ទិវា​ពានរ​ជាតិ ឬ ថ្ងៃ កើតចេញពី​ការលេង​ក្រមាច់​ចំពោះ​អ្នកធ្វើការ​ថ្ងៃអាទិត្យ

758

ភ្នំពេញ​៖ ទិវា​ពានរ​ជាតិ ឬ ថ្ងៃ នៃ សត្វ​ស្វា គឺជា ថ្ងៃ​សម្រាក​មិន​ផ្លូវការ​ហើយ​ត្រូវបាន​គេ​ធ្វើ ជា​អន្តរជាតិ នៅ​ថ្ងៃទី ១៤ ខែ ធ្នូ សម្រាប់​ផ្តល់​ជាការ​យកចិត្តទុកដាក់​ដល់​ពពួក​វានរជាតិ ( ពានរ​ជាតិ ក៏បាន ) គឺ សត្វ​ស្វា​គ្រប់​ប្រភេទ ប៉ុន្តែ​សម្រាប់​ពួកទស្សនវិទូ​ទិវា​នេះ​មាន​អត្ថន័យ ធំធេង​ណាស់​គឺ​ដើម្បីឱ្យ​មនុស្ស​បានគិត​គូរ​ដល់​ប្រភពដើម​របស់​មនុស្ស ប៉ុន្តែ​វា​អាច​មិនសូវ​ល្អ សម្រាប់​សាសនា​គ្រិស្ត អ៊ីស្លាម និង សាសនា​ព្រហ្មញ្ញ ឡើយ ប៉ុន្តែ​ហាក់​មានន័យ​ល្អ ចំពោះ​ពុទ្ធសាសនា​ទៅវិញ ។​

​មូលហេតុ​
​ចំណុច​មួយ នៃ វប្បធម៌ អឺរ៉ុប មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​វប្បធម៌​ខ្មែរ​ដែរ គឺថា បុគ្គល​ណារ​ពិស ឬ មិនចេះ​នៅ​ស្ងៀម ឬ គ្មាន​ពេលទំនេរ គេ​តែងតែ​ប្រដូច​បុគ្គល​នោះ​ថា “ សត្វ​ស្វា “ ។ ចំពោះ​បុគ្គល​ដែល​កើត​ឆ្នាំ ស្វា ឬ ឆ្នាំ វក គេ​តែងតែ​សម្គាល់​បុគ្គល​នោះ​ថា ជាម​នុស្សរ​ពិស​រួចទៅហើយ ។

​ថ្ងៃអាទិត្យ គឺជា​ថ្ងៃ​ដែល​មនុស្ស​ជាទូទៅ​សម្រាក​ពី​ការងារ ។ ផ្ទុយទៅវិញ​ប្រសិនបើ​ឃើញ បុគ្គល​ណា​ធ្វើការ​សូម្បីតែ​នៅ​ថ្ងៃអាទិត្យ គេ​ច្រើន​ប្រៀបធៀប​បុគ្គល​នោះ​ទៅនឹង​សត្វ​ស្វា ដ្បិត​បុគ្គល​នោះ​មិន​សម្រាក មាន​ឩ​ប​មេ​យ្យ​ដូចជា​ពពួក​ពានរ​ជាតិ (​សត្វ​ស្វា​ទាំងឡាយ ឬ ពានរ ពានរ​ជាតិ ឬ វានរជាតិ​) មិនចេះ​នៅ​ស្ងៀម​ដូច្នោះ​ដែរ ។​

​គ្រាមួយ​នា​ឆ្នាំ ២០០០ វិចិត្រករ​ម្នាក់​ឈ្មោះ Casey Sorrow បានឃើញ​មិត្ត​របស់គាត់ ម្នាក់​ធ្វើការ​នៅ​ថ្ងៃអាទិត្យ គាត់​ក៏បាន​សរសេរ​ក្រវេមក្រវាម​នៅលើ​ប្រតិទិន​របស់​មិត្ត​គាត់​ថា ” ថ្ងៃ នៃ សត្វ​ស្វា ” ជាការ​លេងសើច គឺ​គាត់​បាន​ប្រដូច​មិត្ត​របស់គាត់​ម្នាក់​នោះ​ថា​ជា សត្វ​ស្វា ព្រោះ​មិន​ត្ត​របស់គាត់​ធ្វើការ​ថ្ងៃ​ដែល​គេ​សម្រាក គឺ​ថ្ងៃអាទិត្យ ។

