ទិវា​ភាសា​មាតា​អន្តរជាតិ មានកំណើត​ពី​ទំនាស់​ភាសា​ចំនួន​២ នៅ​ប៉ា​គី​ស្ថាន

203
ចែករម្លែក

​ភ្នំពេញៈ ទិវា​ភាសា​មាតា​អន្តរជាតិ (IMLD) ត្រូវបាន​ប្រកាស​ឱ្យ​ប្រារព្ធ​ធ្វើ​ដោយ​សន្និបាត អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៩៩​។ ទិវា​អន្តរជាតិ​នេះ ត្រូវបាន​គេ​ធ្វើឡើង នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០០ មក ដើម្បី លើកកម្ពស់​ការយល់ដឹង នូវ​ភាព​ផ្សេងគ្នា​នៃ​ភាសា​និង​វប្បធម៌​និង​ពហុ​ភាសា​។​

ទំនាស់​ភាសា អ៊ូ​ឌូ និង ភាសា បង់​កាល់​
នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន មាន​ភាសា​ធំៗ​ចំនួន​២ ដែលមាន​អ្នកប្រើប្រាស់​ច្រើន​ប្រហាក់ ប្រហែល​គ្នា គឺ​ភាសា​អ៊ូ​ឌូ និង​ភាសា​បង់​កាល់​។ ប៉ុន្តែ​ពួក​អ្នកកាន់អំណាច ភាគច្រើន គឺជា​អ្នក និយម​គឺ​ភាសា​អ៊ូ​ឌូ ។ ឆ្នាំ​១៩៤៧ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានចេញ​ច្បាប់​ថា ភាសា​អ៊ូ​ឌូ គឺជា ភាសា​តែមួយគត់​របស់​ជាតិ ។ ពេលនេះ ភាសា​បង់​កាល់ ត្រូវបាន​លុបបំបាត់​ចេញពី​ប្រព័ន្ធ ការងារ​ផ្លូវការ ដូចជា​ប្រព័ន្ធ​អប់រំ និង ក្រដាសប្រាក់​ជាដើម ។​

​ពេលនោះ ក៏មាន​ចលនា​ប្រឆាំង​ជំទាស់ ជា​បន្តបន្ទាប់ ទាំងពី​សំណាក់​ពួក​អ្នក នយោបាយប្រឆាំង និង ក្រុម​ពួក​និស្សិត​នៅតាម​សកល​វិទ្យាល័យ​ជាដើម​។ លុះដល់​ថ្ងៃទី​២១ ខែ កុម្ភៈ ឆ្នាំ​១៩៥២ ក្រុមនិស្សិត​ជាង ១ សែន​នាក់ មកពី​សកល​វិទ្យាល័យ​នានា នៃ​ប្រទេស​ប៉ា​គី ស្ថាន ដូចជា Dhaka University, Jagannath University, Dhaka Medical College បាន​ជួបជុំគ្នា ធ្វើបាតុកម្ម នៅ​ទីក្រុង​ដា​កា ដែល​បច្ចុប្បន្ន ជា​ប្រទេស​បង់​ក្លា​ដេ​ស ទាមទារ​ឱ្យ​រដ្ឋាភិបាល ទទួលស្គាល់​ភាសា​បង់​កាល់​របស់​ពួកគេ​ថា ជា​ភាសាជាតិ​មួយ​ក្នុងចំណោម​ភាសាជាតិ​ទាំង​២ របស់​ប៉ា​គី​ស្ថាន (​មួយទៀត​គឺ​ភាសា អ៊ូ​ឌូ ) ។​

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន បានចាត់ទុក​បាតុកម្ម​នោះ​ថា គឺជា​រឿង​នយោបាយ ពោលគឺ​ចាត់ទុកថា គឹជា​ការ​ចាក់ចុច​អុជអាល​របស់​បក្សប្រឆាំង​ទើប​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​មិន​គ្រាន់តែ​មិន​ទទួល យក​សំណើ​របស់​បាតុករ​ឡើយ ថែមទាំង​បាន​ប្រើ​កម្លាំង​ប៉ូលិស​បាញ់រះ​ទៅលើ​បាតុករ បណ្តាលឱ្យ​ស្លាប់ និង​របួស​យ៉ាងច្រើន​ផ្អើល​ពាសពេញ​ពិភពលោក ។​

​បើទោះជា​ត្រូវ​បង្ក្រាប​យ៉ាង​ហិង្សា​ដូច្នេះ​ក្តី ប៉ុន្តែ​ទំនាស់​ពាក់ព័ន្ធ​នឹង​ភាសា​នេះ ក៏​ចេះតែ អូសបន្លាយ ហើយ​ភាពមិន​ស្មើគ្នា រវាង​ពួក​ជនជាតិ​បង់កា​លិ និង​ជនជាតិ​ប៉ា​គី​ស្ថាន ក៏​នៅតែ បន្ត​កើតមាន​។ ទីបំផុត ពួក​ជនជាតិ​បង់កា​លិ បានប្រកាស​ផ្តាច់ខ្លួន​បង្កើតជា​ប្រទេស បង់​ក្លា ដេ​ស នៅ​យប់​ថ្ងៃទី ២៥ ចូល​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៧១ ។​

