ទិវា​ផ្សះផ្សា សាធារណរដ្ឋ​កុង​ហ្គោ​

793
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ កុង​ហ្គោ ប្រារព្ធ ទិវា​ផ្សះផ្សា របស់​ពួកគេ​នៅ​ថ្ងៃទី ១០ ខែ មិថុនា ដើម្បី រំឭក​ដល់​ថ្ងៃ​ពួកគេ​ប្រារព្ធ​សន្និសីទ​ជាតិ​ដែល​បាន​ផ្លាស់ប្តូរ​ប្រទេស ទៅជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយក៏​បាន​លប់​ពាក្យ​ថា ប្រជាមានិត​ចេញពី ឈ្មោះ​ប្រទេស​នេះដែរ បន្ទាប់ពី​ប្រទេស​នេះ ស្ថិតក្រោម​ការគ្រប់គ្រង នៃ​របប​កុ​ម្មុយ​និ​ស្ត ផ្តាច់ការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​។ ប៉ុន្តែ​ក្រោយមក​ប្រទេស​បាន​ធ្លាក់​ក្នុង​សង្គ្រាម ស៊ីវិល​មួយរយៈ​។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​កុង​ហ្គោ មាន​ផ្ទៃដី ៣៤២.០០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីបអាហ្វ្រិក មាន​ព្រំដែន​ជាប់ ប្រទេស​ហ្កា​បោ​ន , កា​ម៉េ​រូ​ន , អាហ្វ្រិក កណ្តាល , អង់​ហ្គោ​ឡា និង មហាសាគរ អា​ត្ល​ង់​ទិ​ក ។ ឆ្នាំ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាង ៨៦ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា គ្រិស្ត , ភាសាផ្លូវការ គឺ​ភាសា បារាំង រដ្ឋធានី គឺ​ទីក្រុង គីន​ស្ហា​សា ។​

​ប្រវត្តិសាស្ត្រ​-​ធ្លាក់​ក្រោ​អាណានិគម​បារាំង​
​អ្នកស្រាវជ្រាវ​ជនជាតិ ព័រទុយហ្កាល់ ឈ្មោះ Diogo Cão បាន​ទៅដល់​តំបន់​ដែលជា ប្រទេស កុង​ហ្គោ រាល់ថ្ងៃនេះ នៅ​ឆ្នាំ ១៤៨៤ ដែល​នៅ​ទីនោះ មាន​អាណាចក្រ​មួយ រួចទៅហើយ​ឈ្មោះ Bantu ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង អាណាចក្រ Bantu និង អឺរ៉ុប បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​ជួ​យញ​ដូរ​នូវ​ទំនិញ​ដែល​ផលិត​ផង និង​ជួញដូរ មនុស្ស​ផង ។

​តាមរយៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងនេះ និង​ការរុករក​របស់​ជន​ជាតិ​បារាំង​ដើមកំណើត អ៊ីតាលី ម្នាក់​ឈ្មោះ Pietro Paolo Savorgnan di Brazzà ធ្វើឱ្យ​ទឹកដី​ភាគ​ខាងជើង នៃ តំបន់​កុង​ហ្គោ បាន​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​បារាំង នៅ​ឆ្នាំ ១៨៨០ ។ បន្ទាប់មក បារាំង ក៏បាន​កាន់កាប់ កុង​ហ្គោ​កណ្តាល នៅ​ឆ្នាំ​១៩០៣ ។ ឆ្នាំ​១៩០៨ បាន​បង្កើតឱ្យមាន សហព័ន្ធ អាហ្វ្រិក Equatorial បារាំង ដែល​ក្នុងនោះ​មាន ទឹកដី​កុង​ហ្គោ​កណ្តាល ហ្កា​បោ​ន ឆាដ និង Oubangui-Chari ( តំបន់​ដែលជា​សាធារណរដ្ឋ អាហ្វ្រិក កណ្តាល បច្ចុប្បន្ន ) ។

