ទិវា​ជាតិ របស់ សាធារណរដ្ឋ ក្រូ​អាស៊ី​

752
ចែករម្លែក

​ភ្នំពេញៈ ទិវា​ជាតិ របស់ សាធារណរដ្ឋ ក្រូ​អាស៊ី ធ្វើ​នៅ​ថ្ងៃទី ២៥ ខែ មិថុនា ដើម្បី​រំលឹក ដល់​ថ្ងៃ ដែល សភា ក្រូ​អាស៊ី ប្រកាស​ផ្តាច់​សម្ព័ន្ធភាព ពី​យូ​ហ្គោ​ស្លា​វី ហើយ​បង្កើត ឯករាជភាព​របស់ខ្លួន កាលពី​ឆ្នាំ ១៩៩១ ដែល​ញ៉ាំងឱ្យមាន​សង្គ្រាម​យ៉ាង​បង្ហូរឈាម ផ្អើល​ពិភពលោក​រហូតដល់​ឆ្នាំ​១៩៩៥ ទើបបាន​បញ្ចប់ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ក្រូ​អាស៊ី ដែលជា​ញឹកញាប់​ត្រូវគេ​ហៅថា ក្រូ​អាត មាន​ផ្ទៃដី​៥៦.៥៩៤ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ប្រសប់​គ្នា នៃ អឺរ៉ុប​កណ្តាល អឺរ៉ុប អាគ្នេយ៍ និង​តំបន់ សមុទ្ទ ម៉េ​ឌី​ទែ​រ​ណេ​រ មាន​ព្រំដែន​ជាប់​នឹង​សមុទ្រ Adriatic ប្រទេស ស្លូ​វ៉ា​នី ហុង​គ្រី បូ​ស្ន៊ី ហេ​ហ្សេ​កូ​វី​ណា និង ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ មាន​កោះ​ជាង​មួយ​ពាន់ រដ្ឋធានី គឺ​ទីក្រុង សា​គ្រែប ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជិត ប្រាំ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា រ៉ូ​ម៉ាំង​កា​រូ​លិ​ក ភាសាផ្លូវការ គឺ ភាសា​ក្រូ​អាស៊ី ។​

​ប្រវត្តិសាស្ត្រ​
​បន្ទាប់ពី​សង្គ្រាមលោកលើកទី ២ មក ក្រូ​អាស៊ី បាន​ក្លាយជា សហភាព សហព័ន្ធ សង្គមនិយម យូ​ហ្គោ​ស្លា​វី ដែល​បង្កើតឡើង​ពី​ការរួបរួម​សម្ព័ន្ធ​គ្នា នៃ រដ្ឋ​ចំនួន​ប្រាំមួយ​គឺ ស្លូ​វ៉ា​នី ក្រូ​អាស៊ី បូ​ស្ន៊ី និង ហេ​ហ្សិ​កូ​វី​ណា ស៊ែ​ប៊ី ម៉ុង​តេ​ណេ​ហ្គ្រោ និង ម៉ា​សេ​ដូ​នី ហើយ​នេះ​គឺជា សហភាព សហព័ន្ធ កុ​ម្មុយ​និ​ស្ត ។

​នៅ​ឆ្នាំ ១៩៦៧ ពួក​អ្នកនិពន្ធ និង ពួក​អ្នក​ភាសា​វិទូ ជនជាតិ​ក្រូ​អាស៊ី មួយក្រុម​ដែលមាន គ្នា ១៣០ នាក់ បានចេញ​ផ្សាយ​សេចក្តីប្រកាស ស្តីពី ឩ​ត្ត​ម​ភាព និង ភាសា​អក្សរ សាស្ត្រ ក្រូ​អាស៊ី ដោយ​ទាមទារ​នូវ​ស្វ័យភាព​កាន់តែច្រើន​ថែមទៀត​សម្រាប់​ភាសា ក្រូ​អាស៊ី ។​សេចក្តីប្រកាស​នោះ បានរួម​ចំណែក​នាំឱ្យមាន​ចលនា​ជាតិ​មួយ​ដែល​ស្វែង រក​សិទ្ធិ​ស៊ីវិល កាន់តែ​ច្រើនឡើង និង ទាមទារ​ឱ្យមាន​ការធ្វើ​វិមជ្ឈការ​សេដ្ឋកិច្ច យូ​ហ្គោ​ស្លា​វី ។

