ទិវា​ជាតិ ហុង​គ្រី​

1200
ចែករម្លែក

​(ភ្នំពេញ)៖ ទិវា​ជាតិ ហុង​គ្រី ក៏ត្រូវ​បាន​គេ​ហៅ​ផងដែរ​ថា ទិវា Saint Stephen ទី ១ ត្រូវបានធ្វើ​នៅ​ថ្ងៃទី ២០ ខែ សីហា ដើម្បី​រំលឹក​ដល់​គុណបំណាច់​របស់​ស្តេច Stephen ដែល​បា​នប​ង្រួ​បង្រួម​កុល​សម្ពន្ធ ចំនួន​ប្រាំពីរ​ឱ្យទៅជា រដ្ឋ​ហុង​គ្រី តែមួយ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​

​សាធារណរដ្ឋ ហុង​គ្រី​មាន​ផ្ទៃដី ៩៣.០៣០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល មាន​ព្រំដែន​ជាប់ ប្រទេស ស្លូ​វ៉ា​ក​គី រ៉ូ​ម៉ា​នី ស៊ើប ក្រូ​អាត ស្លូ​វ៉ា​នី អូទ្រីស និង អ៊ុយ​ក្រែ​ន ។ នៅ​ឆ្នាំ ២០១ ហុង​គ្រៅ មាន​ប្រជាជន​ជិត ១០ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា រដ្ឋធានី​គឺ​ទីក្រុង ប៊ុ​យ​ដា​ប៉ែស ភាសាផ្លូវការ​របស់​ប្រទេស​គឺ​ភាសា ហុង​គ្រី ។​

​ប្រវត្តិសាស្ត្រ
​នៅ​សត្ត​វត្សរ៍​ទី ៩ មាន​កុលសម្ព័ន្ធ​រសាត់អណ្តែត​ចំនួន​ប្រាំពីរ​ដែល​ត្រូវបាន​គេ​ហៅ​ជា​សរុប​ថា Magyars ឬ ជនជាតិ ហុង​គ្រី បាន​ទៅ​តាំង​លំនៅ​របស់​ពួកគេ​នៅ​តំបន់ Carpathian Basin ។ មេដឹកនាំ​កុលសម្ព័ន្ធ​ទាំង​៧​នេះ​ឈ្មោះ Árpád បាន​ដឹកនាំ​កុលសម្ព័ន្ធ​របស់គាត់​ម​ក​ពី​តំបន់​ចន្លោះ​ភ្នំ Ural និង ទន្លេ Volga ។ ពី​ចន្លោះ​ឆ្នាំ ៨៩៥ ដល់​ឆ្នាំ ៩០២ ពួកគេ​បាន​លុកលុយ និង កាន់កាប់​តំបន់ Carpathian Basin ទាំងស្រុង ។

​ពេលនោះ​កុលសម្ព័ន្ធ Magyars នោះ​កំពុង​ស្វែងរក​ទីតាំង​សម្រាប់​តាំង​លំនៅ​អចិន្ត្រៃយ៍ បន្ទាប់ពី​ពួកគេ បាន​ផ្សងព្រេង​រសាត់អណ្តែត​អស់​ជាច្រើន​ឆ្នាំ​មកហើយ ។ នៅ​ឆ្នាំ ៨៩៦ ពួកគេ​បាន ឆ្លងកាត់​តំបន់ Verecke ទៅ​ភាគ​ខាងជើង នៃ តំបន់ Carpathians ។ ពួកគេ​បាន​ពើបប្រទះ​ជនជាតិ Slavic ជនជាតិ Gothic និង Avaric ប៉ុន្តែ​ពួកគេ​បាន​ជួបប្រទះ ការ​ច្បាំង​គ្នា​តិចតួច​ប៉ុណ្ណោះ ដោយសារ​ពួក​ជនជាតិ ទាំងនោះ​ខ្លាច​អំណាច​យោធា​របស់ កុលសម្ព័ន្ធ Magyars ឬ ហុង​គ្រី ។

