ទិវា​រ៉ូ​ម៉ា​នី រួច​ពី​ការត្រួតត្រា​របស់ ហ្វា​ស៊ី​ស​

2534
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ រ៉ូ​ម៉ា​នី ប្រារព្ធ​ទិវា រ៉ូ​ម៉ា​នី រួច​ផុតពី​ការត្រួតត្រា​របស់ ហ្វា​ស៊ី​ស នៅ​ថ្ងៃទី ២៣ ខែ សីហា ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ដឹកនាំ​ចលនា​ទាំងឡាយ ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ដែល​ក្រោម​អំណាច​របស់​ក្រុម​សម្ព័ន្ធ AXIS កាលពី​ឆ្នាំ ១៩៤៤ ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ​រ៉ូ​ម៉ា​នី មាន​ផ្ទៃដី ២៣៨.៣៩១ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ទ្វីបអឺរ៉ុប ភាគ​អាគ្នេយ៍ មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយ​ក្រែ​ន ប៊ុលហ្គារី ម៉ុ​ល​ដូ​វី ហុង​គ្រី និង ស៊ើប ។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ជាង ១៩ លាន​នាក់ ភាគច្រើន ជា​អ្ន​កាន់សាសនា គ្រិស្ត រដ្ឋធានី គឺ​ទីក្រុង​ប៊ុ​យ​ការ៉េ​ស ភាសាផ្លូវការ គឹ​ភាសា រ៉ូ​ម៉ា​នី ។​

​ប្រវត្តិសាស្ត្រ​
​រហូតដល់​ខែកញ្ញា ឆ្នាំ​១៩៣៩ (​មុន​សង្គ្រាមលោកលើកទី​២ ផ្ទុះឡើង​) ព្រះរាជាណាចក្រ ផ្តាច់ការ​រ៉ូ​ម៉ា​នី ស្ថិតនៅ​ជា​ប្រទេស​អព្យាក្រឹត នៅឡើយ ក្រោម​រាជបល្ល័ង្ក របស់​ស្តេច ខា​រ៉ុល ទី​២​។

​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៣៩ បារាំង និង​ចក្រភព​អង់គ្លេស បាន​សន្យាថា នឹង​ធានា​ឯករាជ្យភាព របស់​រ៉ូ​ម៉ា​នី ពោលគឺ​នឹងមិន​បៀតបៀន ថែមទាំង​នឹង​ការពារ​នូវ​រាល់​ការ​បៀតបៀន​ទៅលើ រ៉ូ​ម៉ា​នី ទៀតផង​។ ប៉ុន្តែ​អព្យាក្រឹតភាព របស់​រ៉ូ​ម៉ា​នី ត្រូវបាន ណា​ស៊ី​ស​អាល្លឺម៉ង់ និង​សហភាពសូវៀត លួច​បំពាន​ដោយ​ស្ងាត់ៗ​រួចទៅហើយ ដោយ​មហាអំណាច​ទាំង ២ នេះ បាន​ចុះ​កតិកាសញ្ញា ជាមួយគ្នា​មួយ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៣៩ នាទី​ក្រុង​ម៉ូស្គូ ឈ្មោះថា កតិកាសញ្ញា Molotov–Ribbentrop ។ កតិកាសញ្ញា​នេះ មហាអំណាច​ទាំង ២ បាន​សន្យាថា មិន​បៀតបៀន​គ្នា​ទៅវិញទៅមក មិន​ចូលបក្ស​សម្ព័ន្ធ​ណាមួយ​ទាំង​មិន​ផ្តល់ជំនួយ​ទៅ​បក្ស សម្ព័ន្ធ​ណាមួយ ។​

