ទិវា​បង្កើត​គណ​បក្សកុម្មុយនិស្ត វៀតណាម​

281
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ប្រារព្ធ​ទិវា​បង្កើត​គណ​បក្សកុម្មុយនិស្ត របស់ខ្លួន នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ចលនា​ក​មុ​ម្មុយ​និ​ស្ត​ចំនួន ៣ របស់ វៀត ណា​ម ត្រូវ​បានរួម​រួមគ្នា ក្រោម​ការសម្របសម្រួល​របស់ ហូ ជី មិញ បង្កើតបានជា​បក្ស កុ​ម្មុយ និ​ស្ត​វៀតណាម នៅ​ទីក្រុង​ហុងកុង កាលពី​ឆ្នាំ​១៩៣០ ។​

ភូមិសាស្ត្រ​-​ប្រជា​សស្ត្រ​
សាធារណរដ្ឋ សង្គមនិយម វៀតណាម ចាត់ទុកថា ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត​កំណែទម្រង់​មួយមាន​ផ្ទៃដី ៣៣១.២១០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ទាំងបី នៅ​ឥណ្ឌូចិន បារាំង និង​ជា​សមាជិក​មួយ ក្នុងចំណោម​សមាជិក ទាំង​១០ នៃ​សមាគម​អាស៊ាន មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ឡាវ ឈូងសមុទ្ទ ថៃ ឈូងសមុទ្ទ​តុងកឹង និង ចិន ។ ឆ្នាំ​២០២០ មាន​ប្រជាពល រដ្ឋ​ជាង ៩៧ លាន​នាក់ ភាគ ច្រើន ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​មហាយាន ខុង​ជឺ និង តាវ រដ្ឋធានី គឺ​ទីក្រុង​ហាណូយ ភាសាផ្លូវការ គឺ​ភាសា​វៀតណាម ។​
​ ​
ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្រោម​អាណានិគម​បារាំង​
​បារាំង បាន​សម្លឹង​ឃើញ​ទឹកដី​វៀតណាម ថា​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​វិស័យ​កង ទ័ព​ផង និង សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ផង ហេតុនេះ បារាំង ត្រូវតែ​យក វៀតណាម ឱ្យបាន ហើយ​គិត​ត្រឹម​ឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បាន​ចូល​ទៅដល់​ទឹកដី វៀតណាម ។​

​គឺជា​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​សម្រាប់​ប្រទេស​មហាអំណាច​លេប​ត្របាក់​ទឹកដី​ដែល​ទន់ខ្សោយ​ជាង​ខ្លួន គឺ បន្ទាប់ពី​បង្កើត​ទំនាក់ទំនង​ដ៏​ល្អុ​ក​ល្អឺ​ន​មក​ក៏​តែងតែ​បញ្ជូន​សាស ន​ទូត ទៅ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត ( ឬ ទំនាក់ទំនង​ពាណិជ្ជកម្ម ) ។ គឺ​សាសនា​គ្រិស្ត​នេះ ឯង​ហើយ ដែលជា​ញឹកញាប់​បំផុត តែងតែ​ជា​ឈ្នាន់ ជា​ដៃជើង ឬ​ជា​នុយ ក្នុងការ​ស្វែងរក និង ប្រមែប្រមូល​អំណាច​ទៅឱ្យ​ម្ចាស់​ប្រទេស​របស់​ពួកគេ ( ប្រទេស​ដែល​បាន​ទៅ​ផ្សព្វផ្សាយ សាសនា​គ្រិស្ត​នៅ​ប្រទេស​ណាមួយ​ផ្សេងទៀត ) វិញ ។

​យ៉ាងណាមិញ ពួក​សាសនទូត​កាតូលិក ដែល​បញ្ជូនទៅ​ផ្សព្វផ្សាយ​សាសនា​គ្រិស្ត​នៅ វៀត បន្ទាប់ពី​បាន​អូសទាញ​មនុស្ស បាន​មួយចំនួន​ហើយ ក៏​បង្កើតបានជា​ទំនាស់​ជាមួយ​ម្ចាស់​ស្រុក ដែល​កាន់សាសនា ឬ ប្រពៃណី​វប្បធម៌​របស់​ពួកគេ ( ព្រោះ​អ្នក​ដែល​ត្រូវបាន​អូសទាញ​ឱ្យ ក្លាយជា​អ្នក​កាន់​គ្រិស្តសាសនា ត្រូវបាន​បង្ហាត់បង្រៀន​បណ្តុះ​មនោ​គម​សាសនា​ឱ្យ​ប្តូរ​ចរិយា ក៏​ទៅជា​មាក់ងាយ​វប្បធម៌​របស់ខ្លួន ) ។​

​ទំនាស់​ជា​ញឹកញាប់ រវាង​ម្ចាស់​ស្រុក និង​ពួក​កាតូលិក​នៅ​វៀតណាម បានជា​លេស (​ថា​ទៅ ការពារ​ក្តី​សុខ​របស់​ពួក​អ្នក​កាតូលិក​នៅក្នុង​ទឹកដី​វៀតណាម ) សម្រាប់​បារាំង វាយលុក​ទៅលើ កំពង់ផែ ដា​ណាំង នៅ​ឆ្នាំ ១៨៥៨ បណ្តាលឱ្យ​ខូចខាត​ជា​ដំណំ ។ បន្ទាប់ពី​បាន​វាយប្រហារ ជាច្រើនលើក​ច្រើនសារ​ម​ក បារាំង បាន​បើក​យុទ្ធនាការ​កងទ័ព​ដ៏​ធំ​ឱ្យ​ឈ្មោះថា យុទ្ធនាការ​តុង កឹង ចាប់ពី​ឆ្នាំ ១៨៨៣-១៨៨៦ បាន​ត្រួតត្រា វៀតណាម បាន​ទាំងស្រុង ។ បារាំង​បាន​បែងចែក ប្រទេស វៀតណាម ជា ៣ ផ្នែក គឺ ១. តុងកឹង ( វៀតណាម​ខាងជើង ) ២. អាណ្ណា​ម (​វៀតណាម កណ្តាល ) និង ៣. កូសាំងស៊ីន (​វៀតណាម​ខាងត្បូង ដែលជា​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ) ។ តំបន់ ឥណ្ឌូចិន បារាំង ដែលមាន កម្ពុជា វៀតណាម ( ទាំង ៣ តំបន់ ខាងលើ ) និង ឡាវ ត្រូវបាន បង្កើត​នៅក្នុង​ខែ តុលា ឆ្នាំ ១៨៨៧ ។​

