ទិវា​បដិវត្តន៍ នៅ​ហ្ស​ង់​ហ្ស៊ី​បា នៃ​សាធារណរដ្ឋ​តង់​ហ្សា​នី​

96

​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​តង់​ហ្សា​នី ប្រារព្ធ​ទិវា​បដិវត្តន៍ ហ្ស​ង់​ហ្ស៊ី​បា នៅ​ថ្ងៃទី​១២ ខែមករា ដើម្បី​រំឭក​ដល់​សោកនាដកម្ម​ដ៏​ធំធេង បង្កឡើង​ដោយ​បុរស​ជនជាតិ អ៊ូ​ហ្ក​ង់​ដា ម្នាក់ ដឹកនាំ​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ស៊ុ​លត​ង់ នៅ​ហ្ស​ង់​ហ្ស៊ី​បា កាលពី​ឆ្នាំ​១៩៦៤ ដោយ បាន​កាប់សម្លាប់​ជនជាតិ​អារ៉ាប់ និង​ជនជាតិ​អាស៊ី​ខាងត្បូង មិនតិចជាង​ពីរពាន់​នាក់ ដែលជា​ការកាប់សម្លាប់​ជា​លក្ខណៈ​ប្រល័យពូជសាសន៍ និង​ការចាប់រំលោភ​សេពសន្ថវៈ និង​លួច​ប្លន់ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​រួបរួម​តង់​ហ្សា​នី មាន​ផ្ទៃដី ៩៤៧. ៣០៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាហ្វ្រិក ខាងកើត មាន​ព្រំដែន​ជាប់​ប្រទេស​កេ​ន​យ៉ា រ​វ៉ាន់ដា អ៊ូ​ហ្ក​ង់​ដា កុង​ហ្គោ ហ្សំ​ប៊ី ម៉ាឡាវី ម៉ូ​សាំ​ប៊ិក និង​មហា​ស​មុ​ទ្ធ​ឥណ្ឌា ។ នៅ​ដើមឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៦០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត និង​អ៊ិ​ស្លាម ជា​ប្រទេស​ពហុ​ភាសា ពោលគឺ​មិនទាន់មាន​ភាសា​ណាមួយ ត្រូវបាន​ចាត់ទុកថា ជា​ភាសាផ្លូវការ​របស់​ជាតិ​នៅឡើយ រដ្ឋធានី គឺ​ទីក្រុង ដា​អេស​សា​ឡឹម ។​

ប្រវត្តិសាស្ត្រ​
តំបន់ Zanzibar Archipelago ដែល​បច្ចុប្បន្ន ជា​តំបន់​ភាគ​អាគ្នេយ៍ នៃ​សាធារណរដ្ឋ តង់​ហ្សា​នី គឹជា​តំបន់​កម្រង​កោះ​លាតសន្ធឹង​ពី​មហាសាគរ​ឥណ្ឌា​ដល់​សាធារណរដ្ឋ Tanganyika ។ វា​ត្រូវបាន​រួមបញ្ចូល​ទាំង​ភាគខាងត្បូង​នៃ​កោះ Unguja (​ដែល​គេ​ស្គាល់​ផងដែរ​ថា Zanzibar គឺ​ហ្ស​ង់​ហ្ស៊ី​បារ ) កោះ Pemba ជា​ផ្នែក​ខាងជើង និង កោះ​ជាច្រើន​ទៀត ។

ហ្ស​ង់​ហ្ស៊ី​បារ ត្រូវបាន​កាន់កាប់ ដោយ​ជនជាតិ​អារ៉ាប់ តាំងពី​ឆ្នាំ​១៦៩៨ ដែលជា​ទឹកដី​របស់​អូ​ម៉​ង់ នៅឯ​នាយ​សមុទ្ទ រហូត​ទទួលបាន​ឯករាជ្យ កាលពី​ឆ្នាំ​១៨៥៨ ដោយមាន ស៊ុ​លត​ង់ (​ស្តេច​) របស់ខ្លួន ។ នៅ​ឆ្នាំ​១៨៩០ ហ្ស​ង់​ហ្ស៊ី​បា បាន​ឋិត​ក្រោម​កិច្ចការពារ ឬ អាណានិគម របស់​ចក្រភព​អង់គ្លេស ។ គិត​ត្រឹម​ឆ្នាំ​១៩៦៤ ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ក្រោម ស៊ុ​លត​ង់ ចាម​ហ្ស៊ី ប៊ី​ន អាប់​ឌុល​ឡាស ។​

