ទិវា​រដ្ឋធម្មនុញ្ញ នៃ សាធារណ​ដ្ឋ ឥណ្ឌូណេស៊ី​

2596
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ ត្រូវបាន​អនុម័ត​កាលពី​ឆ្នាំ​១៩៤៥ បន្ទាប់ពី​បានប្រកាស​ឯករាជ្យ​ជាតិ​របស់ខ្លួន មួយថ្ងៃ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី គឺជា​រដ្ឋ​កម្រង​កោះ​ចំនួន ១៨.៣០៧ មាន​ផ្ទៃដី​សរុប ១.៩១៩ លាន គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អាស៊ីអាគ្នេយ៍ មាន​ព្រំដែន​ជាប់​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ម៉ាឡេស៊ី សាំង​ហ្គា​ពួរ ហ្វីលីពីន និង អូស្ត្រាលី ជា​សមាជិក​ស្ថាបនិក នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) និង​ជា​សមាជិក​ក្រុម​ប្រទេស G-២០ ។ នៅ​ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ជិត ២៦៨ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម រដ្ឋធានី​គឺ​ទីក្រុង​ហ្សា​ការ​តា ភាសាផ្លូវការ​គឺ ភាសា ឥ​ណ្ធូ​ណេ​ស៊ី ។​

ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ​១៦១៩ ទឹកដី​មួយចំនួន នៃ​ប្រទេស​ឥណ្ឌូណេស៊ី ត្រូវបាន​ត្រួតត្រា ដោយ​ក្រុមហ៊ុន​ហុ​ល្លង់ ឥណ្ឌា ខាងកើត ។ ចុង​សតវត្សរ៍​ទី​១៨ ក្រុមហ៊ុន​នេះ​បាន​ក្ស័យធន ហើយ​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ ១៨០០ ។ ទ្រព្យសម្បត្តិ និង បំណុល​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បានទទួល​រ៉ាប់រង និង​ត្រួតត្រា​ជំនួស ដោយ​រដ្ឋាភិបាល​ហុ​ល្លង់ ហើយ​ទឹកដី​ឥណ្ឌូណេស៊ី ដែល​ធ្លាប់តែ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់ ក្រុមហ៊ុន​នេះ​ក៏​ត្រូវបាន​ត្រួតត្រា​ជំនួស​ដោយ​រដ្ឋាភិបាល​ហុ​ល្លង់ ដែរ​។ ឆ្នាំ​១៨១១ ទឹកដី​ទាំងនេះ បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ក្រុមហ៊ុន​អង់គ្លេស ឥណ្ឌា ខាងកើត វិញ​ម្តង​។ លុះដល់​ឆ្នាំ​១៨១៥ ហុ​ល្លង់ បាន​ដណ្តើមយក​ទឹកដី​ទាំងនោះ​ពី​ក្រុមហ៊ុន អង់គ្លេស ឥណ្ឌា ខាងកើត មក​ត្រួតត្រា​វិញ ។​

​ឆ្នាំ​១៩៤០ មហាអំណាច​ហុ​ល្លង់ បាន​ធ្លាក់​ក្រោម​ការកាន់កាប់​ដោយ​ពួក​ណា​ស៊ី​ស អាល្លឺម៉ង់​។ ជប៉ុន បានចាប់ផ្តើម​លុកលុយ​អាស៊ីអាគ្នេយ៍ នៅ​ខែធ្នូ ឆ្នាំ​១៩៤១ ហើយ​នៅ​ឆ្នាំ ១៩៤២ ជប៉ុន​បាន​ចូល​ដណ្តើម​កាន់កាប់​ទឹកដី​ឥណ្ឌូណេស៊ី ពី ហុ​ល្លង់ ។​

​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៤៥ ជប៉ុន មានបំណង​ចង់​ប្រកាស​ឯករាជ្យភាព ឱ្យ ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​១៩៤៥ នោះ​។ ប៉ុន្តែ​មិនទាន់​បានប្រកាស​ឯករាជ្យ​ភាព​ឱ្យ​ឥណ្ឌូណេស៊ី ផង នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៤៥ ជប៉ុន បានប្រកាស​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ។ ដោយមាន​សម្ពាធ​ពី​ពួក​រ៉ាឌីកាល់ និង​ក្រុមយុវជន​ផង នៅ​ថ្ងៃទី​១៧ ខែ សីហា ឆ្នាំ ១៩៤៥ នោះ លោក ស៊ូ​កា​ណូ បានប្រកាស​ឯករាជ្យភាព​របស់​ឥណ្ឌូណេស៊ី ជា​ឯកតោភាគី ថា​ជា​សាធារណរដ្ឋ ឥណ្ឌូណេស៊ី ដោយមាន លោក ស៊ូ​កា​ណូ ជា​ប្រធានាធិបតី ។

