ទិវា​រដ្ឋធម្មនុញ្ញ ហ្វីលីពីន​

177

(ភ្នំពេញ​)៖ រដ្ឋាភិបាល និង ប្រជា​ល​រដ្ឋ ហ្វីលីពីន ប្រារព្ធ ទិវា​រដ្ឋធម្មនុញ្ញ របស់​ពួកគេ នៅ​ថ្ងៃទី ២ ខែ កុម្ភៈ ដើម្បី រំលឹក​ដល់​ថ្ងៃ​ដែល​សភា​ប្រជាជន ធ្វើ​ប្រជា​សម្រេច​លើ រដ្ឋធម្មនុញ្ញ​ចុងក្រោយ​បំផុត កាលពី​ឆ្នាំ ១៩៨៦ ដែលជា​រដ្ឋធម្មនុញ្ញ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ហ្វីលីពីន មាន​ផ្ទៃដី ៣៤៣.៤៤៨ គីឡូម៉ែត្រ​ក្រឡា គឺជា​រដ្ឋ​កម្រង​កោះ​ចំនួន ៧.៦៤១ កោះ ស្ថិតនៅ អាស៊ីអាគ្នេយ៍ ភាគ​ខាងលិច នៃ មហាសាគរ ប៉ាស៊ីហ្វិក ។ ដើមឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ១០៤ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ​គឺ ភាសា ហ្វីលីពីន និង ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង ម៉ានីល ។ ហ្វីលីពីន គឺជា​សមាជិក​ដំបូង​មួយ នៃ សមាគម អាស៊ាន តាំងពី​ឆ្នាំ ១៩៦៧ ។

​ប្រ​វ​តិ្ត​សាស្ត្រ
​អាណានិគម​កិច្ច​ពី​មហាអំណាច អេ​ស្ប៉ា​ញ ទៅលើ​ប្រទេស ហ្វីលីពីន បានចាប់ផ្តើម​ពី​ឆ្នាំ ១៥៦៥ ។ ចាប់ពី​ឆ្នាំ ១៨៩៦ ក៏មាន​ចលនា​ត​តស៊ូ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់ អេ​ស្ប៉ា​ញ គួរឱ្យកត់សម្គាល់ ។ ពួកគេ​បានប្រកាស​ឯករាជភាព​របស់ ហ្វីលីពីន ពី​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៨៩៨ គឺជា​អ្វីដែល អេ​ស្ប៉ា​ញ ប្រឆាំង​ជាដាច់ខាត ទើប​មាន​សង្គ្រាម​ផ្ទុះឡើង ។​

​ងាក​ទៅ​មើល ប្រទេស គុយបា ឯណោះ​វិញ អាណានិគម​អេ​ស្ប៉ា​ញ​ទៅលើ​គុយបា ក៏បាន​ចាប់ផ្តើម បន្ទាប់​អ្នកស្រាវជ្រាវ​អេ​ស្ប៉ា​ញ គ្រិ​ស្តូ​ហ្វឺ​រ៍ កូ​ឡុ​ម​ប៊ឹ​ស បាន​ទៅដល់​ទឹកដី គុយបា នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៤៩២ ។ ជា​ញឹកញាប់ មាន​ចលនា​ប្រឆាំងនឹង​អាណានិគម អេ​ស្ប៉ា​ញ ទីបំផុត​ក៏មាន​សង្គ្រាម​ដើម្បី ឯករាជភាព​គុយបា បាន​ផ្ទុះឡើង​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៨៩៥ ( ដល់​ឆ្នាំ ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៨៩៨ ) ។
​ ​
​រួច​ពី​អន្ទាក់​ធ្លាក់ចូល​រណ្តៅ​
​សហរដ្ឋអាមេរិក ដែល​តែងតែ​មានបំណង​ចង់​កាត់​បន្ថយអំណាច អេ​ស្ប៉ា​ញ បាន​ក៏​គាំទ្រ ចលនា​ឯករាជ្យ គុយបា និង ហ្វីលីពីន ក៏បាន​ផ្ទុះ​សង្គ្រាម​រវាង​អេ​ស្ប៉ា​ញ និង សហរដ្ឋ អាមេរិក ទាំង​នៅ​តំបន់ កា​រិ​ប៊ី​ន ( គុយបា និង ព័រ​តូ​រី​កូ ) និង អាស៊ី ប៉ាស៊ីហ្វិក ( ហ្វីលីពីន និង កោះ ហ្គាំ ) ចាប់ពី​ថ្ងៃទី ២១ ខែ មេសា ឆ្នា ១៨៩៨ ដល់​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ១៨៩៨ ជ័យជម្នះ​ធ្លាក់​ទៅលើ​ខាង អាមេរិក នាំឱ្យមាន​សន្ធិ សញ្ញា​ទីក្រុង ប៉ារីស នៅ​ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៨៩៨ ទឹកដី គុយបា , ព័រ​តូ​រិ​កូ , កោះ​ហ្វីលីពីន និង កោះ​ហ្គាំ បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​អាមេរិក​វិញ​ម្តង ដោយ​អាមេរិក​គ្រាន់ តែ​ត្រូវ​បង់ប្រាក់ ២០ លាន​ដុល្លារ ទៅអោយ អេ​ស្ប៉ា​ញ ប៉ុណ្ណោះ ។ កោះ ហ្គាំ ដែលជា​ទីតាំង​កងទ័ព​ដ៏​សំខាន់បំផុត​របស់ អាមេរិក នៅ​តំបន់​មហាសាគរ ប៉ាស៊ីហ្វិក បាន​ធ្លាក់​ទៅក្នុង​កំ​ណ្តា​ប់​ដៃ អ​មេ​រិ​ក តាំងពី​ពេលនោះ​មក​ដែរ ។​