នា​អំឡុង​ពេលនោះ ហ្ស​ង់​ហ្ស៊ី​បា មាន​ប្រជាពលរដ្ឋ​ជា​ជនជាតិ​អាហ្វ្រិក ប្រមាណ​ជា ២៣០.០០០ នាក់ ជនជាតិ​អារ៉ាប់ ប្រមាណ​ជា ៥០.០០០ និង​ជនជាតិ​អាស៊ី​ខាងត្បូង ប្រមាណ​ជា ២០.០០០ នាក់ ដែល​ភាគច្រើន​ជា​អ្នកជំនួញ ។ ជនជាតិ​អារ៉ាប់ នៃ​កោះ​នោះ គឺជា​ម្ចាស់​ដី​ភាគច្រើន ហើយ​ភាគច្រើន​ជា​អ្នកមាន​ធូរធា​ជាង ជនជាតិ អាហ្វ្រិក ។ គណបក្សនយោបាយ ត្រូវបាន​រៀបចំ តម្រូវ​ទៅជា​តិ​សាសន៍ ដោយ​គណបក្ស Zanzibar Nationalist Party (ZNP) គ្រប់គ្រង ដោយ​ជន​អារ៉ាប់​។ ចំណែក​គណបក្ស Afro-Shirazi Party (ASP) គ្រប់គ្រង​ដោយ ជន​ជា​ជាតិ អាហ្វ្រិក ។ ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​គ្រប់គ្រង​ដោយ អភិជន​អារ៉ាប់ ជាច្រើន​សតវត្សរ៍​មក​ហើយ ហើយ​គេ​មិនដែល​នឹកគិត​ថា ហ្ស​ង់​ហ្ស៊ី​បា នឹង​ត្រូវបាន​គ្រប់គ្រង​ដោយ​ជន​ស្បែក​ខ្មៅ (​អាហ្វ្រិក​) សោះឡើយ ។

​បន្ទាប់ពី ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​ឈ្លានពាន​ដោយ ស៊ុ​លត​ង់ អូ​ម៉​ង់ កាលពី​ឆ្នាំ ១៦៩៨ មក ដីធ្លី​ភាគច្រើន​នៅ​ជនបទ ត្រូវបាន​ប្រគល់​ទៅឱ្យ​គ្រួសារ​អភិជន អូ​ម៉​ង់ ហើយ​កូនចៅ​របស់​ពួកគេ នៅតែ​ជា​ម្ចាស់​ដីធ្លី​ទាំងនោះ​រហូតដល់​ឆ្នាំ ១៩៦៤ ។ ប្រការនេះ​ឃើញថា ជន​ស្បែក​ខ្មៅ​នៅ​ទីនោះ ជា​ក្រុម​ជាតិ​សាសន៍​ដែលមាន​ជីវភាព​ទន់ទាប​ជាងគេ ។​

​ជា​ផ្នែក​មួយ​នៃ​ការរំសាយ​អាណានិគម នៅ​ខែមករា ឆ្នាំ​១៩៦១ អង់គ្លេស បានរៀបចំ​ឱ្យមាន​ការ បោះឆ្នោត​បែប​ប្រជាធិបតេយ្យ ។ បក្ស ASP និង បក្ស ZNP ឈ្នះ​បាន​អាសនៈ ១១ កៅអី ក្នុងចំណោម​អាសនៈ​ទាំង ២២ នៃ សភា Zanzibar ។ ការបោះឆ្នោត​ម្តងទៀត​នៅ​ខែ មិថុនា ឆ្នាំ​ដដែល​នោះ អាសនៈ បាន​កើន​ឡើងដល់ ២៣ ។ គណបក្ស ZNP បានរួម​សម្ព័ន្ធ​ជាមួយ គណបក្ស Zanzibar and Pemba People’s Party (ZPPP) ហើយ​ពេលនេះ​ឈ្នះ​បាន ១៣ អាសនៈ ខណៈ​គណបក្ស ASP បើទោះជា​ទទួលបាន​សំឡេងឆ្នោត​ភាគច្រើនបំផុត​ក្តី ក៏​ឈ្នះ​បានត្រឹមតែ ១០ អាសនៈ​ប៉ុណ្ណោះ ។

