ទិវា​ជាតិ ព័រទុយហ្កាល់ ជា​ថ្ងៃ​មរណភាព នៃ​កវី​ម្នាក់​

387
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ព័រទុយហ្កាល់ ប្រារព្ធ​ទិវា​ជាតិ របស់​ពួកគេ​នៅ​ថ្ងៃ ទី​១០ ខែមិថុនា ដែលជា​ថ្ងៃ​មរណភាព​របស់​កវី Luís de Camões កាលពី​ឆ្នាំ​១៥៨០ ដែល​ជនជាតិ​ព័រទុយហ្កាល់ បាន​ចាត់ទុកថា ជា​និមិត្តរូប នៃ​ជាតិនិយម​របស់​ពួកគេ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ព័រទុយហ្កាល់ ស្ថិតនៅ​អឺរ៉ុប​នារ​តី មាន​ផ្ទៃដី ៩២.២១២ គីឡូម៉ែត្រ​ក្រឡា មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​អេ​ស្ប៉ា​ញ និង​សមុទ្ទ​អា​ត្ល​ង់​ទិ​ក​។ ឆ្នាំ​២០១៩​មាន​ប្រជា ពល រដ្ឋ​ជាង ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ​គឺ​ភាសា ព័រទុយហ្កាល់ រដ្ឋធានី​គឺ​ទីក្រុង លី​ស​បោ​ន ។​
​ ​
ប្រវត្តិសាស្ត្រ​
​អត្ថបទ​កំណាព្យ ដែលមាន​ឈ្មោះថា Os Lusíadas និពន្ធ​ដោយ​កវី ជនជាតិ​ព័រទុយហ្កាល់ ឈ្មោះ Luís de Camões (១៥២៤ ឬ ១៥២៥ មិថុនា​- ១០ មិថុនា ១៥៨០ ) ត្រូវបាន ទទួលស្គាល់ថា ជា​កំណាព្យ វីរ​កថា (​និយាយ​អំពី​វីរជន និង​វីរភាព​) ជាតិ​របស់​ព័រ​ទុយ ហ្កា​ល់ ជាការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ស្នាដៃ របស់​ជនជាតិ​ព័រទុយហ្កាល់ ដែលជា​អ្នក ជិះ​កប៉ាល់ បាន​រកឃើញ និង​គូរ​បានជា​ផែនទី ឆ្នេរ​សមុទ្ទ​អាហ្វ្រិក កាណាដា អាស៊ី និង ប្រេ​ស៊ី​ល ហើយ​បាន​ក្លាយជា​យុគ នៃ​របកគំហើញ (​សម័យកាល នៃ​ការ​រុក រកឃើញ​) ។​

​កំណាព្យ​នោះ ផ្តោតជាសំខាន់​ទៅលើ​ការរុករក​របស់​ជន​ជាតិ ព័រទុយហ្កាល់​នា​អំឡុង សត្ត​វត្សរ៍​ទី​១៥ ដែលជា​លទ្ធផល​បាន​នាំមក​នូវ​ភាព​រន្ទឺ និង​ភ័ព្វសំណាង​ដល់​ប្រទេស ព័រ​ទុយ ហ្កា​ល់​។ កំណាព្យ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កំណាព្យ​ដ៏​ល្អ​ឯក​បំផុត​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​អក្សរសិល្ប៍ ព័រទុយហ្កាល់​ហើយ​បាន​ក្លាយជា​វីរភាព​ដ៏​អស្ចារ្យ​របស់ ព្រះ​ចៅ​អ​ធិ​រាជ្យ ព័រទុយហ្កាល់ ។​

