​ដទៃ ដូចជា ប៊ុលហ្គារី ជាដើម ។​

​ប៉ុន្តែ​លុះដល់​ឆ្នាំ ៨៩២-៨៩៥ ពួក​ជនជាតិ ហ៊ុន​ស៍ បាន​លុកលុយ​តំបន់ Carpathian ប្រឆាំង ប៊ុលហ្គារី បង្កើតបានជា​រដ្ឋ​ពិត​ប្រាក​រដ​របស់ខ្លួន​នៅ​ទីនោះ ។ គឺ​ពេលនោះ​ហើយ​ដែល​ពួក ប៊ី​ហ្ស​ង់​តាំង ( រ៉ូ​ម៉ាំង​ខាងកើត ) ហៅ​ពួកគេ​ថា ហុង​គ្រី ដោយ​ពួកគេ​ថា សំដៅ​ដល់​ពួក​កុលសម្ព័ន្ធ ដែល​និយាយ​ភាសា Magyars ហើយ​ពួកគេ ( ហុង​គ្រី ) បាន​កសាង​ខ្លួន​យ៉ាងរឹងមាំ​នៅ​តំបន់ Pannonian ត្រឹម​ឆ្នាំ ៩០៧ ។​

​កងទ័ព ហុង​គ្រី ក៏​វាយ​លុកលុយ​ចូលដល់​ទឹកដី​ដែលជា​ប្រទេស អេ​ស្ប៉ា​ញ​សម័យ​បច្ចុប្បន្ននេះ ទៀត រហូតដល់​ពួកគេ​បរាជ័យ​នៅក្នុង​សមរភូមិ Lechfeld នា​ឆ្នាំ ៩៥៥ ទើប​ពួកគេ​ឈប់ ឈ្លានពាន​តំបន់​ភាគ​ខាងលិច ប៉ុន្តែ​ពួកគេ​បែរជា​បង្វែរ​មុខព្រួញ​ឆ្ពោះទៅ​ទឹកដី ចក្រភព ប៊ី​ហ្ស​ង់​តាំង រហូតដល់​ឆ្នាំ ៩៧០ ហើយ​ព្រះអង្គម្ចាស់ Géza នៃ រាជវង្ស Árpád​បាន​ព្យាយាម ធ្វើឱ្យ ហុង​គ្រី ក្លាយជា​ប្រទេស កាន់សាសនា​គ្រិស្ត​តាមរយៈ​ការកសាង​ប្រទេស​តាមបែប ស្ចិ​ម​លោក​ទាំង​ផ្នែក​នយោបាយ និង ទម្រង់​សង្គម ។ ព្រះអង្គ​បាន​កសាង​រាជវង្ស​ដោយ​ដាក់ ព្រះនាម​បុត្រា​របស់​ព្រះអង្គ Vajk ( ក្រោយមក​គឺ​ស្តេច Stephen ទី ១ នៃ ហុង​គ្រី ) ជា​អ្នក ស្នងរាជ្យ ។ ប៉ុន្តែ​នោះ​ជាការ​ផ្ទុយ​ពី​ប្រពៃណី​ជំនាន់​នោះ ក៏​ឱ្យមាន​សង្គ្រាម ប៉ុន្តែ​ទីបំផុត​ស្តេច Stephen ជា​អ្នកឈ្នះ ។ ហុង​គ្រី ត្រូវបាន​ទទួលស្គាល់ថា​ជា អាណាចក្រ សាវ័ក នៃ ព្រះ​យេស៊ូ ក្រោម​ការដឹកនាំ​របស់​ស្តេច Saint Stephen I ដោយ​ស្តេច​អង្គ​នោះ​ត្រូវបាន​បំពាក់​មកុដ​ស័ក្តិសិទ្ធិ នៃ ហុង​គ្រី នៅ​ថ្ងៃទី ១ ខែ មករា ឆ្នាំ ១ ០០០ ។​

