ទិវា​ជ័យជម្នះ​នៅ ឌៀ​ន បៀ​ន ភូ​

1366
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​វៀតណាម ប្រារព្ធ​ទិវា​ជ័យជម្នះ នៅ ឌៀ​ន បៀ​ន ភូ នៅ​ថ្ងៃទី​៧ ខែឧសភា ដើម្បី​រំឭក​ដល់​ជ័យជម្នះ​របស់​កងទ័ព​វៀត​មិញ ទៅលើ​កង ទ័ពបារាំង នៅឯ​ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ កាល​ឆ្នាំ​១៩៥៤ ដែល​ជ័យជម្នះ​នេះ​បាន​នាំ ឱ្យមាន​ផល​ប៉ះ ពាល់​យ៉ាងខ្លាំង​ដល់​ការចរចា នៅ​ទីក្រុង​ហ្សឺ​ណែវ ដែលនាំឱ្យ​បារាំង បញ្ចប់​ការត្រួតត្រា​របស់ខ្លួន​មកលើ​ឥណ្ឌូចិន ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាត់ទុកថា ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​កំណែ ទម្រង់​មួយ មាន​ផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំងបី នៅ​ឥណ្ឌូចិន បារាំង និង​ជា​សមាជិក​មួយ ក្នុងចំណោម​សមាជិក​ទាំង ១១ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ឡាវ ឈូងសមុទ្ទ​ថៃ ឈូងសមុទ្ទ តុងកឹង និង ចិន ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៩៧ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធ សាសនា​មហាយាន ខុង​ជឺ និង តាវ ។ រដ្ឋធានី គឺ​ទីក្រុង ហាណូយ ភាសាផ្លូវការ គឺ​ភាសា វៀតណាម ។​

​ប្រវត្តិសាស្ត្រ​-​មូលហេតុ​បារាំង​កាន់កាប់​
​គិត​ត្រឹម​ឆ្នាំ ១៧៨៧ ប្រទេស​វៀតណាម ស្ថិតក្រោម​ការគ្រប់គ្រង​របស់ គ្រួសារ តៃ​សឺ​ន បន្ទាប់ពី​បាន​ងើប​បះបោរ ផ្តួលរំលំ​រាជវង្ស ង្វៀន ( Nguyễn = ង្វៀន ឬ យួន ។ ពាក្យ នេះហើយ​ជា​ប្រភព​ដែល​ខ្មែរ ហៅ​ជនជាតិ​វៀតណាម ថា យួន ) ។ អតីត​រាជវង្ស ង្វៀន រាប់អាន​គ្រិស្តសាសនា ហើយ​បព្វជិត គ្រិស្ត​នា ថែមទាំង​ផ្តល់​តួនាទី​ក្នុង​រាជការ​ដល់ បព្វជិត​ទាំងនោះ​ទៀតផង ។ ប៉ុន្តែ​កាលណោះ​ប្រជាពលរដ្ឋ វៀតណាម មិន​ចូលចិត្ត គ្រិស្ត​សា​នស​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​មាន​សាសនា​របស់​ពួកគេ​រួចទៅហើយ ។ ចំណែក​គ្រួសារ តៃ សឺ​ន ដែល​ទើបតែ​ដណ្តើម​អំណាច​បាន ពី​អតីត​រាជការ ង្វៀន នោះ មិនមាន​ទំនោរ​ទៅខាង​គ្រិស្តសាសនា​ឡើយ ហើយ​ថែមទាំង​មិនសូវ​អត់ឱន​ឱ្យ​បព្វជិត គ្រិស្តសាសនា​ទៀតផង ដែល​បានសេចក្តីថា​ការផ្សព្វផ្សាយ​គ្រិស្តសាសនា​នៅ ប្រទេស វៀតណាម អាច​នឹង​មិនបាន​ជោគជ័យ​ឡើយ​ប្រសិនបើ​អ្នកកាន់អំណាច​មិន ជួយ​ជ្រោមជ្រែង ។ ដោយហេតុនេះ សង្ឃ​កាតូលិក បារាំង ឈ្មោះ Pigneaux de Behaine មានបំណង​កម្ចាត់​រាជ​ការ​របស់​គ្រួសារ តៃ សឺ​ន និង ស្តារ​រាជការ ង្វៀន ឬ​អ្នកណា​ក៏ដោយ​ឱ្យតែ​រណប​នឹង​គ្រិស្តសាសនា ដើម្បី​សាបព្រោះ​គ្រិស្តសាសនា តទៅទៀត ។

​ឃើញ​ឱកាស​បែប​នោះ ព្រះ​ចៅ ង្វៀន អា​ញ បាន​ពិភាក្សា​ជាមួយនឹង សង្ឃ កាតូលិក បារាំង ឈ្មោះ Pigneaux de Behaine ។ នៅ​ឆ្នាំ​១៧៨៤​សង្ឃ កាតូលិក បារាំង រូបនេះ បាន​ចាក​ចេញពី​វៀតណាម ទៅ​ប្រទេស​បារាំង ដើម្បី​ស្វែងរក​ជំនួយ​យោធា​ដល់ ព្រះ​ចៅ ង្វៀន អា​ញ ។ បព្វជិត Pigneaux បាន​សម្របសម្រួល​ឱ្យមាន​កិច្ចសន្យា​មួយ ចំនួន​ដែលថា​នឹង​ផ្តល់ជំនួយ​យោធា​ដល់ បក្សពួក​ដែល​កំពុង​ស្វែងរក​ស្តារ​រាជការ ង្វៀន ឡើ​ងិ​វ​ញ នៅ​វៀតណាម ជា​កិច្ច​តបស្នង​ទៅនឹង​សម្បទាន​មួយចំនួន ។​ប៉ុន្តែ​ដោយសារ ពេលនោះ បារាំង កំពុង​ជាប់ដៃ​នឹង​រឿង​បដិវត្តន៍​ខែ កក្កដា ទើប​កិច្ចសន្យា​របស់​បព្វជិត Pigneaux​មិន​ត្រូវបាន​អនុវត្ត​ឡើយ ។​