​កវី Luís de Camões ដែលជា​មនុស្ស​ជ្រាលជ្រៅ​ទៅ ដោយ​មនោសញ្ចេតនា​ស្រឡាញ់ កំណាព្យ​យ៉ាង​ជក់ចិត្ត​នោះ ត្រូវបាន​ជាប់​ឱ្យធ្វើជា​កងទ័ព ហើយ​ក្នុងពេល​ធ្វើសង្គ្រាម​នៅ តំបន់​Ceuta (​បច្ចុប្បន្ន ក្នុងប្រទេស​អេ​ស្ប៉ា​ញ​) នា​ឆ្នាំ​១៥៤៩ គាត់​បាន​រងរបួស​ហើយ​បាត់ បង់​ភ្នែក​ខាងស្តាំ ។ នៅ​ឆ្នាំ​១៥៥១ គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​លី​ស​បោ​ន វិញ​ក៏បាន​ក្លាយ ជា​មនុស្ស​ម្នាក់​ដែលមាន​ចា​រិត​ផ្សេង​ពីមុន ។​

​នៅ​ឆ្នាំ​១៥៥២ គាត់​បាន​វាយ​ឥស្សរជន​ម្នាក់ ដែលជា​រាជវង្ស ឱ្យ​របួស​ទើបត្រូវ​បាន​ចាប់ ដាក់គុក ។ ម្តាយ​របស់គាត់​បាន​ទៅសុំ​ទោស​គេ​ជំនួស​គាត់​សុំ​អង្វរ​ឱ្យ​ដោះលែង​គាត់ ។ គាត់​ត្រូវបាន​ដោះលែង​ឱ្យ​រួច​ពី​គុក ប៉ុន្តែ​ត្រូវ​ពិន័យ​ឱ្យ​បង់ប្រាក់​សំណង​យ៉ាងច្រើន​ហើយ ឱ្យ​បម្រើកងទ័ព​រយៈពេល​បី​ឆ្នាំ ជាការ​លត់​ដំ ។

​នៅ​ឆ្នាំ​១៥៥៣ គាត់​ត្រូវបាន​តម្រូវឱ្យ​ធ្វើដំណើរ​ទៅកាន់​តំបន់ Goa (​បច្ចុប្បន្ន​ជា​រដ្ឋ​មួយ​នៅ ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា​) តាម​កប៉ាល់ ដែល​ត្រូវ​ចំណាយពេល នៅលើ​កប៉ាល់ ជាមួយ​ព្យុះភ្លៀង និង​គ្រោះកាច​យ៉ាងច្រើន អស់​រយៈពេល ប្រាំ​មួយខែ​ទើប​កប៉ាល់​ទៅ ដល់​គោលដៅ ។ គាត់​បាន​ចូលរួម​ធ្វើសង្គ្រាម​នៅ​ទីនោះ រហូត​ចប់​ភារកិច្ច (​ជា​ទាហាន មានទោស​ព្រោះ​គាត់​វាយ​គេ​ឱ្យ​របួស​) ទើប​ទទួលបាន​ឋានៈ ជា​ប្រធាន​ភស្តុភា​នៅ កោះ​ម៉ា​កាវ ដែល​កាលណោះ ស្ថិតនៅក្រោម​អាណានិគម ព័រទុយហ្កាល់ ជា​បណ្តើរៗ (១៥៥៧-១៩៩៩) ។​

​ប្រហែលជា​ឆ្នាំ​១៥៥៥ ឬ ១៥៥៦ Luís de Camões​បានចាប់ផ្តើម​សរសេរ​កំណាព្យ​របស់ គាត់​នៅក្នុង​ល្អាង​ភ្នំ​មួយ ។ កំណាព្យ​នោះឯង​ហើយ​គឺជា​កំណាព្យ Os Lusíadas ដ៏​ល្បីល្បាញ​នោះឯង ។

