ភ្នំពេញៈ រដ្ឋាភិបាលនិងប្រជាជនឡាវ ប្រារព្ធទិវាប្រកាសសាធារណរដ្ឋប្រជាមានិតឡាវ នៅថ្ងៃ ទី២ ខែធ្នូ ដើម្បីរំឭកដល់ថ្ងៃដែលពួកកុម្មុយនិស្តឡាវ សហការជាមួយកុម្មុយនិស្តវៀត ណាម ផ្តួលរំលំរដ្ឋាភិបាលរាជានិយមឡាវ និងបង្កើតជាសាធារណរដ្ឋប្រជាមានិតឡាវកាលពី ឆ្នាំ១៩៧៥ ។
ភូមិសាស្ត្រា-ប្រជាសាស្ត្រ
សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ មានផ្ទៃដី ២៣៧.៩៥៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិកមួយ ក្នុងចំណោមសមាជិកទាំង ១១ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មានព្រំដែនជាប់នឹងប្រទេសមីយ៉ាន់ម៉ា ចិន វៀតណាម ថៃ និង កម្ពុជា ។ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ជាង ៧ លាននាក់ ភាគច្រើន ជាអ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ភាសាផ្លូវការ គឺភាសាឡាវ រដ្ឋធានីគឺទីក្រុង វៀងច័ន្ទ ។
ប្រវត្តិសាស្ត្រ
នៅចុងសតវត្សរ៍ទី១៩ ទីក្រុងហ្លួងព្រះបាង នៃប្រទេសឡាវ បានស្ថិតក្រោមការរុកគួនពីកងទ័ព ទង់ខ្មៅចិន ។ កងទ័ពបារាំង ដែលបានត្រួតត្រាវៀតណាម និងកម្ពុជា ហើយនោះក៏បានជួយ សង្គ្រោះស្តេច អួន ខាម របស់ឡាវ ហើយបានដាក់ទឹកដី ហ្លួងព្រះបាងក្រោមអាណានិគម របស់ខ្លួន ដែលមានឈ្មោះថា ឥណ្ឌូចិន បារាំង (កម្ពុជា-វៀតណាម-ឡាវ)។ បន្ទាប់ពីនោះ មិនយូរប៉ុន្មាន អាណាចក្រចម្បាសាក់ និង វៀនធានក៏ត្រូវបានដាក់បញ្ចូលជាទឹកដីអាណានិគម បារាំងបន្ថែមទៀត។ ស្តេច ស៊ីសាវ៉ាង វង្ស ក៏បានឡើងសោយរាជ្យលើទឹកដីឡាវ រួបរួម ។
ឡាវ មិនសូវមានសារសំខាន់ ចំពោះ បារាំង ឡើយ ឡាវ ផលិតដូចជាជ័រកៅស៊ូ និងកាហ្វេ ប៉ុន្តែមានចំនួនមិនលើសពីមួយភាគរយ នៃចំនួននាំចេញរបស់ ឥណ្ឌូចិន បារាំង ឡើយ ។ គិតត្រឹមឆ្នាំ១៩៤០ មានជនជាតិបារាំង រស់នៅលើទឹកដីឡាវ ប្រមាណជា ៦០០ នាក់ ។
នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសឡាវ ត្រូវបានដណ្តើមគ្នា ត្រួតត្រាដូចជា ពួកបារាំង ពួកហ្វាស៊ីសថៃ ជប៉ុន និង ពួកទាហានជាតិនិយមចិន ។
