ទិវា​ជាតិ ម៉ុង​ហ្គោល​

328
ចែករម្លែក

ភ្នំពេញៈ ម៉ុង​ហ្គោល គឺជា​អាណាចក្រ​មួយ​ដែល​ធ្លាប់​មានអំណាច និង​ផ្ទៃដី​ធំជាងគេ បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ប៉ុន្តែ​ចាប់ពី​ដើម​សតវត្សរ៍​ទី ១៣ មក​បាន​បែកបាក់​គ្នា ហើយ​ថយឥទ្ធិពល​ជា​បន្តបន្ទាប់​រហូត​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់ ចិន​ហើយ​ត្រូវបាន រុស្ស៊ី ដណ្តើមយក​ពី ចិន ទៅ​ត្រួតត្រា និង បានប្រកាស​ជា​រដ្ឋ​ឯករាជ្យ នៅ​ថ្ងៃ​នៅ​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ១៩២១ ប៉ុន្តែ​ស្ថិតនៅក្រោម​ឥទ្ធិពល សូ​វៀត រហូតដល់ សូ​វៀត ដួលរលំ ទើប ម៉ុង​ហ្គោល ផ្តូ​រ​ទៅជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​រហូតមក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អាស្រ័យ​រដ្ឋសភា ម៉ុង​ហ្គោល ស្ថិតនៅ​តំបន់ អាស៊ី មជ្ឈិមបូព៌ា មាន​ផ្ទៃដី ១.៥៦៦.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ចន្លោះ​ប្រទេស ចិន និង រុស្ស៊ី ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ភាសាផ្លូវការ គឺ​ភាសា ម៉ុង​ហ្គោ​លី រដ្ឋធានី គឺ​ទីក្រុង Ulaanbaatar ។​

​ប្រវត្តិសាស្ត្រ​
​ឆ្នាំ​២០៩ មុន​គ្រិស្តសករាជ ជនជាតិ សុង​នូ ( Xiongnu ) បាន​បង្កើត​អាណាចក្រ​ដ៏​ធំ មហិមា​មួយ ក្រោម​ការដឹកនាំ​របស់​ស្តេច ម៉ូ​ឌូ ហ្សា​ន​យូ ( Modu Shanyu ) ។ មិនយូរ ប៉ុន្មាន​អាណាចក្រ សុង​នូ ក្លាយជា​អាណាចក្រ​ដ៏​ខ្លាំងក្លា​បំផុត​នៅ​អា​ស៊ីម​ជ្ឈឹ​ម​បូព៌ា ហើយ បាន​សាយភាយ​អំណាច​របស់ខ្លួន​ទៅដល់​តំបន់​មួយចំនួន នៃ ប្រទេស​រុស្ស៊ី និង​ប្រទេស អ៊ុយ​ក្រែ​ន​បច្ចុប្បន្ននេះ ។ នៅ​សតវត្សរ៍​ទី​២ មុន​គ្រិស្តសករាជ កងទ័ព សុង​នូ​បាន​ច្បាំង ឈ្នះ​កម្លាំង​នានា​នៅ​តំបន់​មួយចំនួន​ដែល​បច្ចុប្បន្ន​ជា​ខេត្ត ស៊ីន​ជាំ​ង និង គ័ង​ស៊ូ នៃ ប្រទេស​ចិន ដែល​ជាការ​គំរាម​ដល់​រាជការ ឈី​ន នៃ ប្រទេស​ចិន​រហូត​ចិន​បង្ខំចិត្ត​កសាង មហា​កំផែង​ដែល​នៅ​ដល់​សព្វថ្ងៃ ហើយ​អំណាច និង ទឹកដី​ដ៏​ធំធេង​របស់ សុង​នូ​ត្រូវបាន បន្ត​ជំនួស​ដោយ​អាណាចក្រ​នានា​បើទោះជា​មាន​ភាពច្របូកច្របល់​ដោយ​ការដណ្តើម អំណាច​គ្នា​ក៏ដោយ ។

