ទិវា​រស់​ឡើងវិញ​នៃ​អូ​ម៉​ង់​

1904
ចែករម្លែក

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​អូ​ម៉​ង់ ប្រារឰ​ទិវា​រស់​ឡើង វិញ​របស់​ពួកគេ នៅ​ថ្ងៃទី​២៣ ខែកក្កដា ដើម្បី រំលឹក​ដល់​ថ្ងៃ​ដែល​លោក​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ អាល់ សា​អ៊ី​ដ ឡើងកាន់ អំណាច ជា​ស៊ុ​លត​ង់ នៃ​រដ្ឋ​អូ​ម៉​ង់ ដែល បានធ្វើ​ទំនើបកម្ម​គ្រប់​វិស័យ និង​បាន បញ្ចប់សង្គ្រាម​របស់​ប្រទេស ។
​ ​
ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​រដ្ឋ​ស៊ុ​លត​ង់ អូ​ម៉​ង់ មាន​ផ្ទៃដី ៣០៩.៥០០​គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អាស៊ី​បូព៌ា​មាន​ព្រំដែន​ជាប់​នឹង ប្រទេស អារ៉ាប់​រួបរួម អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត , យេ​ម៉ែន​, អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន ។ ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជិត​ប្រាំ​លាន​នាក់ ភាគច្រើនបំផុត​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម រដ្ឋធានី គឺ​ទីក្រុង​ម៉ា​ស្កាត់ ភាសា ផ្លូវការ គឺ​ភាសា​អារ៉ាប់ ។​
​ ​
ប្រវត្តិសាស្ត្រ​
​ទឹកដី​អូ​ម៉​ង់ បាន​ធ្លាក់​ក្រោម ការត្រួតត្រា​របស់​ព័រទុយហ្កាល់ នៅ ត្រឹម​ឆ្នាំ​១៥០៧ (​ដល់​ឆ្នាំ​១៦៥០ គឺ រយៈពេល​១៤៣​ឆ្នាំ​) ។ នៅ​អំឡុង ទសវត្សរ៍​ឆ្នាំ​១៦៩០ ស៊ុ​លត​ង់ (​អ្នក គ្រប់គ្រង និង​ដឹកនាំ​ប្រទេស ឬ​ស្តេច ដែលជា​ទូទៅ​នៅក្នុង​ពិភព​មូស្លីម​) សា​អ៊ី​ហ្វ ប៊ី​ន ដែលជា អ៊ី​ម៉ា​ម (​មេដឹកនាំ​សាសនា អ៊ិ​ស្លាម​) របស់​អូ​ម៉​ង់ បាន​ពង្រីក អំណាច​របស់ខ្លួន​ទៅលើ​តំបន់ឆ្នេរ​សមុទ្រ Swahili ។ ឧបសគ្គ​របស់គាត់ គឺ​ទីតាំង កងទ័ព​របស់​ពួក​ព័រ​ទុយ​ហ្គា​ល់​ដែល​បោះ ទីតាំងនៅ​តំបន់ Mombasa ។ បន្ទាប់ពី បាន​ឡោមព័ទ្ធ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក បន្ទាយ​ទាំង​នោះបាន​ធ្លាក់​ក្រោម​ការត្រួតត្រា របស់​ស៊ុ​លត​ង់ ប៊ី​ន នៅ​ឆ្នាំ ១៦៩៨ ។
​ ​
​ចាប់ពីពេលនោះ​ទៅ​ពួក អូ​ម៉​ង់ បាន​បណ្តេញ​ពួក ព័រ​ទុយ​ហ្គា​ល់ ចេញពី តំបន់ Zanzibar និង​តំបន់​ផ្សេងទៀត​ភាគ ខាងជើង នៃ​ម៉ូ​សាំ​ប៊ិក យ៉ាង​ងាយស្រួល ដោយមាន​ការជួយ​ពី​សំណាក់ សុ​ម៉ាលី​។ ពួក​ជនជាតិ​ពែ​ក (​បច្ចុប្បន្ន​អ៊ីរ៉ង់​) បាន ចូល​ឈ្លានពាន​អូ​ម៉​ង់ នៅ​ឆ្នាំ​១៧៣៧ ប៉ុន្តែ​ត្រូវបាន​បណ្តេញចេញ​វិញ​នៅ​ឆ្នាំ ១៧៤៩ នៅពេលដែល​ស៊ុ​លត​ង់ វង្ស អាល់ សា​អ៊ី​ដ ឡើងកាន់​អំណាច ។​
​ ​
