ទិវា​ជ័យជម្នះ​នៅ​ឌៀ​ន បៀ​ន​ភូ​

1724
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​វៀតណាម ប្រារឰ​ទិវា ជ័យជម្នះ នៅ​ឌៀ​ន​បៀ​ន​ភូ នៅ​ថ្ងៃទី​៧ ខែឧសភា ដើម្បី​រំលឹក​ដល់​ជ័យជម្នះ របស់​កងទ័ព​វៀត​មិញ ទៅលើ​កងទ័ព បារាំង នៅឯ​ជ្រលង​ភ្នំ ឌៀ​ន​បៀ​ន​ភូ កាលពី​ឆ្នាំ​១៩៥៤ ដែល​ជ័យជម្នះ​នេះ បាន​នាំឱ្យមាន​ផលប៉ះពាល់ យ៉ាង​ខ្លាំ​ដល់ ការចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​នាំ ឱ្យ​បារាំង​បញ្ចប់​ការត្រួតត្រា​របស់ខ្លួន មកលើ​ឥណ្ឌូចិន ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សង្គមនិយម វៀតណាម ចាត់ទុកថា ជា​ប្រទេស កុម្មុយនីស្ត​កំណែទម្រង់​មួយ មាន​ផ្ទៃដី ៣៣១.២១០​គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំងបី​នៅ​ឥណ្ឌូចិន បារាំង និង​ជា​សមាជិក​មួយ ក្នុងចំណោម សមាជិក​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) មាន​ព្រំដែន ជាប់​នឹង​ប្រទេស​កម្ពុជា ឡាវ ឈូង​-​សមុទ្រ​ថៃ ឈូង​សមុទ្រ​តុងកឹង និង​ចិន​។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង​៩៦ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មហាយាន ខុង​ជឺ និង តាវ ។ រដ្ឋធានី គឺ​ទីក្រុង​ហាណូយ ភាសា ផ្លូវការ គឺ​ភាសា​វៀតណាម ។​

​ប្រវត្តិសាស្ត្រ​-​មូលហេតុ បារាំង​កាន់កាប់​
​គិត​ត្រឹម​ឆ្នាំ​១៧៨៧ ប្រទេស វៀតណាម ស្ថិតក្រោម​ការគ្រប់គ្រង របស់​គ្រួសារ តៃ​សឺ​ន បន្ទាប់ពី​បាន ងើប​បះបោរ​ផ្តួលរំលំ​រាជវង្ស ង្វៀន (Nguyên = ង្វៀន ឬ យួន ។ ពាក្យ​នេះ ហើយ​ជា​ប្រភព​ដែល​ខ្មែរ ហៅ​ជនជាតិ វៀតណាម ថា យួន ) ។ អតីត​រាជវង្ស ង្វៀន រាប់អាន​គ្រិស្តសាសនា ហើយ បព្វជិត​គ្រិស្តសាសនា​ថែមទាំង​មាន តួនាទី​ក្នុង​រាជការ​ទៀតផង ។ ប៉ុន្តែ កាលណោះ ប្រជាពលរដ្ឋ​វៀតណាម មិន​ចូលចិត្ត​គ្រិស្តសាសនា​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ មាន​សាសនា​របស់​ពួកគេ រួចទៅហើយ ។ ចំណែក​គ្រួសារ តៃ សឺ​ន ដែល​ទើបតែ​ដណ្តើម អំណាច​បាន​ពី អតីត​រាជការ ង្វៀន នោះ មិនមាន​ទំនោរ ទៅខាង​គ្រិស្តសាសនា​ឡើយ ហើយ ថែមទាំង​មិនសូវ​អត់ឱន​ឱ្យ​បព្វជិត គ្រិស្តសាសនា​ទៀតផង ដែល​បាន​សេចក្តី ថា ការផ្សព្វផ្សាយ​គ្រិស្តសាសនា​នៅ ប្រទេស​វៀតណាម អាច​នឹង​មិនបាន ជោគជ័យ​ឡើយ ប្រសិនបើ​អ្នក​កាន់ អំណាច​មិន​ជួយ​ជ្រោមជ្រែង ។ ដោយ ហេតុនេះ សង្ឃ​កាតូលិក​បារាំង ឈ្មោះ Pigneaux de Behaine មានបំណង កម្ចាត់​រាជការ​របស់​គ្រួសារ តៃ សឺ​ន និង ស្តារ​រាជការ ង្វៀន ឬ អ្នកណា​ក៏ដោយ ឱ្យតែ​រណប​នឹង​គ្រិស្តសាសនា ដើម្បី​សាបព្រោះ គ្រិស្តសាសនា​តទៅទៀត ។
​ ​
​ឃើញ​ឱកាស​បែប​នោះ ព្រះ​ចៅ ង្វៀន អា​ញ បាន​ពិភាក្សា​ជាមួយ នឹង សង្ឃ​កាតូលិក បារាំង ឈ្មោះ Pigneaux de Behaine ។ នៅ​ឆ្នាំ​១៧៨៤ សង្ឃ​កាតូលិក​បារាំង​រូបនេះ បាន​ចាក ចេញពី​វៀតណាម​ទៅ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​ជំនួយ​យោធា​ដល់ ព្រះ​ចៅ ង្វៀន អា​ញ ។ បព្វជិត Pigneaux បាន​សម្របសម្រួល​ឱ្យមាន​កិច្ចសន្យា មួយចំនួន ដែលថា​នឹង​ផ្តល់ជំនួយ យោធា​ដល់​បក្ខពួក ដែល​កំពុង​ស្វែងរក ស្តារ​រាជការ ង្វៀន ឡើងវិញ នៅ វៀតណាម ជា​កិច្ច​តបស្នង​ទៅនឹង សម្បទាន​មួយចំនួន​។ ប៉ុន្តែ​ដោយសារ ពេលនោះ បារាំង​កំពុង​ជាប់ ដៃ​នឹង​រឿង បដិវត្តន៍​ខែកក្កដា ទើប​កិច្ចសន្យា​របស់ បព្វជិត Pigneaux មិន​ត្រូវបាន​អនុវត្តន៍​ឡើយ ។​

