ទិវា​ប្រកាស​ឯករាជ្យ​ជាតិ ព្រុយ​ណេ​

580
ចែករម្លែក
  • 10
    Shares

​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ព្រុយ​ណេ ប្រារព្ធ​ទិវា​ប្រកាស​ឯករាជ្យ​ជាតិ របស់​ពួកគេ នៅ​ថ្ងៃទី​១ ខែមករា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជ្យភាព​ពី អង់គ្លេស កាលពី​ឆ្នាំ​១៩៨៤ បន្ទាប់ពី​បាន​ស្ថិតក្រោម​អាណានិគម​អេ​ស្ប៉ា​ញ តាំងពី​ឆ្នាំ ១៥៧៨ បន្ទាប់មក ក៏បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​អង់គ្លេស ចាប់ពី​ខែកញ្ញា ឆ្នាំ​១៨៨៨ មក ។ ប៉ុន្តែ អង់គ្លេស នៅតែ​បន្ត​ត្រួតត្រា​ព្រុយ​ណេ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​១៩៨៤ ។ ដូច្នេះ​ទិវា​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឯណោះ​វិញ ចំណែក​ថ្ងៃទី​១ ខែមករា គឺជា​ថ្ងៃ​ប្រកាស​ឯករាជ្យ ។​
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
ព្រុយ​ណេ ដា​រុយ​សា​ឡាំ គឹជា​រដ្ឋ​កោះ ដែល​ប្រទេស​ទាំងមូល​ស្ថិតនៅលើ​កោះ Borneo មាន​ផ្ទៃដី ៥.៧៦៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ដែនទឹក ជាប់​ជាមួយ​ដែន​សមុទ្ទ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ។ ដើមឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង ៤ សែន ៣ ម៉ឺន​នាក់ ភាគច្រើន ជា​អ្ន​កាន់សាសនា​អ៊ិ​ស្លាម ។ ភាសាផ្លូវការ គឺ​ភាសា​ម៉ាឡេស៊ី (​អង់គ្លេស​ជា​ភាសា​ទី​២) រដ្ឋធានី គឺ​ទីក្រុង​បាន់​ដា ស៊េរី បេ​ហ្គា​វ៉ាន់ ។ ព្រុយ​ណេ គឺជា​សមាជិក​មួយ នៃ សមាគម​អាស៊ាន ហើយ​ព្រុយ​ណេ គឺជា​ប្រទេស​ដ៏ មាន​ស្តុក​ស្ត​ម​បំផុត​មួយ ក្នុង​លោក ដោយសារតែ​រ៉ែ​ប្រេងកាត ។​

ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្នុង​កណ្តាប់ដៃ​អេ​ស្ប៉ា​ញ​
គិត​ត្រឹម​ពាក់កណ្តាល​សតវត្សរ៍​ទី​១៦ ព្រុយ​ណេ គឺជា​អាណាចក្រ​ដ៏​ធំ​មួយ​ដោយមាន​ផ្ទៃដី លាតសន្ធឹង ពី​ភាគ​ខាងជើង​កោះ Borneo រហូត​ល់​ភាគខាងត្បូង​ប្រទេស ហ្វីលីពីន ។ ប៉ុន្តែ​ចាប់ពី​អំឡុង​សតវត្សរ៍​ទី​១៦ អាណាចក្រ​ព្រុយ​ណេ ក៏បាន​ចាប់ផ្តើម​ទន់ខ្សោយ ដោយសារ​ទំនាស់​ដណ្តើម​រាជបល្ល័ង្ក ។ ព្រះអង្គម្ចាស់ Pengiran Seri Lela និង Pengiran Seri Ratna បានរ​ត់ទៅ​ពឹង​អាណានិគម​អេ​ស្ប៉ា​ញ ដែល​កំពុង់​ដាក់​ទីតាំង នៅ​ប្រទេស​ហ្វីលីពីន ឱ្យជួយ​ដណ្តើម​រាជ្យ​ពី​ព្រះអង្គម្ចាស់ Saiful Rijal ដែល​កំពុង​គ្រង តំណែង​ជា ស៊ុ​លត​ង់ (​ស្តេច​) នៅ​អាណាចក្រ​ព្រុយ​ណេ ដោយ​សន្យាថា នឹងដាក់ ព្រុយ​ណេ ឱ្យ​ជា​រដ្ឋ​រណប ឬ​ចំណុះ អេ​ស្ប៉ា​ញ ប្រសិនបើ​អេ​ស្ប៉ា​ញ ដណ្តើម​រាជ្យ​បល្ល័ង្ក ព្រុយ​ណេ ឱ្យ​គាត់ (​ព្រះអង្គម្ចាស់ Pengiran Seri Lela) បាន ។​

