ទិវា​ភពផែនដី​ឆ្នាំ​២០១៨: បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​

1097
ចែករម្លែក

​ដោយ​: រស្មី​កម្ពុជា / ភ្នំពេញ​: ថ្វីបើ​ប្លា​ស្ទិ​ក​ជួយ​សម្រួលការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​យើង ប៉ុន្តែ​ប្លា​ស្ទិ​ច​គឺជា​អាវុធ​លាក់​មុខ ព្រោះ​សារធាតុពុល​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​អាច​បង្ក​នូវ​ជំងឺ​កាច​សាហាវ​នានា​ដល់​មនុស្ស និង​ធ្វើអោយប៉ះពាល់​គុណភាព​ទឹក និង​ដី​របស់​យើង​បាន នេះ​ជា​សារ​របស់ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន បានលើកឡើង​នៅក្នុង​ឱកាស​ប្រារព្ធ​”​ទិវា​ភពផែនដី ឆ្នាំ​២០១៨” ជា​លើក​ទី​៣​នៅ​កម្ពុជា ក្រោម​ប្រធានបទ​”​បញ្ចប់​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​” នា​ថ្ងៃអាទិត្យ ៨​កើត ឆ្នាំច សំរិទ្ធ​ស័ក​.​ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមេសា គស​២០១៨ នៅ​ខេត្តព្រៃវែង​ដោយមាន​ការចូលរួម​ពី​ក្រសួងបរិស្ថាន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង អាជ្ញាធរ​ដែនដី​ខេត្តព្រៃវែង​ស្របពេល​ពិភពលោក​កំពុង​ប្រារព្ធ​ខួប​នេះ​ជា​លើក​ទី​៤៨ ក្នុង​គោលបំណង​រួបរួមគ្នា​ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​បំផុស​ដល់​មនុស្សជាតិ ឱ្យ​កាន់តែ​ស្រលាញ់ ថែរក្សា និង​យល់​នូវ​គុណ​តម្លៃ​ដ៏​មហាសាល​នៃ​សម្បត្តិ​ធនធានធម្មជាតិ និង​បរិស្ថាន នៅលើ​ភពផែនដី​យើង គឺជា​ភព​តែ​១​គត់ ក្នុង​ប្រព័ន្ធ​សុរិយគតិ​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន​។​

​ឯកឧត្តម បាន​រំលឹក​អំពី​សាវតា​នៃ​ការកកើតឡើង​នៃ​ទិវា​ភពផែនដី​២២​មេសា នេះ​ថា ដោយ​ពិភពលោក​បាន​មើលឃើញ​បញ្ហា​បរិស្ថាន​បាន​ឈានដល់​កង្វក់​កំរិត​សកល​ដូចនេះ​ទើប​នៅ​ឆ្នាំ ១៩៧០ សហរដ្ឋអាមេរិក​បាន​ផ្តួចផ្តើម​បង្កើត​ទិវា​ភពផែនដី​នេះ បន្ទាប់មក​នៅតាម​ប្រទេស នានា​បានចាប់ផ្តើម​ប្រារព្ធ​រៀងៗ​ខ្លួន និង​ចងក្រង​ជា​បណ្តាញ​ទិវា​ភពផែនដី​ជា​សាកល​។ រហូតមកដល់​ឆ្នាំ ២០០៩ ទើប​អង្គការ​សហ ប្រជាជាតិ បានកំណត់​យក​ថ្ងៃទី​២២ ខែមេសា ធ្វើជា​ទិវា​ភពផែនដី ស្តែងចេញ​នូវ​សកម្មភាព ដាំ​ដើមឈើ​ថ្មី សម្អាត​ទីក្រុង និង​ផ្លូវថ្នល់ ជាដើម​។

​នៅក្នុង​ឱកាស​នោះដែរ ឆ្លើយតប​ចំពោះ​ប្រធានបទ​ឆ្នាំនេះ ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​យើង​ដោយ​:
​ទី​១.​ចូលរួម​អប់រំ​ពី​បុគ្គល​ម្នាក់ៗ ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ ប្រែក្លាយ ចំណេះដឹង បរិស្ថាន នេះ​អោយទៅជា​បរិបទ​បរិស្ថាន​ទូទាំងប្រទេស និង​សាកលលោក​
២.​កុំ​បោះបង់​ថង់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​បរិស្ថាន ព្រោះ​វា​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ប្រ​ព័​ន្ឋ​អេកូឡូស៊ី ជាពិសេស​ជីវៈចម្រុះ​នៅក្នុង​ទឹក អាច​ទទួលរង​នូវ​ការ​ស្លាក់ ដោយ​យល់​ច្រ​លំ​ថា​ជា​ចំណី​និង​ជ្រាប​សារធាតុ​គីមី​ពុល​ចូលទៅក្នុង​ដី ធ្វើអោយប៉ះពាល់​គុណ​ទឹក​និង​ដី​
៣.​សូមកុំ​ដុត​ថង់​ប្លា​ស្ទិ​ក ព្រោះ​វា​នឹង​ភាយ​ឧស្ម័ន​ពុល ដែល​ធ្វើអោយប៉ះពាល់​ស្រទាប់​អូហ្សូន​យើង​
៤.​សូមកុំ​យក​ប្លា​ស្ទិ​ក ច្រក​អាហារ​ក្តៅ​ដែល​ធ្វើ​អោយចេញ​សារធាតុ​គីមី​ពុល បង្ក​នូវ​ជំងឺមហារីក​នានា​ដល់​អ្ន​ក​បរិភោគ​

​គួរ​បញ្ចា​ក់ថា ក្រសួងបរិស្ថាន​បានចេញ​អនុក្រឹត្យ​លេខ ១៦៨ អនក្រ​.​បក ចុះ​ថ្ងៃទី ១០​តុលា ឆ្នាំ​២០១៧ ស្តីពី​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ដែលមាន​គោលបំណង​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​កាត់បន្ថយ ការនាំ​ចូល ការផលិត ការចែក​ចាយ និង​ការប្រើប្រាស់​ថង់​ប្ទា​ស្ទិ​ក សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ បរិស្ថាន និង សោ​ភ​ណ័​ភាព​។ និង​ប្រកាស អន្តរក្រសួង​ស្តីពី​ការកំណត់​កម្រៃ​បន្ថែម លើ​ការផ្តល់​ផ្លា​ស្ទិ​ក​ដល់​អតិថិជន ដោយ​ចាប់​អនុវត្ត​នៅតាម​បណ្តា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង​ផ្សារ​ទំនើប​នឹងត្រូវ​គិត​កម្រៃ​បន្ថែម ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ មកម្ល៉េះ​។ ការដាក់​កម្រិត​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​មិនមែន​មានតែ​នៅ​កម្ពុជា​យើង​ទេ គឺមាន​ប្រទេស​ជាច្រើន​លើ​សកលលោក​បាន និង​កំពុង​អនុវត្ត​តាមរយៈ ការយក​ព​ន្ឋ​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ការហាមឃាត់​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ទាំងស្រុង និង​ការកំណត់​កម្រាស់​នៃ​ថង់​ប្លា​ស្ទិ​ក​ជាដើម​៕ ល​