ទិវា​សាធារណរដ្ឋ ម៉ា​លត៍​

279

(​ភ្នំពេញ)​៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​លត៍ ប្រារព្ធ ទិវា​សាធារណរដ្ឋ ម៉ា​លត៍ នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​បង្កើត​សាធារណរដ្ឋ ម៉ា​លត៍ កាលពី​ឆ្នាំ ១៩៧៤ បន្ទាប់ពី​ពួកគេ​ទទួល បាន​ឯករាជ្យ​យ៉ាង​លំបាក​កាលពី​ឆ្នាំ ១៩៦២ មក ។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
​សាធារណរដ្ឋ ម៉ា​លត៍ មាន​ផ្ទៃដី​ប្រមាណ​ជា ៣១៦ គីឡូម៉ែត្រ​ក្រឡា គឺជា​ប្រទេស​ដែន​កោះ នៅក្នុង សមុទ្ទ ម៉េ​ឌី​ទែ​រ៉ា​ណេ ខាងត្បូង​ប្រទេស អ៊ីតាលី ចម្ងាយ ៨០ គីឡូម៉ែត្រ ខាងកើត ទុយ​នី​ស៊ី ចម្ងាយ ២៨៤ គីឡូម៉ែត្រ និង ខាងជើង លី​ប៊ី ចម្ងាយ ៣៣៣ គីឡូម៉ែត្រ ហើយ ជា​រដ្ឋ​តូច និង​មាន​ប្រជាពលរដ្ឋ តិច​បំផុត​មួយ​ក្នុង​លោក ។ ឆ្នាំ ២០១៧ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង បួន សែន នាក់ ភាគច្រើន​ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ គឺ​ភាសា ម៉ា​លត៍ និង ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង វ៉ា​ឡែ​ត មាន​ផ្ទៃដី ០,៨ គីឡូម៉ែត្រ​ក្រឡា ជា​រដ្ឋធានី​តូច​បំផុត​នៅ​អឺរ៉ុប ហើយ​បាន​ចូល​ជា​មា​ជិ​ក នៃ សហភាព អឺរ៉ុប នៃ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០០៤ ។
​ ​
ប្រវត្តិសាស្ត្រ​
​នៅ​ឆ្នាំ ១០៩១ ក្រុម​ជនជាតិ ន័​ម៉ាន ( ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ដែល​ក្នុងនោះ​ក៏មាន​ចោរ​សមុទ្រ​ផងដែរ និង អ្នកចេញ​មកពី អ៊ី​សឡង់​ដ៍ ន័​វេស៍ និង ដា​ណឺ​ម៉ាក ) បាន​ចូលលុកលុយ​កាន់កាប់​ទឹក ម៉ា​ល់ត៍ ហើយ​ដាក់ បញ្ចូល​ជា​ផ្នែក​មួយ នៃ អាណាចក្រ ស៊ី​ស៊ិ​លី ( ភាគ​ខាង​ត្បូ អ៊ីតាលី បច្ចុប្បន្ន ) ដែល​ទើប​បង្កើត​ថ្មីៗ ។ គ្រិស្តសាសនា ត្រូវបាន​ប្រកាសថា​ជា​សាសនា​របស់ រដ្ឋ ។ អ​ណា​ចក្រ ស៊ី​ស៊ិ​លី​នេះ​លាតសន្ធឹង​គ្រប ដណ្តប់​ដោយ​កោះ អ៊ី​សឡង់​ដ៍ និង ឧ​ប​ទ្វី អ៊ីតាលី ។ អ​ណា​ចក្រ ស៊ី​ស៊ិ​លី នេះ​បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ ដៃ​រាជវង្ស Hohenstaufen (​អាល្លឺម៉ង់ ) ពី​ឆ្នាំ ១១៩៤ ដល់​ឆ្នាំ ១២៦៦ ។