​ក្នុងពេល​មាន​ភាពច្របូកច្របល់​នៅក្នុង​សតវត្សរ៍​ទី​១៣ មេដឹកនាំ​ម្នាក់​ឈ្មោះ Temüjin បាន​ជោគជ័យ​ក្នុងការ​បង្រួបបង្រួម​កុលសម្ព័ន្ធ​នានា​របស់​ជនជាតិ ម៉ុង​ហ្គោល រវាង ម៉ាន់​ជូ និង កុលសម្ព័ន្ធ​ភ្នំ អាល់​តា​យ ។ នៅ​ឆ្នាំ ១២០៦ Temujin បានទទួល​យក​ងារ​ជា ឈី​ង​គីស ខាន់ ( Genghis Khan = ព្រះ​ចៅ​អ​ធិ​រាជ្យ , ព្រះរាជា​ធិ​រាជ្យ​, ស្តេច​ធំ ) ហើយ​រៀបចំ​ប្រតិបត្តិការ​យោធា​ជា​បន្តបន្ទាប់ ធ្វើឱ្យមាន​ភាព​រន្ទឺ​ឮ​ខ្ទរខ្ទារ​ពង្រីក​ទឹកដី ភាគច្រើនបំផុត នៃ តំបន់​អាស៊ី ហើយ​បង្កើតបានជា អាណាចក្រ ម៉ុង​ហ្គោល​ដែល​បាន ពង្រីក​អំណាច​ទឹកដី​ស្ទើរ​ពាសពេញ​អាស៊ី ដោយ​ខាងលិច​ទៅទល់ អ៊ុយ​ក្រែ​ន បច្ចុប្បន្ន ខាងកើត​ទល់​ប្រទេស​កូរ៉េ ខាងជើង​ទល់​តំបន់ ស៊ី​ប៊េ​រី ខាងត្បូង​ទល់​ឈូងសមុទ្ទ អូ​ម៉​ង់ និង វៀតណាម ដោយមាន​ផ្ទៃដី​សរុប ៣៣.០០០.០០០ គីឡូម៉ែត្រ​ក្រឡា ស្មើនឹង ២២ ភាគរយ នៃ ផ្ទៃដី​របស់​ពិភពលោក​ទាំងមូល ហើយ​មាន​ប្រជាជន​ជាង​១០០ លាន​នាក់ ឬ ប្រហែលជា មួយ​ភាគ​បួន នៃ ចំនួន​ប្រជាពលរដ្ឋ​ពិភពលោក​នា​សម័យ​កាលនោះ ។​

​អាណាចក្រ ម៉ុង​ហ្គោល បែកបាក់
​ព្រះ​ចៅ​អធិរាជ ឈី​ង​គីស ខាន់ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១២២៧ ធ្វើឱ្យ​អាណាចក្រ ម៉ុង​ហ្គោល បែកបាក់​ទៅជា​បួន​អាណាចក្រ ដែល​ភាសា​ម៉ុង​ហ្គោល ហៅថា Khanates ហើយ​Khanates នីមួយៗ​ស្ទើរតែ​ក្លាយជា​អាណាចក្រ​ឯករាជ្យ​រៀងៗ ខ្លួន បន្ទាប់ពី​មាន​សង្គ្រាម​រវាង​អាណាចក្រ​ទាំងឡាយ ពី​ឆ្នាំ ១២៦០-១២៦៤ ។​

khanates មួយ​ក្នុងចំណោម khanates ទាំង​បួន ឈ្មោះ Great Khaanate ដែលមាន ទឹកដី​ផ្នែក​ខ្លះ​ជា​ទឹកដី ម៉ុង​ហ្គោល និង ផ្នែក​ខ្លះ​ជា ចិន បាន​ក្លាយជា រាជវង្ស យាន (Yuan dynasty) ក្រោម​ការដឹកនាំ​របស់ Kublai Khan ដែលជា​ចៅ​របស់​អតីត ព្រះ​ចៅ​អធិរាជ ឈី​ង​គីស ខាន់ ហើយ​រាជធានី​របស់​រាជវង្ស យាន នៅ​ក្រុង ប៉េកាំង ប្រទេស​ចិន សព្វថ្ងៃនេះ ។​

​នៅ​ឆ្នាំ ១៣៦៨ រាជវង្ស យាន ត្រូវបាន​ជំនួស​ដោយ រាជវង្ស ម៉េង ( Ming Dynasty ) ហើយ​បង្ខំ​ឱ្យ​រាជវង្សានុវង្ស ម៉ុង​ហ្គោល ភៀសខ្លួន​ទៅ​ទិស​ខាងជើង ។ កងទ័ព​រាជវង្ស ម៉េង បាន​ដេញតាម រាជវង្ស យាន ហើយ​បាន​បំផ្លិចបំផ្លាញ​ទីក្រុង​ជាច្រើន របស់ ម៉ុង​ហ្គោល ហើយ​ការ​លុកលុយ​ពី​សំណាក់​កងទ័ព ចិន ទៅលើ​ទឹកដី ម៉ុង​ហ្គោល ចេះ តែមាន​ជា​បន្តបន្ទាប់ រហូតដល់​ឆ្នាំ ១៤៤៩ ទើប​ជនជាតិ ម៉ុង​ហ្គោល មានជ័យ​ជម្នះ​លើ រាជវង្ស ម៉េង វិញ ហើយ​បាន​រួបរួម​ជាតិ ម៉ុង​ហ្គោល ឡើងវិញ​នៅ​ដើម​សត្ត​វត្សរ៍​ទី ១៦ ។