​ដោយហេតុ​នោះ បព្វជិត Pigneaux បានធ្វើ​ដំណើរ​ទៅ​តំបន់ Pondich”ry ជា​ទឹកដី​បារាំង នៅ​ប្រទេស ឥណ្ឌា​ទៀត ហើយ​នៅ​ទីនោះ​លោក ប្រមែ​ប្រមូលបាន​កប៉ាល់​ចម្បាំង​ពីរ គ្រឿង កងវរសេនាធំ​ឥណ្ឌា​មួយ​កង និង ពួកកងទ័ព​ស្ម័គ្រចិត្ត​មួយចំនួន ហើយ​ត្រឡប់មក​ប្រទេស វៀតណាម​វិញ នៅ​ឆ្នាំ​១៧៨៨ ។

​អ្នកស្ម័គ្រចិត្ត​ម្នាក់​របស់​បព្វជិត Pigneaux បាន​សហការ​ជាមួយ​កងទ័ព ជើង​ទឹក​របស់​ព្រះ​ចៅ ង្វៀន អា​ញ ហើយ​ក៏បាន​កម្ទេច​កង​ទ័ព​របស់​ត្រកូល តា​យ សឺ​ន នៅ​ឆ្នាំ​១៧៩២ ។ ប៉ុន្មាន ឆ្នាំ​ក្រោយមក ង្វៀន អា​ញ ក៏បាន កាន់កាប់ សាយ​ហ្ក​ន (​ព្រៃនគរ​) ទៀត ហើយ​បាន​បង្កើត រាជវង្ស ង្វៀន (​ឬ យួន​) នៅ​ឆ្នាំ​១៨០២ ហើយ​ព្រះ​ចៅ ង្វៀន អា​ញ នេះ បាន​រាប់អាន​ចំពោះ ពួក​អ្នក​កាតូលិក​និយម ដោយបាន​ប្រគល់​ឋានៈ មួយចំនួន​ជាទី​ប្រឹក្សា នៅក្នុង​រាជការ របស់​ព្រះអង្គ​ទៀតផង ។​

​ប៉ុន្តែ​អ្នក​ឡើង​ស្នងរាជ្យ​បន្ត​ពី ព្រះ​ចៅ ង្វៀន អា​ញ នេះ ជា​អ្នក ខុង​ជឺ និយម ហើយ​មិនសូវ​អត់ ឱន​ដល់​ពួក កាតូលិក​និយម​ឡើយ ហើយ​ទីបំផុត ក៏​បិទទ្វារ​ទាំងស្រុង ចំពោះ​កាតូលិក និយម បន្ទាប់ពី​ពួ​កាតូលិក នាំ​បំបះបំបោរ ប្រឆាំង​រាជការ ក្នុង​បំណង​បង្កើត អធិរាជ​កាតូលិក​វិញ ហើយ​បំណង​នោះ បាន​បរាជ័យ ចំណែក​ពួក​កាតូលិក ទាំង​ជនជាតិ​វៀតណាម ទាំង​ជន បរទេស​ត្រូវបាន​កាត់​ទោស​។ ពាណិជ្ជកម្ម ជាមួយ​បស្ចិម​លោក​បាន​ថយចុះ នៅ​អំឡុង ពេលនេះ​។

​នៅក្នុង​ដើម​រជ្ជកាល​នៃ​រាជវង្ស ង្វៀន នេះ វៀតណាម មមាញឹក​នឹង កិច្ចការ​ស្ថាបនា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​នានា ដោយ​រួមទាំង​ការបញ្ជ្រាប​ឥទ្ធិពល របស់ខ្លួន​មកលើ​កម្ពុជា និង​ឡាវ​ផង ។​
​ ​
​ការ​ស្ទុះ​ឡើង​នៃ​មូលធន​របស់ បារាំង ជាហេតុ​នាំឱ្យមាន​តម្រូវការ ទីផ្សារ​នៅ​ឯនាយសមុទ្រ ជា​ចាំបាច់ ។ បារាំង ក៏ត្រូវ​ការផ្សព្វផ្សាយ​គ្រិស្តសាសនា នៅ​វៀតណាម ដូចដែល​បាន លើកឡើង​ខាងលើ​ផង ហើយដោយ ហេតុថា មហាអំណាច​បស្ចិម​លោក​នានា​បាន​លុកលុយ កាន់កាប់​ប្រទេស​ជាច្រើន នៅ​អាស៊ី​ផង​នោះ បារាំង ក៏ត្រូវ​ការ ចំណែក​នោះ​ខ្លះ​ដែរ ពោលគឺ​ត្រូវការ កាន់កាប់​ប្រទេស​អាស៊ី​ខ្លះ ដើម្បី​ថ្លឹង អំណាច​របស់ខ្លួន ចំពោះ​មហាអំណាច ផ្សេងទៀត​នៅ​លោកខាងលិច ។​