​ប៉ុន្តែ​ជនជាតិ ម៉ា​ល់ត៍ បាននាំគ្នា​បង្កើតបានជា អាណាចក្រ ហូ​លី រ៉ូ​ម៉ាំង នៅ​ឆ្នាំ ១២៤៩ ។ ជន មូ​ស្ល៊ី​ម ទាំងឡាយ​នៅលើ​ទឹកដី ម៉ា​ល់ត៍ ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី ហូ​លី រ៉ូ​ម៉ាំង ឬក៏​ត្រូវឱ្យ​ផ្លាស់ប្តូរ​ទៅជា អ្នក​កាន់​គ្រិស្តសាសនា​វិញ ។ ការប្រកាន់​រើសអើង​សាសនា​នេះ ធ្វើឱ្យ​មហា​អំ​ណា មូស្លីម អូ​តូ​ម៉​ង់ (​បច្ចុប្បន្ន ទួ​ក​គី ) លុកលុយ​កាន់កាប់​ទឹកដី ម៉ា​លត៍ នៅ​ឆ្នាំ ១៥២២ ។ កងទ័ព គ្រិស្ត​សាសនិក បារាំង ដឹកនាំ​ដោយ​អគ្គបញ្ជាការ ហ្ស​ង់ ប៉ា​រី​សូ ដឺ វ៉ា​ឡេ​ត៍ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កងកម្លាំង ម៉ា​ល់ត៍ និង អេ​ស្ប៉ា​ញ ផង ក៏បាន​បណ្តេញ ពួក មហាអំណាច មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ ចេញពី​ទឹកដី អ្នក​គ្រិស្ត​និយម នៅ​ឆ្នាំ ១៥៦៥ ។ ទីក្រុង វ៉ា​ឡេ​ត៍ ត្រូវ​បា​ស្ថាបនា​ឡើងជា​ការដឹងគុណ​ដល់​លោក​មេ​បញ្ជ​ការ ហ្ស​ង់ ប៉ា​រី​សូ ដឺ វ៉ា​ឡេ​ត៍ ។ ម៉ា​លត៍ ត្រូវបាន​គ្រប់គ្រង​ដោយ​របប​យោធា ។​

​ធ្លាក់​ក្រោម​អំណាច​បារាំង​
​ឆ្នាំ ១៧៨៩ (​ដល់ ១៧៩៩ ) បដិវត្តន៍​បារាំង ដឹកនាំ​ដោយ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ បាន​ផ្ទុះឡើង និង បាន​ផ្តួលរំលំ​រាជានិយម​ហើយ​ជំនួយ​ដោយសារ​ធារ​ណ​រដ្ឋ បារាំង ក្រោម​ការក្តោបក្តាប់​ដោយ ណាប៉ូឡេអុង ។

​បដិវត្តន៍​នេះ បាន​រីក​រាលដាល​ទៅ​ប្រទេស​ផ្សងៗ​ទៀត​នៅ អឺរ៉ុប (​មហាអំណាច អេ​ស្ប៉ា​ញ​ក៏បាន​បែកបាក់ ដោយសារ​ឥទ្ធិពល នៃ បដិវត្តន៍​នេះដែរ ) ។ ជា​ដំណើរ​ឆ្ពោះទៅ​លុកលុយ​ប្រទេស អេ​ហ្ស៊ី​ប កងទ័ព ណាប៉ូឡេអុង បាន​ឆ្លងកាត់ ដែនដី​កោះ ម៉ា​ល់ត៍ ។ ដោយសារ​ខ្លាច​អំណាច​ដ៏​មហិមា​របស់​កងទ័ព ណាប៉ូឡេអុង ដែនដី​កោះ ម៉ា​ល់ត៍ ត្រូវបាន​ប្រគល់​ទៅឱ្យ ណាប៉ូឡេអុង នៅ​ឆ្នាំ ១៧៩៨ ( អំឡុងពេល​សង្គ្រាម​បដិវត្តន៍​បារាំង ) ដែល​បានសេចក្តីថា ដែនដី​កោះ ម៉ា​ល់ត៍ បា​ធ្លាក់​ក្នុង​កណ្តាប់ដៃ បារាំង របស់ ណាប៉ូឡេអុង នៅ​ឆ្នាំ នោះ និង ដោយ​ប្រការ​ដូច្នេះ​ឯង ។