​ពួក​អ្នកស្នេហាជាតិ ហ្វីលីពីន ក៏បាន​ចាត់ទុកថា​នោះ ក៏​ជា​ជោគជ័យ​របស់​ពួកគេ ក្នុងការ​រើបម្រះ​ពី អាណានិគម អេ​ស្ប៉ា​ញ ផងដែរ ព្រោះ​ពួកគេ បាន​តស៊ូ​ប្រឆាំង អេ​ស្ប៉ា​ញ តាំងពី​ឆ្នាំ ១៨៩៦ មក ហើយ​បានប្រកាស​ឯករាជភាព ហ្វីលីពីន ពី​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៨៩៨ ហើយ​នៅក្នុង​សង្គ្រាម​រវាង អាមេរិក និង អេ​ស្ប៉ា​ញ នោះ ក៏​ជនជាតិ​ហ្វីលីពីន​បាន​លះបង់​ច្រើន ណាស់ដែរ ទើប អាមេរិក ឈ្នះ​អេ​ស្ប៉ា​ញ បែប​នោះ ។

​ហ្វីលីពីន បានប្រកាស​បង្កើតជា​សាធារណរដ្ឋ ហ្វីលីពីន ដែលជា​សាធារណរដ្ឋ​ទី ១ នៅ​អាស៊ី នៅ​ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ១៨៩៩ ។ ពេលនេះ ហ្វីលីពីន ក៏បាន​ប្រកាស ឱ្យប្រើ​ប្រាស់​នូវ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន ដែលមាន​ឈ្មោះថា រដ្ឋធម្មនុញ្ញ Malolos ។​

​ប៉ុន្តែ​សហរដ្ឋអាមេរិក ដែល​ខំប្រឹង​ដុតដៃដុតជើង ដណ្តើម​ទឹកដី​ពី អេ​ស្ប៉ា​ញ មក មិនអាច​បើកភ្នែក​មើល ហ្វីលីពីន របូត​ចេញពី​កណ្តាប់ដៃ​ខ្លួន​ឡើយ ទើប​មិន​ទទួលស្គាល់ សាធារណរដ្ឋ ហ្វីលីពីន ដែល​កំពុង​កើតចេញ​ជា​រូបរាង​នោះឡើយ ។​

​ប៉ុន្តែ​ពួក​អ្នក​ស្នេហា​ជា ហ្វីលីពីន មិន​ព្រម​បណ្តោយ​មាតុភូមិ​របស់​ធ្លាក់​ទៅក្នុង​កណ្តាប់​អាមេរិកាំង​ឡើយ ទើប​នាំគ្នា​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ការត្រួតត្រា​របស់​អាមេរិក​ទៀត ។ សង្គ្រាម ហ្វីលីពីន​-​អាមេរិកាំង បាន​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ។ នៅ​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩០១ កងទ័ព​អាមេរិក បាន​ចាប់ខ្លួន​ប្រធានាធិបតី​ដំបូង​របស់ សាធារណរដ្ឋ ហ្វីលីពីន លោក អេ​មី​លី​អូ អា​ហ្គី​ណា​ល់​ដូ និង បាន​រំលាយ​សាធារណរដ្ឋ ហ្វីលីពីន ចោល​ជា​ស្ថាពរ ។ រដ្ឋធម្មនុញ្ញ Malolos ដែល​បាន​ប្រើប្រាស់ ចាប់ពី​ឆ្នាំ ១៨៩៩ ក៏​ដល់ទី​អវសាន​នា​ឆ្នាំ ១៩០១ នោះដែរ ។​