​បូករួម​បញ្ចូល​គ្នា​ទៅ ទើប​នៅ ឆ្នាំ​១៩៥៧ ព្រះ​ចៅ​អធិរាជ ណា​ប៉ូ​-​ឡេ​អុង ទី​៣ ចេញ​បញ្ជា ឱ្យ​ឈ្លានពាន ប្រទេស​វៀតណាម​។ កងទ័ពជើងទឹក បារាំង ដោយមាន​កប៉ាល់​១៤​គ្រឿង ផ្ទុក​ទៅដោយ​កងទ័ព​២.៥០០​នាក់ បាន​ទៅដល់​ទីក្រុង​ដា​ណាំង នៅ​ខែ សីហា ឆ្នាំ​១៩៥៨ ហើយ​បើក​ការ វាយលុក ទៅលើ​កំពង់ផែ​ទីនោះ នៅ​ថ្ងៃ ទី​១ ខែកញ្ញា ឆ្នាំ​ដដែល​នោះ និង​បាន ចូលកាន់​កាប់​ទីក្រុង​ដា​ណាំង នៅ​ថ្ងៃទី​២ ខែ និង ឆ្នាំ ដដែល ។

​ប៉ុន្តែ​បារាំង​បាន​មើលឃើញថា កាន់កាប់​ទីក្រុង ដា​ណាំង តែមួយ​គឺ​ធ្វើ​អ្វី មិនបាន​ធំដុំ​ទេ ទើប​បារាំង​មាន​គម្រោង ដណ្តើម​កាន់កាប់​ទីក្រុង​ព្រៃនគរ ឬ ទីក្រុង​សាយ​ហ្ក​ន​ទៀត ។ នៅ​ខែកុម្ភៈ ឆ្នាំ​១៩៥៩ កងទ័ពជើងទឹក​បារាំង វាយលុក​លើ​ទីក្រុង​សាយ​ហ្គ​ន ហើយ​បាន​កាន់ កាប់​ទីក្រុង​នេះ បន្ទាប់ពី​បាន ពើប​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម នៅ​ទីនោះ​អស់​រយៈ ពេល​ពីរ​សប្តាហ៍ (​ឯកសារ​ខ្លះ​ថា បារាំង​បាន​បើក​ការ វាយលុក​ទៅលើ​កំពង់ផែ ដា​ណាំង នៅ​ឆ្នាំ​១៨៥៨ បណ្តាលឱ្យ​ខូចខាត ជា​ដំណំ​។ ប៉ុន្តែ​មិនអាច​ដណ្តើមបាន ឡើយ​ទើប​បារាំង ទៅ​ដណ្តើម​ទីក្រុង Gia Ðnh គឺ​ទីក្រុង​ហូជីមិញ ឬ ព្រៃនគរ​វិញ​)​។​
​ ​
​ដើម្បី​បម្រើ​ប្រយោជន៍ ជាទី​តាំង កងទ័ព ចាប់ពី​ឆ្នាំ​១៨៥៩-១៨៦៧ កងទ័ព​បារាំង​បាន​ពង្រីក​តំបន់ កាន់កាប់​របស់ខ្លួន​នៅតាម​ខេត្ត​ទាំង ប្រាំមួយ​នៅតាម​តំបន់​សណ្ត​ទន្លេមេគង្គ​ហើយ​បង្កើតជា តំបន់​អាណានិគម ដែល​គេ​ហៅថា កូសាំងស៊ីន (Cochin-china គឺ​តំបន់​កម្ពុជា​ក្រោម បច្ចុប្បន្ន ) ។​

​ពីរ បី ឆ្នាំក្រោយ​ទៀត កងទ័ព បារាំង បាន​ទៅ​ចត​នៅ​វៀតណាម ខាងជើង ហើយ​នៅ​ទីនោះ ពួកគេ​បាន ហៅថា តុងកឹង និង​បាន​ដណ្តើម កាន់កាប់​ទីក្រុង​ហាណូយ​ពីរដង គឺ​នៅ ឆ្នាំ​១៨៧៣ និង​ឆ្នាំ​១៨៨២ ។

