ទិវា​ជាតិ អេ​ហ្ស៊ី​ប​

1122
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ អេ​ហ្ស៊ី​ប ប្រារព្ធ​ទិវា​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី ២៣ ខែកក្កដា ដើម្បី​រំលឹក​ដល់​ថ្ងៃ ដែល​ពួកគេ​ប្រកាស​ធ្វើ​បដិវត្តន៍​ទម្លាក់​ស្តេច Farouk ពី​រាជបល្ល័ង្ក កាលពី​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៥២ បង្កើតបានជា​សាធារណរដ្ឋ​អេ​ហ្ស៊ី​ប ទំនើប​បច្ចុប្បន្ន ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អារ៉ាប់ អេ​ហ្ស៊ី​ប មាន​ផ្ទៃដី​១.០១០.៤០៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​កែង​í​ឦសាន នៃ​ទ្វីបអាហ្វ្រិក និង​កែង​នារ​តី នៃ​ទ្វីបអាស៊ី មាន​ព្រំដែន ជាប់​នឹង​តំបន់ ហ្កា​ហ្សា ស្ទ្រី​ព អ៊ីស្រាអែល ឈូងសមុទ្ទ អា​ហ្កា​បា ស​មុ​ទ្ធ​ក្រហម ស៊ូដង់ និង លី​ប៊ី ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ ជាង ៩៦ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម រដ្ឋធានី គឺ​ទីក្រុង គែរ ភាសាផ្លូវការ​របស់​ប្រទេស គឺ​ភាសា​អារ៉ាប់​ទំនើប ។

​ប្រវត្តិសាស្ត្រ​
​នា​អំឡុង​ដើម​សតវត្សរ៍​ទី​២០ សហរដ្ឋអាមេរិក និង សហភាពសូវៀត បាន​ទៅដល់​ព្រះរាជាណាចក្រ​អេ​ហ្ស៊ី​ប ខណៈដែល​ប្រទេស​នោះ កំពុង​ស្ថិតក្រោម​អាណានិគម​អង់គ្លេស ហើយ​សហរដ្ឋអាមេរិក និង​សហភាព សូ​វៀត បាន​ផ្សព្វផ្សាយ​អំពី​ទស្សនៈ របបរាជានិយម អេ​ហ្ស៊ី​ប ពុករលួយ​ដល់​ឆ្អឹង និង​ទ្រពង អាណានិគម អង់គ្លេស រស់នៅ​ហ៊ឺហា​ខ្ជះខ្ជាយ លើ​គនរ​ទុក្ខវេទនា​របស់​រាស្ត្រ ដែល​កំពុង​រស់ក្នុង​សភាព​ក្រីក្រ​។ យុទ្ធនាការ របស់​មហាអំណាច​ទាំងពីរ​នេះ បាន​បញ្ចប់ទៅ ដោយ​ឱ្យ​សង្គម អេ​ហ្ស៊ី​ប មើលឃើញ​មុខមាត់​របស់ រដ្ឋាភិបាល របបរាជានិយម អេ​ហ្ស៊ី​ប ថា​ជា​អាយ៉ង​ពុករលួយ របស់​ចក្រភព​អង់គ្លេស ។​