​ដោយហេតុ​នោះ គិត​ត្រឹម​ឆ្នាំ ១០០៦ ស្តេច Saint Stephen I ពង្រឹង​អំណាច​របស់​ព្រះអង្គ ដោយ​ការកម្ទេច​នូវ​រាល់​អ្នក​ប្រឆាំងនឹង​ព្រះអង្គ​ទាំងអស់​កម្ទេច​ទាំង​អ្នក​ដែល​ចង់​ប្រតិបត្តិ​តាម ពា​ហិ​រ​សាសនា ( សាសនា​ផ្សេង​ពី សាសនា គ្រិស្ត ) ឬ ក៏​បុគ្គល ឬ​ក្រុម​ណាក៏ដោយ​ដែល មានបំណង​ចង់​បង្កើត​សម្ព័ន្ធភាព​ជាមួយ ចក្រភព ប៊ី​ហ្ស​ង់​តាំង គ្រិ​ស្ទា​ន ខាងកើត ( និកាយ កាតូលិក និង ប្រូ​តិ​ស្តង់ បានធ្វើ​សង្គ្រាម​កាប់សម្លាប់​គ្នា យ៉ាង​រង្គាល ) ។ បន្ទាប់មក​ព្រះអង្គ​បាន រៀបចំ​ផ្លាស់ប្តូរ ហុង​គ្រី ឱ្យទៅ​តាមបែប​រដ្ឋ​ខាងលិច ដែល​ត្រូវ​បញ្ចប់​ត្រឹម​ការបង្ខំ​ឱ្យ​ប្រទេស​នេះ ក្លាយជា​ប្រទេស​គ្រិស្តសាសនា ចំ​ណែ​អក្សរ និង ភាសា​ផ្លូវ​របស់​រដ្ឋ​គឺ​អក្សរ និង​ភាសាឡាតាំង ពី​ចន្លោះ​ឆ្នាំ ១ ០០០ ( ដល់​ឆ្នាំ ១៨៤៤ ) ។ ត្រឹម​ឆ្នាំ ១១៩៥ ហុង​គ្រី បាន​រីក​ទៅ​ភាគ​ខាងលិច និង ខាងកើត​ទៅ​លដ់ បូ​ស្នៀ​រ និង ចូល​ទៅលើ​ផ្ទៃ​ទឹកដី ស៊ែ​ប៊ី មាន​ឥទ្ធិពល​គ្រប់​ដណ្តប់​លើ​ត​បំ​បន់ បាល់​កង់ ។ The Golden Bull ១២២២ របស់ ហុង​គ្រី គឺជា​ទម្រង់ ធម្មនុញ្ញ​ក​លើក​ទី ១ នៅ​ទ្វីប អឺរ៉ុប ដែល​កំណត់​អំណាច​របស់​ស្តេច ហើយ ហុង​គ្រី ក៏​ជា​រដ្ឋ​ដំបូង​គេ​ដែល​អនុវត្ត​រដ្ឋធម្មនុញ្ញ បែប​សភា ដែល​ហៅ Diet នា​គ្រានោះ​ផងដែរ ។​

រង​ការ​ឈ្លា​ន​ពី ម៉ុង​ហ្គោល​
ការឈ្លានពាន​របស់ ម៉ុង​ហ្គោល នៅក្នុង​សតវត្សរ៍​ទី ១៣ ដែល​បានចាប់ផ្តើម​ដំបូង​នៅ​ទសវត្សរ៍ ១២២០ ដល់​ទសវត្សរ៍ ១២៤០ គឺជា​ឈ្លានពាន​ដ៏​ខ្លាំងក្លា និង បំផ្លិចបំផ្លាញ​ទៅលើ​ទឹកដី អឺរ៉ុប ច្រើន​បំផុត ។

​ហុង​គ្រី ក៏​រង​ការឈ្លានពាន​ដោយ ម៉ុង​ហ្គោល ធ្ងន់ធ្ងរ​ណាស់ដែរ ពី​ឆ្នាំ ១២៤១-១២៤២ បណ្តាល ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា ២០ ទៅ ៥០ ភាគរយ ខណៈ​លំនៅឋាន​ប្រមាណ​ជា ៥០ ទៅ ៨០ ភាគរយ ត្រូវបាន​បំផ្លាញ ។ ស្តេច បេឡា ទី ៤ នៃ ហុង​គ្រី បាន​បញ្ជា​ឱ្យគេ​សាងសង់​ប៉ម និង បន្ទាយ​ធ្វើ​ពី​ថ្ម​រាប់រយ និង ក្បួនទ័ព​សាជាថ្មី ដូច្នេះ​នៅពេល ម៉ុង​ហ្គោល ត្រឡប់​ទៅ​ឈ្លា​ន ពាន​ម្តងទៀត​នៅ​ឆ្នាំ ១២៨៦ ពួកគេ​ត្រូវបាន ហុង​គ្រី ធ្វើឱ្យ​ម៉ុង​ហ្គោល​បរាជ័យ ។ ប៉ម និង បន្ទាយ​នោះ​ក៏មាន​ប្រយោជន៍​យ៉ាងខ្លាំង​ដល់​ការទប់ស្កាត់​ការឈ្លានពាន​របស់​ចក្រ​ភព​អូ​តូ​ម៉​ង់ ( ទួ​ក​គី ) នៅពេល​ក្រោយមកទៀត​ដែរ ប៉ុន្តែ ហុង​គ្រី ចំណាយ​ច្រើនណាស់ ។​