​បារាំង បាន​បើក​យុទ្ធនាការ កងទ័ព​ដ៏​ធំ​ឱ្យ​ឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពី​ឆ្នាំ​១៨៨៣-១៨៨៦ បាន ត្រួតត្រា​វៀតណាម​ទាំងស្រុង ។ តំបន់ ឥណ្ឌូចិន បារាំង ត្រូវបាន​បង្កើត​នៅក្នុង ខែតុលា ឆ្នាំ​១៨៨៧ ចាប់ពី​តំបន់ អាណ្ណា​ម (​វៀតណាម​កណ្តាល​) តុងកឹង ( វៀតណាម​ខាងជើង ) កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ឬ កម្ពុជា​ក្រោម​) កម្ពុជា និង​ឡាវ គិត​ត្រឹម​ឆ្នាំ ១៨៩៣ )​។​
​ ​
​ចលនា​បះបោរ​ប្រឆាំងបារាំង
​តាំងពី​ទីក្រុង​Gia Ðinh ឬ ទីក្រុង​ព្រៃនគរ​ធ្លាក់ចូល​ក្រោម​ការ​គ្រប់ គ្រង​របស់​កងទ័ព​បារាំង​មក ក៏មាន ចលនា​តស៊ូ​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង បណ្តា​តំបន់​កាន់កាប់​របស់​បារាំង ដូចជា នៅ​ឆ្នាំ​១៨៨៥ យុវ​អ​ធិ​រាជ្យ H>>m Nghi បាន​ចាក​ចេញពី​រាជវាំង ទៅ​បង្កើត ចេ​ល​នា Cân Vuong (​សង្គ្រោះ ព្រះរាជា​) ហើយ​ត្រូវបាន​បារាំង​ចាប់ ខ្លួន និង​និរទេស​ទៅ​ប្រទេស​អាល់​ហ្ស៊េ​រី ដែលជា​ដែនដី​អាណានិគម​បារាំង នៅ ឆ្នាំ​១៨៨៨ ។ នៅ​វៀតណាម​ខាងជើង​ចលនា​ដឹកនាំ​ដោយ អតីតមន្ត្រី វៀតណាម លោក Phan Ð’nh Ph.ng នៅ​ឆ្នាំ​១៨៩៥ ជាដើម ។ ប៉ុន្មាន ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច រាជវង្ស ង្វៀន ពីរ​អង្គ​ទៀត គឺ​ព្រះអង្គ Th>>nh Thi…ig ស្តេច Duy TÀn ត្រូវបាន បារាំង​និរទេស​ខ្លួន ទៅ​អាហ្វ្រិក​ខាងត្បូង​ពីបទ​មាន​និន្នាការ​ប្រឆាំង បារាំង ។
​ ​
​គិត​ចាប់ពី​ឆ្នាំ​១៩០០ មក គេឃើញ​មាន​ពួក​យុវជន​វៀតណាម ដែលជា​អ្នក​ពុំ​ធ្លាប់​រស់នៅ ក្នុងប្រទេស​ក្រោម អាណានិគម​បារាំង បានចេញ​មុខ ហើយ ពួកគេ​ស្រេកឃ្លាន​នូវ​ឯករាជ្យភាព វៀតណាម ដូច​ដូនតា និង​ឪពុកម្តាយ ពួកគេ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចង់បាន​របប រាជានិយម​ទៀត​ទេ គឺ​ពួកគេ​យល់ថា វៀតណាម ត្រូវការ​ប្រព័ន្ធ​រដ្ឋាភិបាល ទំនើប ដោយ​ពួកគេ​ចង់បាន​រប​បស​ង្គ​ម និយម ហើយ​មាន​អ្នកខ្លះ បាន​បង្កើត សមាគម​ឯករាជ្យភាព វៀតណាម នៅ ក្នុងប្រទេស​ជប៉ុន ។​
​ ​
​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន សិស្ស និស្សិត ទៅ​សិក្សា​នៅ​ជប៉ុន ដោយ​ពួកគេ​រំពឹងថា នៅពេល​អនាគត ពួកគេ​ចេះ​ពី​វិធី​ទំនើប​ក្នុង​ការដឹកនាំ បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង​បារាំង​ឱ្យ បាន​ជោគជ័យ ។ ក្នុងចំណោម​អ្នក​ទាំង នោះ ក៏មាន ព្រះអង្គម្ចាស់ Cuong Ðê ផងដែរ ដោយបាន​រៀបចំ​អង្គការ​ចាត់ តាំង​ចំនួន​ពីរ​នៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ បារាំង​បានដាក់​សម្ពាធ ការទូត​ចំពោះ ជប៉ុន ដែល​ទីបំផុត ជប៉ុន​ត្រូវ​បង្ខំចិត្ត បណ្តេញ​មេដឹកនាំ អង្គការ​ចាត់តាំង​ម្នាក់ ឈ្មោះ ChAu ហើយ​ជំនួស​ដោយ​លោក Phan ChAu Trinh ដែលមាន​និន្នាការ តស៊ូ​ដោយ​សន្តិភាព ដើម្បី​ទាមទារ ឯករាជ្យភាព​ពី​បារាំង​វិញ ។
​ ​
​បន្ទាប់ពី​មាន​បដិវត្តន៍​នៅ​ចិន និង​នៅ​រុស្ស៊ី មក ចលនា​បដិវត្តន៍ វៀតណាម ក៏​ចាប់ផ្តើម​កម្រើក ឡើងវិញ នូវ​ចលនា​ផ្តាច់ការ ។ នៅ​ឆ្នាំ​១៩២៧ គណបក្ស​អ្នក​ជាតិនិយម​វៀតណាម ឈ្មោះ Viet Nam QuOc DAn Ðang ត្រូវបាន​ស្ថាបនា​ឡើង​តាមបែប​បក្ស កូ​មីង​តាំង នៅ​ចិន ។ គណបក្ស​នេះ បានចាប់ផ្តើម​ចលនា​ប្រដាប់អាវុធ នៅ ឆ្នាំ​១៩៣០ នៅ​តុងកឹង ហើយ​ជា លទ្ធផល បារាំង បាន​ចាប់​មេដឹកនាំ គណបក្ស​នេះ និង​អ្នកដឹកនាំ​មួយចំនួន ទៀត​កាត់ទោស​ត្រង់ៗ ។​

