ទិវា​ជាតិ យេ​ម៉ែន​

1682
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ យេ​ម៉ែន ប្រារព្ធ ទិវា​ជាតិ របស់​ពួកគេ​នៅ ថ្ងៃទី ២២ ខែ ឩ​សភា ដើម្បី​រំឭក​ដល់ ការរួបរួម​បញ្ចូល​គ្នា រវាង សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត យេ​ម៉ែន (​យេ​ម៉ែន ខា​ត្បូង​) និង សាធារណរដ្ឋ យេ​ម៉ែន អារ៉ាប់ (​យេ​ម៉ែន ខាងជើង​) បង្កើតបានជា សាធារណរដ្ឋ យេ​ម៉ែន កាលពី​ឆ្នាំ ១៩៩០​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ យេ​ម៉ែន គឺជា​រដ្ឋ​អារ៉ាប់​មួយ​ស្ថិតនៅ អាស៊ី ខាងលិច មាន​ផ្ទៃដី ៥២៧.៩៧០ គីឡូម៉ែត្រ​ក្រឡា មាន​កោះ​ជាង ២០០ មាន​ឆ្នេរ​សមុទ្ទ​ប្រមាណ​ជា ២.០០០ គីឡូម៉ែត្រ មាន​ព្រំដែន​ជាប់​នឹង សា​អ៊ូ​ឌី អារ៉ាប់ សមុទ្ទ​ក្រហម ឈូងសមុទ្ទ អេ​ដែន និង ប្រទេស អូ​ម៉​ង់ ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ២៨ លាន នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា អារ៉ាប់ រដ្ឋធានី គឺ​ទីក្រុង សា​ណា​។​

​យេ​ម៉ែន ខាងត្បូង​
​រហូតដល់​ឆ្នាំ ១៩១៨ ទឹកដី យេ​ម៉ែន ខាងត្បូង ស្ថិតនៅក្រោម​អាណានិគម​អង់គ្លេស នៅឡើយ ។ គិត​ត្រឹម​ឆ្នាំ ១៩៦៣ ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ប្រឆាំងនឹង​អាណានិគម​អង់គ្លេស​បានរួម​បញ្ចូល គ្នា​បង្កើតបានជា​ក្រុម​ធំៗ​ពីរ​គឺ ក្រុមរ​ណ​សិ​រ្យ​រំដោះជាតិ (NLF) គាំទ្រ​ដោយ អេ​ហ្ស៊ី​ព និង ក្រុមរ​ណ​សិ​រ្យ​ដើម្បី​រំដោះ​ដែនដី​អាណានិគម (FLOSY) ហើយ​ក្រុម​ទាំងពីរ នេះ មិនមែន វាយប្រហារ​ប្រឆាំង​តែ​អាណានិគម​អង់គ្លេស​ទេ ក៏​វាយប្រហារ​គ្នាឯង​ទៅវិញ ទៅមក ផងដែរ បើទោះជា​គោលបំណង​ប្រហាក់ប្រហែលគ្នា​ក៏ដោយ ។​
​ ​
​នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៦៣ ក្រុម NLF បាន​គប់​គ្រាប់បែកដៃ​ទៅលើ​ស្នងការ​ជាន់ខ្ពស់ អង់គ្លេស​នៅ​ទីក្រុង​កំពង់ផែ​សមុទ្ទ អេ​ដែន បានសម្លាប់​ស្ត្រី​ម្នាក់ និង របួស ៥០ នាក់ ។ ពេលនោះ ក្រុម FLOSY ក៏​ចាប់ផ្តើម​បើក​យុទ្ធនាការ​វាយប្រហារ ដោយ​គ្រាប់បែកដៃ​ប្រឆាំង នឹង​អាណានិគម​អង់គ្លេស​ដែរ បាន​បញ្ឆេះ​ភ្លើង​ហិង្សា​ធំ​ឡើៗ​ជា​បន្តបន្ទាប់​។​