​ងាក​មក​ខាង​ខ្មែរ​ឯណេះ​វិញ បន្ទាប់ពី នាយ​ចាយ ឬ នាយ​ត្រសក់ផ្អែម ជ្រែករាជ្យ​នៅ​ឆ្នាំ ១៣២៣ មក ចក្រភព​អង្គរ ក៏​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ហើយក៏​ត្រូវ​ទ័ព​សៀម​វាយ​បែក​ក្រុង​អង្គរ លើក​ទី​១ នៅ​ឆ្នាំ ១៣៥៣ ។ ចាប់ពីពេលនោះ​មក ខ្មែរ​មាន​សង្គ្រាមស៊ីវិល​ផង​សង្គ្រាម​ឈ្លា​ន ពាន​ពី​សៀម និង​យួន​ផង ក៏​ធ្វើឱ្យ​ខ្មែរ​ចេះតែ​ទន់ខ្សោយ​ទៅៗ ស្ទើរ​រលាយ​រលត់​បាត់​ពី​ភព​ផែន ដី ។ ទឹកដី​ខ្មែរ ត្រូវបាន​យួន និង​សៀម ដណ្តើម​គ្នា​ជា​បន្តបន្ទាប់ ហើយ​ទីបំផុត ក៏មាន​ចុះ​សន្ធិ សញ្ញា​រវាង សៀម និង យួន ចែកគ្នា​នូវ​ទឹកដី​ខ្មែរ​លើក​ទី​១ នៅ​ឆ្នាំ ១៧៧៤ ដោយ យក ទន្លេមេគង្គ​ជា​តំបន់​ខណ្ឌ​ចែកគ្នា ។ ប៉ុន្តែ​ដោយសារ បន្ទាប់ពីនោះ ទាំង​ខាង សៀម និង យួន សុទ្ធតែ​មានការ​បះបោរ ទើប​ការបែងចែក​ទឹកដី​ខ្មែរ នា​គ្រានោះ ត្រូវ​បរាជ័យ ។​

​បន្ទាប់ពី​បាន​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​របស់​ពួកគេ​រួចរាល់​ហើយ ទាំង យួន និង សៀម ក៏​ចាប់ ផ្តើម​បន្ត​មហិច្ឆតា​របស់​ពួកគេ ដណ្តើម​ទឹកដី​ខ្មែរ​បន្តទៀត រហូតដល់​ឆ្នាំ ១៨៣១ យួន និង សៀម ពុះ​ចែកគ្នា​នូវ​ទឹកដី​ខ្មែរ​ម្តងទៀត ដោយ​សៀម យក​ត្រឹម​បឹង​ធំ ឯ​យួន យក​ត្រឹម​បឹង​តូច (​ទន្លេសាប ) ។​

​ប៉ុន្តែ​ដោយសារ​វត្តមាន បារាំង ប្រាថ្នា​ក្តោប​ក្តាប់ វៀតណាម ហើយ​គិត​ត្រឹម​ឆ្នាំ ១៧៤៧ នាវាចម្បាំង បារាំង បាន​ចូល​ទៅដល់​ទឹកដី វៀតណាម ហើយ​ប្រើ​គ្រប់​មធ្យោបាយ​គាប សង្កត់​ជា​បន្តបន្ទាប់ រហូត វៀតណាម ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់ បារាំង​ទាំងស្រុង​ដូចដែល បានលើកឡើង​ខាងលើ​មក ទើប​មហិច្ឆតា នៃ ការ​លេប​ត្របាក់​ទឹកដី​ខ្មែរ ពី​សំណាក់ យួន និង សៀម ក៏​បរាជ័យ​ម្តងទៀត ។​

ចលនា​បោះ​បោរ​ប្រឆាំងបារាំង
ចលនា​តស៊ូ​ជាច្រើន បាន​ផ្ទុះឡើង​នៅក្នុង​បណ្តា​តំបន់​កាន់កាប់​របស់​បារាំង ដូ​ជា​នៅ​ឆ្នាំ ១៨៨៥ យុ​វា​ធិ​រាជ្យ Hàm Nghi បាន​ចាក​ចេញពី​រាជវាំង​ទៅ​បង្កើត​ចលនា Cần Vương (​សង្គ្រោះ​ព្រះ រាជា ) ហើយ​ត្រូវបាន បារាំង ចាប់ខ្លួន និង និរទេស​ទៅ​ប្រទេស អាល់​ហ្សេ​រី នៅ​ឆ្នាំ​១៨៨៨ និង​នៅ​វៀតណាម ខាងជើង ចលនា​ដឹកនាំ​ដោយ​អតីតមន្ត្រី​វៀតណាម​លោក Phan Đình Phùng នៅ​ឆ្នាំ ១៨៩៥ ជាដើម ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក ក៏មាន​ស្តេច​រាជវង្ស ង្វៀន ២​អង្គ​ទៀត​គឺ ព្រះអង្គ Thành Thái និង ស្តេច Duy Tân ត្រូវបាន បារាំង និរទេស​ខ្លួន​ទៅ​អាហ្វ្រិក​ខាងត្បូង ពីបទ​មាន​និ​ន្ន​ការប្រឆាំង បារាំង ។

​គិត​ចាប់ពី​ឆ្នាំ ១៩០០ មក​មាន​ពួក​យុវជន​វៀតណាម​ដែល​ពុំ​ធ្លាប់​រស់នៅក្នុង​ប្រទេស​ក្រោម អាណានិគម បារាំង បានចេញ​មុខ ហើយ​ពួកគេ​ស្រេកឃ្លាន​នូវ​ឯករាជភាព វៀតណាម​ដូច​ដូនតា និង ឳ​ពុក​ម្តាយ​ពួកគេ​ដែរ ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​សមាគម​ឯករាជភាព វៀតណាម នៅក្នុង​ប្រទេសជប៉ុន ។​

​ឆ្នាំ​១៩០៥ មាន​ចលនា​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ ជប៉ុន ដោយ​ពួកគេ​រំពឹងថា នៅពេល អនាគត ពួកគេ​ចេះ​ពី​វិធី​ទំនើប​ក្នុង​ការដឹកនាំ​បដិវត្តន៍​ប្រដាប់អាវុធ​ប្រឆាំង បារាំង ។ ក្នុងចំណោម អ្នក​ទាំងនោះ ក៏មាន​ព្រះអង្គម្ចាស់ Cường Để ផងដែរ ដោយបាន​រៀបចំ​អង្គការ​ចាត់តាំង​ចំនួន ពីរ​នៅ​ប្រទេស ជប៉ុន ។ បារាំង បានដាក់​សម្ពាធ​ការទូត​ចំពោះ ជប៉ុន ដែល​ទីបំផុត ជប៉ុន ត្រូវ​បង្ខំចិត្ត​បណ្តេញ​មេក​ដឹកនាំ​អង្គការ​ចាត់តាំង​ម្នាក់​ឈ្មោះ Châu ហើយ​ជំនួស​ដោយ​លោក Phan Châu Trinh ដែលមាន​និន្នាការ​តស៊ូ​ដោយ​សន្តិភាព ។

​ដោយមាន​គោលបំណង​រំដោះ​ប្រទេសជាតិ ពី​ការគ្រប់គ្រង​របស់ បារាំង ជនជាតិ វៀត ណា​ម ជាច្រើន​បាននាំគ្នា​សិក្សា​ភាសា​បារាំង​យ៉ាង​ច្បាសលាស់​ហើយក៏​មាន​អ្នក​ខ្លះទៅ​សិក្សា​ចំណេះ ដឹង​ផ្សេងៗ​ដល់​ប្រទេស​បារាំង ទៀតផង ហើយ​ក្នុងនោះ ក៏មាន​យុវជន Nguyen Sinh Cun ដែល​បាន​ប្តូរ​ឈ្មោះ​ទៅជា បា ( ក្រោយមក ង្វៀន អាយ គួ​ក គឺ ហូ ជី​មិញ ) ម្នាក់​ផង ហើយ ដើម្បី បាន​ទៅ​សិក្សា​នៅ​ប្រទេស បារាំង នោះ បា បានធ្វើ​ដំណើរ​តាម​កប៉ាល់​ដោយ​ធ្វើជា អ្នក​បោ​សម្អាត លាងចាន ជាដើម ដោយ​គ្មាន​រាថយ​ឡើយ ព្រោះ​មាន​គោលដៅ​ច្បាស់លាស់ គឺ​ទៅ​សិក្សា​អំពី​បារាំង ឱ្យ​ស្គាល់​បារាំង ដើម្បី​រំដោះ​ប្រទេសជាតិ​ពី​បារាំង ។​