​នៅ​ឆ្នាំ​១៩១៣ ការគ្រប់គ្រង ប្រទេស​ត្រូវបាន​បំបែក​ជា​ពីរ​ផ្នែក គឺ ផ្នែក​ខាងក្នុង​គ្រប់គ្រង​ដោយ អ៊ី​ម៉ា​ម ហើយ​ផ្នែក​ខាងក្រៅ​គ្រប់គ្រង​ដោយ ស៊ុ​លត​ង់ ។ នៅក្នុង​រជ្ជកាល នៃ​ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ ត្រូវបាន​បង្ហាញ​ឱ្យ ឃើញ​អំពី​លក្ខណៈ​សក្តិភូមិ និង​បំបែក និយម ។ អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ ត្រូវបាន​ជ្រើសរើស​ជា អ៊ី​ម៉ា​ម របស់​អូ​ម៉​ង់ នៅ​ឆ្នាំ ឧសភា ឆ្នាំ​១៩៥៤ ។ ទំនាក់ទំនង​រវាង​ស៊ុ​លត​ង់ នៅ​រាជធានី ម៉ា​ស្កាត សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ និង​អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ នៃ​តំបន់​អូ​ម៉​ង់ បាន​ប្រេះស្រាំ ដោយសារ​ជម្លោះ​ជុំវិញ សិទ្ធិ​ប​ទាន​កម្ម​ប្រេងកាត ។
​ ​
​នៅក្នុង​សន្ធិសញ្ញា​ឆ្នាំ​១៩២០ ស៊ុ​លត​ង់ បាន​ក្តោប​យក​រាល់​អំណាច នៃ​ការទិញ​លក់​ប្រេងកាត ទាំងអស់ ។ ចំណែក​អ៊ី​ម៉ា​ម វិញ ក៏​អះអាង​យក​រាល់ អណ្តូងរ៉ែ​ប្រេងកាត​ទាំងអស់​ដែលមាន នៅក្នុង​ទឹកដី​របស់ខ្លួន​ថា ជា​កម្មសិទ្ធិ របស់ខ្លួន​ដែរ ។
​ ​
សង្គ្រាម​ស៊ុ​លត​ង់​-​អ៊ី​ម៉ា​ម
​ដោយសារតែ​ការដណ្តើម​កាន់កាប់ អណ្តូងរ៉ែ​ប្រេងកាត ទើប​នៅ​ខែធ្នូ ឆ្នាំ​១៩៥៥ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន ហ្ស៊ូ​បាយ​អ៊ែ​រ៍ បាន​បញ្ជូន​កងទ័ព​ទៅកាន់ កាប់​មជ្ឈមណ្ឌល​សំខាន់ៗ​នៅក្នុង​អូ​ម៉​ង់ ដោយ​រួម ទាំង​រាជធានី នី​ស​វ៉ា នៃ អាណាចក្រ អូ​ម៉​ង់ ផងដែរ ។ អ៊ី​ម៉ា​ម ហ្កា​លី​ប អាល់ ហ៊ី​ណាយ និង​ប្អូនប្រុស​គឺ តា​លី​ប ប៊ី​ន អា​លី អាល់ ហ៊ី​ណាយ បាន​ដឹកនាំ​កងទ័ព​ប្រឆាំងនឹង​ការ​កាន់ កាប់​នោះ ក៏បាន​កើតជា​សង្គ្រាម​ឡើង ។​
​ ​
​នៅ​ខែ កក្កដា ឆ្នាំ​១៩៥៧ ស៊ុ​លត​ង់ បាន​ដក​កងទ័ព​របស់ខ្លួន​ចេញ ទៅវិញ ប៉ុន្តែ​នៅតែ​លួច​វាយឆ្មក់​ជា បន្តបន្ទាប់ ។ ដោយ​មើលឃើញ​អំពី​ផល ប្រយោជន៍​ប្រេងកាត​ដ៏​សន្ធឹកសន្ធាប់ នោះ កងទ័ព អង់គ្លេស បាន​ចូល​អន្តរាគមន៍​ជួយ​ខាង​ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ មាន​ទាំង​កងទ័ព​ថ្មើរជើង កង រដ្ឋ​ក្រោះ និង​កងទ័ពអាកាស​ផង ធ្វើឱ្យ ស៊ុ​លត​ង់ អាច​បង្ក្រាប​ឧទ្ទាម​កម្មបាន ដោយ​ជោគជ័យ ។
​ ​
​នៅ​សរទរដូវ ឆ្នាំ​១៩៥៨ វរសេនីយ៍ឯក Smiley នៃ​កងទ័ព​អង់គ្លេស​បាន រៀបចំ​បំបែក​តំបន់ភ្នំ ហើយ​ត្រួសត្រាយ ផ្លូវ​ទៅ​តំបន់​ខ្ពង់រាប​ពី WadiBaniKharu​។ នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ ១៩៥៩ កងទ័ព​ស៊ុ​លត​ង់ ដោយមាន​ការចូលរួម ដោយ​កងទ័ព​អង់គ្លេស បាន​បើក​ការវាយលុក​យ៉ាងខ្លាំង ទៅលើ​តំបន់ភ្នំ ដែល ជា​ជម្រក​របស់​អ៊ី​ម៉ា​ម ហ្កា​លី​ប ។ អ៊ី​ម៉ា​ម ហ្កា​លី​ប និង​ប្អូនប្រុស តា​លី​ប បាន ភៀសខ្លួន​ទៅកាន់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី ។​

