ទិវា​សាធារណរដ្ឋ ម៉ា​ល់ត៍​

456
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ា​ល់ត៍ ប្រារព្ធ​ទិវា​សាធារណរដ្ឋ ម៉ា​លត៍ នៅ​ថ្ងៃទី ១៣ ខែធ្នូ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ ប្រកាស​បង្កើត​សាធារណរដ្ឋ​ម៉ា​លត៍ កាលពី​ឆ្នាំ ១៩៧៤ បន្ទាប់ពី ពួកគេ ទទួលបាន​ឯករាជ្យ យ៉ាង​លំបាក កាលពី​ឆ្នាំ ១៩៦២ មក ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ម៉ា​ល់ត៍ មាន​ផ្ទៃដី​ប្រមាណ​ជា ៣១៦ គីឡូម៉ែត្រ​ក្រឡា គឺជា​ប្រទេស​ដែន​កោះ នៅក្នុង​សមុទ្ទ​ម៉េ​ឌី​ទែ​រ៉ា​ណេ ខាងត្បូង​ប្រទេស​អ៊ីតាលី ចម្ងាយ ៨០ គីឡូម៉ែត្រ ខាងកើត ទុយ​នេ​ស៊ី ចម្ងាយ ២៨៤ គីឡូម៉ែត្រ និង​ខាងជើង លី​ប៊ី ចម្ងាយ ៣៣៣ គីឡូម៉ែត្រ ហើយ ជា​រដ្ឋ​តូច និង​មាន ប្រជាពលរដ្ឋ​តិច​បំផុត​មួយ​ក្នុង​លោក​។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ប្រមាណ​ជាជាង ៤ សែន ៤ ម៉ឺន​នាក់ ភាគច្រើន ជា​អ្នក​កាន់​គ្រិស្តសាសនា ភាសាផ្លូវការ គឺ​ភាសា ម៉ា​ល់ត៍ និង​ភាសា​អង់គ្លេស រដ្ឋធានី​គឺ​ទីក្រុង​វ៉ា​ឡែ​ត មាន​ផ្ទៃដី ០,៨ គីឡូម៉ែត្រ​ក្រឡា ជា​រដ្ឋធានី​តូច​បំផុត នៅ​អឺរ៉ុប​ហើយ​បាន ចូល​ជា​មា​ជិ​ក នៃ​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ ២០០៤ ។​

​ប្រវត្តិសាស្ត្រ​
នៅ​ឆ្នាំ​១០៩១ ក្រុម​ជនជាតិ​ន័​ម៉ាន (​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុងនោះ​ក៏មាន​ចោរ​សមុទ្ទ​អ៊ី​ស ឡង់​ដ៍ ន័​វេស៍ និង​ដា​ណឺ​ម៉ាក​) បាន​ចូលលុកលុយ​កាន់កាប់​ទឹកដី​ម៉ា​ល់ត៍​ហើយ​ដាក់បញ្ចូល​ជា ផ្នែក​មួយ នៃ​អាណាចក្រ​ស៊ី​ស៊ិ​លី (​ភាគខាងត្បូង​អ៊ីតាលី បច្ចុប្បន្ន​) ដែល​ទើប​បង្កើត​ថ្មីៗ ។ គ្រិស្តសាសនា ត្រូវបាន​ប្រកាសថា ជា​សាសនា​របស់​រដ្ឋ​នោះ ។​

​អាណាចក្រ​ស៊ី​ស៊ិ​លី​នេះ លាតសន្ធឹង​គ្របដណ្តប់ ដោយ​កោះ​អ៊ី​សឡង់​ដ៍ និង​ឧបទ្វីប អ៊ីតាលី ។ អាណាចក្រ​ស៊ី​ស៊ិ​លី​នេះ បាន​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​រាជវង្ស Hohenstaufen (​អាល្លឺម៉ង់ ) ពី​ឆ្នាំ ១១៩៤ ដល់​ឆ្នាំ ១២៦៦ ។ ប៉ុន្តែ​ជនជាតិ​ម៉ា​ល់ត៍ បាននាំគ្នា​បង្កើតបានជា អាណាចក្រ​ហូ​លី រ៉ូ​ម៉ាំង នៅ​ឆ្នាំ​១២៤៩ ។ ជន​មូ​ស្ល៊ី​ម​ទាំងឡាយ នៅលើ​ទឹកដី​ម៉ា​ល់ត៍ ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី ហូ​លី រ៉ូ​ម៉ាំង ឬក៏​ត្រូវ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​ទៅជា​អ្នក​កាន់​គ្រិស្តសាសនា​វិញ ។​

​ការប្រកាន់​រើសអើង​សាសនា​នេះ ធ្វើឱ្យ​មហាអំណាច​មូស្លីម អូ​តូ​ម៉​ង់ (​តួ​ក​គី​) លុកលុយ​កាន់កាប់ ទឹកដី ម៉ា​ល់ត៍ នៅ​ឆ្នាំ ១៥២២ ។​