​នៅ​ឆ្នាំ ១៩៧១ និស្សិត​រាប់ពាន់នាក់ បានចេញ​ធ្វើបាតុកម្ម​នៅ​ទីក្រុង សា​គ្រែប នៃ រដ្ឋ​ក្រូ​អាស៊ី ។ អាជ្ញាធរ យូ​ហ្គោ​ស្លា​វី បានចាត់ទុក​បាតុកម្ម​នោះ ថា​ជាការ​បង្កើត ឡើងវិញ នូវ​ចលនា​ជាតិនិយម ក្រូ​អាស៊ី ទើប​អាជ្ញាធរ យូ​ហ្គោ​ស្លា​វី​ប្រើ​កម្លាំង​នគរបាល បង្ក្រាប​ពួក​បាតុករ​ទាំងនោះ​ដោយ​ហិង្សា ។​

​នៅក្នុង​ឆ្នាំ ១៩៧១ នោះ សហភាព សូ​វៀត បានដាក់​សម្ពាធ​ទាំង​ដោយផ្ទាល់ និង តាម​ការទូត ទៅលើ​លោក​សេនាប្រមុខ ទី​តូ នៃ យូ​ហ្គោ​ស្លា​វី​ឱ្យ​ក្តោប​ក្តាប់​បក្ស​កុ​ម្មុយ និ​ស្ត​នៅ យូ​ហ្គោ​ស្លា​វី ឱ្យបាន​រឹងមាំ ។

​បន្ទាប់ពី​ការអំពាវនាវ​ឱ្យមាន​កូដកម្ម​និស្សិត​ជាច្រើន​នៅក្នុង ខែ ធ្នូ ឆ្នាំ ១៩៧១ មក លោក​សេនាប្រមុខ ទី​តូ បាន​បញ្ចុះបញ្ចូល​ឥស្សរជន​នយោបាយ​មួយចំនួន​ដែល​គាត់ មិន​ទុកចិត្ត​ឱ្យ​លាលែង​ពី​តំណែង​ហើយ​បាន​បោសសម្អាត​ផ្ទៃក្នុង​បក្សកុម្មុយនិស្ត ក្រូ​អាស៊ី និង រដ្ឋបាល​មូលដ្ឋាន ។ ក្នុង​យុទ្ធនាការ​នោះ​មាន​សកម្មជន​និស្សិត​ជាច្រើន នាក់​ត្រូវបាន​ចាប់​ដាក់គុក ។ មនុស្ស​ប្រហែលជា​ពីរពាន់​នាក់​ត្រូវបាន​កាត់​ឱ្យមាន ទោស​ឩ​ក្រឹ​ដ្ឋ​ពីបទ​ចូលរួម​ក្នុង​ចលនា​បាតុកម្ម​ទាមទារ​កំណែទម្រង់​សេដ្ឋកិច្ច និង សិទ្ធិ​ជន​ស៊ីវិល របស់​ក្រូ​អាស៊ី នាពេលនោះ ក៏មាន​ម្នាក់​ជា​អនាគត​ប្រធានាធិបតី ក្រូ​អាស៊ី លោក FranjoTuđman ផងដែរ ។​

​ទោះយ៉ាងណា នៅ​ឆ្នាំ ១៩៧៤ រដ្ឋធម្មនុញ្ញ យូ​ហ្គោ​ស្លា​វី បាន​បន្ថែម​សិទ្ធិ​ស្វ័យភាព​ទៅ ឱ្យ​រដ្ឋ​នៅក្នុង សហភាព សហព័ន្ធ ជាពិសេស បំពេញ​បំណង នៃ​ចលនា​របស់​ជនជាតិ ក្រូ​អាស៊ី និង​ការ​ផ្តល់នូវ​មូលដ្ឋាន​ផ្នែក​ច្បាប់​សម្រាប់​ឯករាជភាព​នៃ​រដ្ឋ​សហភាព សហព័ន្ធ​យូ​ហ្គោ​ស្លា​វី ។​