​តាមរយៈ​ការទាញយក​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​ធ្វើឱ្យ​សេដ្ឋកិច្ច​លូតលាស់ រយៈពេល ៥០ ឆ្នាំ ចាប់ពី​នោះមក ។ ប៉ុន្តែ​វិធី​គ្រប់គ្រង​ជាទូទៅ​គឺ​របៀប​ឃោ​ឃៅ ជាក់ស្តែង​ការស្ថាបនា​ផ្លូវ​រថភ្លើង​កាត់​សមុទ្ទ​នៅ កុង​ហ្គោ​បានសម្លាប់​មនុស្ស​យ៉ាងហោច ណាស់ ១៤.០០០ នាក់ ។​

​នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​២ ( ១៩៣៩-១៩៤៥) បន្ទាប់ពី​ពួក​ណា​ស៊ី​អាល្លឺម៉ង់ បាន​ចូល​កាន់កាប់​ប្រទេស បារាំង មក ស្ថានភាព​របស់​ប្រទេស បារាំង មានការ​ប្រែប្រួល និង កែទម្រង់​ច្រើន ។

​អំឡុង​ពេលនោះ កុង​ហ្គោ កណ្តាល ត្រូវបាន​ប្រែក្លាយជា សាធារណរដ្ឋ​កុង​ហ្គោ នៅ​ឆ្នាំ ១៩៥៨ ហើយ​បានប្រកាស​ឱ្យប្រើ​ប្រាស់​នូវ​រដ្ឋធម្មនុញ្ញ​ដំបូង​របស់ខ្លួន នៅ​ឆ្នាំ ១៩៥៩ ។ ប៉ុន្តែ​ក៏មាន​វិវាទ​គ្នាច្រើន រហូតដល់​មាន​កូដកម្ម​ជា​ហូរហែ​នាំឱ្យមាន​ការអន្តរាគមន៍ ដោយ​កងទ័ព បារាំង ។

​ក្រោយ​សម័យ​ឯករាជ្យ​ពី បារាំង​
​ការបោះឆ្នោត ត្រូវបានធ្វើ​នៅក្នុង​ខែមេសា ឆ្នាំ​១៩៥៩ ហើយ​សាធារណរដ្ឋ​កុង​ហ្គោ បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ ពី​បារាំង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៦០ ដោយមាន​លោក Fulbert Youlou ជា​ប្រធានាធិបតី​លើក​ទី​១ របស់​សាធារណរដ្ឋ​កុង​ហ្គោ នោះ ។

​ប៉ុន្តែ​នៅ​ខែសីហា ឆ្នាំ​១៩៦២ លោក​ប្រធានាធិបតី Fulbert Youlou បានប្រកាស​ដាក់ សាធារណរដ្ឋ​កុង​ហ្គោ ថា​ជា​រដ្ឋ​ឯក​បក្ស ដែល​គ្រប់គ្រង​ដោយ​គណបក្ស UDDIA របស់គាត់ ដែល​ប្រការ​នោះ នាំឱ្យមាន​ការជំទាស់​ពី​មនុស្ស​ជាច្រើន​ក្រុម ច្រើន​បក្ស ។​

​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​១៩៦៣ ចលនា​ពលកម្ម​កុង​ហ្គោ​បានក្លាយ​ជាទី​ប្រមូលផ្តុំ​ច្រើន ឡើងៗ ហើយ​នោះ​គឺជា​ការប្រមូលផ្តុំ​នៃ​ចលនា​មិន​ស្របតាម​ការស្នើ​របស់លោក ប្រធានាធិបតី Fulbert Youlou ដែល​បានប្រកាស​ដាក់​ប្រទេស ឱ្យទៅជា​រដ្ឋ​ឯក​បក្ស ។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់លោក​ប្រធានាធិបតី Sékou Touré នៃ ប្រទេស​ហ្គី​ណេ នៅ​ថ្ងៃទី ៥-៦ ខែមិថុនា ឆ្នាំ​១៩៦៣ នោះបាន​ប្រែក្លាយ​ស្ថានភាព ឱ្យ​ឆេះ​សន្ធោ​ឡើង ។ សហជីព​ពាណិជ្ជកម្ម និង​ចលនា​យុវជន នាំគ្នា​ធ្វើបាតុកម្ម ហើយ​ស្រែកថា ” លោក Touré’s ចំអក​ឱ្យ​លោក Youlou ! ” ។​