​នៅ​ថ្ងៃទី ១៩-២០ ខែ មករា ឆ្នាំ ១៩៦៧ ក្រុម NLF បានចេញ​បង្កើត​កុបកម្ម​នៅតាម​ដង វិថី​នានា នៃ ទីក្រុង អេ​ដែន រហូតដល់​នគរបាល​ក្រុង អេ​ដែន បាត់បង់​ការគ្រប់គ្រង​ស្ថានភាព ។ អគ្គស្នងការ​អាណានិគម​អង់គ្លេស​បានដាក់​ពង្រាយ​កងទ័ព​អង់គ្លេស​បង្ក្រាប​ក្រុម កុប្បកម្ម នោះ ក៏មាន​ការប៉ះទង្គិច​ប្រដាប់អាវុធរ​វា​កងទ័ព​អង់​អាណានិគម​អង់គ្លេស និង ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ខាងត្បូង ហើយ​បានអូសបន្លាយ​រហូតដល់​ខែ កុម្ភៈ​ដោយ​យ​ការប្រយុទ្ធ​គ្នា​នោះ សរុប​ជាង​១០០ លើក ។

​មេដឹកនាំ អេ​ហ្ស៊ី​ព លោក ហ្កា​ម៉ា​ល់ អាប់​ដែល ណា​ស្សែ​រ៍ បាន​ចោទ​អាណានិគម អង់គ្លេស​ថា បានធ្វើ​សង្គ្រាម​ប្រឆាំង​ឩ​ទ្ទាម យេ​ម៉ែន ខាងត្បូង ដើម្បី​ជួយ​យក​អំណាច នៅ ទីនោះ​ឱ្យ អ៊ីស្រាអែល ។ នៅ​ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៦៧ នោះ អេ​ហ្ស៊ី​ព បាន​បញ្ជូន កងទ័ព​មួយចំនួន​ទៅ​ជួយ​ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ហើយ​ការប្រយុទ្ធ​គ្នា​បានសម្លាប់​កងទ័ព អាណានិគម​អង់គ្លេស ២២ នាក់ បាញ់​ទម្លាក់​ឩ​ត្ថ​ម្ភា​ក​ចក្រ​ជាច្រើន​គ្រឿង ហើយ​ទីបំផុត ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ខាងត្បូង​ដណ្តើម​គ្រប់គ្រង​បាន​តំបន់ ខា​ទ័​រ ។

​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​អាណានិគម​អង់គ្លេស និង ក្រុម​ឩ​ទ្ទាម យេ​ម៉ែន បាន​ចេះតែ​បន្ត​ចាញ់ ឈ្នះ​គ្នា​ជា​បន្តបន្ទាប់ លុះដល់​មុន​ដំណាច់ខែ វិច្ឆិកា ឆ្នាំ ១៩៦៧ នោះ កងទ័ព​អង់គ្លេស​បាន ដកថយ​ចេញពី ទីក្រុង អេ​ដែន ។ ពេលនោះ ក្រុម NLF បាន​ច្បាម​យក​អំណាច​នៅ​ដែនដី អេ​ដែន នោះ ហើយ​បង្កើតបានជា​សាធារណរដ្ឋ​ប្រជាមានិត យេ​ម៉ែន ខាងត្បូង​ហើយ​បាន ប្តូរ​ទៅជា សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត យេ​ម៉ែន នៅ​ឆ្នាំ ១៩៧០ ។​

យេ​ម៉ែន ខាងជើង​
​ការដួលរលំ​អាណាចក្រ អូ​តូ​ម៉​ង់ នៅ​ឆ្នាំ ១៩១៨ ទើប​រដ្ឋ យេ​ម៉ែន (​ខាងជើង​) កើតឡើង ជា​រូបរាង គ្រប់គ្រង​ដោយ​របបរាជានិយម ហើយ​ប្រកាន់​សាសនា​អ៊ិ​ស្លាម តឹងរឹង ។ ភាពម៉ឺងម៉ាត់​នៅក្នុង​ការប្រកាន់​សាសនា​នោះ បណ្តាលឱ្យ​ពួក​គ្រិស្ត​សាសនិក​នៅលើ​ទឹកដី​នោះ និង ជុំវិញ​នោះ បាន​ហៅ​ស្តេច យេ​ម៉ែន អា​ហ​ម៉ា​ដ់ ប៊ី​ន យ៉ា​ហ​យ៉ា ថា “ អា​ហ​ម៉ា​ដ់ បិសាច “ ។ ចាប់តាំងពី​ឆ្នាំ ១៩៥៥ មក ក៏​ចាប់ផ្តើម​មាន​ចលនា​ប្រឆាំងនឹង​រាជានិយម ។​

