ទិវា​រដ្ឋធម្មនុញ្ញ សាធារណរដ្ឋ ស្លូ​វ៉ា​ក​គី​

427
ចែករម្លែក
ក្បួន​ដង្ហែ​នៅ​ទិវា​រដ្ឋធម្មនុញ្ញ ស្លូ​វ៉ា​ក​គី (រូបអ៊ីនធឺណិត)

ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​/​ភ្នំពេញៈ សាធារណរដ្ឋ ស្លូ​វ៉ា​គី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ របស់​ពួកគេ​នៅ​ថ្ងៃទី ០១ ខែ កញ្ញា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ កាលពី ឆ្នាំ ១៩៩២ ហើយក៏​ជា​ពេលដែល សហព័ន្ធ សាធារណរដ្ឋ សង្គមនិយម ឆែក និង សាធារណរដ្ឋ សង្គមនិយម ស្លូ​វ៉ា​ក បាន​ដល់ទី​អ​វា​សាន ហើយ សាធារណរដ្ឋ ស្លូ​វ៉ា​គី ( និង សាធារណរដ្ឋ ឆែក ) ក៏បាន​ប្រសូត​ជា​រូបរាង​ក្នុង​លោក​រហូតមក ។​


​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ស្លូ​វ៉ា​គី មាន​ផ្ទៃដី ៤៩.០៣៥ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប កណ្តាល មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឆែក​, ហុង​គ្រី​, ប៉ូឡូញ​, អូទ្រីស និង អ៊ុយ​ក្រែ​ន ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា​គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង ប្រា​ទី​ស្លា​វ៉ា ភាសាផ្លូវការ​គឺ​ភាសា ស្លូ​វ៉ា​ក​។​


ប្រវត្តិសាស្ត្រ​
​គិត​ត្រឹម​ឆ្នាំ ១០០០ ទឹកដី​ដែលជា​ប្រទេស ស្លូ​វ៉ា​គី នាពេល​សព្វថ្ងៃនេះ ត្រូវបាន​ឈ្លានពាន​កាន់កាប់​ដោយ​អាណាចក្រ ហុង​គ្រី ។ នៅ​សតវត្សរ៍​ទី ១៣ ទឹកដី​នេះ ( ក៏ដូចជា​ទឹកដី អឺរ៉ុប មួយចំនួន ) បាន​រង​ការឈ្លានពាន​ពី​សំណាក់​ជនជាតិ ម៉ុង​ហ្គោល ។ លុះដល់​ឆ្នាំ ១៥៤១ ទឹកដី​នោះ​ត្រូវបាន​ឈ្លានពាន​ដោយ មហាអំណាច អូ​តូ​ម៉​ង់ ( ទួ​ក​គី​) ។


​ពី​ខែ មីនា ឆ្នាំ ១៨៤៨ ដល់ ខែ តុលា ឆ្នាំ ១៨៤៩ បដិវត្តន៍​បាន​ផ្ទុះឡើង​នៅក្នុង អាណាចក្រ អូទ្រីស បាន​រីក​សាយភាយ​ប៉ះពាល់​ដល់​ប្រទេស​នានា​ជាច្រើន​នៅ អឺរ៉ុប ដោយ​រួមទាំង ហុង​គ្រី ផង ។
​ប្រជាពលរដ្ឋ ស្លូ​វ៉ា​ក​គី បាន​គាំទ្រ អ​ធិ​រាជ្យ អូទ្រីស ដោយ​សង្ឃឹមថា ព្រះ​អ​ធិ​រាជ្យ អូទ្រីស នឹង​ជួយ​ពួកគេ​ឱ្យ​រើបម្រះ ឬ ទទួលបាន​ឯករាជភាព​របស់​ពួកគេ​ពី ហុង​គ្រី ។ ប៉ុន្តែ​បំណង​នោះបាន​បរាជ័យ ។


