ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា ឆ្នាំនេះ

704
ចែករម្លែក

ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល និង​អង្គការ​សមាគម សហជីព​កម្មករ​ជាដើម​បាន​ជួបជុំ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា តាម​ទីកន្លែង​ផ្សេងៗ​គ្នា​នៅមុន និង​នៅ​ចំ​ថ្ងៃទី ១​ឧសភា ដើម្បី​រម្លឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នេះ​។ ប្រធានបទ និង​សារ​ផ្សេងៗ​គ្នា ត្រូវបាន​លើកឡើង ប៉ុន្តែ​ក្នុងន័យ​លើ​កម្ពស់​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​សម្រាប់​កម្មករ និយោជិត នៅ​កម្ពុជា​។​

​ទិវា​ពលកម្ម​អន្តរជាតិ ( International Labor Day) ថ្ងៃទី​១​ឧសភា ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍ នៅ​ទីលាន Haymarket Affair កាលពី ឆ្នាំ​១៨៨៦ ដែល​ក្រុមកម្មករ​ប្រមាណ​ជា​បី​សែន​ទៅ​ប្រាំ​សែន​នាក់ បាន​ជួបជុំគ្នា​ធ្វើ បាតុកម្ម​ទូទាំងប្រទេស​អាម៉េរិក ដើម្បី​ទាមទារ​ឱ្យ​កំណត់​ម៉ោង​ធ្វើការ​ប្រាំបី​ម៉ោង ក្នុង​មួយថ្ងៃ​។ ការជួបជុំ​តវ៉ា​នោះ ក៏​ត្រូវបាន​បង្ក្រាប​ដោយ​អំពើហិង្សា រហូតដល់​មាន កម្មករ និង​ប៉ូលិស ស្លាប់​ជាច្រើន​នាក់​។ ជា​បន្ត​បន្ទាប់មក ទើប​អង្គការ​អន្តរជាតិ​ខាង ការងារ​(​អាយ​ឡូ​, ILO) បានកំណត់​យក​ថ្ងៃទី​១ ខែឧសភា ទិវា​ពលកម្ម​អន្តរជាតិ ជា​ថ្ងៃ​ឈប់សម្រាក ហើយ​ប្រារព្ធ​ធ្វើ​រៀងរាល់ឆ្នាំ នៅ​ទូទាំង​ពិភពលោក​។​
​ ​
ក្នុង​ពិធី​ជួបជុំ​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា នៅ​កម្ពុជា តំណាង​រាជ រដ្ឋាភិបាល​តែងតែបាន​លើកឡើង​ពី​គោលនយោបាយ​ជាច្រើន​ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង​តម្លាភាព ពង្រឹង​ភាពសុខដុមរមនា នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​លើក កម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង និយោជក រួមទាំង​វិធាន​ការការពារ​ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ ដោយ​សន្តិវិធី ជាដើម​។​
​ ​
​ដោយឡែក ខាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព​កម្មករ និង​ប្រជាពលរដ្ឋ ដែល​ជួបជុំគ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា​ក៏​តែងតែ​រៀបចំ​ពិធី​ជួបជុំ​តាម​រោងចក្រ​សហគ្រាស​តាម​សាលប្រជុំ​កន្លែង​ឯកជន និង​នៅតាម​ទីសាធារណៈ ជាដើម​។ នៅ​ឆ្នាំនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព​កម្មករ ជួបជុំ​ប្រារព្ធ​ទិវា ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​សួនច្បារ​មុខ​ឃ្លាំង សាំង​ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ទិវា​ប្រចាំ​ឆ្នាំនេះ ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល ក៏ដូចជា​សហជីព​កម្ម​ករ​អង្គការ សង្គម​ស៊ីវិល គឺ​ក្រៅពី​ជួបជុំ​អ​បរសាទរ​ខួប នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា ក៏បាន​បើក​ជា​វេទិកា ថ្លែងការណ៍ និង​បញ្ចេញ​មតិយោបល់ ដើម្បី​លើកឡើង​នូវ​ការ ស្នើសុំ​ទៅកាន់​ក្រសួង​ការងារ និង​អង្គការ​អាយ​ឡូ ឲ្យ​បន្ត​ដោះស្រាយ​នូវ​ចំនុច​ខ្វះខាត មួយចំនួន ដែល​ភាគី​សហជីព​កម្មករ និង​អង្គការ​សមាគម ចង់​ឃើញថា ត្រូវ​កែលម្អ ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា ពិសេស​ផ្នែក​កាត់ដេរ​។​