​មហាអំណាច​អេ​ស្ប៉ា​ញ បានចាត់ទុក អាណាចក្រ​ព្រុយ​ណេ ជា​មជ្ឈមណ្ឌល​បង្រៀន គម្ពីរ​សាសនា​អ៊ិ​ស្លាម នៅក្នុង​ហ្វីលីពីន ដែល​ពេលនោះ ហ្វីលីពីន បានក្លាយ​ជាទី​តាំង អាណានិគម​អេ​ស្ប៉ា​ញ រួចទៅហើយ ។ មហាអំណាច​អឹ​រ៉ុ​ប អេ​ស្ប៉ា​ញ ដែលជា​អ្នក គ្រិស្ត​និយម បានប្រកាស​សង្គ្រាម​ប្រឆាំង​ព្រុយ​ណេ នៅ​ឆ្នាំ​១៥៧៨​ក្នុង​គោលបំណង នឹង​កាន់កាប់​រាជធានី កូតា បា​ទូ ដែលជា​រាជធានី នៃ​ព្រុយ​ណេ នា​សម័យ​កាលនោះ ។

​ដោយមាន​ការជួយជ្រោមជ្រែង ពី​ព្រះអង្គម្ចាស់ Pengiran Seri Lela និង Pengiran Seri Ratna មហាអំណាច គ្រិស្ត​និយម អេ​ស្ប៉ា​ញ បាន​ចូលលុកលុយ​កាន់កាប់​រាជធានី កូតា បា​ទូ នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៥៧៨ ហើយ​ព្រះអង្គម្ចាស់ Pengiran Seri Lela ក៏បាន​ឡើង​ធ្វើជា ស៊ុ​លត​ង់ នៃ​អាណាចក្រ​ព្រុយ​ណេ ។ រីឯ​ស៊ុ​លត​ង់ Saiful Rijal និង​អ្នក​ស្ម័គ្រ​បក្ស បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញទៅ​តំបន់ Meragang បន្ទាប់មក ហួស​ទៅ​តំបន់ Jerudong ។ ពី​តំបន់ Jerudong ពួកគេ​បានរៀបចំ​ផែនការ ដើម្បី​បណ្តេញ​ពួកកងទ័ព​ឈ្លានពាន ឱ្យ​ចាក​ចេញពី​ទឹកដី ព្រុយ​ណេ ។

​កងទ័ព​អេ​ស្ប៉ា​ញ ដែល​ចូល​ឈ្លានពាន​ព្រុយ​ណេ បាន​ដោយ​ជោគជ័យ​នោះ ក៏​បោះទីតាំង​លើទឹក​ដី មូស្លីម​មួយ​នេះ មិនបាន​សុខ​ឡើយ ដោយសារ​នៅ​ទីនោះ​មាន​ផ្ទុះ ឡើង​នូវ​ជំងឺ​អាសន្នរោគ យ៉ាង​កាច​សាហាវ ។ ដោយហេតុនេះ ពួកគេ​បានសម្រេច​ចិត្ត ចាក​ចេញពី ព្រុយ​ណេ ត្រឡប់​ទៅ​ទីក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន ដែលជា​ទីតាំង អាណានិគម​របស់​ពួកគេ​វិញ នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៥៧៨ គឺ​បន្ទាប់ពី​បាន​ស្នាក់នៅ លើ​ទឹកដី​ព្រុយ​ណេ បាន​រយៈពេល ៧២ ថ្ងៃ ។ ប៉ុន្តែ​មុននឹង​ចាកចេញ​ដូច្នេះ កងទ័ព គ្រិស្ត​និយម អេ​ស្ប៉ា​ញ បាន​ដុតបំផ្លាញ​នូវ​ព្រះវិហារ ម៉ូ​ស្ក របស់​អ៊ិ​ស្លាម ជា​ព្រះវិហារ លំដាប់​កំពូល​របស់​ពិភពលោក​ដែលមាន​ដំបូល​ប្រាំ ។