​ឯករាជ្យ​ឆេ​កូ​ស្លូ​វ៉ា​គី​
​នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩១៨ តំបន់ ស្លូ​វ៉ា​ក​គី តំបន់ Bohemia តំបន់ Moravia តំបន់ Czech Silesia និង តំបន់ Carpathian Ruthenia បាន​ផ្តាច់ខ្លួន​ចេញពី អូទ្រីស​-​ហុង​គ្រី រួបរួម​បញ្ចូល​គ្នា​បង្កើតបានជា​រដ្ឋ​ឯករាជ្យ​មួយ​ឈ្មោះថា ឆេ​កូ​ស្លូ​វ៉ា​គី ។
​ទីបំផុត​ពួក ណា​ស៊ី អាល្លឺម៉ង់ បង្ខំ ឆេ​កូ​ស្លូ​វ៉ា​គី ឱ្យ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង មុយ​និ​ច ខែ កញ្ញា ឆ្នាំ ១៩៣៨ ដោយ ណា​ស៊ី អាល្លឺម៉ង់ បាន​ត្រួតត្រា​តំបន់​មួយចំនួន នៃ ប្រទេស ឆេ​កូ​ស្លូ​វ៉ា​គី ជាប់​នឹង​ព្រំដែន​ប្រទេស អាល្លឺម៉ង់ និង ប្រទេស អូទ្រីស ។ ចំណែក ទឹកដី​ដែល​នៅ​សេសសល់​ហៅថា ឆេ​កូ​-​ស្លូ​វ៉ា​គី ។


​បន្ទាប់មក ណា​ស៊ី អាល្លឺម៉ង់ បាន​គំរាមថា​នឹង​យក​ទឹកដី ឆេ​កូ​-​ស្លូ​វ៉ា​គី ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ទៅ​ពុះ​ចែក​ឱ្យ ប៉ូឡូញ ឬ ហុង​គ្រី លើកលែងតែ​ដែនដី​ទាំង ២ នោះ​ប្រកាស​ឯករាជភាព​របស់​ខ្លួន​រៀងៗ​ខ្លួន ។ ដោយហេតុ​នោះ នៅ​ខែ មីនា ឆ្នាំ ១៩៣៨ ស្លូ​វ៉ា​ក​គី បាន​បំបែក​ខ្លួន​ចេញពី ឆេ​កូ​-​ស្លូ​វ៉ា​គី ហើយ​ទៅធ្វើជា​សម្ព័ន្ធមិត្ត​ជាមួយ ណា​ស៊ី អាល្លឺម៉ង់ តាម​ការបង្ខិតបង្ខំរ​បស់ អា​ដុល​ហ្វ ហ៊ី​ទ្លែ​រ ហើយ​រដ្ឋ ស្លូ​វ៉ា​ក​គី ក៏បាន​ក្លាយជា​រដ្ឋ​អាយ៉ង​របស់ ណា​ស៊ី អាល្លឺម៉ង់ ។


​នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី ២ (១៩៤១-១៩៤៥)​ជនជាតិ ជ្វី​ស នៅលើ​ទឹកដី ស្លូ​វ៉ា​ក​គី ប្រមាណ​ជាមួយ​ម៉ឺន ប្រាំ​ពាន់​នាក់ ត្រូវបាន​សម្លាប់ ឬ បញ្ជូនទៅ​ធ្វើការ​នៅ​ជំរុំ​មរណៈ របស់​អាល្លឺម៉ង់ គឺ​ស្ទើរតែ​ដាច់​ពូជ ។​
​នៅ​ឆ្នាំ ១៩៤៤ កងទ័ព​ក្រហម របស់ សូ​វៀត បើក​យុទ្ធនាការ​ក្នុង​គោលបំណង​រុញ ច្រាន ណា​ស៊ី អាល្លឺម៉ង់ ចេញពី​ទឹកដី ស្លូ​វ៉ា​ក​គី ហើយ​ចលនា​ប្រឆាំងនឹង ណា​ស៊ី អាល្លឺម៉ង់ បាន បើក​យុទ្ធនាការ​កងទ័ព​យ៉ាងខ្លាំង​ក្លា ។ ពេលនោះ ណា​ស៊ី អាល្លឺម៉ង់ និង សម្ព័ន្ធមិត្ត​ក្នុង​តំបន់ កម្ទេច​ភូមិ​ស្រុក​អស់​ចំនួន ៩៣ ភូមិ និង សម្លាប់​អ្នកស្រុក​រាប់រយ​នាក់​នៅក្នុង​ភូមិ​នីមួយៗ ។ ទីបំផុត ទឹកដី ស្លូ​វ៉ា​ក​គី ត្រូវបាន​កងទ័ព​ក្រហម​របស់ សូ​វៀត និង រ៉ូ​ម៉ា​នី បាន​រំដោះ​ចេញ ពី ក្រញាំ​របស់ ណា​ស៊ី អាល្លឺម៉ង់ នៅ​ដំណាច់ខែ មេសា ឆ្នាំ ១៩៤៥ ហើយ​ឆេ​កូ​ស្លូ​វ៉ា​ក​គី ក៏បាន​រូប​រួមគ្នា​វិញ ។​


