ទិវា​ប្រកាស​សាធារណរដ្ឋ​ប្រជាមានិត ឡាវ​

664

(​ភ្នំពេញ)៖ រដ្ឋាភិបាល និង ប្រជាជន ឡាវ ប្រារព្ធ​ទិវា​ប្រកាស​សាធារណ រដ្ឋ​ប្រជាមានិត​ឡាវ​នៅ​ថ្ងៃទី ២ ខែ ធ្នូ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ពួក​កុ​ម្មុយ​និ​ស្ត​ឡាវ សហការ​ជាមួយ កុ​ម្មុយ​និ​ស្ត​វៀតណាម​ផ្តួល​រំ​ល​រដ្ឋាភិបាល​រាជានិយម​ឡាវ​និង បង្កើតជា​សា​ធា រណ​រដ្ឋ​ប្រជាមានិត​ឡាវ​កាលពី ឆ្នាំ ១៩៧៥ ។

​ភូមិ​សាស្ត្រា​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ប្រជាមានិត ប្រជាធិបតេយ្យ ឡាវ មាន​ផ្ទៃដី ២៣៧.៩៥៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់ អាស៊ីអាគ្នេយ៍ និង ជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ទាំង ១០ នៃ សមាគម​ប្រជាជាតិ អាស៊ី អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន មាន​ព្រំដែន​ជាប់​នឹង​ប្រទេស មី​យ៉ាន់​ម៉ា ចិន វៀតណាម និង កម្ពុជា ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ជិត ០៧ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ភាសាផ្លូវការ​គឺ​ភាសា ឡាវ រដ្ឋធានី​គឺ​ទីក្រុង វៀង​ច័ន្ទ ។​

ប្រវត្តិសាស្ត្រ​
​នៅ​ចុង​សតវត្សរ៍​ទី ១៩ ទីក្រុង ហ្លួង ព្រះ​បាង នៃ ប្រទេស ឡាវ បាន​ស្ថិតក្រោម​ការ​រុក​គួ​ន​ពី​កងទ័ព​ទង់​ខ្មៅ ចិន ។ កងទ័ព​បារាំង​ដែល​បាន​ត្រួតត្រា​វៀតណាម និង កម្ពុជា ហើយ​នោះ ក៏បាន​ជួយសង្គ្រោះ​ស្តេច អួន ខាម ហើយ​បានដាក់​ទឹកដី ហ្លួង ព្រះ​បាង ក្រោម​អាណានិគម​របស់ខ្លួន ដែលមាន​ឈ្មោះថា ឥណ្ឌូចិន បារាំង (​កម្ពុជា​-​វៀតណាម​-​ឡាវ ) ។ បន្ទាប់ពីនោះ​មិនយូរប៉ុន្មាន អាណាចក្រ ច​ម្បា​សាក់ និង វៀន​ធាន ក៏ត្រូវ​បានដាក់​បញ្ចូល​ជា​ទឹកដី​អាណានិគម​បារាំង​បន្ថែមទៀត ។ ស្តេច ស៊ី​សា​វ៉ាង វង្ស​ក៏បាន​ឡើង សោយរាជ្យ​លើទឹក​ដី ឡាវ រួបរួម ។​

​ឡាវ មិនសូវមាន​សារៈសំខាន់​ចំពោះ​បារាំង​ឡើយ ឡាវ ផលិត​ដូចជា​ជ័រកៅស៊ូ និង​កាហ្វេ ប៉ុន្តែ​មាន​ចំនួន មិន​លើស​ពីមួយ​ភាគរយ នៃ ចំនួន​នាំចេញ​របស់​ឥណ្ឌូចិន​បារាំង​ឡើយ ។ គិត​ត្រឹម ឆ្នាំ ១៩៤០ មាន​ជនជាតិ បារាំង​រស់នៅ​លើទឹក​ដី ឡាវ ប្រមាណ​ជា ៦០០ នាក់ ។

​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី ២ ប្រទេស​ឡាវ ត្រូវបាន​គេ​ដណ្តើម​គ្នា​ត្រួតត្រា​ដូចជា ពួក​បារាំង ពួក​ហ្វា​ស៊ី​ស​ថៃ ជប៉ុន និង ពួក​ទាហាន​ជាតិនិយម ចិន ។ នៅ​ខែ មីនា ឆ្នាំ ១៩៤៥ មាន​ពួក​ចលនា​ជាតិ និយម​មួយក្រុម​បានប្រកាសថា ឡាវ គឺជា​ទឹកដី​ឯករាជ្យ ដោយមាន​ទីក្រុង ហ្លួង ព្រះ​បាង ជា​រាជធានី ។ ប៉ុន្តែ​នៅ​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ដដែល​នោះ កងទ័ព​ជប៉ុន​បាន​ចូល​កាន់កាប់​ទីក្រុង​នេះ ។