​ភ្នាក់ងារ​សន្តិសុខ​អាមេរិក CIA និង គណៈកម្មការ​សន្តិសុខ​ជាតិ សហភាពសូវៀត​តាមរយៈ​ភ្នាក់ងារ របស់ខ្លួន នៅ​ប្រទេស​អេ​ហ្ស៊ី​ប បាន​ពង្រីក​សតិអារម្មណ៍ ឬ ស្មារតី​ពុករលួយ ទៅជា​ច្រើន​ស្ថាប័ន នៃ​អេ​ហ្ស៊ី​ប មាន​ស្ថាប័ន​នគរបាល រាជវាំង និង សូម្បីតែ​គណបក្សនយោបាយ ។ ប្រការនេះ ធ្វើឱ្យ​ភាព​ទោមនស្ស ប្រឆាំងនឹង​ស្តេច Farouk អេ​ហ្ស៊ី​ប កើនឡើង​ក្នុង​កម្រិត​ខ្ពស់​ទៅៗ ។ ផែនការ CIA និង​សហភាពសូវៀត ដើម្បី​ផ្តួលរំលំ​ស្តេច Farouk ត្រូវបាន​គេ​ស្គាល់​ថា ផែនការ FF (Fat Fucker) ដោយសារ​ពួកគេ មិន​ពេញ​ចិត្តនឹង​ស្តេច Farouk នោះ បាន​បំពេញ​តួនាទី​យ៉ាងសកម្ម ក្នុងការ​បង្កើត និង​គាំទ្រ​ពួក​មន្ត្រី ជាតិនិយម អេ​ហ្ស៊ី​ប​មួយក្រុម​ដែល​ប្រឆាំងនឹង​ស្តេច Farouk ដោយ​ហៅ​ខ្លួនឯង​ថា “ ចលនា​ពួក​មន្ត្រី​សេរី “ ( Free Officers Movement) ដោយមាន​មន្ត្រី​វ័យក្មេង​ម្នាក់ ឈ្មោះ Gamal Abdel Nasser ជា​បង្គោល ។​

​ឆ្នាំ​១៩៤៨ អេ​ហ្ស៊ី​ប បាន​ចាញ់​សង្គ្រាម អ៊ីស្រាអែល បានក្លាយ​ជា​លេស​ដ៏​ធំ​មួយ​សម្រាប់​ពួក​ចលនា​មន្ត្រី​សេរី ចោទប្រកាន់ ស្តេច Farouk និង​រដ្ឋាភិបាល​របស់​ទ្រង់ អំពី​ពុករលួយ ហើយ​បាន​ពង្រីក​អារម្មណ៍​បែបនេះ ទៅក្នុង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​អេ​ហ្ស៊ី​ប ទូទៅ ។ ពួកគេ​បាន​ប្រើប្រាស់​ឩ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ឈ្មោះ Muhammad Naguib ជា​ប្រមុខ​ដើម្បី​បង្ហាញ​ពី​ភាពម៉ឺងម៉ាត់​របស់ខ្លួន និង​ដើម្បី​ទាក់ទាញ​មន្ត្រី កងទ័ព​ដទៃទៀត ។​

​ព្រមាន​បដិវត្តន៍
​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៥២ ឩ​ត្ត​ម​សេនីយ៍ Naguib បានឱ្យ​ស្តេច Farouk ដាក់រាជ្យ ដោយ​ព្រមាន​ថា នឹង​អាចមាន​បដិវត្តន៍ ។ ឩ​ត្ត​ម​សេនីយ៍ Naguib បាន​សរសេរ​លិខិត​មួយច្បាប់​ថ្វាយ​ស្តេច Farouk ថា “ ភាព​គ្មាន​ខ្លឹមសារ បាន​រីក​សាយភាយ​ពាសពេញ​ប្រទេស ដោយសារតែ​ឥរិយាបថ របស់​ព្រះអង្គ ការលេង​សើច​របស់​ព្រះអង្គ ចំពោះ​រដ្ឋាភិបាល និង ការ​មាក់ងាយ​របស់​ព្រះអង្គ ចំពោះ​ការចង់ បាន​របស់​ប្រជារាស្ត្រ គ្មាន​អ្នកទទួលខុសត្រូវ​ចំពោះ​អាយុជីវិត​មនុស្ស ។ សេចក្តីថ្លៃថ្នូរ របស់​ប្រជាពលរដ្ឋ អេ​ហ្ស៊ី​ប ចំពោះមុខ​ពិភពលោក ត្រូវបាន​បន្ទាបបន្ថោក ដោយសារតែ​ការដឹកនាំ​របស់​ព្រះអង្គ​។ កងទ័ព​ដែលជា​តំណាងឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បានផ្តល់​អំណាច​ដល់​ទូលបង្គំ សុំ​ដោយ​ទទូចថា សូម​ព្រះអង្គ​ដាក់រាជ្យ​នៅ​ម៉ោង​១២ ថ្ងៃនេះ​តែម្តង ហើយ​ចាក​ចេញពី​ប្រទេស ឱ្យបាន​មុន​ម៉ោង ៦:០០ ល្ងាច “ ។