​ចំណែក ស៊ុ​លត​ង់ Pengiran Seri Lela បាន​ស្លាប់​នៅ​អំឡុង​ខែ សីហា ឬ ខែ កញ្ញា នា​ឆ្នាំ​១៥៧៨ នោះ ដោយសារតែ​ជំងឺ​អាសន្នរោគ ។ ប៉ុន្តែ​ក៏មាន​ការសង្ស័យថា គាត់​បាន​ស្លាប់​ដោយ​ត្រូវគេ​បំពុល ។

​ប៉ុន្តែ​ឯកសារ​ក្នុងស្រុក បាន​និយាយ​ផ្សេង​ពីនេះ ទាំងស្រុង គឺ​បាន​អះអាងថា កងទ័ព​អេ​ស្ប៉ា​ញ និង​បក្ខពួក​ត្រូវបាន​បណ្តេញ​ចេញពី​ព្រុយ​ណេ ដោយ​ព្រះអង្គម្ចាស់ Bendahara Sakam ជា​ប្អូនប្រុស​របស់ ស៊ុ​លត​ង់ មួយអង្គ និង​អ្នក​ប្រយុទ្ធ​ព្រុយ​ណេ រាប់ពាន់នាក់ នៅក្នុង​សង្គ្រាម ដែល​គេ​ហៅថា សង្គ្រាម Castilian ។

​ចំពោះ​ពួក​អ្នកប្រវត្តិសាស្ត្រ​ជាច្រើន បានចាត់ទុក​ឯកសារ​នេះ​ថា គ្រាន់តែ​ជា​ឯកសារ ព្រេង​និទាន​ប្រវត្តិសាស្ត្រ​វិ​រ​បុរស ដែល​បាន​ប្រឌិត​ឡើង​ពីរ​បី​សតវត្សរ៍​ក្រោយមក តែប៉ុណ្ណោះ ។ បន្ទាប់មក ពី​ចន្លោះ​ឆ្នាំ​១៦៦០ ដល់​ឆ្នាំ​១៦៧៣ ប្រទេស​នេះ​មាន​សង្គ្រាម ស៊ីវិល ។

បាត់បង់​ទឹកដី​ជាង​ពាក់កណ្តាល​
នៅពេលនោះ អង់គ្លេស ក្លាយជា​មហាអំណាច​សំខាន់បំផុត​វិញ នៅ​តំបន់​នោះ ។ នៅពេល​មាន​ជម្លោះ​ដណ្តើម​រាជបល្ល័ង្ក​ដូច្នេះ ក៏មាន​ព្រះអង្គម្ចាស់​ខ្លះទៅ​ពឹង​អង់គ្លេស ឱ្យជួយ ។ ឆ្លៀតពេល​ដូច្នោះ អង់គ្លេស បាន​បើក​ការវាយប្រហារ​ទៅលើ​ចក្រភព​ព្រុយ​ណេ នៅ​អំឡុង​ខែ កក្កដា ឆ្នាំ​១៨៤៦ ដោយ​សំអាងថា អ្នក​កំពុង​កាន់អំណាច​នៅ​ព្រុយ​ណេ​នោះ គ្មាន​សិទ្ធិ​ស្របច្បាប់​ធ្វើជា ស៊ុ​លត​ង់ ដែល​តាមពិតទៅ មកពី​អ្នកកាន់អំណាច​នោះ មិន​រណប​អង់គ្លេស តែប៉ុណ្ណោះ ។

​រហូតដល់​អំឡុង​ទសវត្សរ៍ ១៨៨០ អាណាចក្រ​ព្រុយ​ណេ នៅតែ​បន្ត​ដាំ​ក្បាល​ចុះ ។ មានការ​ងើប​បះបោរ ជា​លក្ខណៈ​ឧទ្ទាម​ចោរ​សមុទ្ទ​ជាច្រើន​កន្លែង ។ នៅ​ឆ្នាំ​១៨៣៨ អ្នកជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ James Brokke បាន​ទៅដល់​តំបន់ Sarawak ក្នុង​បំណង​ធ្វើ​ជំនួញ ។ ប៉ុន្តែ​ធ្វើ​ពាណិជ្ជកម្ម មិនកើត ដោយសារតែ​ការ​ងើប​បះបោរ ទាំងឡាយ នៅ​តំបន់​នោះ ។ គាត់​បាន​ជួបពិភាក្សា​ជាមួយ​ឳ​ពុក​មារ​បស់ ស៊ុ​លត​ង់ ឈ្មោះ Pangeran Muda Hashim ។ បន្ទាប់មក គាត់​បាន​ជួយ ស៊ុ​លត​ង់​បង្ក្រាប​ចលនា ឧទ្ទាម​ចោរ​សមុទ្ទ​នានា រហូត​បាន​លើក ស៊ុ​លត​ង់ ឡើងលើ​រាជបល្ល័ង្ក​វិញ នៅ​ឆ្នាំ​១៩៤១ ។

