ទិវា​រដ្ឋធម្មនុញ្ញ នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​

2228
ចែករម្លែក

​ភ្នំពេញ​៖ សាធារណរដ្ឋ​ស្លូ​វ៉ា​គី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ នៅ​ថ្ងៃទី​១ ខែកញ្ញា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ បានប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ កាលពី​ឆ្នាំ​១៩៩២ ហើយក៏​ជា​ពេលដែល​សហព័ន្ធ​សាធារណរដ្ឋ​សង្គមនិយម​ឆែក និង សាធារណរដ្ឋ​សង្គមនិយម​ស្លូ​វ៉ា​ក បាន​ដល់ទី​អ​វា​សាន ហើយ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី (​និង សាធារណរដ្ឋ​ឆែក​) ក៏បាន​ប្រសូត​ជា​រូបរាង​ក្នុង​លោក​រហូតមក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ស្លូ​វ៉ា​គី មាន​ផ្ទៃដី ៤៩.០៣៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​កណ្តាល​មាន​ព្រំដែន ជាប់​នឹង​ប្រទេស​ឆែក ហុង​គ្រី ប៉ូឡូញ អូទ្រីស និង​អ៊ុយ​ក្រែ​ន​។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៥ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង​ប្រា​ទី​ស្លា​វ៉ា ភាសាផ្លូវការ គឺ​ភាសា​ស្លូ​វ៉ា​ក​។​

​ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ​១០០០ ទឹកដី​ដែលជា​ប្រទេស​ស្លូ​វ៉ា​គី នាពេល​សព្វថ្ងៃនេះ ត្រូវបាន​ឈ្លានពាន​កាន់កាប់ ដោយ​អាណាចក្រ​ហុង​គ្រី ។ នៅ​សតវត្សរ៍​ទី​១៣ ទឹកដី​នេះ (​ក៏ដូចជា​ទឹកដី​អឺរ៉ុប មួយចំនួន​) បាន​រង​ការឈ្លានពាន​ពី​សំណាក់​ជនជាតិ​ម៉ុង​ហ្គោល​។ លុះដល់​ឆ្នាំ​១៥៤១ ទឹកដី​នោះ ត្រូវបាន​ឈ្លានពាន​ដោយ មហាអំណាច អូ​តូ​ម៉​ង់ (​តួ​ក​គី​) ។

​ពី​ខែមីនា ឆ្នាំ​១៨៤៨ ដល់​ខែតុលា ឆ្នាំ​១៨៤៩ បដិវត្តន៍​បាន​ផ្ទុះឡើង​នៅក្នុង​អាណាចក្រ អូទ្រីស បាន​រីក​សាយភាយ ប៉ះពាល់​ដល់​ប្រទេស​នានា​ជាច្រើន នៅ​អឺរ៉ុប ដោយ​រួមទាំង ហុង​គ្រី ផង ។
​ប្រជាពលរដ្ឋ​ស្លូ​វ៉ា​គី បាន​គាំទ្រ​អ​ធិ​រាជ្យ អូទ្រីស ដោយ​សង្ឃឹមថា ព្រះ​អ​ធិ​រាជ្យ អូទ្រីស នឹង​ជួយ​ពួកគេ​ឱ្យ​រើបម្រះ ឬ​ទទួលបាន​ឯករាជ្យភាព​របស់​ពួកគេ​ពី ហុង​គ្រី ។ ប៉ុន្តែ​បំណង​នោះបាន​បរាជ័យ ។