​ចាប់ពី​ឆ្នាំ​១៩៥១-១៩៥២ ពួក​មន្ត្រីប៉ូលិស​ជាតិនិយម ចាប់ផ្តើម​ការពារ និង​ផ្សព្វផ្សាយ ចលនា​អ្នកតស៊ូ អេ​ហ្ស៊ី​ប វាយប្រហារ​ទៅលើ​ទីតាំង​មួយចំនួន នៃ​អាជ្ញាធរ​អាណានិគម​អង់គ្លេស ។ កងទ័ព​អង់គ្លេស បាន​បើក​ការវាយប្រហារ លើ​ក្រុម​អ្នកតស៊ូ អេ​ហ្ស៊ី​ប​។ ថ្ងៃទី​២៥ ខែ មករា ឆ្នាំ​១៩៥២ កងទ័ព​អង់គ្លេស បាន​រកឃើញថា ពួក​អ្នកតស៊ូ​ទាំងនោះ ចូល​លាក់ខ្លួន​នៅក្នុង​ស្ថានីយ​ប៉ូលិស ទើប​កងទ័ព​អង់គ្លេស ទាមទារ​ឱ្យ​ប៉ូលិស ប្រគល់​អ្នក​ទាំងនោះ ឱ្យ​ពួកគេ (​អង់គ្លេស​) ប៉ុន្តែ​ប៉ូលិស បាន​បដិសេធ ។ អង់គ្លេស មានបំណង​ចរចា ជាមួយ​ប៉ូលិស និង​ពួក​អ្នកតស៊ូ ប៉ុន្តែ​ពួក​អ្នកតស៊ូ បានសម្លាប់​បេសកជន ចរចា​របស់​អង់គ្លេស ទើប​អង់គ្លេស បើក​ការវាយប្រហារ ទៅលើ​ទីតាំង​ប៉ូលិស បណ្តាលឱ្យ​ប៉ូលិស​អេ​ហ្ស៊ី​ប ៥០ នាក់​ស្លាប់ និង​របួស​រាប់រយ​នាក់​។ ប្រការនេះ​បាន​ដុត​បញ្ឆេះ​មនុស្ស នៅ​អេ​ហ្ស៊ី​ប ឱ្យ​ផ្ទុះឡើង ជាមួយ​កំហឹង​យ៉ាង​ក្រេវក្រោធ ។

​ជា​បន្ត​បន្តា​ប់ ពួក​មន្ត្រី​សេរី បាន​ផ្តើមធ្វើ​កូដកម្ម នៅ​ទីក្រុង​គែរ ហើយ​បាន​រីក​រាលដាល ធំ​ទៅៗ​។ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៥២ (​ថ្ងៃ​សៅរ៍​ខ្មៅ​ងងឹត​) ដែល​ប្រជាជន​អេ​ហ្ស៊ី​ប ហៅថា បដិវត្ត​ន៍ទី​២ (​ទី​១ នៅ​ឆ្នាំ ១៩១៩ ) ស្តេច Farouk បាន​រំលាយ​រដ្ឋាភិបាល​របស់​លោក Mustafa el-Nahhas ចោល ហើយ​ប្រគល់​ភារកិច្ច ឱ្យ​បង្កើត​រដ្ឋាភិបាល​បី​ផ្សេងទៀត ប៉ុន្តែ​រដ្ឋាភិបាល​ទាំងនោះ សុទ្ធតែ​បរាជ័យ ហើយ​រដ្ឋាភិបាល ចុងក្រោយ អស់​អាយុ​នៅត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​១៩៥២ ដដែល​នោះ ។​