​ស្តេច អា​ហ​ម៉ា​ដ់ ប៊ី​ន យ៉ា​ហ​យ៉ា បាន​ចូល​ទីវ​ង្គ​ត​នៅ​ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៦២ ហើយ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ មូ​ហា​ម៉ា​ដ់ អាល​-​បា​ដ្រ បាន​ឡើង​ស្នងរាជ្យ ។ ឡើង​សោយរាជ្យ​ភ្លាម ស្តេច មូ​ហា​ម៉ា​ដ់ អាល​-​បា​ដ្រ បានតែងតាំង​វរសេនីយឯក អាប់​ឌុល​ឡា​ហ សាឡា​ល់ ដែល​គេ​ដឹងថា​ជា​អ្នក​សង្គមនិយម​ម្នាក់ ឱ្យធ្វើជា មេកង អង្គរក្ស ប្រចាំ​រាជវាំង ។​

​ដោយមាន​ការជួយ​ពី អេ​ហ្ស៊ី​ព តាំងពី​យូរ​មកហើយ​ស្រាប់ នៅ​ថ្ងៃទី ២៦ ខែ និង ឆ្នាំ ដដែល​នោះ មេកង​អង្គរក្ស​ប្រចាំ​រាជវាំង លោក អាប់​ឌុល​ឡា​ហ សាឡា​ល់ បាន​ដឹកនាំ​កងទ័ព ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ស្តេច មូ​ហា​ម៉ា​ដ់ អាល​-​បា​ដ្រ ពី​រាជបល្ល័ង្ក បាន​ដោយ​ជោគជ័យ ហើយ លោក អាប់​ឌុល​ឡា​ហ សាឡា​ល់ ក៏បាន​ប្រកាស​ព្រះរាជា ណា​ចក្រ យេ​ម៉ែន (​ខាងជើង​) ថា​ជា សាធារណរដ្ឋ យេ​ម៉ែន ដោយមាន​រូបគាត់ ជា​ប្រធានាធិបតី ។ សង្គ្រាម នៅ យេ​ម៉ែន ក៏បាន​ចាប់​ឆាបឆេះ​ឡើង ។​

​ស្តេច មូ​ហា​ម៉ា​ដ់ អាល​-​បា​ដ្រ បាន​ភៀស​ទៅ​ព្រំដែន សា​អ៊ូ​ឌី អារ៉ាប់ ហើយ​ពង្រីក​ប្រជាប្រិយ និង ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​ទីនោះ ។ ខាង​ពួក​អ្នករាជានិយម មាន​ប្រទេស ហ្សុ​ក​ដង់ និង សា​អ៊ូ​ឌី អារ៉ាប់ បាន​ផ្គត់ផ្គង់​ជំនួយ​យោធា​ដោយ​ចេញមុខ ហើយ​អង់គ្លេស​បាន​ជួយ ផ្គត់ផ្គង់​ដោយ​លួចលាក់ ។

​ចំណែក​ខាង​ពួក​អ្នក​សាធារណរដ្ឋ គាំទ្រ​ដោយ​ប្រទេស អេ​ហ្ស៊ី​ព ហើយ​ត្រូវបាន​គេ​ដឹងថា ទទួល​យន្តហោះ​ចម្បាំង​ពី​សហភាពសូវៀត ។ ទាំង​ខាង​ភាគី​រាជានិយម និង​ខាង សាធារណ​រដ្ឋនិយម សុទ្ធតែ​ទទួលបាន កងទ័ព ពី​ប្រទេស​ដែល​គាំទ្រ​ខ្លួន​រាប់ម៉ឺន​នាក់​រៀងៗ ខ្លួន​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​នោះ ។​

​នៅ​ទីបំផុត ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀងគ្នា​បញ្ចប់សង្គ្រាម​នោះ​នៅ​ឆ្នាំ ១៩៦៧ ហើយ​បង្កើត បានជា​រដ្ឋាភិបាល​សាធារណរដ្ឋ យេ​ម៉ែន ខាងជើង ដោយ​រួមបញ្ចូល​ទាំង​ពួក​សាធារណរដ្ឋ និង ពួក​អ្នកគាំទ្រ​រាជានិយម ប៉ុន្តែ​ពុំមាន​សមាជិក​រាជវង្ស​នៅក្នុង​រដ្ឋាភិបាល​នោះឡើយ ។