​ហូជីមិញ​លេចមុខ​-​វៀត​មិញ​
​លទ្ធិ​ម៉ាក្ស​និយម ក៏ត្រូវ​បាន​នាំ ចូលទៅ​ប្រទេស​វៀតណាម​ផងដែរ តាមរយៈ​គណ​បក្សកុម្មុយនិស្ត ចំនួន​បី ដែល​ក្នុងនោះ​សកម្មជន ដែល​ត្រូវបាន កត់ត្រា​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នោះ គឺ លោក ង្វៀន (​យួន​) អាយ គួ​ក (Nguyen i QuOc) ។ នៅ​ឆ្នាំ​១៩៣០ គណបក្ស កុ​ម្មុយ​និ​ស្ត អន្តរជាតិ បាន​បញ្ជូន​លោក ង្វៀន អាយ គួ​ក ទៅ ហុងកុង ដើម្បី​សម្របសម្រួល​បង្រួបបង្រួម គណបក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម ទាំងអស់​ឱ្យទៅជា​គណ​បក្សកុម្មុយនិស្ត វៀតណាម (CPV) តែមួយ ។ ក្រោយ មក​គណបក្ស​នេះ​បាន​ប្តូរ​ឈ្មោះ​ទៅជា គណ​បក្សកុម្មុយនិស្តឥណ្ឌូចិន វិញ ។​
​ ​
​តាំងពី​ឆ្នាំ​១៩១១ ង្វៀន អាយ គួ​ក បាន​ចូលរួម​បង្កើត​បក្សកុម្មុយនិស្ត បារាំង​ហើយ​ចាប់ពី​ឆ្នាំ ១៩២៤ គាត់​បាន ធ្វើដំណើរ​ទៅ​ចូលរួម​ជាមួយ​បក្ស កុ​ម្មុយ​និ​ស្ត​សូ​វៀត ។ ពេញ​មួយ​ទសវត្សរ៍ ឆ្នាំ​១៩២០ គាត់​បាន​បំពេញ​តួនាទី​ជា ភ្នាក់ងារ​បក្សកុម្មុយនិស្ត ដើម្បី​បង្កើត ចលនា​កុ​ម្មុយ​និ​ស្ត នៅ​អាស៊ីអាគ្នេយ៍​។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ គណបក្ស CPV វៀតណាម ស្ទើរតែ​សាប សូន្យ ដោយសារ​ត្រូវ​បារាំង​ចាប់​កាត់ទោស មេដឹកនាំ​សំខាន់ៗ​របស់​បក្ស​នេះ​ក្នុង នោះ​រួមទាំង​លោក ង្វៀន អាយ គួ​ក ផងដែរ ។​
​ ​
​ជា​យុទ្ធសាស្ត្រ នៃ​សង្គ្រាម លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤០ ជប៉ុន បាន​ចូលលុកលុយ​ឥណ្ឌូចិន បាន​ចាប់ ខ្លួន​តំណាង​បារាំង​នៅ​ឥណ្ឌូចិន​ទុក​មួយ ឡែក ។ ពេលនោះ លោក​ង្វៀន អាយ គួ​ក ក៏ត្រូវ​បាន​ដោះលែង​ឱ្យមាន សេរីភាព​ឡើងវិញ ។​
​ ​
​នៅ​ឆ្នាំ​១៩៤១ លោក ង្វៀន អាយ គួ​ក បានបង្ហាញ​ខ្លួន​នៅ​វៀតណាម ខាងជើង​ដោយ​ប្រើ ឈ្មោះថា ហូ ជី មិញ (HO Ch Minh) ដើម្បី​បង្កើត​សម្ព័ន្ធ ដើម្បី​ឯករាជ្យភាព​វៀតណាម ឬ រណ​សិ​រ្យ វៀត មិញ (Viêt Minh) ដោយ​រំពឹងថា រណ​សិ​រ្យ​នេះ នឹង​បាន​ក្លាយជា​បណ្តុំ​នៃ​បក្ខពួក ទាំងឡាយ​របស់ វៀតណាម​សម្រាប់​ប្រយុទ្ធ​ដើម្បី​ទាមទារ ឯករាជ្យភាព​របស់​វៀ​ត​ណា​ម ។​
​ ​
​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥ កងទ័ព​អាមេរិក បាន​ទម្លាក់​គ្រាប់បែក នុយក្លេអ៊ែរ ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា នៃ​ប្រទេស​ជប៉ុន ហើយបី​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​៩ ខែ ឆ្នាំ ដដែល​នោះ អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ម្តងទៀត​ទៅលើ ទីក្រុង​ណាហ្គា​សា​គី ធ្វើឱ្យ​ជប៉ុន ចុះចាញ់ សង្គ្រាម នៅ​ខែសីហា ឆ្នាំ​១៩៤៥ ហើយ​ព្រម​ដក​កងទ័ព​ចេញពី​ប្រទេស វៀតណាម ។​
​ ​