​បន្ទាប់ពី​មាន​បដិវត្តន៍ នៅ​ចិន និង​នៅ​រុស្ស៊ី​មក ចលនា​បដិវត្តន៍​វៀតណាម ក៏​ចាប់ផ្តើម​កម្រើក​ដែរ ។ លោក Phan Bội Châu បាន​បង្កើត​អង្គការ​ចាត់តាំង​មួយ​ឈ្មោះ Việt Nam Quang Phục Hội ដោយមាន​បំណង​បង្កើត​ចលនា​តស៊ូ​ប្រដាប់អាវុធ​ប្រឆាំង បារាំង ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៥២ គាត់​ត្រូវបាន បារាំង ចាប់ខ្លួន​នៅ សៀង​ហៃ ហើយ​បញ្ជូនមក វៀតណាម និង​ឃុំឃាំង​ទុក​ក្នុង ផ្ទះ​រហូត​ស្លាប់ ។​

​នៅ​ឆ្នាំ​១៩២៧ គណបក្ស​អ្នក​ជាតិនិយម វៀតណាម ឈ្មោះ Việt Nam Quốc Dân Đảng ត្រូវបាន​ស្ថាបនា​ឡើង តាមបែប​បក្ស កូ​មីន​ធឺ​ន ( បក្សកុម្មុយនិស្ត អន្តរជាតិ ) នៅ ចិន ។ បក្ស នេះ បានចាប់ផ្តើម​ចលនា​ប្រដាប់អាវុធ​នៅ​ឆ្នាំ ១៩៣០ នៅ តុងកឹង ហើយ​ជា​លទ្ធផល បារាំង បាន​ចាប់​មេដឹកនាំ​បក្ស​នេះ និង អ្នកដឹកនាំ​មួយចំនួនទៀត​កាត់ទោស​ត្រង់ៗ ។​

​កាលពី​ឆ្នាំ​១៩២៥ ង្វៀន អាយ គួ​ក (​ក្រោយមក​គឺ ហូ ជី​មិញ , Guyen : ង្វៀន = អ្នកស្នេហាជាតិ​) ត្រូវបាន​បញ្ជូន​ពី​ទីក្រុង​មូ​ស្គូ ទៅ​ប្រទេស​ចិន ក្នុងឋានៈ​ជា​អ្នកបកប្រែ ភាសា​។ ប៉ុន្តែ​គាត់​បានធ្វើ ការងារ​ក្នុ​បំណង​ប្រមែប្រមូល​ចលនា​ជាតិនិយម​តូចៗ​របស់​វៀតណាម​ដែលមាន​ស្រាប់​ហើយ នៅ​ទីនោះ ដើម្បី​ឱ្យទៅជា​ចលនា​បដ​វត្ត​ន៍ គឺ​បង្កើត​ទៅជា សង្គមនិយម បដិវត្តន៍ ។ ង្វៀន អាយ គួ​ក បាន​បង្កើត​សម្ព័ន្ធ មួយ​ឈ្មោះថា សម្ព័ន្ធ​យុវជន​បដិវត្តន៍ វៀតណាម នៅ​ឆ្នាំ ១៩២៥ ដោយ​ហៅថា Thanh Niên ។​

​សម្ព័ន្ធ Thanh Nien ធ្វើការ​ក្នុង​គោលដៅ ២ គឺ ៖ ១. ស្វែងរក​ឯករាជភាព ជូន​ជាតិ និង ២. បែងចែក​ដីធ្លី​ប្រគល់ជូន​ប្រជាកសិករ ។ ទីចាត់ការ​របស់ អង្គការ​នេះ នៅក្នុង​ប្រទេស ចិន ប៉ុន្តែ​ដឹកនាំ​ការងារ​ចលនា​បដិវត្តន៍​នៅ វៀតណាម ។ សម្ព័ន្ធ Thanh Nien មាន​កាតព្វកិច្ច​រៀបចំ ក្រុម​តស៊ូ​ប្រដាប់អាវុធ ប្រឆាំងនឹង​អាណានិគម​បារាំង ។​

​ង្វៀន អាយ គួ​ក និង​សហការី បានធ្វើការ ៣ ដំណាក់កាល​គឺ ៖ ទី ១ បង្កើត បរិ​យា កាស ខាងក្រៅ ធ្វើជា​មជ្ឈមណ្ឌល បណ្តុះបណ្តាល ជា​ប្រភព នៃ កិច្ចការ​ឃោសនា និង វិន័យ នៃ មនោគមវិជ្ជា ។ ក្រុមការងារ​បដិវត្ត​ន៍​សម្ងាត់​នេះ បង្ហាត់​មនុស្ស​នៅ កាន់​តុង ប្រទេស ចិន ហើយ​បញ្ជូន​ទៅធ្វើ​សកម្មភាព​នៅ វៀតណាម ។​

​ទី ២ សកម្មភាព​របស់ Thanh Niên គឺ​ពាក់កណ្តាល​សម្ងាត់ ដែល​អ្នក​បង្វឹក​របស់ Thanh Niên បញ្ចូល​នូវ​សកម្មភាព នយោបាយ និង សេដ្ឋកិច្ច រួមទាំង សកម្មភាព​កុប្បកម្ម ពហិកា និង ការប្រឆាំង​តវ៉ា​ផ្សេងៗ ដែល​អាចជា​អំពើហិង្សា​ផ្នែក​នយោបាយ ជា​មធ្យោបាយ ដើម្បី​ប្រមូល ផ្តុំ​មហាជន ។​

​ទី ៣. គឺ ការ​ងើប​បះបោរ និង ផ្តួលរំលំ​របប​នយោបាយ​ដែលមាន​ស្រាប់ ដោយ​ប្រដាប់អាវុធ ហើយ​បង្កើត​រដ្ឋាភិបាល បដិវត្តន៍​ថ្មី ។ សម្ព័ន្ធ Thanh Niên មាន​អង្គការ​បើកចំហ​មួយទៀត​ឈ្មោះ ក្រុម​យុ​វកុ​ម្មុយ​និ​ស្ត (CYC) ដែល​នៅ​ឆ្នាំ ១៩២៩ ត្រូវគេ​ជឿថា មាន​សមាជិក ២៤ រូប ។ សម្ព័ន្ធ Thanh Niên បាន​ដឹកនាំ​ក្រុម ២ ផ្សេងទៀត គឺ Nong Hoi ( សមាគម​កសិករ ) និង Cong Hoi (​សមាគម​កម្មករ )​។​