​នៅក្នុង​កតិកា​នេះ សហភាពសូវៀត បានប្រគល់​ទឹកដី​ប្រទេស​រ៉ូ​ម៉ា​នី ប៉ូឡូញ លី​ទុយ​អា​នី ឡេ​តូ​នី អេ​ស្តូ​នី និង​ហ្វាំ​ង​ឡង់ ទៅឱ្យ​អាល្លឺម៉ង់ ហើយ​សូ​វៀត ទទួលបាន​ផលប្រយោជន៍ វប្បធម៌ សេដ្ឋកិច្ច កងទ័ព និង​នយោបាយ នៅក្នុង​ទឹកដី​ប្រទេស​ទាំងនេះ ពោលគឺ​មហាអំណាច​ទាំង ២ បាន​យក​ទឹកដី​ប្រទេស​ទាំងនេះ ចែកគ្នា​រួចរាល់​ហើយ ។ ដោយហេតុ​នោះ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ ណា​ស៊ី​ស​អាល្លឺម៉ង់ បាន​ចូល​ឈ្លានពាន ប៉ូឡូញ ។ ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​១៩៤០ សហភាពសូវៀត បានដាក់​ឱ​សា​នុ​វាទ ដល់ រ៉ូ​ម៉ា​នី ឱ្យ​ប្រគល់​តំបន់ Bessarabia និង​តំបន់ Bukovina ទៅឱ្យ​ខ្លួន (​សូ​វៀត​) ពុំ​នោះទេ នឹងត្រូវ​ចូលលុកលុយ​ប្រទេស រ៉ូ​ម៉ា​នី ទាំងស្រុង​។

​ដោយ​មិន​ចង់​បង្ហូរឈាម ព្រោះ​ដឹងថា មិនអាច​ទប់ទល់​នឹង​កងទ័ព​សូ​វៀត ដ៏​ដូច​ដំរីចុះប្រេង រ៉ូ​ម៉ា​នី ក៏​សុខចិត្ត​ដកទ័ព​ចេញពី​តំបន់​នោះ ហើយ​កងទ័ព​ក្រហម របស់​សហភាពសូវៀត បាន​ចូលកាន់ កាប់​តំបន់​ខាងលើ នៅ​ថ្ងៃទី​២៨ ខែ និង ឆ្នាំ ដដែល ហើយ​ក្រោយមក បានដាក់​បញ្ចូល​តំបន់ ទាំងនេះ បង្កើតជា​សាធារណរដ្ឋ​សង្គមនិយម​សូ​វៀត នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ ១៩៤០ ។ ពេលនោះ បារាំង និង អង់គ្លេស ដែលជា​អ្នកធានា​ឯករាជ្យ និង​អព្យាក្រឹតភាព​របស់ រ៉ូ​ម៉ា​នី កាលពី​ឆ្នាំ ១៩៣៩ នោះ ពេលនេះ​មិនបាន​ធ្វើ​អ្វី​តាម​ការសន្យា​របស់​ពួកគេ​ឡើយ ។ ថ្ងៃទី​៣០ ខែ និង ឆ្នាំ​ដដែល​នេះ អាល្លឺម៉ង់ និង អ៊ីតាលី បាន​យក​តំបន់ Transylvania នៃ​ប្រទេស​រ៉ូ​ម៉ា​នី (​តំបន់​នេះ រ៉ូ​ម៉ា​នី ដណ្តើមបាន​ពី ហុង​គ្រី កាលពី​សង្គ្រាមលោកលើកទី​១) ពុះ​ជា​ពីរ​ប្រគល់​ផ្នែក ខាងជើង ឱ្យទៅ ហុង​គ្រី និង​ផ្នែក​ខាងត្បូង​ទុកឱ្យ រ៉ូ​ម៉ា​នី ដដែល​។ ចំណែក​តំបន់ Dobruja (​ដែល រ៉ូ​ម៉ា​នី ដណ្តើមបាន​ពី ប៊ុលហ្គារី កាលពី​សង្គ្រាមលោកលើកទី ១) ត្រូវបាន​អាល្លឺម៉ង់ ដកហូត​ប្រគល់​ទៅឱ្យ ហុង​គ្រី វិញ (​ដែល​តាមពិតទៅ ក៏​ជា​រឿង​យុត្តិធម៌ ម្យ៉ាងដែរ ) ។​

