ស្រាវជ្រាវ និង ប្រែសម្រួលៈ មេសា
ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ រ៉ូម៉ានី ប្រារព្ធ ទិវាជាតិ របស់ពួកគេ នៅថ្ងៃទី ០១ ខែ ធ្នូ បន្ទាប់ពីបានធ្វើបដិវត្តន៍ ទម្លាក់ និង កាត់ទោសប្រហារជីវិតមេដឹកនាំផ្តាច់ការរបស់ខ្លួននៅឆ្នាំ ១៩៨៩ ប៉ុន្តែ ទិវាជាតិ នេះមិនមែន ដើម្បី រំឭកដល់ព្រឹតិ្តការណ៍មួយនោះទេ គឺធ្វើ ដើម្បី រំឭកដល់កាលដែលខេត្តមួយចំនួនប្រកាសរួបរួមចូលជាមួយ រ៉ូម៉ានី តាំងពីឆ្នាំ ១៩១៨ ឯណោះទេ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋ រ៉ូម៉ានី មានផ្ទៃដី ២៣៨.៣៩១ ម៉ែត្រក្រឡា ស្ថិតនៅ អឺរ៉ុប អាគ្នេយ៍ មាន ព្រំដែនជាប់សមុទ្ទខ្មៅ ប៊ុលហ្គារី អ៊ុយក្រែន ហុងគ្រី ស៊ែប៊ី និង ម៉ុលដូវ៉ា ។ ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋជិត ២០ លាននាក់ ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ភាសាផ្លូវការ គឺភាសារ៉ូម៉ានី រដ្ឋធានីគឺទីក្រុង ប៊ុយការ៉េស ។
មូលហេតុបដិវត្តន៍
ដើម្បីសងបំណុលជាតិមួយពាន់រយកោដិ ដុល្លារ អាមេរិក នៅឆ្នាំ ១៩៨១ អគ្គលេខា ធិការបក្សកុម្មុយនិស្ត រ៉ូម៉ានី និង ជាប្រធានាធិបតី រ៉ូម៉ានី លោក នីកូឡាយ ឆូសេគូ (Nicolae Ceaușescu) បានដាក់កម្មវិធីរិតបន្តឹងត្បិតត្បៀតគ្រប់វិស័យនាំឱ្យជួបក្តីលំបាកយ៉ាងខ្លាំង ដល់ ជីវភាព និង ធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះបញ្ហាកង្វះអាហារធ្ងន់ធ្ងរបំផុតនៅអឺរ៉ុប ។
សេរីភាព នៃ ការនិយាយស្តីត្រូវបានកំណត់ គិញសម្ងាត់នៅគ្រប់ទិសទី គំនិតរិះគន់ បក្សកុម្មុយនិស្តត្រូវបានហាមឃាត់ដាច់ខាត ដែលគេអាចមើលឃើញថា តឹងរឹងជាង ដែន ដីកំណើត កុម្មុយនិស្ត គឺសហភាពសូវៀតទៅទៀត ។ ប៉ុន្តែសម្រាប់លោក នីកូឡាយ ឆូសេគូ គ្រួសាររបស់គាត់ និង មនុស្សជំនិតរបស់គាត់មួយក្រុម រស់នៅក្នុងស្ថានភាពលំដាប់ខ្ពស់ ទៅវិញ ថែមទាំងសាងសង់វិមានស្កឹមស្កៃទៀតផង ញ៉ាំងឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ ជាតិ ហើយមនុស្សជាច្រើនត្រូវបានបណ្តេញចេញពីផ្ទះ ។