​ពី​ចន្លោះ​ថ្ងៃទី ១២ ដល់ ទី ១៨ ខែ មិថុនា ឆ្នាំ ១៧៩៨ នោះ ណាប៉ូឡេអុង បាន​បង្កើត​ប្រព័ន្ធ​រដ្ឋបាល សម្រាប់​គ្រប់គ្រង ប្រទេស ម៉ា​ល់ត៍ ។ ប្រព័ន្ធ​ជាច្រើន​ត្រូវបាន​បង្កើត​នៅទីនេះ រួមទាំង​វិស័យ​អប់រំ​ផង ហើយ​ទាសភាព ក៏​ត្រូវបាន​លប់បំបាត់​ចាប់ពីពេលនេះ​ផងដែរ ។ រៀបចំ​រួច ណាប៉ូឡេអុង​ក៏​ចាកចេញ ទៅទៀត​ឆ្ពោះទៅ​លុកលុយ​ប្រទេស អេ​ហ្ស៊ី​ប ។ ប្រព័ន្ធ​ទំនើប​ទាំងឡាយ​ដែល ណាប៉ូឡេអុង បង្កើត​នៅលើ​ទឹកដី ម៉ា​ល់ត៍ ក៏​សាបរលាប​ទៅតាម​ស្រមោល​របស់គាត់​ដែរ ។ កងទ័ព​បារាំង​ដែល​ប្រចាំ ការ​នៅ​ប្រទេស ម៉ា​ល់ត៍ មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ម៉ា​ល់ត៍ ឡើយ ហើយ​បានទាមទារ បណ្តេញ​កងទ័ព​ទាំងនោះ​ចេញពី​ប្រទេស ម៉ា​ល់ត៍ ។​

ធ្លាក់​ក្នុង​កំ​ណ្តា​ប់​ដៃ​អង់គ្លេស
​ចក្រភព​អង់គ្លេស ដែលជា​សត្រូវ​ដ៏​ធំ​បំផុត​មួយ​របស់ ណាប៉ូឡេអុង បាន​ឆ្លៀតឱកាស​រួមដៃគ្នា​ជាមួយ អាណាចក្រ Naples ( អ៊ីតាលី ខាងត្បូង ) ជាមួយនឹង អាណាចក្រ ស៊ី​ស៊ិ​លី បាន​ជួយ​ជ្រោមជ្រែង​ជនជាតិ ម៉ា​ល់ត៍ បណ្តេញ​កងទ័ព បារាំង ចេញពី​ទីនោះ នៅ​ឆ្នាំ ១៧៩៨​ដដែល​នោះ ។​
​ ​
​ដោយ​ក្តីបារម្ភ​ខ្លាច កងទ័ព​បារាំង របស់ ណាប៉ូឡេអុង ដ៏​មាន​ម​ហិ​ទ្ធិ​ឬ​ទ្ធិ៍​មក​សងសឹក​នោះ មេដឹកនាំ ម៉ា​ល់ត៍ បានប្រគល់ ប្រទេស​ដែន​កោះ ម៉ា​ល់ត៍ ទៅឱ្យ​អង់គ្លេស ។ នៅក្នុង​កិច្ចសន្យា​មានចែង ថា “ ប្រទេស ម៉ា​ល់ត៍ គឺ​រដ្ឋ​មាន​បូរណភាព ដោយ​ត្រូវបាន​ដាក់ឱ្យ​ក្រោម​កិច្ចការពារ​ដោយ ចក្រភព អង់គ្លេស ប៉ុន្តែ​អង់គ្លេស គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​នេះ​ទៅឱ្យ​ប្រទេស​ណា​ផ្សេង​ឡើយ ប្រសិនបើ​អង់គ្លេស ត្រូវ​ដកចេញ​ពី​កាតព្វកិច្ច ចំពោះ​ប្រទេស​នេះ ។ ពេលនោះ​ប្រទេស​នេះ​នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកស្រុក ដើមកំណើត និង អ្នក​កំពុង​រស់នៅ​លើ​កោះ​នេះ​ផ្តាច់មុខ ដោយ​គ្មាន​ការត្រួតត្រា​ពី​ប្រទេស​ណាមួយ​ឡើយ “ ។