​ប៉ុន្មាន​ថ្ងៃ​ក្រោយមក កងទ័ព គួ​មីង​តាំង​ចិន (​កងទ័ព​ជាតិនិយម​) បាន ទៅដល់​វៀតណាម ដើម្បី​ពិនិត្យមើល ដំណើរការ​មាតុភូមិនិវត្តន៍​របស់​កងទ័ព ជប៉ុន ចេញពី​វៀតណាម ។ ពេលនោះ ពួក​អ្នក​ជាតិនិយម​វៀតណាម ត្រូវបាន ជួយ​ជ្រោមជ្រែង​ឱ្យ​ជា​អ្នកគ្រប់គ្រង​គណបក្ស នយោបាយ​ទាំងអស់ ។ ដូច្នេះ ចលនា​វៀត​មិញ របស់ ហូ ជី​មិញ គឺមាន នៅសល់តែ​ឈ្មោះ ហើយ​គ្មាន​ទឹកដី កាន់កាប់​ឡើយ ។​
​ ​
​សង្គ្រាម​ឥណ្ឌូចិន លើក​ទី​១
​ប៉ុន្មាន​ខែក្រោយ​មក ចិន វៀតណាម និង​បារាំង បាន​លើក ដំណោះស្រាយ​បី​ផ្លូវ គឺ​បារាំង បាន​លះ បង់​នូវ​សិទ្ធិ​ជាក់លាក់​ខ្លះ​នៅក្នុង​ប្រទេស ចិន​, វៀត​មិញ ព្រមឱ្យ​បារាំង ត្រឡប់​ចូល​ប្រទេស វៀតណាម​វិញ ជា​ថ្នូរ​នឹង​ការ សន្យា​ដែល​បារាំង​ថា នឹង​ផ្តល់​ឯករាជ្យ ភាព​ឱ្យ​វៀតណាម នៅក្នុង​សហភាព បារាំង ហើយ​ចិន ព្រម​ចាក​ចេញពី វៀតណាម ។ ប៉ុន្តែ​ការចរចា​រវាង បារាំង និង​វៀត​មិញ បាន​បរាជ័យ ។
​ ​
​ដូច្នេះ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៥ ពួករ​ណ​សិ​រ្យ​វៀត​មិញ បាន ដឹកនាំ​បដិវត្តន៍​ប្រឆាំង អាណានិគម បារាំង នៅ​វៀតណាម ហើយ​បដិវត្តន៍ នោះ ត្រូវបាន​គេ​ហៅថា បដិវត្តន៍​សីហា ឬ​ការ​ងើប​បះបោរ​ទូទៅ ខែសីហា ឬ សង្គ្រាម​ឥណ្ឌូចិន លើក​ទី​១ ឬ​សង្គ្រាម វៀតណាម ឬ​សង្គ្រាម​បារាំង ។​
​ ​
​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ​បានប្រកាស ឯករាជ្យភាព​របស់ វៀតណាម បង្កើតជា​សាធារណរដ្ឋ ប្រជាធិបតេយ្យ​វៀតណាម (DRV) ក៏បាន បង្ខំ​ឱ្យ​ព្រះ​ចៅ បាវ ដាយ (Bao Ðai) ដាក់ រាជ្យ​បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ ហោង ។​
​ ​
​គិត​ត្រឹម​ដំណាច់ឆ្នាំ​១៩៤៤ វៀត​មិញ បាន​អះអាងថា មាន​សមាជិក ៥០០.០០០​នាក់ ដែល​ក្នុងនោះ​មាន សមាជិក​២០០.០០០ នៅ​តុងកឹង ឬ បាក​គី ១៥០.០០០​នាក់ នៅ​តំបន់ អាណ្ណា​ម និង​១៥០.០០០ នៅ កូសាំងស៊ីន ។ វៀត​មិញ ដែលមាន ចំណេះដឹង​ខាង​កទ័ព សម័យ​ទំនើប បាន​ង្កើ​ត​សាលា​កងទ័ព​មួយ​នៅ​ខេត្ត Quang NgAi នៅ​ខែមិថុនា ឆ្នាំ​១៩៤៦​។ នៅក្នុង​សាលា​នេះ កងទ័ព​វៀតណាម ជាង​៤០០​នាក់ ត្រូវបាន​បង្វឹក ដោយ​អ្នកជំនាញការ កងទ័ព​ជប៉ុន ។
​ ​
​ប៉ុន្តែ​កងទ័ព​បារាំង ដែលមាន អាវុធ​ទំនើប និង​មាន​អនុភាព​ផង​នោះ បាន​វាយ​បណ្តេញ​កងទ័ព វៀត​មិញ របស់ ហូ ជី​មិញ ចេញពី​ក្រុង​ព្រៃនគរ ហើយ​វាយ​ឈ្នះ​កងទ័ព វៀត មិញ ស្ទើរ គ្រប់ទិសទី និង​គ្រប់​សមរភូមិ ។ ទោះ យ៉ាងណា កងទ័ព​បារាំង នៅតែ​មិនអាច​កម្ទេច​កង ទ័ព​វៀត​មិញ ឱ្យ​សាបសូន្យ រលាយ​រលត់​បានឡើយ ហើយ​ថែមទាំង ធ្វើឱ្យ​កម្លាំង​របស់​វៀត​មិញ កាន់​តែមាន ភាព​រើបៗ​ឡើងវិញ​ទៀតផង ។ គិត​ត្រឹម ឆ្នាំ​១៩៤៧ កងទ័ព​វៀត មិញ ចាប់ផ្តើម មានប្រៀប និង​ប្រយុទ្ធ​ឈ្នះ​កងទ័ព បារាំង ជា​បន្តបន្ទាប់ ដោយសារតែ​យុទ្ធនាការ​របស់ វៀត​មិញ ប្រយុទ្ធ ប្រឆាំង​បារាំង បាន​រីក​សាយភាយ​ពាស ពេញ​ផ្ទៃ​ប្រទេស ។​