​អាន់​តូ​ណេ​ស្គូ ឡើងកាន់​អំណាច​
​ដោយមាន​កំហឹង​នឹង​ការបាត់បង់​ទឹកដី​នេះ នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​១៩៤០ ចលនា​សេនា​ដែក របស់លោក ហូ​រី​យ៉ា ស៊ី​ម៉ា និង​ឧ​ត្ត​ម​សេនីយ៍ ឡុ​ន អាន់​តូ​ណេ​ស្គូ​បាន​រួប​រូ​ម​គ្នា​បង្កើតជា​រដ្ឋាភិបាល ជាតិនិយម​មួយ បង្ខំ​ឱ្យ​ស្តេច ខា​រ៉ុល ទី​២ ចុះ​ចេញពី​រាជបល្ល័ង្ក ដោយ​ផ្ទេរ​រាជបល្ល័ង្ក​ទៅឱ្យ​បុត្រ របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ម៉ា​យ​ឃើ​ល វ័យ ១៩ ព្រះវស្សា ជា​អ្នក​ស្នងរាជ្យ​វិញ ។ អតីត​ព្រះរាជា ខា​រ៉ុល ត្រូវបាន​និរទេស ។

​បើទោះបីជា​មិន​សប្បាយចិត្ត​ទាល់តែសោះ​ចំពោះ​ការបាត់បង់​ទឹកដី រ៉ូ​ម៉ា​នី នាពេល​ថ្មីៗ​នេះ ដោយសារតែ អាល្លឺម៉ង់ និង អ៊ីតាលី (​និង សូ​វៀត​) ដែលជា​សម្ព័ន្ធ AXIS (​ប្រទេស​សម្ព័ន្ធ នៅក្នុង​សង្គ្រាមលោកលើកទី​២ មាន ជប៉ុន អាល្លឺម៉ង់ និង អ៊ីតាលី ) ក្តី ក៏​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ មាន​ទំនោរ​យ៉ាងខ្លាំង ទៅរក​ខាង​សម្ព័ន្ធ AXIS ។

​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បា​នប​បង្ក្រាប និង​កម្ទេច​នូវ​បុគ្គល ឬ​ចលនា​ទាំង ឡា​ណា ដែល​មិន​រណប​ខ្លួន (​រដ្ឋាភិបាល​) គឺមាន​រូបភាព​ប្រហាក់ប្រហែល​នឹង​ពួក​ណា​ស៊ី អាល្លឺម៉ង់​ដែរ ។ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​១៩៤០ កងទ័ព អាល្លឺម៉ង់ ត្រូវបាន​បើក​ឱ្យចូល រ៉ូ​ម៉ា​នី ។ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៤០ រ៉ូ​ម៉ា​នី បាន​ចូលរួម​ជាមួយ​ក្រុម​មហាអំណាច Axis ។​ ​ពួក​អ្នក​ជាតិនិយម​ទាំងឡាយ បាន​ចាត់ទុកថា ប្រទេស​រ៉ូ​ម៉ា​នី ក្រោម​អំណាច​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បាន​ស្ថិតក្រោម​ការត្រួតត្រា​បង្គា​ប់​បញ្ជា​របស់​ពួក AXIS យ៉ាង​ជ្រាលជ្រៅ ដែល​ពួកគេ​ទាំងឡាយ ដោយ​រួមទាំង​ក្សត្រ ម៉ា​យ​ឃើ​ល ផង​មិនអាច​ឈរ​ឱបដៃ​មើល​បន្តទៀត បានឡើយ ។​

​រដ្ឋាភិបាល​របស់លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បានចាប់ផ្តើម​ប្រេះស្រាំ​ជាមួយ​ចលនា សេនា​ដែក របស់លោក ស៊ី​ម៉ា ។ ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩៤១ សេនា​ដែក​របស់លោក ស៊ី​ម៉ា​បានរៀបចំ​ប៉ុន ប៉ុង​ធ្វើ​រដ្ឋប្រហារ ទម្លាក់​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ប៉ុន្តែ​ត្រូវបាន​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បង្ក្រាប​ក្នុង​រយៈពេល​បួន​ថ្ងៃ ។ សេនា​ដែក ត្រូវបាន​បណ្តេញចេញ ពី​រដ្ឋាភិបាល ហើយ​លោក ស៊ី​ម៉ា និង​មនុស្ស​សំខាន់ៗ​មួយចំនួន​រត់គេចខ្លួន​ទៅ​ជ្រកកោន​ប្រទេស អាល្លឺម៉ង់​ខណៈ​អ្នកខ្លះ ត្រូវ​ជាប់គុក ។

