ភ្នំពេញ៖ ប្រជាពលរដ្ឋ នូវែលសេឡង់ (ឬញូវហ្សេលែនដ៍) ប្រារព្ធទិវាវ៉ាយតាងី នៅថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីរំឭកដល់ថ្ងៃដែលអ្នកដឹកនាំរបស់ពួកគេ បានចុះហត្ថលេខា ដាក់កោះ ញូវ ហ្សេលែនដ៍ ឱ្យទៅជាផ្នែកមួយ នៃចក្រភពអង់គ្លេស កាលពីឆ្នាំ១៨៤០ ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
នូវែលសេឡង់ ឬញូវហ្សេលែនដ៍ មានផ្ទៃដីប្រមាណជា ១.៥០០ គីឡូម៉ែត្រក្រឡា គឺជារដ្ឋកោះ ភាគនារតី នៃមហាសាគរប៉ាស៊ីហ្វិក ដូច្នេះពុំមានជាប់ព្រំដែនគោក ជាមួយប្រទេសណាមួយឡើយ ហើយប្រទេសដែលនៅជិតគ្នាបំផុត គឺប្រទេសអូស្ត្រាលី ។ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ ជាង ៥ លាននាក់ ភាគច្រើន ជាអ្នកកាន់គ្រិស្តសាសនា ភាសាផ្លូវការ គឺភាសា អង់គ្លេស ភាសាម៉ាអូរិ និងភាសាញូវហ្សេលែនដ៍ រដ្ឋធានី គឺទីក្រុងវែលីងតោន ។
ប្រវត្តិសាស្ត្រ
មេបញ្ជាការកងនាវិកអង់គ្លេស James Cook បានប្រកាសសិទ្ធិកាន់កាប់ កោះ នូវែលសេឡង់ ឬញូវហ្សេលែនដ៍ ( New Zealand ) តាំងពីខែកញ្ញា ឆ្នាំ១៧៦៩ មកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាល អង់គ្លេស មិនសូវមានចំណាប់អារម្មណ៍ ចំពោះកោះមួយនេះឡើយ។ ពីចន្លោះឆ្នាំ ១៧៩៥-១៨៣០ នាវាតូចធំយ៉ាងច្រើន ចេញចូលសំចតនៅកោះញូវហ្សេលែនដ៍ ជាពិសេសផ្គត់ផ្គង់ស្បៀងអាហារ និងការកម្សាន្ត ភាគច្រើន ជានាវាមកពី ស៊ីដនី ។
បន្ទាប់មក ពួកសាសនទូតពី ស៊ីដនី និងអង់គ្លេស ក៏បានទៅដល់ កោះញូវហ្សេលែនដ៍ ក្នុងកិច្ចព្យាយាម សាបព្រោះសាសនាគ្រិស្ត ដល់ពួកជនជាតិ Maori នៅកោះនោះ ។
កប៉ាល់ចូលទៅដល់កោះនោះ ដែលមាននាវិកសុទ្ធតែបុរស ទើបពួកស្ត្រី នៅលើកោះនោះ បាននាំគ្នាសម្រុកឡើងទៅលើនានា បម្រើបុរសទាំងនោះ ផឹក ស៊ីស្រីញី ជាថ្នូរនឹងរបស់របរ ប្រើប្រាស់ ដូចជា ចប កាំបិត ពូថៅ និងដែកគោល ជាដើម ។ ប្រការនេះបណ្តាលឱ្យពួកអ្នក ផ្សព្វផ្សាយសាសនា ពិបាកក្នុងការឃោសនា ដោយសារបុរសជាឳពុកបានយកកូនស្រី របស់ពួកគេ ចេញពីសាលាសាសនា ទៅបម្រើកាមគុណពួកនាវិក ។
ចំណាប់អារម្មណ៍ពីអង់គ្លេស
ពាណិជ្ជកម្មរវាង ស៊ីដនី និង នូវែលសេឡង់ បានកើនឡើងយ៉ាងខ្លាំង ក្នុងវិស័យឈើ ធ្មៃ និងកប្បាស ។ ពាណិជ្ជកម្ម រវាងកោះញូវហ្សេលែនដ៍ ក៏ចាប់កើនឡើងផងដែរ ជាមួយបណ្តា ប្រទេសនានា នៅអឺរ៉ុប ធ្វើឱ្យហិនហោចធនធានធម្មជាតិរបស់កោះញូវហ្សេលែនដ៍ ។ នៅឆ្នាំ១៨៣១ ពួកអ្នកដឹកនាំកោះញូវហ្សេលែនដ៍ បានជួបជុំគ្នា តាក់តែងលិខិតមួយច្បាប់ ថ្វាយស្តេច វីល្លាម ទី៤ នៃចក្រភពអង់គ្លេស ស្នើសុំជួយការពារដែនដីរបស់ពួកគេ ។ ហើយដោយចំៗ ពួកគេបានស្វែងរកការការពារ ពីសំណាក់ បារាំង ។