​ពី​ឆ្នាំ ១៣០១-១៣០៨ ត្រូវបាន​ចាត់ទុកថា​ជា​សម័យកាល​ក៏​ខ្ទេចខ្ទាំ ហើយ​ចាប់ពី​នោះ​ទៅ ទើបត្រូវ​បាន​ស្តេច ឆា​លស៍​ទី ១ កសាង​រាជវង្ស​បាន​រឹងមាំ​ឡើងវិញ​ដល់​ឆ្នាំ ១៣៤២ ។ ពី​ចន្លោះ​ឆ្នាំ ១៣៤២-១៣៨២ ហុង​គ្រី ពង្រីក​ការគ្រប់គ្រង​របស់ខ្លួន​ទៅដល់​តំបន់ Adriatic និង អាណាចក្រ Naples ជាច្រើនលើក ។

​ចាប់ពី​ក្រោយ​នោះមក ស្តេច​របស់ ហុង​គ្រី មាន​ការជាប់​ពាក់ព័ន្ធ​គ្នា​ទៅនឹង​ស្តេច នៃ ប៉ូឡូញ ហើយ​នៅ​ឆ្នាំ ១៤៣៧ ព្រះរាជ​សុនិសា​របស់​ព្រះរាជា សី​ហ្គី​ស​មុនដ៍ គឺ​ព្រះអង្គម្ចាស់ អាល់​បឺត ទី ២ នៃ អាល្លឺម៉ង់ បាន​ឡើង​ធ្វើជា​ស្តេច ហុង​គ្រី (​សោយ​ទិវង្គត នៅ​ឆ្នាំ ១៤៣៩ ) ។​

​ស្តេច​ខ្លាំង​ចុងក្រោយ​របស់ ហុង​គ្រី គឺ​ស្តេច Matthias Corvinus ( ១៤៥៨-១៤៩០) ដែល​មិន មែន​ចេញពី​រាជវង្ស ។ ស្តេច​អង្គ​នេះ បាន​ពង្រីក​ទឹកដី​ទៅ​ភាគខាងត្បូង និង ខាងជើង ខណៈ ព្រះអង្គ​ផ្តោតលើ​កំណែទម្រង់​ផ្ទៃក្នុង ។ អ្នកខ្លះ​ចាត់ទុក​ទ្រង់​ថា​គ្រាន់តែ​ជា​អ្នកការពារ​គឺ​មិនមែន ជា​ស្តេច​ទេ ដោយសារ​គោលដៅ​ធំ​របស់​ព្រះអង្គ គឺ​រុញច្រាន់ អូ​តូ​ម៉​ង់ ចេញពី​តំបន់​នោះ ហើយ​កងទ័ព របស់​ព្រះអង្គ ត្រូវបាន​គេ​ហៅថា កងទ័ព​ខ្មៅ ហុង​គ្រី គឺជា​កងទ័ព​ដ៏​ខ្លាំងពូកែ នា​សម័យ​កាលនោះ ហើយ​អាច​យកឈ្នះ​ក្នុង​សង្គ្រាម អូទ្រីស​-​ហុង​គ្រី នា​ឆ្នាំ ១៤៧៧-១៤៨៨ ដោយបាន​ដណ្តើមយក​តំបន់​ខ្លះ នៃ ប្រទេស អូទ្រីស ក្នុង​ឆ្នាំ ១៤៨៥ និង​ដណ្តើមយក​ផ្នែក​ខ្លះ ទៀត​នៅក្នុង Bohemia ( ភាគច្រើនបំផុត នៃ ប្រទេស ឆែក បច្ចុប្បន្ន ) ក្នុង​សង្គ្រាម Bohemian ពី​ឆ្នាំ ១៤៧៧-១៤៨៨ ។ ប៉ុន្តែ​បាន​បរាជ័យ​ក្នុង​សមរភូមិ Baia នា​ឆ្នាំ ១៤៦៧ ក្នុងការ​វាយ ប្រហារ​ទៅលើ ម៉ុ​ល​ដូ​វី ។ ឆ្នាំ ១៤៧៩ កងទ័ព​ខ្មៅ របស់ ហុង​គ្រី បាន​បំផ្លាញ កងទ័ព​អូ​តូ​ម៉​ង់ និង កងទ័ព Wallachian នៅក្នុង​សមរភូមិ Breadfield ។

​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៤៩០ ស្តេច Mattias Corvinus បាន​ចូល​ទិវង្គត ដោយ​គ្មាន​អ្នក ស្នងរាជ្យ ហេតុនេះ ក៏​នាំឱ្យមាន​វិបត្តិ​នយោបាយ​នៅ អាណាចក្រ ហុង​គ្រី ។​