សង្គ្រាម យេ​ម៉ែន ជើង​-​ត្បូង​
​ ​
​នៅ​ខែ តុលា ឆ្នាំ ១៩៧២ មានការ​ប្រយុទ្ធ​គ្នា​រវាង យេ​ម៉ែន ខាងត្បូង និង យេ​ម៉ែន ខាងជើង ។ យេ​ម៉ែន ខាងជើង ទទួលបាន​ការផ្គត់ផ្គង់​ពី សា​អ៊ូ​ឌី អារ៉ាប់ ចំណែក យេ​ម៉ែន ខាងត្បូង ទទួល​ជំនួយ​ពី សហភាពសូវៀត ។ ប៉ុន្តែ​សង្គ្រាម​នេះ​កើតឡើង​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ទីបំផុត​ក៏មាន​កិច្ច​ព្រមព្រៀងគ្នា​មួយ​នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៧២ នោះ នាទី​ក្រុង កាយ​រ៉ូ ប្រទេស អេ​ហ្ស៊ី​ព គឺ​កិច្ចព្រមព្រៀង​នោះ​ហើយ​ដែល​បានរៀបចំ​ផែនការ “ រួបរួម យេ​ម៉ែន ទាំងពីរ​បញ្ចូល​គ្នា “ ។

​មិនទាន់​បង្រួបបង្រួម​គ្នា​ផង យេ​ម៉ែន ខាងជើង បាន​ចោទ យេ​ម៉ែន ខាងត្បូង ថា បាន​ជួយ ផ្តល់ជំនួយ​ដល់​ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ខាងជើង​តាមរយៈ​រណៈ​សិ​រ្យ ជាតិ​ប្រជាធិបតេយ្យ និង ការបំពាន​ព្រំដែន នាំឱ្យ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង យេ​ម៉ែន ទាំងពីរ ផ្ទុះឡើង​ម្តងទៀត​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ។ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នោះ ក៏មាន​រយៈពេល​មិនយូរ​ដែរ ។​

​ការរួបរួម យេ​ម៉ែន​
​នៅ​ចុង​ទសវត្សរ៍ ១៩៨០ ការរុករក​ប្រេង​នៅ​ជិត​តំបន់​ព្រំដែន នៃ យេ​ម៉ែន ទាំងពីរ​បានធ្វើ ឱ្យមាន​ចំណាប់អារម្មណ៍​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​គ្នា​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ធនធាន​នោះ​សម្រាប់​កសាង​សេដ្ឋកិច្ច នៃ យេ​ម៉ែន ទាំងពីរ ។​

​នៅ​ឆ្នាំ ១៩៨៨ រដ្ឋាភិបាល នៃ ប្រទេស​ទាំងពីរ​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​មួយ ដើម្បី​បន្ថយ​ភាព​តានតឹង​នានា រួមទាំង​កិច្ចព្រមព្រៀង​នានា​ក្នុងការ​ពិភាក្សា​ជាថ្មី​ចំពោះ​ការ រួបរួម​បញ្ចូល​គ្នា​ដ៏​កំពុងមាន​កង្វល់ ដើម្បី​បង្កើត​តំបន់​រុករក​ប្រេង​រួមគ្នា តាម​បណ្តោយ​ព្រំដែន នៃ ប្រទេស​ទាំងពីរ ដែលមាន​ឈ្មោះថា តំបន់​អភិវឌ្ឍន៍​រួម ។ នៅក្នុង​ខែ​ដដែល​នោះ​ពួកគេ បាន​បង្កើត ក្រុមហ៊ុន យេ​ម៉ែន សម្រាប់​វិនិយោគ ក្នុង​វិស័យ ធនធាន រ៉ែ និង ប្រេងកាត ។

​នៅ​ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ លោក អា​លី អាប់​ឌុល​ឡា​ហ សា​ឡេ​ហ ប្រធានាធិបតី យេ​ម៉ែន ខាងជើង និង ប្រធានាធិបតី យេ​ម៉ែន ខាង​ត្បូ លោក អា​លី សា​លីម អាល់​-​បេ​ដ បាន​ព្រម ព្រៀង​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាង​ធម្មនុញ្ញ សម្រាប់​ការរួបរួម​ប្រទេស​ទាំងពីរ ដែល​បាន​ព្រាង ដំបូង​នៅ​ឆ្នាំ ១៩៨១ ។