ជាការឆ្លើយតប ឆ្នាំ ១៨៣៤ អង់គ្លេស បានបញ្ជូន លោក James Busby ឱ្យទៅធ្វើជា ទេសាភិបាល នៅកោះញូវហ្សេលែនដ៍ ហើយនេះគឺជាលើកដំបូងដែរ ដែលអង់គ្លេសធ្វើ អន្តរាគមន៍នៅកោះនោះ ដោយសារតែបានឃើញផលប្រយោជន៍របស់កោះមួយនោះ ។ ឆ្នាំនោះ លោក Busby បានធ្វើសេចក្តីព្រាងមួយឈ្មោះថា “ សេចក្តីប្រកាសឯករាជ្យភាពរបស់ ញូវ ហ្សេលែនដ៍ “ ដែលគាត់ និងអ្នកដឹកនាំជនជាតិ Māori ភាគខាងជើង ៣៥ នាក់ផ្សេងទៀត បានចុះហត្ថលេខា នៅឯតំបន់ វ៉ាយតាងី ( Waitangi ) នាថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៨៣៥ ។ អង់គ្លេស មិនសូវស្វាគមន៍ឯកសារនេះទេ ហើយគិតថា ត្រូវការឱ្យមានគោលនយោបាយថ្មី មួយសម្រាប់កោះ ញូវ ហ្សេលែនដ៍ នោះវិញ ។
នៅឯ អង់គ្លេស មានការប្រែប្រួលច្រើន ខណៈគណបក្សអភិរក្សនិយម Toriesត្រូវបានជំនួស ដោយគណបក្សកំណែទម្រង់ Whigs ។ គណបក្ស Whigs ទទួលបានការគាំទ្រពី សំណាក់ជនវណ្ណៈកណ្តាល ដែលកំពុងលូតលាស់ ហើយមានចំណាប់អារម្មណ៍ទៅ លើ ពាណិជ្ជកម្ម និងអាណានិគមនិយម ។ ប្រជាពលរដ្ឋអង់គ្លេស បានកើនឡើងពីចំនួន ពីរលាន នាក់នៅឆ្នាំ ១៨០០ ទៅដល់ ២,៩ លាននាក់ នៅឆ្នាំ ១៨៣០ ។ ដើម្បីតុល្យភាព នៃកំណើន ពលរដ្ឋនេះ រដ្ឋាភិបាលរបស់បក្ស Tories បានដាក់កំហិតដីរួមពីមុន ដោយការកាត់បន្ថយ ជីវភាពរបស់នៅរបស់ពលរដ្ឋ នៅតាមជនបទ ។ ពីចន្លោះឆ្នាំ ១៨១១-១៨២៨ ការ ប្រមូលផលដំណាំជួបគ្រោះអាក្រក់ ៨ រដូវ នាំឱ្យមានបញ្ហាស្បៀងអាហារ ហើយវាកាន់តែអាក្រក់ ថែម ទៀតនៅឆ្នាំ ១៨២៩-១៨៣០ បណ្តាលឱ្យមានផ្ទុះឡើងនូវកុប្បកម្មពីជនបទ ។
ឆ្លើយតបទៅនឹងវិបត្តិនេះ អង់គ្លេស ត្រូវតែរៀបចំយុទ្ធសាស្ត្រធ្វើអាណានិគម ដើម្បី ស្រូបទាញនូវចំនួនពលរដ្ឋ ដែលលើសពីលទ្ធភាពចិញ្ចឹមរបស់ប្រទេស ឱ្យធ្វើពាណិជ្ជកម្ម នៅតំបន់អាណានិគមនានា ។ ការតែងតាំងលោក Busby ទៅកោះញូវហ្សេលែនដ៍ គឺជាជំហានដំបូងក្នុងការប្រតិបត្តិនយោបាយ អាណានិគមខាងលើនេះ ។
សន្ធិសញ្ញា វ៉ាយតាងី
ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ១៨៣៦ មន្ត្រីកងទ័ពជើងទឹកលោក William Hobson បានទៅពិនិត្យមើលស្ថានភាព នៃភាពឥតច្បាប់ ក្នុងការតាំងលំនៅឋាននៅកោះ ញូវ ហ្សេលែនដ៍ ។ លោក Hobson បានធ្វើរបាយការណ៍ ដោយផ្តល់យោបល់ថា អាណាចក្រដែនដី អង់គ្លេស គប្បីត្រូវបានបង្កើតនៅលើកោះនោះ ។ អង់គ្លេស ពិនិត្យរួច ក៏បង្កើតគណៈកម្មាធិការមួយ ហើយគណៈកម្មាធិការនេះ បានស្នើសុំឱ្យបង្កើតសន្ធិសញ្ញាមួយ ជាមួយជនជាតិអម្បូរ Māori ដែលជាម្ចាស់ស្រុក ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៣៩ លិខិតមួយច្បាប់ ត្រូវបានចេញផ្សាយ ដោយពង្រីកទឹកដី New South Wales ដោយរួមបញ្ចូលទាំងទឹកដី នូវែលសេឡង់ ។ ដោយហេតុនេះ កោះញូវ ហ្សេលែនដ៍ ត្រូវបានដាក់ឱ្យទៅជាផ្នែកមួយ នៃតំបន់ New South Wales របស់អង់គ្លេស ចាប់ពីនោះឯង ។