ហុង​គ្រី ឱនភាព​ម្តងទៀត​-​ធ្លាក់​ក្នុង​ដៃ អូទ្រីស​
ពី​ឆ្នាំ ១៤៩០-១៥២៦ ទីទៃ​ពី​ទំនាស់​ផ្ទៃក្នុង​ទៅ ហុង​គ្រី​ក៏​នៅ​ប្រឈម​នឹង​ការគំរាមកំហែង​យ៉ាង ធ្ងន់ធ្ងរ​ពី អូ​តូ​ម៉​ង់ ។ គិត​ត្រឹម​ចុង​សតវត្សរ៍​ទី ១៦ ចក្រភព អូ​តូ​ម៉​ង់ បាន​ចូល​ទៅដល់​ភាគខាងត្បូង ហុង​គ្រី ។ ដោយ​មិន​គិត​អំពី​ការការពារ​ប្រទេស ពួក​អ្នកមានអំណាច​បែរជា​ប្រកួតប្រជែង​គ្នា​តែ អំពី​ថា​អ្នកណា​ជា​ស្តេច​ទៅវិញ ។ ពី​ឆ្នាំ ១៤៩០-១៥១៦ ហុង​គ្រី​បាន​ពើប​បញ្ហា​ហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​ពួក​សក្តិ​ភូមិព​ង្រី​ដីធ្លី​របស់​ពួកគេ ។​

​ឆ្នាំ ១៥២១ បន្ទាយ​ខាងត្បូង ដែលជា​បន្ទាយ​រឹងមាំ​បំផុត​របស់ ហុង​គ្រី​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ ដៃ អូ​តូ​ម៉​ង់ ហើយ​នៅ​ឆ្នាំ ១៥២៦ កងទ័ព ហុង​គ្រី ត្រូវបាន​កម្ទេច​យ៉ាងដំណំ​នៅក្នុង​សមរភូមិ Mohács ហើយ​ស្តេច ល្វី​ស ទី ២ ដ៏​វ័យក្មេង​របស់ ហុង​គ្រី ក៏ត្រូវ​បានធ្វើ​គុត​ជាមួយ​មេទ័ព Pál Tomori នៅ​ទីនោះ ហើយ​នោះ​ក៏​ជា​ជោគជ័យ​ជា​ដុំកំភួន​របស់ អូ​តូ​ម៉​ង់ ជា​លើកដំបូង​ដែរ ។

​បន្ទាប់មក អូ​តូ​ម៉​ង់ ក៏បាន​ពង្រីក​ការឈ្លានពាន​ទឹកដី ហុង​ក្រី ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ ១៥៥៦ ។ ពេលនោះ ពួក​អភិជន ហុង​គ្រី ដែល​បាន​បែកខ្ញែក​គ្នា បានជ្រើសរើស​ស្តេច​ដល់​ទៅ ២ អង្គ​ក្នុងពេល​ដំណាលគ្នា គឺ​ស្តេច János Szapolyai ( ឬ ស្តេច ច​ន ទី ១ ពី ១៥២៦-១៥៤០ មាន​ដើមកំណើត​ជា​អាល្លឺម៉ង់ ) និង ស្តេច ហ្វឺ​ឌី​ណាន់​ដ៍ (១៥២៧-១៥៤០ ) នៃ អូទ្រីស ។ ដូច្នោះ ក៏​នាំឱ្យមាន​ជម្លោះ​កងទ័ព នៃ ក្រុម​ស្តេច​ទាំង ២ នេះ​បណ្តាលឱ្យ​ប្រទេសជាតិ​កាន់តែ​ខ្សោយ ថែមទៀត ។ នៅពេលដែល ទួ​ក​គី ( អូ​តូ​ម៉​ង់ ) ឈ្លានពាន​ចូល​ទីក្រុង ប៊ុ​យ​ដា នៅ​ឆ្នាំ ១៥៤១ ហុង​គ្រី ត្រូវបាន​បែងចែក​ជា ៣ ផ្នែក ។​