​សាធារណរដ្ឋ យេ​ម៉ែន ប្រេះស្រាំ​
​សាធារណរដ្ឋ យេ​ម៉ែន គឺជា​ឈ្មោះ​ថ្មី​មួយ ដែល​កើតចេញពី​ការរួបរួម​បញ្ចូល​គ្នា​រវាង យេ​ម៉ែន ខាងជើង និង យេ​ម៉ែន ខាងត្បូង ហើយ​ការបង្កើត សាធារណរដ្ឋ យេ​ម៉ែន នោះ ត្រូវបាន ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែ ឩ​សភា ឆ្នាំ ១៩៩០ ដោយ​លោក អាប់​ឌុល​ឡា​ហ សា​ឡេ​ហ នៃ យេ​ម៉ែន ខាងជើង គឺជា​ប្រមុខរដ្ឋ ចំណែក លោក សា​លីម អាល់​-​បេ​ដ នៃ យេ​ម៉ែន ខាងត្បូង គឺជា​ប្រុ​មុខ​រដ្ឋាភិបាល ។ គឺ​ព្រឹត្តិការណ៍​នា​ថ្ងៃ​នោះឯង​ហើយ ដែល​ក្រោយមក​បានក្លាយ​ជា ទិវា​ជាតិ យេ​ម៉ែន ។​

​ផែនការ​អន្តរកាល​មួយ​ដែលមាន​រយៈពេល ៣០ ខែ ក្នុងការ​បង្រួបបង្រួម​បញ្ចូល​គ្នា នូវ ប្រព័ន្ធ​សេដ្ឋកិច្ច និង នយោបាយ នៃ យេ​ម៉ែន ទាំងពីរ​ត្រូវបាន​បង្កើតឡើង ។ ក្រុមប្រឹក្សា ប្រធានាធិបតី ត្រូវបាន​បោះឆ្នោត​រួម ដោយ​សមាជិក ២៦ រូប និង ១៧ នៃ យេ​ម៉ែន ទាំងពីរ ហើយ​ក្រុមប្រឹក្សា​នេះ​ជា​អ្នក​តែងតាំង នាយករដ្ឋមន្ត្រី រីឯ​នាយករដ្ឋមន្ត្រី​បង្កើត​ខុទ្ទកាល័យ ។ ធម្មនុញ្ញ នៃ ការរួបរួម​ប្រទេស​ទាំងពីរ ត្រូវបាន​ព្រមព្រៀង​ដំបូង​នៅ ខែ ឩ​សភា ឆ្នាំ ១៩៩០ ហើយ​ត្រូវបានធ្វើ​ប្រជាមតិ​ព្រមព្រៀង នៅ ខែ ឩ​សភា ឆ្នាំ ១៩៩១ ។ ក្នុង​ធម្មនុញ្ញ​នោះ បាន​ចែងថា យេ​ម៉ែន នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ប្រកាន់ ប្រព័ន្ធ​នយោបាយ​ពុ​ហប​ក្ស អធិបតេយ្យភាព ស្មើភាព​ចំពោះមុខ​ច្បាប់ និង គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។ ដូច្នោះ ទើប​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ១៩៩៣ ។​

​នៅពេលដែល​វិស័យ​ប្រេងកាត​ត្រូវបាន​បូម​នៅក្នុង​តំបន់​អតីត យេ​ម៉ែន ខាងត្បូង​នោះ ពួក​មនុស្ស​ដែលជា​អ​តី​តី យេ​ម៉ែន ខាងត្បូង បានចាប់ផ្តើម​មាន​អារម្មណ៍​ថា ទឹកដី​របស់​ពួកគេ គឺជា​កន្លែង​ដែលមាន​ប្រេង​ភាគច្រើន​របស់​ប្រទេស​បែរជា​ស្ថិតក្រោម​ការគ្រប់គ្រង របស់​មនុស្ស​អតីត​ជា យេ​ម៉ែន ខាងជើង​ទៅវិញ ។

​នៅ​ទីបំផុត ជាតិ យេ​ម៉ែន មួយ​ដែល​ទើបបាន​រួបរួមគ្នា​ថ្មីៗ ក៏បាន​ពើបប្រទះ​នឹង​វិបត្តិ នយោបាយ​នៅពេលដែល បុគ្គលិក​កម្មករ ជនជាតិ យេ​ម៉ែន ប្រមាណ​ជា ៨០០.០០០ នាក់ ត្រូវបាន សា​អ៊ូ​ឌី អារ៉ាប់ បញ្ជូន​ឱ្យ​ត្រឡប់​ទៅ យេ​ម៉ែន វិញ ដោយសារតែ យេ​ម៉ែន មិន​គាំទ្រ កងកម្លាំង​ចម្រុះ នៅក្នុង​សង្គ្រាម ឈូងសមុទ្ទ ។