​ដោយហេតុ​នោះ បព្វជិត Pigneaux បានធ្វើ​ដំណើរ​ទៅ​តំបន់ Pondichéry ជា​ទឹកដី បារាំង​នៅ​ប្រទេស​ឥណ្ឌា​ទៀត ហើយ​នៅ​ទីនោះ លោក​ប្រមែ​ប្រមូលបាន​កប៉ាល់ ចម្បាំង​ពីរ​គ្រឿង កងវរសេនាធំ​ឥណ្ឌា មួយ​កង និង ពួកកងទ័ព​ស្ម័គ្រចិត្ត​មួយចំនួន ហើយ​ត្រឡប់មក​ប្រទេស​វៀតណាម​វិញ នៅ​ឆ្នាំ ១៧៨៨ ។

​អ្នកស្ម័គ្រចិត្ត​ម្នាក់ របស់​បព្វជិត Pigneaux បាន​សហការ​ជាមួយ កងទ័ពជើងទឹក របស់​ព្រះ​ចៅ ង្វៀន អា​ញ ហើយ​ក៏បាន​កម្ទេច​កង​ទ័ព​របស់ ត្រកូល តា​យ សឺ​ន នៅ​ឆ្នាំ ១៧៩២ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ង្វៀន អា​ញ ក៏បាន​កាន់កាប់ សាយ​ហ្ក​ន (​ព្រៃនគរ​) ទៀត ហើយ​បាន​បង្កើត​រាជវង្ស ង្វៀន (​ឬ យួន​) នៅ​ឆ្នាំ​១៨០២ ហើយ​ព្រះ​ចៅ ង្វៀន អា​ញ នេះ បាន​រាប់អាន​ចំពោះ​ពួក​អ្នក​កាតូលិក​និយម ដោយបាន​ប្រគល់​ឋានៈ​មួយ ចំនួន​ជាទី​ប្រឹក្សា​នៅក្នុង​រាជការ​របស់​ព្រះអង្គ​ទៀតផង ។​

​ប៉ុន្តែ​អ្នក​ឡើង​ស្នង​រាជ​បន្ត​ពី​ព្រះ​ចៅ ង្វៀន អា​ញ នេះ​ជា​អ្នក ខុង​ជឺ និយម​ហើយ​មិនសូវ អត់ឱន​ដល់​ពួក​កាតូលិក​និយម​ឡើយ ហើយ​ទីបំផុត ក៏​បិទទ្វារ​ទាំងស្រុង ចំពោះ កាតូលិក​និយម បន្ទាប់ពី​ពួ​កាតូលិក​នាំ​បំបះបំបោរ​ប្រឆាំង​រាជការ​ក្នុង​បំណង​បង្កើត អ​ធិ​រាជ្យ​កាតូលិក​វិញ ហើយ​បំណង​នោះ បាន​បរាជ័យ ចំណែក​ពួក​កាតូលិក​ទាំង​ជន ជាតិ​វៀតណាម ទាំង​ជនបរទេស ត្រូវបាន​កាត់ទោស​។ ពាណិជ្ជកម្ម​ជាមួយ​ប​ស្ចឹ​ម លោក បាន​ថយចុះ​នៅ​អំឡុង​ពេលនេះ​។

​នៅក្នុង​ដើម​រជ្ជកាល នៃ​រាជវង្ស ង្វៀន នេះ វៀតណាម​មមាញឹក​នឹង​កិច្ចការ​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​នានា ដោយ​រួមទាំង​ការបញ្ជ្រាប​ឥទ្ធិពល​របស់ខ្លួន​មកលើ​កម្ពុជា និង ឡាវ ផង ។​

​ការ​ស្ទុះ​ឡើង នៃ​មូលធន​របស់​បារាំង ជាហេតុ​នាំឱ្យមាន​តម្រូវការ​ទីផ្សារ​នៅឯ​នាយ សមុទ្ទ​ជា​ចាំបាច់ ។ បារាំង ក៏ត្រូវ​ការផ្សព្វផ្សាយ​គ្រិស្តសាសនា​នៅ វៀតណាម ដូចដែល​បានលើកឡើង​ខាងលើ​ផង ហើយដោយ​ហេតុថា​មហាអំណាច​ប​ច្ចឹ​ម​លោក នានា បាន​លុកលុយ​កាន់កាប់​ប្រទេស​ជាច្រើន នៅ​អាស៊ី​ផង​នោះ បារាំង​ក៏ត្រូវ​ការ ចំណែក​នោះ​ខ្លះ​ដែរ ពោលគឺ​ត្រូវការ​កាន់កាប់​ប្រទេស អាស៊ី​ខ្លះ ដើម្បី​ថ្លឹង​អំណាច របស់ខ្លួន ចំពោះ​មហាអំណាច​ផ្សេងទៀត​នៅ​លោកខាងលិច ។​