​ទោះយ៉ាងណា ស្ថានភាព​នៅតែ​មិនទាន់​ហ្នឹង​ធឹង​នៅឡើយ គឺ​នៅមាន​ក្រុម​ឧទ្ទាម ប្រឆាំង​ស៊ុ​លត​ង់ ជាច្រើន​ទៀត ដែល​ស៊ុ​លត​ង់ មិនអាច​ខ្វះ លោក James Brooke បានឡើយ ។ ជាការ​តបស្នង ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ដៀ​ន ២ បានប្រគល់ ទឹកដី​តំបន់ Sarawak ទៅឱ្យ​លោក​មេទ័ព James Brooke កាន់កាប់ ហើយ​ប្រទាន ឋានៈ​ដល់​គាត់​ថា “ រាជា (​ស្តេច​) នៃ Sarawak នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៤១ ហើយ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​១៩៤២ ។

​ក្រោយមក រាជា Brooke និង​ក្មួយប្រុស​របស់គាត់ ដែល​ស្នង​អំណាច​ត​ពី​គាត់ បាន​វាតទី​យក​ទឹកដី​លើសពី​អ្វីដែល ស៊ុ​លត​ង់ បានប្រគល់​ឱ្យ ជាហេតុ​ធ្វើឱ្យ អាណាចក ព្រុយ​ណេ បាត់បង់​ទឹកដី​យ៉ាងច្រើន ហើយ​ទឹកដី​ទាំងនោះ ចាប់ពីពេលនោះ​មក មិនដែល​ត្រឡប់​មកជា​កម្មសិទ្ធិរ​បស់​ព្រុយ​ណេ​វិញ​ឡើយ ហើយ​អាណាចក្រ Sarawak បាន​ក្លាយជា សហព័ន្ធ ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​១៩៦៣ ។​

ធ្លាក់​ក្រោម​អាណានិគម​អង់គ្លេស
ពេលនោះ ស៊ុ​លត​ង់ Hashim Jalilul Alam Aqamaddin នៃ​អាណាចក្រ​ព្រុយ​ណេ បាន​អំពាវនាវ​ឱ្យ​អង់គ្លេស ជួយ​បញ្ឈប់​នូវ​ការទន្ទ្រាន​យក​ទឹកដី​ព្រុយ​ណេ ពី​សំណាក់ រាជា Brookes ។ ដោយហេតុនេះ សន្ធិសញ្ញា​មួយ ស្តីពី​ការការពារ ( ព្រុយ​ណេ ដោយ​អង់គ្លេស ) ត្រូវបាន​ចរចា និង​ចុះហត្ថលេខា​ជាមួយ​អង់គ្លេស​ដោយបាន​ចូល​ជា ធរមាន ចាប់ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​១៨៨៨ ។