​ទីបំផុត អាល្លឺម៉ង់ បាន​រំលោភ​កតិកាសញ្ញា ជាមួយ​សូ​វៀត កាលពី​ឆ្នាំ​១៩៣៩ ហើយ​បើក​ការ វាយលុក​ទៅលើ សូ​វៀត​នៅ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៤១ ។ ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ដែល​តូច ជាង​ដៃគូ​ផង និង​ដោយសារ​គំនុំ​ចំពោះ សូ​វៀត ផង រ៉ូ​ម៉ា​នី ក៏បាន​ចូលរួម​ជួយ​អាល្លឺម៉ង់ យ៉ាង​អស់ពី​ចិត្ត​ពី​ថ្លើម ទាំង​ផ្នែក​កងទ័ព សម្ភារ ប្រេងឥន្ធនៈ និង​ស្បៀងអាហារ រហូត​សេដ្ឋកិច្ច ក្នុងប្រទេស ស្ទើរ​ដួលរលំ (​ពីដំបូង​ពួកគេ ជោគជ័យ​យ៉ាងខ្លាំង ប៉ុន្តែ​ទីបំផុត បាន​បរាជ័យ​ក្រោម​ដៃ សូ​វៀត របស់​ស្តា​លីន នៅ​ឆ្នាំ​១៩៤៣)​។ ហើយ​នៅ​ឆ្នាំ ១៩៤៤ សូ​វៀត បានដាក់​ទឹកដី រ៉ូ​ម៉ា​នី ជា​មុខសឹក ហើយ​បាន​ដណ្តើមយក​សមរភូមិ នៅ រ៉ូ​ម៉ា​នី ជាច្រើន ។​

​រាជ​រដ្ឋប្រហារ​
​ពេល​ឃើញថា ព្រះមហាក្សត្រ ក៏​កំពុង​រក​ច្រក​ចេញពី​អំណាច​របស់ AXIS ដូច្នេះ​ពួក​បក្ស កុ​ម្មុយ​និ​ស្ត ក្នុងប្រទេស​រ៉ូ​ម៉ា​នី បាន​ជួប​តំណាង​ព្រះមហាក្សត្រ ដោយ​លួចលាក់ នៅ​ថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ​១៩៤៤ ដើម្បី​ពិភាក្សា និង​រៀបចំ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ។​

​តំណាង​បក្សកុម្មុយនិស្ត បានបង្ហាញ​ផែនការ​ដ៏​ម៉ឺងម៉ាត់​មួយ​ថា ព្រះមហាក្សត្រ​នឹង​កាន់តំណែង ជា​អគ្គមេបញ្ជាការ​កងទ័ព ដឹកនាំ​កងទ័ព និង​ចលនា​ទាំងឡាយ បក​ប្រឆាំងនឹង​ណា​ស៊ី អាល្លឺម៉ង់ និង​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ នឹងត្រូវ​ដាក់​បង្ខំ​ឱ្យ​មហាក្សត្រ ចុះហត្ថលេខា​ជាមួយ​ខាង​សម្ព័ន្ធមិត្ត ( ក្រុម​ប្រជាជាតិ​ដែលមាន​អង់គ្លេស និង អាមេរិក ជា​ប្រមុខ ប្រឆាំងនឹង ជប៉ុន អាល្លឺម៉ង់ និង អ៊ីតាលី ឬ AXIS ) ហើយ​ថា ប្រសិនបើ​ព្រះអង្គ​បដិសេធ នឹងត្រូវ​ឃាត់​ព្រះកាយ​នៅនឹងកន្លែង ហើយ​ថា បន្ទាប់​ពីនេះ​ទៅ រដ្ឋាភិបាល ប្លុក​ប្រជាធិបតេយ្យ​ជាតិ ដែលមាន​បក្ស​កសិករ​ជាតិ បក្ស​សេរីភាព​ជាតិ និង​បក្សកុម្មុយនិស្ត នឹង​ក្តោប​អំណាច ។