​ប៉ុន្តែ​នៅ​សតវត្សរ៍​ទី ១៧ ក្រោម​កិច្ចដឹកនាំ​របស់ Ligden Khan ដែលជា​សន្តតិវង្ស Khan ចុងក្រោយ​បំផុត​របស់ ម៉ុង​ហ្គោល នៅ​ឆ្នាំ ១៦៩១ ទឹកដី​ម៉ុង​ហ្គោល ភាគ​ខាងក្នុង ទាំង ស្រុង ត្រូវបាន​ដាក់​ទៅ​ក្រោម​ការត្រួតត្រា​ទាំងស្រុង​របស់ រាជវង្ស ឆេង របស់ ជនជាតិ ម៉ាន់​ជូ ចិន ។ ប៉ុន្តែ​ទឹកដី ភាគ​ខាងក្រៅ របស់ ម៉ុង​ហ្គោល​ត្រូវបាន​ប្រគល់ឱ្យ​នូវ​សិទ្ធិ ស្វ័យភាព ។

​ប្រកាស​ឯករាជ្យ ម៉ុង​ហ្គោល​
​នៅ​ឆ្នាំ ១៩១១ រាជវង្ស ឆេង នៃ ប្រទេស​ចិន បាន​ដួលរលំ ហើយ​ត្រូវបាន​ជំនួស​ដោយ របប សាធារណរដ្ឋ ចិន ដោយមាន លោក​សេនាប្រមុខ យាន ស៊ី​ខៃ (Yuan Shikhai) ជា​ប្រធានាធិបតី ហើយ យាន ស៊ី​ខៃ បានចាត់ទុក​ប្រទេស ម៉ុង​ហ្គោល ថា​ជា​ផ្នែក​មួយ នៃ ទឹកដី​របស់ ចិន ពោលគឺ គាត់​ចង់​រំលាយ ម៉ុង​ហ្គោល ឱ្យទៅជា ចិន ជា​ស្ថាពរ ។​

​ប៉ុន្តែ មេដឹកនាំ ម៉ុង​ហ្គោល ឈ្មោះ Bogd Khaan បាន​បដិសេធ​មហិច្ឆតា​របស់ យាន ស៊ី​ខៃ ហើយ​បែរជា​ប្រាថ្នា​ចង់​បង្កើត​ឯករាជភាព​ម៉ុង​ហ្គោល​ទៅវិញ ។ នៅ​ឆ្នាំ ១៩១៩ កងទ័ព ចិន បាន​ចូល​កាន់កាប់​ប្រទេស ម៉ុង​ហ្គោល ។​

​ឥទ្ធិពល នៃ សង្គ្រាមស៊ីវិល រុស្ស៊ី ឩ​ត្ត​ម​សេនី រុស្ស៊ី ម្នាក់​បាន​ដឹកនាំ​ទ័ព​របស់ខ្លួន ចូលទៅ ប្រទេស​ម៉ុង​ហ្គោល នៅ​ខែ តុលា ឆ្នាំ ១០២០ ហើយដោយ​មាន សហការ​ពី ជនជាតិ ម៉ុង​ហ្គោល ផង កងទ័ព រុស្ស៊ី បាន​បណ្តេញ​កងទ័ព​ចិន ចេញពី ទឹកដី ម៉ុង​ហ្គោល នៅ​ដើមខែ កុម្ភៈ ឆ្នាំ ១៩២១ ។

​ដោយសារ រុស្ស៊ី បារម្ភ​ខ្លាច​កងទ័ព ចិន ចូលលុកលុយ ម៉ុង​ហ្គោល ម្តងទៀត​ដែល​នឹង ធ្វើឱ្យ​ខ្សោយ​ដល់​ឥទ្ធិពល​របស់ខ្លួន (​រុស្ស៊ី​) ពួក បុល​សេ​វិក រុស្ស៊ី ក៏បាន​សម្រេចចិត្ត​គាំទ្រ បង្កើត​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត និង កងទ័ព ម៉ុង​ហ្គោល ។