​ប្រកាស​ធម្មនុញ្ញ ១៩៤៥
​មួយថ្ងៃ​បន្ទាប់ពី​បានប្រកាស​ឯ​រាជ្យ​ភាព​របស់ខ្លួន​មក គឺ​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ ១៩៤៥ ឥណ្ឌូណេស៊ី បានអនុម័ត​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ជា​លើកដំបូង ដែល​ត្រូវបាន​ហៅថា រដ្ឋធម្មនុញ្ញ ១៩៤៥ ព្រោះ​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ ១៩៤៥​។ រដ្ឋធម្មនុញ្ញ​នេះ​ចែងថា ប្រធានាធិបតី ឥណ្ឌូណេស៊ី ត្រូវជា​ជន​មូ​ស្ល៊ី​ម ។

​សូម​រំឭកថា ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ប៉ុន្តែ​ក៏​នៅមាន​អ្នក កាន់សាសនា​ដទៃទៀត ដូចជា​គ្រិស្តសាសនា និង​ពុទ្ធសាសនា​ជាដើម ។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ ១៩៤៥ នេះ ផ្តល់​សិទ្ធិ និង​អាទិភាព​ទៅលើ​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ច្រើនជាង​អ្នក​កាន់សាសនា​ផ្សេងៗ ជាហេតុ​នាំឱ្យមាន​ការមិន​សប្បាយចិត្ត ដែលជា​ឧបសគ្គ​ដល់​ការរួបរួម ឥណ្ឌូណេស៊ី ។ ឬ​និយាយ​ម្យ៉ាង​ទៀតថា ប្រសិនបើ​នៅ​រក្សា​ធម្មនុញ្ញ​នេះ​តទៅទៀត​នោះ នឹង​ពិបាក ឬក៏​ប្រហែលជា មិនអាច​រួបរួម​កម្រង​កោះ ជាង​មួយ​ម៉ឺន​របស់​ឥណ្ឌូណេស៊ី ឱ្យនៅ​ក្រោម​ទង់​ឥណ្ឌូណេស៊ី តែមួយ​ឡើយ ។​

​ឆ្នាំ​១៩៥៥ ការបោះឆ្នោត​ក្រុមប្រឹក្សា​តំណាង​ប្រជាជន និង​សម្រាប់​សភា​រដ្ឋធម្មនុញ្ញ ត្រូវបាន ប្រារព្ធ​ឡើង ។ សេចក្តីព្រាងច្បាប់​របស់​សភា​រដ្ឋធម្មនុញ្ញ​នេះ​មាន​ភាពខ្វែងគ្នា​ពី​រដ្ឋធម្មនុញ្ញ ១៩៤៥ ដែល​ផ្តល់​សិទ្ធិអំណាច​ដល់​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ច្រើន​លើសលប់​ពេក​ក៏​បណ្តាលឱ្យ មានទំនាស់​មួយចំនួន រវាង​ពួក​អ្នក​ជាតិនិយម និង​ពួក​អ៊ិ​ស្លាម​និយម​ជុំវិញ​តួនាទី​របស់​សាសនា អ៊ិ​ស្លាម នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី ។​

​រំលាយ​រដ្ឋសភា
​នៅ​ថ្ងៃទី​៣០ ខែឧសភា និង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​១៩៥៩ លោក ស៊ូ​កា​ណូ ដ៏​មាន​ឥទ្ធិពល (​ដោយ សារ​មាន​កងទ័ព ដែលជា​អ្នក​អ៊ិ​ស្លាម​និយម នៅ​ពីក្រោយ​) បាន​ដាក់ឱ្យ​បោះឆ្នោត ធ្វើ​ប្រជាមតិ រដ្ឋធម្មនុញ្ញ ១៩៤៥ ។ ប៉ុន្តែ​មិន​ទទួលបាន​ការគាំទ្រ​តាម​តម្រូវការ​សំឡេង ២ ភាគ ៣ ឡើយ​។ ទោះយ៉ាងណា ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ១៩៥៩ នោះ លោក​ប្រធានាធិបតី ស៊ូ​កា​ណូ បាន​រំលាយ សភា​រដ្ឋធម្មនុញ្ញ​ចោល ហើយ​ដាក់ឱ្យអនុវត្ត​រដ្ឋធម្មនុញ្ញ ១៩៤៥ (​ដែល​មិន​ទទួល​បានការ គាំទ្រ​គ្រប់គ្រាន់​) ជា​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន ។