​នៅក្នុង​សន្ធិសញ្ញា​នេះ បានផ្តល់​កាតព្វកិច្ច ទៅឱ្យ​អង់គ្លេស ជា​អ្នកការពារ ប៉ុន្តែ​ថា ស៊ុ​លត​ង់ មិនមាន​សិទ្ធិ​ប្រគល់​ទឹកដី ទៅឱ្យ​បរទេស​ណាមួយ ដោយ​គ្មាន​ការព្រមព្រៀង ពី​សំណាក់​អង់គ្លេស​ឡើយ ។ អង់គ្លេស​ក៏មាន​កាតព្វកិច្ច​ជា​អ្នកកាន់កាប់​កិច្ចការបរទេស របស់​ព្រុយ​ណេ ផងដែរ (​រហូតដល់​ឆ្នាំ ១៩៨៤) ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៨៩០ អាណាចក្រ Sarawak បាន​បន្ត​ទន្ទ្រាន​យក​ទឹកដី​ព្រុយ​ណេ ដូច​មុន នៅ​ស្រុក Pandaruan ហើយ​កងទ័ព​អង់គ្លេស មិនបាន​ចាត់វិធានការ​អ្វី​ឡើយ ដោយ​អង់គ្លេស​ឈរលើ​គោល ជំហរ អាណាចក្រ Sarawak មិនមែនជា​បរទេស​ទេ ដែល​តាមពិតទៅ ក៏​ព្រោះតែ អង់គ្លេស​លម្អៀង​ទៅរក​អាណាចក្រ Sarawak ព្រោះ​អ្នកគ្រប់គ្រង​អាណាចក្រ​នេះ គឺជា​ជនជាតិ​អង់គ្លេស ដែល​សេចក្តី​នេះ គេ​អាចនិយាយបាន កិច្ចព្រមព្រៀង​របស់​ស៊ុ​លត​ង់ ជាមួយ​អង់គ្លេស ក្នុងការ​ការពារ​ព្រុយ​ណេ នេះ ចំពោះ Sarawak គឺ​ដូចជា​ចុះ ហត្ថលេខា​ឱ្យ​មេចោរ ការពារ​កូនចោរ ដោយ​ស្របច្បាប់ ។ ជា​លទ្ធផល គឺ​ព្រុយ​ណេ នៅសល់តែ​ទឹកដី​មួយ​ក្តុ​ប​តូច សព្វថ្ងៃ​នេះឯង ។

​រ៉េស៊ីដង់​អង់គ្លេស ត្រូវបាន​ដាក់​នៅ​ព្រុយ​ណេ នា​ឆ្នា​១៩០៦ ក្រោម​កិច្ចព្រមព្រៀង ការពារ​ព្រុយ​ណេ ។ រ៉េស៊ីដង់ មាន​កាតព្វកិច្ច ជា​អ្នកផ្តល់​ប្រឹក្សា ដែល​និយាយ​ម្យ៉ាង ទៀតថា ជា​អ្នក​បង្គាប់បញ្ជា ស៊ុ​លត​ង់ នូវ​រាល់​កិ​ច្ចា​នុ​កិច្ច​រដ្ឋបាល ។ បន្តិច​ម្តងៗ រ៉េស៊ីដង់ បាន​ត្រួតត្រា​លើ​កិច្ចការ​ប្រតិបត្តិ ពោលគឺ​ក្តោប​ក្តាប់​អំណាច នៅ​ព្រុយ​ណេ ច្រើនជាង ស៊ុ​លត​ង់ ទៅទៀត ( ប្រព័ន្ធ រ៉េស៊ីដង់ ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៩៥៩ )​។​

ការរកឃើញ​រ៉ែ​ប្រេងកាត​
អណ្តូងរ៉ែ ប្រេងកាត​ដំបូង ឈ្មោះ S-1 ត្រូវបាន​ខួង​សា​កល្ប​ជា​លើកដំបូង នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​១៩២៨ ។ រ៉ែ​ប្រេងកាត ត្រូវបាន​រកឃើញ​ដំបូង នៅ​ជម្រៅ ២៩៧ ម៉ែត្រ ហើយ​ត្រូវបាន​ប្រកាស​រកឃើញ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​១៩២៩ ។ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​១៩២៩ អណ្តូង​ទី​២ ត្រូវបាន​ខួង ។ អណ្តូងរ៉ែ​ប្រេងកាត នៅ​ព្រុយ​ណេ ត្រូវបាន​រក ឃើញ​ជា​បន្តបន្ទាប់ ។ គិត​ត្រឹម​ឆ្នាំ​១៩៤០ ប្រេងកាត ត្រូវបាន​បូម​ក្នុង​មួយឆ្នាំ ជាង​ប្រាំមួយ​លាន​ធុង (​បារ៉ែល​)​។ ចាប់ពីពេលនោះ​មក ប្រេងកាត និង​ឧស្ម័ន​ធម្មជាតិ បាន​ក្លាយជា​ប្រភពធនធាន​ដ៏​សំខាន់បំផុត សម្រាប់​អភិវឌ្ឍ​ព្រុយ​ណេ ហើយក៏​ជា ទ្រព្យសម្បត្តិ​មហាសាល សម្រាប់​ភាពមានបាន​របស់​ព្រុយ​ណេ រហូតមកដល់​សព្វថ្ងៃ ។