​ពួក​កុលសម្ព័ន្ធ Magyars គឺជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ ហើយ​ពូកែ​ជិះសេះ ។ ពួកគេ​បាន​វាយប្រហារ ជាច្រើន​ទៅលើ​តំបន់​អឺរ៉ុប​ខាងលិច ធ្វើឱ្យ​ពួក​ជាតិ​សាសន៍​ទាំងនោះ​ក្លបខ្លាច​ពួក​កុលសម្ព័ន្ធ Magyars ។ ប៉ុន្តែ​នៅ​ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ៩៥៥ ពួកគេ​បាន​ពើប​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​របស់ ស្តេច អូ​តូ ទី ១ នៃ អាណាចក្រ អាល្លឺម៉ង់ នៅ​តំបន់ Augsburg ហើយ​ពួកគេ​បាន​ចាញ់ ស្តេច អូ​តូ ទី ១ ។ ចាញ់​សង្គ្រាម លើក​នោះ ធ្វើឱ្យ​ពួក​កុលសម្ព័ន្ធ Magyars បញ្ឈប់​ការ​រុករាន​របស់​ពួកគេ​ទៅលើ​តំបន់​អឺរ៉ុប​ខាងលិច ។ ប៉ុន្តែ​បន្ត​លុកលុយ​ទៅ ក្នុង​ទឹកដី​របស់​អាណាចក្រ Byzantine ទៀត​រហូតដល់​ឆ្នាំ ៩៧០ ។​

​ជ្រើស​រើ​សម្ព័ន្ធមិត្ត​
​មេដឹកនាំ​កុល​ម្ព័​ន្ធ Magyars លោក Árpád បាន​ស្លាប់​នៅ​ឆ្នាំ ៩០៧ ហើយ​ត្រូវបាន​ស្នង​តំណែង ដោយ​ចៅប្រុស​របស់គាត់​ឈ្មោះ Duke Géza ។ Duke Géza យល់ឃើញថា ជនជាតិ ហុង​គ្រី មិនអាច​បន្ត​របៀបរ​ស់​នៅ​តាមបែប​ជន​រសាត់អណ្តែត និង​នៅ​ជា​កុលសម្ព័ន្ធ​ដាច់ៗ​ដោយឡែក​ពីគ្នា ដូច​ដែលមាន​កន្លងមក​រហូតដល់​បច្ចុប្បន្ន​បាន​ទៀត​ទេ ប្រសិន បើ​ត្រូវការ​បង្កើត​រដ្ឋ ហុង​គ្រី ដ៏​ខ្លាំងក្លា​មួយ ។ ដោយហេតុ​នោះ Duke Géza បាន​ព្យាយាម​បង្រួបបង្រួម​កុលសម្ព័ន្ធ​ទាំងអស់ ដើម្បី​បង្កើតជា​រដ្ឋ តែមួយ ប៉ុន្តែ​ពុំ​ជោគជ័យ​ឡើយ ។​

​ទីតាំង​របស់ ហុង​គ្រី ពេលនោះ​ស្ថិតនៅ​ចំ​កណ្តាល នៃ មហាអំណាច​ចំនួន​ពីរ​នា​សម័យ​កាលនោះ គឺ អាណាចក្រ រ៉ូ​ម៉ាំង និង អាណា Byzantine ។ Géza យល់ឃើញថា ដើម្បី​រក្សា ហុង​គ្រី ឱ្យបាន​នៅ ទីនោះ​តទៅទៀត​នោះ ហុង​គ្រី ត្រូវតែ​សម្រេចចិត្ត និង​ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ​មហាអំណាច ណាមួយ​ក្នុងចំណោម​មហាអំណាច​ទាំ​អ​ពីរ​នោះ ។ ដោយហេតុ​នោះ គាត់​ក៏បាន​ផ្លាស់ប្តូរ ប្រទេស​របស់គាត់​ឱ្យទៅជា​ប្រទេស​កាន់​គ្រិស្តសាសនា ហើយក៏​បានស្នើ សុំ បេសកជន​មកពី​ទីក្រុង រ៉ូម ។ តាមរយៈ​នេះ​គឺ​គាត់​ជ្រើសរើស​អាណាចក្រ រ៉ូ​ម៉ាំង ធ្វើជា​សម្ព័ន្ធមិត្ត ហើយ​បាន​ក្លាយជា​បច្ចាមិត្ត​រប​ស់ អាណាចក្រ Byzantine ដោយ​ស្វ័យ​ប្រ​វ័ត ។​