​បន្ទាប់មក​មាន​និស្សិត​ម្នាក់ នៃ សកលវិទ្យា​ល័យ Michigan State University (MSU) ឈ្មោះ​Eric Millikin ដែលជា​សិស្ស​របស់លោក Casey Sorrow ក៏បាន​ធ្វើ​ចំពោះ​មិត្ត របស់គាត់​ប្រហាក់ប្រហែល​នឹង​វិចិត្រករ Casey Sorrow ដែរ ។ ពួកគេ​ក៏​ស្រាប់តែ​នឹក ឃើញថា បើ​មាន​ថ្ងៃ នៃ សត្វ​ស្វា​មែន​នោះ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ពពួកសត្វ​ពានរ ដែល​ពេលខ្លះ​ត្រូវគេ​ធ្វើបាប​ដោយ​ប្រការ​ផ្សេងៗ មាន​យកទៅ​បង្ខំ​ឱ្យ​កំប្លុកកំប្លែង សំដែង​លើ​ឆាក​នានា ដើម្បី​អាជីវកម្ម ឬ បរបាញ់​សម្លាប់​ទាំង​ស្រស់ ឬក៏​ពេលខ្លះ​ត្រូវ​ពួក​អ្នក មាន​លុយ​បរិភោគ​ខួរក្បាល​ទាំង​នៅរស់​យ៉ាង​យង់ឃ្នង​គួរឱ្យ​សង្វេគ​ដល់​ពពួកសត្វ​ពានរ ទាំងឡាយ​ជា​ពន់ពេក​ហើយ​ពេលខ្លះ​ពានរ​ត្រូ​គេ​យកទៅ​ប្រើប្រាស់​ក្នុងការ​ពិសោធ វេជ្ជសាស្ត្រ​ជាដើម ។​

​ហេតុអ្វី​ធ្វើ​នៅ​ថ្ងៃទី ១៤ ខែ ធ្នូ និង របៀប​ប្រារព្ធ ពួក​អ្នកលេង​ក្រមាច់​ទាំងនោះ ក៏​គិត​ចង់​ពង្រីក​គំនិត នៃ ការគិតគូរ​ដល់​សត្វ​ពានរ ទាំងឡាយ​ឱ្យក្លាយ​ជាការ​ពិត ក៏​ស្រុះស្រួល​បបួល​គ្នីគ្នា​ជ្រើស​រើសយក​ថ្ង​ទី ១៤ ខែ ធ្នូ ( ដែល​ភាគច្រើន​ជា​ថ្ងៃអាទិត្យ ) ហើយ​បាន​ប្រារព្ធ “ ទិវា​ពានរ​ជាតិ ” (Monkey Day ) ជា​លើកដំបូង ជាមួយ និស្សិត​សិល្បៈ​ដទៃទៀត នៃ សកលវិទ្យា​ល័ MSU នា​ឆ្នាំ​២០០០ នោះឯង នៅ​ថ្ងៃទី ១៤ ខែ ធ្នូ ដ្បិត​ពួកគេ​គិតថា ថ្ងៃនេះ​ភាគច្រើន​ត្រូវ​នឹង​ថ្ងៃអាទិត្យ គឺ​សម​នឹង​វប្បធម៌​ដែល​គេ​បង្អាប់បន្តុះ ក្នុងន័យ​លេងសើច​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​ថ្ងៃអាទិត្យ​ផង​អាចជា​ពេលដែល​មនុស្ស​ភាគ ច្រើន​សម្រាក​ពី​ការងារ​អាច​ចួ​ល​រួម​ទិវា​នេះ​បាន​ផង​។ គំនិត​ដ៏​ឧ​ត្ត​ម និង ការ​ប្រារព្ធ ទិវា​ពានរ​ជាតិ ដែល​ស្តាប់ទៅ​គួរឱ្យ​កំប្លែង​មួយ​នេះ បាន​ត្រូវគេ​ដឹងឮ​ខ្ទរខ្ទារ​ឡើង នៅពេលដែល​លោក Sorrow និង សិស្ស​របស់គាត់ គឺ Eric Millikin បានចាប់ផ្តើម ឃោសនា អំពី​ទិវា​ពានរ​ជាតិ នៅលើ​បន្ទះ​គំនូរ​របស់​ពួកគេ​និង​បានចាប់ផ្តើម​ផ្សព្វផ្សាយ នៅតាម​អ៊ីនធឺណិត ។