​កងទ័ព​ជប៉ុន​មានបំណង​ចង់ឱ្យ ស្តេច ស៊ី​សា​វ៉ាង វង្ស ប្រកាស​ឯករាជភាពរ​បស់ ឡាវ ។ ប៉ុន្តែ​នៅ​ថ្ងៃទី ៨ ខែ មេសា នោះ ស្តេច ស៊ី​សា​វ៉ាង វង្ស បាន​ជំនួស​ដោយ​ការបញ្ចប់​អាណានិគម​បារាំង​ប៉ុណ្ណោះ ។ ស្តេច​ឡាវ ស៊ី​សា​វ៉ាង វង្ស បាន​បញ្ជូន​ជាសម្ងាត់​នូវ​ព្រះអង្គម្ចាស់ គិ​ន​ដាវ​ង្ស ឱ្យ​ជា​តំណាង​ប្រទេស ឡាវ ចូលរួម ជាមួយ​ក្រុម​សម្ព័ន្ធមិត្ត (​មាន​អាមេរិក និង អង់គ្លេស ជា​ប្រជា​មុខ ដែលជា​ក្រុម​សត្រូវ​របស់​ជប៉ុន​) ហើយ​ព្រះអង្គម្ចាស់ ស៊ី​សា​វ៉ាង ជា​តំណាង​ប្រទេស ឡាវ ជាមួយ ជប៉ុន គឺ​ស្តេច ឡាវ​ដើរ​នយោបាយ ទ្រូ​មួយ​ប្រឹះ​ពីរ​ជាមួយ​ពួក​បច្ចាមិត្ត​ក្នុង​សង្គ្រាមលោកលើកទី ២ គឺ​សម្ព័ន្ធមិត្ត និង ជប៉ុន ។​

​នៅពេលដែល​ជប៉ុន​ចុះចាញ់​សង្គ្រាមលោកលើកទី ២ ពួក​អ្នក​ជាតិនិយម ឡាវ មួយចំនួន​ចង់​ប្រកាស ឯករាជភាព ឡាវ ប៉ុន្តែ​នៅ​ដើមឆ្នាំ ១៩៤៦ កងទ័ព​បារាំង បាន​ចូល​ត្រួតត្រា​ធ្វើ​អាណានិគម​លើ​ប្រទេស​ឡាវ ឡើងវិញ ដោយ​ផ្តល់​ស្វ័យភាព​ដល់ ឡាវ តិចតួច ប៉ុណ្ណោះ ។

​នៅក្នុង​អំឡុង​ង​សង្គ្រាម​ឥណ្ឌូចិន លើក​ទី ១ (១៩ ធ្នូ ១៩៤៦-១ សីហា ១៩៥៤ ) បក្សកុម្មុយនិស្ត​ឥណ្ឌូ ចិន បាន​បង្កើត​អង្គការ​ចលនា​តស៊ូ ប៉ា​ថេត ឡាវ ។ អង្គការ​ចលនា​តស៊ូ ប៉ា​ថេត ឡាវ បានចាប់ផ្តើម​ធ្វើសង្គ្រាម ប្រឆាំងនឹង​អាណានិគម​បារាំង ដោយមាន​ជំនួយ​ពី អង្គការ​វៀតណាម​ឯករាជ្យ (​វៀត​មិញ​) ។ នៅ​ឆ្នាំ ១៩៥០ បារាំង​បានផ្តល់​សិទ្ធិ​ពាក់កណ្តាល​ស្វ័យភាព​ទៅ ឡាវ ក្នុងឋានៈ​ជា​រដ្ឋ​សមាគម​នៅក្នុង សហភាព បារាំង រហូតដល់​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៥៣ ឡាវ ទទួលបាន​ឯករាជភាព​ពេញលេញ​ជា​ប្រទេស រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ។​