នៅក្នុងខែ មីនា ឆ្នាំ ១៩៨៩ សកម្មជនឈានមុខជាច្រើនរបស់បក្សកុម្មុយនិស្ត រ៉ូម៉ានី បានសរសេរលិខិតមួយច្បាប់រិះគន់ គោលនយោបាយសេដ្ឋកិច្ចរបស់លោក នីកូឡាយ ឆូសេគូ ។ ប៉ុន្តែបន្ទាប់ពីនោះមិនយូរប៉ុន្មាន រ៉ូម៉ានី បានសងបំណុលជាតិរួចអស់ជាច្រើនខែមុនផែនការ ធ្វើឱ្យលោក ឆូសេគូ អាចនៅកាន់តំណែងជាអគ្គលេខាធិការបក្សបានតទៅទៀត ។ ប៉ុន្តែការត្បិតត្បៀតរិតបន្តឹងនៅតែបន្តដដែល ។
បាតុកម្មផ្ទុះឡើង
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ និស្សិតជាច្រើននាក់ចេញធ្វើបាតុកម្មនៅតាមវិថីធំៗដោយស្រែកថា “ យើងចង់ធ្វើកំណែទម្រង់ប្រឆាំងនឹងរបបផ្តាច់ការរបស់លោក នីកូឡាយ ឆូសេគូ “ ។
ពួកមេដឹកនាំបាតុកម្មនេះជាច្រើនត្រូវបានចាប់ដាក់គុក ពីបទប្រឆាំងរដ្ឋាភិបាល រហូតដល់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំដដែល ទើបដោះលែង ។ ក៏នៅមានចលនាមួយចំនួនទៀតប្រឆាំងនឹងគោលនយោបាយរិតបន្តឹងរបស់រដ្ឋាភិបាលលោក ឆូសេគូ ប៉ុន្តែមិនធំដុំឡើយ ។
កាលពីអំឡុងខែ កក្កដា ឆ្នាំ ១៩៨៩ នោះ ជនជាតិ ហុងគ្រី ម្នាក់គឺលោក László Tőkés ជាមនុស្សសំខាន់ម្នាក់ដែលបានធ្វើការកែទម្រង់ប្រឆាំងនឹងនយោបាយរដ្ឋាភិបាលលោក ឆូសេគូ ។ ជាការសងសឹក រដ្ឋាភិបាលបានចាត់វិធានការបណ្តេញលោក László Tőkés ចេញពីទីក្រុង Timișoara ក៏បញ្ឆេះឱ្យផ្ទុះបាតុកម្មឡើងការពារលោក László Tőkés ប្រឆាំងនឹងវិធានការរដ្ឋាភិបាល ។
ហ្វូងបាតុករ បានកើនចំនួនច្រើនឡើងៗ ហើយបានទាមទារទម្លាក់ចោលនូវការចោទ ប្រកាន់ និង ការកាត់ទោសប្រឆាំងលោក László Tőkés ។ នៅពេលពួកគេមិនទទួល បានការ ឆ្លើយតបជាលាយលក្ខណ៍អក្សរ ពួកគេក៏នាំគ្នាលើកបដាឡើងប្រឆាំងនឹងរបបកុម្មុយនិស្ត ។ ប៉ូលិស និង កម្លាំងសន្តិសុខ ក៏បានបង្ហាញខ្លួនព្រោងព្រាត ។ ហ្វូងបាតុករ ក៏ចេះតែកើន ធំឡើងៗ ។
មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៧ ខែ ឆ្នាំ ដដែលនោះ បាតុកម្ម បានប្រែទៅជា កុបកម្ម ។ ពួកបាតុករ បានសម្រុកចូលទៅក្នុងទីស្នាក់ការបក្សស្រុករើកកាយគ្រវាត់ឯកសារនានា និង ស្លាកសញ្ញាទាំងឡាយរបស់កុម្មុយនិស្តចោល ។
កងទ័ពត្រូវបានបញ្ជូនទៅទីនោះ ដើម្បី គ្រប់គ្រង់ស្ថានការណ៍ ។ ប៉ុន្តែទាហានទាំងនេះ ក៏មិនបានជោគជ័យឡើយ ទើបរថពាសដែក (ស្គុត) និង រថក្រោស ត្រូវបានបញ្ជូន ទៅទី នោះទៀត ។
នៅរសៀលថ្ងៃនោះ ក៏មានការបាញ់ប្រហារទៅលើហ្វូងកុបករ ជាច្រើនទីតាំង ។ ឧទ្ធម្ភាកចក្រ ជាច្រើនគ្រឿងបានហោះឆ្វែលលើទីក្រុងនេះ ។ រហូតដល់រំលង អាធ្រាត ទើបស្ថានភាពបានស្ងប់ស្ងាត់ បន្សល់ទុកនូវភាពឥតសណ្តាប់ធ្នាប់ពាសពេញទីក្រុង លាយឡំ ដោយស្នាមឈាម ។
នៅព្រឹកថ្ងៃទី ១៨ ខែ ឆ្នាំ ដដែល អាជ្ញាធរមានបំណងបន្តកាត់ទោស មេដឹកនាំបាតុករ និង កុបករប៉ុន្មានថ្ងៃមកនេះ ថែមទាំងចេញច្បាប់អាជ្ញាសឹកមួយចំនួនចំពោះប្រជាពលរដ្ឋ ។
បញ្ឈឺទៅនឹងបម្រាមគោចររបស់រដ្ឋាភិបាល បុរសវ័យក្មេងមួយក្រុមមានគ្នា ៣០ នាក់ បាននាំគ្នាធ្វើដំណើរឆ្ពោះទៅវិហារ អ័រធូដុក្ស មួយហើយបានយកទង់បក្សកុម្មុយនិស្តចេញ ហើយ លើកក្រវី ទង់ ជាតិ រ៉ូមានី ជាជំនួសវិញ ហើយដោយដឹងថាពួកគេនឹងត្រូវ បានបាញ់សម្លាប់ ទើបពួកគេបាននាំគ្នាច្រៀងចម្រៀងជាតិដែលត្រូវបានបក្សកុម្មុយនិស្ត ហាមឃាត់ដាច់ខាតតាំងពីឆ្នាំ ១៩៤៧ មក ។ បន្ទាប់មកពួកគេត្រូវបានទាហានបាញ់ សំដៅទៅមែន ហើយអ្នកខ្លះស្លាប់អ្នកខ្លះរបួសធ្ងន់ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាច គេចខ្លួនរួច ។
ថ្ងៃទី ១៩-២០ ខែ ឆ្នាំ ដដែល ពុំមានកម្មករ ចូលធ្វើការឡើយ ។ ពួកអ្នកតវ៉ាប្រមាណជា ១០០.០០០ នាក់ បានកាន់កាប់ទីលាន អូប៉េរ៉ា Piața Operei ហើយបានចាប់ផ្តើម ស្រែក ច្រៀងចម្រៀងប្រឆាំងរដ្ឋាភិបាលកុម្មុយនិស្ត ។
អគ្គលេខាធិការមជ្ឈិមបក្ស និង នាយករដ្ឋមន្ត្រី ត្រូវបានបញ្ជូនទៅដោះស្រាយបញ្ហា ។ ពួកគេបានជួបជាមួយក្រុមតំណាងអ្នកប្រឆាំង ហើយបានយល់ព្រមដោះលែងមេដឹកនាំអ្នក ប្រឆាំងសំខាន់ៗដែលត្រូវបានចាប់ខ្លួន ។ ប៉ុន្តែការទាមទារសំខាន់បំផុតរបស់ពួកបាតុករ គឺឱ្យលោក ឆូសេគូ លាលែងចេញពីតំណែង ដែលការទាមទារនោះមិនទទួលបានជោគជ័យ ទើបស្ថានការណ៍មិនស្រាកស្រាន្តដដែល ។