នៅខែមីនា ឆ្នាំ១៩៤៥ មានពួកចលនាជាតិនិយមមួយក្រុម បានប្រកាសថា ឡាវ គឺជាទឹកដី ឯករាជ្យ ដោយមានទីក្រុងហ្លួងព្រះបាង ជារាជធានី ។ ប៉ុន្តែនៅថ្ងៃទី៧ ខែមេសា ឆ្នាំ ដដែលនោះ កងទ័ពជប៉ុន បានចូលកាន់កាប់ទីក្រុងនេះ ។
កងទ័ពជប៉ុន មានបំណងចង់ឱ្យស្តេច ស៊ីសាវ៉ាង វង្ស ប្រកាសឯករាជភាពរបស់ឡាវ ។ ប៉ុន្តែនៅ ថ្ងៃទី៨ ខែមេសា នោះ ស្តេច ស៊ីសាវ៉ាង វង្ស បានជំនួសដោយការបញ្ចប់អាណានិគម បារាំង ប៉ុណ្ណោះ ។ ស្តេចឡាវ ស៊ីសាវ៉ាង វង្ស បានបញ្ជូនជាសម្ងាត់ នូវព្រះអង្គម្ចាស់ គិនដាវង្ស ឱ្យជា តំណាងប្រទេសឡាវ ចូលរួមជាមួយក្រុមសម្ព័ន្ធមិត្ត (មានអាមេរិក និងអង់គ្លេស ជាប្រមុខ ដែលជាក្រុមសត្រូវរបស់ ជប៉ុន) ហើយព្រះអង្គ ម្ចាស់ ស៊ីសាវ៉ាង ជាតំណាងប្រទេស ឡាវ ជាមួយ ជប៉ុន គឺស្តេចឡាវ ដើរនយោបាយ “ ទ្រូមួយប្រឹសពីរ “ ជាមួយពួកបច្ចាមិត្តក្នុងសង្គ្រាមលោក លើកទី២ គឺសម្ព័ន្ធមិត្ត និង ជប៉ុន ដែលប្រការនេះ បើនិយាយថា គ្រោះថ្នាក់ ក៏គ្រោះថ្នាក់មែន ប៉ុន្តែបើនិយាយថា វាងវៃ ក៏វាងវៃ ដែរ ព្រោះថា ក្នុងសម័យសង្គ្រាមមិនអាចយកភក្តីភាពតែ ម្យ៉ាងដាក់ខ្លួនបានទេ ពោលគឺថា ទោះភាគីណាឈ្នះ ឬចាញ់ ក៏ឡាវ ឈ្នះដែរ ។
នៅពេលមើលឃើញថា ខាងខ្លួននឹងឈ្នះសង្គ្រាមលោកលើកទី២ ហើយចាប់ពីថ្ងៃទី៤ដល់ថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ១៩៤៥ ប្រមុខសម្ព័ន្ធមិត្ត គឺអង់គ្លេស និងអាមេរិករួមជាមួយនឹងសហភាព សូវៀត ( សូវៀត មិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែជាតួអង្គមហាអំណាចដ៏សំខាន់មួយក្នុងសង្គ្រាម នោះ ) បានជួបជុំគ្នានាទីក្រុងយ៉ាល់តា ( សន្និសីទយ៉ាលតា ជាទីក្រុងកម្សាន្តនាតំបន់ឧបទ្វីប គ្រីមេ) ដើម្បីពិភាក្សាគ្នាអំពីការរៀបចំប្រទេសអាល្លឺម៉ង់ និងទ្វីបអឺរ៉ុបឡើងវិញក្រោយពេល សង្គ្រាម នឹងបញ្ចប់ទៅ ។
ក្រោយមកទៀត គឺសន្និសីទទីក្រុងផតស្តាំ នៃប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១៧ ខែ កក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ (សន្និសីទទាំង ២ នេះ ត្រូវបានគេហៅម្យ៉ាងទៀតថា ជាការ ជួបជុំគ្នារបស់មហាអំណាចទាំង ៣ ខាងលើ ដើម្បីបែងចែកពិភព លោក) ។ បារាំងដែលធ្លាប់ជា មហាអំណាច