CYC និង Thanh Niên បានចេញ​ផ្សាយ ខិត​ប័​ណ្ធ​ខ្លីៗ និង កាសែត អំពី​ទ្រិ​ស្តី បដិវត្តន៍ និង បច្ចេកទេស​អនុវត្ត​ដែល​ហៅថា The Road to Revolution (​វិថី​ឆ្ពោះទៅ​បដិវត្តន៍ ) និង​កាសែត ចំនួន ៤ ទៀត គឺ កាសែត​យុវជន ពី​ខែមិថុនា ១៩២៥ ដល់​ខែឧសភា ឆ្នាំ ១៩៣០ ,​កាសែត​កម្មករ -​កសិករ ពី​ខែធ្នូ ឆ្នាំ​១៩២៦ ដល់​ដើមឆ្នាំ​១៩២៨ , កាសែត​កងទ័ព​បដិវត្តន៍ ពី​ដើមឆ្នាំ​១០២៧ ដល់​ដើមឆ្នាំ​១៩២៨ និង​កាសែត​កងទ័ព​ជួរមុខ នៃ​វៀតណាម នៅ​ឆ្នាំ​១៩២៧ ។

​ការបែកបាក់​
ដោយសារ​គណបក្ស គួ​មីន​តាំង ចិន ( របស់ ជាង កៃ​ជៀក ) មាន​កម្លាំង​ខ្លាំងក្លា​ជាងគេ (​ដោយសារបាន​ទទួល​ជំនួយ​យោធា ពី​អាមេរិក ) នៅ​ទីនោះ ទើប​បក្ស​នេះ កាប់សម្លាប់​បង្ក្រាប​លើ​បក្ស កុ​ម្មុយ​និ​ស្ត ដែលជា​សត្រូវ​របស់ខ្លួន ក្នុង​បំណង​ផ្តាច់ផ្តិល​ដល់​ឫសគល់ ។ សម្ព័ន្ធ Thanh Niên ដែលជា​បណ្តាញ​របស់​ប​ក្ស កូ​មីន​ធឺ​ន (​បក្សកុម្មុយនិស្ត​អន្តរជាតិ) ក៏ត្រូវ​បង្ខំចិត្ត​សម្ងំ​លាក់ខ្លួន ពី​ការកាប់សម្លាប់​របស់​ពួក​បក្ស​គួ​មីន​តាំង​ដែរ ។ ទីតាំង និង មណ្ឌល​ហ្វឹកហ្វឺន​របស់​សម្ព័ន្ធ Thanh Niên ក៏ត្រូវ​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់ ។ ហូ ជី មិញ បាន​ចាក​ចេញពី កាន់​តុង នៅក្នុង​ខែឧសភា ឆ្នាំ​១៩២៧ ហើយ​ពុំ​អាច​ទំនាក់ទំនង​ជាមួយ​ចលនា វៀតណាម ឡើយ ។

​គណៈកម្មាធិការ​កណ្តាល នៃ​សម្ព័ន្ធ Thanh Niên បាន​ជួបប្រជុំ​ថ្នាក់ជាតិ ពីថ្ងៃ​ទី ១-៩ ខែ ឧសភា ឆ្នាំ​១៩២៩ ដែល​ចូលរួម​ដោយ​តំណាង​មកពី​តំបន់​រដ្ឋបាល​ទាំង ៣ របស់ បារាំង នៅ វៀតណាម ( តុងកឹង , អាណ្ណា​ម និង កូសាំងស៊ីន ) បូក​ទាំង​អ្នក​មកពី ហុងកុង និង សៀម ( ថៃ ) ផង ។ នាឱកាស​នោះ​ហើយ ដែល​វិវាទ​បានកើត​ឡើង នាំឱ្យ​បែកបាក់​គ្នា ជា ២ ក្រុម គឺ​ក្រុម​អ្នកខ្លះ ស្វែងរក ឯករាជភាព​ពី​អាណានិគម និង​មួយក្រុម​ទៀត ស្វែងរក​បដិវត្តន៍សង្គម ។

​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៩២៩ តំណាង​ជន​កុ​ម្មុយ​និ​ស្ត មកពី​តំបន់ តុងកឹង ប្រារព្ធ​សន្និសីទ មួយ នាទី​ក្រុង​ហាណូយ ។ នៅ​ទីនោះ ពួកគេ​បានប្រកាស​រំលាយ សម្ព័ន្ធ Thanh Nien ហើយ​បង្កើត​បក្ស​ថ្មី​មួយ ឈ្មោះថា ” បក្សកុម្មុយនិស្តឥណ្ឌូចិន (ICP) ” ។ ក្រុម​ផ្សេងទៀត​របស់ Thanh Niên នៅ អាណ្ណា​ម និង កូសាំងស៊ីន ក៏បាន​ប្រកាស​ដាក់ឈ្មោះ​ខ្លួនឯង​ថា ” បក្ស​កុ​ម្មុយ និ​ស្ត​អាណ្ណា​ម ” នៅ​ចុងឆ្នាំ ១៩២៩ នោះដែរ ។ ក្រុម​ទាំង ២ នេះ​បាន​វាយប្រហារ​គ្នា​ដោយ ពាក្យសម្តី អស់​រយៈពេល​ពេញ​មួយឆ្នាំ ១៩២៩ នោះ ដើម្បី​ដណ្តើម​អនុត្តរភាព​លើ​ចលនា សេរីភាព រ៉ាឌីកាល់ វៀតណាម ។​

បក្សកុម្មុយនិស្ត វៀតណាម កើតឡើង​
បក្សកុម្មុយនិស្ត​ទី​៣ របស់ វៀតណាម ក៏​លេចឡើង​នៅ​អំឡុងពេល​នេះដែរ ដែលមាន​ឈ្មោះថា ” សម្ព័ន្ធ​នៃ​កុ​ម្មុយ​និ​ស្ត​ឥណ្ឌូចិន ” ប៉ុន្តែ​មិន​ជាប់ទាក់ទង​អ្វី​ជាមួយនឹង Thanh Niên ទេ មាន​ឫស គល់ នៅក្នុង​ក្រុម​សេរីភាព​ជាតិ​ផ្សេងទៀត ដែលមាន​គុណសម្បត្តិ​ប្រហាក់ប្រហែល​នឹង Thanh Niên ដែរ ហើយ​បង្កើតឡើង ដោយ​លោក Phan Bội Châu ។

​ក្រុម​នេះ រៀបចំ​សន្និសីទ​បង្រួប​ង្រួ​ម​មួយ នៅក្នុង​ទីក្រុង​ហុងកុង ពីថ្ងៃ​ទី ៣ ( ដល់​ថ្ងៃទី ៧ ) ខែកុម្ភៈ ឆ្នាំ​១៩៣០ ។ ពេលនោះ ង្វៀន អាយ គួ​ក ក្លាយជា​ជន​ដ៏​សកម្ម​ម្តងទៀត​ទទួលបន្ទុក ខាង​សម្របសម្រួល​ក្រុម​បែកបាក់​គ្នា​ទាំង ២ គឺ បក្សកុម្មុយនិស្តឥណ្ឌូចិន និង​បក្សកុម្មុយនិស្ត អាណា​ម ឱ្យ​រួបរួមគ្នា​ឡើងវិញ និង តាក់តែង​លក្ខន្តិកៈ​ផ្សេងៗ​របស់​ក្រុម ។