​រដ្ឋប្រហារ​ផ្លាស់ប្តូរ​មុខមាត់
​អណ្តូងរ៉ែ​ប្រេងកាត ត្រូវបាន រកឃើញ​នៅ​ឆ្នាំ​១៩៦៤ ហើយ​ការ​បូម​ប្រេង​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៦៧ ។ ប៉ុន្តែ​កាលពី​ឆ្នាំ​១៩៦៥ នៅ​ខេត្ត​ដូ​ហា បាន​ផ្ទុះ​ចលនា​ឧទ្ទាម​កម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំងនឹង រដ្ឋាភិបាល​របស់​ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ ដែលមាន​អង់គ្លេស នៅ​ពី​ក្រោយខ្នង ។ ចលនា​ឧទ្ទាម​នេះ មាន​សភាព​ខ្លាំងក្លា​រហូត​គំរាម​ផ្តួលរំលំ ការគ្រប់គ្រង​របស់​ស៊ុ​លត​ង់ នៅ​ខេត្ត ដូ​ហា នោះ​ទៀតផង ។​
​ ​
​ប្រឈម​នឹង​ស្ថានភាព​បែប នោះ កូនប្រុស​របស់​ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ គឺ​លោក​កា​ប៊ូ​ស ប៊ី​ន សា​អ៊ី​ដ អាល់ សា​អ៊ី​ដ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ ឪពុក​របស់ខ្លួន គឺ ស៊ុ​លត​ង់ សា​អ៊ី​ដ ប៊ី​ន តា​យ​មួរ ដោយ​គ្មាន​ការបង្ហូរ​ឈាម នៅ ឆ្នាំ​១៩៧០ ។ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ១៩៧០ លោក​កា​ប៊ូ​ស បាន​ឡើងកាន់ អំណាច​ជា​ស៊ុ​លត​ង់ នៃ​ម៉ា​ស្កាត់ ។​
​ ​
​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល អូ​ម៉​ង់ បានចាត់ទុក​ថ្ងៃ​ដែល​កា​ប៊ូ​ស ឡើង កាន់អំណាច​ជា​ស៊ុ​លត​ង់ នោះ​ថា​ជា​ថ្ងៃ រស់​ឡើងវិញ​នៃ​អូ​ម៉​ង់​។ ដោយហេតុ​នោះ ទើប​ពួកគេ​បានជ្រើសរើស​យក​ថ្ងៃទី​២៣ ខែកក្កដា ថា ជា​ទិវា​ចាប់បដិសន្ធិ​ឡើង វិញ នៃ​ជាតិ​អូ​ម៉​ង់ ។ ទោះយ៉ាងណា​ចលនា​ឧទ្ទាម​នៅ ខេត្ត​ដូ​ហា នៅតែ​បន្ត យ៉ាងខ្លាំង​ក្លា​នៅឡើយ ។​
​ ​
​ស៊ុ​លត​ង់ កា​ប៊ូ​ស បានធ្វើ ទំនើបកម្ម​ប្រទេស​អូ​ម៉​ង់ និង​ធ្វើ​កំណែ ទម្រង់រដ្ឋបាល​សេដ្ឋកិច្ច អប់រំ កងទ័ព សុខាភិបាល ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​សង្គម ធ្វើ ឱ្យ​អូ​ម៉​ង់​ក្រីក្រ ទៅជា​អូ​ម៉​ង់​ទំនើប និង ជឿនលឿន ។
​ ​
​ក្រុម​បះបោរ​របស់​អូ​ម៉​ង់ ត្រូវ បាន​បង្ក្រាប​នៅ​ឆ្នាំ​១៩៧៥ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កង ទ័ព​អ៊ីរ៉ង់ ហ្សុ​ក​ដង់ ប៉ា​គី​ស្ថាន និង​អង់គ្លេស ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​៖ មេសា​

ស៊ុ​លត​ង់ កា​ប៊ូ​ស​ប៊ី​ន សា​អ៊ី​ដ អាល់​សា​អ៊ី​ដ
រដ្ឋធានី​ម៉ា​ស្កាត នៃ​ប្រទេស​អូ​ម៉​ង់