​តាំងពី​ពេលនោះ​មក ទិវា​ពានរ​ជាតិ ត្រូវបាន​គេ​ប្រារព្ធ​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​ទិវា​មួយ ដែលមាន​លក្ខណៈ​អន្តរជាតិ​ឆ្លងកាត់​ប្រទេសមួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក កាណាដា អាល្លឺម៉ង់ និង ចក្រភព​អង់គ្លេស​ជាដើម ហើយ​វា​បាន​ក្លាយជា​ថ្ងៃ​សម្រាក​អសាធារណៈ ។ ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​ឈ្មោះ Hallmark Cards ដែលជា​ក្រុមហ៊ុន​ផលិត​សម្ភារ ឬ កាដូ​អនុស្សាវរីយ៍ បាន​ពណ៌នា ទិវា​ពានរ​ជាតិ នេះ​ថា​ជា​ទិវា​មួយ​ដែល​អាជីវកម្ម​ពាក់ព័ន្ធ នឹង​សត្វ​ពានរ ពិតជា​ត្រូវបាន​លើកទឹកចិត្ត ។ ថ្ងៃ​សម្រាក​នេះ​ដើមឡើយ​ត្រូវបាន​គេ​ធ្វើ​ដោយ​ការ ស្លៀកពាក់​ឈុត​ជប់លៀង​ទាំងឡាយណា​ដែល​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ទៅលើ​បញ្ហា​ទាំងឡាយ​របស់​ពពួក ពានរ​ជាតិ ដូចជា​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ស្វា សិទ្ធិ​សត្វ​ស្វា និង ការ​វិវដ្ដ (Evolution ) របស់​សត្វ​ស្វា (​ដែល​អ្នកខ្លះ​ជឿថា មនុស្ស​យើង​វិ​វត្ត​មកពី​សត្វ​ស្វា​) ជាដើម ។ ដើម្បី​បានសម្រេច​ទិសដៅ​នេះ ជារឿយៗ​មានការ​ប្រកួតប្រជែង​ចាក់​តុក្កតា​សត្វ​ស្វា គូររូប​សត្វ​ស្វា និង ត្រាប់​ទង្វើ​សត្វ​ស្វា​ជាដើម ។​

​សកម្មភាព​ដទៃទៀត នៃ ទិវា​ពានរ​ជាតិ នេះ ក៏មាន​ទាំង​ការ​ដើរលេង​ផ្សារ​ដើម្បី​ទិញ ឈុត​សម្លៀកបំពាក់​សត្វ​ស្វា (​មាននៅ​ក្នុង​បទ​ចម្រៀង Lazy Song ជាដើម​) ទទួលទាន​ការ៉េម​ដែលមាន​រូប​ស្វា និង ចំណាយពេល​មួយថ្ងៃ​នៅឯ​សួនសត្វ​ជាដើម ។
​នៅ​ឆ្នាំ​២០០៥ ស្វា​គីង​កុង របស់លោក Peter Jackson (​នាយក​ភាពយន្ត​ញូ​ហ្សេ​ឡែ​ន​ដ៍ )​ត្រូវបាន​ដោះលែង​ឱ្យទៅ​រស់ក្នុង​ព្រៃ​តាម​ធម្មជាតិ​របស់​សត្វ នៅ​ថ្ងៃ​ខួបកំណើត​ទី​៥ នៃ ស្វា នេះ ។ ភាពយន្ត​ស្វា​គីង​កុង និង ពិភព នៃ ស្វា​ឪ រួមទាំង​ចម្រៀង​នានា​ពាក់ព័ន្ធ​សត្វ​ស្វា ជា​ប្រភេទ​ភាពយន្ត និង ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីជប់លៀង​នានា នៃ ទិវា​ពានរ​ជាតិ ។

