ទិវា​ជាតិ ព័រ​ទុយ​ហ្គា​ល់ ជា​ថ្ងៃ​មរណភាព នៃ​កវី​ម្នាក់​

2423
ចែករម្លែក

(​ភ្នំពេញ​)៖ ទិវា​ជាតិ​ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​ប្រារព្ធ នៅ​ថ្ងៃទី​១០ ខែមិថុនា ដែលជា​ថ្ងៃ​មរណ ភាព​របស់​កវី Luís de Camões កាលពី​ឆ្នាំ​១៥៨០ ដែល​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ បានចាត់ទុក ថា ជា​និមិត្តរូប​នៃ​ជាតិនិយម​របស់​ជាតិ ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​៖
​សាធារណរដ្ឋ ព័រ​ទុយ​ហ្គា​ល់ ស្ថិតនៅ​អឺរ៉ុប​នារ​តី មាន​ផ្ទៃដី ៩២.២១២ គីឡូម៉ែត្រ​ក្រឡា​មាន​ព្រំ ប្រទល់​ជាប់​នឹង​ប្រទេស​អេ​ស្ប៉ា​ញ និង​សមុទ្ទ​អា​ត្ល​ង់​ទិ​ក​។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ភាសាផ្លូវការ​គឺ​ភាសា ព័រ​ទុយ​ហ្គា​ល់ រដ្ឋធានី គឺ​ទីក្រុង​លី​ស​បោ​ន ។​
​ ​
​ប្រវត្តិសាស្ត្រ​៖
​អត្ថបទ​កំណាព្យ ដែលមាន​ឈ្មោះថា Os Lusíadas និពន្ធ​ដោយ​កវី​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ ឈ្មោះ Luís de Camões (១៥២៤ ឬ ១៥២៥ មិថុនា​- ១០ មិថុនា ១៥៨០ ) ត្រូវបាន​ទទួលស្គាល់ថា ជា​កំណាព្យ វីរ​កថា (​និយាយ​អំពី​វីរជន និង​វីរភាព​) ជាតិ​របស់​ព័រ​ទុយ​ហ្គា​ល់ ជាការ​ប្រារព្ធ នូវ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ និង​ស្នាដៃ​របស់​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ ដែលជា​អ្នកជិះ​កប៉ាល់ បាន​រកឃើញ និង​គូរ​បានជា​ផែនទី ឆ្នេរ​សមុទ្ទ​អាហ្វ្រិក កាណាដា អាស៊ី និង ប្រេ​ស៊ី​ល ហើយ​បាន ក្លាយជា យុគ នៃ របកគំហើញ (​សម័យកាល នៃ ការរុករក​ឃើញ​) ។​

​កំណាព្យ​នោះ ផ្តោតជាសំខាន់​ទៅលើ​ការរុករក​របស់​ជន​ជាតិ​ព័រទុយហ្កាល់ នា​អំឡុង​សតវត្សរ៍​ទី​១៥ ដែលជា​លទ្ធផល​បាន​នាំមក​នូវ​ភាព​រន្ទឺ និង​ភ័ព្វសំណាង​ដល់​ប្រទេស ព័រ​ទុយ​ហ្គា​ល់​។ កំណាព្យ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​កំណាព្យ​ដ៏​ល្អ​ឯក​បំផុត​មួយ នៅក្នុង​ប្រវត្តិសាស្ត្រ​អក្សរសិល្ប៍​ព័រ​ទុយ​ហ្គា​ល់ ហើយ​បាន​ក្លាយជា​វីរភាព​ដ៏​អស្ចារ្យ​របស់​ព្រះ​ចៅ​អ​ធិ​រាជ្យ​ព័រ​ទុយ​ហ្គា​ល់ ។​

