ភ្នំពេញៈ ទិវាបរិច្ចាគឈាមពិភពលោក ( World Blood Donor Day = WBDD ) គឺជាទិវាអន្តរជាតិ ត្រូវបានប្រទេសជាច្រើន នៅទូទាំងពិភពលោក ប្រារព្ធនៅថ្ងៃទី១៤ ខែមិថុនា ។ ទិវានេះ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៤ ដើម្បីបង្កើនការយល់ដឹង អំពីតម្រូវការនៃ ឈាម ដែលមានសុវត្ថិភាព និងផលិតផលឈាម ( ដូចជាផ្លាស្មាជាដើម ) និងដើម្បីជាការដឹងគុណ ដល់អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលពួកគេបាន បរិច្ចាគទាន គឺឈាមសម្រាប់សង្គ្រោះអាយុជីវិតមនុស្ស ។
ទិវាបរិចច្ចាគឈាមពិភពលោក គឺជាយុទ្ធនាការ ១ ក្នុងចំណោមយុទ្ធនាការផ្លូវការទាំង ៨ ផ្នែកសុខភាពសាធារណសកល របស់អង្គការសុខភាពពិភពលោក ( WHO ) ស្របគ្នា ជាមួយនឹងទិវាសុខភាពពិភពលោក ( World Health Day ) ទិវារោគរបេងពិភពលោក ( World Tuberculosis Day ) សប្តាហ៍នៃការធ្វើឱ្យស៊ាំនឹងមេរោគពិភពលោក ( World Immunization Week ) ទិវាគ្រុនចាញ់ពិភពលោក ( World Malaria Day ) ទិវាពិភព លោកគ្មានថ្នាំជក់ ( World No Tobacco Day ) ទិវារោគថ្លើមពិភពលោក ( World Hepatitis Day ) និង ទិវា អេដស៍ពិភពលោក ( World AIDS Day ) ។
ការផ្ទេរឈាម ( ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ) និងផលិតផលឈាម ( ដូចជាឈាម ដែលគេយកទៅបែងចែកជាគ្រាប់ឈាម និងផ្លាស្មាជាដើម ) បានជួយសង្គ្រោះអាយុ ជីវិតមនុស្សរាប់លាននាក់ ក្នុង ១ ឆ្នាំៗ ។ វាអាចនាំយកជីវិត ដែលនៅមាត់ជ្រោះមរណៈ ឱ្យ ត្រឡប់មករស់តទៅទៀតបាន ដោយមានគុណភាពជីវិតប្រសើរជាងមុន ក៏មាន ហើយវា អាចជួយគាំទ្រ ដល់ដំណើរការវះកាត់ដ៏ស្មុគស្មាញ ផ្នែកវេជ្ជាសាស្ត្រ បានទៀតផង ។
នៅទូទាំងពិភពលោក មានបណ្តាប្រទេសជាច្រើន ដោយរួមទាំងកម្ពុជាផង គ្មាន លទ្ធ ភាពផ្គត់ផ្គង់ឈាម ដែលមានសុវត្ថិភាព តាមតម្រូវការឡើយ ។ ដែលអាចរកឈាម គ្រប់គ្រាន់ ទៅបាន មានតែមធ្យោបាយមួយគត់ គឺការបរិច្ចាគឈាមជាទៀងទាត់ និងដោយស្ម័គ្រចិត្ត ។
អង្គការសុខភាពពិភពលោក មានគោលដៅថា ឱ្យប្រទេសទាំងអស់ ទូទាំងពិភពលោក ទទួលបានឈាម ដែលមានសុវត្ថិភាពគ្រប់គ្រាន់ តាមតម្រូវការតាមរយៈការបរិច្ចាគ ដោយស្ម័គ្រចិត្ត នៅត្រឹមឆ្នាំ២០២០ ។ គិតត្រឹមឆ្នាំ២០១៤ មានប្រទេសចំនួន ៦០ ទទួលបានឈាម ៩៩ ទៅ ១០០ ភាគរយ នៃតម្រូវការថ្នាក់ជាតិ តាមរយៈការបរិច្ចាគ ដោយស្ម័គ្រចិត្ត ដោយនៅ មានប្រទេស ៧០ ភាគរយផ្សេងទៀតផ្អែកលើការបរិច្ចាគ របស់គ្រួសារអ្នកជំងឺ និងការបានមកដោយការទិញលក់ ។
ជារៀងរាល់ឆ្នាំ ទិវាបរិច្ចាគឈាមពិភពលោក ប្រព្រឹត្តទៅក្រោមប្រធានបទផ្សេងៗ គ្នា ដូចជា ៖ ឆ្នាំ២០១៩ ប្រធានបទៈ ឈាមមានសុវត្ថិភាព សម្រាប់អ្នកទាំងអស់គ្នា , ឆ្នាំ២០១៨ ប្រធានបទៈ ចូរនៅទីនោះ ដើម្បីនរណាម្នាក់ផ្សេងទៀត , ផ្តល់ឈាមចែក រំលែកអាយុជីវិត , ឆ្នាំ២០១៧ ប្រធានបទៈ បរិច្ចាគឈាម បរិច្ចាគឥឡូវនេះ និងបរិច្ចាគ ជាបន្តបន្ទាប់ , ឆ្នាំ ២០១៦ ប្រធានបទៈ ឈាម ភ្ជាប់យើងទាំងអស់គ្នា , ឆ្នាំ២០១៥ ប្រធានបទៈ សូមអរគុណ ចំពោះការសង្គ្រោះអាយុជីវិតរបស់ខ្ញុំ , ឆ្នាំ២០១៤ ប្រធានបទៈ ឈាមមានសុវត្ថិភាព សម្រាប់ សង្គ្រោះអាយុជីវិតអ្នកម្តាយទាំងឡាយ , ឆ្នាំ២០១៣ ប្រធានបទៈ កាបរិច្ចាគឈាម គឺជាទាន ជីវិត , ឆ្នាំ២០១២ ប្រធានបទៈ រាល់លោកអ្នក ដែលបានបរិច្ចាគឈាម គឺជាវិរជន ។
ហេតុអ្វីទិវាបរិច្ចាគឈាមពិភពលោក ធ្វើនៅថ្ងៃ ១៤ មិថុនា?