​សន្និសីទ គ្រី​មា ខែ កុម្ភៈ ឆ្នាំ ១៩៤៥ បានដាក់​ប្រទេស ឆេ​កូ ស្លូ​វ៉ា​ក​គី ឱ្យ​ស្ថិតក្រោម អំណាច​របស់ សូ​វៀត ហើយ​បាន​ឋិត​ក្រោម​ការកាន់កាប់​របស់ សូ​វៀត ដោយផ្ទាល់​នៅ​ឆ្នាំ ១៩៤៨ ។ ប្រទេស​នេះ ក៏​ក្លាយជា​ប្រទេស​ក្រោម​ឥទ្ធិពល ឬ អំណាច របស់​បក្សកុម្មុយនិស្ត ។​
​នៅ​ឆ្នាំ ១៩៦៩ ឆេ​កូ​ស្លូ​វ៉ា​ក​គី បង្កើតបានជា សហព័ន្ធ សាធារណរដ្ឋ សង្គមនិយម ឆែក និង សាធារណរដ្ឋ សង្គមនិយម ស្លូ​វ៉ា​ក​គី ។​


បំបែក​ជា​ឆែក និង ស្លូ​វ៉ា​ក​គី
​ចាប់ពី​ថ្ងៃទី ១៧ ខែ វិច្ឆិកា ដល់ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៨៩ មាន​បាតុកម្ម​បដិវត្តន៍​បាន​ផ្ទុះឡើង​ពាសពេញ​ប្រទេស​ប្រឆាំងនឹង​របប​កុ​ម្មុយ​និ​ស្ត​របស់ ស្តា​លីន សូ​វៀត នៅលើ​ទឹកដី ឆេ​កូ​ស្លូ​វ៉ា​ក​គី ។
​ទីបំផុត​របប​កុ​ម្មុយ​និ​ស្ត នៅលើ​ទឹកដី ឆេ​កូ​ស្លូ​វ៉ា​ក​គី ត្រូវបាន​បញ្ចប់​ហើយ​ប្រទេស ឆេ​កូ​ស្លូ​វ៉ា​ក​គី បង្កើតបានជា​រដ្ឋ អធិបតេយ្យ​ចំនួន​ពីរ គឺ សាធារណរដ្ឋឆែក និង សាធារណរដ្ឋ ស្លូ​វ៉ា​ក​គី ។ ប៉ុន្តែ​មេដឹកនាំ នៃ សាធារណរដ្ឋ​ទាំង ២ នៅ​បន្ត​ចរចា​ពិភាក្សាគ្នា​លើ​កិ​ច្ចា​នុ​កិច្ច​ជាច្រើន​ទៀត ។​
​ទីបំផុត រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ របស់សាធារណរដ្ឋស្លូ​វ៉ា​ក​គី ត្រូវបាន​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩៩២ ។ ប្រការនេះ​បានសេចក្តីថា សហព័ន្ធ សាធារណរដ្ឋសង្គមនិយម ឆែកនិងសាធារណរដ្ឋ សង្គមនិយម ស្លូ​វ៉ា​ក​គី ក៏ត្រូវ​បានបញ្ចប់​ដែរ ។ សាធារណរដ្ឋ ឆែក និង សាធារណរដ្ឋ ស្លូ​វ៉ា​ក​គី បាន​ចែកផ្លូវ​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែ មករា ឆ្នាំ ១៩៩៣ ។​
​សាធារណរដ្ឋ ស្លូ​វ៉ា​ក​គី ប្រារព្ធ​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ដើម្បី​រំឭក​ដល់​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​នេះឯង ៕សរន

​ទីក្រុង ប្រា​ទី​ស្លា​វ នៃ សាធារណរដ្ឋ ស្លូ​វ៉ាក​គី (រូបថតអ៊ីនធឺណិត)