Géza ត្រូវបានធ្វើ​ពិធី​ជ្រមុច​ទឹក​ចូល​សាសនា​គ្រិស្ត ជាមួយ​កូនប្រុស​របស់គាត់ ឈ្មោះ Vajk ដែល​បានទទួល​ឈ្មោះថា István ដែល​បញ្ចេញ​សូរសៀង​ជា​ភ​សា​អង់គ្លេស ថា Stephen (​ត្រូវបាន​គេ​ស្គាល់​ក្នុង​ប្រវត្តិសាស្ត្រ​ផងដែរ​ថា Saint Stephen ទី ១ ) ។ ជាមួយគ្នា​នោះ Géza បាន​បង្កើត​រាជវង្ស ហុង​គ្រី ដោយ​ជ្រើសរើស​កូនប្រុស​របស់គាត់​គឺ Stephen ឱ្យ​ឡើង​សោ​រាជ្យ ជា​ស្តេច​របស់ ហុង​គ្រី នៅ ខែធ្នូ ឆ្នាំ ១០០០ ។ សម្តេច ប៉ាប ស៊ី​វ៉ិ​ស្ទើ​រ៍ ទី ២ បាន​បញ្ជូន ម្កុដ ពី​ទីក្រុង រ៉ូម សម្រាប់​បំពាក់​ដល់​ស្តេច Stephen ដែលម្កុដ នោះ ត្រូវបាន​រក្សាទុករ​ហូ​ត​មកដល់​សព្វថ្ងៃ ហើយ​បាន​ក្លាយជា​រតនវត្ថុ​ដ៏​មានតម្លៃ​បំផុត​របស់​ជនជាតិ ហុង​គ្រី ។

​ស្តេច Stephen បាន​បន្តការងារ​ពី​បិតា​របស់​ព្រះអង្គ ដោយបាន​ព្យាយាម​រៀបចំ​បង្រួបបង្រួម កុលសម្ព័ន្ធ​ទាំងអស់​ឱ្យទៅជា​រដ្ឋ ហុង​គ្រី តែមួយ ។ ប៉ុន្តែ​ការងារ​នោះ​មិន​ងាយស្រួល​សោះឡើយ ដោយសារ​កុលសម្ព័ន្ធ​ជាច្រើន​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ស្តេច Stephen ធ្វើខ្លួន​ជា​អ្នក​កាន់សាសនា​គ្រិស្ត ខណៈ​អ្នកខ្លះ​ចង់​ធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ​អាណាចក្រ Byzantine ហើយ​អ្នកខ្លះ​ចង់​រក្សា​ប្រពៃណី ទំនៀមទម្លាប់ របស់​ពួកគេ ។