​សង្គ្រាម​បានអូសបន្លាយ​រហូតដល់​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ១៩០២ គឺមាន​រយៈពេល រយៈពេល ៣ ឆ្នាំ ជិត ៥ ខែ ទើប​ទឹកដី​ហ្វ​លី​ពី​ន ធ្លាក់​ក្នុង​កណ្តាប់ដៃ អ​មេ​រិ​កាំ​ង ដោយ​អាយុជីវិត​របស់​ជនជាតិ​ហ្វីលីពីន រាប់ម៉ឺន​នាក់​បាន​បាត់បង់ ។ បន្ទាប់មក​ក៏មាន​ចលនា​ឧទ្ទាម ម៉ូ​រ៉ូ​ប្រឆាំងនឹង​ការត្រួតត្រា​របស់ អាមេរិក​ទៅលើ ហ្វីលីពីន ទៀត​ចាប់ពី​ឆ្នាំ ១៨៩៩ ដល់​ឆ្នាំ ១៩១៣ ។ ទោះយ៉ាងណា ទឹកដី​ហ្វីលីពីន ទី​បំប​ផុត​នៅតែ​ធ្លាក់ចូល​ទៅក្នុង​កណ្តាប់ដៃ​របស់ សហរដ្ឋ អាមេរិក ដដែល ( ត្រូវបាន សហរដ្ឋ អាមេរិក ធ្វើជា​ទឹកដី​របស់ខ្លួន និង ក្លាយជា​រដ្ឋ​សហ​ធន​របស់ អាមេរិក ចាប់ពី​ឆ្នាំ ១៩៣៥ រហូតដល់​ឆ្នាំ ១៩៤៦ ) ។​

ឯករាជភាព​មើលឃើញ​តែ​ពី​ចម្ងាយ​
​នៅ​ឆ្នាំ ១៩១៦ ហ្វីល​ពី​ន បានដាក់​ចេញ​នូវ​ច្បាប់​ស្វ​យ​ភាព ដែល​សន្យា​នូវ​ឯករាជភាព​របស់​ហ្វីលីពីន ( ច្បាប់​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ជា​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ចាប់ពី​ឆ្នាំ ១៩០២ រហូតដល់​ឆ្នាំ ១៩៣៥ ) ។​
​នៅ​ឆ្នាំ ១៩៣៤ សភា អាមេរិក បានអនុម័ត ក្រិ​ត្យ​មួយ កំណត់​ដែន​សិទ្ធិ​សម្រាប់​តាក់តែង​រដ្ឋធម្មនុញ្ញ ហ្វីលីពីន ។ ក្រិ​ត្យ នេះ​បានដាក់​អាណត្តិ អង្គនីតិបញ្ញត្តិ ហ្វីលីពីន​អំពាវ​រក​ការបោះឆ្នោត​ជ្រើស តាំង​ប្រតិភូ ដើម្បី ព្រាង​រដ្ឋធម្មនុញ្ញ ហ្វីលីពីន ។​

​សេចក្តីស្នើច្បាប់​រដ្ឋធម្មនុញ្ញ​បានបញ្ចប់​នៅ​ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ១៩៣៤ នោះ ហើយ​ត្រូវបាន​ដាក់ជូន ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៣៥ ។ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបានធ្វើ​ប្រជា សម្រេច​ដោយ​ប្រជាពលរដ្ឋ ហ្វីលីពីន ទូទាំងប្រទេស​នៅ​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៣៥ ហើយ​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ១៩៣៥ ។

​ក្នុង​ថ្ងៃ​ដែល​រដ្ឋធម្មនុញ្ញ ១៩៣៥ ចូល​ជា​ធរមាន​នោះ ក៏​ជា​ថ្ងៃ​ដែល ហ្វីលីពីន ក្លាយជា រដ្ឋ​សហ​ធន របស់​អាមេរិក ដែរ ។ ទោះយ៉ាងណា ឯករាជភាព​សម្រាប់ ហ្វីលីពីន គ្រោង​នឹង​ផ្តល់ឱ្យ នៅ​ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ១៩៤៦ ហើយ​នៅក្នុង​ខ្លឹមសារ នៃ ច្បាប់​នេះ គឺ​វា​នឹង​នៅតែ​ជា​រដ្ឋធម្មនុញ្ញ នៃ សាធារណរដ្ឋ ហ្វីលីពីន ដដែល ។ ឆ្នាំ ១៩៤០ រដ្ឋ​ធម្ម​នុ​ញ្ញា ឆ្នាំ ១៩៣៥ នេះ ត្រូវបាន​បានធ្វើ​វិសោធនកម្ម​ដោយ សភាជាតិ ពី​ឯក​សភា ទៅជា ទ្វិ​សភា ។