​បូករួម​បញ្ចូល​គ្នា​ទៅ ទើប​នៅ​ឆ្នាំ​១៩៥៧ ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង ទី​៣​ចេញ បញ្ជា​ឱ្យ​ឈ្លានពាន​ប្រទេស​វៀតណាម ។ កងទ័ពជើងទឹក​បារាំង ដោយមាន​កប៉ាល់ ១៤ គ្រឿង ផ្ទុក​ទៅដោយ​កងទ័ព ២.៥០០ នាក់ បាន​ទៅដល់​ទីក្រុង ដា​ណាំង នៅ​ខែសីហា ឆ្នាំ ១៩៥៨ ហើយ​បើ​ការវាយលុក ទៅលើ​កំពង់ផែ​ទីនោះ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​ដដែល​នោះ និង​បាន​ចូលកាន់​កាប់​ទីក្រុង​ដា​ណាំង នៅ​ថ្ងៃទី ២ ខែ​ឆ្នាំ ដដែល ។

​ប៉ុន្តែ​បារាំង បាន​មើលឃើញថា កាន់កាប់​ទីក្រុង ដា​ណាំង តែមួយ​គឺ​ធ្វើ​អ្វី​មិនបាន​ធំដុំ​ទេ ទើប​បារាំង​មាន​គម្រោង​ដណ្តើម​កាន់កាប់​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​សាយ​ហ្ក​ន​ទៀត ។ នៅ​ខែ កុម្ភៈ ឆ្នាំ​១៩៥៩ កងទ័ពជើងទឹក​បារាំង វាយលុក​លើ​ទីក្រុង​សាយ​ហ្គ​ន ហើយ បាន​កាន់កាប់​ទីក្រុង​នេះ បន្ទាប់ពី​បាន​ពើប​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​នៅ​ទីនោះ អស់​រយៈពេល ២ សប្តាហ៍ ( ឯកសារ​ខ្លះ​ថា បារាំង​បាន​បើក​ការវាយលុក​ទៅលើ កំពង់ផែ ដា​ណាំង នៅ​ឆ្នាំ ១៨៥៨ បណ្តាលឱ្យ​ខូចខាត​ជា​ដំណំ​។ ប៉ុន្តែ​មិនអាច​ដណ្តើម បានឡើយ ទើប​បារាំង​ទៅ​ដណ្តើម​ទីក្រុង Gia Định គឺ​ទីក្រុង​ហូជីមិញ ឬ ព្រៃនគរ វិញ ) ។

​ដើម្បី​បម្រើ​ប្រយោជន៍​ជាទី​តាំង​កងទ័ព ចាប់ពី​ឆ្នាំ ១៨៥៩-១៨៦៧ កងទ័ព​បារាំង​បាន ពង្រីក​តំបន់​កាន់កាប់​របស់ខ្លួន នៅតាម​ខេត្ត​ទាំង​ប្រាំមួយ នៅតាម​តំបន់​សណ្តរ​ទន្លេ មេគង្គ​ហើយ​បង្កើតជា​តំបន់​អាណានិគម ដែល​គេ​ហៅថា កូ​សាំង​ស៊ី ( Cochinchina គឺ​តំបន់​កម្ពុជា​ក្រោម​បច្ចុប្បន្ន ) ។​

​ពីរ​បី​ឆ្នាំក្រោយ​ទៀត កងទ័ព​បារាំង បាន​ទៅ​ចត​នៅ វៀតណាម ខាងជើង ហើយ​នៅ ទីនោះ​ពួកគេ​បាន​ហៅថា តុងកឹង និង​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​ហាណូយ ពីរដង គឺ​នៅ​ឆ្នាំ ១៨៧៣ និង ឆ្នាំ ១៨៨២ ។

​បារាំង បាន​បើក​យុទ្ធនាការ​កងទ័ព​ដ៏​ធំ ឱ្យ​ឈ្មោះថា យុទ្ធនាការ តុង កឹង ចាប់ពី​ឆ្នាំ ១៨៨៣-១៨៨៦ បាន​ត្រួតត្រា​វៀតណាម​ទាំងស្រុង ។ តំបន់​ឥណ្ឌូចិន បារាំង ត្រូវបាន​បង្កើត​នៅក្នុង​ខែតុលា ឆ្នាំ​១៨៨៧ ចាប់ពី​តំបន់​អាណ្ណា​ម (​វៀតណាម​កណ្តាល​) តុងកឹង ( វៀតណាម​ខាងជើង ) កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ឬ កម្ពុជា​ក្រោម​) កម្ពុជា និង ឡាវ គិត​ត្រឹម​ឆ្នាំ ១៨៩៣ ) ។​