​ក្រោយមក Luís de Camões ត្រូវបាន​ចោទថា បាន​កឹ​ប​កេង​ប្រាក់​កងទ័ព ទើបត្រូវ​ធ្វើ ដំណើរ​ត្រឡប់​ទៅ​តំបន់ Goa ដើម្បី​ឆ្លើយបំភ្លឺ ចំពោះ​ការចោទប្រកាន់​នោះ ។ លុះ​មក ដល់​តំបន់​ដែន​សមុទ្ទ​ខ្មែរ នៅ​តំបន់​ទន្លេមេគង្គ ដែល​ពួក​អឺរ៉ុប​ហៅថា Cochinchina ( វៀតណាម​ហៅថា Nam Kỳ , បារាំង​ហៅថា Cochinchine ខ្មែរ​ហៅថា កូសាំងស៊ីន ពោលគឺ​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃនេះ )​កប៉ាល់​របស់គាត់​បាន​បែកធ្លាយ​លិចលង់ នៅ​ទីនោះ ។​

​នៅលើ​កប៉ាល់​នោះ ក៏មាន​ស្រី​កំណាន់​របស់គាត់​ម្នាក់ ដែលជា​ជនជាតិ​ចិន​ដែរ ប៉ុន្តែ​ពេលនោះ Camões បាន​ស្ទុះ​ហែល​សង្គ្រោះ​ជីវិត ដោយ​ប្រើ​ដៃ​តែ​ម្ខាង សម្រាប់​ហែល ចំណែក​ដៃ​ម្ខាង​ទៀត​គាត់​កាន់ ក្រដាស​ដែលជា​អត្ថបទ​កំណាព្យ Os Lusíadas របស់គាត់​កុំឱ្យ​ត្រូវ​ទឹក រហូតដល់​គោក រក្សាបាន​ទាំង​ជីវិត​របស់គាត់ ទាំង​កំណាព្យ​Os Lusíadas របស់គាត់ ។ ចំណែក​ស្រី​កំណាន់​របស់គាត់ (​ដែល​ពុំ​ទទួលបាន​ការជួយ​យកអាសារ​ពី​គាត់​) ក៏បាន​លិចលង់​ក្នុង​ជម្រៅ​ទឹក​សមុទ្ទ​ស្លាប់​នាពេលនោះ​ទៅ ។​

​នៅ​ឆ្នាំ​១៥៧០ Luís de Camões បាន​ត្រឡប់​ទៅដល់​ទីក្រុង លី​ស​បោ​ន នៃ មាតុប្រទេស​របស់គាត់​វិញ ។ លុះ ឆ្នាំ ១៥៧២ គាត់​ក៏បាន​បោះពុម្ពផ្សាយ អត្ថបទ​កំណាព្យ​Os Lusíadas របស់គាត់ ហើយ​ត្រូវគេ​ទទួលស្គាល់ថា ជា​កំណាព្យ​ដ៏​ល្អ​ឯក​មួយ​របស់​ព័រទុយហ្កាល់ នា​សម័យ​កាលនោះ ។​

​នៅ​ឆ្នាំ​១៥៧៨ គាត់​បានដឹងថា កងទ័ព ព័រទុយហ្កាល់ ចាញ់​សង្គ្រាម​នៅឯ​សមរភូមិ Alcácer Quibir រីឯ​ស្តេច ព័រទុយហ្កាល់ ត្រូវបានធ្វើ​គត់​នៅក្នុង​សមរភូមិ​នោះ ហើយ​កង​ទ័ ព័រទុយហ្កាល់ ត្រូវបាន​កម្ទេច កងទ័ព Castilian របស់ អេ​ស្ប៉ា​ញ បាន​ចូលលុកលុយ ។ Camões បាន​សរសេរ​លិខិត​មួយច្បាប់​ទៅ​មេបញ្ជាការ​យោធា​ម្នា​ក់ថា “ មនុស្ស​គ្រប់រូប​នឹង​បាន​ឃើញថា ខ្ញុំ​គឺជា​សមាជិក​ម្នាក់ នៃ មាតុប្រទេស​ជាទី​ស្នេហា​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនមែន​គ្រាន់តែ​ស្លាប់​នៅក្នុង​ប្រទេស​របស់ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ស្លាប់​ជាមួយ​មាតុប្រទេស​របស់ខ្ញុំ “ ។​
​មរណភាព​របស់ Camões

