ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗ ដើម្បី​រួមគ្នា​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

465
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បានរៀបចំ​ប្រារព្វ​ឡើង​ដែល​ប្រព្រឹត្ត​នៅ ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត សៀមរាប ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​តំណាង​លោក ទៀ សីហា​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការ​ប្រារព្វ​ទិវា​នៅថ្ងៃនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ព្រោះថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុងពេល​កន្លងមកនេះ មាន​និន្នាការ​កើនឡើង​នៃ​ការស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែ ក្រវាត់​សុវត្ថិភាព ការ​ជែង​ដោយ​ប្រថុយប្រថាន បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស ឬ​របួស ពិការ​យ៉ាង​អាណោច​អាធ​ម រួម​ជាមួយនិង​ការខូចខាត​ទ្រព្យសម្បត្តិ រដ្ឋ និង​ឯកជន​យ៉ាងច្រើន បន្សល់ទុក​នូវ​កូនកំព្រា ស្ត្រី​មេម៉ាយ ពិការភាព សោកនាដកម្ម និង​ផលវិបាក​ជាច្រើន​មកលើ​សង្គម​កម្ពុជា​។​

​លោក​មានប្រសាសន៍​ទៀតថា ដើម្បី​រួមគ្នា​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ទុក្ខសោក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង ដើម្បី​ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​សូម​បន្ត​យកចិត្តទុកដាក់ និង​ចូលរួម​អនុវត្ត​លើ​កិច្ចការ​មួយចំនួន ដូចខាងក្រោម ៖

១-​មុន​ចាប់ផ្តើម​បើកបរ​យានជំនិះ អ្នកបើកបរ​ត្រូវ​ប្រកាន់​ទំលាប់​ជា​ស្វ័យប្រវត្តិ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស យានជំនិះ និង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយ​ថា ហេតុ​នៅលើ​ផ្លូវថ្នល់​។​

២-​អ្នកបើកបរ​រថយន្ត និង​អ្នករួមដំណើរ​ជាមួយ​ទាំងអស់ សូម​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ការពាក់​ខ្សែក្រវាត់​សុវត្ថិភាព​នេះ ត្រូវ​ឲ្យ​ក្លាយទៅជា​ទំលាប់​ជាប្រចាំ​នៅពេល​ឡើង​បញ្ជា ឬ​ជិះ​រថយន្ត ម្តងៗ​។​

៣-​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ សូម​ពាក់មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា​ពេលធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់ពេលវេលា​។ ត្រូវ​ចងចាំ​ជានិច្ច​ថា “​មួកសុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់​”​។​

៤-​សូម​បន្ថយល្បឿន​បើកបរ​ទៅតាម​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ចរាចរណ៍ ដូចជា​ផ្លូវ​គ្រលុក ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចុះឡើង​ចំណោត ផ្លូវ​ចង្អៀត ឬ​ផ្លូវ​រអិល​។ កន្លងមក​ការបើកបរ​លើស​ល្បឿន​កំណត់ គឺជា​មូល ហេតុ​ចម្បង​ក្នុងការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ ដូច្នេះ​ត្រូវ​បើកបរ​គោរព​ទៅតាម​ល្បឿន ដែល​ច្បាប់​បានកំណត់ គឺ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​ត្រឹមតែ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្រៅ​ទីប្រជុំជន និង​ត្រឹមតែ ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្នុង​ទីប្រជុំជន​។ ចំពោះ​ម៉ូតូ​ដែល​បើកបរ​ក្នុង​ទីប្រជុំជន​សូមកុំ​លើសពី ៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

៥-​អ្នកបើកបរ​មុននឹង​ជែង ត្រូវ​ដឹង​ច្បាស់​ថា​ផ្លូវ​ខាងមុខ​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព ចៀសវាង​ការ ជែង​ដោយ​ប្រថុយប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​

៦-​អ្នកបើកបរ​សូម​គោរព​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅពេល​ជិត​ដល់ ផ្លូវ​ប្រសព្វ​
​និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវត្រង់​មាន​សិទ្ធិ​ទៅមុន និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

៧-​សូម​ចងចាំ​ជានិច្ច​ថា ”​បើ​ពិសា​គ្រឿង​ស្រវឹង កុំ​បើកបរ បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​”​។ ពាក្យស្លោក​នេះ មាន​សារសំខាន់​ជា​អាយុជីវិត ព្រោះ​បើ​បើកបរ​បាត់​ម្ចាស់ការ​រេ​ចង្កូត​ចុះឡើង ភ្នែក​ស្រវាំង បន្ថែម​ល្បឿន​កាន់តែ​លឿន ធ្វើ​ឲ្យ​លទ្ធភាព​គ្រោះថ្នាក់​ដល់​ស្លាប់​មាន​ច្រើន អាច​បណ្តាល​ឲ្យ​បុក​បង្គោល​ភ្លើង ដើមឈើ របាំង ចែក​ទ្រូងផ្លូវ ឬ​សំណង់​រង្វង់​មូល​។​ល​។​

៨-​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​រថយន្ត​ដឹកទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ជា ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ មិន​ត្រូ​ផ្ទុក​មនុស្ស​នៅលើ​ដំបូល​ឡើយ​៕