​គណបក្ស ASP បាន​សង្ស័យថា មាន​ការលួចបន្លំ​លទ្ធផល​បោះឆ្នោត​នោះ ក៏​នាំឱ្យមាន​ភាព ច្របូកច្របល់ ហើយ​ជា​លទ្ធផល​នាំឱ្យ​មនុស្ស ៦៨ នាក់​បាន​ស្លាប់ ។ ដើម្បី​ធានា​នូវ​ការគ្រប់គ្រង រដ្ឋាភិបាលចម្រុះ បានដាក់​បម្រាម​នូវ​គណបក្សប្រឆាំង ហើយ​បានតែងតាំង​មន្ត្រី​ដោយ​ខ្លួនឯង ចំណែក​នគរបាល​ត្រូវបាន​ក្លាយជា​កម្លាំង​បក្សនយោបាយ ។

​បោះឆ្នោត​នៅ​ឆ្នាំ ១៩៦៣ អាសនៈ​នៅ​សភា បាន​កើន​ដល់ ៣១ ប៉ុន្តែ​លទ្ធផល​គឺ​ដូចគ្នា​ទៅនឹង ការបោះឆ្នោត កាលពី​ឆ្នាំ​១៩៦១ ។ យោងតាម​រូបមន្ត ដែល​បែងចែក​ដោយ​បក្ស ZNP នោះ គណបក្ស ASP របស់លោក Abeid Amani Karume បានឈ្នះ​សំឡេងឆ្នោត​ដល់​ទៅ 54 ប៉ុន្តែ​ទទួល​បានតែ ១៣ អាសនៈ​ប៉ុណ្ណោះ ខណៈ គណបក្ស ZNP/ZPPP បានឈ្នះ​ទាំងស្រុង ហើយ​បន្ត​ពង្រឹង​អំណាច​របស់ខ្លួន​ទៀត ។

​គណបក្ស Umma Party ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​នោះ ត្រូវបាន​ហាមឃាត់ ហើយ នគរបាល ជា​ជន​ស្បែក​ខ្មៅ​នៅលើ​តំបន់​ដីគោក ត្រូវបាន​បណ្តេញចេញ ។ ប្រការនេះ​បាន​ដកចេញ យ៉ាងច្រើន​នូវ​កម្លាំង​សន្តិសុខ ហើយ​បាន​បង្កើត​នូវ​ក្រុម​ទាហាន​វិញ ។ លើសពីនេះ​ទៅ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ អភិជន អារ៉ាប់​នៅ ហ្ស​ង់​ហ្ស៊ី​បា បានបង្ហាញ​គោលជំហរ​យ៉ាង ច្បាស់​ថា ស៊ុ​លត​ង់ នឹង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ពិភព អារ៉ាប់ ជាពិសេស​ជាមួយ អេ​ហ្ស៊ី​ប ហើយ​គ្មាន​ចំណាប់អារម្មណ៍​នឹង​ទំនាក់ទំនង​ជាមួយ អាហ្វ្រិក ដីគោក​ដែលជា​បំណង របស់​ជន​ស្បែក​ខ្មៅ​ភាគច្រើន​ឡើយ ។

​ទាសករ នៅ ហ្ស​ង់​ហ្ស៊ី​បា ត្រូវបាន​លប់បំបាត់​នៅ​ឆ្នាំ ១៨៩៧ ប៉ុន្តែ​អភិជន​អារ៉ាប់​ភាគច្រើន​បាន លាក់ទុក​ជន​ស្បែក​ខ្មៅ​សម្រាប់​ជា​ទាសករ​របស់​ពួកគេ​ដដែល ដោយ​ពួកគេ​ចាត់ទុកថា ជន​ស្បែក​ខ្មៅ​សាក​សមតែ​ធ្វើជា​ទាសករ​របស់​ពួកគេ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ និយាយ​ជារួម ជន​ស្បែក​ខ្មៅ​នៅ ហ្ស​ង់​ហ្ស៊ី​បា រហូតដល់​ឆ្នាំ ១៩៦៣ ក៏​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទាសករ ដោយសារតែ​អ​តី​ភាព​របស់​ពួកគេ​ធ្លាប់ជា​ទាសករ​ផង​ដោយសារ​បច្ចុប្បន្ន​ពួកគេ​មាន​ជីវភាព ទន់ទាប​ផង ហើយ​ម្យ៉ាងទៀត​ក៏​ព្រោះតែ​ភាព​ផ្សេងគ្នា នៃ សាសនា គឺ​ពួកគេ​ជា​អ្នក​គ្រិស្តបរិស័ទ ខណៈ​ពួក​អភិជន អារ៉ាប់ ជា​អ្នក​ជន​មូ​ស្ល៊ី​ម​ជាហេតុ​ធ្វើឱ្យ​ពួកគេ​ប្រកាន់​រើសអើង​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គ្នា​ទៅវិញទៅមក ។