​បន្ទាប់មក រណ​សិ​រ្យ​សហជីព​ពាណិជ្ជកម្ម​កណ្តា​ល ត្រូវបាន​បង្កើតឡើង ។ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​១៩៦៣ គណៈកម្មការ​ពាណិជ្ជក​ម្ម​ចម្រុះ​ចំនួន ២ ត្រូវបាន​បង្កើតឡើង ដែល​ក្នុងនោះ ក៏មាន​សមាសភាព​គណ​បក្សនយោបាយ CGAT, CSAL និង CATC ផង ។ នៅក្នុង​បាតុកម្ម​ប្រឆាំង​ទៅនឹង​ការស្នើ​ដាក់ឱ្យ​ប្រទេស​ទៅជា​ឯក​បក្ស​នោះ​សហជីព ពាណិជ្ជកម្ម បាន​អំពាវនាវ​ឱ្យធ្វើ​កូដកម្ម​ជាទូទៅ នៅ​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​១៩៦៣ ។​

​បាតុកម្ម​តវ៉ា បានចាប់ផ្តើម នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​១៩៦៣ ដែល​ក្នុងនោះ​មាន​សមា សភាព​កម្មករ និង​ពួក​អ្នក​ឥត​ការងារ​ធ្វើ ។ បាតុករ អំពាវនាវ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល និង សុំឱ្យ​ដោះលែង​សកម្មជន​ការងារ ដែល​ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ ។ រដ្ឋាភិបាល​បាន បញ្ជា​ទាហាន​ឱ្យ​បើក​ការបាញ់ប្រហារ ទៅលើ​ហ្វូងមនុស្ស​ដោយបាន​សម្លាប់​សមាជិក សហជីព ៣ នាក់ ។ ពេលនោះ ហ្វូង​បាតុករ បានប្រែក្លាយ​ទៅជា​កុបកម្ម​ហិង្សា ។ ផ្ទះសំបែង​ជាច្រើន​ត្រូវបាន​ចូល​លួច​ប្លន់ ហើយ​បរិវារ​របស់លោក​ប្រធានាធិបតី Youlou ត្រូវបាន​សម្លាប់ ។​

​គិត​ត្រឹម​ថ្ងៃទី​១៤ សីហា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Youlou​នៅតែ​រក្សាបាន​នៅ ឡើយ ។ លោក​ប្រធានាធិបតី Youlou បាន​ទាក់ទង​ទៅ​លោក​ប្រធានាធិបតី បារាំង ហ្សា​ល ដឺ​ហ្គោល ស្នើសុំ​ការធ្វើអន្តរាគមន៍​ពី​កងទ័ព បារាំង ដើម្បី​សង្គ្រោះ​រដ្ឋាភិបាល របស់គាត់ ។​

​ប៉ុន្តែ​សំណើ​នោះ ត្រូវបាន​ប្រធានាធិបតី ដឺ ហ្គោល បដិសេធ ។ ឆ្លៀតឱកាស​នោះ នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៦៣ បោះ​កងទ័ព បាន​ដក​ការគាំទ្រ​របស់​ពូកគេ​ចំពោះ លោក​ប្រធានាធិបតី Youlou ហើយ​ទៅ​ឈរ​នៅ​ខាង​ពួក​សហជីព​ពាណិជ្ជកម្ម និង សហជីព​យុវជន កុង​ហ្គោ វិញ​ម្តង ។ បានសេចក្តីថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Youlou បាន​ដល់ទី​អវសាន​នាពេល​នោះឯង ។​

​ការដួលរលំ​ទៅ នៃ​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Youlou បាន​នាំយក​មនុស្ស ២ ក្រុម​ចូលកាន់​អំណាច គឺ​ក្រុម​កងទ័ព​១ និង​ក្រុម​សហជីព​ពាណិជ្ជកម្ម ១ ។ ទោះយ៉ាងណា គ្មាន​ក្រុម​ណាមួយ ជា​តំណាង​របស់​រដ្ឋាភិបាល​បណ្តោះអាសន្ន ដែល​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៦៣ ឡើយ ។ នៅ​ថ្ងៃទី​១៦ ខែ និង ឆ្នាំ ដដែល​នោះ​ក្រុម សហជីព​ពាណិជ្ជកម្ម បាន​បង្កើត​ក្រុមប្រឹក្សា​បដិវត្ត​ជាតិ (CNR) ឡើង ។​