​សម័យ​សង្គ្រាមលោកលើកទី ២
​សង្គ្រាមលោកលើកទី ២ បាន​ឆាបឆេះ​ឡើង​នៅ​ឆ្នាំ ១៩៣៩ ( ដល់​ឆ្នាំ ១៩៤៥ ) ជប៉ុន​បាន​ចូល​ដណ្តើម កាន់កាប់​រដ្ឋ​សហ​ធន ហ្វីលីពីន ពី​អាមេរិក នៅ​ឆ្នាំ ១៩៤២ ហើយ​បានប្រកាស​បង្កើត​សាធារណរដ្ឋ ហ្វីលីពីន ( សាធារណរដ្ឋ ទី ២ ) នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៤៣ ក្នុងឋានៈ​ជា​រដ្ឋ​សហការ គឺជា​រដ្ឋាភិបាល​ត្រៀម​នឹង​ប្រកាស​ឯករាជភាព ។

​គប្បី​រំលឹកថា គោលបំណង​របស់​ជប៉ុន គឺ​ដណ្តើម​កាន់កាប់​ប្រទេស អាស៊ី ពី​ពួក មហាអំណាច អឺរ៉ុប ហើយ​នៅពេលដែល​ដណ្តើមបាន​ប្រទេស​ណាមួយ​ពី អឺរ៉ុប មក ជប៉ុន តែងតែ​ផ្គូរ​ផ្គង​ប្រកាស​ផ្តល់ ឯករាជភាព​ដល់​ប្រទេស​ទាំងនោះ ។ ប៉ុន្តែ​កំហុសឆ្គង​របស់​ជប៉ុន គឺ​ការប្រព្រឹត្ត​អំពើ​ឃោ​ឃៅ ទៅលើ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងនោះ ទើប​ជា​ញឹកញាប់ តែងតែមាន​ការប្រឆាំង​ជំទាស់ ជប៉ុន នៅក្នុង​ប្រទេស​នោះៗ ។​

​យ៉ាងណាមិញ នៅ​ហ្វីលីពីន នេះ ក៏មាន​ចលនា​ឧទ្ទាម​តស៊ូ​ប្រឆាំងនឹង​វត្តមាន​ជប៉ុន​នៅលើ​ទឹកដី​នេះ ហើយ​បានចាត់ទុក​រដ្ឋាភិបាល ហ្វីលីពីន នៅពេលនោះ​ថា ជា​រដ្ឋាភិបាល​អាយ៉ង ជប៉ុន​ទៅវិញ ។ ក្រុម​ចលនា​ឧទ្ទាម​ទាំងនោះ ត្រូវបាន​ជំរុញ គាំទ្រ ដោយ សហរដ្ឋ អាមេរិក ( ដែលជា​សត្រូវ នឹង​ជប៉ុន ) ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ១៩៤២ ដល់​ពាក់កណ្តាល​ឆ្នាំ ១៩៤៤ ។ ពួក​ឧទ្ទាម​ទាំងនោះ បាន​កាន់កាប់​តំបន់​ជនបទ តំបន់​ព្រៃ និង តំបន់ភ្នំ ដោយ​រដ្ឋាភិបាល ដែលមាន​ជប៉ុន ពីក្រោយ​ខ្នង អាច​ត្រួតត្រា​បានតែ ១២ ខេត្ត ប៉ុណ្ណោះ ក្នុងចំណោម​ខេត្ត ហ្វីលីពីន ទាំង ៤៨ ។

​ប៉ុន្តែ​ជនជាតិ ហ្វីលីពីន ភាគច្រើន​នៅតែមាន​សង្ឃឹម និង ជឿ ថា ជប៉ុន នឹង​នាំ​ទៅឱ្យ​ពួកគេ​នូវ​សេរីភាព ដែល​ពួកគេ​ស្រេកឃ្លាន​រាប់រយឆ្នាំ​មកហើយ តាំងពី​ពួកគេ​ធ្លាក់ខ្លួន​ចូល​កណ្តាប់ដៃ អេ​ស្ប៉ា​ញ ហើយ​ត្រូវ​ធ្លាក់​ទៅក្នុង​ក្រញាំ អាមេរិក យ៉ាង​ឈឺចាប់​ទៀត ខណៈ​ពេលនោះ​ជនជាតិ ហ្វីលីពីន បាន​មើលឃើញ ឯករាជភាព​របស់​ពួក​នៅ​នឹង​មុខ គឺ​ជប៉ុន កំពុងតែ​ត្រៀម​ផ្តល់ជូន​ពួកគេ​ក្នុងពេល ឆាប់ៗ​ខាងមុខ​នេះហើយ ។ ទីបំផុត​កងទ័ព​សម្ព័ន្ធ​មិត្ត រួម​ដោយ​ពួក​ឧទ្ទាម​ហ្វីលីពីន ផង​បាន​ព្រួត​គ្នា​វាយ ប្រហារ ឈ្នះ​កងទ័ព​ជប៉ុន​នៅ​ហ្វីលីពីន នៅ​ឆ្នាំ ១៩៤៥ ហើយ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ជនជាតិ ហ្វីលីពីន ជាង​មួយ​លាន​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នោះ ។​