​ហ្ស​ង់​ហ្ស៊ី​បា ទទួលបាន​ឯករាជភាព​ពេញលេញ​របស់ខ្លួន ពី​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​១៩៦៣ ដោយមាន​រដ្ឋាភិបាល​ប​ក្ស​សម្ព័ន្ធ ZNP/ZPPP ដែលជា​រដ្ឋាភិបាល​រប​ស់​អភិជន​អារ៉ាប់ ជា​អ្នកគ្រប់គ្រង​អំណាច ។ រដ្ឋាភិបាល​បានស្នើ​សុំឱ្យ​កងទ័ព​អង់គ្លេស​បន្ត​នៅ​ទីនោះ​ទៀត ប៉ុន្តែ​អង់គ្លេស​បាន​បដិសេធ ព្រោះ​មិន​ស្របច្បាប់​អន្តរជាតិ​ផង ម្យ៉ាង​និន្នាការ នៃ​ចលនា​ពួក អ្នក​កុ​ម្មុយ​និ​ស្ត​ផង អាច​នាំមក​នូវ​ភាព​តានតឹង ឬ​ផុយ​ស្រួល​ចំពោះ​វត្តមាន​កងទ័ព​អង់គ្លេស នៅ​ទីនោះ ។

បដិវត្តន៍​ដ៏​ឃោរឃៅ
កាលពី​ឆ្នាំ​១៩៥៩ នាយ​សារថី (​អ្នក​បររទេះ​) ម្នាក់​ជា​ជនជាតិ អ៊ូ​ហ្ក​ង់​ដា ឈ្មោះ ច​ន អូ​កេ​ឡូ បាន​មកដល់​តំបន់ Pemba ប្រកបមុខរបរ​ជាជាង​កំបោរ ។ លុះដល់​ខែ កុម្ភៈ ឆ្នាំ ១៩៦៣​គាត់​បាន​ផ្លាស់​ទៅ ហ្ស​ង់​ហ្ស៊ី​បា ដោយបាន​ប្រកបមុខរបរ​ជាម​ន្ត្រី​នៅក្នុង សហជីព កម្មករ​ជាងគំនូរ ហ្ស​ង់​ហ្ស៊ី​បា និង Pemba ហើយក៏​ជា​សកម្មជន​នៅក្នុង​គណបក្ស ASP ផងដែរ ។

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៦៤ ជន​ស្បែក​ខ្មៅ រួមទាំង​ពួក អតីត​ប៉ូលិស ដែល​ទើបតែ​ត្រូវបាន បណ្តេញចេញ​ថ្មីៗ​នោះ ប្រមាណ​ជា ៦០០-៨០០ ប្រដាប់​ដោយ ដាវ លំពែង កាំបិត និង​ដំបង​ដែក បាន​វាយប្រហារ​ទៅលើ​ទីតាំង ប៉ូលិស​នៅ​កោះ Unguja និង ស្ថានីយ​វិទ្យុ ។ កង​ប៉ូលិស អារ៉ាប់ ដែល​ទើបតែ​ដាក់ជំនួស​ថ្មីៗ ហើយ​ស្ទើរតែ​គ្មាន​ការហ្វឹកហាត់​ផង​នោះ មិនយូរប៉ុន្មាន ក៏ត្រូវ​បាន​ពួក​អ្នកបះបោរ​យកឈ្នះ​បាន​ដោយ​ងាយ ។ ចំណែក​លោក អូ​កេ​ឡូ បាន​ដឹកនាំ​វាយ ប្រហារ​ទៅលើ​ការិយាល័យ​កណ្តាល​របស់ ប៉ូលិស Ziwani ដោយ​ជោគជ័យ ហើយ​មាន អ្នកបះបោរ​តែ​៤-៥ នាក់​ប៉ុណ្ណោះ ត្រូវបាន​បាញសម្លាប់ ។​ព្រឹកស្អែក​ឡើង លោក អូ​កេ​ឡូ បានប្រកាស​តាម​វិទ្យុ​ថា មនុស្ស​របស់គាត់​គ្រប់គ្រង​ស្ថានការណ៍​បាន​ជោគជ័យ​ហើយ និង អំពាវនាវ​ឱ្យ ជន​អាហ្វ្រិក ទាំងអស់​ក្រោក​ឡើង​បះបោរ​គ្រប់ទិសទី​ដើម្បី​ផ្តួលរំលំ​ពួក​ចក្រ​ព័​ត្ត​និយម ។ លោក អូ​កេ​ឡូ បានប្រកាស​ខ្លួនឯង​ថា ជា​សេនាប្រមុខ ។ ត្រឹមតែ​រយៈពេល ប្រាំមួយ ម៉ោង ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​ត្រូវបាន​កាន់កាប់​ដោយ​ពួក​អ្នកបះបោរ ។​