​ដើម្បី​ជាការ​ចងចាំ​ដល់​ព្រឹត្តិការណ៍​សោកនាដកម្ម ដែល​ប៉ូលិស បាញ់ប្រហារ​ទៅលើ បាតុករ កាលពី​ខែកុម្ភៈ ឆ្នាំ​១៩៥២ នោះ រដ្ឋាភិបាល​បង់​ក្លា​ដេ​ស បានដាក់​សំណើ​ជា​ផ្លូវការ ទៅ​អង្គការ UNESCO ឱ្យ​ប្រកាសថា ថ្ងៃទី ២១ ខែ កុម្ភៈ ជា​ទិវា​ភាសា​មាតា អន្តរជាតិ ។ សំណើ​នេះ​ត្រូវ បាន​សភា​អង្គការ UNESCO គាំទ្រ​ជា​ឯកច្ឆន្ទ នៅក្នុង​សន្និបាត​លើក​ទី ៣០ របស់ខ្លួន នា​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ។​

​លុះដល់​ថ្ងៃទី​១៦ ខែ​ឩ​សភា ឆ្នាំ​២០០៧ តាមរយៈ​សេចក្តីសម្រេច​លេខ​៦១/២៦៦ សភា អង្គការសហប្រជាជាតិ បានប្រកាសថា ឆ្នាំ​២០០៨ ជា​ឆ្នាំ​អន្តរជាតិ​នៃ​ភាសា​( International Year of Languages ) ដើម្បី​លើ​កម្ពស់​ឯកភាព នៅក្នុង​ភាព​ផ្សេងគ្នា និង​ការយល់ដឹង អន្តរ ជាតិ តាមរយៈ​ពហុ​ភាសា និង​ពហុវប្បធម៌​។ នៅ​ឆ្នាំ​២០០៩ អង្គការសហប្រជាជាតិ បាន​អំពាវនាវ ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំងអស់ អភិរក្ស​នូវ​រាល់​ភាសា​ទាំងអស់​ដែល​ត្រូវបាន​មនុស្ស​ប្រើប្រាស់ នៅក្នុង​លោក​។​

​ពាក្យ​ថា “​ភាសា​មាតា​” (Mother Language) សំដៅ​ដល់​ភាសា​កំណើត (Mother Tongue) របស់​បុគ្គល​ម្នាក់ៗ ឬ​ភាសា និង​វប្បធម៌ នៅក្នុង​ភាសាជាតិ​របស់​ជាតិ​សាសន៍​នីមួយៗ ក៏​រួមទាំង​ភាសា និង​វប្បធម៌​របស់​និគម​ន៍​សហគមន៍ ឬ​ក្រុម​នីមួយៗ​ផងដែរ​។​

​គេ​យល់ថា ភាសា​ជា​ឩ​បក​រណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត សម្រាប់​ថែរក្សា​ការពារ និង អភិវឌ្ឍន៍ នូវ​មរតក​រូបិយ​និង​មរតក​អ​រូបិយ​នៃ​មនុស្សជាតិ​។ គេ​ក៏បាន​មើលឃើញ ផងដែរ​ថា ការសិក្សា ទៅក្នុង​ភាសា​មួយ អាចបង្កើត​ការយល់ដឹង និង​ការយោគយល់​គ្នា យ៉ាង​ទូលំទូលាយ ហើយ​កុមារ​ដែល​ទទួល​បានកា​រ​អប់រំ​ពហុ​ភាសា ក៏​គឺជា​គន្លឹះ​ដ៏​សំខាន់ សម្រាប់​កាត់បន្ថយ​នូវ ការប្រកាន់​រើសអើង និង​បង្កើន​គុណភាព​សិក្សា​របស់​ពួកគេ ដែល​នឹង​នាំមក​នូវ​លទ្ធផល​ល្អ ប្រសើរ​សម្រាប់​មនុស្ស​គ្រប់រូប​។​

​រាល់​សកម្មភាព​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ឬ​ការ​រីកសាយ​នៃ​ភាសា​ដើមកំណើត​នឹង​បម្រើ​មិនមែន​គ្រាន់តែ​ជួយ​ដល់​ភាព​ផ្សេងគ្នា​នៃ​ភាសា និង​ការអប់រំ​ពហុ​ភាសា​ឡើយ ប៉ុន្តែ​វា​ក៏ នឹង ដើម្បី អភិវឌ្ឍ​ឱ្យបាន រិត​តែ​ពេញលេញ​ថែមទៀត នូវ​ប្រពៃណី​ផ្នែក​ភាសា និង​ផ្នែក​វប្បធម៌ ផង ដែរ ទូទាំង​ពិភពលោក និង​ដើម្បី​ជំរុញឱ្យមាន​សាមគ្គីភាព ដែលមាន​មូលដ្ឋាន​លើ​ការយល់ ដឹង​អំពី​គ្នា​ការអត់ឱន និង​ការសន្ទនា​នឹង​គ្នា​៕ ដោយៈ មេសា​

​បាតុករ​ជួបជុំគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល ប៉ា​គី​ស្ថាន​ទទួលស្គាល់​ភាសា​បង់​កាល់ ថា​ជា​ភាសា ជាតិ​ជាមួយនឹង​ភាសា អ៊ូ​ឌូ
​បាតុករ​ជួបជុំគ្នា​ទាមទារ​ឱ្យ​រដ្ឋាភិបាល ប៉ា​គី​ស្ថាន​ទទួលស្គាល់​ភាសា​បង់​កាល់ ថា​ជា​ភាសា ជាតិ​ជាមួយនឹង​ភាសា អ៊ូ​ឌូ
ស្ថូប​Shaheed Minar នាទី​ក្រុង ដា​កា ត្រូវបាន​ស្ថាបនា​ឡើង​ដើម្បី​រំឭក​ដល់​សោកនាដកម្ម កាលពី​ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៥២