​ប្រកាស​ឯករាជ ហ្វីលីពីន
​តាមរយៈ​ការលះបង់​យ៉ាងច្រើន​លើសលប់​នៅក្នុង​សង្គ្រាម ជាហេតុ​នាំមក​នូវ​ជោគជ័យ​ដល់​ដល់​ពួក សម្ព័ន្ធមិត្ត នោះ នៅ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៤៥ ហ្វីលីពីន បាន​ក្លាយជា​សមាជិក​ស្ថាបនិក អង្គការសហប្រជាជាតិ ( UN) ។ ដោយហេតុនេះ អាមេរិក ក៏​អស់​លេស មិន​ទទួលស្គាល់ ហ្វីលីពីន ដែរ ។ ដោយហេតុ​នោះ នៅ​ថ្ងៃទី ៤ ខែ កក្កដា ឆ្នា ១៩៤៦ ហ្វីលីពីន ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​អង្គការសហប្រជាជាតិ​ថា ជា​រដ្ឋ​ឯករាជ្យ តាមរយៈ​សន្ធិសញ្ញា ទីក្រុង ម៉ានីល ហើយ​ចូល​ជា ធរមាន​នៅ​ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​នោះ ។​

​ទោះយ៉ាងណា ទឹកដី​ហ្វីលីពីន ពិតជា​ទីតាំង​យុទ្ធសាស្ត្រ​កងទ័ព ដ៏​ពិសេស​ពិសាល​ខ្លាំងណាស់ សម្រាប់​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ។ ដូច្នេះ អាមេរិក បើទោះជា​ទ័លច្រក ក៏​នៅតែ​តោងទាម​សិទ្ធិ​មួយ ចំនួន​នៅ​កម្រង​កោះ​ហ្វីលីពីន ទាំង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ទីតាំង​កងទ័ព​អាមេរិក​ជាច្រើន នៅតែ​តាំង​នៅលើ​កោះ​ហ្វីលីពីន​នៅឡើយ ។​

​ទោះជា អង្គការសហប្រជាជាតិ ទទួលស្គាល់ តួនាទី របស់​ហ្វីលីពីន ក្តី ក៏ប៉ុន្តែ តួនាទី​ដ៏​លើសលប់​គេ របស់ អាមេរិក នៅក្នុង​សង្គ្រាមលោកលើកទី ២ ហើយ​ក្រោយ​ចប់​សង្គ្រាម​ទៅ ក៏​គ្មាន​ប្រទេស​ណាមួយ ហ៊ាន​ជជែក​ធ្ងន់​មាត់​ជាមួយ​អាមេរិក ឡើយ ទើប រដ្ឋាភិបាល ហ្វីលីពីន គ្មាន​ជម្រើស​ផ្សេង ក៏​សុខចិត្ត​ទទួលយក​ឯករាជភាព បែប​ពិការ​នេះ​ទៅ ។
​ ​
​ប្រជាធិបតេយ្យ​ដ៏​ឃោ​ឃៅ លោក ហ្វឺ​ណាន់​ដូ ម៉ា​កូ​ស ( ជា​មន្ត្រី​កងទ័ព​ដ៏​មាន​ឥទ្ធិពល ) បាន​ជាប់ឆ្នោត ជា​ប្រធានាធិបតី នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩៦៥ ។ ពីដំបូង ការដឹកនាំ​របស់គាត់​ធ្វើឱ្យ​សេដ្ឋកិច្ច​ល្អ ប្រសើរ​គួរសម ។ ប៉ុន្តែ​ក្រោយមក របប​ដឹកនាំ​របស់គាត់​សម្បូរ​អំពើពុករលួយ​បក្សពួកនិយម ប្រព្រឹត្ត​អំពើ​ឃោ​ឃៅ ព្រៃផ្សៃ នាំឱ្យមាន​ការប្រឆាំង​តវ៉ា​ច្រើន​ទៅៗ ទាំង​ក្នុង​ផ្នែក​នយោបាយ រហូត​មាន ចលនា​ឧទ្ទាម​ប្រឆាំងនឹង​របប​ដឹកនាំ​របស់គាត់ ហើយ​ចលនា​ឧទ្ទាម​នោះ​ទទួលបាន​ការគាំទ្រ ពី​ចលប​ក្ស​កុ​ម្មុនិ​ស្ត ចិន ។