​នៅ​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៩៣០ បក្ស​ថ្មី​មួយ ត្រូវបាន​បង្កើតឡើង ដោយ​ឱ្យ​ឈ្មោះថា ” បក្សកុម្មុយនិស្ត​វៀតណាម ” ហៅ​កាត់​ថា CPV ។ ដោយសារ​តួនាទី​ដ៏​សកម្ម​របស់ ង្វៀន អាយ គួ​ក ក្នុងការ​សម្របសម្រួល​ទាំងនេះហើយ ទើប​ជាទូទៅ ត្រូវបាន​គេ​ចាត់ទុកថា ” បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម ” នេះ ត្រូវបាន​បង្កើតឡើង​ដោយ ង្វៀន អាយ គួ​ក ។

​បក្ស​កុ​ម្មុយ និ​ស្ត​អន្តរជាតិ ជំទាស់​ថា ចលនា​ក​ម្មុយ​និ​ស្ត​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ​ទៅ​ពាសពេញ តំបន់ ឥណ្ឌូចិន បារាំង ( កម្ពុជា​-​ឡាវ និង វៀតណាម ) ។ ដូច្នេះ បក្សកុម្មុយនិស្ត វៀតណាម ក៏​ទៅជា បក្ស​ក​ម្មុយ​និ​ស្ត ឥណ្ឌូចិន ឬ ICP ។​

​អំឡុង​៥​ឆ្នាំ​ដំបូង បក្ស ICP ទទួលបាន​សមាជិក​ប្រមាណ​ជា ១.៥០០ នាក់ និង​មាន​អ្នក​ស្រឡាញ់ យ៉ាងច្រើន ។ ICP បាន​បញ្ជ្រាប​ឥទ្ធិពល​ទៅក្នុង​សង្គម​វៀតណាម​ដ៏​ច្របូកច្របល់​បាន​យ៉ាង ច្រើន ។ នៅ​ឆ្នាំ ១៩២៩ និង ១៩៣០ ការប្រមូល​ភោគផល​យ៉ាង​ខ្សត់ខ្សោយ និង​បន្ទុក​បំណុល​ដ៏ ធ្ងន់ធ្ងរ បានធ្វើឱ្យ​ប្រជាកសិករ​ជាច្រើន មិន​សប្បាយចិត្ត​យ៉ាងខ្លាំង ។​

បក្ស​កុ​ម្មុនិ​ស្ត ឥណ្ឌូចិន រលាយ
នៅ​ថ្ងៃទី​១ ខែឧសភា ១៩៣០ ពួក​សកម្មជន ICP បានរៀបចំ​បាតុកម្ម​ជាច្រើន ហើយ​ហ្វូងមនុស្ស ក៏​កាន់តែ​ធំ​ទៅៗ ចូលរួម​បង្ហាញ​នូវ​ការមិន​ពេញចិត្ត ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​ពួកគេ កំពុង​ប្រឈម ។ ក្បួន​ដង្ហែ​រយៈពេល ៣ ថ្ងៃ នៃ​ខែឧសភា នោះ ធ្វើឱ្យ​អាជ្ញាធរ​អាណានិគម​បារាំង មើលឃើញថា វា​នឹង​អាច​ទៅជា​បដិវត្តន៍​កសិករ​ដ៏​គ្រោះថ្នាក់​។ កម្លាំង​រដ្ឋាភិបាល​បាន​វាយ ប្រហារ​ទៅលើ​ហ្វូង​បាតុករ សម្លាប់​មនុស្ស​រាប់​សឹ​ប​នាក់ ក៏បាន​បញ្ឆេះ​ភ្លើងកំហឹង​ដល់​ប្រជា ពលរដ្ឋ​ជាច្រើន ។

​ជាការ​ឆ្លើយតប ក្រុមប្រឹក្សា​មូលដ្ឋាន​ជាច្រើន ត្រូវបាន​រៀបចំឡើង​នៅតាម​ភូមិ​ក្នុងការ​ព្យាយាម គ្រប់គ្រង​ខ្លួនគេ​នៅតាម​មូលដ្ឋាន ។ ការបង្ក្រាប​របស់​អាជ្ញា​ធរ​អាណានិគម​បារាំង​បានចាប់ផ្តើម ឡើង​នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ១៩៣១ ហើយ​មនុស្ស​ប្រមាណ​ជា ១.៣០០​នាក់​ត្រូវបាន សម្លាប់ និង មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ឬ ត្រូវ​និរទេស ដែល​ក្នុងនោះ អគ្គលេខាធិការ​បក្ស ICP លោក ត្រាន់ ភូ និង អ្នកដឹកនាំ​ជាច្រើន​ទៀត នៃ​គណៈកម្មាធិការ កណ្តាល ផងដែរ​។ ICP ត្រូវបាន​បោសសម្អាត​យ៉ាង​មាន​ប្រសិទ្ធភាព ចេញពី​ក្នុង​តំបន់​នោះ ។​

ចលនា​កុ​ម្មុយ​និ​ស្ត ឥណ្ឌូ ចិន កើតឡើង​វិញ​
លោក ឡេ ហុង​ផុង ត្រូ​បានរៀបចំ​ឱ្យ​ស្តារ ចលនា​កុ​ម្មុយ​និ​ស្ត អន្តរជាតិ ឡើងវិញ ។ បក្ស ICP ត្រូវបាន​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ ១៩៣៥ ហើយ​លោក ឡេ ហុង ផុង ត្រូវបាន​ជ្រើសតាំង​ជា​អគ្គ លេខាធិការ​បក្ស ។ សមាជជាតិ​លើក​ទី ១ របស់ បក្ស ប្រារព្ធ​ឡើង​ដោយ​សម្ងាត់​នៅ ម៉ា​កាវ នា​ឆ្នាំ ១៩៣៥ ។ ស្របពេលនោះ សមាជ​បក្សកុម្មុយនិស្ត អន្តរជាតិ នាទី​ក្រុង មូ​ស្គូ​បានអនុម័ត គោលការណ៍ ប្រឆាំង​ពួក​ហ្វា​ស៊ី​ស​និយម និង បាន​ដឹកនាំ​ចលនា​ក​ម្មុយ​និ​ស្ត ជុំវិញ​ពិភពលោក ដើម្បី​សហការ​ជាមួយ​កម្លាំង​ដែល​ប្រឆាំង ហ្វា​ស៊ី​ស ឆ្ពោះទៅ​សង្គមនិយម ។ ប្រការនេះ​បាន តម្រូវឱ្យ ICP មើលឃើញថា បក្ស​អ្នក​ជាតិនិយម​នៅ ឥណ្ឌូ ចិន គឺជា​សម្ព័ន្ធ​ដ៏​មាន​សក្តានុពល ។

​ឆ្នាំ១៩៣៦ លោក ហា ហ៊ួ​យ តាប់ ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​បក្ស ចំណែក​លោក ឡេ ហុង ផុង ត្រឡប់​ទៅ​វៀតណាម ដើម្បី​ស្តារ​គណៈកម្មាធិការ​កណ្តា​ល​ឡើងវិញ ។​

សង្គ្រាមលោកលើកទី ២-​កើតឡើង នៃ វៀត​មិញ​
ការ​ងើប​បះបោរ​ប្រឆាំង​បារាំង នៅ​កូសាំងស៊ីន នៅ​ឆ្នាំ​១៩៤០​មេដឹកនាំ​គណៈកម្មាធិការ​កណ្តាលច្រើន​បំផុត រួមទាំង អគ្គលេខាធិកា ង្វៀន វ៉ាន់ គូ និង ហាយ ហ៊ួ​យ តាប់ ផង ត្រូវបាន​ចាប់ខ្លួន និង​សម្លាប់ ហើយ​លោក ឡេ ហុង ផុង ត្រូវបាន​និរទេស ទៅ​តំបន់ Côn Đảo រហូត​ស្លាប់ ។ ចំណែក ង្វៀន អាយ គួ​ក ត្រូវបាន​ចាប់ខ្លួន​ដែរ ។​