ថ្ងៃបន្ទាប់មក រថភ្លើងជាច្រើនគ្រឿងបានដឹកកម្មកររោងចក្ររាប់ម៉ឺននាក់ អ្នកខ្លះប្រដាប់ ដោយដំបងឈើ ចូលទីក្រុង Timișoara ក្នុងបំណងទប់ទល់ជាមួយពួកបាតុករ ឬ ទ្រិស្តី ពិសបង្ក្រាប ពិស ។ ប៉ុន្តែពួកកម្មករទាំងនោះ បែរជាទៅចូលរួមជាមួយពួកបាតុករទៅវិញ ។
ថ្ងៃទី ១៨ ខែ ធ្នូ នោះ លោក ឆូសេគូ បានចាកចេញទៅបំពេញទស្សនកិច្ចនៅ អ៊ីរ៉ង់ រហូតដល់ថ្ងៃទី ២០ ទើបត្រឡប់មកវិញ ដែលស្ថានភាពក្នុងប្រទេសកាន់តែតានតឹងឡើង ។ គាត់បានថ្លែងសុន្ទរកថាតាមទូរទស្សន៍ថា ស្ថានភាពនៅទីក្រុង Timișoara មានការជ្រៀត ជ្រែកពីបរទេស ជិតខាង (គាត់សំដៅ ដល់ពួកសេរី នៅឆេកូស្លូវ៉ាគី ដែលទើបទទួល បានអំណាចថ្មីៗ ) ។
បកខាំអ្នករៀបចំ
ប្រជាជនក្នុងប្រទេសដែលមិនមានព័ត៌មានអំពីស្ថានភាពនៅទីក្រុង Timișoara សូម្បីតែបណ្តាញព័ត៌មានជាតិ បានឮត្រឹមតែតាមរយៈវិទ្យុសំឡេង អាមេរិក និង វិទ្យុអឺរ៉ុបសេរី និង ពីមាត់មួយទៅមាត់មួយ ផ្សព្វផ្សាយថាមានបដិវត្តន៍នៅទីក្រុង Timișoara ។ ព្រឹកថ្ងៃទី ២១ មានហ្វូងមនុស្សប្រមាណជា ១០០.០០០ នាក់បាននាំគ្នាទៅចោមរោមការពារលោក ឆូសេគូ ថ្លែងសុន្ទរកថានៅឯអាគារសភា នាទីក្រុង ប៊ុយការ៉េស ជាទីដែលលោកនិយាយថា មានការឈ្លានពានពីសំណាក់កម្លាំងរបស់ ឆេកូស្លូវ៉ាគី ។
កម្មករជាច្រើនរថយន្ត្រក្រុងដែលខ្លះត្រូវបានគំរាមបាញ់សម្លាប់ ត្រូវបានយកទៅក្នុងទីលាន ជាមួយនឹងទង់ក្រហម (របស់កុម្មុយនិស្ត) និង រូបថតរបស់លោក ឆូសេគូ ។
ទោះយ៉ាងណា ថ្លែងសុន្ទរកថាបានតែប្រមាណជា ២ នាទី ពួកហ្វូងមនុស្សក៏ចាប់ផ្តើម សើចចំអក ស្រែកជេរ ខ្លះហួច ខ្លះច្រៀង ចំអកលោក ឆូសេគូ ។ ឃើញស្ថានភាពដូច្នោះ លោក ឆូសេគូ បានងាកទៅព្យាយាម សង្កត់អ្នកទាំងនោះដោយការសន្យាថានឹងដំឡើង ប្រាក់ខែជូនកម្មករ ពី ៥-១០ ភាគរយ វិញ ។ ប៉ុន្តែពួកអ្នកដែលនៅឈរនៅចំពោះមុខគាត់បាន ស្រែក និង គ្រវីដៃជាការបដិសេធ ។