ដ៏សំខាន់មួយរបស់ពិភពលោក ពេល នោះ ពុំមានអ្វីនិយាយស្តីទៀតទេដោយ សារតែ បារាំង អស់ឬទ្ធិ៍ទៅហើយ បន្ទាប់ពីប្រទេសបារាំង ត្រូវបានកងទ័ពអាល្លឺម៉ង់ចូលកាន់ កាប់ស្ទើរទាំងស្រុង កាលក្នុងសម័យសង្គ្រាម។ ហេតុនេះ បារាំង បានត្រឹមតែឈរឱបដៃ បើកភ្នែក សម្លឹងមើលពួកមហា អំណាចទាំង ៣ បែងចែកពិភពលោកគ្នាដោយរួមទាំងទឹកដីធ្លាប់ ក្រោមអាណានិគមរបស់ខ្លួន ( បារាំង ) ផង ។ តាមរយៈសន្និសីទាំង ២ នោះ ទឹកដី ឥណ្ឌូចិន ដែលធ្លាប់ជាដែនដីអាណានិគមរបស់បារាំង ត្រូវបានប្រគល់ទៅឱ្យអង់គ្លេសជាអ្នកគ្រប់គ្រង ជំនួសវិញ ។
ប៉ុន្តែដោយសារ ឥណ្ឌូចិន មិនសូវមានប្រយោជន៍សម្រាប់អង់គ្លេសហើយភូមិសាស្ត្រក៏ស្មុគ ស្មាញ ថែមទាំងមានចលនាប្រឆាំងយ៉ាងច្របូកច្របល់ ខណៈដែលពេលនោះ អង់គ្លេស កំពុងជាប់ដៃនឹងសង្គ្រាមប្រឆាំងអាណានិគមអង់គ្លេស នៅនីហ្ស៊េរីយ៉ាផងណាមួយទើបតែចប់ សង្គ្រាមថ្មីៗ អង់គ្លេស ក៏ខ្សោះកម្លាំងណាស់ទៅហើយផង ទើបអង់គ្លេស គ្រប់គ្រង ឥណ្ឌូចិន បានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ក៏ប្រគល់ឥណ្ឌូចិន ទៅឱ្យបារាំងដែលជាអតីតម្ចាស់ អាណានិគមតំបន់នេះវិញ ។
ដោយហេតុនោះ នៅពេលដែល ជប៉ុន ចុះចាញ់សង្គ្រាមលោកលើកទី២បើទោះបីជាពួកអ្នក ជាតិនិយមឡាវ មួយចំនួន ចង់ប្រកាសឯករាជ្យភាពឡាវក្តី ក៏នៅតែទៅមិនរួច គឺឡាវត្រូវបន្ត ស្ថិតក្រោមការត្រួតត្រារបស់កងទ័ពបារាំង តទៅទៀត ចាប់ពីដើមឆ្នាំ១៩៤៦ ដោយ បារាំង គ្រាន់តែផ្តល់ស្វ័យភាពដល់ឡាវ តិចតួច ប៉ុណ្ណោះ ។
នៅអំឡុងសង្គ្រាមឥណ្ឌូចិន លើកទី១ (១៩ ធ្នូ ១៩៤៦-១ សីហា ១៩៥៤ ) បក្សកុម្មុយនិស្ត ឥណ្ឌូចិន បានបង្កើតអង្គការចលនាតស៊ូ ប៉ាថេត ឡាវ ។ អង្គការចលនាតស៊ូ ប៉ាថេត ឡាវ បានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងអាណានិគមបារាំងដោយមានជំនួយពីអង្គការវៀតណាម ឯករាជ្យ (វៀតមិញ) ។ នៅឆ្នាំ១៩៥០ បារាំងបានផ្តល់សិទ្ធិពាក់កណ្តាលស្វ័យភាពទៅ ឡាវ ក្នុងឋានៈជារដ្ឋសមាគម នៅក្នុងសហភាពបារាំង រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៥៣ ឡាវ ទទួលបានឯករាជ្យភាពពេញលេញ ជាប្រទេសរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។