​តាមរយៈ​ការបោះឆ្នោត​ដ៏​ប្រលាំប្រកូវ នាំឱ្យមាន​ការជំទាស់​យ៉ាង​ចម្រូងចម្រាស លោក ម៉ា​កូ​ស បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត​នៅ​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៧១ ។ ប៉ុន្តែ​អំណាច​របស់គាត់ បាន​រង​ការប្រឆាំង​កាន់តែខ្លាំង​ទៅៗ ។ អំឡុង​ឆ្នាំ ១៩៧២ ចិន បាន​គាំទ្រ យ៉ាងសកម្ម​ចំពោះ​ចលនា ឧទ្ទាម នៅ ហ្វីលីពីន ដោយបាន​ផ្តល់ជំនួយ​ស​ព្វា​វុ​ធ​ជាច្រើន​ទៀតផង ។ ដើម្បី រក្សា​អំណាច​របស់ខ្លួន នៅ​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៧២ លោក​ប្រធានាធិបតី​ផ្តាច់ការ ហ្វឺ​ណាន់​ដូ ម៉ា​កូ​ស បានដាក់​ប្រទេស ឱ្យនៅ​ក្រោម ” ច្បាប់អាជ្ញាសឹក ” ដែល​បានសេចក្តីថា អំពើ​ផ្តាច់ការ និង អំពើ​ឃោ​ឃៅ​របស់គាត់ និង មនុស្ស​ជំនិត​របស់គាត់​ទៅលើ​អ្នកប្រឆាំង នឹង​គាត់​ក៏​កាន់តែ​ខ្លាំងក្លា និង គឃ្លើន​ជាង​មុន ។​

​ទោះយ៉ាងណា ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៣៥ ក៏​នៅតែ​ជា​រដ្ឋធម្មនុញ្ញ​របស់ ហ្វីលីពីន នៅឡើយ ហើយ​គណកម្មការ​តាក់តែង​រដ្ឋធម្មនុញ្ញ មួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​សរសេរ​ឡើងវិញ​កែប្រែ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៣៥ នោះ​ឱ្យ​ត្រូវ​តាម​សម័យកាល ។ គណៈកម្មការ កែប្រែ​រដ្ឋធម្មនុញ្ញ​បានបញ្ចប់ ការងារ​របស់ខ្លួន ហើយ​បានដាក់​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​នោះ ទៅ​ប្រធានាធិបតី ម៉ា​កូ​ស នៅ​ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ១៩៧២ ។​

​ប៉ុន្តែ​ដោយបាន​ដឹង​ច្បាស់​ជាមុន​ថា រដ្ឋធម្មនុញ្ញ ដ៏​លម្អៀង​ទៅខាង​ក្រុម​គាត់​នោះ មិនអាច​ចេញរួច ទើប​ប្រធានាធិបតី ផ្តាច់ការ ម៉ា​កូ​ស បានចេញ​ក្រិ​ត្យ របស់​ប្រធានាធិបតី លេខ ៨៦ រួចមកហើយ តាំងពី​ឆ្នាំ ១៩៧២ ដោយ​បង្កើត​សភា​ពលរដ្ឋ​សម្រាប់​ត្រៀម​អនុម័ត រដ្ឋធម្មនុញ្ញ​ដែល​ទើបតែ​ព្រាង ឡើង​ថ្មីៗ​នេះ ។​

​ប្រធានាធិបតី ហ្វឺ​ណាន់​ដូ ម៉ា​កូ​ស បាន​យក​ពង្រាងច្បាប់​រដ្ឋធម្មនុញ្ញ​នោះ សម្រាប់ធ្វើ​ប្រជា​សម្រេច​ជា លក្ខណៈ​សម្ងាត់ ហើយ​ប្រកាសថា រដ្ឋធម្មនុញ្ញ ត្រូវបាន​អនុម័ត​រួចហើយ ហើយ​ដាក់ឱ្យចូល​ជា​ធរមាន នៅ​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ១៩៧៣ ។ រដ្ឋធម្មនុញ្ញ​នេះ ហៅថា រដ្ឋធម្មនុញ្ញ ១៩៧៣ ។​

​ពិតណាស់ លោក ម៉ា​កូ​ស អាច​ផ្លាស់​ប្រែ​ពណ៌​មេឃ​ដី ហ្វីលីពីន បាន​តាម​អំពើ​ចិត្ត​បែបនេះ ដោយសារ គាត់​ក្តោប​ក្តាប់បាន​យ៉ាង​ណែន​ក្នុង​ដៃ និង ទិញ​ទឹកចិត្ត មេទ័ព និង នគរបាល​បាន​យ៉ាងច្រើន ។ ចលនា​ឧទ្ទាម​ប្រឆាំង​គាត់​ដោយមាន​ការគាំទ្រ​ពី​កុ​ម្មុយ​និ​ស្ត​ចិន​ផង​នោះ គឺជា​ក្តីបារម្ភ​ធំ​ទី ១ ចំណែក ក្តីបារម្ភ​ទី ២ គឺ​គូប​ដិ​បក្សនយោបាយ បែប​ប្រជាធិបតេយ្យ ហើយ​អ្វីដែល​គាត់​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​ចលនា​ទាំងនោះ​ប្រែ​រូប​ទៅជា​ចលនា​បដិវត្តន៍ ។ ដូច្នេះ គាត់​តែងតែ​ប្រើ​គ្រប់​មធ្យោបាយ និង លះបង់​គ្រប់​តម្លៃ​ដើម្បី​ទប់ស្កាត់​នូវ​រាល់​អ្វីដែល​គាត់​មើលឃើញ ឬ សង្ស័យថា អាច​ក្លាយទៅជា ប​ដិ​វ​ត្តិ​ន៍​ប្រឆាំង​របប​ដឹកនាំ​របស់គាត់ ។​