​ភាពវឹកវរ​នេះ បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​យោធា ហើយ​នៅ ខែមករា ឆ្នាំ​១៩៥២ ពួក មន្ត្រី​សេរី បាន​ត្រួតត្រា​លើ​ក្រុមប្រឹក្សាភិបាល ក្លិប​មន្ត្រី តាមរយៈ​ការបោះឆ្នោត ។ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​នោះ ស្តេច Farouk បានប្រកាស​ទុកជា​មោ​ឃៈ នៃ ការបោះឆ្នោត​នេះ ហើយ បានតែងតាំង​មនុស្ស ដែល​គាំទ្រ​ព្រះអង្គ ជា​ជំនួស​វិញ ក្នុង​បំណង​ដើម្បី​កាន់កាប់​សិទ្ធិ​កងទ័ព ។

​ដោយហេតុ​នោះ ពួក​មន្ត្រី​ជំទាស់​ទាំងឡាយ បានរៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​មួយ ដែល​គ្រោង​ថា នឹងធ្វើ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ១៩៥២ ។ ប៉ុន្តែ​ពួក​មេដឹកនាំ រដ្ឋប្រហារ បានដឹងថា ស្តេច Farouk មាន​បញ្ជី​ឈ្មោះ​ពួក​មន្ត្រី ដែលមាន​បំណង​ធ្វើ​រដ្ឋប្រហារ ហើយ​កំពុង​តាម​ចាប់ខ្លួន​ពួក​មន្ត្រី​ទាំងនោះ ទើប​ពួកគេ​ជួបប្រជុំគ្នា​ហើយ សម្រេចចិត្ត​ប្តូរ​ផែនការ របស់​ពួកគេ ពីថ្ងៃ​ទី​៥ ខែសីហា ទៅជា​ធ្វើ​នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​១៩៥២ វិញ ។​

​ខណៈនោះ ប្រធាន​ក្រុមមន្ត្រី​សេរី លោក Gamal Abdel Nasser បាន​ទំនាក់ទំនង ជាមួយ​អង្គការ បងប្អូន​មូ​ស្ល៊ី​ម និង​អង្គការ ចលនា​ប្រជាធិបតេយ្យ ដើម្បី​សេរីភាព​ជាតិ របស់​ពួក​កុម្មុយនីស្ត អេ​ហ្ស៊ី​ប ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​ពួកគេ ។ ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៥២ លោក Gamal Abdel Nasser និង​ឩ​ត្ត​ម​សេនីយ៍ នគរបាល​ម្នាក់ ក្នុង​សម្លៀកបំពាក់​ស៊ីវិល បាន​ដើរ​ចាប់ខ្លួន​ពួក​មេបញ្ជាការ​រាជានិយម សំខាន់ៗ​នៅតាម​ផ្លូវ​ដែល​ពួកគេ​ធ្វើដំណើរ​ទៅធ្វើ​ការ ដើម្បី​ដណ្តើមយក​សិទ្ធិ​កាន់កាប់​កងទ័ព ។ នៅ​ម៉ោង ៦:០០ ព្រឹក កងទ័ពអាកាស​របស់ ក្រុមមន្ត្រី​សេរី បាន​ហោះ​ក្រវែល​ទីក្រុង​គែរ​។

​ប្រកាស​បដិវត្តន៍
​នៅ​ព្រឹក​ម៉ោង ៧:៣០ នាទី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​១៩៥២ ស្ថានីយ​ផ្សព្វផ្សាយ ព័ត៌មាន​បានប្រកាស អំពី​បដិវត្តន៍ ដោយ​ប្រើ​ឈ្មោះ​លោក​ឩ​ត្ត​ម​សេនីយ៍ Naguib ។ តាមពិត រដ្ឋប្រហារ​នោះ ដឹកនាំ​ដោយ​ពួក​មន្ត្រី មិន​ដល់ ១០០ នាក់​ទេ ហើយ​ភាគច្រើន ចេញពី​មន្ត្រី​វ័យ ក្មេង ដោយបាន​អុជអាល ស្ថានភាព​តាមរយៈ ការស្វាគមន៍ ពួក​ហ្វូងមនុស្ស នៅតាម​វិថី​នានា តែប៉ុណ្ណោះ ។