ឯករាជ្យ និងចាប់ផ្តើមការត្រួតត្រារបស់កុម្មុយនិស្ត
សង្គ្រាមឥណ្ឌូចិនលើកទី១ បានកើតឡើងពាសពេញឥណ្ឌូចិន បារាំង ហើយទីបំផុត បារាំង ក៏បានចាញ់សង្គ្រាម និងបានចុះហត្ថលេខា ប្រគល់ឯករាជ្យភាពឱ្យឡាវ នៅក្នុងសន្និសីទ ទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ ។ នៅឆ្នាំ១៩៥៥ ក្រសួងការពារជាតិអាមេរិកបានបង្កើតកម្មវិធី ពិសេសមួយ ជំនួសកងទ័ពបារាំង សម្រាប់គាំទ្រកងទ័ពភូមិន្ទឡាវ ប្រឆាំងនឹងពួកកុម្មុយនិស្ត ប៉ាថេត ឡាវ ។
ឆ្នាំ១៩៦០ ខណៈមានឩទ្ទាមកម្មជាច្រើននៅក្នុងប្រទេសឡាវ ការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងកងទ័ពភូមិន្ទឡាវ និង កងទ័ពដែលគាំទ្រដោយវៀតណាមកុម្មុយនិស្ត និងកងទ័ព ប៉ាថេត ឡាវ ដែលគាំទ្រដោយ សហភាពសូវៀត ។
រដ្ឋាភិបាលបណ្តោះអាសន្នទី២ ដែលបង្កើតឡើង ដោយព្រះអង្គម្ចាស់ ស៊ូវណ្ណ ភូម នៅឆ្នាំ១៩៦២ ទៅជាមិនបានជោគជ័យ ហើយស្ថានភាព នៃសង្គ្រាមស៊ីវិល ក៏ទៅជាកាន់តែធ្ងន់ធ្ងរទៅៗ និង រីកធំឡើងរវាងរាជរដ្ឋាភិបាលឡាវ និងពួកកុម្មុយនិស្ត ប៉ាថេត ឡាវ ដែលទទួលបានការគាំទ្រ យោធា ដោយវៀតណាមកុម្មុមនិស្ត និងពួកវៀតកុង (កងទ័ពវៀតណាមខាងត្បូងដែលជាអ្នក ប្រឆាំងនឹងវត្តមានអាមេរិក នៅទីនោះ)។
ទឹកដីឡាវ (គឺដូចជាកម្ពុជា) បានក្លាយជាគន្លឹះដ៏សំខាន់ នៃសង្គ្រាមវៀតណាម (វៀតណាមខាង ជើង ឬ វៀតណាមកុម្មុយនិស្ត និង វៀតណាខាងត្បូង ដែលគាំទ្រដោយអាមេរិក) តាំងពីប្រទេស នេះត្រូវបានលុកលុយដោយកងទ័ពវៀតណាមខាងជើង សម្រាប់ប្រើប្រាស់ជាផ្លូវដឹកជញ្ជូន សម្ភារផ្គត់ផ្គង់កងទ័ពវៀតណាមខាងជើង នៅសមរភូមិមុខ ។
ជាការឆ្លើយតប អាមេរិក បានចាប់ផ្តើមបើកយុទ្ធនាការទម្លាក់គ្រាប់បែកទៅលើទីតាំងកងទ័ព វៀតណាមខាងជើងនៅក្នុងប្រទេសឡាវ ដើម្បីជួយដល់ក្រុមប្រឆាំងនឹងកុម្មុយនិស្តក្នុងប្រទេស ឡាវ និង ដើម្បី ជាការបើកផ្លូវឱ្យវៀតណាមខាងត្បូងចូលទៅក្នុងប្រទេស ឡាវ ។
នៅឆ្នាំ ១៩៦៨ វៀតណាមខាងជើង បើកការវាយលុកទៅលើកងទ័ពភូមិន្ទ ឡាវ ដើម្បីជួយពួក កុម្មុយនិស្ត ប៉ាថេត ឡាវជាលទ្ធផលសង្គ្រាមនេះធ្វើឱ្យជម្លោះមានដល់អម្បូរជាតិសាសន៍ផ្សេងៗ កាន់តែធំទៅៗ ។