​ផែនការ​នេះ ត្រូវបាន​តំណាង​កងទ័ព​រ៉ូ​ម៉ា​នី និង​ទីប្រឹក្សា​ព្រះមហាក្សត្រ បាន​ទទួលយក ហើយ​បាន បញ្ចុះបញ្ចូល ព្រះមហាក្សត្រ​ថា នេះ​ទើប​ជា​ដំណោះស្រាយ ដ៏​ប្រសើរ​បំផុត ។ ដោយហេតុនេះ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៤៤ ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ដែល​កន្លងមក ជាពិសេស លោក ឡុ​ន អាន់​តូ​ណេ​ស្គូ តែងតែ​ចាត់ទុកថា ជា​ក្សត្រ​គ្មាន​បានការ​នោះ ពេលនេះ​ដោយមាន​ការគាំទ្រ ពី​កងទ័ព និង​អ្នកនយោបាយ​ប្រឆាំងនឹង​ពួក​ណា​ស៊ី​ផង ព្រះអង្គ បាន​ដឹកនាំ​ចលនា​ទាំងឡាយ ដែល​បាន​ព្រមព្រៀងគ្នា ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ មេដឹកនាំ​ផ្តាច់ការ លោក ឡុ​ន អាន់​តូ​ណេ​ស្គូ បាន​ដោយ​ជោគជ័យ ។

​អាល្លឺម៉ង់ បាន​បើក​ការវាយប្រហារ ទៅលើ​កងទ័ព រ៉ូ​ម៉ា​នី​របស់​ក្សត្រ ម៉ា​យ​ឃើ​ល ប៉ុន្តែ សាមគ្គីភាព នៃ​កងទ័ព​គ្រប់ផ្នែក និង​បក្សនយោបាយ​នានា​ផង ធ្វើឱ្យ​បំណង​របស់​ណា​ស៊ី អាល្លឺម៉ង មិនបាន​ជោគជ័យ​ឡើយ ។ បន្ទាប់មក ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល បាន​បញ្ជា​ឱ្យ ដាក់​កងទ័ព​រ៉ូ​ម៉ា​នី ឱ្យ​ឈរ​នៅ​ខាង​សម្ព័ន្ធមិត្ត ដែលមាន អង់គ្លេស និង អាមេរិក ជា​ប្រមុខ ។

​ក្រោយ​រដ្ឋប្រហារ​
​ជាការ​ឆ្លើយតប ចូ​សេ​ហ្វ ស្តា​លីន នៃ​សហភាពសូវៀត បានទទួល​ស្គាល់ និង​ស្តារឡើងវិញ នូវ​របបរាជានិយម នៅ​ប្រទេស​រ៉ូ​ម៉ា​នី ។ ទោះយ៉ាងណា​ប្រទេសជាតិ នៅ​មិនទាន់​ទទួលបាន ភាព​សាន្តត្រាណ​នៅឡើយ គឺ​នៅតែ​រង​ការបោក​បក់​ដោយ​ជំនោរ នៃ​អំណាច និង​មរតក​សង្គ្រាម លោក​លើក​ទី​២ តទៅទៀត រហូតដល់​ឆ្នាំ​១៩៩២ ទើប​ប្រទេសជាតិ បាន​សុខសាន្ត​រហូតមក ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​រ៉ូ​ម៉ា​នី បានចាត់ទុក​រដ្ឋប្រហា​រ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ ១៩៤៤ ដឹកនាំ​ដោយ​ព្រះមហាក្សត្រ ម៉ា​យ​ឃើ​ល ផ្តួលរំលំ​រដ្ឋាភិបាល​លោក ឡុ​ន អាន់​តូ​ណេ​ស្គូ ដែល​នៅក្រោម​រណប​របស់ ណា​ស៊ី អាល្លឺម៉ង់ នោះ​ថា ជា​ថ្ងៃ​ដែល​ពួកគេ រួច​ផុតពី​ក្រញាំ របស់​ពួក​ហ្វា​ស៊ី​ស ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

 

​យុវ​រាជ្យ ម៉ា​យ​ឃើ​ល ទី ១ នៃ រ៉ូ​ម៉ា​នី ដែលជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប ហ្វា​ស៊ី​ស នៅ​រ៉ូ​ម៉ា​នី (២៣ សីហា​១)
ក្បួន​ដង្ហែ​ដើម្បី​រំលឹក​ដល់​ថ្ងៃ ២៣ សីហា ១៩៤៤ (២៣ សីហា​២)