​ស្តេច Farouk បាន​ស្វែងរក​ការធ្វើអន្តរាគមន៍ ពី​សហរដ្ឋអាមេរិក ប៉ុន្តែ​អាមេរិក មិនបាន ឆ្លើយតប​ឡើយ ដ្បិត​អាមេរិក មិន​គ្រាន់តែ​ជា​អ្នក​ស្អប់ និង​ចង់​ទម្លាក់​ស្តេច Farouk ប៉ុណ្ណោះ ទេ ប៉ុន្តែ​អាមេរិក (​និង សូ​វៀត ) ក៏​ថែមទាំង​ជា​អ្នក​ផ្តួចផ្តើម ទំនុកបម្រុង រដ្ឋប្រហារ​នេះ ស្រាប់ ផង​។

​នៅ​ថ្ងៃទី​២៥ ខែ​នោះ ពួកកងទ័ព បាន​រកឃើញ​កន្លែង​លាក់ខ្លួន​របស់​ស្តេច Farouk គឺ រាជវាំង Montaza Palace​។ ស្តេច Farouk បាន​បោះបង់​រាជវាំង នោះ ហើយ​គេច​ទៅ​គង់នៅ ក្នុង​វាំង Ras Al-Teen Palace នា​មាត់ទឹក​វិញ ប្រហែលជា​ក្នុង​បំណង ដើម្បី​ងាយស្រួល​ក្នុង ការ​ភៀស​ព្រះកាយ​តាម​ទូក ។ ប៉ុន្តែ ឩ​ត្ត​ម​សេនីយ៍ Naguib បានចេញ​បញ្ជា​ទៅ​កា​ពី​ទែន​នាវា របស់​ស្តេច Farouk ថា​កុំ​ឱ្យចេញ​នាវា ឱ្យ​ទាល់តែសោះ ប្រសិនបើ​គ្មាន​ការបញ្ជា​ពី​កងទ័ព ។​

​ទីបំផុត ស្តេច Farouk ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ ហើយ​និរទេស​ខ្លួន ទៅ​ប្រទេស​អ៊ីតាលី​តាម​ទូក ដោយ​គ្មាន​ការការពារ​ពី​កងទ័ព​អេ​ហ្ស៊ី​ប ដោយ​ផ្ទេរ​រាជ្យ​ទៅឱ្យ​បុត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ Ahmed Fuad ដោយ​ទទួល​គោរមងារ​ជា​ស្តេច Fuad ទី​២ ហើយ​ក្រុមប្រឹក្សា​រាជ​នុ​សិទ្ធិ ត្រូវបាន​បង្កើតឡើង ។ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៥៣ លោក​ឩ​ត្ត​ម​សេនីយ៍ Muhammad Naguib បាន​ក្លាយជា​ប្រធានាធិបតី ដំបូង របស់ អេ​ហ្ស៊ី​ប ហើយ អេ​ហ្ស៊ី​ប ទំនើប​ក៏បាន​ចាប់ផ្តើម ពី​ពេល​នោះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទិដ្ឋភាព​បដិវត្តន៍​អេ​ហ្ស៊ី​ប ឆ្នាំ ១៩៥២ (Egypt 1)
លោក​ឩ​ត្ត​ម​សេនីយ៍ Muhammad Naguib អាន​ប្រកាស​បដិវត្តន៍ (Egypt 2)
​ទីក្រុង គែរ នៃ សាធារណរដ្ឋ អារ៉ាប់ អេ​ហ្ស៊ី​ប ( Egpyt 3)