​កវី Luís de Camões ដែលជា​មនុស្ស​ជ្រាលជ្រៅ​ទៅដោយ​មនោសញ្ចេតនា​ស្រឡាញ់​កំណាព្យ យ៉ាង​ជក់ចិត្ត​នោះ ត្រូវបាន​ជាប់​ឱ្យធ្វើជា​កងទ័ព ហើយ​ក្នុងពេល​ធ្វើសង្គ្រាម នៅ​តំបន់​Ceuta (​បច្ចុប្បន្ន​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​) នា​ឆ្នាំ​១៥៤៩ គាត់​បាន​រងរបួស ហើយ​បាត់បង់​ភ្នែក​ខាងស្តាំ ។ នៅ​ឆ្នាំ​១៥៥១ គាត់​បាន​ត្រឡប់​ទៅ​ទីក្រុង​លី​ស​បោ​ន វិញ ក៏បាន​ក្លាយជា​មនុស្សម្នា​ក់ ដែលមាន​ចា​រិត​ផ្សេង​ពីមុន ។​

​នៅ​ឆ្នាំ​១៥៥២ គាត់​បាន​វាយ​ឥស្សរជន​ម្នាក់ ដែលជា​រាជវង្ស ឱ្យ​របួស ទើបត្រូវ​បាន​ចាប់​ដាក់គុក​។ ម្តាយ​របស់គាត់ បាន​ទៅសុំ​ទោស​គេ​ជំនួស​គាត់​សុំ​អង្វរ​ឱ្យ​ដោះលែង​គាត់ ។ គាត់​ត្រូវបាន​ដោះ លែងឱ្យ​រួច​ពី​គុក ប៉ុន្តែ​ត្រូវ​ពិន័យ​ឱ្យ​បង់ប្រាក់​សំណង​យ៉ាងច្រើន ហើយ​ឱ្យ​បម្រើកងទ័ព​រយៈពេល​បី​ឆ្នាំ ជាការ​លត់​ដំ ។

​នៅ​ឆ្នាំ​១៥៥៣ គាត់​ត្រូវបាន​តម្រូវឱ្យ​ធ្វើដំណើរ ទៅកាន់​តំបន់ Goa (​បច្ចុប្បន្ន​ជា​រដ្ឋ​មួយ​នៅ ភាគ​ខាងលិច នៃ​ប្រទេស​ឥណ្ឌា​) តាម​កប៉ាល់ ដែល​ត្រូវ​ចំណាយពេល​នៅលើ​កប៉ាល់​ជាមួយ ព្យុះភ្លៀង និង​គ្រោះកាច​យ៉ាងច្រើន អស់​រយៈពេល ប្រាំ​មួយខែ ទើប​កប៉ាល់​ទៅដល់​គោលដៅ ។ គាត់​បាន​ចូលរួម​ធ្វើសង្គ្រាម នៅ​ទីនោះ រហូត​ចប់​ភារកិច្ច (​ជា​ទាហាន​មានទោស​ព្រោះ​គាត់ វាយ​គេ​ឱ្យ​របួស​) ទើប​ទទួលបាន​ឋានៈ ជា​ប្រធាន​ភស្តុភា​នៅ​កោះ​ម៉ា​កាវ ដែល​កាលណោះ ស្ថិតនៅក្រោម​អាណានិគម ព័រ​ទុយ​ហ្គា​ល់ ជា​បណ្តើរៗ (១៥៥៧-១៩៩៩) ។ ប្រហែលជា​ឆ្នាំ ១៥៥៥ ឬ ១៥៥៦ Luís de Camões បានចាប់ផ្តើម​សរសេរ​កំណាព្យ​របស់គាត់ នៅក្នុង​ល្អាង ភ្នំ​មួយ ។ កំណាព្យ​នោះឯង​ហើយ គឺជា​កំណាព្យ Os Lusíadas ដ៏​ល្បីល្បាញ​នោះឯង ។