​ចលនា​បោះ​បោរ​ប្រឆាំង​បារាំង
​តាំងពី​ទីក្រុង Gia Định ឬ ទីក្រុង​ព្រៃនគរ ធ្លាក់ចូល​ក្រោម​ការគ្រប់គ្រង​របស់​ក​ង​ទ័ព បារាំង​មក ក៏មាន​ចលនា​តស៊ូ​ជាច្រើន​បាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​តំបន់​កាន់កាប់​របស់ បារាំង ដូចជា​នៅ​ឆ្នាំ ១៨៨៥ យុវ​អ​ធិ​រាជ្យ Hàm Nghi បាន​ចាក​ចេញពី​រាជវាំង​ទៅ បង្កើត​ចលនា Cần Vương ( សង្គ្រោះ​ព្រះរាជា ) ហើយ​ត្រូវបាន​បារាំង​ចាប់ខ្លួន និង និរទេស​ទៅ​ប្រទេស អាល់​ហ្ស៊េ​រី ដែលជា​ដែនដី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៨៨៨ ។ នៅ​វៀតណាម​ខាងជើង​ចលនា​ដឹកនាំ​ដោយ​អតីតមន្ត្រី​វៀតណាម​លោក Phan Đình Phùng នៅ​ឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច​រាជវង្ស ង្វៀន ពី​អង្គ​ទៀត​គឺ​ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន​បារាំង​និរទេស​ខ្លួន ទៅ​អាហ្វ្រិក​ខាងត្បូង ពីបទ​មាន​និ​ន្ន​ការប្រឆាំង​បារាំង ។

​គិត​ចាប់ពី​ឆ្នាំ​១៩០០ មក​គេ​ឃើញ​មាន​ពួក​យុវជន​វៀតណាម ដែលជា​អ្នក​ពុំ​ធ្លា​ប់រស់ នៅក្នុង​ប្រទេស​ក្រោម​អាណានិគម​បារាំង បានចេញ​មុខ ហើយ​ពួកគេ​ស្រេកឃ្លាន​នូវ ឯករាជភាព​វៀតណាម​ដូច​ដូនតា និង ឳ​ពុក​ម្តាយ​ពួកគេ​ដែរ ប៉ុន្តែ​ពួកគេ​មិន​ចង់បាន របបរាជានិយម​ទៀត​ទេ គឺ​ពួកគេ​យល់ថា វៀតណាម ត្រូវការ​ប្រព័ន្ធ​រដ្ឋាភិបាល​ទំនើប ដោយ​ពួកគេ​ចង់បាន​រប​បស​ង្គ​ម​និយម​ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​សមាគម​ឯករាជ ភាព វៀតណាម នៅក្នុង​ប្រទេស​ជប៉ុន ។​

​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ជប៉ុន ដោយ​ពួកគេ​រំពឹងថា នៅពេល​អនាគត ពួកគេ​ចេះ​ពី​វិធី​ទំនើប ក្នុង​ការដឹកនាំ​បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង បារាំង ឱ្យបាន​ជោគជ័យ ។ ក្នុងចំណោម​អ្នក​ទាំងនោះ ក៏មាន​ព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបាន​រៀបចំ​អង្គការ​ចាត់តាំង​ចំនួន​ពីរ នៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ បារាំង បានដាក់​សម្ពាធ​ការទូត​ចំពោះ​ជប៉ុន ដែល​ទីបំផុត​ជប៉ុន​ត្រូវ​បង្ខំចិត្ត​បណ្តេញ​មេដឹកនាំ អង្គការ​ចាត់តាំង​ម្នាក់​ឈ្មោះ Châu ហើយ​ជំនួស​ដោយ​លោក Phan Châu Trinh ដែលមាន​និន្នាការ​តស៊ូ​ដោយ​សន្តិភាព​ដើម្បី​ទាមទារ​ឯករាជភាព​ពី​បារាំង​វិញ ។

​បន្ទាប់ពី​មាន​បដិវត្តន៍​នៅ ចិន និង នៅ​រុស្ស៊ី មក ចលនា​បដិវត្តន៍ វៀតណាម​ក៏​ចាប់ផ្តើម កម្រើក​ឡើងវិញ​នូវ​ចលនា​ផ្តាច់ការ​។ នៅ​ឆ្នាំ​១៩២៧ គណបក្ស​អ្នក​ជាតិនិយម វៀតណាម​ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបាន​ស្ថាបនា​ឡើង តាមបែប​បក្ស កូ​មីង​តាំង នៅ​ចិន ។ គណបក្ស​នេះ បានចាប់ផ្តើម​ចលនា​ប្រដាប់អាវុធ នៅ​ឆ្នាំ​១៩៣០ នៅ​តុងកឹង ហើយ​ជា​លទ្ធផល បារាំង បាន​ចាប់​មេដឹកនាំ​គណបក្ស​នេះ និង​អ្នកដឹកនាំ មួយចំនួនទៀត​កាត់ទោស​ត្រង់ៗ ។​

​ហូ ជី មិញ លេចមុខ​-​វៀត​មិញ​
​លទ្ធិ​ម៉ាក្ស៍​និយម ក៏ត្រូវ​បាន​នាំ​ចូលទៅ​ប្រទេស​វៀតណាម​ផងដែរ តាមរយៈ​គណបក្ស កុ​ម្មុយ​និ​ស្ត​ចំនួន​បី ដែល​ក្នុងនោះ​សកម្មជន​ដែល​ត្រូវបាន​កត់ត្រា​បំផុត​ក្នុង​ប្រវត្តិ សាស្ត្រ​នោះ គឺ​លោក ង្វៀន ( យួន ) អាយ គួ​ក ( Nguyễn Ái Quốc)​។ នៅ​ឆ្នាំ ១៩៣០ គណ​បក្សកុម្មុយនិស្ត អន្តរជាតិ បាន​បញ្ជូន​លោក ង្វៀន អាយ គួ​ក ទៅ ហុងកុង ដើម្បី​សម្របសម្រួល​បង្រួបបង្រួម​គណបក្ស​ក​ម្មុយ​និ​ស្ត វៀតណាម​ទាំងអស់​ឱ្យទៅ ជា​គណ​បក្សកុម្មុយនិស្ត វៀតណាម (CPV) តែមួយ ។ ក្រោយមក គណបក្ស​នេះ បាន​ប្តូរ​ឈ្មោះ​ទៅជា គណ​បក្សកុម្មុយនិស្ត ឥណ្ឌូចិន វិញ ។​