​សង្គ្រាម​នៅ ឌៀ​ន បៀ​ន ភូ​
​ឆ្នាំ​១៩៤៩ សាធារណរដ្ឋ ប្រជាមានិត​ចិន ត្រូវបាន​ម៉ៅ​សេទុង ប្រកាស​បង្កើតឡើង ។ សាធារណរដ្ឋ ប្រជាមានិត​ចិន បានផ្តល់​ឱ្យ​កងទ័ព​វៀត​មិញ​ទាំង​ទីតាំង​សុវត្ថិភាព និង​អាវុធ យុទ្ធភណ្ឌ​ធុន​ធ្ងន់ សម្រាប់​វាយ​ប្រយុទ្ធ ប្រឆាំងនឹង​កងទ័ព​បារាំង ។ ដោយ ហេតុនេះ វៀត​មិញ មានលទ្ធភាព​គ្រប់ គ្រង​តំបន់​ជនបទ​ជាច្រើន​។ បន្ទាប់មក កងទ័ព​វៀត​មិញ​ក៏​ចាប់ផ្តើម​រុល ទៅមុខ ឆ្ពោះទៅរក​តំបន់​កាន់កាប់​ដោយ​កងទ័ព បារាំង ។

​កងទ័ព​បារាំង​បានរៀបចំ​ផែន​ការប្រើ​យន្តហោះ​ធុន​ធ្ងន់ វាយកម្ទេច កងទ័ព​វៀត​មិញ ។ ដើម្បី​ទីតាំង​យុទ្ធសាស្ត្រ​នេះ កងទ័ព​បារាំង បាន​ចូលកាន់ កាប់​ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ នៅ​ឆ្នាំ ១៩៥៣ ។ កងទ័ព​វៀត​មិញ របស់ លោក​មេបញ្ជាការ​Vo Nguyen Giap បាន​រំកិល​ខ្លួន ចូលទៅ​កៀក តុងកឹង ហើយ​ចង់​វាយប្រហារ​ទៅលើ​ទីក្រុង Lai Chau នៃ​កងទ័ព​សហព័ន្ធ Tais ព្រោះ តំបន់​នេះ ជា​តំបន់​ដែល​អាភៀន​ត្រូវ បាន​លក់ ដើម្បី​យកលុយ​ផ្គត់ផ្គង់​កងទ័ព បារាំង ។​

​នៅពេល​មើលឃើញថា មិនអាច ការពារ​មូលដ្ឋានទ័ព​នៅ Lai Chau នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដដែល​នោះ មេទ័ព​បារាំង ឧ​ត្ត​ម​សេនីយ៍ Henri Navarre បានចាប់ផ្តើម​ប្រតិបត្តិការ ឈ្មោះថា Operation Castor ដោយបាន ទម្លាក់​កងទ័ព​ឆត្រយោង​ជាច្រើន​នៅ ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ បង្កើតបានជា ទីតាំង​កងទ័ព​ដ៏​ខ្លាំងក្លា រឹងមាំ​ចំនួន ៨ ទីតាំង​ដែល​ត្រូវបាន​រៀបចំ សម្រាប់​ការ ពារ​វាល​យន្តហោះ​សម្រាប់​ហោះហើរ ទៅ​វាយកម្ទេច​កងទ័ព​វៀត​មិញ ។​

​នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៥៣ កងទ័ព សហព័ន្ធ Tais បានរៀបចំ​ក្បួន​ត្រៀម ចេញដំណើរ ឬ រត់ចោល​ពី​ទីក្រុង Lai Chau ទៅ​រួបរួមគ្នា ជាមួយ​កងទ័ព ឆត្រយោង​បារាំង​នៅក្នុង​ជ្រលង ភ្នំ​ឌៀ​ន បៀ​ន​ភូ ប៉ុន្តែ​ក៏​បែរជា​ត្រូវបាន​វាយកម្ទេច យ៉ាងដំណំ ពី​សំណាក់​កងទ័ព​វៀត​មិញ ដែល​ប្រការនេះ​គឺជា​ការកាត់បន្ថយ កម្លាំង និង​វាយបំបាក់​ទឹកចិត្ត​កងទ័ព បារាំង​នៅ​ឌៀ​ន​បៀ​ន​ភូ បាន​មួយចំនួន​។​

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៥៤ កងទ័ព​វៀត​មិញ បាន​បើក​ការវាយលុក ទៅលើ​កងទ័ព​បារាំង ចំនួន ៣ គឺ​បន្ទាយ Beatrice បន្ទាយ Gabrielle និង​បន្ទាយ Anne-Marie ហើយ​បាន​យក ឈ្នះ​លើ កងទ័ព​បារាំង​នៅ​ទីនោះ ក្នុង​រយៈពេល ត្រឹមតែ​២​ថ្ងៃ ។ ការបាត់បង់​ទីតាំង កងទ័ព​ទាំង ៣ នេះ ធ្វើឱ្យ​កងទ័ព​បារាំង មិនអាច​ប្រើប្រាស់​វាល​យន្តហោះ ក្នុងការ​វាយប្រហារ​ទៅ លើ​កងទ័ព​វៀត​មិញ​បានឡើយ ។
​ ​
​ទោះបីជា​មានការ​ជោគជ័យ យ៉ាង​ត្រចះត្រចង់​ក្តី​ក៏​នៅតែមាន​ក្តីកង្វល់​ជាច្រើន​បាន​កើតមានឡើង នៅក្នុង​ថ្នាក់ ដឹកនាំ​របស់​កងទ័ព​វៀត​មិញ ខណៈ​ការ តស៊ូ​ដ៏​ស្វិតស្វាញ​ស៊ីសាច់ហុតឈាម​គ្នា ជាមួយ​កងទ័ព​ឆត្រយោង និង​កងទ័ព ជំនាញ​របស់​បារាំង​ជាច្រើន​ទីតាំង​ទៀត ។ មានការ និយាយ​តៗ​គ្នា ពី​មាត់ មួយ​ទៅ​មាត់​ថា កងទ័ពអាកាស ឬ​យន្តហោះ​ទម្លាក់​គ្រាប់បែក របស់​អាមេរិក អាច​នឹងធ្វើ​អន្តរាគមន៍​នោះ មេបញ្ជាការ ខ្លះ ក៏​ស្នើ​សុំឱ្យ​ដកថយ​កងទ័ព​ទីនោះ ចេញ ។​