​ខ្លាំង​យ៉ាងណា ក៏​នៅតែមាន​ទីបញ្ចប់ ដោយសារតែ​រដ្ឋធម្មនុញ្ញ ១៩៧៣ នេះ ត្រូវបាន​គេ​ដឹងថា ជា​ច្បាប់​អគតិ និង ជា​ធម្មនុញ្ញ​ឧបករណ៍​របស់ របប​ដឹកនាំ ម៉ា​កូ​ស ដ៏​ឃោ​ឃៅ​ផ្តាច់ការ និង​ធ្វើ​ដោយ ប្រលាំប្រកូវ ទើប​រដ្ឋធម្មនុញ្ញ​នោះ មិនអាច​ការពារ​គាត់​បានឡើយ ហើយ​ចលនា​ប្រឆាំងនឹង​គាត់ នៅតែមាន​គ្រប់ទិសទី ។
​ ​
​ទីបំផុត អ្វីដែល​លោក​ប្រធានាធិបតី ម៉ា​កូ​ស បារម្ភ​បំផុត បានកើត​ឡើង គឺ​បដិវត្តន៍​ប្រឆាំងនឹង​រូបគាត់ ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី ២២ ដល់​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៨៦ ដោយ​ឱ្យ​ឈ្មោះថា បដិវត្តន៍ អំណាច ប្រជាជន គឺជា​បដិវត្តន៍​អហិង្សា របស់​ពួក​អ្នកនយោបាយ​ប្រជាធិបតេយ្យ​ដោយមាន​ការគាំទ្រ ដោយ​កងទ័ព​មួយចំនួន ។ លោក ម៉ា​កូ​ស នៅមាន​កងទ័ព និង ប៉ូលិស ពេញ​ក្នុង​ដៃ​នៅឡើយ ។ ប៉ុន្តែ​ពេលនោះ ចលនា​ឧទ្ទាម​របស់​ពួក​កុ​ម្មុយ​និ​ស្ត ដែលជា​គូសត្រូវ​នឹង​គាត់​ជាច្រើន​ឆ្នាំ​មកហើយ ក៏មាន​កម្លាំង​កងទ័ព​ខ្លាំងក្លា​ណាស់ដែរ ។​
​ ​
​ដោយ​បារម្ភ​ថា ប្រសិនបើ​លោក ម៉ា​កូ​ស នៅតែ​រឹងទទឹង​នោះ កងទ័ព​ដែល​ស្មោះ​នឹង​គាត់ និង កងទ័ព​គាំទ្រ អ្នក​បដិវត្តន៍ នឹង​ប្រឈមមុខ​ដាក់គ្នា នាំឱ្យ​អន្តរាយ​ទាំងសងខាង ដែល​សុទ្ធតែ​ប្រកាន់ខ្លួន​ថា​ជា​ជន សេរីនិយម ហើយ​ជា​លទ្ធផល អំណាច​នៅ​ហ្វីលីពីន​នឹង​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​ពួក​កុ​ម្មុយ​និ​ស្ត ជា​ប្រាកដ ។ ដូច្នេះ មេកោយ របស់លោក ម៉ា​កូ​ស គឺ​អាមេរិក​ត្រូវតែ​រក​វិធី​បញ្ចៀស​ការប៉ះទង្គិច​គ្នា រវាង​កងទ័ព​របស់​លោក ម៉ា​កូ​ស និង កងទ័ព​គាំទ្រ ជន​បដិវត្តន៍ ។​
​ ​
​លោក​ប្រធានាធិបតី អាមេរិក រ៉ូ​ណា​ល់ដ៍ រី​ហ្គែ​ន បាន​បញ្ជូន​មនុស្ស​របស់ខ្លួន​ទៅ​បញ្ចុះបញ្ចូល និង ដាក់​គំនាប ឱ្យ​លោក ម៉ា​កូ​ស ចាក​ចេញពី​ប្រទេស ហ្វីលីពីន ទៅ​រដ្ឋ ហា​វ៉ៃ សហរដ្ឋអាមេរិក នា​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៨៦ ។ ភាព​ផ្តាច់ការ​របស់ ម៉ា​កូ​ស និង បក្សពួក ក៏ត្រូវ​បានបញ្ចប់ ។
​អំណាច​របស់​ប្រទេស​បាន​ធ្លាក់​ទៅក្នុង​ដៃ​ពួក​បដិវត្តន៍ ហើយ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ចាប់ផ្តើម រៀបចំ​ស្តារឡើងវិញ ដោយមាន​លោកស្រី កូ​រ៉ា​ហ្សូ​ន អា​ហ្គី​ណូ ជាប់ឆ្នោត​ជា​ប្រធានាធិបតី ពីថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ១៩៨៦ ( ដល់​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ១៩៩២ ) ហើយក៏​ជា​ស្ត្រី​លើក​ទី ១ របស់ ហ្វីលីពីន ដែល​បាន​ក្លាយជា​ប្រធានាធិបតី​ដែរ​។​