​តាំងពី​ឆ្នាំ ១៩១១ ង្វៀន អាយ គួ​ក បាន​ចូលរួម​បង្កើត​បក្សកុម្មុយនិស្ត​បា​រាំង ហើយ ចាប់ពី​ឆ្នាំ ១៩២៤ គាត់​បានធ្វើ​ដំណើរ ទៅ​ចូលរួម​ជាមួយ​បក្សកុម្មុយនិស្ត​សូ​វៀត ។ ពេញ​ទសវត្សរ៍​ឆ្នាំ​១៩២០ គាត់​បាន​បំពេញ​តួនាទី ជា​ភ្នាក់ងារ​បក្សកុម្មុយនិស្ត ដើម្បី បង្កើត​ចលនា​កុ​ម្មុយ​និ​ស្ត​នៅ​អាស៊ីអាគ្នេយ៍ ។ នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ គណបក្ស CPV វៀតណាម​ស្ទើរតែ​សាបសូន្យ ដោយសារ​ត្រូវ​បារាំង​ចាប់​កាត់ទោស​មេដឹកនាំ សំខាន់ៗ​របស់​បក្ស​នេះ ក្នុងនោះ​រួមទាំង​លោក ង្វៀន អាយ គួ​ក ផងដែរ​។​

​ជា​យុទ្ធសាស្ត្រ នៃ​សង្គ្រាមលោកលើកទី​២ នៅ​ឆ្នាំ​១៩៤០ ជប៉ុន បាន​ចូលលុកលុយ ឥណ្ឌូ​ន​ចិន បាន​ចាប់ខ្លួន​តំណាង​បារាំង នៅ​ឥណ្ឌូចិន​ទុក​មួយ​ឡែក​។ ពេលនោះ លោក ង្វៀន អាយ គួ​ក ក៏ត្រូវ​បាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ។​

​នៅ​ឆ្នាំ​១៩៤១ លោក ង្វៀន អាយ គួ​ក បានបង្ហាញ​ខ្លួន​នៅ​វៀតណាម​ខាងជើង​ដោយ ប្រើ​ឈ្មោះថា ហូ ជី មិញ ( Hồ Chí Minh ) ដើម្បី​បង្កើត សម្ព័ន្ធ ដើម្បី ឯករាជភាព វៀតណាម ឬ រណ​សិ​រ្យ វៀត មិញ ( Việt Minh ) ដោយ​រំពឹងថា រណ​សិ​រ្យ នេះ នឹង​បាន​ក្លាយជា​បណ្តុំ នៃ បក្សពួក​ទាំងឡាយ​រប​ស់​វៀតណាម សម្រាប់​ប្រយុទ្ធ​ដើម្បី ទាមទារ​ឯករាជភាព​របស់​វៀតណាម ។​

​ថ្ងៃទី​៦ ខែសីហា ឆ្នាំ ១៩៤៥ កងទ័ព​អាមេរិក បាន​ទម្លាក់​គ្រាប់បែក នុយ​គ្លី​អ៊ែរ ទៅលើ​ទីក្រុង ហ៊ី​រ៉​ហ្ស៊ី​ម៉ា នៃ ប្រទេស ជប៉ុន ហើយ ៣ ថ្ងៃក្រោយ​ម គឺ​នៅ​ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែល​នោះ អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ម្ត​ទៀត​ទៅលើ​ទីក្រុង ណាហ្គា​សា​គី ធ្វើឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាម​នៅ​ខែ សីហា ឆ្នាំ ១៩៤៥ ហើយ​ព្រម​ដក​កងទ័ព​ចេញ ពី​ប្រទេស​វៀតណាម ។​
​ ​
​ប៉ុន្មាន​ថ្ងៃ​ក្រោយមក កងទ័ព គួ​មីង​តាំង ចិន ( កងទ័ព​ជាតិនិយម ) បាន​ទៅដល់ វៀតណាម ដើម្បី​ពិនិត្យមើល​ដំណើរការ មាតុភូមិនិវត្តន៍​រប​ស់​កងទ័ព​ជប៉ុន​ចេញពី វៀតណាម ។ ពេលនោះ ពួក​អ្នក​ជាតិនិយម​វៀតណាម ត្រូវបាន​ជួយ​ជ្រោមជ្រែង ឱ្យ​ជា​អ្នកគ្រប់គ្រង​គណបក្សនយោបាយ​ទាំងអស់ ។ ដូច្នេះ​ចលនា​វៀត​មិញ​របស់ ហូ ជី​មិញ គឺមាន​នៅសល់តែ​ឈ្មោះ ហើយ​គ្មាន​ទឹកដី​កាន់កាប់​ឡើយ ។​