​ក្រោយមក Luís de Camões ត្រូវបាន​ចោទថា បាន​កឹ​ប​កេង​ប្រាក់​កងទ័ព ទើបត្រូវ​ធ្វើដំណើរ ត្រឡប់ ទៅ​តំបន់ Goa ដើម្បី​ឆ្លើយបំភ្លឺ ចំពោះ​ការចោទប្រកាន់​នោះ ។ លុះ​មកដល់​តំបន់ ដែន​សមុទ្ទ​ខ្មែរ នៅ​តំបន់​ទន្លេមេគង្គ ដែល​ពួក​អឺរ៉ុប ហៅថា Cochinchina ( វៀតណាម​ហៅថា Nam Kỳ , បារាំង​ហៅថា Cochinchine ខ្មែរ​ហៅថា កូសាំងស៊ីន ពោលគឺ​ទឹកដី​កម្ពុជា ក្រោម​សព្វថ្ងៃនេះ ) កប៉ាល់​របស់គាត់ បាន​បែកធ្លាយ​លិចលង់​នៅ​ទីនោះ ។​

​នៅលើ​កប៉ាល់​នោះ ក៏មាន​ស្រី​កំណាន់​របស់គាត់​ម្នាក់ ដែលជា​ជនជាតិ​ចិន​ដែរ ប៉ុន្តែ​ពេលនោះ Camões បាន​ស្ទុះ​ហែល​សង្គ្រោះ​ជីវិត ដោយ​ប្រើ​ដៃ​តែ​ម្ខាង​សម្រាប់​ហែល ចំណែក​ដៃ​ម្ខាង​ទៀត គាត់​កាន់​ក្រដាស​ដែលជា​អត្ថបទ​កំណាព្យ Os Lusíadas របស់គាត់​កុំឱ្យ​ត្រូវ​ទឹក រហូតដល់​គោក រក្សាបាន​ទាំង​ជីវិត​របស់គាត់ ទាំង​កំណាព្យ Os Lusíadas របស់គាត់ ។ ចំណែក​ស្រី​កំណាន់ របស់គាត់ (​ដែល​ពុំ​ទទួលបាន​ការជួយ​យកអាសារ​ពី​គាត់​) ក៏បាន​លិចលង់​ក្នុង​ជម្រៅ​ទឹក​សមុទ្ទ ស្លាប់​នាពេលនោះ​ទៅ ។​

​នៅ​ឆ្នាំ​១៥៧០ Luís de Camões បាន​ត្រឡប់​ទៅដល់​ទីក្រុង​លី​ស​បោ​ន នៃ​មាតុប្រទេស របស់គាត់​វិញ ។ លុះ​ឆ្នាំ​១៥៧២ គាត់​ក៏បាន​បោះពុម្ពផ្សាយ​អត្ថបទ​កំណាព្យ Os Lusíadas របស់គាត់ ហើយ​ត្រូវគេ​ទទួលស្គាល់ថា ជា​កំណាព្យ​ដ៏​ល្អ​ឯក​មួយ​របស់​ព័រ​ទុយ​ហ្គា​ល់ នា​សម័យ​កាលនោះ ។​

​នៅ​ឆ្នាំ ១៥៧៨ គាត់​បានដឹងថា កងទ័ព​ព័រ​ទុយ​ហ្គា​ល់ ចាញ់​សង្គ្រាម នៅឯ​សមរភូមិ Alcácer Quibir រីឯ​ស្តេច​ព័រ​ទុយ​ហ្គា​ល់ ត្រូវបានធ្វើ​គ​ត នៅក្នុង​សមរភូមិ​នោះ ហើយ​កងទ័ព​ព័រ​ទុយ​ហ្គា​ល់ ត្រូវបាន​កម្ទេច កងទ័ព Castilian របស់​អេ​ស្ប៉ា​ញ បាន​ចូលលុកលុយ ។ Camões បាន​សរសេរ​លិខិត​មួយច្បាប់ ទៅ​មេបញ្ជាការ​យោធា​ម្នា​ក់ថា “ មនុស្ស​គ្រប់រូប នឹង​បាន​ឃើញថា ខ្ញុំ​គឺជា​សមាជិក​ម្នាក់ នៃ​មាតុប្រទេស​ជាទី​ស្នេហា​របស់ខ្ញុំ ហើយ​ខ្ញុំ​មិនមែន​គ្រាន់តែ​ស្លាប់ នៅក្នុង​ប្រទេស​របស់ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​នឹង​ស្លាប់​ជាមួយ​មាតុប្រទេស​របស់ខ្ញុំ “ ។​