លោក Hobson ត្រូវបានតែងតាំងជាអ្នកប្រឹក្សា នៅនូវែលសេឡង់ ហើយត្រូវបានបង្ហាត់ឱ្យ ពិភាក្សានូវការផ្ទេរជាស្ម័គ្រចិត្ត ពីទឹកដីកុលសម្ព័ន្ធ Māori ឱ្យទៅនៅក្រោមការត្រួតត្រា ដោយអង់គ្លេស ។
លោក Hobson ត្រូវបានតម្រូវឱ្យព្រាងសន្ធិសញ្ញាមួយ ជាភាសាអង់គ្លេស ដោយមានការជួយ ពីជំនួយការរបស់គាត់ម្នាក់ និងទេសាភិបាលអង់គ្លេស លោក James Busby ។ សេចក្តីព្រាងនេះ ត្រូវបានបកប្រែពីភាសា អង់គ្លេស ទៅជាភាសា Māori ដើម្បី ឱ្យជនជាតិ Māori ដែលជាម្ចាស់ទឹកដីយល់បានទូលំទូលាយ ។ ការបកប្រែនេះ ត្រូវបាន ធ្វើរួចរាល់នៅ យប់ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៨៤០ ហើយត្រូវបានចុះហត្ថលេខាពីភាគីពាក់ព័ន្ធ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ១៨៤០ នោះ នៅក្នុងភូមិគ្រឹះរបស់លោក James Busby (បច្ចុប្បន្ន ត្រូវបានគេស្គាល់ថា វិមានសន្ធិសញ្ញា ) នាទីក្រុង វ៉ាយតាងី ( Waitangi )។ សន្ធិសញ្ញានេះ បានធ្វើឱ្យ ញូវ ហ្សេលែនដ៍ ក្លាយជាផ្នែកមួយ នៃចក្រភពអង់គ្លេស ដោយធានានូវកម្មសិទ្ធិដីធ្លីរបស់ជនជាតិដើម និងបានផ្តល់សិទ្ធិជនជាតិ Māori ឱ្យមានសិទ្ធិ ដូចជាជនជាតិអង់គ្លេសដែរ ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋ ញូវ ហ្សេលែនដ៍ ប្រារព្ធទិវាវ៉ាយតាងី របស់ពួកគេ ដើម្បី រំឭកដល់ព្រឹត្តិការណ៍ នាថ្ងៃនេះឯង ដែលប្រការនេះ ខុសប្លែកពីបណ្តាប្រទេសដទៃក្នុងលោក ដែលពួកគេតែងតែប្រារព្ធទិវាជាតិរបស់ពួកគេ ដើម្បីកត់សម្គាល់ ថ្ងៃដែលមាតុប្រទេសរបស់ពួកគេ រួចផុតពីការត្រួតត្រារបស់មហាអំណាច ។ ចំណែករដ្ឋាភិបាល និងប្រជាពលរដ្ឋ ញូវហ្សេលែនដ៍ បែរជាប្រារព្ធទិវាជាតិរបស់ពួកគេ ដើម្បីកត់សម្គាល់ថ្ងៃដែលប្រទេសរបស់ពួកគេ ក្លាយជាផ្នែកមួយ នៃ ចក្រភពអង់គ្លេសទៅវិញ ។
តាមពិត បច្ចុប្បន្ន ញូវហ្សេលែនដ៍ ដូចជារដ្ឋឯករាជ្យមួយទៅហើយ ប៉ុន្តែពួកគេនៅមិនទាន់ បានប្រកាសយកថ្ងៃណាមួយថា ជាថ្ងៃឯករាជ្យជាតិរបស់ពួកគេនៅឡើយ ហើយបញ្ហានេះ កំពុងស្ថិតជាសំណួរដែលត្រូវពិភាក្សា ។ ប៉ុន្តែហាក់ដូចជាមិនសូវមានប្រជាប្រិយភាពឡើយ ព្រោះថា ឯករាជ្យ ឬអត់នោះ មិនសំខាន់សម្រាប់ជនជាតិ ញូវ ហ្សេលែនដ៍ ឡើយ ព្រោះពួកគេមានសិទ្ធិដូចជាជនជាតិអង់គ្លេស ហើយពួកគេហាក់ដូចជារដ្ឋឯករាជ្យច្រើនឆ្នាំ មកហើយ ៕ ស្រាវជ្រាវ និង ប្រែសម្រួលដោយ: មេសា