​សង្គ្រាមលោកលើកទី​២ ( ១៩៣៩-១៩៤៥ ) បានធ្វើឱ្យ​ការក្តោបក្តាប់​របស់​បារាំង នៅ​ឥណ្ឌូចិន ធ្លាក់​ខ្សោយ គឺ​ដោយសារ បារាំង ធ្លាក់​ក្រោម​ការកាន់កាប់​របស់ អាល្លឺម៉ង់ នៅក្នុង​ខែ មិថុនា ឆ្នា ១៩៤០ ទើប​ឥណ្ឌូចិន បារាំង ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព​ជប៉ុន ។ ពេលនោះ លោក ង្វៀន អាយ គួ​ក ក៏ត្រូវ​បាន​មាន​សេរីភាព​ឡើងវិញ ។​

​ក្រុម​អ្នកដឹកនាំ​ថ្មី រួមទាំង​លោក ទ្រឿ​ង ឈិន , ផាំ វ៉ាន់ ដុង និង វ៉ូ ង្វៀន យ៉ាប​ក៏បាន​លេចមុខឡើង ។ អ្នក​ទាំងអស់នេះ ជាមួយនឹង ង្វៀន អាយ គួ​ក បាន​ក្លាយជា​អ្នកដឹក នាំបក្សកុម្មុយនិស្ត ICP អស់​រយៈពេល ៤ ទសវត្សរ៍​ក្រោយមក ។​

​នៅពេល​សង្គ្រាមលោក ទើបតែ​ចាប់ផ្តើម ពួក​បក្សកុម្មុយនិស្តឥណ្ឌូចិន បាន​បង្ហាត់ បង្រៀន សមាជិក​របស់ខ្លួន ឱ្យ​លាក់ខ្លួន​នៅតាម​ជនបទ ជា​អង្គការ​មូលដ្ឋាន ។ ប៉ុន្តែ​សមាជិក​របស់ ICP ជាង ២០០នាក់ នៅតែ​ត្រូវបាន​ឡោមព័ទ្ធ និង​ចាប់ខ្លួន ។ សកម្មជន​របស់ ICP ប្រយុទ្ធ​យ៉ាង លំបាក នៅ​តំបន់​កូសាំងស៊ីន ។​
​ ​
​ខែកុម្ភៈ ឆ្នាំ​១៩៤១ ង្វៀន អាយ គួ​ក បាន​ត្រឡប់​ទៅ​វៀតណាម​វិញ ដោយ​ប្រើ​ឈ្មោះថា ” ហូ ជី មិញ ” ហើយ​បង្កើត​អង្គការ​កងទ័ព​មួយ ដែលមាន​ឈ្មោះថា ” សម្ព័ន្ធ​ដើម្បី ឯករាជភាព នៃ​វៀតណាម ” ដែល​គេ​ស្គាល់​ជា​ពាក្យកាត់​ថា ” វៀត​មិញ ” គឺជា​ក្រុម​ប្រយុទ្ធ​ដ៏​ដាច់ខាត ប្រឆាំងនឹង​ការត្រួតត្រា​របស់​ជប៉ុន ហើយ​ពួកគេ ធ្វើការ​ជាមួយ CIA អាមេរិក​ដែលមាន​សត្រូវ រួម​គឺ ជប៉ុន ដែរ ។ កងទ័ព​វៀត​មិញ ត្រូវបាន​កងទ័ព អាមេរិក​បង្រៀន​អំពី​សង្គ្រាមឈ្លប​នាគ្រា នោះឯង ។ ឈ្មោះ ហូ ជី មិញ ត្រូវបាន​ស្គាល់​ចាប់ពីពេលនោះ​ឯង ។​

​ហូ ជី​មិញ ជួប​ការលំបាក​យ៉ាងច្រើន ដោយសារ​ទីតាំង​របស់គាត់​នៅ​ដាច់​ពី​គេ ។ ហូ​បានធ្វើ ដំណើរ​ទៅ​ប្រទេស​ចិន នៅ​ខែសីហា ឆ្នាំ​១៩៤២ ដើម្បី​ស្វែងរក​ជំនួយ​កងទ័ព ។ ប៉ុន្តែ​គាត់​ត្រូវ បាន​រដ្ឋាភិបាល​ជាតិនិយម​ចិន ចាប់ខ្លួន ហើយ​កាត់ទោស​ដាក់ពន្ធនាគារ​ដ៏​ឃោរឃៅ​រយៈពេល ១៤ ខែ និង​ត្រូវ​តាមដាន​យ៉ាង​តឹងរឹង​មួយឆ្នាំ​ទៀត ។ ដូចនេះ ហូ​មិនអាច​ត្រឡប់​ទៅ​វៀតណាម វិញ រហូតដល់​ខែកញ្ញា ឆ្នាំ​១៩៤៤ ។ ប៉ុន្តែ​បក្សកុម្មុយ និស្ត និង​ចលនា វៀត​មិញ​របស់គាត់ បាន​ដំណើរការ​ដោយ​ល្អ ដោយ​ពុំមាន ហូ ។ តាមពិតទៅ ទោះជា ក្រុម​វៀត​មិញ​នេះ​ជា​ស្នូល នៃ​បក្សកុម្មុយនិស្តឥណ្ឌូចិន​ក្តី ក៏​អំឡុង​ឆ្នាំ​នៃ​សង្គ្រាម ពួកគេ​នៅតែ​ជា​ក្រុម​តូច​នៅឡើយ ដោយមាន​គ្នា​ប្រមាណ​ជា ២.០០០ ទៅ ៣.០០០ នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ ១៩៤៤ ។

សង្គ្រាម ដើម្បីឯករាជភាព
ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥ កងទ័ព​អាមេរិក ទម្លាក់​គ្រាប់បែក នុយក្លេអ៊ែរ ទៅលើ​ទីក្រុង​ហ៊ី រ៉ូ​ហ្ស៊ី​ម៉ា និង​ថ្ងៃទី​៩ ខែ​ឆ្នាំ​ដដែល​នោះ ទម្លាក់​គ្រាប់​ទី​២ ទីក្រុង​ណា​ហ្កា​សា​គី បង្ខំ​ឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាមលោកលើកទី​២ ។ ទឹកដី​វៀតណាម ត្រូវបាន​ប្រគល់​ទៅឱ្យ អង់គ្លេស ជា​អ្នកកាន់កាប់​ជំនួស​បារាំង ព្រោះ បារាំង ពុំ​សូវ​មាន​សមត្ថភាព​ទៀត​ទេ បន្ទាប់ពី​ត្រូវបាន អាល្លឺម៉ង់ ចូលកាន់​កាប់ នៅក្នុង​សម័យ​សង្គ្រាម ។