មរណភាព​របស់ Camões ៖
​នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៥៨០ ក្នុង​វ័យ ៥៦ ឆ្នាំ Luís de Camões បាន​លាចាក​លោក​នៅ ទីក្រុង​លី​ស​បោ​ន ។ សព​របស់គាត់ ត្រូវបាន​បញ្ចុះ នៅក្នុង​វិមាន Jerónimos Monastery ជា​វិមាន សម្រាប់​បញ្ចុះសព​ឥស្សរជន​ថ្នាក់ជាតិ​របស់ ព័រ​ទុយ​ហ្គា​ល់ ។ ចាប់ពីពេលនោះ មក ប្រជាជន​ព័រ​ទុយ​ហ្គា​ល់ បានជ្រើសរើស​យក​ថ្ងៃ​មរណភាព​របស់ កវី Luís de Camões គឺ​ថ្ងៃទី​១០ ខែមិថុនា ធ្វើជា​ទិវា​ជាតិ​ព័រ​ទុយ​ហ្គា​ល់ រហូតមក ។​

​ទោះយ៉ាងណា មរណភាព​របស់​កវី​ជាតិនិយម Camões បាន​ក្លាយជា​និមិត្តរូប នៃ​ជាតិនិយម ព័រ​ទុយ​ហ្គា​ល់ បានកើត​ឡើង ស្របគ្នា​ទៅនឹង​វិបត្តិ​ជា​បន្តបន្ទាប់ នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ នា​ឆ្នាំ​១៥៨០ ដែលជា​លទ្ធផល​នាំឱ្យ​ស្តេច​ហ្វី​លី​ព​ទី​២ របស់​អេ​ស្ប៉ា​ញ​ឡើង​គ្រងរាជ្យ​ជា​ស្តេច ព័រ​ទុយ​ហ្គា​ល់ នាំឱ្យ​ព័រ​ទុយ​ហ្គា​ល់ បាន​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់​អេ​ស្ប៉ា​ញ នៅក្នុង​ក្របខណ្ឌ សហភាព​អ៊ី​ប៊ឺ​រាន អស់​រយៈពេល​បី រជ្ជកាល ពី​ឆ្នាំ​១៥៨០-១៦៤០ ។

​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​១៦៤០ ព័រ​ទុយ​ហ្គា​ល់ ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន​វិញ ដោយ​ការបណ្តេញ ជនជាតិ​អេ​ស្ប៉ា​ញ ចេញពី​ព័រ​ទុយ​ហ្គា​ល់ ហើយ​បាន​លើក​ស្តេច John of Bragança ឱ្យ​ឡើង សោយរាជ្យ ជា​ស្តេច​ព័រ​ទុយ​ហ្គា​ល់​វិញ​។ នៅក្នុង​សតវត្សរ៍​ទី​២០ កវី Camões ត្រូវបាន​ប្រើ​ជា និមិត្តរូប​សម្រាប់​ជាតិ ព័រ​ទុយ​ហ្គា​ល់ ។ នៅ​ឆ្នាំ​១៩៤៤ នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ António de Oliveira Salazar បាន​និយាយថា ដល់​ថ្ងៃទី​១០ ខែមិថុនា ថា​ជា​ទិវា​នៃ​ពូជសាសន៍​ព័រ​ទុយ​ហ្គា​ល់ ហើយ​តាមរយៈ​ទស្សនៈ​នេះ គាត់​ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ជាតិនិយម ។

​ទិវា​ជាតិ​ព័រ​ទុយ​ហ្គា​ល់ មិនមែន​ប្រារព្ធ​តែ​នៅក្នុង​ប្រទេស​ឡើយ ប៉ុន្តែ​ក៏​ថែមទាំង​ធ្វើ​នៅទីណា​ដែលមាន សហគមន៍​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ រស់នៅ​ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​រូបសំណាក កវី Luís de Camões (Portugal 1)
​ទីក្រុង លី​ស​បោ​ន ប្រទេស ព័រទុយហ្កាល់ (Portugal 2)