ឯករាជ្យ​និង​ចាប់ផ្តើម​ការត្រួតត្រា​រប​ស់​កុ​ម្មុយ​និ​ស្ត​
​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី ១ បាន​កើតឡើង​ពាសពេញ​ឥណ្ឌូចិន បារាំង ហើយ​ទីបំផុត បារាំង​ក៏បាន​ចាញ់ សង្គ្រាម និង បាន​ចុះហត្ថលេខា​ប្រគល់​ឯករាជភាព​ឱ្យ​ឡាវ​នៅក្នុង​សន្និសីទ​ទីក្រុង ហ្សឺ​ណែវ ឆ្នាំ ១៩៥៤ ។ នៅ​ឆ្នាំ ១៩៥៥ ក្រសួងការពារជាតិ​អាមេរិក បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​ជំនួស​កងទ័ព​បារាំង សម្រាប់​គាំទ្រ កងទ័ព​ភូមិន្ទ​ឡាវ ប្រឆាំងនឹង​ពួក​កុ​ម្មុយ​និ​ស្ត ប៉ា​ថេត ឡាវ ។​

​ឆ្នាំ ១៩៦០ ខណៈ​មាន​ឩ​ទ្ទាម​កម្ម​ជាច្រើន​នៅក្នុង​ប្រទេស​ឡាវ​នោះ ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​រវាង កងទ័ព​ភូមិន្ទ ឡាវ និង កងទ័ព​ដែល​គាំទ្រ​ដោយ​វៀត​កុ​ម្មុយ​និ​ស្ត និង កងទ័ព ប៉ា​ថេត ឡាវ ដែល​គាំទ្រ​ដោយ សហភាពសូវៀត ។

​រដ្ឋាភិបាលបណ្តោះអាសន្ន​ទី​ពីរ ដែល​បង្កើតឡើង​ដោយ​ព្រះអង្គម្ចាស់ ស៊ូ​វណ្ណ ភូម នៅ​ឆ្នាំ ១៩៦២ ទៅជា​មិនបាន​ជោគជ័យ ហើយ​ស្ថានភាព នៃ សង្គ្រាមស៊ីវិល ក៏​ទៅជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង រីកធំឡើង​រវាង រាជរដ្ឋាភិបាល ឡាវ និង ពួក​កុ​ម្មុយ​និ​ស្ត ប៉ា​ថេត ឡាវ ដែល​ទទួលបាន​ការគាំទ្រ​យោធា​ដោយ​វៀតណាម កុ​ម្មុម​និ​ស្ត និង ពួកវៀ​ត​កុង (​កងទ័ព​វៀតណាម​ខាងត្បូង ដែលជា​អ្នក​ប្រឆាំងនឹង​វត្តមាន​អាមេរិក​នៅ​ទីនោះ​)​។​
​ទឹកដី​ឡាវ បាន​ក្លាយជា​គន្លឹះ​ដ៏​សំខាន់ នៃ សង្គ្រាម​វៀតណាម (​វៀតណាម​ខាងជើង ឬ វៀតណាម​កុ​ម្មុយ​និ​ស្ត និង វៀត​ណា​ខាងត្បូង ដែល​គាំទ្រ​ដោយ​អាមេរិក​) តាំងពី​ប្រទេស​នេះ​ត្រូវបាន​លុកលុយ​ដោយ កងទ័ព វៀតណាម​ខាងជើង​សម្រាប់​ប្រើប្រាស់​ជា​ផ្លូវ​ដឹកជញ្ជូន​សម្ភារ​ផ្គត់ផ្គង់​កងទ័ព​វៀតណាម​ខាងជើង នៅ​សមរភូមិ​មុខ ។

​ជាការ​ឆ្លើយតប អាមេរិក បានចាប់ផ្តើម​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​កងទ័ព​វៀតណាម​ខាងជើង​នៅក្នុង​ប្រទេស​ឡាវ ដើម្បី​ជួយ​ដល់​ក្រុម​ប្រឆាំងនឹង​កុ​ម្មុយ​និ​ស្ត​ក្នុងប្រទេស ឡាវ និង ដើម្បី​ជាការ​បើកផ្លូវ​ឱ្យ​វៀតណាម ខាងត្បូង​ចូលទៅក្នុង​ប្រទេស ឡាវ ។​