ជប៉ុន​ចូលកាន់​កាប់
ព្រឹក​ព្រហាម នៃ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន បើក​ការវាយលុក​ទៅ​មូលដ្ឋានទ័ព ជើង​ទឹក​អាមេរិក នៅ​ភៀ​ល​ហា​ប៊ឺ​រ៍ ជាហេតុ​ធ្វើឱ្យ​សង្គ្រាមលោកលើកទី​២ ឆាបឆេះ​ឡើង ។ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​១៩៤១ ដដែល​នោះ កងទ័ព​ជប៉ុន បាន​ដណ្តើម​កាន់កាប់​ព្រុយ​ណេ ទាំងស្រុង ពី​ចក្រភព​អង់គ្លេស បន្ទាប់ពី​ប្រយុទ្ធ​គ្នា អស់​រយៈពេល ៦ ថ្ងៃ ។​

​មន្ត្រី​ព្រុយ​ណេ សំខាន់ៗ ត្រូវបាន​បញ្ជូនទៅ​សិក្សា​នៅ​ប្រទេស ជប៉ុន ក្នុង​បំណង​ត្រៀម នឹង​ប្រកាស​ឯករាជ្យភាព​របស់​ព្រុយ​ណេ ។ ខណៈពេល​នេះ កិច្ចការ​សំខាន់ៗ ស្ថិតក្រោម​ការកាន់កាប់​បណ្តោះអាសន្ន របស់​កងទ័ព​ជប៉ុន​ទម្រាំ​ដល់​ថ្ងៃ​ប្រកាស ឯករាជ្យភាព ។

​នៅ​អំឡុង​ឆ្នាំ​១៩៤៣ កងទ័ព​សម្ព័ន្ធមិត្ត បាន​វាយលុក​យ៉ាងខ្លាំង​ក្លា​ទៅលើ​កងទ័ព​ជប៉ុន នៅ​ព្រុយ​ណេ បណ្តាលឱ្យ​ជំនួញ​តាម​កប៉ាល់ ត្រូវបាន​បញ្ឈប់ ។ ស្បៀងអាហារ និង​ថ្នាំពេទ្យ ក៏​ចាប់ផ្តើម​ខ្វះមុខខ្វះក្រោយ ហើយ​ប្រជាពលរដ្ឋ ក៏​ធ្លាក់​ក្នុង​សភាព​ទុ​រ្ភឹ​ក្ស និង​មាន​ជំងឺ ។ នៅ​ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត បើក​ការវាយលុក ដោយ​ទម្លាក់ គ្រាប់បែក ធ្វើឱ្យ​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង ទាំង​ទីក្រុង និង ជនបទ ។​

​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៤៥ កងទ័ព​អូស្ត្រាលី ដោយមាន​ជំនួយ​ពី​កងទ័ពអាកាស អាមេរិក និង​កងទ័ពជើងទឹក​ផង បាន​ទៅ​ដណ្តើម​ទីតាំង នៅ​កោះ Borneo ពី​ជប៉ុន ។ បន្ទាប់ពី​ការប្រយុទ្ធ​យ៉ាង​ឃោរឃៅ អស់​រយៈពេល ៣ ថ្ងៃ​មក កងទ័ព​សម្ព័ន្ធមិត្ត បាន​ចូល​ដណ្តើម​កាន់កាប់​ទីក្រុង​របស់​ប្រទេស​ព្រុយ​ណេ ។ កងទ័ព​ជប៉ុន នៅ​ព្រុយ​ណេ បាន​ចុះចាញ់​នៅ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​១៩៤៥ ។ ព្រុយ​ណេ បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ អង់គ្លេស​ម្តងទៀត (​រហូតដល់​ខែកក្កដា ឆ្នាំ​១៩៤៦ )​។​

ក្រោយ​សង្គ្រាមលោកលើកទី ២
ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៤៦ គណបក្ស The Barisan Pemuda ( ចលនា​យុវជន​) គឺជា​គណបក្សនយោបាយ​ដំបូង​បំផុត ដែល​ត្រូវបាន​បង្កើត​នៅ​ព្រុយ​ណេ ។ ប៉ុន្តែ​គណបក្ស​នេះ​បាន​រលាយ​ទៅវិញ នៅ​ឆ្នាំ ១៩៤៨ ដោយសារ​មិនមាន​សកម្មភាព​អ្វី គួរឱ្យ​ចាប់អារម្មណ៍ ។