​សូមបញ្ជាក់ថា ចិន តែងតែបាន ផ្តល់ជំនួយ​គ្រប់យ៉ាង​ដល់ វៀត​មិញ ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំង បារាំង ហើយ​ចិន ក៏​ចង់ឱ្យ​វៀតណាម ក្លាយជា​រដ្ឋ​ឯករាជ្យ ព្រោះ​បើ​វៀតណាម​នៅតែ​ត្រូវបាន ត្រួតត្រា​ដោយ​បារាំង​ទៀត​នោះ បាន សេចក្តី​ថា អំណាច​របស់​បារាំង ក៏​គំរាមកំហែង​ដល់ ប្រទេស​ចិន​ដែរ ។ ការចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពិភពលោក ត្រូវបាន​មហាអំណាច​និង​អ្នក ពាក់ព័ន្ធ​ទាំងឡាយ​កំពុង​ស្វែងរក ។ ភាពចាញ់ឈ្នះ​សង្គ្រាម​បារាំង និង វៀត​មិញ​នេះ គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់ ចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​ត្រូវបាន គ្រោង​ថា នឹងធ្វើ​ឡើង នៅ​រដូវក្តៅ​ខាងមុខនេះ ។​

​ជាថ្មី​ម្តងទៀត ចិន​ដែល​កំពុង ស្វែងរក​ជោគជ័យ​ដុំកំភួន​សម្រាប់​ការ ចរចា​នេះ​ក៏បានផ្តល់ ជំនួយ​ជាច្រើន​ទៀត រួមទាំង​យុទ្ធវិធី និង​សព្វាវុធ​ផងដែរ ដល់ វៀត​មិញ ។​

​កងទ័ព​វៀត​មិញ ក៏​ចាប់ផ្តើម​បន្ត បើក​ការវាយលុក ទៅ​កងទ័ព​បារាំង​ហើយ​ជោគជ័យ​ក៏​ចេះ តែមាន​ជា​បន្ត បន្ទាប់ និង​ធ្វើឱ្យ​កម្លាំង​របស់​កងទ័ព បារាំង​កាន់តែ​ថយចុះទៅៗ ហើយ ទីបំផុត ធ្វើឱ្យ​កងទ័ព​បារាំង ព្រម​ចុះចាញ់ សង្គ្រាម​នៅ​ជ្រលង​ភ្នំ ឌៀ​ន​បៀ​ន​ភូ​ជា ស្ថាពរ​នៅ​ថ្ងៃទី ៧​ខែឧសភា ឆ្នាំ ១៩៥៤ នោះឯង​ហោង ។​

​ដោយសារតែ​ជ័យជម្នះ​ដ៏​កក្រើក មេឃ​រញ្ជួយ​ដី​នេះ បាន​ក្លាយជា​លក្ខន្តិកៈ​ដ៏​មិនអាច​ប្រកែក​បាន នៅក្នុង​កិច្ចពិភាក្សា នៅ​ទីក្រុង​ហ្សឺ​ណែវ នា​ខែ កក្កដា ឆ្នាំ ១៩៥៤ ដែលជា​លទ្ធផល​បានបញ្ចប់ តំណាង​របស់​បារាំង នៅ​ឥណ្ឌូចិន ។​

​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ប្រារឰ​ទិវា​ជ័យជម្នះ​នៅ​ឌៀ​ន​-​បៀ​ន​ភូ ដើម្បី​រំលឹក​ដល់ ព្រឹត្តិការណ៍ ទាំង​នេះឯង ។​

​បំបែក​វៀតណាម​ជា​ពីរ​
​ប៉ុន្តែ​សន្និសីទ​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៥៤ នោះ បាន​បំបែក​វៀតណាម ជា​ពីរ​ផ្នែក​ដោយ រដ្ឋាភិបាល កុ​ម្មុយ​និ​ស្ត របស់ ហូ ជី​មិញ វៀតណាម​ខាងជើង (​វៀ​ណា​ម​ខាងជើង​) ចាប់ពី​ទីក្រុង ហាណូយ ហើយ​សាធារណរដ្ឋ​វៀតណាម របស់លោក ង៉ូ ឌិ​ញ ឌៀ​ម (​វៀតណាម​ខាងត្បូង​) ដែល​គាំទ្រ ដោយ​សហរដ្ឋអាមេរិក​គ្រប់គ្រង​ផ្នែក ខាងត្បូង ចាប់ពី​ទីក្រុង​សាយ​ហ្ក​ន (​ព្រៃនគរ​) ដែល​ធ្វើឱ្យ​ប្រទេស​នេះ នៅ​បន្ត​សង្គ្រាម​ច្រើន​ឆ្នាំ​ប៉ះពាល់​ប្រទេស កម្ពុជា​យ៉ាង​ស្មុគស្មាញ​រហូត ធ្វើឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

កងទ័ព​វៀត​មិញ លើក​ទង់​នៅ ឌៀ​ន បៀ​ន ភូ បន្ទាប់ពី​បានឈ្នះ​លើ​កងទ័ព​បារាំង
​មេដឹកនាំ​វៀត​មិញ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​កុ​ម្មុយ​និ​ស្ត​អំពី​ការយក​ឈ្នះ​សង្គ្រាម​នៅ​ឌៀ​ន​បៀ​ន​ភូ