​នៅ​ឆ្នាំ ១៩៦៨ វៀតណាម​ខាងជើង បើក​ការវាយលុក​ទៅលើ​កងទ័ព​ភូមិន្ទ ឡាវ ដើម្បី​ជួយ​ពួក​កុ​ម្មុយ​និ​ស្ត ប៉ា​ថេត ឡាវ ជា​លទ្ធផល​សង្គ្រាម​នេះ​ធ្វើឱ្យ​ជម្លោះ​មាន​ដល់​អម្បូរ​ជាតិ​សាសន៍​ផ្សេងៗ​កាន់តែ​ធំ​ទៅៗ ។​
​ការទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​មហិមា​របស់​កងទ័ព​អាមេរិក​ទៅលើ​ទីតាំង​កងទ័ព​កុ​ម្មុយ​និ​ស្ត​ឡាវ ឬ ប៉ា​ថេត ឡាវ និង ការ​លុកលុយ​របស់​កងទ័ព​វៀតណាម ដើម្បី​ជួយ​ការពារ​កុំឱ្យ​របបរាជានិយម​នៅ ឡាវ ដួលរលំ និង ដើម្បី​កាត់ផ្តាច់​ផ្លូវលំ​ហូជីមិញ ជា​ផ្លូវ​ដែល​ពួក​កុ​ម្មុយ​និ​ស្ត​វៀតណាម​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន សម្ភារ​ផ្គត់ផ្គង់​កងទ័ព​នៅ​សមរ​ភូ​មុខ​ប្រឆាំង​អាមេរិក និង វៀតណាម​ខាងត្បូង ។​

​ការទម្លាក់​គ្រាប់បែក​ដោយ​កងទ័ព​អាមេរិក​ពីរ​វាង​ឆ្នាំ ១៩៦៤ និង ១៩៧៣ ធ្វើឱ្យ​ប្រទេស​ឡាវ ក្លាយជា​ទឹកដី ដែល​រង​ការទម្លាក់​គ្រាប់បែក​ច្រើនជាងគេ​បំផុត​ក្នុង​លោក ដោយ​យន្តហោះ B-52 របស់​អាមេរិក គិត​ជា​មធ្យម​ប្រាំបី​នាទី បាន​ទៅ​ទម្លាក់​គ្រាប់បែក​ម្តង​លើ​ប្រទេស​ឡាវ ហើយ​ជា​សរុប ទៅ​មាន​គ្រាប់​ច្រើន ជាង​គ្រាប់បែក​សរុប​ដែល​គេ​ប្រើប្រាស់​ក្នុង​សង្គ្រាមលោកលើកទី ២ ។

​នៅ​ឆ្នាំ ១៩៧៥ ពួក​កុ​ម្មុយ​និ​ស្ត ឡាវ ឬ ប៉ា​ថេត ឡាវ និង កងទ័ព​កុ​ម្មុយ​និ​សុ្ត​វៀតណាម គាំទ្រ​ដោយ សហភាពសូវៀត បាន​ផ្តួលរំលំ​រដ្ឋាភិបាល​រាជានិយម ឡាវ បង្ខំ​ឱ្យ​ស្តេច សុ​វ៉ាង វឌ្ឍនៈ ដាក់រាជ្យ​នៅ​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៥ នោះ ។ ក្សត្រ​អស់បុណ្យ​អង្គ​នេះ​ក្រោយមក​បាន​ចូល​ទីវ​ង្គ​ត​ក្នុង​គុក​របស់​ពួក​កុ​ម្មុយ​និ​ស្ត ។ ប្រជាជន​ឡាវ​ប្រមាណ​ជា ៧០.០០០ នាក់​បាន​ស្លាប់​នៅក្នុង​សង្គ្រាមស៊ីវិល នោះ​។

​បន្ទាប់ពី​បាន​កាន់កាប់​អំណាច​ភ្លាម​មក នៅ​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៥ នោះ ពួក​កុ​ម្មុយ​និ​ស្ត ឡាវ ឬ ប៉ា​ថេត​ឡាវ បាន​ប្តូរ​ឈ្មោះ​ប្រទេស​ឡាវ ដោយ​បង្កើតជា សាធារណរដ្ឋ​ប្រជាមានិត ឡាវ រហូតមក ។ ​នៅ​ឆ្នាំ ១៩៧៩ វៀតណាម ដែលជា​អ្នកមានគុណ​របស់​ពួក​កុ​ម្មុយ​និ​ស្ត ឡាវ បានស្នើ​ឱ្យ​ឡាវ ផ្តាច់ទំនាក់ទំនង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ធ្វើឱ្យ​ឡាវ ក្លាយជា​ប្រទេស​ឯកោ​ពី​ប្លុក​កុ​ម្មុយ​និ​ស្ត និង ពី​ប្លុក សេរី ៕ ដោយៈ​មេសា​

រូបភាព​ពណ៌នា​អំពី​សកម្មភាព​បដិវត្តន៍​កុ​ម្មុយ​និ​ស្ត​ឡាវ (​ឡាវ ១)
​ទីក្រុង​វៀង​ច័ន្ទ នៃ ប្រទេស ឡាវ ( ឡាវ ២)