​នៅក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៨០ ស្ថានភាព​នយោបាយ​នៅ​យូ​ហ្គោ​ស្លា​វី​កាន់តែ​យ៉ាប់យ៉ឺន ទៅៗ​ដោយសារតែ​ការចុះ​ខ្សោយ នៃ រដ្ឋ​កុ​ម្មុយ​និ​ស្ត នៅ អឺរ៉ុប​ខាងកើត​នាំឱ្យ​រដ្ឋ​ខ្លះ ដូចជា ស្លូ​វ៉ា​នី និង ក្រូ​អាស៊ី ចង់​ផ្តាច់ខ្លួន​ចេញពី សហភាព​សហព័ន្ធ យូ​ហ្គោ​ស្លា​វី ប៉ុន្តែ ស៊ែ​ប៊ី ដឹកនាំ​ដោយ​លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិច​ដែលជា​អ្នក​ក្តោប​អំណាច​ច្រើនជាង គេ​នៅ​យូ​ហ្គោ​ស្លា​វី នាពេលនោះ មិន​ចង់ឱ្យ​បែកបាក់​ដូច្នោះ​ឡើយ ។ ចលនា​អ្នក​ជាតិ និយម​បាន​លេចឡើង​នៅក្នុង​ជួរ​មនុស្ស​ដែល​កំពុង​ត្រួ​ត្រា​បក្សកុម្មុយនិស្ត​នៅ​យូ​ហ្គោ ស្លា​វី ភាគច្រើន​ជា​ជនជាតិ ស៊ែ​ប​។​

​នៅ​ឆ្នាំ ១៩៨៦ សមាជិក​គណៈកម្មការ​បណ្ឌិតសភា វិទ្យាសាស្ត្រ និង សិល្បៈ ស៊ែ​ប ដែលមាន​គ្នា ១៦ រូប បានចេញ​ឯកសារ​មួយ​ឈ្មោះ​“ កំណត់សម្គាល់ នៃ បណ្ឌិតសភា វិទ្យាសាស្ត្រ និង សិល្បៈ ស៊ែ​ប (SANU Memorandum) ដែល​បែង​ចែកជា​ពីរ​ផ្នែក ហើយ​ផ្នែក​ទីមួយ​និយាយ​អំពី​វិបត្តិ​សេដ្ឋកិច្ច និង សង្គម យូ​ហ្គោ​ស្លា​វី​ហើយ​ផ្នែក​ទី​ពីរ និយាយ​អំពី ស្ថានភាព​របស់ ជាតិ​ស៊ែ​ប៊ី និង ជនជាតិ​ស៊ែ​ប៊ី ។

​កំណត់សម្គាល់​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន​នៅក្នុង​យូ​ហ្គោ ស្លា​វី យ៉ាង​ឆាប់រហ័ស នាំឱ្យមាន​សម្លេង​ខ្វែងយោបល់គ្នា​លើ​ទស្សនៈ​រដ្ឋ នៃ ជាតិ និង ការខ្វែង​យោបល់​ជា​មូលដ្ឋាន នៃ ការរៀបចំ​រដ្ឋ​ឡើងវិញ នៅក្នុង​សង្គម យូ​ហ្គោ​ស្លា​វី ឈានទៅរក​ការបែកបាក់ នៃ សហភាព សហព័ន្ធ យូ​ហ្គោ​ស្លា​វី ។​