​ជារឿយៗ​ការ​ប្រារព្ធ ទិវា​ពានរ​ជាតិ ត្រូវបានធ្វើ​ជាមួយនឹង​ការ​អង្គាស លុយកាក់​ការលក់​ផ្ទាំង គំនូរ និង ការរៀន​គូរ រូប​ពាក់ព័ន្ធ​នឹង​សត្វ​ស្វា​ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​យកទៅ​ប្រើប្រាស់ ដោះស្រាយ​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ពពួកសត្វ​ពានរ ។ នៅ​ឆ្នាំ​២០១២ ទស្សនាវដ្ដី ចុង​សប្តាហ៍​អាមេរិក ( USA Weekend ) បាន​ចុះផ្សាយ​ចំណងជើង​ថា “ តារា​ទាំង​១២ នៃ ទិវា​ពានរ​ជាតិ “ ដែលជា​ផ្ទាំងគំនូរ​តាម​លំដាប់លំដោយ​ពណ៌នា​អំពី​ពានរ​ដែលជា​ផ្នែក មួយ​នៃ​ពួក​អ្នក​ដែល​បានធ្វើ​ដំណើរ​ទៅក្នុង​លំហ​អាកាស​ដោយ​ជិះ​យាន​ឆ្លង​ភព​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិស័យ​ហោះហើរ​ទៅក្នុង​លំហរ​អាកាស​របស់​មនុស្ស​ជាតិ ។ ឆ្នាំ​ពី​២០១៣ ទិវា​ពានរ​ជាតិ មានរ​គំនូរ​ដែលជា​ភាសា​កាយវិការ​មួយ​ផ្ទាំង​របស់ Eric Millikin ដែល​បានដាក់​តាំងនៅ​ក្នុង​ទិវា​ពានរ​ជាតិ​នេះ​ក៏មាន​រូប​ពានរ​មួយ​ក្បាល​ដែល​គេ​មើល ទៅ​ស្គាល់​ថា​ជា​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា ។

​វិចិត្រករ Sorrow ក៏បាន​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​នូវ​ការផ្សព្វផ្សាយ​នូវ​អត្ថបទ​ព័ត៌មាន​ខ្លីៗ ឬ រូប​ទិដ្ឋភាព​វានរជាតិ​នៅក្នុង​សារព័ត៌មាន ចំពោះ​ប្រធានបទ​សំខាន់ៗ​ដូចជា​ការ​វាយ ប្រហារ​សត្វ​ពានរ ការតស៊ូ​របស់​ពានរ និង វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​នឹង​សត្វ​ពានរ ។

​ក្នុង​ភ្នែក​ទស្សនវិទូ​
​ទស្សនវិទូ​មួយចំនួន មាន លោក Jean-Baptiste Lamarck ជាអាទិ៍​បាន​រកឃើញ និង បកស្រាយ​ជា​បន្តបន្ទាប់​ថា មនុស្ស​វិ​វ​ឌ្ឍ​មកពី​សត្វ​ស្វា ឪ ( Ape ) ។ ប៉ុន្តែ សាសនា​ធំៗ ចំនួន​៣ គឺ សាសនា​គ្រិស្ត សាសនា​អ៊ិ​ស្លាម និង ព្រហ្មញសាសនា សុទ្ធតែ​អះអាងថា “ ព្រះអាទិទេព “ របស់​ពួកគេ​រៀងៗ​ខ្លួន ជា​អ្នកបង្កើត​មនុស្ស ( និង អ្វីៗ​ទាំងអស់​នៅក្នុង និង ជុំវិញ​ពិភពលោក​ដូចជា​ព្រះអាទិត្យ ព្រះ​ចន្ទ ដួងតារា លំហ​ចក្រ​វា​ឡ រួមទាំង​ពិភពលោក​ផង ) ហើយ​គម្ពីរ​គ្រ​សិ​ស្ត​សាសនា​ថែមទាំង​ធ្លាប់​ប្រកាន់​យ៉ាង​មាំមួន​ថា ផែនដី​យើង​នេះ​មាន រាង​សំប៉ែត ។ ដោយ​ការប្រកាន់​ទស្សនៈ​បែប​ទាំងនេះ មាន​ពួក​អ្ន​ប្រាជ្ញ​ជាច្រើន ត្រូវបាន​ធ្វើទុក្ខបុកម្នេញ ឬ កាត់ទោស​ប្រហារជីវិត ដោយសារតែ​របកគំហើញ របស់​ពួកគេ​ខុសពី​អ្វីដែល​ជាការ​អះអាង​របស់ គ្រិស្តសាសនា ដូច​យ៉ាង​ករណី​ផែនដី​សំប៉ែត ឬ មិន​សំប៉ែត ជាដើម ។