​ឆ្នាំ ១៦៨៦ កងទ័ព ហុង​គ្រី ៧៤ ០០០ នាក់ បូក និង កងទ័ព​ពួក​គ្រិស្តសាសនា អាល្លឺម៉ង់ ក្រូ​អាត ហុ​ល្លង់ អង់គ្លេស អេ​ស្ប៉ា​ញ ឆែក អី​តា​លី បារាំង ដា​ណឺ​ម៉ាក ស៊ុយអែត និង កងទ័ព នៅ​អឺរ៉ុប ផ្សេងទៀត បាន​ព្រួត​គ្នា​វាយប្រហារ ទួ​ក​គី ( មូ​ស្ល៊ី​ម ) ហើយ​ម្តងទៀត នៅ​ឆ្នាំ ១៦៨៧ បានធ្វើឱ្យ ទួ​ក​គី ខ្ទេចខ្ទាំ យ៉ាងដំណំ ។ គិត​ត្រឹម​ឆ្នាំ ១៧១៨ ទឹកដី ហុង​គ្រី ត្រូវបាន​រំដោះ​ចេញពី អូ​តូ​ម៉​ង់ ទាំងស្រុង ។ ដូចដែល​បានលើកឡើង​ខាងដើម​មកហើយ ថា​បន្ទាប់ពី​ការ​ខ្ទេចខ្ទាំ​យ៉ាងដំណំ នៅក្នុង​សមរភូមិ Mohács នា​ឆ្នាំ ១៥២៦ មក ទឹកដី ហុង​គ្រី មាន​ស្តេច​សោយរាជ្យ​ដល់​ទៅ ២ អង្គ គឺ​ស្តេច János Szapolyai ឬ ស្តេច ច​ន ទី ១ មាន​ដើមកំណើត​ជា​អាល្លឺម៉ង់ និង ស្តេច ហ្វឺ​ឌី​ណាន់​ដ៍ នៃ អូទ្រីស ។​

​អូទ្រីស គឺជា​រដ្ឋ កាតូលិក ទើប​តំបន់​ដែល​គ្រប់គ្រង​ដោយ​ស្តេច អូទ្រីស​ដាក់​គំនាប​លើ​អ្នក​ទាំង ឡាយ​ណា​ដែល​មិនមែនជា​អ្នក កាតូលិក ក៏​នាំឱ្យមាន​ចលនា​ឧទ្ទាម​ប្រឆាំង អូទ្រីស ពី​ឆ្នាំ ១៦០១ និង ឆ្នាំ ១៧១១ ។ ការបះបោរ​ចុងក្រោយ ដឹកនាំ​ដោយ​លោក Francis II Rákóczi ហើយក៏​បាន ឡើងជា​អ្នកគ្រប់គ្រង ហុង​គ្រី ក្នុងឋានៈ​ជា​ព្រះអង្គម្ចាស់ បន្ទាប់ពី​បាន​បណ្តេញ​ពួក អូទ្រីស ចេញពី​រា​ជប​ល្ល័​ង​នៅ​ឆ្នាំ ១៧០៧ ។

​បើទោះបីជា​ក្រុម​បះបោរ​បាន​ជោគជ័យ ស្ទើរតែ​ចាប់​អ​ធិ​រាជ្យ អូទ្រីស ចូ​សេ​ហ្វ ទី ១ បាន​ក្តី ក៏ ក្រុម​ចលនា​បះបោរ បាន​បរា​ជ័​យ៉ាងដំណំ​នៅក្នុង​សមរភូមិ Trencin នា​ឆ្នាំ ១៧០៨ ។ នៅពេល ដែល អូទ្រីស បង្ក្រាប កម្ទេច ចលនា​បះបោរ​នៅ​ឆ្នាំ ១៧១១ ព្រះអង្គម្ចាស់ Rákóczi គង់នៅ ក្នុង​ប្រ​ទេ ប៉ូឡូញ ឯណោះ បន្ទាប់មក​ភៀស​ព្រះកាយ​ទៅ បារាំង ។​

​បន្ទាប់ពីនោះ​ទៅ ដើម្បី កុំឱ្យ​មាន​ចលនា​ប្រដាប់អាវុធ អាច​ងើប​បះបោរ​ឡើង​ទៀត​បាន អូទ្រីស បញ្ជា​ឱ្យ​រុះរើ​បន្ទាយ​នានា​ដែល​ត្រូវបាន​សាងសង់ឡើង​កាលពី​អំឡុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​របស់ ម៉ុង​ហ្គោល និង អូ​តូ​ម៉​ង់ ទៅលើ ហុង​គ្រី ។

​សម័យកាល​កំណ​ទម្រង់​
​អំឡុង​ទសវត្សរ៍ ១៨២០ អ​ធិ​រាជ្យ ហ្វ្រ​ង់​ស៊ី​ស ទី ១ ត្រូវ​បាប​ង្ខំ​ឱ្យ​ពន្យល់​ដល់ សភា ហុង​គ្រី ដែល​បានដាក់​កម្មវិធី​កំណែទម្រង់ ។ ប៉ុន្តែ​មានការ​ជឿនលឿន​តិចតួច​ណាស់ ដោយសារ​ពួក អភិជន​ទាមទារ​ច្រើនពេក ។​