​នៅ​ទូទាំង​ទីក្រុង Stone Town ហាង​ទំនិញ និង ផ្ទះសម្បែង​ដែលជា​កម្មសិទ្ធិ​របស់​ជ​ន អារ៉ាប់ និង​ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ចូល​លួច​ប្លន់ ខណៈ​ស្ត្រី​អារ៉ាប់ និង​ស្ត្រី​អាស៊ី​ខាងត្បូង​ត្រូវបាន ចាប់រំលោភ​សេពសន្ថវៈ និង សម្លាប់ចោល ដោយ​សេរី តាម​ទំនើងចិត្ត ។ ស៊ុ​លត​ង់ និង នាយករដ្ឋមន្ត្រី មូ​ហា​ម៉ា​ដ់ ហ្សា​ម​តេ ហា​ម៉ា​ឌិ មួយអន្លើ ដោយ​សមាជិក គណៈរដ្ឋមន្ត្រី បាននាំគ្នា​ភៀសខ្លួន​ចេញពី​កោះ​នោះ ។ ចំណែក​រាជវាំង​របស់ ស៊ុ​លត​ង់ និង​ទ្រព្យសម្បត្តិ ទាំង​ប៉ុន្មាន របស់​ស៊ុ​លត​ង់ ត្រូវបាន​ពួក​អ្នកបះបោរ​រឹបអូស ។ បុរស​ជា​ជនជាតិ​អារ៉ាប់ ត្រូវបាន​គេ​សម្លាប់​នៅតាម​ពាសពេញ​ផ្លូវ ហើយ​លិង្គ​របស់​ពួកគេ ត្រូវបាន​កាត់ ហើយ​ញាត់ ចូល​មាត់​សព​ទាំងនោះ​វិញ ។ ជា​ផ្នែក​មួយ នៃ​បញ្ជា​យ៉ាង​ប្រុងប្រយ័ត្ន​របស់លោក អូ​កេ​ឡូ បាន​បញ្ជា​ឱ្យ ជន​អាហ្វ្រិក កាប់សម្លាប់​មិន​រើសមុខ​នូវ​រាល់​ជន​អារ៉ាប់​ទាំងឡាយណា ដែល​គេ​បានឃើញ ។

​បន្ទាប់ពី​បាន​ត្រួតត្រា​លើ​ទីក្រុង Stone Town រួចមក នៅ​ថ្ងៃទី​២ ពួក​អ្នកបះបោរ​បាន​បន្ត វាយប្រហារ​ទៅលើ​ទីក្រុង Manga ដើម្បី​កាន់កាប់​តំបន់​ជនបទ ហើយ​នៅក្នុង​យុទ្ធនាការ ទាំងនោះ ជន​អារ៉ាប់ ត្រូវបាន​កាប់សម្លាប់​ទាំង​គ្រួសារៗ​ហើយ​ផ្ទះសម្បែង​របស់​ពួកគេ ត្រូវបាន​ដុតបំផ្លាញ ។