​ឆ្នាំ​១៩៦៨ លោក ស៊ូ​ហារ​តូ បាន​ក្លាយជា​ប្រធានាធិបតី ឥណ្ឌូណេស៊ី​ក៏​នៅតែ​មិន​ព្រម​កែប្រែ រដ្ឋធម្មនុញ្ញ ១៩៤៥ នេះដែរ (​ព្រោះ​លោក ស៊ូ​ហារ​តូ ក៏​ជា​អ្នក​អ៊ិ​ស្លាម​និយម​ដែរ​)​។ ឆ្នាំ ១៩៨៣ សភា​ក្រុម​ពិគ្រោះ​យោបល់​ប្រជាជន បានអនុម័ត​ក្រឹត្យ​មួយ ឱ្យធ្វើ​ប្រជាមតិ​ទូទាំងប្រទេស មុនពេល​រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​។ ឆ្នាំ​១៩៩៧ មាន​អ្នកនយោបាយ​សំខាន់ៗ ៤ រូប ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទ​លើកឡើង​នូវ​ចំ​ណុ​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​ដែល​គប្បី​ត្រូវបាន ធ្វើ​វិសោធនកម្ម ។

​វិសោធនកម្ម​ធម្មនុញ្ញ ១៩៤៥
​លោក ស៊ូ​ហារ​តូ បាន​ធ្លាក់​ពី​តំណែង នៅ​ឆ្នាំ​១៩៩៨ ជំនួស​ដោយ​អ្នក​ជំនាន់​ថ្មី ទើប​ត្រួស​ត្រាយផ្លូវ ឆ្ពោះទៅរក​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ១៩៤៥ នោះ ដើម្បី​បង្កើត​របប​លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ​មួយ នៅ​ឥណ្ឌូណេស៊ី ។ ទីបំផុត​ការធ្វើ​វិសោធនកម្ម ទៅលើ​រដ្ឋធម្មនុញ្ញ ១៩៤៥ ត្រូវបាន​ដំណើរការ ៤ ដំណាក់កាល​គឺ នៅ​ឆ្នាំ​១៩៩៩, ឆ្នាំ​២០០០, ឆ្នាំ​២០០១ និង​ឆ្នាំ ២០០២ ។ រដ្ឋ​ធម្ម​១៩៤៥ ត្រូវបាន​កែប្រែ នៅសល់តែ ១១ ភាគរយ​ប៉ុណ្ណោះ ។

​នៅក្នុង​ចំណោម​ការកែប្រែ​ទាំងឡាយ​នេះ មានការ​កែប្រែ​មួយ គឺ​ការបង្កើត​តុលាការ​រដ្ឋធម្មនុញ្ញ ត្រូវបាន​ចាត់ទុកថា ជាការ​កែប្រែ​ប្រកបដោយ​ជោគជ័យ​បំផុត​មួយ នៅក្នុង​ប្រព័ន្ធ​រដ្ឋធម្មនុញ្ញ ឥណ្ឌូណេស៊ី ។​

​ទោះយ៉ាងណា រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ឥណ្ឌូណេស៊ី នៅតែ​ចាត់ទុក​ថ្ងៃទី​១៨ ខែ សីហា (​ឆ្នាំ​១៩៤៥ ដែលជា​ថ្ងៃ​អនុម័ត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ឥណ្ឌូណេស៊ី​) ថា​ជា​ទិវា​នៃ​រដ្ឋធម្មនុញ្ញ​របស់ ពួកគេ​ដដែល ៕ ស្រាវជ្រាវប្រែសម្រួលដោយ: មេសា

ក្បួន​ដង្ហែរ​នៅ​ទិវា​រដ្ឋធម្មនុញ្ញ នៃ ប្រទេស ឥណ្ឌូណេស៊ី (​រដ្ឋធម្មនុញ្ញ ២)
​កិច្ចប្រជុំ​បង្កើត​រដ្ឋធម្មនុញ្ញ​ដំបូង​របស់ ឥណ្ឌូណេស៊ី ឬ រដ្ឋធម្មនុញ្ញ ១៩៤៥ (​រដ្ឋធម្មនុញ្ញ ១)