​ឯករាជ្យ​ឆេ​កូ​ស្លូ​វ៉ា​គី​
​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩១៨ តំបន់​ស្លូ​វ៉ា​គី តំបន់ Bohemia តំបន់ Moravia តំបន់ Czech Silesia និង​តំបន់ Carpathian Ruthenia បាន​ផ្តាច់ខ្លួន​ចេញពី អូទ្រីស​-​ហុង​គ្រី រួបរួម​បញ្ចូល គ្នា បង្កើតបានជា​រដ្ឋ​ឯករាជ្យ​មួយ ឈ្មោះថា ឆេ​កូ​ស្លូ​វ៉ា​គី ។ ទីបំផុត​ពួក​ណា​ស៊ី អាល្លឺម៉ង់ បង្ខំ ឆេ​កូ​ស្លូ​វ៉ា​គី ឱ្យ​ចុះហត្ថលេខា លើ​សន្ធិសញ្ញា​ទីក្រុង មុយ​និ​ច ខែកញ្ញា ឆ្នាំ​១៩៣៨ ដោយ​ណា​ស៊ី អាល្លឺម៉ង់ បាន​ត្រួតត្រា​តំបន់​មួយចំនួន នៃ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ជាប់​នឹង​ព្រំដែន​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អូទ្រីស​។ ចំណែក ទឹកដី​ដែល​នៅ​សេសសល់ ហៅថា ឆេ​កូ​-​ស្លូ​វ៉ា​គី ។

​បន្ទាប់មក ណា​ស៊ី អាល្លឺម៉ង់ បាន​គំរាមថា នឹង​យក​ទឹកដី ឆេ​កូ​-​ស្លូ​វ៉ា​គី ដែល​នៅ​សេសសល់ ទាំង​ប៉ុន្មាន ទៅ​ពុះ​ចែក​ឱ្យ ប៉ូឡូញ ឬ ហុង​គ្រី លើកលែងតែ​ដែនដី​ទាំង ២ នោះ​ប្រកាស​ឯករាជ្យ ភាព​របស់ខ្លួន​រៀងៗ​ខ្លួន ។ ដោយហេតុ​នោះ នៅ​ខែមីនា ឆ្នាំ​១៩៣៨ ស្លូ​វ៉ា​គី បាន​បំបែក​ខ្លួន​ចេញពី ឆេ​កូ​-​ស្លូ​វ៉ា​គី ហើយ​ទៅធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ ណា​ស៊ី អាល្លឺម៉ង់ តាម​ការបង្ខិតបង្ខំរ​បស់ អា​ដុល ហ៊ី​ត្លែរ ហើយ​រដ្ឋ​ស្លូ​វ៉ា​គី ក៏បាន​ក្លាយជា​រដ្ឋ​អាយ៉ង​របស់​ណា​ស៊ី អាល្លឺម៉ង់ ។

​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី​២ (១៩៤១-១៩៤៥) ជនជាតិ​ជ្វី​ស នៅលើ​ទឹកដី ស្លូ​វ៉ា​គី ប្រមាណ​ជា មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ត្រូវបាន​សម្លាប់ ឬ​បញ្ជូនទៅ​ធ្វើការ​នៅ​ជំរុំ​មរណៈ របស់​អាល្លឺម៉ង់ គឺ​ស្ទើរតែ​ដាច់​ពូជ ។​