សង្គ្រាមលោក​
​ភូមិសាស្ត្រ របស់​ប្រទេស ម៉ា​ល់ត៍ ជា​ប្រយោជន៍​សម្រាប់​នាវាចរណ៍ គ្រប់​ប្រភេទ រវាង​អង់គ្លេស ឥណ្ឌា និង អេ​ហ្ស៊ី​ប ធ្វើឱ្យ​អង់គ្លេស​កាន់តែ​ត្រូវការ ម៉ា​លត៍ ។ ទីបំផុត​នៅក្នុង​សន្ធិសញ្ញា​ទីក្រុង ប៉ារីស ឆ្នាំ ១៨១៤ ម៉ា​លត៍ បាន​ក្លាយជា​ផ្នែក​មួយ នៃ ចក្រភព​អង់គ្លេស ពោលគឺ​មិនមែន​គ្រាន់តែ​ក្រោម​កិច្ចការពារ ឬ អាណានិគម​ពី​អង់គ្លេស​ទៀតឡើយ ។
​ ​
​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី ១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ម៉ា​លត៍ ត្រូវបាន​ប្រសិទ្ធ​នាម​ថា គិល​ដ្ឋា​ន នៃ តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ​ដោយសារ​មនុស្ស​ដែល​រងរបួស​ពី​សង្គ្រាម យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ទីនោះ ។ មុនពេល​សង្គ្រាមលោកលើកទី ២ ( ០១ កញ្ញា ១៩៣៩-០២ កញ្ញា ១៩៤៥) ទីក្រុង វ៉ា​ឡេ​ត៍ គឺជា​ទីបញ្ជាការដ្ឋាន​ក​ង​ទ័ពជើងទឹក (​ក្រោយមក​គឺ​នៅ​ឆ្នាំ ១៩៣៧ នាយករដ្ឋមន្ត្រី វីន​ស្តុ​ន ឈឺ​ច​ឈី​ល ស្នើឱ្យ​ប្តូរ​ទៅ Alexendria នៃ ប្រទេស អេ​ហ្ស៊ី​ប វិញ ) ។ នៅក្នុង​អំឡុង​សង្គ្រាមលោកលើកទី ២ នោះ ម៉ា​លត៍ បាន​បំពេញ​តួនាទី​យ៉ា​សំខាន់​សម្រាប់​ចក្រភព​អង់គ្លេស និង សម្ព័ន្ធមិត្ត ក្នុងការ​វាយប្រហារ​ទៅលើ ពួក Axis (​អាល្លឺម៉ង់​-​ជប៉ុន​-​អ៊ីតាលី ) ដែលជា​បច្ចាមិត្ត អង់គ្លេស ហើយ​ប្រសិនបើ ម៉ា​លត៍ ព្រម​ចុះចាញ់​នោះ អង់គ្លេស មុខជា​មាន​ផល​លំបាក​ធ្ងន់ធ្ងរ ។​

​ឯករាជ្យភាព​យ៉ាង​លំបាក​
​ការបោះឆ្នោត​សកល​នា​ឆ្នាំ ១៩៦២ គណបក្ស អ្នក​ជាតិនិយម របស់លោក​បណ្ឌិត George Borg Olivier ទទួលបាន​ជោគជ័យ និង បាន​បង្កើត​រដ្ឋាភិបាល ។ បន្ទាប់ពីនោះ​ភ្លាម​មក ចំណុច​សំខាន់ៗ នៃ រដ្ឋធម្មនុញ្ញ​របស់ ម៉ា​លត៍ ដែល​ផ្តល់​សិទ្ធិអំណាច​យ៉ាងច្រើន​ទៅឱ្យ​អង់គ្លេស​នោះ ត្រូវបានធ្វើ​វិសោធនកម្ម ។ លោក George Borg Olivier បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយក៏​ជា​រដ្ឋមន្ត្រី ផែនការ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផងដែរ ។​