​ព្រុយ​ណេ បាន​ក្លាយជា​សមាជិក នៃ​សហព័ន្ធ​ម៉ាឡេស៊ី នៅ​ឆ្នាំ ១៩៦២ ( ១៩៦៣ ?) ។ មាន​ក្រុមខ្លះ បាន​ជំទាស់​ទៅនឹង​ការចូលរួម​នោះ ព្រោះ​ពួកគេ​យល់ថា គឺជា​ការ​ចាញ់ ប្រៀប ម៉ាឡេស៊ី ហើយ​ឈ្មោះ នៃ​ប្រទេស​ព្រុយ​ណេ អាច​នឹង​រលាយ​ទៅជា​ប្រទេស ម៉ាឡេស៊ី នៅ​ថ្ងៃ​ណាមួយ ។ ដោយហេតុនេះ នៅ​ឆ្នាំ​១៩៦២ នោះ មាន​ក្រុម​ឧទ្ទាម តូច​មួយ បានកើត​ឡើង ប្រឆាំងនឹង​រាជានិយម ។ ប៉ុន្តែ​ក្រុម​ឧទ្ទាម​នោះ ត្រូវបាន បង្ក្រាប​ទៅវិញ ដោយមាន​កិច្ច​ទំនុកបម្រុង​ដោយ​កងទ័ព​អង់គ្លេស ។ បន្ទាប់មក ព្រុយ​ណេ ក៏​សម្រេចចិត្ត​ចាក​ចេញពី​សមាជិកភាព នៃ​សហព័ន្ធ​ម៉ាឡេស៊ី ។

ការតាក់តែង​រដ្ឋធម្មនុញ្ញ
​នៅ​ខែកក្កដា ឆ្នាំ​១៩៥៣ ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ដៀ​ន ទី​៣ បាន​បង្កើត គណៈកម្មការ​មួយ ដែលមាន​សមាជិក ៧ រូប ដោយ​ឱ្យ​ឈ្មោះថា Tujuh Serangkai សម្រាប់​ស្វែងរក​មតិ​ប្រជាពលរដ្ឋ ក្នុងការ​តាក់តែង​រដ្ឋ​ធម្មនុញ្ញ​ព្រុយ​ណេ ។ នៅ​ខែឧសភា ឆ្នាំ​១៩៥៤ ស៊ុ​លត​ង់ រ៉េស៊ីដង់ និង​បេសកជន​ជាន់ខ្ពស់ បាន​ជួបពិភាក្សា​អំពី​លទ្ធផល ដែល​គណៈកម្មការ Tujuh Serangkai បាន​រកឃើញ ។ បន្ទាប់មក ពួកគេ ក៏បាន​ព្រមព្រៀង​ឱ្យ​ព្រាង​នូវ​ច្បាប់រដ្ឋធម្មនុញ្ញ​មួយ​សម្រាប់ ព្រុយ​ណេ ។

​នៅ​ខែមីនា ឆ្នាំ​១៩៥៩ ស៊ុ​លត​ង់ បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ទៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បានដាក់​ស្នើឡើង ។ បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​មក រដ្ឋាភិបាល អាណានិគម​អង់គ្លេស បាន​យល់ព្រម​លើ​រដ្ឋធម្មនុញ្ញ​នោះ ។ ដោយហេតុនេះ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​១៩៥៩ នោះ កិច្ចព្រមព្រៀង​រដ្ឋធម្មនុញ្ញ ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​បាន់​ដា ស៊េរី បេ​ហ្កា​វ៉ាន់ នៃ​ប្រទេស​ព្រុយ​ណេ ។ ប្រព័ន្ធគ្រប់គ្រង​បែប រ៉េស៊ីដង់ ក៏ត្រូវ​បានបញ្ចប់​ត្រឹម​នេះឯង ។

​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ បានចែង និង​ប្រកាសថា ព្រុយ​ណេ គឺជា​រដ្ឋ​ស្វ័យគ្រប់គ្រង ខណៈដែល​កិច្ចការបរទេស សន្តិសុខ និង​កិច្ចការពារ​ប្រទេស​ស្ថិតនៅ​ជា​កាតព្វកិច្ច របស់​ចក្រភព​អង់គ្លេស ។