លោក Karl Landsteiner កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៨៦៨ ( ស្លាប់នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩៤៣ ) គឺជាអ្នកប្រាជ្ញវិទ្យាសាស្ត្រផ្នែកជីវវិទ្យា និងរូបវិទ្យា ជនជាតិអូទ្រីស ។ តាមរយៈជំនាញរបស់គាត់ ទាំង ២ នេះ ជាចម្បង គាត់បានញែក ឬបែងចែកប្រភេទ ឈាមមនុស្សដាច់ដោយឡែកពីគ្នា នៅក្នុងឆ្នាំ១៩០០ ។ ការរកឃើញរបស់គាត់ បានធ្វើឱ្យមានការអភិវឌ្ឍប្រព័ន្ធទំនើប ការកំណត់ប្រភេទឈាម ដែលអាចឱ្យគេ ( វេជ្ជបណ្ឌិត ) អាចផ្ទេរឈាម ដោយគ្មានបង្កការគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស រហូតមកដល់បច្ចុប្បន្ននេះ ។
ក្រោយមក លោក Karl Landsteiner ជាមួយ Constantin Levaditi អ្នកប្រាជ្ញរូបវិទ្យាជន ជាតិរ៉ូម៉ានី និងលោក Erwin Popper អ្នកប្រាជ្ញរូបវិទ្យាជនជាតិអូទ្រីស បានរកឃើញ ដំណើរជំងឺប៉ូលីយ៉ូ នៅឆ្នាំ១៩០៩ ។
គាត់បានទទួលពានរង្វាន់ Aronson Prize ( គឺជាពានរង្វាន់អន្តរជាតិ សម្រាប់ផ្តល់ឱ្យ ដល់អ្នកដែលមានស្នាដៃឆ្នើម ផ្នែកអតិសុខុមជីវសាស្ត្រ និងស៊ាំវិទ្យា ) នៅឆ្នាំ១៩២៦ ។ ឆ្នាំ១៩៣០ គាត់បានទទួលពានរង្វាន់ណូបែល ( Nobel Prize ) ដែលជាពានរង្វាន់ ខ្ពស់បំផុតរបស់ពិភពលោក ) ផ្នែកសរីរវិទ្យា ឬ វេជ្ជសាស្ត្រ ។ គាត់ត្រូវបានប្រគល់ ឱ្យនូវបច្ឆាមរណៈ រង្វាន់ Lasker Award ( គឺជាពានរង្វាន់អន្តរជាតិ សម្រាប់ប្រគល់ ជូនដល់អ្នកទាំងឡាយណាដែលមានស្នាដៃឆ្នើមផ្នែកវេជ្ជាសាស្ត្រ ឬអ្នកដែលបានបូជា ច្រើនបំផុត សម្រាប់វិស័យវេជ្ជសាស្ត្រ ) នៅឆ្នាំ១៩៤៦ ហើយគាត់ត្រូវបានគេផ្តល់ រហស្សនាមថា ” បិតា នៃវេជ្ជសាស្ត្រផ្ទេរឈាម ” ។
គេបានជ្រើសរើសយកថ្ងៃទី១៤ ខែមិថុនា ដែលជាថ្ងៃកំណើតរបស់លោក Karl Landsteiner នោះ ធ្វើជាទិវាបរិច្ចាគឈាមពិភពលោក ដើម្បីជាការផ្តល់កិត្តិយស ដល់លោក Karl Landsteiner នោះឯង ៕ ដោយៈ មេសា
រូបសំណាកលោក Karl Landsteiner ដែលជាអ្នករកឃើញការញែក ប្រភេទឈាមធ្វើឱ្យការផ្ទេរឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយគ្មានគ្រោះថ្នាក់ ( Landsteiner)
បរិច្ចាគាឈាម គឺជាការផ្តល់ឱ្យនូវជីវិត ដែលជាទានដ៏មានតម្លៃបំផុត ( blood donation)