​បោះឆ្នោត​បង្កើត​សភា ក្រូ​អាស៊ី
​នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨៩ គណៈកម្មការ​មជ្ឈិម នៃ សម្ព័ន្ធ​កុ​ម្មុយ​និ​ស្ត​ក្រូ​អាស៊ី បាន​ជួបប្រជុំ​បន្ទាន់ ហើយ​បាន​ព្រមព្រៀងគ្នា​ថា នឹង​រៀបចំ​ការបោះឆ្នោត​សេរី​ពហុបក្ស ដើម្បី​ជ្រើសតាំង​សមាជិកសភា​ក្រូ​អាស៊ី​ជា​លើកដំបូង ជុំ​ទី​១ នៅ​ថ្ងៃទី ២២-២៣ ខែ មេសា ឆ្នាំ ១៩៩០ ហើយ​ជុំ​ទី ២ ធ្វើ​នៅ​ថ្ងៃទី ៦-៧ ខែ ឩ​សភា ឆ្នាំ ដដែល ។

​លទ្ធផល គណបក្ស សហភាព ប្រជាធិបតេយ្យ ក្រូ​អាស៊ី ( Croatian Democratic Union =HDZ) បាន​ឈ្នោះ ២០៥ កៅអី ក្នុងចំណោម​កៅអី​សភា សរុប ៣៥៦​នាំឱ្យ​បញ្ចប់​របប កុ​ម្មុយ​និ​ស្ត​ដែល​បាន​ត្រួតត្រា រដ្ឋ ក្រូ​អាស៊ី អស់​រយៈពេល​៤៥ ឆ្នាំ មកហើយ​។ សភាព បាន​ជ្រើសតាំង​លោក Franjo Tuđman ជា​ប្រធានាធិបតី ក្រូ​អាស៊ី ។​

​ពេលនោះ​ពួក​អ្នក​ជាតិនិយម ស៊ែ​ប នៅក្នុង ប្រទេស​ក្រូ​អាស៊ី បានធ្វើ​ពហិការ ហើយ ចាប់​តំបន់​ត្រួតត្រា​នៅលើ​តំបន់​ដែលមាន​ជនជាតិ ស៊ែ​ប រស់នៅ​ហើយ​បានរៀបចំ​ការ បោះឆ្នោត​ដោយ​ដាក់​តំបន់​ទាំងនោះ​ថា​ជា​តំបន់​ស្វយ័ត​ក្នុង​បំណង​បង្កើត​ឯករាជភាព ពី​ក្រូ​អាស៊ី​ហើយ​ពួក​ជាតិនិយម ស៊ែ​ប នៅ​លើក​ទឹកដី​ទាំងនោះ​ក៏បាន​បង្កើតជា សាធារណរដ្ឋ ស៊ែ​ប មួយ​ប៉ុន្តែ​ពុំមាន​ការទទួលស្គាល់​ពី​អន្តរជាតិ​ឡើយ ។​

​បង្កើត​ក្រូ​អាស៊ី​ឯករាជ្យ​
​នៅ​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ១៩៩១ សភា ក្រូ​អាស៊ី បានសម្រេច​ចិត្ត​បោះឆ្នោត​ធ្វើ ប្រជាមតិ ដើម្បី​បង្កើត “ ឯករាជភាព របស់ ក្រូ​អាស៊ី ” ហើយ​ការ​បោ​ត​ឆ្នោត​នោះ​គ្រោង នឹងធ្វើ​នៅ​ថ្ងៃទី ១៩ ខែ ឩ​សភា ឆ្នាំ ដដែល​នោះ ។ អាជ្ញាធរ ស៊ែ​ប បាន​អំពាវនាវ​ឱ្យ ធ្វើពហិការ ហើយ​ជនជាតិ ស៊ែ​ប នៅលើ​ទឹកដី ក្រូ​អាស៊ី ជាទូទៅ បានធ្វើ​ពហិការ​មែន ។​

​ទោះយ៉ាងណា​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ នៅតែ​កើតឡើង​តាម​ការគ្រោងទុក ហើយ លទ្ធផល​គឺ ៩៣,២៤ ភាគរយ​គាំទ្រ​ឯករាជភាព (​ពី​យូ​ហ្គោ​ស្លា​វី​) របស់​ក្រូ​អាស៊ី ។ ដោយបាន​លទ្ធផល​នេះ នៅ​ថ្ងៃទី ២៥ ខែ ម​ថុ​នា ឆ្នាំ ១៩៩១ ក្រូ​អាស៊ី បានប្រកាស ឯករាជភាព​របស់ខ្លួន ដោយ​ផ្តាច់ខ្លួន​ចេញពី​សហភាព សហព័ន្ធ យូ​ហ្គោល​ស្លា​វី ។​