​ក្រុម​កងទ័ព​បាន​កាន់​កាប់​ប្រទេស មួយរយៈ​ពេល​ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល បណ្តោះអាសន្ន​មួយ​ឡើង ដឹកនាំ​ដោយ​លោក Alphonse Massamba-Débat (​នាយករដ្ឋមន្ត្រី ) ។​

​ក្រោម​អំណាច​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៦៣ លោកនាយក​រដ្ឋមន្ត្រី Massamba-Débat ត្រូវបាន បោះឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​រយៈពេល ៥ ឆ្នាំ ។ អំឡុងពេល​អាណត្តិ​រប​ស់ លោក​ប្រធានាធិបតី Massamba-Débat បានអនុម័ត​ទទួលយក សង្គមនិយម​វិទ្យាសាស្ត្រ ជា​លិ​ទ្ធិ​របស់​ប្រទេស ។​

​ឆ្នាំ​១៩៦៥ រដ្ឋាភិបាល​កុង​ហ្គោ បាន​បង្កើត​ទំនាក់ទំនង​ជាមួយ​សហ​ភាព​សូ​វៀត​, សាធារណរដ្ឋ​ប្រជាមានិត​ចិន , កូរ៉េខាងជើង និង​វៀតណាម​ខាងជើង ។ លោក​ប្រ​ធានា ធិបតី Massamba-Débat ក៏បាន​អញ្ជើញ​កងទ័ព​គុយបា ជាច្រើន​រយ​នាក់​ចូលក្នុង​ប្រទេស កុង​ហ្គោ ដើម្បី​បង្ហាត់​កងជីវពល នៃ​គណបក្ស​របស់គាត់​ផងដែរ ។​

​លោក Marien Ngouabi ជា​អ្នកនយោបាយ​ឆ្វេងនិយម បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ លោក​ប្រធានាធិបតី Massamba-Débat នៅ​ឆ្នាំ ១៩៦៦ ។ ប៉ុន្តែ​មិនបាន​សម្រេច ( ដោយសារ​កងទ័ព​គុយបា ទប់ស្កាត់ ) ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​១៩៦៨ ។ ទោះយ៉ាងណា គាត់​ត្រូវបាន​ដោះលែង​វិញ នៅ​ថ្ងៃទី ៣១ ខែ និង ឆ្នាំ ដដែល​នោះ ។​

​ក្រុមប្រឹក្សា​បដិវត្តន៍​ជាតិ ( CNR ) ដឹកនាំ​ដោយ​លោក Ngouabi ត្រូវបាន​បង្កើតឡើង​នៅ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៦៨ ។ លោក​ប្រធានាធិបតី Massamba-Débat​មិនត្រូវ​បាន​គេ​ធ្វើ រដ្ឋប្រហារ ឬ​ទម្លាក់​ចេញពី​អំណាច​ឡើយ ប៉ុន្តែ​អំណាច​របស់គាត់​ត្រូវបាន​ក្រុមប្រឹក្សា បដិវត្តន៍ CNR ធ្វើឱ្យ​ខ្សោះ​ខ្សោយ ស្ទើរតែ​គ្មាន​សល់​អ្វី​សោះ​ក៏បាន​លាលែង​ពី​តំណែង នៅ​ថ្ងៃទី​៤ ខែ កញ្ញា ឆ្នាំ​១៩៦៨ ។ លោក Ngouabi ត្រូវបាន​ក្រុមប្រឹក្សា​បដិវត្តន៍ CNR ដំឡើង​ឋានៈ​ជា​មេ​បញ្ចា​ការ​កងទ័ព នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ ១៩៦៨ ។