​សង្គ្រាម ស៊ីវិល​
​ទំនាស់​នៅក្នុង​រដ្ឋាភិបាលចម្រុះ​នាំឱ្យ​អនុ​ប្រធានាធិបតី អា​លី សា​លីម អាល់​-​បេ​ដ ភៀសខ្លួន​ទៅ​ទីក្រុង អេ​ដែន ដោយបាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩៣ នាំឱ្យមាន​វិបត្តិ​ទាំង នយោបាយ និង សន្តិសុខ​សង្គម ។ ការពិភាក្សាគ្នា​ជា​បន្តបន្ទាប់ នៃ មេដឹកនាំ យេ​ម៉ែន ទាំងពីរ នាំឱ្យមាន​ការចុះហត្ថលេខា​នៅ​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ ។ ប៉ុន្តែ​ក៏​នៅ​ទប់ មិនបាន ទីបំផុត​សង្គ្រាមស៊ីវិល​មួយ​បាន​ផ្ទុះឡើង​នៅ​ដើមខែ ឩ​សភា ឆ្នាំ ១៩៩៤​។

​នៅ​ថ្ងៃទី ២១ ខែ ឩ​សភា ឆ្នាំ ១៩៩៤ មេដឹកនាំ​ភាគខាងត្បូង បង្កើត​រដ្ឋាភិបាល​មួយ​ឈ្មោះថា សាធារណរដ្ឋ​ប្រជា​ធិ​បប​តេ​យ្យ យេ​ម៉ែន ប៉ុន្តែ​ពុំ​ត្រូវបាន​ទទួលស្គាល់​ពី​សហ​គម​ន៍ អន្តរជាតិ​ឡើយ ។ ទីក្រុង អេ​ដែន ត្រូវបាន កងទ័ព​អតីត យេ​ម៉ែន​ខាងជើង​ដណ្តើម​កាន់ កាប់​បា​នៅ​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៩៤ ។ ក្រុម​តស៊ូ​ផ្សេងៗ​ក៏បាន​បែក​ខ្ចាត់ខ្ចាយ ហើយ​មេដឹកនាំ និង ទា​ហ៊ាន​ភាគខាងត្បូង​រាប់ពាន់នាក់​បាន​និរទេស​ខ្លួន ។​

​នៅ​ឆ្នាំ ១៩៩៤ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ ការរួបរួម​គ្នា​បាន​លប់​បំ​បាត​ចោល​នូវ ក្រុមប្រឹក្សា​ប្រធានាធិបតី ។ លោក​ប្រធានាធិបតី អា​លី អាប់​ឌុល​ឡា​ហ សា​ឡេ​ហ ត្រូវបាន​បោះឆ្នោត​ដោយ​សភា នៅ ថ្ងៃទី ១ តុលា ឆ្នាំ ១៩៩៤ ឱ្យធ្វើជា​ប្រធានាធិបតី​រយៈពេល ប្រាំ ឆ្នាំ ។

​យេ​ម៉ែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​លើកដំបូង​នៅ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែល​ពេលនោះ​លោក អា​លី អាប់​ឌុល​ឡា​ហ សាលី​ហ បាន​ជាប់​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ ប្រាំ​ឆ្នាំ គឺជា​ការបោះឆ្នោត​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​សេរី និង យុត្តិធម៌ ។ រហូតដល់​ឆ្នាំ ២០១០ ការ​រង្កៀស​ចិត្ត និង កង្វល់​នៅតែមាន ហើយ​បញ្ហា​ជា​ស្នូល​នោះ​គឺ អ្នក​ភាគខាងត្បូង នៅតែមាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​មិន​ស្មើភាព​គ្នា​ពី​សំណាក់​អ្នក​ភាគ​ខាងជើង ។ ប្រការនេះ​នាំឱ្យមាន​ចលនា​ប្រជាពលរដ្ឋ​មួយ​ដែលមាន​ឈ្មោះថា “ ចលនា យេ​ម៉ែន ខាងត្បូង “ ដែល​អំពាវនាវ​ឱ្យ​ត្រឡប់​ទៅរក យេ​ម៉ែន ខាងត្បូង ជា​រដ្ឋ​ឯករាជ្យ​ដូចដើម​វិញ ៕ ចងក្រង​ប្រែ​សម្រួល​: មេសា​

ទីក្រុង សា​ណា នៃ ប្រទេស យេ​ម៉ែន
ក្បួន​ព្យុហយោធា នៃ ប្រទេស យេ​ម៉ែន
ក្បួន​ព្យុហយោធា នៃ ប្រទេស យេ​ម៉ែន