​ផែនការអភិវឌ្ឍន៍​ជាតិ ត្រូវបាន​ដាក់ចេញ​ជា​បន្តបន្ទាប់ ដោយ ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ដៀ​ន ទី ៣ ដែលមាន​ទឹកប្រាក់​ជាង មួយ​ពាន់​លាន់​ដុល្លារ​អាមេរិក ។

ឯករាជ្យភាព​
នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ព្រះអង្គម្ចាស់ ស៊ុ​លត​ង់ ហាស្សាន់ បូល​គា​ហ៍ បាន​ចាក​ចេញទៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ពិភាក្សា​អំពី​រដ្ឋធម្មនុញ្ញ កាលពី​ឆ្នាំ​១៩៥៩ ។ កិច្ចព្រមព្រៀង​ថ្មី​មួយទៀត ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​១៩៧១ ដោយ​ចែងថា “ ព្រុយ​ណេ ត្រូវបាន​ប្រគល់ឱ្យ​នូវ​សិទ្ធិ​ស្វ័យគ្រប់គ្រង​កិច្ចការ​ផ្ទៃ ក្នុង​យ៉ាង​ពេញលេញ ។ ចក្រភព​អង់គ្លេស ទទួលបន្ទុក​តែ​កិច្ចការបរទេស​និង​កិច្ចការពារ ជាតិ​ប៉ុណ្ណោះ ។ ព្រុយ​ណេ និង ចក្រភព​អង់គ្លេស បាន​ព្រមព្រៀងគ្នា​ទទួលខុសត្រូវ រួមគ្នា​នូវ​វិស័យ​សន្តិសុខ និង​កិច្ច​ការពារជាតិ “ ។

​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ សន្ធិសញ្ញា​មួយទៀត ត្រូវបាន​ចុះហត្ថលេខា រវាង ព្រុយ​ណេ និង​ចក្រភព​អង់គ្លេស ដោយ​ចែងថា “ ព្រុយ​ណេ​ទទួលខុសត្រូវ​នូវ​កិច្ចការ អន្តរជាតិ ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ ។ ចក្រភព​អង់គ្លេស ព្រម​ជួយ​បញ្ហា​ការទូត “ ។
នៅ​ខែឧសភា ឆ្នាំ​១៩៨៣ ចក្រភព​អង់គ្លេស បានប្រកាសថា ឯករាជ្យភាព របស់​ព្រុយ​ណេ នឹងត្រូវ​បានប្រគល់​ឱ្យ​នៅ​ថ្ងៃទី​១ ខែ មករា ឆ្នាំ ១៩៨៤ ។

​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៨៣ ការជួប​ជុំគ្នា​ដ៏​ធំ​មួយ ត្រូវបានធ្វើ​នៅតាម​ព្រះវិហារ​ម៉ូ​សក៍ នៃ ស្រុក​ទាំង​បួន​របស់​ប្រទេស ។ ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៤ គឺជា​ការប្រកាស​ឯករាជ្យ​ភាព​ពេញលេញ​របស់ ព្រុយ​ណេ ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ព្រុយ​ណេ ប្រារព្ធ​ទិវា​ប្រកាស​ឯករាជ្យ​ជាតិ របស់​ពួកគេ​ដើម្បី​រំលឹក ដល់​ថ្ងៃ​នេះឯង ៕ ស្រាវជ្រាវប្រែសម្រួល: មេសា

​ស៊ុ​លត​ង់ អូ​ម៉ា អា​លី សាយ​ហ្វ៊ូ​ដៀ​ន ទី ៣​ជា​អ្នកផ្តើមគំនិត​តាក់ តែង​រដ្ឋ​ម​ធម្មនុញ្ញ ព្រុយ​ណេ ដែលជា​មូលដ្ឋាន​នាំឱ្យ​ព្រុយ​ណេ ទទួលបាន​ឯករាជភាព​ពី អង់គ្លេស (​អូ​ម៉ា អា​លី​
​ទីក្រុង បាន់​ដា ស៊េរី បេ​ហ្កា​វ៉ាន់ នៃ ប្រទេស ព្រុយ​ណេ (​បេ​ហ្កា​វ៉ាន់​)
#