​ប៉ុន្តែ​ដោយសារ​ពេលនោះ អង់គ្លេស ក៏​ពុំ​សូវ​មាន​កម្លាំង​គ្រប់គ្រាន់ បន្ទាប់ពី​សង្គ្រាម លោក​លើ​ក ទី​២ ផង ណាមួយ​មើលឃើញ ឥណ្ឌូចិន មិនសូវមាន​ផលប្រយោជន៍​សម្រាប់​ខ្លួន ( អង់គ្លេស ) ផង ឥណ្ឌូចិន មាន​ចលនា​ប្រឆាំង​ដ៏​ស្មុគស្មាញ​ផង ភូមិសាស្ត្រ​ក៏​ស្មុគស្មាញ​ទៀត ជាពិសេស ពេលនោះ​អង់គ្លេស កំពុង​ជាប់ដៃ​ធ្វើសង្គ្រាម បង្ក្រាប​ចលនា​ប្រឆាំង​អាណានិគម​អង់គ្លេស នៅ​អាល់​ហ្ស៊េ​រី ផង ទើប​អង់គ្លេស សម្តេច​ចិត្ត​បោះបង់ និង​ប្រគល់ ឥណ្ឌូចិន ទៅឱ្យ បារាំង ដែលជា​អាណានិគម​ចាស់ នៅទីនេះ​ស្រាប់​ផង ។ ដូច្នេះ ឥណ្ឌូចិន គឺ​រួមទាំង វៀតណាម ផង ក៏​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ បារាំង បន្តទៀត ។​

​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​១៩៤៥ ក្រុម​វៀត​មិញ បានរៀបចំ​ការ​ងើប​បះបោរ ធ្វើ​បដិវត្តន៍ ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ បារាំង ដែល​គេ​ហៅថា បដិវត្តន៍​ខែសីហា ។ ក្នុង​រយៈ ពេល ២​សប្តាហ៍ ប៉ុណ្ណោះ កងកម្លាំង​របស់​វៀត​មិញ ដណ្តើម​កាន់កាប់​ភូមិ​ជនបទ ទីក្រុង​នានា​ទូទាំង​ភាគ​ខាង ជើង , ភាគ​កណ្តាល និង​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម រួមទាំង​ទីក្រុង ហាណូយ ផង ។ ប៉ុន្តែ​នៅ​តំបន់​ខ្លះ​មិនទាន់​ដណ្តើមបាន​នៅឡើយ​ដូចជា​តំបន់ Móng Cái, Vĩnh Yên, Hà Giang, Lào Cai និង Lai Châu ។

​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ នៅ​ទីក្រុង​ហាណូយ លោក​ប្រធាន ហូ ជី មិញ បានប្រកាស​ឯករាជភាព​របស់​វៀតណាម បង្កើតជា​សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម​(DRV) ក៏បាន​បង្ខំ​ឱ្យ ព្រះ​ចៅ បាវ ដាយ (Bảo Đại) ដាក់រាជ្យ បញ្ចប់​រាជវង្ស ង្វៀន នា​គ្រានោះ​ហោង ។

​ទោះយ៉ាងណា រដ្ឋាភិបាល​របស់លោក ហូ ជី​មិញ មិន​ទទួលបាន​ការទទួលស្គាល់​ដោយ ប្រទេស​ណាមួយ​ឡើយ ។ ហូ បានដាក់​ញត្តិ​ជាច្រើនលើក ទៅ​ប្រធានាធិបតី​អាមេរិក ហារី ទ្រូ​ម៉ាន់ ដើម្បី សុំ​ការគាំទ្រ ។ ប៉ុន្តែ​លោក ទ្រូ​ម៉ាន់ មិនដែល​ឆ្លើយតប​ឡើយ ។​

​ឆ្នាំ​១៩៤៦ វៀតណាម បាន​ប្រារព្ធ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា លើកដំបូង​របស់ខ្លួន (​ជ័យជម្នះ​បាន​លើ វៀត​មិញ​) ហើយក៏​បាន​ព្រាង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ប៉ុន្តែ​ស្ថានភាព​នៅ ទូទាំងប្រទេស​កំពុងស្ថិត​ក្នុង​សភាព​វឹកវរ​នៅឡើយ គឺ បារាំង ព្យាយាម​កាន់កាប់​ឡើងវិញ ដោយ​កម្លាំង​ទ័ព ។ អ្នកនយោបាយ​ខ្លះ នៅ​តំបន់​កូសាំងស៊ីន បង្កើត​រដ្ឋាភិបាល កូសាំងស៊ីន ខ្លួនគេ ខណៈ​ពួក​កុ​ម្មុយ​និ​ស្ត និង​អ្នក​មិនមែន​កុ​ម្មុយ​និ​ស្ត វក់វីរ​នឹង​ការប្រយុទ្ធ​គ្នា រីឯ​ពួក​តស៊ូ​នានា បង្កើត​កងទ័ព​រៀងៗ​ខ្លួន ។​

​ប្រទេស​វៀតណាម ត្រូវបាន​កាន់កាប់​ដោយ​កងទ័ព​ជាតិនិយម របស់​ចិន និង​កងទ័ព បារាំង ។ បក្សកុម្មុយនិស្ត ត្រូវបាន​រំលាយ ហើយ​ក្នុងការ​អនុវត្ត​ជាក់ស្តែង វៀត​មិញ បាន​ក្លាយជា សមាជិក​ដ៏​ធំ​មួយ នៃ ចលនា​តស៊ូ​ដើម្បី​ឯករាជភាព ។ បើតាម CIA សមាជិក​របស់ វៀត​មិញ កើនឡើង​ដល់ ៤០០.០០០ នៅត្រឹម ១៩៥០ ។ វៀត​មិញ នៅតែ​បន្ត​ប្រយុទ្ធ ប្រឆាំង អាណានិគម បារាំង តទៅទៀត ។​

​សង្គ្រាម​ពេញបន្ទុក រវាង វៀត មិញ និង អាណានិគម បារាំង ឬ សង្គ្រាម​លើក​ទី​១​នៅ ឥណ្ឌូចិន បាន​ផ្ទុះ​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៤៦ ។ ឆ្នាំ​១៩៥១ បក្សកុម្មុយ និស្ត​ត្រូវបាន បង្កើត​ឡើងវិញ​ជា​ផ្លូវការ ដោយ​ដាក់ឈ្មោះថា បក្ស​ពលករ នៃ វៀ​ណា​ម ។ កងទ័ព វៀត មិញ យកឈ្នះ​លើ​កងទ័ពរ​បារាំង​នៅ បៀ​ន បៀ​ន ភូ នា​ថ្ងៃទី​១ ខែ សីហា ឆ្នាំ ១៩៥៤ ។ បក្ស​កុ​ម្មុយ និ​ស្ត វៀតណាម ក្លាយជា​បក្ស​ដឹកនាំ​ប្រទេស ជា​ផ្លូវការ​ចាប់ពីពេលនោះ​មក ។​