​លោក István Széchenyi ជា​បុរស​រដ្ឋ ដ៏​លេចធ្លោ និង ខ្ពង់ខ្ពស់​ជាងគេ បានទទួល​ស្គាល់ ថា​មាន​តម្រូវការ​ចាំបាច់​ត្រូវតែ​ធ្វើ​ទំនើបកម្ម​ជាបន្ទាន់ ហើយ​សារ​របស់គាត់​ត្រូវបាន​មេដឹកនាំ នយោបាយ ហុង​គ្រី ជ្រួតជ្រាប​ក្នុង​បេះដូង ។ ដោយហេតុនេះ សភា ត្រូវបាន​បញ្ចុះបញ្ចូល ម្តងទៀត​នៅ​ឆ្នាំ ១៨២៥ ដើម្បី ផ្តល់​ហិរញ្ញវត្ថុ​ដែល​ត្រូវការ ។ ពេលនោះ​គណបក្ស សេរីភាព បាន​លេចឡើង ដោយ​ផ្តោតទៅលើ កសិករ និង ពន្យល់​អំពី​តម្រូវការ នៃ កម្មករ ពលករ ។​

​ស្តេច​អូទ្រីស ចង់ឱ្យ ហុង​គ្រី នៅ​ជា​លក្ខណៈ​ប្រពៃណី ទើប​ព្យាយាម​រារាំង​នូវ​រាល់​ការប៉ុនប៉ង ធ្វើ​ឧស្សាហូបនីយកម្ម​របស់ ហុង​គ្រី ។ មានការ​កញ្ជ្រោល​ឡើង​គួរឱ្យកត់សម្គាល់​លើកដំបូង នៅពេលដែល​ប្រជាជាតិ​នេះ ផ្តោតលើ​ការធ្វើ​ទំនើបកម្ម បើទោះបីជា​មានការ រារាំង ពី អូទ្រីស ទៅលើ​ច្បាប់​សំខាន់ៗ​ទាំងអស់​ទាក់ទង នឹង​សិទ្ធិ ស៊ីវិល និង សិទ្ធិ​នយោបាយ និង​កំណែទម្រង់ សេដ្ឋកិច្ច​ក៏ដោយ ។ ពេលនោះ​អ្នក​កំណែទម្រង់​ជាច្រើន​អ្នក ដូចជា​លោក Lajos Kossuth និង Mihály Táncsics ជាដើម ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ។

បដិវត្តន៍ និង សង្គ្រាម ដើម្បី ឯករាជ្យ ហុង​គ្រី​
បន្ទាប់ពី​មានការ​ជជែក​ដេញដោល តស៊ូ​មតិ ជាច្រើន​មក ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៨៤៨ មានការ ជួបជុំ​ធ្វើបាតុកម្ម​តវ៉ា​នៅក្នុង ទីក្រុង Pest និង Buda បានផ្តល់​លទ្ធភាព​ឱ្យ​អ្នក​កំណែទម្រង់ ហុង​គ្រី លើកឡើង​នូវ​ការទាមទារ ១២ ចំណុច របស់​ពួកគេ ដែល​ក្នុងនោះ​មានដូចជា​សេរីភាព សារព័ត៌មាន សិទ្ធិ​ស៊ីវិល និង សិទ្ធិ​នយោបាយ​ជាដើម ។ សភា ហុង​គ្រី អនុម័ត​ច្បាប់​ស្តីពី ការធ្វើ​ទំនើបកម្ម និង សិទ្ធិ​ស៊ីវិល របស់ខ្លួន ។ ឆ្នាំ ១៨៤៨ នោះ នៅ អូទ្រីស​ក៏​កំពុង​វក់វី​នឹង បដិវត្តន៍​ដែរ ។​

​ប្រឈម​នឹង​បដិវត្តន៍​ក្នុងប្រទេស​ផង និង ការទាមទារ​ម​នៅ ហុង​គ្រី ផង ស្តេច អូទ្រីស ហ្វឺ​ឌី ណាន់​ទី ១ ត្រូវ​បង្ខំ​ទទួលយក​ការទាមទារ​របស់ ហុង​គ្រី ។ ដូច្នោះ មន្ត្រី​អគ្គទេសាភិបាល ក្នុង​ព្រះនាម​ព្រះរាជា បានតែងតាំង សភា​ថ្មី របស់ ហុង​គ្រី ដោយមាន លោក Lajos Batthyány ជា​នាយករដ្ឋមន្ត្រី​លើកដំបូង ។ នៅ​ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤៨ ព្រះ​អ​ធិ​រាជ្យ បាន​បញ្ជា​ឱ្យ លោក Batthyány បង្កើត​រដ្ឋាភិបាល ហុង​គ្រី ឡើង​។ ដូច្នោះ រដ្ឋាភិបាល ហុង​គ្រី​ដែលមាន​ទំនួល ខុសត្រូវ​តាម​និ​ត្យា​នុកូលភាព ( ភាពស្របច្បាប់ ) ត្រូវបាន​បង្កើតឡើង​នាគ្រា​នោះឯង ។​