​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៥៨០ ក្នុង​វ័យ ៥៦ ឆ្នាំ Luís de Camões បាន​លាចាក​លោក​នៅ​ទីក្រុង​លី​ស​បោ​ន​។ សព​របស់គាត់ ត្រូវបាន​បញ្ចុះ នៅក្នុង​វិមាន Jerónimos Monastery ជា​វិមាន សម្រាប់​បញ្ចុះសព​ឥស្សរជន​ថ្នាក់ជាតិ​របស់ ព័រទុយហ្កាល់ ។​

​ចាប់ពីពេលនោះ​មក ប្រជាជន​ព័រទុយហ្កាល់ បានជ្រើសរើស​យក​ថ្ងៃ​មរណភាព​របស់ កវី Luís de Camões គឺ​ថ្ងៃទី​១០ ខែមិថុនា ធ្វើជា​ទិវា​ជាតិ ព័រទុយហ្កាល់ រហូតមក ។​

​ទោះយ៉ាងណា មរណភាព​របស់​កវី​ជាតិនិយម Camões បាន​ក្លាយជា​និមិត្តរូប​នៃ​ជាតិ និយម​ព័រទុយហ្កាល់ បាន​កើតឡើង​ស្របគ្នា​ទៅនឹង​វិបត្តិ​ជា​បន្តបន្ទាប់ នៅក្នុង​ប្រទេស ព័រទុយហ្កាល់ នា​ឆ្នាំ ១៥៨០ ដែលជា​លទ្ធផល​នាំឱ្យ​ស្តេច ហ្វី​លី​ព​ទី​២​របស់​អេ​ស្ប៉ា​ញ ឡើង​គ្រងរាជ្យ​ជា​ស្តេច ព័រទុយហ្កាល់ នាំឱ្យ ព័រទុយហ្កាល់​បាន​ស្ថិតនៅក្រោម​ការ ត្រួតត្រា​របស់ អេ​ស្ប៉ា​ញ នៅក្នុង​ក្របខណ្ឌ សហា​ភាព អ៊ី​ប៊ឺ​រាន​អស់​រយៈពេល​បី​រជ្ជកាល ពី​ឆ្នាំ ១៥៨០-១៦៤០ ។

​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៦៤០ ព័រទុយហ្កាល់ ទទួលបាន​ឯករាជភាព​របស់ខ្លួន​វិញ​ដោយ​ការ បណ្តេញ​ជនជាតិ​អេ​ស្ប៉ា​ញ​ចេញពី ព័រទុយហ្កាល់ ហើយ​បាន​លើក​ស្តេច John of Bragança ឱ្យ​ឡើង​សោយរាជ្យ ជា​ស្តេច ព័រទុយហ្កាល់ វិញ​។​

​នៅក្នុង​សតវត្សរ៍​ទី​២០ កវី Camões ត្រូវបាន​ប្រើ​ជា​និមិត្តរូប សម្រាប់​ជាតិ​ព័រទុយហ្កាល់ ។ នៅ​ឆ្នាំ​១៩៤៤ នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ António de Oliveira Salazar បាន​និយាយ ថា ដល់​ថ្ងៃទី​១០ ខែមិថុនា ថា​ជា​ទិវា​នៃ​ពូជសាសន៍​ព័រទុយហ្កាល់​ហើយ​តាមរយៈ​ទស្សនៈ នេះ​គាត់​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ជាតិនិយម ។

​ទិវា​ជាតិ​ព័រទុយហ្កាល់ មិនមែន​ប្រារព្ធ​តែ​នៅក្នុង​ប្រទេស​ឡើយ ប៉ុន្តែ​ក៏​ថែមទាំង​ធ្វើ នៅទីណា ដែលមាន​សហគមន៍​ជនជាតិ​ព័រទុយហ្កាល់ រស់នៅ​ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​