​លោកនាយក​រដ្ឋមន្ត្រី Alfred Raoul បាន​បំពេញការងារ​ជា​ប្រមុខរដ្ឋស្តីទី រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​១៩៦៨ នៅពេលដែល​ក្រុមប្រឹក្សា​បដិវត្តន៍ CNR បាន​ក្លាយជា​អាជ្ញាធរ ជាន់ខ្ពស់​របស់​ប្រទេស​ជា​ផ្លូវការ ហើយ​លោក Ngouabi ដែលជា​ប្រមុខ​នៃ CNR ក៏បាន ឡើងជា​ប្រធានាធិបតី ហើយ​បាន​ប្តូរ​ឈ្មោះ ក្រុមប្រឹក្សា​បដិវត្តន៍ CNR ទៅជា​គណបក្ស PCT ។​

​ជា​ប្រទេស​លទ្ធិ​ម៉ាក្ស​-​ឡេ​នី​នទី ១ នៅ​អាហ្វ្រិក​
​នៅពេល​ឡើងកាន់​អំណាច លោក​ប្រធានាធិបតី Ngouabi បាន​ប្តូរ​ឈ្មោះ​ប្រទេស​ទៅជា សាធារណរដ្ឋ​ប្រជា​មាន​និ​ត​កុង​ហ្គោ ដោយ​ប្រកាសថា ជា​ប្រទេស​កាន់​លទ្ធិ​ម៉ាក្ស​-​ឡេ​នី​ន ទី​១ នៅ​អាហ្វ្រិក ហើយ​បាន​បង្កើត​គណបក្ស​កម្ម​ករ​កុង​ហ្គោ (PCT) ថា​ជា​គណបក្ស នយោបាយ​ស្របច្បាប់​តែមួយគត់​របស់​ប្រទេស ។ ប្រការនេះ​បណ្តាលឱ្យមាន​ចលនា ប្រឆាំង​នៅក្នុង​ទីក្រុង Brazzaville ។​

​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​១៩៧២ មនុស្ស ១ ក្រុម ដែលមាន​ភក្តីភាព​ចំពោះ​លោក Ange Diawara ដែលជា​អ្នកនយោបាយ និង​ជា​ឥស្សរជន​យោធា​ម្នាក់ នៃ​កុង​ហ្គោ បាន​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក​ប្រធានាធិបតី Ngouabi ប៉ុន្តែ​មិនបាន​សម្រេច ហើយ​ជាង ១ ឆ្នាំ ក្រោយមក​លោក Diawara ត្រូវបាន​មនុស្ស ដែល​ស្មោះត្រង់​នឹង​លោក​ប្រធានាធិបតី Ngouabi ពួនស្ទាក់​ចាប់បាន និង សម្លាប់ចោល ។​

​ទោះយ៉ាងណា នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​១៩៧៧ លោក​ប្រធានាធិបតី Ngouabi ត្រូវបាន គេ​លប​ធ្វើឃាត​បាន​ដោយ​ជោគជ័យ ។ គណៈកម្មាធិការ​កងទ័ព នៃ​គណបក្ស (CMP) ដែលមាន​សមាជិក ១១ នាក់ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា​រដ្ឋាភិបាលបណ្តោះអាសន្ន ដោយមាន​លោក Joachim Yhombi-Opango ជា​ប្រធានាធិបតី ។ ២ ឆ្នាំ​ក្រោយមក​លោក Yhombi-Opango ត្រូវបាន​បង្ខំ​ឱ្យ​ចុះ​ចេញពី​អំណាច ហើយ​លោក Denis Sassou Nguesso បាន​ក្លាយជា​ប្រធានាធិបតី​បន្ត ។

​លោក​ប្រធានាធិបតី Sassou Nguesso បាន​ចងសម្ព័ន្ធភាព ជាមួយ​ប្លុក​លោក​ខាងកើត ហើយ​បាន​ចុះហត្ថលេខា​មិត្តភាព​ជាមួយ សហភាពសូវៀត ២០ ឆ្នាំ ដែល​បានសេចក្តីថា ប្រទេស​នេះ នៅតែ​ជា​ប្រទេស​កុ​ម្មុយ​និ​ស្ត ផ្តាច់ការ​ដដែល ។​

