ទិវា​ថ្មី​របស់​ជនជាតិ​ចិន​: ទិវា​ប្រមូល​ផល​របស់​កសិករ​ចិន​

468

ពេល​ថ្មីៗ​នេះ មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន និង​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានអនុញ្ញាត​ឲ្យ​កំណត់ យក​ថ្ងៃ​រដូវ​កាល “​ឈី​វ​ហ្វី​ន​” រាល់​ឆ្នាំ​ជា “​ទិវា​ប្រមូល​ផល​របស់​កសិករ​” ចិន តាំងពី​ឆ្នាំ​២០១៨ តទៅ ។ នេះ​ជា​លើក​ទី​១ ដែល​ប្រជាកសិករ​ចិន​មាន​ទិវា​របស់ខ្លួន​តាំងពី​សម័យបុរាណ​រហូត ដល់​សព្វថ្ងៃ ។​

​លោក​បណ្ឌិត្យសភា​ចា​រ្យ យាន់ ឡុង​ភីង បាន​មានប្រសាសន៍ថា រឿង​ដែល​កសិករ​ប្រមូលបាន ផល​ច្រើន គឺជា​រឿង​ដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត ។ ការប្រមូល​បាន​ផល​ច្រើន​ជាការ​ឆ្លើយតប​ទៅ នឹង​កិច្ច​ឧស្សាហ៍​ព្យាយាម​របស់​កសិករ ដូច្នេះ​ការបង្កើត​ទិវា​នេះ គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​សង្គម ទាំងមូល​សប្បាយចិត្ត​យ៉ាងខ្លាំង ។​

​លោក សុង ហ្វូ លេខា​បក្ស​ភូមិ​ក្វាង​ហ្វូ​តុង​ជា​ខណ្ឌ​យ៉ុង​នា​ន ខេត្ត​ហ៊ឺ​ប៉េ​ធ្លាប់បាន​លើកសំណើ ឲ្យ​បង្កើត “​ទិវា​កសិករ​ចិន​” ៥ លើក​ហើយ ។ សព្វថ្ងៃ​លោក​បានសម្រេច​សុបិន​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​ប្រជាកសិករ​ចិន​រាប់រយ​លាន​នាក់​មាន​ទិវា​របស់ខ្លួន ។ ការបង្កើត​ទិវា​ប្រមូល​ផល របស់​កសិករ​ចិន​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាកសិករ​ចិន ។ ទិវា​ដ៏​សំខាន់​នេះ នឹង​អាចធ្វើ​ឲ្យ​គេ​ចងចាំ​ឲ្យ​បាន​ច្បាស់​នូវ​ស្រែចម្ការ កសិករ និង​កសិដ្ឋាន​ដែល​ផ្ដល់​កសិផល​ដល់ ពួកយើង​ជា​រៀង​រហូតមក ។

​លោក អ៊ូ សៀ​អឺ​ន លេខា​បក្ស​នៃ​ភូមិ​ហួ​ស៊ី ក្រុង​ជាំ​ង​យីន ខេត្ត​ជាំ​ង​ស៊ូ បាន​បញ្ជាក់ថា ការ បង្កើត “​ទិវា​ប្រមូល​ផល​របស់​កសិករ​ចិន​” មិន​គ្រាន់តែ​ជាការ​គោរព និង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​ប្រជាកសិករ​ប៉ុណ្ណោះ​ទេ ហើយក៏​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការគាំទ្រ​ចំពោះ ប្រជាកសិករ ព្រមទាំង​ជាការ​លើកទឹកចិត្ត​ចំពោះ​ពួកគេ ។​

​ការបង្កើត “​ទិវា​ប្រមូល​ផល​របស់​កសិករ​ចិន​” មិន​គ្រាន់តែ​បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ ប៉ុណ្ណោះ​ទេ ហើយ​បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង ផងដែរ ។ អ្នកក្រុង​ខ្លះ​បាន​បញ្ចេញយោបល់​តាម​អ៊ី​ន​ធើ​ណេ​ត​ថា យើង​នឹង​ទៅ​ចូលរួម​អបអរ សាទរ​ទិវា​នេះ ! លេង​ក្នុង​ទីក្រុង​មិន​សប្បាយ​ទេ ខ្ញុំ​ចង់ទៅ​លេង​តំបន់​ជនបទ ។ ទោះជា សម្រាក​ឬ​អត់ ខ្ញុំ​ត្រូវ​ទៅ​ដើរលេង​តំបន់​ជនបទ​ម្ដង ។ ក្នុង​ឳ​កាស​ទិវា​ប្រមូល​ផល​នេះ​ប្រជាជន ដែល​រស់នៅក្នុង​ទីក្រុង​នឹង​ទៅ​មើល​ទេសភាព​តំបន់​ជនបទ រួមគ្នា​អបអរសាទរ​ទិវា​នេះ ជាមួយ ប្រជាកសិករ ដើម្បី​ធ្វើ​ឲ្យ​ទិវា​នេះ កាន់តែ​មានឈ្មោះ​ល្បីល្បាញ និង​ជំរុញ​ការធ្វើ សមាហរណកម្ម​ទីក្រុង និង​ជនបទ ៕