​សង្គ្រាម​ឥណ្ឌូចិន លើក​ទី ១
​ប៉ុ​ន្មា​ខែក្រោយ​មក ចិន វៀតណាម និង បារាំង បាន​លើក​ដំណោះស្រាយ ៣ ផ្លូវ គឺ បារាំង បាន​លះបង់​នូវ​សិទ្ធិ​ជាក់លាក់​ខ្លះ នៅក្នុង​ប្រទេស​ចិន , វៀត​មិញ ព្រមឱ្យ បារាំង ត្រឡប់​ចូល​ប្រទេស​វៀតណាម​វិញ ជា​ថ្នូរ​នឹង​ការសន្យា​ដែល​បារាំង​ថា នឹង​ផ្តល់​ឯករាជ្យ ភាព​ឱ្យ​វៀតណាម នៅក្នុង​សហភាព​បារាំង ហើយ ចិន ព្រម​ចាក​ចេញពី វៀតណាម ។ ប៉ុន្តែ​ការចរចា រវាង បារាំង និង វៀត​មិញ បាន​បរាជ័យ ។

​ដូច្នេះ​នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៥ ពួករ​ណ​សិ​រ្យ​វៀត​មិញ បាន​ដឹកនាំ​បដិវត្តន៍ ប្រឆាំង​អាណានិគម​បារាំង នៅ​វៀតណាម ហើយ​បដិវត្តន៍​នោះ ត្រូវបាន​គេ​ហៅថា បដិវត្តន៍ សីហា ឬ​ការ​ងើប​បះបោរ​ទូទៅ ខែសីហា ឬ​សង្គ្រាម​ឥណ្ឌូចិន លើក​ទី​១ ឬ​សង្គ្រាម​វៀតណាម ឬ សង្គ្រាម​បារាំង ។​

​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ​បានប្រកាស ឯករាជ្យភាព​របស់​វៀ​ត​ណា​ម បង្កើតជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (DRV) ក៏បាន​បង្ខំ​ឱ្យ​ព្រះ​ចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ​ហោង ។

​គិត​ត្រឹម​ដំណាច់ឆ្នាំ​១៩៤៤ វៀត​មិញ បាន​អះអាងថា​មាន​សមាជិក ៥០០.០០០ នាក់ ដែល​ក្នុងនោះ មាន​សមាជិក ២០០.០០០ នៅ​តុងកឹង ឬ បាក​គី ១៥០.០០០ នាក់ នៅ​តំបន់ អាណ្ណា​ម និង ១៥០.០០០ នៅ​កូសាំងស៊ីន ។ វៀត​មិញ​ដែលមាន​ចំណេះដឹង ខាង​កទ័ព​សម័យ​ទំនើប បាន​ង្កើ​ត​សាលា​កងទ័ព​មួយ នៅ​ខេត្ត Quảng Ngãi នៅ​ខែមិថុនា ឆ្នាំ​១៩៤៦ ។ នៅក្នុង​សាលា​នេះ កងទ័ព​វៀតណាម ជាង ៤០០ នាក់ ត្រូវបាន​បង្វឹក​ដោយ​អ្នកជំនាញការ​កងទ័ព​ជប៉ុន ។

​ប៉ុន្តែ​កងទ័ព​បារាំង ដែលមាន​អាវុធ​ទំនើប និង​មាន​អនុភាព​ខ្លាំង​ផង​នោះ បាន​វាយ បណ្តេញ​កងទ័ព​វៀត​មិញ​របស់ ហូ ជី​មិញ ចេញពី​ក្រុងព្រៃនរគ ហើយ​វាយ​ឈ្នះ កងទ័ព​វៀត មិញ ស្ទើរ​គ្រប់ទិសទី និង​គ្រប់​សមរភូមិ ។ ទោះយ៉ាងណា កងទ័ព​បារាំង នៅតែ​មិនអាច​កម្ទេច​កងទ័ព វៀត​មិញ ឱ្យ​សាបសូន្យ​រលាយ​រលត់​បា​ន​ឡើយ ហើយ​ថែមទាំង​ធ្វើឱ្យ​កម្លាំង របស់ វៀត​មិញ កាន់តែ​មាន​ភាព​រើបៗ​ឡើងវិញ​ទៀតផង ។ គិត​ត្រឹម​ឆ្នាំ ១៩៤៧ កងទ័ព​វៀត មិញ ចាប់ផ្តើម​មានប្រៀប និង​ប្រយុទ្ធ​ឈ្នះ​កងទ័ព បារាំង ជា​បន្តបន្ទាប់ ដោយសារតែ​យុទ្ធនាការ​របស់ វៀត​មិញ ប្រយុទ្ធប្រឆាំង​បារាំង បាន​រីក​សាយភាយ​ពាសពេញ​ផ្ទៃ​ប្រទេស ។​