​ជា​រដ្ឋ​សេរី​ពហុបក្ស​មួយ​ដង្ហើម​
​បន្ទាប់ពី​ខ្សោះ​ខ្យល់ ដោយសារ​ការរត់​ប្រណាំង​ជាមួយ​អាមេរិក និង សម្ព័ន្ធមិត្ត​នៅក្នុង សង្គ្រាមត្រជាក់ អស់​រយៈពេល ៤៥ ឆ្នាំ ( ១៩៤៦-១៩៩១ ) មក សហភាពសូវៀត​បាន ដល់ទី​អវសាន​នៅ​ខែធ្នូ ឆ្នាំ​១៩៩១ ។ ប្រការនេះ​បានសេចក្តីថា​បណ្តា​ប្រទេស ក​ម្មុយ​និ​ស្ត ដែល​នៅក្រោម​ឱវាទ និង​ជា​សម្ព័ន្ធមិត្ត របស់​សហភាពសូវៀត ដែល​ក្នុងនោះ​មាន​ទាំង កុង​ហ្គោ ផង លែងមាន​ខ្នងបង្អែក​ទៀត​ដែរ ។​

​ដោយ​ឃើញ​សហភាពសូវៀត មុខតែ​នឹង​ដល់ទី​អវសាន​ចៀស​មិន​ផុត កុង​ហ្គោ បាន ប្រារព្ធ សន្និសីទ​ថ្នាក់ជាតិ​មួយ នៅ​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៩១ ដោយបាន​ផ្តា​ល់​ប្តូរ ប្រទេស​ពីរ​បប​កុ​ម្មុយ​និ​ស្ត​ឯក​បក្ស ទៅជា​ប្រទេស​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ។ ពាក្យ​ថា ” ប្រជាមានិត ” ក៏ត្រូវ​បាន​លប់​ចេញពី​ឈ្មោះ​ប្រទេស នៅក្នុង​សន្និសីទ​ជាតិ នោះដែរ ។

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កុង​ហ្គោ ប្រារព្ធ​ទិវា​ផ្សះផ្សា កុង​ហ្គោ ដើម្បី​រំឭក​ដល់ ព្រឹត្តិការណ៍​នោះឯង ។​

​ឆ្នា​១៩៩២ ការបោះឆ្នោត​សេរី​ពហុបក្ស ត្រូវបាន​ធ្វើឡើង ដោយ​លោក Pascal Lissouba ជាប់​ជា​ប្រធានាធិបតី ( ដល់ ១៩៩៧ ) ។ ការបោះឆ្នោត​បន្ទាប់​គ្រោង​នឹងធ្វើ​នៅ​ខែ កក្កដា ឆ្នាំ​១៩៩៧ ប៉ុន្តែ​បានកើត​សង្គ្រាមស៊ីវិល​ដឹកនាំ​ដោយ​លោក Lissouba ប្រឆាំង​លោក ប្រធានាធិបតី Sassou ។ ទីបំផុត​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Lissouba ត្រូវបាន​បង្ខំ ឱ្យ​ចុះចាញ់ លោក Sassou ដែលមាន​ការជួយ​អន្តរាគមន៍​យោធា​ពី​ប្រទេស អង់​ហ្គោ​ឡា ផង ហើយ​លោក Sassou បានប្រកាស​ខ្លួនឯង​ថា ជា​ប្រធានាធិបតី កុង​ហ្គោ ដែល​បាន សេចក្តី​ថា លទ្ធិប្រជាធិបតេយ្យនៅ កុង​ហ្គោ បាន​ជួប​ឧបសគ្គ ដោយ​ប្រការ​នេះឯង ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កុង​ហ្គោ នៅតែ​ប្រារព្ធ​ទិវា​ផ្សះផ្សា កុង​ហ្គោ នៅ​ថ្ងៃទី​១០ ខែមិថុនា ដើម្បី​រំឭក​ដល់​ការប្រកាស​ប្រទេស ទៅជា​ប្រទេស​សេរី​ពហុបក្ស ដដែល ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​