​ការសម្រេចចិត្ត​របស់ Géza ក្នុង​ការលើក​កូនប្រុស​របស់គាត់​គឺ Stephen ឱ្យ​ឡើង​សោយរាជ្យ​នោះ គឺជា​រឿង​ផ្ទុយ​ពី​ប្រពៃណី​របស់​ជនជាតិ​ហុង​គ្រី​នា​សម័យ​នោះ ដែល​ត្រូវ​ផ្តល់ទៅឱ្យ​អ្នកណា ដែលមាន​វ័យ​ចំណាស់​ជាងគេ​ជា​អ្នក​បន្ត​តំណែង ដែល​កាលណោះ​ត្រូវ​ឳ​ពុក​មា របស់​សេ្ត​ច Stephen គឺ​ព្រះអង្គម្ចាស់ Koppány ឯណោះ​ទេ ដែលជា​អ្នក​ត្រូវ​ឡើង​សោយរាជ្យ​ជា​ស្តេច​របស់​ហុង​គ្រី នាពេលនោះ ។ ដោយហេតុនេះ បន្ទាប់ពី Géza ស្លាប់​នៅ​ឆ្នាំ ៩៩៧ ទៅ ព្រះអង្គម្ចាស់ Koppány បាន​បះបោរ​ប្រឆាំង ស្តេច Stephen ដោយ​ប្រដាប់អាវុធ ហើយ​ពួក​អ្នក​ប្រកាន់​ប្រពៃណី របស់ខ្លួន​ដែល​កំពុង​មិន​ពេញ​ចិត្តនឹង​អ្វីដែល​ស្តេច Stephen កែប្រែ​ប្រទេស​ឱ្យទៅជា​អ្នក​កាន់ គ្រិស្តសាសនា​ស្រាប់​ផង​នោះ ក៏បាន​ចូលរួម​ជាមួយ​ព្រះអង្គម្ចាស់ Koppány ដែរ ។ ប៉ុន្តែ​ពួកគេ​បាន បរាជ័យ ហើយ​ព្រះអង្គម្ចាស់ Koppány ត្រូវបាន​កាត់ទោស ។ គិត​ត្រឹម​ឆ្នាំ ១០០៦ ស្តេច Stephen បាន​ប្រមូល​អំណាច​ទាំងអស់​មក​ក្តោប​ក្តាប់​ក្នុង​ដៃ​យ៉ាង​ណែន​ដោយ​ការកម្ទេច​គូបដិបក្ខ​របស់ ព្រះអង្គ​ទាំងអស់ រួមទាំង​ពួក​អ្នក​ចង់​កាន់សាសនា​ប្រពៃណី និង អ្នក​ដែល​ចង់​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​អឺរ៉ុប ខាងកើត (​ដែលជា​អ្នក​កាន់​និកាយ​ប្រូ​តិ​ស្តង់ ) គឺ​អាណាចក្រ Byzantine ផង ហើយ​បាន​បង្ខំ​ឱ្យ ហុង​គ្រី ទាំងមូល​ក្លាយជា​រដ្ឋ​កាន់​គ្រិស្តសាសនា​តាមបែប​អឺរ៉ុប​ខាងលិច​ទាំងស្រុង ។

​ស្តេច Stephen បាន​ចូល​ទីវ​ង្គ​ត​នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១០៨៣ ។ នៅ​ថ្ងៃទី ២០ ខែ និង ឆ្នាំ ដដែល​នោះ​គឺ ៥ ថ្ងៃ​បន្ទាប់ពី​ការចូល​ទីវ​ង្គ​ត ស្តេច Stephen ទទួលបាន​ព្រះ​គោរមងា​ថា “ សន្តតិ​ជន “ ឬ “ ជន​ពិសិដ្ឋ “ (Saint ) បាន​ទៅជា Saint Stephen ទី ១ ។ រដ្ឋាភិបាល និង ប្រជាជន ហុង​គ្រី បានជ្រើសរើស​យក​ថ្ងៃទី ២០ ខែ សីហា ជា​ថ្ងៃ​ដែល​ស្តេច Stephen ចូល​ទីវ​ង្គ​ត សម្រាប់​ប្រារព្ធ ទិវា​ជាតិ របស់​ពួកគេ ដើម្បី​រំលឹក​ដល់​ស្តេច Stephen នេះឯង​ដ្បិត​គឺ​ស្តេច​អង្គ​នេះហើយ​ដែលជា​អ្នក បង្រួបបង្រួម​កុលសម្ព័ន្ធ ទាំងឡាយ​ឱ្យទៅជា ហុង​គ្រី តែមួយ ៕ ស្រាវជ្រាវប្រែសម្រួលដោយ: មេសា

​រូបសំណាក​ស្តេច Saint Stephen ទី ១ (hungary 1)
ទិដ្ឋភាព​ទីក្រុង ប៊ុ​យ​ដា​ប៉ែស ប្រទេស ហុង​គ្រី (hungary 2)