​នៅ​ឆ្នាំ​១៩៤៤ កងទ័ព​ក្រហម​របស់​សូ​វៀត បើក​យុទ្ធនាការ​ក្នុង​គោលបំណង​រុញច្រាន ណា​ស៊ី អាល្លឺម៉ង់ ចេញពី​ទឹកដី​ស្លូ​វ៉ា​គី ហើយ​ចលនា​ប្រឆាំងនឹង​ណា​ស៊ី អាល្លឺម៉ង់ បាន បើក​យុទ្ធនា ការ​កងទ័ព​យ៉ាង​ខ្លាំងក្លា​។ ពេលនោះ ណា​ស៊ី អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​កម្ទេច​ភូមិ ស្រុក​អស់​ចំនួន ៩៣ ភូមិ និង​សម្លាប់​អ្នកស្រុក រាប់រយ​នាក់​នៅក្នុង​ភូមិ​នីមួយៗ ។ ទីបំផុត ទឹកដី​ស្លូ​វ៉ា​គី ត្រូវបាន​កងទ័ព​ក្រហម​របស់ សូ​វៀត និង រ៉ូ​ម៉ា​នី បាន​រំដោះ​ចេញពី​ក្រញាំ​របស់ ណា​ស៊ី អាល្លឺម៉ង់ នៅ​ដំណាច់​ខែមេសា ឆ្នាំ​១៩៤៥ ហើយ​ឆេ​កូ​ស្លូ​វ៉ា​គី ក៏បាន​រូប​រួមគ្នា​វិញ ។​
​សន្និសីទ គ្រី​មា ខែកុម្ភៈ ឆ្នាំ​១៩៤៥ បានដាក់​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី ឱ្យ​ស្ថិតក្រោម អំណាច​របស់ សូ​វៀត ហើយ​បាន​ឋិត​ក្រោម​ការកាន់កាប់​របស់​សូ​វៀត ដោយផ្ទាល់​នៅ​ឆ្នាំ​១៩៤៨ ។ ប្រទេស​នេះ ក៏​ក្លាយជា​ប្រទេស​ក្រោម​ឥទ្ធិពល ឬ អំណាច របស់​បក្សកុម្មុយនិស្ត ។​នៅ​ឆ្នាំ​១៩៦៩ ឆេ​កូ​ស្លូ​វ៉ា​គី បង្កើតបានជា​សហព័ន្ធ​សាធារណរដ្ឋ​សង្គមនិយម​ឆែក និង សាធារណរដ្ឋ​សង្គមនិយម ស្លូ​វ៉ា​គី ។​

បំបែក​ជា​ឆែក និង ស្លូ​វ៉ា​គី
​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៨៩ មាន​បាតុកម្ម​បដិវត្តន៍ បាន​ផ្ទុះឡើង ពាសពេញ​ប្រទេស ប្រឆាំងនឹង​របប​កុ​ម្មុយ​និ​ស្ត​របស់​ស្តា​លីន សូ​វៀត នៅលើ​ទឹកដី ឆេ​កូ​ស្លូ​វ៉ា​គី ។ ទីបំផុត​របប​កុ​ម្មុយ​និ​ស្ត​នៅលើ​ទឹកដី ឆេ​កូ​ស្លូ​វ៉ា​គី ត្រូវបាន​បញ្ចប់ ហើយ​ប្រទេស ឆេ​កូ​ស្លូ​វ៉ា​គី បង្កើតបានជា​រដ្ឋ​អធិបតេយ្យ​ចំនួន​ពីរ គឺ​សាធារណរដ្ឋ​ឆែក និង​សាធារណរដ្ឋ​ស្លូ​វ៉ា​គី ។ ប៉ុន្តែ​មេដឹកនាំ នៃ​សាធារណរដ្ឋ​ទាំង ២ នៅ​បន្ត​ចរចា​ពិភាក្សាគ្នា​លើ​កិ​ច្ចា​នុ​កិច្ច​ជាច្រើន​ទៀត ។​

ទីបំផុត រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ របស់​សាធារណរដ្ឋ ស្លូ​វ៉ា​គី ត្រូវបាន​ប្រកាស​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៩២ ។ ប្រការនេះ​បានសេចក្តីថា សហព័ន្ធ សាធារណរដ្ឋ សង្គមនិយម​ឆែក និង​សាធារណរដ្ឋ​សង្គមនិយម​ស្លូ​វ៉ា​គី ក៏ត្រូវ​បានបញ្ចប់​ដែរ ។ សាធារណរដ្ឋ​ឆែក និង​សាធារណរដ្ឋ​ស្លូ​វ៉ា​គី បាន​ចែកផ្លូវ​គ្នា ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ១៩៩៣ ។ សាធារណរដ្ឋ​ស្លូ​វ៉ា​គី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ដើម្បី​រំលឹក​ដល់​ការប្រកាស ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​រដ្ឋធម្មនុញ្ញ​រប​ស់​ពួកគេ​នេះឯង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

ទីក្រុង ប្រា​ទី​ស្លា​វ នៃ សាធារណរដ្ឋ ស្លូ​វ៉ា​គី
ក្បួន​ដង្ហែ​នៅ​ទី​វា​រដ្ឋធម្មនុញ្ញ ស្លូ​វ៉ា​គី