​ដោយមាន​ការគាំទ្រ ពី​ទីក្រុង ប៊ែ​ល​ហ្ក្រា​ដ (​រដ្ឋ ស៊ែ​ប៊ី​) ពួក​ចលនា​អ្នក​ជាតិនិយម ស៊ែ​ប ( RSK ) ដែល​បាន​ផ្តាច់​ទឹកដី ក្រូ​អាស៊ី បាន​វាយប្រហារ​ប្រដាប់អាវុធ​ជា​ហូរហែ ដោយ​រួមទាំង​ទៅលើ ទីតាំង​នគរបាល​ផង ហើយ​បានសម្លាប់​មនុស្ស​ជា​បន្តបន្ទាប់ ។

​ដោយ​ឃើញ​សភាពការណ៍​នៅ​ទីនោះ ហាក់​មិនទាន់​ហ្នឹង​ហ្ន​គ្រប់គ្រាន់ សហភាព អឺរ៉ុប បាន​ជម្រុញ​ឱ្យ​ក្រូ​អាស៊ី ពន្យារពេល​សេចក្តីសម្រេចចិត្ត បង្កើត​ឯករាជភាព​របស់ខ្លួន ពេល​បី​ខែ​សិន ។ ក្រូ​អាស៊ី ក៏បាន​ព្រម​ធ្វើតាម​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​តំបន់ ។​

​នៅ​ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៩១ មួយថ្ងៃ​មុន​ការ​ផុតកំណត់ នៃ កាលបរិច្ឆេទ​ក្នុងការ ពន្យារពេល​ប្រកាស​ឯករាជភាព​របស់ ក្រូ​អាស៊ី កងទ័ពអាកាស យូ​ហ្គោ​ស្លា​វី បាន​បើ​ការ វាយប្រហារ​ទៅលើ​អាគារ Banski Dvori ដែលជា​អាគារ​ដ៏​សំខាន់​របស់​រដ្ឋាភិបាល ក្រូ​អាស៊ី នៅក្នុង​ទីក្រុង សា​គ្រែប នៃ រដ្ឋ ក្រូ​អាស៊ី ដែល​ប្រការនេះ​បាន​ដុត​ឱ្យ​សង្គ្រាម ឯករាជភាព របស់ ក្រូ​អាស៊ី ចាប់ផ្តើម​ឆាបឆេះ​ឡើងជា​រូបរាង ។​

​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ១៩៩១ គឺជា​ថ្ងៃ​ផុតកំណត់ នៃ កាលបរិច្ឆេទ​ក្នុងការ​ពន្យារពេល ប្រកាស​ឯករាជភាពរ​បស់ ក្រូ​អាស៊ី សភា ក្រូ​អាស៊ី ត្រូវបាន​បង្កើត​នៅ​អាគារ INA នាទី​ក្រុង សា​គ្រែប ដដែល ហើយ ទិវា​ឯករាជភាព​ជាតិ ក្រូ​អាស៊ី ត្រូវបាន​ប្រារព្ធ​ឡើង ។​

​មួយខែ​បន្ទាប់ពី ក្រូ​អាស៊ី ប្រកាស​ឯករាជភាព របស់ខ្លួន​មក មួយ​ភាគបី នៃ ទឹកដី ក្រូ​អាស៊ី ជាពិសេស​នៅ​តំបន់​ដែលមាន​ជនជាតិ ស៊ែ​ប រស់នៅ ត្រូវបាន​កាន់កាប់​ដោយ កងទ័ព យូ​ហ្គោ​ស្លា​វី ដែលមាន ស៊ែ​ប៊ី ជា​បងធំ ។ នៅ​ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩១ អាជ្ញាធរ យូ​ហ្គោ​ស្លា​វី បានប្រកាស​ផែនការ​បង្កើត​រដ្ឋ​ថ្មី​តូច​មួយ​ដែល​នឹង​រួមទាំង​ទឹកដី ក្រូ​អាស៊ី ដែល​ពួកគេ​ទើបតែ​ដណ្តើមបាន​ផង ។ ប៉ុន្តែ​សភា​អង្គការសហប្រជាជាតិ​បាន បដិសេធ​គម្រោង​នោះ ។​

