ទិវា​ភពផែនដី និង​ភាពជា​ដៃគូ ក្នុងការ​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

199
ចែករម្លែក

ដោយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា

ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០

​ថ្ងៃនេះ​គឺជា​ខួប​លើក​ទី ៥០ នៃ​ទិវា​ភពផែនដី ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ រៀបចំឡើង​នៅ​ទូទាំង ពិភពលោក ដើម្បី​សម្តែង​ឲ្យ​ឃើញ​ពី​ការគាំទ្រ​ចំពោះ​កិច្ចការពារបរិស្ថាន​។

​នៅ​ថ្ងៃ​ទិវា​ភពផែនដី​លើកដំបូង គឺ​ថ្ងៃទី ២២ មេសា ឆ្នាំ ១៩៧០ ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់ បាន​ចូលរួម​ក្នុងការ​ជួបជុំគ្នា នៅតាម​ទីក្រុង​តូចធំ ទូទាំង​សហរដ្ឋអាមេរិក​។ ដើម្បី​បង្កើត​នូវ​ចលនា ការពារ​បរិស្ថាន​ទំនើប អ្នក​ផ្តួចផ្តើម​ឲ្យ​មាន​ទិវា​ភពផែនដី ទាញ​ការយកចិត្តទុកដាក់​ដោយ​ជោគជ័យ ចំពោះ​ការអនុវត្ត​ដែល​គ្មាន​និរន្តរភាព ដែល​បាន​បំពុល​ខ្យល់ ទន្លេ និង​បឹង​របស់​យើង​។ ខ្ញុំ​ចាំបាន ថា​ជា​ក្មេង​សិស្សសាលា​ម្នាក់ ដែល​បំផុសស្មារតី​ទិវា​ភពផែនដី​ជា​លើកដំបូង បាន​ទាក់ទាញ​ការ យកចិត្តទុកដាក់​រួម​របស់​យើង ចំពោះ​ភាពផុយស្រួយ និង​សារសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី របស់​យើង​។​

​នៅ​ឆ្នាំក្រោយៗ​មក ក្រោយ​មានកំណើត​នៃ​ចលនា​ទិវា​ភពផែនដី​នេះ សហរដ្ឋអាមេរិក បានអនុម័ត ច្បាប់​សំខាន់​មួយ ដើម្បី​ការពារ​ខ្យល់ ទឹក និង​ប្រភេទ​ធនធាន​ដែល​ជិត​ផុត​ពូជ​។ ខណៈ​កិច្ចខិតខំ ប្រឹង​ប្រឹងប្រែង​ទាំងនេះ​នៅ​បន្ត យើង​មាន​មោទកភាព ដែល​ចលនា​នេះ​បាន​វិ​វត្ត​ទៅជា​បាតុភូត ពិភពលោក​។ ជាង​១៩៣​ប្រទេស នៅ​ឆ្នាំនេះ នឹង​ធ្វើការ​ប្រារព្ធ ទិវា​ភពផែនដី និង​ប្តេជ្ញាចិត្ត​ឡើងវិញ ក្នុងការ​ផ្លាស់ប្តូរ​នូវ​ឥរិយាបថ​របស់​មនុស្ស និង​គោលនយោបាយ​ដែល​ត្រូវការ​ដើម្បី​ធានា​នូវ​ការប្រើ ប្រាស់​ប្រកបដោយ​និរន្ត​ភាព នៃ​ធនធានធម្មជាតិ​របស់​យើង​។​