ហ្វូងមនុស្សក៏ចាប់ផ្តើមជ្រួលជ្រើមច្របូកច្របល់ឡើង ហើយក៏លេចឮពាក្យថា កង សន្តិសុខបាញ់ទៅលើហ្វូងមនុស្សយ៉ាងឃោរឃៅ ហើយថា បដិវត្តន៍ មិនអាចបិទខ្ទប់ បានឡើយ ក៏ធ្វើឱ្យមនុស្សទាំងឡាយជ្រួលជ្រើមឡើងថែមទៀត ហើយអ្នកដែលចូលរួមស្តាប់ លោក ឆូសេគូ ថ្លែង បែរជាធ្វើបាតុកម្មប្រឆាំងរូបលោកទៅវិញ ។
លោក ឆូសេគូ និង ភរិយា និង មន្ត្រីកុម្មុយនិស្ត រ៉ូម៉ានី ភ័យស្លន់ស្លោ ហើយអង្គរក្ស គាត់ការពារគាត់ចូលក្នុងអាគារសភា ។ ហ្វូងមនុស្សបានក្លាយជា កុបកម្ម ពាសពេញផ្លូវ និង ពាសពេញទីក្រុង ដូចជានៅទីក្រុង Timișoara ដែរ ។ ពួកគេលើកបដា និង ស្រែកប្រឆាំងនឹងលោក ឆូសេគូ ហើយទីបំផុត ពួកបាតុករបានទៅជួបជុំជោរជន់ នៅកណ្តាលទីក្រុង ។
ពួកបាតុករ និង ទាហាន ប្រដាប់ដោយកាំភ្លើង និង រថក្រោស ក៏បានប្រឈមមុខដាក់គ្នា ហើយមិនយូរប៉ុន្មាន ពួកទាហានក៏បើកការបាញ់រះដោយកាំភ្លើង ស្រោចទៅលើបាតុករ ប៉ូលិសបាញ់ទឹកដាក់បាតុករ និង ចាប់ខ្លួន នាំឱ្យមានមនុស្សរបួស និង ស្លាប់ជាច្រើន ក្នុងនោះក៏មានអ្នកកាសែតជាតិ បារាំង ម្នាក់ និង ជាតិ ប៊ែលស៊ិក ម្នាក់ផង ។
ព្រឹកថ្ងៃទី ២២ ខែ ឆ្នាំ ដដែល កម្មករជាច្រើនមកពីតំបន់ឩស្សាហកម្មនានា បានធ្វើ ដំណើរសំដៅទៅទីក្រុង ប៊ូឆារ៉េស ដើម្បីចូលរួមបាតុកម្មនោះ ។ ប៉ូលិស និង កងទ័ព ជាច្រើនក៏បានចូលរួមជាមួយបាតុករដែរ ។
ម៉ោងប្រមាណជា ៩: ៣០ នាទី រដ្ឋមន្ត្រីការពារជាតិរបស់លោក ឆូសេគូ បានស្លាប់ ដោយអាថិ៍កំបាំងដែលគេសង្ស័យថាគាត់ធ្វើអត្តឃាត ខណៈអ្នកខ្លះសង្ស័យថា គាត់ត្រូវគេ បាញ់សម្លាប់ក្នុងការិយាល័យ ។
ចាប់ខ្លួនប្រហារជីវិត ឆូសេគូ និង ភរិយា
លោក ឆូសេគូ បានតែងតាំងលោកVictor Stănculescu ឱ្យកាន់តំណែងជារដ្ឋមន្ត្រី ការពារជាតិជំនួស ។ លោកVictor Stănculescuបានបញ្ជាឱ្យកងទ័ពដកត្រឡប់ចូល បន្ទាយវិញដោយគ្មានការព្រមព្រៀងពីលោក ឆូសេគូ ហើយបានបញ្ចុះបញ្ចូលលោក ឆូសេគូ ឱ្យភៀសខ្លួនតាមឩទ្ធម្ភាកចក្រ ។ បាតុករ ដែលពោរពេញដោយកំហឹងបានសម្រុកចូលទីចាត់ការកណ្តាលរបស់បក្សកុម្មុយនិស្ត ដោយគ្មានការរារាំងពីកងទ័ព ។