​ការទទួលស្គាល់​
​ជា​លើកដំបូង ក្រូ​អាស៊ី ត្រូវបាន​ទទួលស្គាល់ថា​ជា​រដ្ឋ​ឯករាជ្យ ដោយ ស្លូ​វ៉ា​នី នៅ​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៩១ ដែល​ថ្ងៃនោះ ស្លូ​វ៉ា​នី ក៏​ប្រកាស​ឯករាជភាព​របស់​ខ្លួន​ដែរ ។ ចំណែក លី​ទុយ​អា​នី ទទួលស្គាល់​នៅ​ថ្ងៃទី ៣០ ខែ កក្កដា ហើយ អាល្លឺម៉ង់ ឡេ​តូ​នី អ៊ុយ​ក្រែ​ន និង អ៊ី​ស្លង់ ទទួលស្គាល់​នៅ​ខែ ធ្នូ ឆ្នាំ ១៩៩១ នោះ ។ បារាំង ចក្រភព អង់គ្លេស និង ហុ​ល្លង់ បាន​បដិសេធ ហើយ​បាន​ព្រមព្រៀង​រក​ដំណោះស្រាយ​រួមមួយ ។​

​សភា សេដ្ឋកិច្ច សហគមន៍ អឺរ៉ុប (EEC) សម្រេចចិត្ត​ពន្យារពេល​ពីរ​ខែ​ទៀ ហើយ​ថា នឹង​ទទួលស្គាល់​ឯករាជភាព​ពរ​បស់​ក្រូ​អាស៊ី ប្រសិនបើ​ស្ថា​ភាព​នៅ​ទីនោះ​នៅតែ​មិន ស្រាកស្រាន្ត ។ នៅ​ថ្ង​ទី ១៧ ខែ ធ្នូ ឆ្នាំ ១៩៩១ EEC បានប្រកាសថា ខ្លូន​នឹង​ទទួល ស្គាល់​ជា​ផ្លូវការ នូវ ឯករាជភាព របស់ ក្រូ​អាស៊ី នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩២ ។​

​សង្គ្រាម នៅ យូ​ហ្គោ​ស្លា​វី ជាពិសេស​នៅ តំបន់ ក្រូ​អាស៊ី ចេះតែ​បន្ត​រហូត ដើមឆ្នាំ ១៩៩៥ ប្រធានាធិបតី ក្រូ​អាស៊ី លោក​Franjo Tuđman នៅ​ថ្ងៃទី ១២ មករា បាន​ផ្ញើ លិខិតផ្លូវការ​ទៅ​អង្គការ​សហ​ប្រា​ជា​ជាតិ ថា​ក្រូ​អាស៊ី នឹង​អនុ​ញ្ញា​ត្ត​ឱ្យមាន​កងកម្លាំង អង្គការ​ប្រជាជាតិ​នៅក្នុង ក្រូ​អាស៊ី ចាប់ពី​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ នោះ ។​

​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ត្រូវបាន​គេ​ធ្វើឡើង​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​ទីនោះ​ប៉ុន្តែ​មិន បាន​ជោគជ័យ​ឡើយ ។ បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​រក្សា​សន្តិភាព នៅ​ក្រូ​អាស៊ី ត្រូវបាន​អនុម័ត នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ នោះ ។​