​លោក ច​ន អូ​កេ​ឡូ បាន​អះអាង​ជា​បន្តបន្ទាប់ និង​ដោយ​ម៉ឺងម៉ាត់ អំពី​មូល​ហេតុដែល​គាត់ ដឹកនាំ​បះបោរ​បដិវត្តន៍​យ៉ាង​ឃោ​ឃៅ​នោះ​ថា គឺ​គាត់​បានឮ​សំឡេង របស់​ព្រះ​ជា​ម្ចាស់ បាន​ស្រែក​បញ្ជា​គាត់ ក្នុងនាម​ជា​គ្រិស្ត​សាសនិក​ម្នាក់ ឱ្យ​រំដោះ​ប្រជាពលរដ្ឋ នៅ​ហ្ស​ង់​ហ្ស៊ី​បា សម្រាប់​ព្រះ​យេស៊ូគ្រិស្ត ពី​ពួក​មូ​ស្ល៊ី​ម អារ៉ាប់ ហើយ​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​គាត់​ចេះ គឺ​រៀន​ពី​ព្រះគម្ពីរ បាយ​ប៊​ល (​គម្ពីរ​ពិសិដ្ឋ ឬ​គម្ពីរ​គោល​របស់​គ្រិស្តសាសនា​ដូចជា​គម្ពីរ ព្រះ​ត្រៃបិដក​របស់​ព្រះពុទ្ធសាសនា និង​គម្ពីរ​កូ​រ៉ា​ន់​របស់​អ៊ិ​ស្លាម​) ។

​នៅក្នុង​អំឡុង នៃ​ការបះបោរ​នោះ ស្ត្រី​ជនជាតិ​អារ៉ាប់ និង​ស្ត្រី​ជ​ជាតិ​អាស៊ី​ខាងត្បូង រាប់ពាន់នាក់ ត្រូវបាន​ចាប់រំលោភ​សេពសន្ថវៈ ហើយ​សម្លាប់ចោល ដោយ​មនុស្ស​ពពួក​ជន​ស្បែក​ខ្មៅ​របស់លោក ច​ន អូ​កេ​ឡូ ។ អ្នកទោស​ដែលជា​ជនជាតិ អារ៉ាប់ ត្រូវបាន​មនុស្ស​របស់លោក អូ​កេ​ឡូ សម្លាប់​ទាំង​ក្រុម​ទាំង​ហ្វូង ។ ដើម្បី​រក្សា​អាយុជីវិត ជន​អារ៉ាប់ និង អាស៊ី​ខាងត្បូង ជាច្រើន​នាក់​នាំគ្នា​រត់គេចខ្លួន​សម្រុក​ចូលទៅ​ប្រទេស អូ​ម៉​ង់ ។​

​ជា​សារុប​មនុស្ស​ពី​ចន្លោះ ២.០០០-៤.០០០ នាក់ ដែលជា​ជន​អារ៉ាប់ និង ជន​អាស៊ី​ខាងត្បូង ត្រូវបាន​ពពួកមនុស្ស​ស្បែក​ខ្មៅ​របស់លោក ច​ន អូ​កេ​ឡូ សម្លាប់​យ៉ាង​ឃោ​ឃៅ​ព្រៃផ្សៃ ។ មន្ត្រីការទូត​អាមេរិក លោក Don Petterson ដែល​បានឃើញ​ទិដ្ឋភាព​ទាំងនោះ​ផ្ទាល់​បាន ហៅ​អំពើ​កាប់សម្លាប់​ពី​សំណាក់​ជន​អាហ្វ្រិក ទៅ​ល​ជន​អារ៉ាប់​ទាំងនោះ​ថា អំពើ​ប្រល័យ ពូជសាសន៍ ។ ពួក​មនុស្ស​របស់លោក ច​ន អូ​កេ​ឡូ នាំគ្នា​ដើរ​ស្រែក​ជ័យ​ឃោស នៅតាម​វិថី​នានា​ថា “​ព្រះ​ជា​ម្ចាស់ (​យេ​ហ៊ូ​វ៉ា ) ប្រទាន​ពរ​ដល់​ជន​អាហ្វ្រិក “ ដោយ​ពួកគេ​បាន ហៅ​ខ្លួនគេ​ថា​ជា “ កងទ័ព​របស់​ព្រះ​ជា​ម្ចាស់ “ ។ លោក អូ​កេ​ឡូ បាន​អះអាងថា ព្រះ​គ្រិស្ត គឺជា​ជន អ​ហ្វ្រិ​ក ហើយ​ទ្វីបអាហ្វ្រិក គឺជា​ទ្វីប​ដ៏​ពិសិដ្ឋ​របស់​ព្រះ​ជា​ម្ចាស់ ។