​នៅ​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក​មាន​ប្រពៃណី​យូរ​មកហើយ​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ ពាក់ព័ន្ធ​ក្នុងស្រុក ដើម្បី​ការពារ​ព្រៃឈើ ទន្លេ និង សត្វព្រៃ ដ៏​គួរ​ឲ្យ​ចាប់ចិត្ត​របស់ ប្រទេស​កម្ពុជា​។ សហរដ្ឋអាមេរិក គាំទ្រ​គម្រោង​កំពុង​អនុវត្ត ដើម្បី​ពង្រឹង​ច្បាប់បរិស្ថាន​ការពារ ធនធាន​ជលផល បញ្ឈប់​ការជួញដូរ​សត្វព្រៃ និង​ការពារ​ធនធាន​ដែល​ជិត​ផុត​ពូជ ។ ដៃគូ​របស់​យើង រួមមាន ក្រសួងបរិស្ថាន និង​ស្ថាប័ន​ក្នុង​រាជរដ្ឋាភិបាល​ដទៃទៀត អង្គការ​សង្គម​ស៊ីវិល​អង្គការ អភិរក្ស​អន្តរជាតិ​នានា និង​សហគមន៍​ក្នុងស្រុក​។​

​តាំងពី​ឆ្នាំ ២០០៨ មក ស្ថានទូត​សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារ​ជំនួយ​អាមេរិក​(USAID) បានធ្វើ​ការចំណាយ​ថវិកា​ចំនួន​ជាង ៩០ លាន​ដុល្លា ក្នុង​ការជួយ​គាំទ្រ​ការគ្រប់គ្រង​ធនធានធម្មជាតិ របស់​ប្រទេស​កម្ពុជា​។ កម្មវិធី​ទាំងនេះ បាន​ចូលរួម ចំណែក​យ៉ាងសំខាន់​ក្នុងការ​ការពារ​ប្រភេទ​សត្វ ដែល​ជិត ផុត​ពូជ ដូចជា​សត្វ​ដំរី និង​សត្វ​ស្លាប​ជាតិ គឺ​សត្វ​ត្រ​យ៉ង​យក្ស ជួយ​ដល់​ការកាត់បន្ថយ​ការ កាប់​ព្រៃឈើ និង​លើកកម្ពស់​ជីវភាព របស់​សហគមន៍​ក្នុង​តំបន់​ព្រៃ​និង​ជុំវិញ​។​

​ភាពជា​ដៃគូ​ការងារ​បរិស្ថាន​របស់​យើង បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កំណត់​ជា​ផ្លូវការ​នូវ ដែន​ជម្រក​អភិរក្ស​សត្វព្រៃ​នៅ​ព្រៃ​ឡង់ និង​ជួយ​ដល់​សហគមន៍​ក្នុងស្រុក​ឲ្យ​ក្លាយជា​អ្នកពាក់ព័ន្ធ បន្ថែមទៀត​ក្នុងការ​សម្រេចចិត្ត​លើ​ការគ្រប់គ្រង​ព្រៃឈើ​។ សព្វថ្ងៃនេះ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​កម្មវិធី​អភិរក្ស​ជាច្រើន នៅក្នុង​ខេត្ត​មណ្ឌល​គី​រី និង​តំបន់ ព្រៃ​ឡង់ ដែលមាន​ទេសភាព​លាតសន្ធឹង ក្នុង​ខេត្តព្រះវិហារ ក្រចេះ កំពង់ធំ និង​ខេត្តស្ទឹងត្រែង​។ កម្មវិធី​ទាំងនេះ ថែមទាំង​ជួយ​បង្កើត​ឲ្យ​មានការ​ងារ​ធ្វើ​ក្នុង​ផ្នែក​សេដ្ឋកិច្ច ដែល​ជួយ​ទ្រទ្រង់​បរិស្ថាន ដូចជា តំបន់​អេកូ​ទេសចរណ៍ និង​កសិកម្ម​ដែលមាន​និរន្ត​ភាព​។