​កងទ័ព​ម៉ុង​ហ្គោល ទាំងនោះ​បាន​ទៅ​ដណ្តើមយក​តំបន់ Kyakhta ដែលជា​ផ្នែក​មួយ នៃ ទឹកដី ម៉ុង​ហ្គោល ពី​កងទ័ព ចិន នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩២១ ហើយ​នៅ​ថ្ងៃទី ៦ ខែ កក្កដា កងទ័ព​រុស្ស៊ី និង ម៉ុង​ហ្គោល បាន​រុលទៅមុខ ដណ្តើម​ទឹកដី​អតីត​របស់​ម៉ុង​ហ្គោល ពី​កងទ័ព​ចិន វិញ ចូលដល់​តំបន់ Khüree ហើយ ជនជាតិ ម៉ុង​ហ្គោល​បានប្រកាស ឯករាជភាព​របស់ខ្លួន នៅ​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ១៩២១ នោះឯង ហើយ ម៉ុង​ហ្គោល ក៏​ចាប់ផ្តើម​មាន​ឯករាជភាព​របស់ខ្លួន​តាំងពី​ពេលនោះ​មក ។​

​គឺ​ថ្ងៃនោះ​ឯ​ហើយ​ដែល​ក្រោយមក បាន​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ ម៉ុង​ហ្គោល សព្វថ្ងៃនេះ ។

​ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ ធ្វើឱ្យ រុស្ស៊ី មិន​សប្បាយចិត្ត​ទាល់តែសោះ ព្រោះ​រុស្ស៊ី យល់ថា ម៉ុង​ហ្គោល ក្រោម​ការដឹកនាំ​របស់ Bogy Khaan មិន​ស្តាប់បង្គាប់ រុស្ស៊ី​ទើប​រុស្ស៊ី​ជា​ញឹក ញាប់​តែងតែ​ប៉ង​ដក Bogy Khaan ចេញពី​អំណាច​ហើយ​ដាក់ជំនួស​ដោយ​អ្នកផ្សេង ដែល​ស្តាប់បង្គាប់​វិញ ។

Bogy Khaan បាន​ស្លាប់​នៅ​ឆ្នាំ ១៩២៤ ដែល​គេ​សង្ស័យថា អាច​ត្រូវ សម្លាប់​ដោយ​ពួក ចារកម្ម រុស្ស៊ី នោះ​ប្រព័ន្ធ​នយោបាយ​ត្រូវបាន​ផ្លាស់ប្តូរ គឺ​ចេញ ពី​ក​ម្មុយ​និ​ស្ត ម៉ុង​ហ្គោល ទៅ ជា​សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្កោ​ល (Mongolian People’s Republic ) វិញ ។

​ពួក​អ្នកដឹកនាំ​របស់​សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្គោល ភាគច្រើន គឺជា​អ្នក​ជាតិនិយម មិនសូវ​ស្តាប់​ឱវាទ រុស្ស៊ី ខ្លាំង​ឡើងៗ ដែល​ពួក​អ្នក​ទាំង​នោះគេ​ហៅថា Pan-Mongolists ។ ដោយហេតុនេះ សហភាពសូវៀត បានសម្រេច​ចិត្ត​បង្កើត របប​កុ​ម្មុយ​និ​ស្ត យ៉ាង ពេញលេញ នៅ ម៉ុង​ហ្គោល នា​អំឡុង ទសវត្សរ៍ ឆ្នាំ ១៩៦០ ហើយ​ក្រោយមក​បាន​លប់ បំបាត់​ចលនា ពួក​អ្នក Pan-Mongolists ចោល​។​

​មេដឹកនាំ​ទាំងឡាយណា មិន​ស្តាប់​បញ្ជា រុស្ស៊ី ដែល​ពេលខ្លះ​បញ្ជា​ឱ្យធ្វើ​អំពើ​យង់ឃ្នង ប្រឆាំង​ជនជាតិ ម៉ុង​ហ្គោល នោះ​នឹងត្រូវ រុស្ស៊ី​កាត់​ឱ្យមាន​ទោស ។