​លោក​បណ្ឌិត Borg Olivier បានធ្វើ​ដំណើរ​ទៅ​ទីក្រុង ឡុង​ដ៍ នៃ ប្រទេស​អស់​គ្លេ​ស ដើម្បី​ស្នើសុំ​កិច្ច​ព្រម ព្រៀង​ហិរញ្ញវត្ថុ និង ទាមទារ​រក​ឯករាជ​ភាព​របស់ ម៉ា​លត៍ ដើម្បី​ឱ្យមាន​ឋានៈ​ជា​សមាជិក​ពេញលេញ​ជា​រដ្ឋ សហ​ធន ។ ស្របពេលនោះ មាន​ភាព​អត់​ការងារ​ធ្វើ ០៦ ភាគរយ និង​មាន​ក្តីបារម្ភ​ជាច្រើន​ពី​សំណាក់ កងទ័ពជើងទឹក​ពី​គូប​ដិ​បក្ស​នានា ។

​ដោយហេតុនេះ នៅ​ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៦២ លោកនាយក​រដ្ឋមន្ត្រី Borg Olivier បានដាក់​សំណើ​មួយ​គឺ​ឯករាជភាព របស់ ម៉ា​លត៍ ។ លោក​អគ្គមេធាវី បណ្ឌិត​សាស្ត្រាចារ្យ John J. Cremona ត្រូវបាន​ប្រគល់​ភារៈ​ជា​អ្នក​ព្រៀង​រដ្ឋធម្មនុញ្ញ ។

​បន្ទាប់មក​សន្និសីទ​ស្តីពី​ឯករាជភាព​របស់ ម៉ា​លត៍ ត្រូវបានធ្វើ​នៅក្នុង​វិមាន Marlborough House (​ជា​វិ​មា​រដ្ឋការ​ដ៏​សំខាន់​របស់​អង់គ្លេស​) នាទី​ក្រុង​ឡុង​ដ៍ ចាប់ពី​ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៦៣ ដោយមាន​តំណាង​មកពី​គ្រប់​គណបក្សនយោបាយរ​បស់ ម៉ា​លត៍ ។ ការជជែក​ដេញដោល ប្រព្រឹត្តទៅ​អស់​រយៈពេល​ពេញ​មួយខែ​កក្កដា ឆ្នាំ ១៩៦៣ នោះ ។ មានការ​ខ្វែងគំនិត​គ្នា​ធំៗ​ពីរ​គឺ ខាង​រដ្ឋាភិបាល ស្នើសុំ​ថា ម៉ា​លត៍ ជា​រដ្ឋ​រាជានិយម ដោយមាន​អគ្គទេសាភិបាល​តំណាង​អង្គ មហាក្សត្រិយានី អង់គ្លេស ។ ចំណែក ខាង​រដ្ឋលេខាធិការ ស្នើសុំ​ធ្វើ​ប្រជាមតិ អំពី​រដ្ឋធម្មនុញ្ញ ខណៈ​បក្ស​តូចៗ​ចំនួន​ពី​បាន​ជំទាស់​ទៅនឹង​ការទាមទារ​ឯករាជភាព​នេះ ។

​មិនមាន​ឯកភាព​ផ្ទៃក្នុង​គឺជា​ការលំបាក​មួយ ហើយ​ការមិន​ព្រម​ព្រលែង​ដៃ​របស់​អង់គ្លេស គឺជា​រឿង​លំបាក មួយ​ផ្សេងទៀត ។ ទោះយ៉ាងណា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ម៉ា​លត៍ លោក​ ​George Borġ Olivier ម៉ា​ល់ត៍ ទទួលបាន​ឯករាជភាព​របស់ខ្លួន​នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៩៦៤ បន្ទាប់ពី​ការចរចា យ៉ាង​តឹងតែង​ជាមួយ​អង់គ្លេស (​ថ្ងៃនោះ​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ របស់ ម៉ា​លត៍ )​។ រដ្ឋ​ធម្ម​នុ​ញ្ញា​របស់ ម៉ា​លត៍ នា​ឆ្នាំ ១៩៦៤ នោះ ម៉ា​លត៍ នៅតែ​ទទួលយក​ព្រះមហា​ក្សត្រិយានី អា​លីហ្សា​ប៊ែ​ត នៃ ចក្រភព​អង់គ្លេស ជា​មហាក្សត្រិយ​របស់ខ្លួន ( ម៉ា​លត៍ ) ដោយមាន​អគ្គទេសាភិបាល​អង់គ្លេស ជា​ប្រមុខរដ្ឋ ម៉ា​លត៍ ។