​ដូចដែល​ព្រះរាជាណាចក្រ​ពិចារណា រក​វិធី​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​តម្រូវការ​ថាមពល ដែល​ចេះ តែមាន​ការកើនឡើង ប្រជាជន​កម្ពុជា​ក៏ត្រូវ​ពិចារណា​ផងដែរ ពី​ប្រភព​ផ្សេងៗ​គ្នា នៃ​ប្រភព​ថាមពល ដែលមាន​ផលប៉ះពាល់ ទៅលើ​បរិស្ថាន​។ នៅក្នុងពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន ពន្យា​គម្រោង​ផែនការ ក្នុងការ​សាងសង់ ទំនប់​វា​រី​អគ្គិសនី​នៅលើ​ទន្លេមេគង្គ​ដែល​វា​ជាការ​សម្រេច ចិត្ត​ដ៏​សំខាន់​មួយ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​បន្ថែមទៀត​ចំពោះ​ធនធាន​ជលផល​នៅក្នុង តំបន់​មេគង្គ​ក្រោម ការពារ​ដល់ សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង សង្គ្រោះ​ធនធាន​ដ៏​កម្រ ពី​ការ​ផុត​ពូជ ដូចជា​សត្វ​ផ្សោត​ជាដើម​។

​ក្តីសង្ឃឹម​របស់ខ្ញុំ គឺ​ចង់ឃើញ​ប្រទេស​កម្ពុជា នឹង​ឆ្លៀត​យក​ឱកាស​នេះ ពិចារណា​លើ​ជម្រើស ផ្សេង​វិញ​។ សហរដ្ឋអាមេរិក គឺជា​ប្រទេស​នាំមុខគេ ក្នុង​ផ្នែក​ថាមពល​មាន​បរិស្ថាន​ល្អ និង​តម្លៃ សមរម្យ មាន​អ្នកជំនាញ​មកពី​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ក្រុមហ៊ុន​ថាមពល​លំដាប់​ពិភពលោក និង​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​ធនធានធម្មជាតិ​ដ៏​គួរ​ឲ្យ​គោរព ដែល​អាចជួយ​កម្ពុជា​ឲ្យ​ទទួលបាន នូវ​ផលប្រយោជន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ ក្នុងការ​ការពារ​សុខ​ភាព និង​ប្រជាជន​កម្ពុជា និង ទន្លេមេគង្គ​។​

​ឆ្នាំនេះ ប្រទេស​យើង​ទាំងពីរ កំពុង​ប្រារព្ធ​ខួប​លើក​ទី ៧០ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត និង រំលឹក​ដល់​ខែ​និ​មួយៗ ដែល​ផ្តោតលើ​ប្រធានបទ​ពិសេស នៃ​កិច្ចសហ ប្រតិបត្តិការ​នេះ​។ ជា​ឧទាហរណ៍ ស្រប​ពេលដែល​ពិភពលោក កំពុង​ប្រយុទ្ធ​នឹង​មេរោគ​រាតត្បាត​ជា​សាកល​នេះ ក្នុង​ខែឧសភា យើង​នឹង​ផ្តោតលើ​ការងារ​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​ធ្វើការ​សម្រេចបាន នូវ​សមិទ្ធិផល​ដ៏​សំខាន់ ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នានា​។ ហើយ​សម្រាប់​ខែ​នេះ​វិញ​យើង​កំពុង​ធ្វើ ការផ្តោត​លើ​ប្រធានបទ ស្តីពី​បរិស្ថាន ជា​កិច្ចសហការ​ទ្វេភាគី ក្នុងការ​អភិរក្ស​ធន​ធាន​ធម្មជាតិ របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ នេះ​ជា​ក្តីសង្ឃឹម​របស់ខ្ញុំ ដែលថា​ក្នុង​ខួប លើក​ទី ៥០ ឆ្នាំ​នៃ​ការបង្កើត ទិវា​ភពផែនដី និង​ជា​រៀងរាល់ថ្ងៃ​ទៅមុខ សហរដ្ឋអាមេរិក និង​កម្ពុជា អាច​បន្ត​នូវ​ភាពជា​ដៃគូ ក្នុងការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​មួយ​ដែលមាន​និរន្ត​ភាពស្រប​ពេលដែល ធ្វើការ​ការពារ​នូវ​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​ពិសេស​របស់​ប្រទេស​នេះ​៕