​សង្គ្រាម​នៅ ឌៀ​ន បៀ​ន ភូ​
​ឆ្នាំ​១៩៤៩ សាធារណរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន ម៉ៅ​សេទុង ប្រកាស​បង្កើតឡើង ។ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​ឱ្យ​កងទ័ព​វៀត​មិញ ទាំង​ទីតាំង​សុវត្ថិភាព និង អាវុធ យុទ្ធភណ្ឌ​ធុន​ធ្ងន់ សម្រាប់​វាយ​ប្រយុទ្ធ​ប្រឆាំងនឹង​កងទ័ព​បារាំង ។ ដោយ ហេតុនេះ វៀត​មិញ មានលទ្ធភាព គ្រប់គ្រង​តំបន់​ជនបទ​ជាច្រើន​។ បន្ទាប់មក​កងទ័ព វៀត​មិញ ក៏​ចាប់ផ្តើម​រុលទៅមុខ ឆ្ពោះទៅរក​តំបន់​កាន់កាប់ ដោយ​កងទ័ព​បារាំង ។

​កងទ័ព​បារាំង បានរៀបចំ​ផែនការ​ប្រើ​យន្តហោះ​ធុន​ធ្ងន់ វាយកម្ទេច​កងទ័ព​វៀត​មិញ ។ ដើម្បី​ជាទី​តាំង​យុទ្ធសាស្ត្រ​នេះ កងទ័ព​បារាំង បាន​ចូល​កាន់កាប់​ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ នៅ​ឆ្នាំ​១៩៥៣ ។ កងទ័ព​វៀត​មិញ របស់លោក​មេបញ្ជាការ Vo Nguyen Giap បាន​រំកិល​ខ្លួន​ចូលទៅ​កៀក តុងកឹង ហើយ​ចង់​វាយប្រហារ​ទៅលើ​ទីក្រុង Lai Chau នៃ​កងទ័ព​សហព័ន្ធ T’ais ព្រោះ​តំបន់​នេះ ជា​តំបន់​ដែល​អាភៀន ត្រូវបាន​លក់ ដើម្បី​យកលុយ​ផ្គត់ផ្គង់​កងទ័ព​បារាំង ។​

​នៅពេល​មើលឃើញថា មិនអាច​ការពារ មូលដ្ឋានទ័ព នៅ Lai Chau នៅ​ថ្ងៃទី​២០ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ ដដែល​នោះ មេទ័ព​បារាំង ឧ​ត្ត​ម​សេនីយ៍ Henri Navarre បាន​ចាប់ ផ្តើម​ប្រតិបត្តិការ ឈ្មោះថា Operation Castor ដោយបាន​ទម្លាក់​កងទ័ព​ឆ័​ត្រ​យោង ជាច្រើន នៅ​ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ បង្កើតបានជា​ទីតាំង​ក​ង​ទ័ព​ដ៏​ខ្លាំងក្លា រឹងមាំ​ចំនួន ៨ ទីតាំង ដែល​ត្រូវ​បានរៀបចំ សម្រាប់​ការពារ​វាល​យន្តហោះ សម្រាប់​ហោះហើរ ទៅ​វាយកម្ទេច​កងទ័ព​វៀត មិញ ។​

​នៅក្នុង​ខែធ្នូ ឆ្នាំ​១៩៥៣ កងទ័ព​សហព័ន្ធ T’ais បានរៀបចំ​ក្បួន​ត្រៀម​ចេញដំណើរ ឬ រត់ចោល​ពី​ទីក្រុង Lai Chau ទៅ​រួបរួមគ្នា​ជាមួយ កងទ័ព​ឆ័​ត្រ​យោង​បារាំង នៅក្នុង ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ ប៉ុន្តែ​ក៏​បែរជា​ត្រូវបាន​វាយកម្ទេច​យ៉ាងដំណំ​ពី​សំណាក់​កងទ័ព វៀត​មិញ ដែល​ប្រការនេះ គឺជា​ការកាត់បន្ថយ​ក​ម្លាំ​ង និង វាយបំបាក់​ទឹកចិត្ត​កងទ័ព បារាំង នៅ ឌៀ​ន បៀ​ន ភូ បាន​មួយចំនួន ។​

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​១៩៥៤ កងទ័ព​វៀត​មិញ បាន​បើក​ការវាយលុក​ទៅលើ កងទ័ព​បារាំង ចំនួន ៣ គឺ​បន្ទាយ Beatrice បន្ទាយ Gabrielle និង បន្ទាយ Anne-Marie ហើយ​បាន​យកឈ្នះ​លើ​កងទ័ព​បារាំង នៅ​ទីនោះ ក្នុង​រយៈពេល​ត្រឹមតែ ២ ថ្ងៃ ។ ការបាត់បង​ទីតាំង​កងទ័ព​ទាំង ៣ នេះ ធ្វើឱ្យ​កងទ័ព​បារាំង​មិនអាច​ប្រើប្រាស់​វាល យន្តហោះ​ក្នុងការ​វាយប្រហារ​ទៅលើ​កងទ័ព​វៀត​មិញ បានឡើយ ។

​ទោះជា​យ៉ាងនេះ គឺជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្តី ក៏​នៅតែមាន​ក្តីកង្វល់​ជាច្រើន បាន​កើតមានឡើង​នៅក្នុង​ថ្នាក់ដឹកនាំ​របស់​កងទ័ព​វៀត​មិញ ខណៈ​ការតស៊ូ​ដ៏​ស្វិត ស្វា​ញ​ស៊ីសាច់ហុតឈាម​គ្នា ជាមួយ​កងទ័ព​ឆ័​ត្រ​យោង និង កងទ័ព​ជំនាញ​របស់ បារាំង​ជាច្រើន​ទីតាំង​ទៀត ។ មានការ​និយាយ​តៗ​គ្នា ពី​មាត់​មួយ​ទៅ​មាត់​ថា​កងទ័ព អាកាស ឬ យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក អាច​នឹងធ្វើ​អន្តរាគមន៍​នោះ មេបញ្ជាការ​ខ្លះ ក៏​ស្នើ​សុំឱ្យ​ដកថយ​កងទ័ព​ទីនោះ​ចេញ ។​