​នៅ​ដើមឆ្នាំ ១៩៩៥ ចលនា ជាតិនិយម ស៊ែ​ប៊ី (RSK)​បាន​បាត់បង់​ការគាំទ្រ​ពី​រដ្ឋាភិបាល ទីក្រុង ប៊ែ​ល​ហ្ក្រា​ដ នៃ ប្រទេស​ស៊ែ​ប៊ី ដោយសារ​សម្ពាធ​ពី​អន្តរជាតិ ។ នាពេលនោះ ក្រូ​អាស៊ី ក៏បាន​ប្រកាស​អះអាង​បញ្ជាក់​ឡើងវិញ​អំពី​ថា ខ្លួន​គឺជា​ម្ចាស់​ទឹកដី​ដែល​ពួក ជាតិនិយម ស៊ែ​ប បាន​កាន់កាប់​កន្លងមក​នៅ ស្លូ​វ៉ា​នី ខាងលិច ។ ជាការ​ឆ្លើយតប កងទ័ព ស៊ែ​ប បាន​វាយប្រហារ​ទៅលើ​ទីក្រុង សា​គ្រែប ដោយ រ៉ូ​កែ​ត​ហើយ​បានសម្លាប់ ជន​ស៊ីវិល ៧ នាក់ និង របួស​ជាង​២០០ នាក់ ។​

​អំឡុង​ខែ​ជា​បន្ត​បន្ទាប់ពី​នោះមក កិច្ចខិតខំ​ប្រឹងប្រែង​ជា​អន្តរជាតិ​ដើម្បី​ស្វែងរក​សន្តិភាព មិនបាន​ជោគជ័យ ប៉ុន្តែ​បង្កើតឱ្យមាន​បទ​ឈប់​បាញ់​គ្នា​បន្តទៀត​នៅ​ក្រូ​អាស៊ី និង​តំបន់ សុវត្ថិភាព​របស់ អង្គការសហប្រជាជាតិ នៅ បូ​ស្ន៊ី និង ហេ​ហ្សេ​កូ​វី​ណា ។​

​ប្រតិបត្តិការ​បញ្ចប់សង្គ្រាម​
​ទំនុកចិត្ត​ថ្មី ទៅលើ​សមត្ថភាព​យោធា ក្រូ​អាស៊ី ធ្វើឱ្យ​អាជ្ញាធរ ក្រូ​អាស៊ី យល់ថា មិនបាច់​ចរចា​រក​បទ​ឈប់​បាញ់​ទៀតឡើយ ។ នៅក្នុង​ជំនួប​ប្រជុំ រវាង​ប្រធានាធិបតី ក្រូ​អាស៊ី និង បូ​ស្ន៊ី និង ហេ​ហ្សេ​កូ​វី​ណា នៅ​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៩៩៥ បូ​ស្ន៊ី និង ហេ​ហ្សេ​កូ​វី​ណា បាន​សុំ​ជំនួយ​យោធា​ពី​ក្រូ​អាស៊ី ។ ក្រូ​អាស៊ី បាន​យល់ព្រម​ហើយ​តាំង ខ្លូន​ថា​ជា​អ្នកធ្វើ​អន្តរាគមន៍​យោធា ។​

​ចាប់ពី​ថ្ងៃទី ២៥-៣០ ខែ កក្កដា ឆ្នាំ ១៩៩៥ កងទ័ព ក្រូ​អាស៊ី បាន​វា​ប្រហារ​ទៅលើ​តំបន់ ដែល​កាន់កាប់​ដោយ កងទ័ព ស៊ែ​ប ដណ្តើមបាន​តំបន់​មួយចំនួន​មកវិញ​នៅ​តំបន់ភ្នំ Dinara ។

​នៅ​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ១៩៩៥ ក្រូ​អាស៊ី បាន​បើក​ប្រតិបត្តិការ​សឹក​ឈ្មោះ ព្យុះ សង្ឃា​រា ក្នុង​បំណង​ដណ្តើមយក​តំបន់​ដែល​កាន់កាប់​ដោយ កងទ័ព ស៊ែ​ប​មកវិញ​ស្ទើរ តែ​ទាំងអស់ ដោយ​ប្រើ​កងទ័ព​ក្រូ​អាស៊ី ១០០.០០០​នាក់ គឺជា​យុទ្ធនាការ​សង្គ្រាម​ដ៏​ធំ បំផុត នៅ អឺរ៉ុប តាំងពី​សង្គ្រាមលោកលើកទី ២ មក ។ ប្រតិបត្តិការ ព្យុះ​សង្ឃា​រា នោះ បានសម្រេច​គោលដៅ​របស់ខ្លួន​នៅ​ថ្ងៃទី ៨ ខែ និង ឆ្នាំ ដដែល​នោះ ។​

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​អះអាងថា​ប្រតិបត្តិការ សឹក​នោះ ធ្វើឱ្យមាន​ការរើសអើង​ពូជសាសន៍​ចំពោះ​ជនជាតិ ស៊ែ​ប នៅក្នុង​ប្រទេស ក្រូ​អាស៊ី ចំនួន​ប្រមាណ​ជា ២០០.០០០ នាក់ ទាំង​កងទ័ព និង​ស៊ីវិល គឺមាន​ទាំង​ការកាប់ សម្លាប់ ធ្វើ​ទារុណកម្ម និង​ការ​លួច​ប្លន់​ទ្រព្យសម្បត្តិ ។ ប៉ុន្តែ​ជនជាតិ​ក្រូ​អាស៊ី ដែល​បាន និរទេស​ខ្លួន​កាលពី​ឆ្នាំ ១៩៩១ បាន​ត្រឡប់ទៅផ្ទះ​សម្បែង​វិញ ហើយ​គិត​ត្រឹម​ឆ្នាំ ១៩៩៦ មាន​ជនជាតិ​ក្រូ​អាស៊ី បាន​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ប្រមាណ​ជា ៨៥.០០០ នាក់ ។​

​ក្នុង​ខែ​បន្ត​បន្ទាប់ពី​ប្រតិការ​ព្យុះសង្ឃរា​នោះមក ការប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើងត្បាល់​រវាង កងទ័ព ស៊ែ​ប និង ក្រូ​អាស៊ី នៅតែ​កើត​មាននៅ​តំបន់​មួយចំនួន​ដូចជា បូ​ស្ន៊ី និង​ហេ​ហ្សេ កូ​វី​ណា ជាដើម ។ ទឹកដី ក្រូ​អាស៊ី មួយចំនួន​ដែល​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់ ស៊ែ​ប ដូចជា​នៅ ស្លូ​វ៉ា​នី ខាងកើត​ជាដើម សុទ្ធតែ​ប្រឈម​នឹង​ប្រតិបត្តិការ​កងទ័ព ពី​សំណាក់ ក្រូ​អាស៊ី ។​

​ការតស៊ូ​ទីបំផុត​ក៏មាន​កិច្ចព្រមព្រៀង​មួយ​ឈ្មោះថា Erdut Agreement នៅ​ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ស្តីទី​របស់​ពួក​ជាតិ​ន​យម ស៊ែ​ប លោក Milan Milanović នៅលើ​ឯកសារ​ដែល​ទ​ទួ​បាន​ពី លោក ស្លូ​បូ​ដាន់ មី​ឡូ​សូ​វិក នៃ ស៊ែ​ប និង​មន្ត្រី យូ​ហ្គោ​ស្លា​វី ។ កិច្ចព្រមព្រៀង​នោះ ថ្លែងថា “ ទឹកដី​ទាំងឡាយ​របស់ ក្រូ​អាស៊ី ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់ ជនជាតិ ស៊ែ​ប នឹងត្រូវ​បានប្រគល់ ទៅឱ្យ​ក្រូ​អាស៊ី​វិញ ដោយ​ទុក​ពេលវេលា​ធ្វើ​អន្តរ​ភាព​រយៈពេល​ពីរ​ឆ្នាំ “ ។

​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​បញ្ជូនទៅ​តំបន់​ធ្វើ​អន្តរ​ភាព​នៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៦ ។ កិច្ចព្រមព្រៀង​Erdut Agreement ត្រូវបាន​គេ​ចាត់ទុកថា ជា​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ឯករាជភាព​របស់ ក្រូ​អាស៊ី ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​