​មាន​ឯកសារ​បញ្ជាក់ថា អំឡុងពេល​កាន់អំណាច​របស់លោក ម៉ា​កូ​ស គ្រួសារ​របស់គាត់ បាន​លួច​កឹ​ប កេង​ទ្រព្យសម្បត្តិ​ជាតិ និង ជិះជាន់​អ្នកដទៃ​នូវ​ទឹកប្រាក់​ប្រមាណ​ជ ១០ ពាន់​លាន ដុល្លារ ។​
​ ​
​ធម្មនុញ្ញ​ថ្មី​ជំនួស​ធម្មនុញ្ញ ១៩៧៣ លោកស្រី អា​ហ្គី​ណូ បានចេញ​សេចក្តីប្រកាស​មួយ​ហៅថា សេចក្តី ប្រកា​សលេខ ៣ ដែល​ផ្អាក​សុពលភាព នៃ រដ្ឋធម្មនុញ្ញ ១៩៧៣ ហើយ​ដាក់​សេចក្តីប្រកាស​លេខ ៣ ប្រើប្រាស់​ជា​រដ្ឋធម្មនុញ្ញ​បណ្តោះអាសន្ន វិញ ។​

​មួយខែ​ក្រោយមក លោកស្រី អា​ហ្គី​ណូ បានចេញ ប្រកា​សលេខ ៩ បង្កើត​គណកម្មកា​ររ​ដ្ឋ​ធម្មនុញ្ញ សរសេរ​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ជំនួស​រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៧៣ ។ គណកម្មការ​នេះ​បានបញ្ចប់​ការងារ​របស់ខ្លួន​នៅ​ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ១៩៨៦ ។ សភា ប្រជាជន ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ នោះ ហើយ​បានធ្វើ​ប្រជា​សម្រេច​ទៅលើ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ ។​
​ ​
​នៅ​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៨៦ នោះ ដើម្បី​បង្ហាញ​ការគោរព​ដល់​គ្រប់ភាគី លោកស្រី​ប្រធានាធិបតី បានប្រកាស​ពិគ្រោះ​យោបល់​ផ្លូវការ​នូវ​លទ្ធផល នៃ សេចក្តីស្នើច្បាប់​រដ្ឋធម្មនុញ្ញ​នោះ ។ រដ្ឋធម្មនុញ្ញ​នោះ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ១៩៨៧ ហើយ​នោះ​គឺជា​រដ្ឋធម្មនុញ្ញ​ទី ៦ របស់​ហ្វីលីពីន ដែល​ត្រូវបាន​ប្រើប្រាស់​រហូត​បច្ចុប្បន្ន ។​

​ឆ្នាំ ១៩៨៨ ថ្ងៃទី ២ ខែ កុម្ភៈ ត្រូវបាន​ប្រារព្ធ​ជា​ទិវា​រដ្ឋធម្មនុញ្ញ​របស់​ហ្វីលីពីន ដើម្បី រំលឹក​ដល់​ថ្ងៃ​ដែរ ដែល​សភា​ប្រជាជន​ធ្វើ​ប្រជា​សម្រេច​លើ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​កាលពី​ឆ្នាំ ១៩៨៦ នោះឯង រហូតមក ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​លោកស្រី កូ​រ៉ា​ហ្សូ​ន អា​ហ្គី​ណូ ជា​មនុស្ស​ដ៏​ចេញមុខ​ក្នុងការ​បញ្ចប់​របប​ផ្តាច់ការ​របស់​លិ​ក ហ្វឺ​ណាន់​ដូ ម៉ា​កូ​ស នៅ​ហ្វីលីពីន ( អា​ហ្គី​ណូ​)
ទីក្រុង ម៉ានីល នៃ ប្រទេស ហ្វីលីពីន ( ម៉ានីល​)

​ទីក្រុង ម៉ានីល នៃ ប្រទេស ហ្វីលីពីន ( ម៉ានីល​)