​គឺ​ព្រ​ត្តិ​ការណ៍​នា​ថ្ងៃ​នោះឯង​ហើយ ដែល​ក្រោយមក​ត្រូវបាន រដ្ឋាភិបាល និង ប្រជាជន ហុង​គ្រី ធ្វើជា​ទិវា​ជាតិ របស់​ពួកគេ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​

​ប៉ុន្តែ​បន្ទាប់ពី ការបះបោរ​នៅ អូទ្រីស ត្រូវបាន​រម្ងាប់ អ​ធិ​រាជ្យ​ថ្មី ព្រះនាម ហ្វ្រា​ន់ស៍ ចូ​សេ​ហ្វ បាន​ឡើង​សោយរាជ្យ​ជំនួស ស្តេច ហ្វឺ​ឌី​ណាន់ ។ ស្តេច​ថ្មី​នោះ បាន​ទាត់ចោល​ទាំងស្រុង​នូវ រាល់​កំណែទម្រង់​ទាំងអស់ ហើយ​ចាប់ផ្តើម​ប្រើ​កម្លាំង​ទ័ព​ប្រឆាំង ហុង​គ្រី ។

​មួយឆ្នាំ​ក្រោយមក គឺ​នៅក្នុង​ខែ មេសា ឆ្នាំ ១៨៤៩ រដ្ឋាភិបាល ឯករាជ្យ ហុង​គ្រី ត្រូវបាន បង្កើតឡើង ។ រដ្ឋាភិបាល​ថ្មី​នេះ បាន​បែក​ចេញពី ចក្រភព អូទ្រីស ។ វិមាន Habsburg ( របស់ អូទ្រីស ) ត្រូវបាន​ម្លា​ក់​ពី​រាជ្យ​បល្ល័ង្ក នៅ ហុង​គ្រី ហើយ​សាធារណរដ្ឋ ហុង​គ្រី លើកដំបូង ត្រូវបាន​ប្រកាស​បង្កើត​ឡើង ដោយមាន​លោក​Lajos Kossuth ជា​អភិបាល និង​ជា​ប្រ​ធានា ធិបតី ។ នាយករដ្ឋមន្ត្រី​ដំបូង​គឺ​លោក Lajos Batthyány ។

​ស្តេច ហ្វ្រា​ន់ស៍ ចូ​សេ​ហ្វ និង ទីប្រឹក្សា​របស់​ព្រះអង្គ បាន​បញ្ឆោត​មនុស្ស នៃ ជាតិ​សាសន៍​ថ្មី​នេះ ដោយ​បញ្ចុះបញ្ចូល​បាន​កសិករ​មួយចំនួន​តូច​នៅក្នុង​ទឹកដី ក្រូ​អាត ស៊ែ​ប និង រ៉ូ​ម៉ា​នី​ឱ្យធ្វើ​ឧទ្ទាម កម្ម​ប្រឆាំង​រដ្ឋាភិបាល​ថ្មី របស់ ហុង​គ្រី ។ ប៉ុន្តែ​រដ្ឋាភិបាល ហុង​គ្រី មានការ​គាំទ្រ​យ៉ាង​ទូលំ ទូលាយ​ពី​អ្នកស្ម័គ្រចិត្ត ស្លូ​វ៉ា​ក អាល្លឺម៉ង់ ជ្វី​ស ប៉ូឡូញ អូទ្រីស និង អ៊ីតាលី ផង​។

​ខែ កក្កដា ឆ្នាំ ១៨៤៩ សភា ហុង​គ្រី ប្រកាស និង អនុម័ត ច្បាប់​សិទ្ធិ​ជាតិ​ពន្ធ និង​សិទ្ធិ​ជនជាតិ ភាគតិច ដែលមាន​លក្ខណៈ​ជឿនលឿន​បំផុត​ក្នុង​លោក ។​

​ប៉ុន្តែ​ស្តេច ហ្វ្រា​ន់ស៍ ចូ​សេ​ហ្វ បានរៀបចំ​កងទ័ព​ប្រឆាំង បដិវត្តន៍ ហុង​គ្រី ដោយមាន​ការជួយ​ពី ស្តេច នី​កូ​ឡាស់ ទី ១ នៃ ត្សា​រ រុស្ស៊ី ហើយ​ទីបំផុត ឧ​ត្ត​ម​សេនីយ៍ Artúr Görgey នៃ ហុង​គ្រី បាន​ចុះចាញ់​នៅ​ខែ សីហា ឆ្នាំ ១៨៤៩ ។ សេនាប្រមុខ Julius Freiherr von Haynau នៃ អូទ្រីស បាន​ក្លាយជា​អភិបាល ហុង​គ្រី ប៉ុន្មាន​ខែ ហើយ​បាន​បញ្ជា​ឱ្យ​កាត់ទោស​មេដឹកនាំ កងទ័ព ហុង​គ្រី ១៣ នាក់ និង នាយករដ្ឋមន្ត្រី Batthyány ផង ខណៈ ប្រធានាធិបតី Lajos Kossuth ភៀសខ្លួន​និរទេស ។ ប៉ុន្តែ​ចលនា​តស៊ូ​ប្រឆាំង​នៅតែមាន​ពាសពេញ​ផ្ទៃ​ប្រទេស ។​