​ចំណែក​ព្រះពុទ្ធ បាន​អះអាងថា មនុស្ស (​និង​អ្វីៗ​ក្នុង​លោក ) សុទ្ធតែ​កើតឡើង​ដោយ​ការ ផ្សំផ្គុំ​គ្នា (​តិច ឬ ច្រើន​, ភាសា​បច្ចេកទេស​ក្នុង​ពុទ្ធសាសនា​ហៅថា “ សង្ខារ “ បានសេចក្តីថា ការ​ផ្សំគ្នា ការរួបរួម​បញ្ចូល​គ្នា ការដាក់​លាយ​បញ្ចូល​គ្នា …) នៃ មហា​ធាតុ ៤ គឺ ដី ទឹក ភ្លើង និង ខ្យល់ ។​ប្រសិនបើ​មហា​ធាតុ​ទាំង​៤​នេះ​បែកចេញ​ពីគ្នា​ហើយ​អ្វីៗ​ទាំងអស់​នឹងមិន​មាន ជីវិត ឬ មិនមាន​រូបរាង​ពេញលេញ​ឡើយ ។
​ទ្រិ​ស្តី​នេះ​ត្រូវបាន​គាំទ្រ​ច្រើន​បំផុត​ពី​ផ្នែក​វិទ្យាសាស្ត្រ ហើយក៏​មិនទាន់មាន​អ្នកវិទ្យាសាស្ត្រ ណា​បដិសេធ​នៅឡើយ ។ ចំណុច​នេះ​យើង​អាច​មើលឃើញ​ដោយ​ងាយ​ថា ទ្រិ​ស្តី​របស់ ព្រះពុទ្ធសាសនា និង ទ្រិ​ស្តី​វិទ្យាសាស្ត្រ​ទោះ​មិន​ដូចគ្នា​ក៏​មិន​វិវាទ​គ្នា​ដែរ​ហើយ​អាច​ជាការ គាំទ្រ ដល់​គ្នា​ទៀតផង ។ ប៉ុន្តែ​ចំពោះ​សាសនា​ទាំង ៣ ខាងលើ​វិញ គឺ​ខុសគ្នា​ទាំងស្រុង​តែម្តង ។

​ទស្សនវិទូ និង សង្គម​វិទូ ទាំងឡាយ បាន​មើលឃើញ​គុណប្រយោជន៍ នៃ ទិវា​ពានរ​ជាតិ នេះ​មិនមែន​គ្រាន់តែ​ជាការ​គិតគូរ​អំពី​សុខទុក្ខ​របស់​ពពួក​ពាន​រ​ជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក ទស្សនវិទូ និង សង្គម​វិទូ ទាំង​នោះបាន​មើលឃើញថា ទិវា​ពានរ​ជាតិ នេះ បាន​ទម្លុះទម្លាយ ដែន​កំណត់ នៃ សាសនា ( ទាំង ៣ ខាងលើ​ដែល​អះអាងថា មនុស្ស​ត្រូវបាន​បង្កើត​ដោយ ព្រះអាទិទេព​របស់​ពួកគេ ) ហើយ​បាន​ផ្តល់ឱកាស​ឱ្យ​មនុស្ស​សញ្ជឹង​គិតពិចារណា​ឡើងវិញ ឬ ថា ទិវា​ពានរ​ជាតិ គឺជា​ការ​ក្រើនរំឭក​ដល់​មនុស្ស​ឱ្យ​ចែករំលែក​គំនិត​គ្នា​អំពី​រឿងរ៉ាវ ទាំងឡាយ​ពាក់ព័ន្ធ​នឹង​សត្វ​ស្វា និង មនុស្ស ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

គំនូរ​បរិ​យា​យា​អំពី​ការវិវឌ្ឍ​របស់​សត្វ​ស្វា ក្លាយជា​មនុស្ស (Apes)
​លោក Casey Sorrow ដែលជា​អ្នក​ដើមចម នៃ ទិវា​ពានរ​ជាតិ (sorrow)