​ការស្នើសុំ​របស់​អង្គការ​សហជីព​កម្មក​រទាំង​នោះ មានដូចជា ការធ្វើ​ឲ្យ​ប្រសើរ​ថែម ទៀត ចំពោះ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករនិយោជិត ដូចជា​ការស្នើ​ឲ្យ​ក្រសួង​ការងារ និង​និយោជក ពិនិត្យ​ដោះស្រាយ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ ដែល​បច្ចុប្បន្ន រថយន្ត​មួយចំនួន នៅ​មិនទាន់មាន​លក្ខណ​:​ស្តង់ដា ហើយ​អ្នកបើកបរ​ក៏​ខ្វះ​ការ​ប្រុង ប្រយ័ត្ន ដែល​ងាយ​រងគ្រោះ​ដល់​កម្មករនិយោជិត នៅពេល​ធ្វើដំណើរ​មក​ធ្វើការ និង​ត្រឡប់​ទៅវិញ​។ ការស្នើសុំ​ដល់​រាជរដ្ឋាភិបាល ឲ្យ​ស្វែងរក​ការវិនិយោគ​សង់ផ្ទះ ក្នុងតម្លៃ​សមរម្យ សម្រាប់​បងប្អូន​កម្មក​រ មានលទ្ធភាព​ទិញ​បង់​រំលស់​ហើយ​ថ្ងៃក្រោយ ពួកគាត់​មានផ្ទះ​ផ្ទាល់ខ្លួន ពីព្រោះ​បច្ចុប្បន្ន កម្មករ​ភាគច្រើន គឺ​ជួល​ផ្ទះ​ជាង ២០​ឆ្នាំ ឬ​ជាង ១០​ឆ្នាំ​ហើយ នៅតែ​ជួល​ជា​រៀងរហូត​។

​ការកែលម្អ​លក្ខខណ្ឌ​ការងារ សម្រាប់​កម្មករនិយោជិត ក៏ដូចជា ការស្នើ​កុំ​ឲ្យ​ម្ចាស់ ផ្ទះជួល ដំឡើងថ្លៃ និង​ការស្នើសុំ​ដំឡើង​ប្រាក់​អត្ថប្រយោជន​ការងារ និង​ប្រាក់ខែ កម្មករនិយោជិត ក៏ត្រូវ​បានលើកឡើង​ផងដែរ​។ សំណើ​របស់​កម្មករនិយោជិត សហជីព​កម្មករ អង្គការ​សមាគម ក៏ត្រូវ​បានដាក់​ក្នុង​ញត្តិ ហើយ​ប្រគល់ជូន​ស្ថាប័ន មាន​សមត្ថកិច្ច ដូចជា រដ្ឋសភា រាជរដ្ឋាភិបាល និង​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ជាដើម​។​

​យ៉ាងណាក៏ដោយ ទោះបី​ជាការ​ប្រារព្ធ​ពិធី​ជួបជុំ​នៅ​កន្លែង​ផ្សេងគ្នា នៅ​ថ្ងៃ​ផ្សេងគ្នា លើ​ប្រធានបទ​ផ្សេងគ្នា​ក៏ដោយ តែ​ខ្លឹម​សារសំខាន់ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ ឧសភា ពិសេស​នៅ​កម្ពុជា​យើង គឺ​សំដៅលើ​កម្ពស់​លក្ខខណ្ឌ​ការងារ​ឲ្យ​កាន់តែ​ល្អ ប្រសើរ ប្រឆាំងនឹង​ការរំលោភ​សិទ្ធិ​កម្មករ​និយោជិត បន្ត​ពង្រឹង​យន្តការ​អធិការ កិច្ចការងារ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក​រួមទាំង​វិធានការ​ការពារ ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ជាដើម​។

​ពោលគឺ​ធ្វើយ៉ាងណា ឲ្យ​វិស័យ​ការងារ​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​ហើយ​ទាំង​កម្មករ និយោជិត និង​ទាំង​ថៅកែ​រោងចក្រ​សហគ្រាស ក្រុមហ៊ុន​នានា ពិសេស​ក្នុង​វិស័យ កាត់ដេរ មាន​ភាពសុខដុមរមនា នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​បង្ក​ភាពសុខសាន្ត​នៅតាម រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​។ នោះ​គឺ​សិទ្ធិ​ការងារ ត្រូវបាន​អនុវត្ត​ហើយ​កម្មករ និយោជិត​ក៏​បំពេញការងារ​តាមច្បាប់​កំណត់ និង​ម៉ោង​ការងារ​រីឯ​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន ក៏​ទទួលបាន​ផលិតភាព​តាម​តម្រូវការ​។

​មាន​បញ្ហា​អ្វី គឺ​កម្មករនិយោជិត និង​និយោជក ជា​ថៅកែ​ត្រូវ​ជួបចរចា ដោះស្រាយ ដោយ​សន្តិវិធី មិន​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​នោះទេ​។ រីឯ​ភាគី​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​ការងារ គឺជា​អាជ្ញាធរកណ្តាល ជា​អ្នកសម្របសម្រួល ដោះស្រាយ​នូវ រាល់​បាតុភាព ឬ​បញ្ហា​កើតឡើង​ក្នុង​វិស័យ​ការងារ​។

​មានតែ​ការជួប​ចរចា លើកយក​បញ្ហា​មក​ដា​ក់លើ​តុ ដើម្បី​ប្រជុំ​ដោះស្រាយ​នោះទេ ជា​វិធី​ល្អប្រសើរ និង​វិធី​ឈ្នះ​ឈ្នះ បើសិនជា​ទុក​ឲ្យ​បញ្ហា​ផ្ទុះ​ឡើងជា​បាតុកម្ម​កូដកម្ម​តវ៉ា នោះ​គឺ​ខាតបង់​ទាំងអស់គ្នា ទាំង​ភាគី​កម្មករ​បុគ្គលិក​និយោជិត ទាំង​ភាគី​ថៅកែ ក៏ដូចជា​ទាំង​រាជរដ្ឋាភិបាល​៕ ដោយ​:​ម៉េង​ឆៃ​