បន្ទាប់ពី​បដិវត្តន៍​
បន្ទាប់ពី​នោះមក ក្រុមប្រឹក្សា​បដិវត្តន៍ មួយ​ត្រូវបាន​បង្កើតឡើង​ដោយ គណបក្ស ASP និង គណបក្ស Umma ដើម្បី បំពេញ​តួនាទី​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន​ដោយមាន​លោក Abeid Amani Karume ជា​ប្រធានាធិបតី ។ ប្រទេស​ត្រូវបាន​ផ្លាស់ប្តូរ​ទៅជា​សាធារណរដ្ឋ ហ្ស​ង់​ហ្ស៊ី​បា និង ប៉េ​ម​បា ។

​គិត​ត្រឹម​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​១៩៦៤ ដដែល​នោះ ស្ថានភាព​បាន​វិលត្រឡប់​ទៅរក​ភាព​ប្រក​ក្រ​តី​វិញ ហើយ​លោក Karume ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​ប្រធានាធិបតី ។​ វាសនា​របស់​មេបះបោរ ច​ន អូ​កេ​ឡូ លោក ច​ន អូ​កេ​ឡូ បាន​បង្កើត​ក្រុម​កងកម្លាំង​រំដោះ (FMF) ជា​កងទ័ព​ផ្ទាល់ខ្លួន​របស់គាត់ (​គឺជា​ពួក​ជន​ជនដៃដល់​ដែល​បាន​ចាប់រំលោភ​កាប់សម្លាប់​លួច ប្លន់​ជន​អារ៉ាប់ និង អាស៊ី ខាងត្បូង នា​អំឡុង ងើប​បះបោរ ) ។ ប៉ុន្តែ​គិត​ត្រឹម​ខែ មីនា ឆ្នាំ ដដែល​នោះ កងកម្លាំង FMF ភាគច្រើន​របស់លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​អាវុធ​ដោយ កងទ័ព​ដែល​គាំទ្រ​លោក Karume និង គណបក្ស Umma ។ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​ដដែល​នោះ លោក អូ​កេ​ឡូ ត្រូវបាន​ដកហូត​តំណែង​ជា​សេនាប្រមុខ​ហើយ​មិនត្រូវ​បាន អនុញ្ញាត ឱ្យ​ត្រឡប់​ចូល ហ្ស​ង់​ហ្ស៊ី​បា វិញ​ឡើយ ។ អូ​កេ​ឡូ ត្រូវបាន​និរទេស​ទៅ​ដែនដី Tanganyika រួច​បញ្ជូនទៅ កេ​ន​យ៉ា ហើយ​ទីបំផុត ត្រូវបាន​បញ្ជូនទៅ អ៊ូ​ហ្ក​ង់​ដា ដែលជា​ប្រទេស​កំណើត​របស់គាត់​វិញ ដោយ​គ្មាន​ទ្រព្យ​អ្វី​ជាប់​នឹង​ខ្លួន​មួយ​កាក់​មួយ​សេន​ឡើយ ។

​នៅ​ខែមេសា រដ្ឋាភិបាល បង្កើត​កងទ័ព​រំដោះ​ប្រជាពលរដ្ឋ (PLA) ហើយ​កង​កង​ម្លាំ​ង FMF របស់លោក អូ​កេ​ឡូ ដែល​នៅ​សេសសល់​ត្រូវបាន​រំលាយចោល​ជា​ស្ថាពរ ។ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​១៩៦៤ ដែនដី Tanganyika និង ហ្ស​ង់​ហ្ស៊ី​បារ ( Zanzibar ) រួបរួមគ្នា​បង្កើតបាន​ជា រដ្ឋ​មួយ​ឈ្មោះ Tanzania (​តង់​ហ្សា​នី​) ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា

សាកសព នៃ ជន​អារ៉ាប់ ដែល​ត្រូវ​ជន​ស្បែក​ខ្មៅ​សម្លាប់​នៅ​អំឡុង​បដិវត្តន៍​នៅ ហ្ស​ង់​ហ្ស៊ី​បា (​សព​ជន​អារ៉ាប់​)
​លោក ច​ន អូ​កេ​ឡូ ( អង្គុយ )​មេក្លោង​បដិវត្តន៍​និង​កាប់សម្លាប់​រង្គាល​នៅ ហ្ស​ង់​ហ្ស៊ី​បា (​ច​ន អូ​កេ​ឡូ​)​