លោក ឆូសេគូ និង ភរិយា ត្រូវបានអង្គរក្សក្រៀកឡើងលើដំបូលអាគារបំណងគេចចេញពីបាតុករ តាមឩទ្ធម្ភាកចក្រ ។
អ្នកបើកយន្តហោះបានបើកចេញទៅ ដោយហោះទាបខ្ពស់ៗ ហើយប្រាប់លោក ឆូសេគូ ថា ធ្វើដូច្នោះ ដើម្បី ចៀសវាងការបាញ់ប្រហារ ។ ប៉ុន្តែលោក ឆូសេគូ ដែលកំពុងភ័យតក្កមា ក៏បញ្ជាឱ្យចុះចត ហើយរត់ទៅលាក់ខ្លួនក្នុងផ្ទះកសិករម្នាក់នៅជាយក្រុង។ប៉ុន្តែពួកគេត្រូវ បានប៉ូលិសចាប់ខ្លួននៅជាយក្រុងនោះ ។
លុះដល់ថ្ងៃទី ២៤ ខែ និង ឆ្នាំ ដដែលនោះ ពួករណសិរ្ស ស្រោចស្រង់ជាតិ បានបង្កើតតុលាការយោធាពិសេសមួយ ដើម្បី កាត់ទោសលោក នីកូឡាយ ឆូសេគូ ពីបទប្រល័យពូជសាសន៍ និង បទឩក្រឹដ្ឋជាច្រើនទៀត ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៨៩ នោះ ហើយបានកាត់ទោសប្រហារជីវិត លោក នីកូឡាយ ឆូសេគូ និង ភរិយាគាត់ ។ ការកាត់ទោសនេះ ត្រូវបានផ្សព្វផ្សាយទូទាំងប្រទេស និង ពិភពលោក ។ មនុស្សទាំងប្រទេសស្រែកកត្រេកអរ និង ចែកអំណោយគ្នាទៅវិញទៅមក ។
រណសិរ្ស ស្រោចស្រង់ជាតិ ដែលបានកាន់អំណាច ក៏ពិបាកដែរ ព្រោះកងទ័ពចង់ រក្សារបបកុម្មុយនិស្តដដែល ជាហេតុនាំឱ្យមានការវាយប្រហារជាច្រើនទៀត ។
សារគាំទ្រ ក៏បានជោរជន់ចូលពីគ្រប់ទិសទីទូទាំងពិភពលោក ដូចជាពី បារាំង សូវៀត ហុងគ្រី អាល្លឺម៉ង់ ខាងកើត អាល្លឺម៉ង់ ខាងលិច ប៊ុលហ្គារី ឆេកូស្លូវ៉ាគី ចិន អង់គ្លេស អ៊ីតាលី ហុល្លង់ និង ព័រទុយហ្កាល់ ជាដើម ហើយជំនួយជាច្រើន មានថ្នាំពេទ្យ និង សម្លៀក បំពាក់ជាដើមត្រូវបានផ្តល់ឱ្យ រ៉ូម៉ានី ។
មនុស្សស្លាប់សរុបក្នុងព្រឹត្តិការណ៍នេះ ចំនួន ១.១០៤ នាក់ របួស ៣.៣៥២ នាក់។បន្ទាប់ពីនោះមក ពួកគេបានប្រកាសថ្ងៃសម្រាកជាតិនៅថ្ងៃទី ០១ ខែ ធ្នូ វិញ ដ្បើ រំឭកដល់ថ្ងៃ ប្រកាសរួបរួមគ្នាចូលរួមជាមួយ រ៉ូម៉ានី រវាងខេត្ត Transylvania , Banat, Crişan និង ខេត្ត Maramureş កាលពីឆ្នាំ ១៩១៨ គឺ ដើម្បី បង្ហាញនូវការរួមរួមគ្នា នៃ ជាតិ រ៉ូម៉ានី៕ ល