ទម្រង់​រដ្ឋាភិបាល អូទ្រីស​-​ហុង​គ្រី (១៨៦៧-១៩១៨)
រដ្ឋាភិបាល​ក្រុង វៀ​ណា ( អូទ្រីស​) យល់ឃើញថា កំណែទម្រង់​នយោបាយ គឺជា​រឿង​ដែល​មិន អាច​ចៀសបាន ដើម្បី រក្សា បូរណភាព នៃ ចក្រភព អូទ្រីស ។ ការបរាជ័យ​យ៉ាងដំណំ​ផ្នែក យោធា ដូចជា​ការប្រយុទ្ធ​នៅ Königgrätz ឆ្នាំ ១៨៦៦ បង្ខំ​ឱ្យ​ស្តេច ហ្វ្រា​ន់ស៍ ចូ​សេ​ហ្វ ទទួលយក​កំណែទម្រង់​ផ្ទៃក្នុង ។​

​ដើម្បី ធ្វើឱ្យ​ស្ងប់ស្ងាត់​ចំពោះ​ក្រុម​អ្នក​ចលនា​ផ្តាច់ខ្លួន ហុង​គ្រី ព្រះ​អ​ធិ​រាជ្យ​បានរៀបចំ​ដំណោះ ស្រាយ​ស្មើភាព​គ្នា​ជាមួយ ហុង​គ្រី ហើយ​ជា​លទ្ធផល ក៏​នាំឱ្យមាន​ប្រព័ន្ធ គ្រប់គ្រង ២ គឺ អូទ្រីស​-​ហុង​គ្រី នៅ​ឆ្នាំ ១៨៦៧ ។ តាមរយៈ​ប្រព័ន្ធ​នេះ អាណាចក្រ​ទាំង ២ ត្រូវបាន​គ្រប់គ្រង ដោយ សភា រៀងៗ​ខ្លួន ដោយមាន​រាជធានី ២ ប៉ុន្តែ​មាន​ស្តេច​តែ ១ នយោបាយ​ការបរទេស និង កងទ័ព តែ ១ ។ បន្ទាប់ពី​ការសម្របសម្រួល​នោះ នាយករដ្ឋមន្ត្រី​ដំបូង​របស់ ហុង​គ្រី គឺ​លោក Gyula Andrássy ។ រដ្ឋធម្មនុញ្ញ​ចាស់​របស់ ហុង​គ្រី ត្រូវបាន​ស្តារឡើងវិញ ហើយ​ស្តេច ហ្វ្រា​ន់ស៍ ចូ​សេ​ហ្វ ត្រូវបាន​ថ្វាយ​មកុដរាជ្យ​ជា​ស្តេច ហុង​គ្រី ។

​គិត​ត្រឹម​ឆ្នាំ ១៩០៥ ទឹកដី​របស់ អូទ្រីស​-​ហុង​គ្រី ប្រមាណ​ជា ៦២១ ៥៤០ គីឡូម៉ែត្រ​ក្រឡា គឺជា​ទឹកដី​ធំ​លំដាប់​លេខ ២ នៅ អឺរ៉ុប បន្ទាប់ពី ចក្រភព រុស្ស៊ី ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

គំនូរ​បរិយាយ​អំពី​ការជួបជុំ​តវ៉ា​នៅ​ទីក្រុង ប៉ែ​ស្ត៍ និង ទីក្រុង ប៊ុ​យ​ដា នា​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៨៤៨
​គំនូរ​បរិយាយ​អំពី​ការជួបជុំ​តវ៉ា​នៅ​ទីក្រុង ប៉ែ​ស្ត៍ និង ទីក្រុង ប៊ុ​យ​ដា នា​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ១៨៤៨ ( ហុង​គ្រី ១, ហុង​គ្រី ២)
ក្បួន​ហែ​នៅ​ថ្ងៃ ទិវា​ជាតិ ហុង​គ្រី
​ទីក្រុង ប៊ុ​យ​ដា​ប៉ែ​ស្ត នៃ ប្រទេស ហុង​គ្រី
​ទីក្រុង ប៊ុ​យ​ដា​ប៉ែ​ស្ត នៃ ប្រទេស ហុង​គ្រី