​សូមបញ្ជាក់ថា ចិន តែងតែបាន​ផ្តល់ជំនួយ​គ្រប់យ៉ាង​ដល់ វៀត​មិញ​ក្នុងការ​ធ្វើសង្គ្រាម ប្រឆាំង​បារាំង ហើយ ចិន ក៏​ចង់ឱ្យ វៀតណាម ក្លាយជា​រដ្ឋ​ឯករាជ្យ​ព្រោះ​បើ​វៀតណាម នៅតែ​ត្រូវបាន​ត្រួតត្រា​ដោយ​បារាំង​ទៀត​នោះ បានសេចក្តីថា អំណាច​របស់​បារាំង ក៏​គំរាមកំហែង​ដល់​ប្រទេស​ចិន​ដែរ ។ ការចរចា​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ពិភពលោក ត្រូវបាន​មហាអំណាច និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ កំពុង​ស្វែងរក ។ ភាពចាញ់ឈ្នះ សង្គ្រាម​បារាំង និង វៀត​មិញ នេះ គឹជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ចរចា​នៅ​ទីក្រុង ហ្សឺ​ណែវ ដែល​ត្រូវ​បានគ្រោង​ថា​នឹង​ធ្វើឡើង​នៅ​រដូវក្តៅ​ខាងមុខនេះ ។​

​ជាថ្មី​ម្តងទៀត ចិន ដែល​កំពុង​ស្វែងរក​ជោគជ័យ​ដុំកំភួន សម្រាប់​ការចរចា​នេះ ក៏បានផ្តល់​ជំនួយ​ជាច្រើន​ទៀត រួមទាំង​យុទ្ធវិធី និង សព្វាវុធ​ផងដែរ ដល់ វៀត​មិញ ។​
​កងទ័ព​វៀត​មិញ ក៏​ចាប់ផ្តើម​បន្ត​បើក​ការវាយលុក​ទៅ​កងទ័ព​បារាំង​ហើយ ជោគជ័យ ក៏​ចេះតែមាន​ជា​បន្តបន្ទាប់ និង​ធ្វើឱ្យ​កម្លាំង​របស់​កងទ័ព​បារាំង កាន់តែ​ថយចុះទៅៗ ហើយ​ទីបំផុត ធ្វើឱ្យ​កងទ័ព​បារាំង ព្រម​ចុះចាញ់​សង្គ្រាម នៅ​ជ្រលង​ភ្នំ ឌៀ​ន បៀ​ន ភូ ជា​ស្ថាពរ នៅ​ថ្ងៃទី​៧ ខែ ឧសភា ឆ្នាំ ១៩៥៤ នោះឯង​ហោង ។

​ដោយសារតែ ជ័យជម្នះ​ដ៏​កក្រើក​មេឃ រញ្ជួយ​ដី​នេះ បាន​ក្លាយជា​លក្ខន្តិកៈ​ដ៏​មិនអាច ប្រកែក​បាន នៅក្នុង​កិច្ចពិភាក្សា នៅ​ទីក្រុង​ហ្សឺ​ណែវ នា​ខែកក្កដា ឆ្នាំ​១៩៥៤​ដែល ជា​លទ្ធផល បានបញ្ចប់​តំណាង​របស់​បារាំង​នៅ​ឥណ្ឌូចិន ។

​រដ្ឋាភិបាល និង​ប្រជាជន វៀតណាម ប្រារព្ធ​ទិវា​ជ័យជម្នះ នៅ ឌៀ​ន បៀ​ន ភូ ដើម្បី រំលឹក​ដល់​ព្រឹត្តិការណ៍​ទាំង​នេះឯង ។​

​បំបែក​វៀតណាម​ជា​ពីរ​
​ប៉ុន្តែ​សន្និសីទ​ទីក្រុង ហ្សឺ​ណែវ ឆ្នាំ​១៩៥៤ នោះ បាន​បំបែក​វៀតណាម ជា​ពីរ​ផ្នែក ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត របស់ ហូ ជី​មិញ វៀតណាម​ខាងជើង ចាប់ពី​ទីក្រុង ហាណូយ ហើយ​សាធារណរដ្ឋ​វៀតណាម របស់លោក ង៉ូ ឌិ​ញ ឌៀ​ម វៀតណាម ខាងត្បូង ដែល​គាំទ្រ​ដោយ សហរដ្ឋអាមេរិក គ្រប់គ្រង​ផ្នែក​ខាងត្បូង ចាប់ពី​ទីក្រុង សាយ​ហ្ក​ន (​ព្រៃនគរ​) ដែល​ធ្វើឱ្យ​ប្រទេស​នេះ នៅ​បន្ត​សង្គ្រាម​ច្រើន​ឆ្នាំ​ប៉ះពាល់ ប្រទេស​កម្ពុជា​យ៉ាង​ស្មុគស្មាញ រហូត​ធ្វើឱ្យ​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម និង របប​ប្រល័យពូជសាសន៍​ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា