ទិវា​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត ចិន​

419
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាជន ចិន ប្រារព្ធ​ទិវា​បង្កើត​សាធារណរដ្ឋ ប្រជាមានិត របស់​ពួកគេ នៅ​ថ្ងៃទី ១ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល ម៉ៅ សេទុង​ប្រកាស​បង្កើត រដ្ឋាភិបាល ចិន នា ឆ្នាំ ១៩៤៩ បន្ទាប់ពី កងទ័ព​កុ​ម្មុយ​និ​ស្ត បណ្តេញ​កងទ័ព ជាង កៃ​ជៀក ចេញពី​ដីគោក ទៅ​បោះទីតាំង​នោះ​កោះ តៃវ៉ាន់ (​រហូតមកដល់​សព្វថ្ងៃ​) ។

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ប្រជាមានិត ចិន មាន​ផ្ទៃដី ៩.៥៩៦.៩៦១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង តំបន់​អាស៊ី បូព៌ា មាន​ព្រំដែន​ជាប់​ប្រទេស រុស្ស៊ី ម៉ុង​ហ្គោល ឥណ្ឌា វៀតណាម កូរ៉េ កា​ហ្សា​ក់​ស្ថាន គៀ​ហ្ស៊ី​ស៊ី​ស្ថាន តាជី​គី​ស្ថាន អា​ហ្វ​កា​នី​ស្ថាន ប៉ា​គី​ស្ថាន ណេ​ប៉ាល់ ប៊ូ​តាន់ មី​យ៉ាន់​ម៉ា (​ភូមា​) និង ឡាវ ។​

​ចិន​មាន​ប្រព័ន្ធ​នយោបាយ​ខុសគ្នា ដោយ​ភាគច្រើនបំផុត នៃ ប្រទេស​នេះ​គ្រប់គ្រង ដោយ​របប​កុ​ម្មុយ​និ​ស្ត​។ ប៉ុន្តែ​ជា​កុ​ម្មុយ​និ​ស្ត​ភ្លឺស្វាង ។​ចំណែក​តំបន់​ខ្លះ ដូចជា ហុងកុង និង ម៉ា​កាវ ជា​តំបន់​កាន់​លទ្ធិ​សេរី ។​មាន​តំបន់​ស្វយ័ត​ចំនួន​ប្រាំ​គឺ​តំបន់​ម៉ុង​ហ្គោ​លី ស៊ីន​ជាំ​ង ហ្គ័​ង​ស៊ី នី​ង​ស៊ា និង ទី​បេ​តិ៍​។ រីឯ​ប្រព័ន្ធ​សេដ្ឋកិច្ច នៃ ប្រទេស​ទាំងមូល​ដើរ តាម​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​ចាប់ពី​ឆ្នាំ ២០០៤ មក ចិន​បាន​ក្លាយជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​លេខ ២ បន្ទាប់ពី​អាម៉េរិក ។​

​ចិន ជា​មហាអំណាច​មួយ​ក្នុងចំណោម​មហាអំណាច​នុយក្លេអ៊ែរ​ទាំង ប្រាំ (​អាម៉េរិក រុស្ស៊ី បារាំង និង អង់គ្លេស ) របស់​ពិភពលោក ។ ឆ្នាំ ២០១៩ មាន​ប្រជាជន​ជាង ១.៤៣៤ លាន​នាក់ ជា​លំដាប់​លេខ ១​ក្នុង​លោក ភាគច្រើន​ជា​អ្នក​កាន់​ពុទ្ធសាសនា មហាយាន ហើយ​ទិន្នន័យ​អេឡិចត្រូនិក គិត​ជា​មធ្យម​ក្នុង​មួយ​នាទី កើន​មនុស្ស​១៦ នាក់ ភាសាផ្លូវការ​គឺ​ភាសា កុក​ងឺ ។​រដ្ឋធានី ទីក្រុង ប៉េកាំង ។​

​ប្រវត្តិសាស្ត្រ
សតវត្សរ៍​ទី ១៩ រាជការ​មហា ឆេង បាន​រង​សម្ពាធ​ពី​ចក្រពត្តិនិយម​ពី​ប​ស្ចឹ​ម​លោក​ខ្លាំង ទៅៗ ។ ទំនាស់​ការទូត ពាណិជ្ជកម្ម (​ជាពិសេស អាភៀន ដែល​បានធ្វើឱ្យ​ចិន​ក្លាយ ជាទី​ផ្សារ និង រងគ្រោះ អាភៀន យ៉ាង​ធំធេង ពី​សំណាក់​ពាណិជ្ជករ អង់គ្លេស ក្រោម ផ្លាក​ក្រុមហ៊ុន​អង់គ្លេស​-​ឥណ្ឌា ខាងកើត ) រដ្ឋបាល នៃ យុត្តិធម៌ បាន​ឡើងក​ម្តៅ​ខ្លាំង ទៅៗ​រហូត​ផ្ទុះ​ជា​សង្គ្រាម​ឡើង​នៅ​ឆ្នាំ ១៨៣៩ រវាង​ចក្រភព​អង់គ្លេស និង អៀក​ឡង់​ដ៍ ព្រួត​គ្នា​វាយ រាជការ ឆេង ដែល​សង្គ្រាម​នោះ​ឱ្យ​ឈ្មោះថា សង្គ្រាម អាភៀន លើក​ទី ១ ។​

​ដោយសារ​រង​ផលប៉ះពាល់​ពី​អាភៀន រួចទៅហើយ​នោះ កងទ័ព និង ប្រទេស ចិន ស្ថិតក្នុង​សភាព ទន់ខ្សោយ​ក៏បាន​ចាញ់​សង្គ្រាម​នោះ ហើយ ចិន​ត្រូវបាន​បង្ខំ​ឱ្យ​ចុះ ហត្ថលេខា​លើ​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៨៤២ ប្រគល់​ទឹកដី​កំពង់ផែ និង កោះ ហុងកុង ទៅឱ្យ​អង់គ្លេស ហើយក៏​បានបញ្ចប់​សង្គ្រាម​នោះ ដោយ​បន្សល់ទុក​នូវ​ភ្លើងកំហឹង យ៉ាង​ក្តៅគគុក​នៅក្នុង​ទ្រូង​ប្រជាជន​ចិន ដោយ​ពួកគេ​មើលឃើញថា សន្ធិសញ្ញា ខាងលើ​គឺជា​សន្ធិសញ្ញា​ដ៏​អយុត្តិធម៌​បំផុត ។​

​អង់គ្លេស​នៅតែ​មិនទាន់​ស្កប់ស្កល់​ឡើយ ដោយ​ឃើញ​រាជការ និង ប្រជាជន ចិន ធ្លាក់ខ្លួន​ទន់ខ្សោយ អង់គ្លេស បានទាមទារ​ឱ្យ​ចិន​បើក​សិទ្ធិ​ពាណិជ្ជករ​អង់គ្លេស អាច ធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំងប្រទេស ចិន ទៀត ។ ប្រការនេះ​ធ្វើឱ្យ​រាជការ និង​ប្រជាជន ចិន មិនអាច​ទ្រាំ​បាន ក៏​ផ្ទុះ​ជា​សង្គ្រាម​តទល់​អង់គ្លេស នៅ​ឆ្នាំ ១៨៥៦ ដែល​គេ​ហៅថា សង្គ្រាម អាភៀន លើក​ទី ២ ហើយ​ពេលនោះ​អង់គ្លេស ហាក់​ទន់​ដៃ​ជាង​ម្ចាស់​ទឹកដី ។​

​បារាំង អាម៉េរិក និង រុស្ស៊ី ដែល​សុទ្ធតែជា​ពួក​ចក្រពត្តិ​វា​ទិ​និយម ចង់​ពង្រីក​អំណាច របស់​ពួកគេ​នៅលើ​ទឹកដី ចិន ដែរនោះ គឺ​មិនអាច​ទុកឱ្យ ចិន អាច​ក្រោកឈរ​បាន ឡើយ ទើប​ពួកគេ​បាន​ចូលទៅ​ជួយ​អង់គ្លេស (​រុស្ស៊ី​មិន​ផ្តល់ជំនួយ​កងទ័ព​ទេ​) ធ្វើឱ្យ រាជការ និង ជនជាតិ ចិន កើន​សត្រូវ​កាន់តែច្រើន និង សុទ្ធតែ​មហា​យក្ស​មកពី​អឺរ៉ុប ហើយ​ទីបំផុត ចិន ពិតជា​មិនអាច​ទ្រាំទ្រ នូវ​ការ​ប្រួត​គ្នា​ពី​សំណាក់​ពួក​មហា​យក្ស ទាំងនោះ​បានឡើយ ។​

​ខែ មិថុនា ឆ្នាំ ១៨៥៨ ផ្នែក​ទី ១ នៃ សង្គ្រាម​អាភៀន​លើក​ទី ២ នេះ ត្រូវបាន​បញ្ចប់ ដោយ​ចិន​ជា​អ្នកចាញ់ ហើយ​មហា​យក្ស​អឺរ៉ុប គឺ​អង់គ្លេស បារាំង រុស្ស៊ី និង អាម៉េរិក ជា​អ្នកត្រួតត្រា​ទឹកដី​ចិន តាមរយៈ​សន្ធិសញ្ញា​មួយ​ដែល​មហាអំណាច​ចក្រពត្តិ​វាទី និយម​អឺរ៉ុប​ទាំង​៤​នោះ​គឺជា​ហត្ថលេខី​ដោយ​កំណត់​បួន​ចំណុច​ហើយ​បើក​កំពង់ផែ​ចិន ប្រាំពីរ​ទៀត​ឱ្យ​អឺរ៉ុប​ធ្វើ​ពាណិជ្ជកម្ម កប៉ាល់​យោធា និង​សិទ្ធិ​សម្រាប់​ពួកគេ​ធ្វើដំណើរ ទូទាំងប្រទេស​ចិន ហើយ​ចិន​ត្រូវ​សង​សំណង​ជា​ប្រាក់សុទ្ធ​បួន​លាន​តម្លឹង​ទៅឱ្យ អង់គ្លេស និង ពីរ លាន​តម្លឹង​ទៅឱ្យ​បារាំង ។​

​នៅពេល ចិន ធ្លាក់​ដល់​កម្រិត​វេទនា​ងើបមុខ​លែងរួច​បែប​នោះ នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ​១៨៥៨ រុស្ស៊ី បាន​ជាន់ ក បន្ថែមទៀត គឺ​បាន​បង្ខំ ចិន ឱ្យ​ចុះហត្ថលេខា​មួយ កំណត់ ព្រំដែន​ប្រទេស​ចិន និង រុស្ស៊ី ដែល​ចិន​ខាតបង់​ទឹកដី​យ៉ាងច្រើន ។ មិនទាន់​គ្រប់គ្រាន់ ឡើយ នៅ​ឆ្នាំ ១៨៦០ រុស្ស៊ី បង្ខំ​ឱ្យ ចិន ចុះហត្ថលេខា​មួយទៀត ដែល​ធ្វើឱ្យ រុស្ស៊ី ត្រួតត្រា​ឆ្នេរ​សមុទ្ទ​ប៉ាស៊ីហ្វិក នៅ​តំបន់​គ្មាន​ទឹកកក ហើយ រុស្ស៊ី យក​តំបន់​នោះ​បង្កើត បានជា​ទីក្រុង វ្លា​ឌី​វូ​ស្តុក​(Vladivostok) នៅ​ឆ្នា ១៨៦០ ដដែល​នោះ ។​

​សង្គ្រាម ស៊ី​ណូ​-​ជប៉ុន បានកើត​ឡើង​ពី​ឆ្នាំ ១៨៩៤ ហើយ​បញ្ចប់​ទៅវិញ​នៅ​ឆ្នាំ ១៨៩៥ ធ្វើឱ្យ ចិន បាត់បង់​ឥទ្ធិពល​ទៅលើ​តំបន់​ឩ​ប​ទ្វីប កូរ៉េ ដោយ​ឧបទ្វីប កូរ៉េ ធ្លាក់​ទៅក្នុង​ដៃ រុស្ស៊ី ហើយ​រាជការ ឆេង របស់ ចិន បាន​របូត កោះ​តៃវ៉ាន់ ទៅក្នុង​កណ្តាប់ដៃ ជប៉ុន ។​

អវសាន​រាជការ មហា​ឆេង
នៅ​អំឡុង​សតវត្សរ៍​ទី ១៩ ក៏មាន​ភាពច្របូកច្របល់​ផ្ទៃក្នុង​ច្រើន ញ៉ាំងឱ្យ​រាជការ ឆេង រង្គោះរង្គើ ហើយ​មាន​ចលនា​ឧទ្ទាម​ជាច្រើនលើក​ច្រើនសា​ដូចជា នៅ​ទសវត្សរ៍​ឆ្នាំ ១៨៥០-១៨៦០ ឧទ្ទាម នៅ ថា​យ​ភីង ជាដើម ហើយ​ឧទ្ទាម​ផ្សេងៗ​ទៀត​បានកើត ឡើងជា​បន្តបន្ទាប់​រហូត​ដល់​ទសវត្សរ៍​១៨៩០ ។​

​ក៏​នៅមាន​មហន្តរាយ​ផ្សេងៗ​ទៀត​កើត​ពី​ធម្មជាតិ​ដូចជា​គ្រោះរាំងស្ងួត​នៅ​ភាគ​ខាងជើង​ពី​ឆ្នាំ ១៨៧៦-១៨៧៩ ដែល​បានសម្លាប់​មនុស្ស​ប្រមាណ ១៣ លាន​នាក់ ។ នៅ​ឆ្នាំ ១៨៩៨ ស្តេច​នៅ ហ្គ័​ង​ស៊ូ បានរៀបចំ​ធ្វើកំណែទម្រង់​ឱ្យទៅជា​របប​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ប៉ុន្តែ​ផែនការ​នោះបាន​បរាជ័យ​ដោយសារ​មាន​សម្ពាធ​ពី​មនុស្ស​អភិរក្សនិយម​ដែល​ចង់​រក្សា​អំណាច​របស់​ពួកគេ ។ ឆ្នាំ ១៩១១ បដិវត្តន៍ ស៊ីន​ហាយ បាន​ផ្ទុះឡើង ហើយ​បានបញ្ចប់​រជ្ជកាល នៃ រាជការ​មហា ឆេង នៅ​ឆ្នាំ ១៩១១ នោះឯង​បន្ទាប់ពី​បាន​គ្រប់គ្រង​ប្រទេស ចិន អស់​រយៈពេល ៧៣៧ ឆ្នាំ មក​។

​នៅ​ថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩១២ សាធារណរដ្ឋ ចិន ត្រូវបាន​បង្កើតឡើង ហើយ​បណ្ឌិត ស៊ុន យ៉ា​ត​សេន (​នៃ គណបក្ស គួ​មីន​តាំង = KMT ឬ គណបក្ស​ជាតិ និយម ) ត្រូវបាន តែងតាំង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន ។ ប៉ុន្តែ​ក្រោយមក ឋានៈ​ជា​ប្រធានាធិបតី ត្រូវបាន​ប្រគល់​ទៅឱ្យ​អតីត​មេទ័ព​កំពូល​នៃ រាជការ ឆេង គឺ​លោក​ឩ​ត្ត​ម​សេនីយ៍ យាន ស៊ឺ​ខាយ ។

​នៅ​ឆ្នាំ ១៩១៥ បន្ទាប់ពី បាន​អំណាច​មក​ក្នុង​ដៃ​ហើយ យាន ស៊ី​ខាយ បានប្រកាស ឡើង​សោយរាជ្យ​ជា​ស្តេច​អ​ធិ​រាជ្យ​ចិន​ដោយ​ខ្លួនឯង គឺ​ត្រឡប់​ទៅជា​របប​រាជា និយម​វិញ ។ ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ផង យាន ស៊ឺ​ខាយ ត្រូវបាន​បង្ខំ​ឱ្យ​ដាក់រាជ្យ ហើយ​បង្កើតជា​សាធារណរដ្ឋ ចិន ឡើងវិញ ។​

​ពេលនោះ រដ្ឋាភិបាល​ទីក្រុង ប៉េកាំង ជា​រដ្ឋាភិបាល​ដែល​ត្រូវបាន​ទទួលស្គាល់ ពី​អន្តរជាតិ ប៉ុន្តែ​ជា​រដ្ឋាភិបាល​គ្មាន​អំណាច​ឡើយ ។ នៅ​ឆ្នាំ ១៩២១​គណបក្ស កុ​ម្មុយ​និ​ស្ត ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​ចិន ។​

​នៅ​ចុង​ទសវត្សរ៍ ឆ្នាំ ១៩២០ ដោយមាន​ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង កងទ័ព ពី​អាម៉េរិក គណបក្ស គួ​មីន​តាំង ក្រោម​ការដឹកនាំ​របស់ ជាង កៃ​ជៀក មានអំណាច​នយោបាយ និង កម្លាំង​ទ័ព​ខ្លាំងក្លា​ជាងគេ​បំផុត ត្រួតត្រា​ទឹកដី​ចិន​ស្ទើរ​ទាំងស្រុង​ហើយ​បាន រួបរួម​ប្រទេស​មក​គ្រប់គ្រង​ដោយ​ខ្លួនឯង​ក្រោម​ល្បិច​នយោបាយ​ថា “​ដំណើរ​ឆ្ពោះ ទៅ​ទិស​ខាងជើង “ ។​

​នៅក្នុង​យុទ្ធនាការ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង​នោះ ក្រុម និង បក្ស​ជាច្រើន ត្រូវ បាន​កម្ទេច ហើយ​ចាប់ពី​ឆ្នាំ ១៩២៧ មក បក្សកុម្មុយនិស្ត ក៏ត្រូវ​រង​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ពី​យុទ្ធនាការ​នោះដែរ ប៉ុន្តែ​អាច​រក្សាខ្លួន​តទល់​ជាមួយ គួ​មីន​តាំង បាន ។

​បក្ស គួ​មីន​តាំង បាន​ប្តូរ​ទីក្រុង​ទៅ ណាន​ជី​ង និង បាន​គ្រប់គ្រង​នយោបាយ និង ជំរុញ​កែប្រែ​នយោបាយ ចិន ឆ្ពោះទៅរក​គោលដៅ​លទ្ធិប្រជាធិបតេយ្យ​ទំនើប​ដែល ត្រូវបាន​គេ​មើលឃើញថា ជា​អ្នក​ស្តាប់​ឱវាទ ចក្រពត្តិ​អាម៉េរិក ។ ប៉ុន្តែ​គូប្រជែង​ដ៏ ពិបាក​បំផុត​សម្រាប់​លោក ជាង កៃ​ជៀក គឺ​ពួក​កុ​ម្មុយ​និ​ស្ត ឬ ពួកកងទ័ព ក្រហម ។ ទោះយ៉ាងណា គួ​មីន​តាំង របស់ ជាង កៃ​ជៀក នៅតែ​បាន​ជោគជ័យ​ក្នុង​យុទ្ធនាការ និង បាន​បណ្តេញ​សត្រូវ​របស់ខ្លួន​ជា​បន្តបន្ទាប់ ។ នៅ​ថ្ងៃ ទី ១៨ ខែ កញ្ញា ឆ្នាំ ១៩៣១ ជប៉ុន បាន​ឈ្លានពាន​ចូល​ទឹកដី ម៉ាន់​ជូ ចិន ។​

​មហា​ដំណើរ​
នៅ​រដូវរងា ឆ្នាំ ១៩៣៣ ជាង កៃ ជៀក បាន​បញ្ជា​កងទ័ព​រប​ស់គា​ត់ ៥០ ម៉ឺន​នាក់ បើក​ការវាយលុក​ដ៏​ធំ​មួយ សំដៅ​កម្ទេច​ពួក​កុ​ម្មុយ​និ​ស្ត នៅ​ខេត្ត ជាំ​ង​ស៊ី​ហើយ​បាន សម្លាប់​កងទ័ព​កុ​ម្មុយ​និ​ស្ត ប្រមាណ ប្រាំមួយ ម៉ឺន​នាក់ ។​

​ដើម្បី​គេច​ពី​ការកម្ទេច​របស់​កងទ័ព គួ​មីន​តាំង នោះ នៅ​ឆ្នាំ ១៩៣៤ ពួក​កុ​ម្មុយ​និ​ស្ត ៨៧.០០០ នាក់ បាន​រើ​កញ្ជើ​ល្អី នាំគ្នា​រត់​ភៀសខ្លួន​ចាក​ចេញពី​ខេត្ត ជាំ​ង​ស៊ី​ឆ្ពោះ ទៅ​ភាគ​ខាងជើង និង ភាគ​ពាយ័ព្យ នៃ ប្រទេស ហើយ​ការចេញដំណើរ​នោះ ក្រោយមក​ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា “ មហា​ដំណើរ “ ជា​ព្រឹត្តិការណ៍​ដ៏​ជូរចត់​កម្សត់ មហា​វេទនា​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​កុ​ម្មុយ​និ​ស្ត ចិន​។

​កងទ័ព របស់ ជាង កៃ​ជៀក តាម​ប្រមាញ់ និង​សម្លាប់​ពួក​កុ​ម្មុយ​និ​ស្ត​យ៉ាង​ច្រើនសន្ធឹក សន្ធាប់ ។ ខែ មករា ឆ្នា ១៩៣៥ កិច្ចដឹកនាំ ទ័ព​ក្រហម ត្រូវបាន​ប្រគល់​ទៅឱ្យ ម៉ៅ សេទុង ហើយ​បាន​ប្តូរ​វិធីសាស្ត្រ​ធ្វើដំណើរ ដោយ​ការ​បំបែក​គ្នា​ជា​ក្រុម​តូចៗ​វិញ គឺ​ដើម្បី​បង្វែងដាន​របស់​កងទ័ព គួ​មីន​តាំង ។ អ្នកវិភាគ​បាន​យល់ថា ប្រសិនបើ​មិន ធ្វើ​ដូច្នេះ​ទេនោះ ពួក​កុ​ម្មុយ​និ​ស្ត អាច​ត្រូវបាន​កងទ័ព ជាង កៃ​ជៀក សម្លាប់​ផ្តាច់​ពូជ គឺ​សូម្បីតែ​ទារក ក៏​មិន​សល់​ផង ។​

​ដំណើរ នេះ​អស់​រយៈពេល ៣៦៨ ថ្ងៃ មាន​ចម្ងាយ ៩.០០០ គីឡូម៉ែត្រ ទៅដល់ គោលដៅ​នៅ យ៉ាន អាន ហើយ​កងទ័ព​ក្រហម ត្រូវបាន​កងទ័ព​ជាតិនិយម របស់ ជាង កៃ ជៀក សម្លាប់​ស្ទើរ​ទាំងអស់​នៅសល់តែ ជិត មួយ ម៉ឺន​នាក់​ប៉ុណ្ណោះ ។

​នៅ​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ១៩៣៦ ជាង កៃ​ជៀក ត្រូវបាន​ចាប់ខ្លួន នៅក្នុង​ទីក្រុង ស៊ី អាន (​កាល​មុន​ហៅ​ទីក្រុង ឆាង អាន ) ដោយ សេនាប្រមុខ ចាង សៀវ​លាំង នៃ កងទ័ព​ចិន ភាគ​ពាយ័ព្យ​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់ ជប៉ុន បង្ខំ​ឱ្យ ជាង កៃ ជៀក ដកទ័ព ហើយ​បង្ខំ​ឱ្យ​កងទ័ព​ជាតិនិយម របស់ ជាង កៃ​ជៀក និង កងទ័ព​កុ​ម្មុយ​និ​ស្ត របស់ ម៉ៅ សេទុង ចុះហត្ថលេខា​លើ​បទ​ផ្អាក​សង្គ្រាម​នឹង​គ្នា​ហើយ​បង្កើតជា​សម្ព័ន្ធ ភាព​នឹង​គ្នា ដើម្បី ប្រយុទ្ធ​ប្រឆាំងនឹង ជប៉ុន ឈ្លានពាន​វិញ ។

​ជប៉ុន​ចូលកាន់​កាប់​ប្រទេស​ចិន​ដើម្បី​ប្រយោជន៍​កងទ័ព ឬ ក្នុង​មហិច្ឆតា វាតទី​និយម ដើម្បី​ពង្រីក​អំណាច​របស់ខ្លួន​ប្រឆាំងនឹង​អង់គ្លេស អាល្លឺម៉ង់ និង សូ​វៀត នៅ​អាស៊ី ។ ចិន មិន​គាំទ្រ មហាចក្រពត្តិ​អឺរ៉ុប ទាំង ៣ នេះ​ទេ ប៉ុន្តែ​ដោយសារ​កងទ័ព ជប៉ុន ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ​លើ​ជនជាតិ ចិន ខ្លាំងពេក ទើប ចិន មិន​ព្រម​សហការ​ជាមួយ ជប៉ុន ឡើយ ហើយ នៅ​ឆ្នាំ ១៩៣៧ ចិន បានចាប់ផ្តើម​ធ្វើសង្គ្រាម​ប្រឆាំង​ការ​ឈ្លា​ន ពី​សំណាក់​ជប៉ុន ក៏​កើតជា​សង្គ្រាម​ឡើង​រវាង​ចិន និង ជប៉ុន ដែល​ហៅថា សង្គ្រាម ស៊ី​ណូ​ជប៉ុន​លើក​ទី ២ ។

​កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ជាច្រើន​ប្រឆាំង​ជន​ស៊ីវិល ហើយ​ជា​សរុប ទាំង​ជន​ស៊ីវិល ទាំង​កងទ័ព​ជនជាតិ ចិន ប្រមាណ​ជា ២០ លាន​នាក់​ត្រូវបាន​កង ទ័ព​ជប៉ុន​សម្លាប់ ។​

សង្គ្រាមលោកលើកទី ២
ដើមឡើយ​អាមេរិក​គឺជា​ប្រទេស​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដ៏​សំខាន់​ដល់​ជប៉ុន ហើយ​គូ ប្រជែង​អំណាច​របស់ ជប៉ុន គឺ​អង់គ្លេស អាល្លឺម៉ង់ និង សូ​វៀត ។ ប៉ុន្តែ​អាមេរិក​ខ្លាច អំណាច​ជប៉ុន​រីក​ខ្លាំង​ទៅៗ​នឹង​អាច​គំរាមកំហែង​ដល់​ពួកគេ ទើប អាម៉េរិក ងាក​ទៅ​ជួយ ចិន នៅក្នុង​សង្គ្រាម ស៊ី​ណូ​ជប៉ុន លើក​ទី ២ នេះ ។ អាម៉េរិក ក៏បាន​លួចលាក់​ចរចា ជាមួយ អង់គ្លេស ដែលជា​សត្រូវ​របស់ ជប៉ុន ផងដែរ ។ ជប៉ុន មើលឃើញថា លែង​អាច​ទុកចិត្ត អាម៉េរិក បាន​ទៀតហើយ គឺថា​មុននឹង​ក្រោយ អាម៉េរិក​មុខជា​នឹង ក្លាយជា​របាំង​របស់ ជប៉ុន ក្នុងការ​បណ្តេញ អង់គ្លេស អាល្លឺម៉ង់ និង​សូ​វៀត ចេញ ពី​អាស៊ី ។​

​ដោយហេតុនេះ ជប៉ុន យល់ថា ត្រូវ​បំបាក់ អាម៉េរិក ជាបន្ទាន់ ទើប​នៅ​ថ្ងៃទី ៧ (​ត្រូវ​នឹង ថ្ងៃទី ៨ នៅ ជប៉ុន ) ខែ ធ្នូ ឆ្នាំ ១៩៤១ ជប៉ុន បើក​ការវាយលុក​ទៅលើ​ទីតាំង​កងទ័ព ជើង​ទឹក អាម៉េរិក នៅ ភៀ​ល​ហា​ប៊ឺ​រ៍ ដោយ​ពុំមាន​ការព្រមាន ។ អាម៉េរិក (​ប៉ុន្មាន​ថ្ងៃ ក្រោយមក អ៊ីតាលី ) បាន​ហក់​ចូលក្នុង​សង្គ្រាម​ស៊ី​ណូ​ជប៉ុន​លើក​ទី ២ នោះដែរ​រហូត រីក​រាលដាល​បង្កើតបាន​ជា​សង្គ្រាមលោកលើកទី ២ យ៉ាង​សន្ធោសន្ធៅ​ឡើង ។

​អំឡុង​សង្គ្រាមលោកលើកទី ២ នោះ ខាង​ពួក​ប្រឆាំង​ជប៉ុន បាន​បង្កើត​ជាស​ម្ព័​ន​មិត្ត ហើយ ចិន អង់គ្លេស អាមេរិក និង សូ​វៀត ត្រូវបាន​អង្គការសហប្រជាជាតិ​ប្រកាសថា គឺជា “ មេដឹកនាំ​សម្ព័ន្ធមិត្ត “ ឬ “ បងធំ​ទាំង ៤ នៃ សម្ព័ន្ធមិត្ត “ ។​

​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៩៤៥ អាម៉េរិក បាន​ទម្លាក់​គ្រាប់បែកបរមាណូ ១​គ្រាប់ ដែលមាន​ឈ្មោះថា Little Boy ( ក្មេងប្រុស តូច ) ទៅលើ​ទីក្រុង ហ៊ី​រ៉ូ​ហ្ស៊ី​ម៉ា នៃ ប្រទេស ជប៉ុន ។ ៣ ថ្ងៃក្រោយ នៅ​ថ្ងៃទី ៩ ខែ និង ឆ្នាំ ដដែល កងទ័ពអាកាស​អាមេរិក បាន ទម្លាក់​គ្រាប់បែកបរមាណូ ១ គ្រាប់​ទៀត​ឈ្មោះ Fat Man ( បុរស​កន្ធាត់ ) ទៅលើ​ទីក្រុង ណា​ហ្កា​សា​គី ញ៉ាំងឱ្យ​ជប៉ុន ចុះចាញ់​សង្គ្រាម ហើយ​អ្នក​ដែល​គេ​ចាត់​ថា​ជា​អ្នក ជោគជ័យ​ជាងគេ​នៅក្នុង​សង្គ្រាមលោកលើកទី ២ នោះ គឺ ចិន អាម៉េរិក សូ​វៀត និង អង់គ្លេស នោះឯង ហើយ មេ​សម្ព័ន្ធមិត្ត ទាំង ៤ នេះ ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា “ ប៉ូលិស​ពិភពលោក “ ។ បន្ទាប់ពី ជប៉ុន ចាញ់​សង្គ្រាម​មក ទឹកដី តៃវ៉ាន់​បាន​ត្រឡប់ ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន វិញ ។​

​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
ក្រោយពេល​ចប់​សង្គ្រាមលោកលើកទី ២ ដល់​វគ្គ​សត្រូវ​ចាស់​សាច់​ឯង​វិញ ។ ភាពមិន ចុះសម្រុង​គ្នា​រវាង​បក្ស​គួ​មីន​តាំង និង ពួក​កុ​ម្មុយ​និ​ស្ត ទីបំផុត ក៏បាន​កើតជា​សង្គ្រាម ស៊ីវិល ឡើងវិញ​ម្តងទៀត ។ ប៉ុន្តែ​លើក​នេះ​មិន​ដូច​មុន​សម័យ​សង្គ្រាមលោកលើកទី ២ ឡើយ​។ នៅ​ឆ្នាំ ១៩៤៩ ក្រោម​ការដឹកនាំ របស់ តេង ស៊ា​វ​ពីង (​ក្រោយមក​ត្រូវបាន ប្រសិទ្ធ​នាម​ថា បុរស​រដ្ឋ​កំណែទម្រង់ ) កងទ័ព​កុ​ម្មុយ​និ​ស្ត​បាន​បើក​ការវាយលុក យ៉ាង​ធំ​ទៅលើ​កងទ័ព ជាតិនិយម ហើយ ជាង កៃ​ជៀក ក៏បាន​ដឹកនាំ​កងទ័ព​របស់ ខ្លួន​ពី​ដីគោក រត់​ទៅ​បោះទីតាំង​នៅលើ​កោះ តៃវ៉ាន់ (​ក្រោយមក​បន្ទាប់ពី​អស់សង្ឃឹម នឹង​វាយ​ចូល​ដីគោក​វិញ គួ​មីន​តាំង បាន​បង្កើត​រដ្ឋាភិបាល តៃវ៉ាន់ រហូត​បច្ចុប្បន្ន ) ។​

​ពេលនេះ​ទឹកដី​ភាគច្រើនបំផុត នៃ ប្រទេស ចិន ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងទ័ព កុ​ម្មុយ​និ​ស្ត របស់ ម៉ៅ សេទុង វិញ​ម្តង ។ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ១៩៤៩ បក្ស​កុ​ម្មុយ និ​ស្ត របស់​ម៉ៅ សេទុង បានប្រកាស​បង្កើត​រប​ប សាធារណរដ្ឋ ប្រជា​និ​ត ចិន​ដោយ មាន​លោក ជូ អេ​ឡាយ ជា​នាយករដ្ឋមន្ត្រី ។ រដ្ឋាភិបាល និង ប្រជាជន ចិន​ប្រារព្ធ​ទិវា បង្កើត​សាធារណរដ្ឋ ចិន ដើម្បី រំលឹក​ដល់​ព្រឹត្តិការណ៍​នេះឯង ។​

​ពេលនោះ ប្រទេស​នៅមាន​សង្គ្រាម​នៅឡើយ ហើយ​កងទ័ព​របស់​ជាង កៃ​ជៀក ប្រឹងប្រែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​វាយ​ចូល​ចិនដីគោក​វិញ ។ ប៉ុន្តែ​តាំងពី​ពេល​នោះមក ទោះ​ជាមាន​ការជួយជ្រោមជ្រែង​ពី​អាម៉េរិក ទាំង​ខាង​អាវុធ និង ថវិកា យ៉ាងណាក្តី ក៏​ពួកគេ​នៅតែ​មិនអាច​ត្រឡប់​ចូល ចិន ដីគោក​រហូត​សព្វថ្ងៃ​លុះណាតែ​ពួកគេ​ព្រម រួមរស់​ជាមួយ ចិន តែមួយ ។​

​ក្នុង​បំណង​បង្រួបបង្រួម​ទឹកដី​ចិន​ឱ្យចូល​ជាមួយគ្នា​វិញ នៅ​ឆ្នាំ ១៩៥០ កងទ័ព​រំដោះ ប្រជាជន របស់​ពួក​កុ​ម្មុយ​និ​ស្ត បាន​ដណ្តើម​កាន់កាប់​ទីក្រុង ហាយ​ណាន​ដោយ ជោគជ័យ ហើយ​បាន​ចូលកាន់​កាន់​ទឹកដី ទី​បេ​តិ៍ រហូត​សព្វថ្ងៃ ។​

​កំណែទម្រង់​នានា​
របប ម៉ៅ សេទុង បានធ្វើ​កំណែទម្រង់​នាំឱ្យ​ម្ចាស់​ដី​ប្រមាណ​ជា​ជិត ពីរលាន​នាក់ ត្រូវបាន​កាត់ទោស ។ ដោយសារ​គំនាប​សង្គ្រាម​ពី​សំណាក់ អាម៉េរិក​ដែល​នៅ​ពីក្រោយ ខ្នង កងទ័ព របស់ ជាង កៃ​ជៀក និង រុស្ស៊ី ផង​នោះ ជា​បន្តបន្ទាប់ ចិន ផលិត​បាន អាវុធ នុយក្លេអ៊ែរ អាវុធ​អ៊ី​ដ្រូ​ហ្ស៊ែ​ន និង ផ្កាយរណប​ដោយ​ជោគជ័យ​ធ្វើឱ្យ​ពិភពលោក ភ្ញាក់ផ្អើល ហើយ​អ្នក​ផលិត​ទាំងនោះ​មាន ឈិន ស៊ា​ស៊ឹង ជា​មនុស្ស​លេចធ្លោ​ជាងគេ ។ បច្ចុប្បន្ន ចិន អាច​ផលិត​បាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទៀត​ដែលមាន​សមត្ថភាព ប្រហាក់ប្រហែល​នឹង​នាវា​ផ្ទុក​យន្ត​ចម្បាំង​របស់​អាមេរិក ទៀត ។​

​គម្រោង​ទ្រង់ទ្រាយ​ធំ នៃ កំណែទម្រង់សេដ្ឋកិច្ច និង សង្គម ឈ្មោះ មហាលោតផ្លោះ របស់ ម៉ៅ សេទុង ចាប់ពី​ឆ្នាំ ១៩៥៨ ដល់​ឆ្នាំ ១៩៦១ បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ស្លាប់ ដែល​ភាគច្រើន​ស្លាប់​ដោយសារ​អត់​អាហារ ។ ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ចិន​ទទួលបាន អាសនៈ ជា​សមាជិក​អចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សាសន្តិសុខ​អង្គ​សហប្រជាជាតិ ។

​បដិវត្តន៍វប្បធម៌ របស់ ម៉ៅ សេទុង បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៦៦ ។ ភរិយា​របស់ ម៉ៅ សេទុង អ្នកស្រី ជាំ​ង ឈី​ង និង មនុស្ស​ជំនិត​របស់​អ្នកស្រី​បីនាក់​ផ្សេងទៀត ដែលជា បងធំ​ទាំង បួន ( ខ្លា​ញី ឥន្ទ្រី​យ៍ ៣ ) បាន​ឆ្លៀតឱកាស​បង្ក​ព្យុះភ្លៀង និង​ចាត់ការ​មនុស្ស ទាំងឡាយណា​ដែល​ពួកគេ​មិន​ពេញចិត្ត ដែល​ក្នុងនោះ​រួមទាំង​អនាគត​មហា​បុរស​រដ្ឋ កំណែទម្រង់​ចិន តេង ស៊ា​វ​ពីង ម្នាក់​ផង ដែល​ក្រោយមក​ត្រូវ​រកឃើញថា​អំពើ អយុត្តិធម៌ ដោយសារ​ពួកគេ​បង្កឡើង មាន​ជាង​មួយ​លាន​ករណី ។​

​ដើមឈើ​ដួលរលំ ស្វា ខ្ចាត់ខ្ចាយ ។​លោក​ម៉ៅ សេទុង បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៦ ខ្លា​ញី ឥន្ទ្រី​យ៍ បី ត្រូវបាន​ចាប់ខ្លួន​កាត់ទោស ។ តេង ស៊ា​វ​ពីង បាន​ឡើងកាន់​អំណាច​ប្រទេស ចិន បាន​ដឹកនាំ​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​យ៉ាង​ធំធេង ក្រោម​ទ្រឹស្តី​របស់​អ្នក​ខេត្ត ស៊ី​ឈួន​ថា “ ឆ្មា ស ក៏ដោយ ឆ្មា ខ្មៅ ក៏ដោយ ឱ្យតែ​ចាប់​កណ្តុរ​បាន គឺជា​ឆ្មា​ល្អ “ ដែល​បានសេចក្តីថា បែបផែន​សេដ្ឋកិច្ច​បែប​កុ​ម្មុយ​និ​ស្ត​ក្តី បែប​សេរី​ក្តី​ឱ្យតែ​មាន ប្រយោជន៍​ដល់​ប្រទេស ចិន នោះ គឺជា​ប្រព័ន្ធ​ល្អ​ហើយ​។​

​គួររំឭកថា របប​កុ​ម្មុយ​និ​ស្ត តែងតែ​ដើរ​តាម​សេដ្ឋកិច្ច​ផែនការ ។ សម្រាប់ ចិន ដែលជា ប្រទេស​កុ​ម្មុយ​និ​ស្ត ដែរ ប៉ុន្តែ​មិន​ខ្វល់​ថា ប្រព័ន្ធ​សេដ្ឋកិច្ច​អ្វី​ឡើយ ធ្វើយ៉ាងណា​ឱ្យតែ អាចធ្វើឱ្យ ចិន មានបាន គឺជា​ប្រព័ន្ធ​ប្រព័ន្ធ​ល្អ​ហើយ ទើប តេង ស៊ា​វ​ពីង​បាន​ដឹកនាំ ធ្វើកំណែទម្រង់​សេដ្ឋកិច្ច ចិន ឱ្យទៅជា​របប​សេដ្ឋកិច្ច​ទីផ្សារសេរី​តាមបែប​លោក សេរី​វិញ ។​

​យើង​នៅ​មិនទាន់​ភ្លេច​ទេ​ថា ដោយសារ​ចាញ់​សង្គ្រាម​អាភៀន​លើក​ទី ១ (១៨៣៩-១៨៤២) រាជការ ឆេង បាន​ត្រូវ​បង្ខំ​ឱ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នៅ​ឆ្នាំ ១៨៤២ ប្រគល់​កំពង់ផែ និង កោះ​ហុងកុង ទៅឱ្យ​អង់គ្លេស ។ ឆ្នាំ ១៩៩៧ គឺ​បន្ទាប់ពី​អង់គ្លេស បាន​ត្រួតត្រា​លើទឹក​ដី​នេះ​អស់​រយៈពេល ១៥៥ ឆ្នាំ​មក តេង ស៊ា​វ​ពីង​បាន​ទាម ទារ​យក​ទឹកដី​នោះ ពី​អង់គ្លេស​មក​ដាក់​ជា​ទឹកដី ចិន វិញ ។​

​បន្ទាប់ពី​អស់​រយៈពេល ៤៤២ ឆ្នាំ មក កោះ ម៉ា​កាវ ដែល​ត្រូវបាន​រាជការ ម៉េង​ជួល​ទៅ ឱ្យ ព័រទុយហ្កាល់ ធ្វើជា​កំពង់ផែ​ពាណិជ្ជកម្ម តាំងពី​ពី​ឆ្នាំ ១៥៥៧ មកម្ល៉េះ​នោះ ត្រូវបាន តេង ស៊ា​វ​ពីង ទាមទារ​យកមក​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ ១៩៩៩ ។

​អ្វីដែល​នៅតែ​កំពុង​ប្រទាញប្រទង់ និង ផុយស្រួយ​បំផុត​នៅពេលនេះ​សម្រាប់ ចិន គឺ​បញ្ហា​កោះ តៃវ៉ាន់ និង ជម្លោះ​ដ៏​ស្រួចស្រាល់ នៃ ដែន​ស​មុ​ទ្ធ ចិន ខាងត្បូង​ជាមួយ នឹង​ប្រទេស​នៅ​ជុំវិញ​តំបន់​នោះ ដោយមាន​អាមេរិក​នៅ​ពីក្រោយ​ខ្នង ។ ចំពោះ​បា​តុ កម្ម​តវ៉ា​យ៉ាង​ស្មុគស្មាញ និង យ៉ាង​គឃ្លើន​នៅ ហុងកុង ដែល ចិន បាន​ចោទ ថា មាន​អាម៉េរិក និង ប​ស្ចឹ​ម​ប្រទេស​ខ្លះ​នៅ​ពីក្រោយ​ខ្នង​នោះ ក៏​ជា​អ្វីដែល​ពិភពលោក​បាន និង កំពុង​តាមដាន​យ៉ាង​ដិតដល់​ដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​