​គណបក្ស ពលកម្ម ម៉ា​លត៍ ដឹកនាំ​ដោយ​លោក ដូ​ម មីន​តូ​ហ្វ ដែលជា​គណបក្ស​ដ៏​ធំ​លំដាប់​ទី ២ បន្ទាប់ពី គណបក្ស អ្នក​ជាតិនិយម ម៉ា​លត៍ នោះ​មិន​ស្កប់ស្កល់​នឹង​លទ្ធផល​នេះ​ទេ ព្រោះ​គណបក្ស​នេះ​ត្រូវការ ម៉ា​លត៍ ជា​រដ្ឋ​ឯករាជ្យ​ដាច់ដោយឡែក​ពី​អង់គ្លេស គឺ​មិនមែន​ត្រឹមតែ​ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​នៅក្រោម​អំណាច របស់​អង់គ្លេស​ដដែល​ដូច្នេះ​ឡើយ ។ ដូច្នេះ គណបក្ស ពលកម្ម ម៉ា​លត៍​សុខចិត្ត​នៅ​ជា​បក្សប្រឆាំង តទៅទៀត ។​

​សាធារណរដ្ឋ ម៉ា​លត៍ បង្កើតឡើង​
​ការបោះឆ្នោត​នៅ​ឆ្នាំ ១៩៦៦ គណបក្ស ពលកម្ម ម៉ា​លត៍ បាន​កើន​សំលេងឆ្នោត ប៉ុន្តែ​មិន​គ្រប់គ្រាន់ ក្នុង​ការបង្កើត​រដ្ឋាភិបាល​ឡើយ ។ គេ​ត្រូវ​រង់ចាំ​រហូតដល់ ឆ្នាំ ១៩៧១ ទើប​គណបក្ស ពលកម្ម ម៉ា​លត៍ ដឹកនាំ​ដោយ​លោក ដូ​ម មីន​តូ​ហ្វ បានឈ្នះ​នូវ​ការបោះឆ្នោត​សកល ។ ប​គណបក្ស ពលកម្ម ម៉ា​លត៍ ក៏បាន​ប្រកាស​បង្កើត ម៉ា​លត៍ ទៅជា​សាធារណរដ្ឋ ម៉ា​លត៍ នៅ​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៧៤ ដោយមាន​លោក អាន​តូ​នី ម៉ា​ម៉ូ ជា​ប្រធានាធិបតី និង លោក ដូ​ម មីន​តូ​ហ្វ ជា​នាយករដ្ឋមន្ត្រី ។​
​ម៉ា​លត៍ បាន​ក្លាយជា​សាធារណរដ្ឋ ចាប់ពី​នោះមក ហើយ​បានប្រកាស​ជា​រដ្ឋ​អព្យាក្រឹត ។ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​លត៍ ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ន​ជ​ឯង​ហោង ៕ ស្រាវជ្រាវ​ប្រែ​សម្រួល​: មេសា​

​លោក ដូ​ម មីន​តូ​ហ្វ ជា​បុព្វការី​ដ៏​សំខាន់​ម្នាក់​ដើម្បី​ប្រកាស​ម៉ា​លត៍ ជា​សាធារណរដ្ឋ (​ដូ​ម មីន​តូ​ហ្វ​)
ទីក្រុង វ៉ា​ឡែ​ត នៃ សាធារណរដ្ឋ ម៉ា​លត៍ (​វ៉ា​ឡែ​ត​)