បំបែក​វៀតណាម​ជា ២
ជា​អ្នកឈ្នះ​សង្គ្រាមលោកលើកទី​២ ហើយ​កំពុង​បន្ត​ដឹកនាំ​សង្គ្រាមត្រជាក់​ផង​នោះ អាមេរិក ពិតជា​ចង់​ត្រួតត្រា​វៀតណាម ព្រោះ​ជា​យុទ្ធសាស្ត្រ​កងទ័ព និង​នយោបាយ​ផង ។ ដើម្បីបញ្ចៀស​ការប្រឈមមុខ​ដាក់គ្នា​ត្រង់ៗ រវាង អាមេរិក និង សូ​វៀត​ដែល​ទើបតែ​បញ្ចប់​សន្និសីទ ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ​១៩៥៤ បាន​បំបែក​វៀតណាម​ជា​ពីរ​ផ្នែក ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្តរ​បស់ ហូ ជី​មិញ គ្រប់គ្រង​ភាគ​ខាងជើង ចាប់ពី​ទីក្រុង​ហាណូយ ហើយ​សាធារណរដ្ឋ វៀតណាម របស់លោក ង៉ូ ឌិ​ញ ឌៀ​ម គាំទ្រ​ដោយ​អាមេរិក គ្រប់គ្រង​ផ្នែក​ខាងត្បូង​ចាប់ពី​ទីក្រុង សាយ​ហ្ក​ន (​ព្រៃនគរ​) ។​

​ភាពមិន​សាន្តត្រាណ​នៃ​វៀតណាម ទាំងពីរ​នេះ នាំឱ្យ​ផ្ទុះ​ស​ង្គ្រា​ឥណ្ឌូចិន លើក​ទី​២(​ជះឥទ្ធិពល ដល់​កម្ពុជា និង​ឡាវ យ៉ាងធ្ងន់ធ្ងរ​) ពីថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​១៩៥៥ រវាង​វៀតណាម​ខាងជើង​គាំទ្រ ដោយ​សហភាពសូវៀត ចិន និង​សម្ព័ន្ធ​កុ​ម្មុយ​និ​ស្ត ចំណែក​វៀត​ណា​ខាងត្បូង​គាំទ្រ​ដោយ អាមេរិក ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​ដែល​ប្រឆាំង​កុ​ម្មុយ​និ​ស្ត ។

​ស្ថានភាព​ក្នុងប្រទេស មានការ​ប្រែប្រួល​ផង កងទ័ព​អាមេរិក​បាន​ដក​ចេញពី​វៀតណាម​ខាងត្បូង នៅ​ឆ្នាំ​១៩៧៣ ។ ទីក្រុង​សាយ​ហ្ក​ន ឬ ទីក្រុង​ព្រៃនគរ ដែលជា​រដ្ឋធានី​របស់​វៀតណាម​ខាងត្បូង បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​វៀត​ណា​ម​ខាងជើង ឬ វៀត ណាម​កុ​ម្មុយ​និ​ស្ត ។ ទាហាន វៀត​ណា​ខាងត្បូង បាន​ចុះចាញ់​វៀតណាម​កុ​ម្មុយ​និ​ស្ត នៅ​ថ្ងៃទី​៣០ ខែ មេសា ឆ្នាំ​១៩៧៥ ហើយ​សង្គ្រាម បានបញ្ចប់​ដោយ​វៀតណាម​ទាំងស្រុង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម កុ​ម្មុយ​និ​ស្ត​រហូត​សព្វថ្ងៃ​។

បំបែក​បក្ស​ជា ៣ សម្រាប់​ឥណ្ឌូចិន​
សន្និសីទ​ទី​២ របស់​បក្ស សម្រេចចិត្តថា បក្សកុម្មុយនិស្ត ត្រូវ​បំបែក​ជា ៣ ដោយ​បក្ស ១ នៅក្នុងប្រទេស ១ នៅឥណ្ឌូចិន គឺ កម្ពុជា វៀតណាម និង ឡាវ ហើយ បក្សកុម្មុយនិស្ត វៀតណាម មាន​សិទ្ធិ​ត្រួត​មើល​សកម្មភាព​របស់​ប​ក្ស​ទាំង ២ ផ្សេងទៀត ដែលមាន​ទីតាំងនៅ​កម្ពុជា និង ឡាវ ។​

​បក្ស​ប្រជាជន​កម្ពុជា គឺ​បក្ស​បដិវត្តន៍​ប្រជាជន​ខ្មែរ ឬ បក្សកុម្មុយនិស្ត​កម្ពុជា ត្រូវបាន​បង្កើតឡើង នៅក្នុង​ខែមេសា ឆ្នាំ​១៩៥១ ដោយមាន ប៉ុល ពត ជា​អ្នកដឹកនាំ បក្ស​បដិវត្តន៍​ប្រជាជន ឡាវ ត្រូវបាន​បង្កើត​នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ១៩៥៥ ។

​ស​ន្និ​សបាត​លើក​ទី​៣ របស់​បក្ស ប្រារព្ធ​នៅ​ទីក្រុង​ហាណូយ នា​ឆ្នាំ​១៩៦០ បានធ្វើ​ប្រក្រតី​កម្ម នូវ​ភារកិច្ច នៃ​ការកសាង​សង្គម​នូវ​អ្វីដែល​ក្រោយមក វៀតណាម ខាងជើង ឬ ក៏​សាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម និង​បាន​ប្តេជ្ញា​បក្ស ចំពោះ​សេរីភាព នៃ​វៀតណាម ខាងត្បូង ។​

​នៅ​ឆ្នាំ ១៩៧៥ បក្ស​ពលករ​នៃ​វៀតណាម​ខាងជើង ត្រូវបាន​រំលាយ​ចូល​ជាមួយ បក្ស​បដិវត្តន៍ នៃ​វៀតណាម ខាងត្បូង ។ សន្និសីទ លើក​ទី ៤ នៃ បក្ស នា​ឆ្នាំ ១៩៧៦ បក្ស​ត្រូវបាន​ដាក់ឈ្មោះ ទៅជា ” បក្សកុម្មុយនិស្ត វៀតណាម ” ដើម្បី​ពង្រឹង​ជាមួយ​សក្តិភូមិ វណ្ណៈ​កម្មករ និង​សម្ព័ន្ធ កសិករ ។

​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ១៩៧៦ វៀតណាម ខាងត្បូង និង វៀតណាម ខាងជើង ត្រូវបាន​រួបរួម ដើម្បី​បង្កើតជា​សាធារណរដ្ឋ សង្គមនិយម វៀតណាម រហូត​បច្ចុប្បន្ន​មក ។​

​ជាការ​កត់សម្គាល់ គឺ​ឃើញថា ភាព​គួរឱ្យ​គោរព​របស់​ជនជាតិ​ត​វៀតណាម គឺ​ការដែល​ចេះតែ ងើបឡើង​វិញ​ឥតឈប់ឈរ​រហូត​បាន​ជោគជ័យ​ពី​បរទេស​ឈ្លានពាន បើទោះ បីជា​ពួកគេ​តែង តែ​ត្រូវបាន​តាម​កាប់សម្លាប់​ផ្តាច់ផ្តិល​យ៉ាងណាក៏ដោយ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ទីក្រុង​ព្រៃនគរ ឬ ទីក្រុង សៃ​ហ្ក​ន ប្តូរ​ទៅជា ទីក្រុង ហូ ជី​មិញ ដើម្បី ផ្តល់​កិត្តិយស​ដល់ ហូ ជី​មិញ ( សៃ​ហ្ក​ន )​
​ហូ ជី​មិញ ដែល​ត្រូវបាន​ប្រវត្តិសាស្ត្រ​វៀតណាម គោរព​ស្មើ​អាទិទេព និង​ចាត់ទុកថា​ជា​ស្ថាបនិក បក្សកុម្មុយនិស្ត​វៀតណាម ( ហូ ជី មិញ​)