ការទម្លាក់គ្រាប់បែកយ៉ាងច្រើនមហិមារបស់កងទ័ពអាមេរិកទៅលើទីតាំងកងទ័ពកុម្មុយនិស្តឡាវ ឬ ប៉ាថេត ឡាវ និង ការលុកលុយរបស់កងទ័ពវៀតណាមដើម្បីជួយការពារកុំឱ្យរបបរាជា និយមនៅ ឡាវ ដួលរលំ និងដើម្បីកាត់ផ្តាច់ផ្លូវលំហូជីមិញ ជាផ្លូវដែលពួកកុម្មុយនិស្តវៀតណាម ប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារផ្គត់ផ្គង់កងទ័ព នៅសមរភូមុខប្រឆាំងអាមេរិក និងវៀតណាម ខាងត្បូង ។
ការទម្លាក់គ្រាប់បែក ដោយកងទ័ពអាមេរិកពី រវាងឆ្នាំ ១៩៦៤ និង ១៩៧៣ ធ្វើឱ្យប្រទេសឡាវ ក្លាយជាទឹកដីដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេបំផុត ក្នុងលោក ដោយយន្តហោះ B-52 របស់អាមេរិក គិតជាមធ្យម ៨ នាទី បានទៅទម្លាក់គ្រាប់បែកម្តងលើប្រទេសឡាវហើយជាសរុប ទៅមានគ្រាប់ច្រើនជាងគ្រាប់បែក សរុបដែលគេប្រើប្រាស់ក្នុងសង្គ្រាមលោកលើកទី២ ទៅទៀត ។
នៅឆ្នាំ ១៩៧៥ ពួកកុម្មុយនិស្ត ឡាវ ឬ ប៉ាថេត ឡាវ និង កងទ័ពកុម្មុយនិសុ្តវៀតណាមគាំទ្រ ដោយសហភាពសូវៀត បានផ្តួលរំលំរដ្ឋាភិបាលរាជានិយម ឡាវ បង្ខំឱ្យស្តេច សុវ៉ាង វឌ្ឍនៈ ដាក់រាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ នោះ ។ ក្សត្រអស់បុណ្យអង្គនេះ ក្រោយមកបានចូលទិវង្គត ក្នុងគុករបស់ពួកកុម្មុយនិស្ត ។ ប្រជាជនឡាវ ប្រមាណជា ៧០.០០០ នាក់បានស្លាប់នៅក្នុង សង្គ្រាមស៊ីវិល នោះ។
បន្ទាប់ពីបានកាន់កាប់អំណាចភ្លាមមក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ នោះ ពួកកុម្មុយនិស្ត ឡាវ ឬ ប៉ាថេតឡាវ បានប្តូរឈ្មោះប្រទេសឡាវ ដោយបង្កើតជា សាធារណរដ្ឋ ប្រជាមានិតប្រជាធិប តេយ្យឡាវ រហូតមក ។ រដ្ឋាភិបាល និងប្រជាជនឡាវ ប្រារព្ធទិវាប្រកាសសាធារណ រដ្ឋប្រជាមានិតឡាវ គឺ ដើម្បី រំឭកដល់ថ្ងៃនោះឯង ។
នៅឆ្នាំ១៩៧៩ វៀតណាម ដែលជាអ្នកមានគុណរបស់ពួកកុម្មុយនិស្តឡាវ បានស្នើឱ្យឡាវ ផ្តាច់ទំនាក់ទំនងពីសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យឡាវក្លាយជាប្រទេសឯកោពីប្លុក កុម្មុយនិស្ត និងពីប្លុកសេរី ពោលគឺស្ថិតក្រោមឥទ្ធិពល វៀតណាម តែមួយគត់ ៕ ដោយៈមេសា