​នៅ​ឆ្នាំ ១៩៣១ ចក្រពត្តិនិយម បាន​ចូលលុកលុយ​ទឹកដី ជនជាតិ ម៉ាន់​ជូ គឺ​ផ្នែក​ខ្លះ នៃ ប្រទេស​ចិន ហើយ​ធ្វើឱ្យ​កិត្តិនាម ជប៉ុន កាន់តែ​រន្ទឺ​ឮ​ខ្ទរខ្ទារ​ឡើងៗ​ហើយក៏​បាន​បន្ត​គំនិត វាទី​និយម​របស់ខ្លួន​ចូលទៅ​ប្រទេស ម៉ុង​ហ្គោល ទៀត ។ ប៉ុន្តែ​សង្គ្រាម​ដណ្តើម​ព្រំដែន រវាង​ជប៉ុន​-​សូ​វៀត បាន​ផ្ទុះឡើង​នៅ​ឆ្នាំ ១៩៣៩ ហើយ​តាមរយៈ​សង្គ្រាម​នេះ​បាន​ការពារ ទឹកដី ម៉ុង​ហ្គោល ពី​ការឈ្លានពាន របស់​ជប៉ុន ដោយ​ជោគជ័យ ។

​នៅ​ឆ្នាំ ១៩៣៩ នោះ យុទ្ធជន ម៉ុង​ហ្គោល បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​ពួកវា​ទី​និយម​ជប៉ុន ហើយ​ដណ្តើមបាន​ទឹកដី​ម៉ុង​ហ្គោល​ភាគខាងត្បូង ពី​ជប៉ុន និង ចិន មកវិញ ។​

​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៤៥ Yalta Conference (​ជួនកាល​ហៅថា Crimea Conference ជា​ឈ្មោះ​របស់ ក្រុម​មួយ​ដែល​សមាជិក​សុទ្ធតែជា​ប្រមុខរដ្ឋ នៃ​សម្ព័ន្ធមិត្ត​នៅក្នុង សង្គ្រាមលោកលើកទី ២ ដឹកនាំ​ដោយ​អាមេរិក ) បានផ្តល់​ឱកាស​ឱ្យ សហភាពសូវៀត ចូលរួម​ប្រយុទ្ធ​នៅ​មហាសាគរ ប៉ា​ស៊ី​ហ្វ៊ិ​ក ។ ជា​ថ្នូ​នឹង​ការចូល​ជួយ​ក្នុង​សង្គ្រាម​នោះ សហភាពសូវៀត បានដាក់​លក្ខន្តិកៈ មួយចំនួន​ក្នុងនោះ​ក៏មាន​លក្ខន្តិកៈ​មួយ​សហ​ភាព សូ​វៀត​ទាមទារ​ថា បន្ទាប់ពី​សង្គ្រាម​នេះ​ចប់ ដែនដី​ម៉ុង​ហ្គោល ផ្នែក​ខាងក្រៅ​នឹង​នៅ តែ​រក្សា​ឯករាជភាព​របស់ខ្លួន ។​

​នៅ​ថ្ងៃទី ១ ខែ តុលា ឆ្នាំ ១៩៤៩ សាធារណរដ្ឋ​ប្រជាមានិត ចិន ត្រូវបាន​បង្កើតឡើង ហើយ ម៉ុង​ហ្គោល និង សាធារណរដ្ឋ​ប្រជាមានិត ចិន បានប្រកាស​ទទួលស្គាល់ ឯករាជភាព​របស់​គ្នា​ទៅវិញទៅមក នៅ​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៤៩ ។ ប៉ុន្តែ​លទ្ធិ កុ​ម្មុយ​និ​ស្ត របស់​សហភាពសូវៀត នៅតែមាន​ឥទ្ធិពល​លើ​ប្រទេស​ម៉ុង​ហ្គោល យ៉ាងខ្លាំង​ក្លា​នៅឡើយ ។​

​សហភាពសូវៀត ដែលជា​បិតា​លទ្ធិ​កុ​ម្មុយ​និ​ស្ត​ក្នុង​លោក បាន​ដួលរលំ​ក៏បាន​បណ្តាល ឱ្យមាន​បដិវត្តន៍​ពី​កុ​ម្មុយ​និ​ស្ត ទៅជា​ប្រជាធិបតេយ្យ ត្រូវបានធ្វើ​ដោយ​ជោគជ័យ និង ដោយ​សន្តិភាព នៅ ម៉ុង​ហ្គោល ដែរ ។ រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ឆ្នាំ ១៩៩២ ហើយ​សាធារណរដ្ឋ ប្រជាមានិត ម៉ុង​ហ្គោល ត្រូវបាន​ទម្លាក់​ឈ្មោះ របស់​ប្រទេស​នេះ ។ ការបោះឆ្នោត ឆ្នាំ ១៩៩៣ គឺជា​ការបោះឆ្នោត​មួយ​ដែល​បក្ស កុ​ម្មុយ​និ​ស្ត​ពុំបាន​ឈ្នះ​កៅអី​នៅ​រដ្ឋសភា​សោះ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​