​កងទ័ព​គ្រិស្ត​សាសនិក​បារាំង ដឹកនាំ​ដោយ​អគ្គបញ្ជាការ ហ្ស​ង់ ប៉ា​រី​សូ ដឺ វ៉ា​ឡេ​ត៍ ដោយមានការជួយជ្រោមជ្រែង​ពី​កងកម្លាំង​ម៉ា​ល់ត៍ និង​អេ​ស្ប៉ា​ញ​ផង ក៏បាន​បណ្តេញ​ពួក​មហាអំណាច​មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ ចេញពី​ទឹកដី អ្នក​គ្រិស្ត​និយម​នោះ នៅ​ឆ្នាំ​១៥៦៥ ។ ទីក្រុង​វ៉ា​ឡេ​ត៍ ត្រូវបាន​ស្ថាបនា​ឡើង ជាការ​ដឹងគុណ ដល់​លោក​មេ​បញ្ជ​ការ ហ្ស​ង់ ប៉ា​រី​សូ ដឺ វ៉ា​ឡេ​ត៍ ។ ចាប់ពីពេលនោះ ម៉ា​ល់ត៍ ត្រូវបាន​គ្រប់គ្រង ដោយ​របប​យោធា ។​

​ធ្លាក់​ក្រោម​អំណាច​បារាំង​
​ឆ្នាំ​១៧៨៩ (​ដល់​១៧៩៩) បដិវត្តន៍​បារាំង ដឹកនាំ​ដោយ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ បាន​ផ្ទុះឡើង និង​បាន​ផ្តួលរំលំ​រាជានិយម ហើយ​ជំនួស​ដោយសារ​ធារ​ណ​រដ្ឋ​បារាំង ក្រោម​ការក្តោបក្តាប់ ដោយ​ណាប៉ូឡេអុង ។​

​បដិវត្តន៍​នេះ បាន​រីក​រាលដាល​ទៅ​ប្រទេស​ផ្សងៗ​ទៀត នៅ​អឺរ៉ុប (​មហាអំណាច អេ​ស្ប៉ា​ញ ក៏បាន​បែកបាក់ ដោយសារ​ឥទ្ធិពល​នៃ​បដិវត្តន៍​នេះដែរ​) ។ ជា​ដំណើរ​ឆ្ពោះទៅ​លុកលុយ​ប្រទេស អេ​ហ្ស៊ី​ប កងទ័ព​ណាប៉ូឡេអុង បាន​ឆ្លងកាត់​ដែនដី​កោះ ម៉ា​ល់ត៍ ។​

​ដោយសារ​ខ្លាច​អំណាច​ដ៏​មហិមា​របស់​កងទ័ព​ណាប៉ូឡេអុង ដែនដី​កោះ​ម៉ា​ល់ត៍ ត្រូវបាន​ប្រគល់ ទៅឱ្យ ណាប៉ូឡេអុង នៅ​ឆ្នាំ​១៧៩៨ ( អំឡុងពេល​សង្គ្រាម​បដិវត្តន៍​បារាំង ) ដែល​បានសេចក្តីថា ដែនដី​កោះ​ម៉ា​ល់ត៍ បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​បារាំង របស់​ណាប៉ូឡេអុង នៅ​ឆ្នាំ នោះ និង​ដោយ ប្រការ​ដូច្នេះ​ឯង ។​

​ពី​ចន្លោះ​ថ្ងៃទី​១២ ដល់ទី​១៨ ខែមិថុនា ឆ្នាំ​១៧៩៨ នោះ ណាប៉ូឡេអុង បាន​បង្កើត​ប្រព័ន្ធ​រដ្ឋបាល សម្រាប់​គ្រប់គ្រង​ប្រទេស​ម៉ា​ល់ត៍ ។ ប្រព័ន្ធ​ជាច្រើន ត្រូវបាន​បង្កើត​នៅទីនេះ​រួមទាំង​វិស័យ អប់រំ​ផង ហើយ​ទាសភាព ក៏​ត្រូវបាន​លប់បំបាត់ ចាប់ពី ពេល នេះ​ផងដែរ ។ រៀបចំ​រួច ណា​ប៉ូ ឡេ​អុង ក៏​ចាកចេញ​ទៅទៀត​ឆ្ពោះទៅ​លុកលុយ​ប្រទេស អេ​ហ្ស៊ី​ប ។ ប្រព័ន្ធ​ទំនើប​ទាំងឡាយ ដែល ណាប៉ូឡេអុង បង្កើត​នៅលើ​ទឹកដី ម៉ា​ល់ត៍ ក៏​សាបរលាប​ទៅតាម​ស្រមោល​របស់គាត់​ដែរ ។​

​កងទ័ព​បារាំង ដែល​ប្រចាំការ​នៅ​ប្រទេស​ម៉ា​ល់ត៍ មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជា ពលរដ្ឋ ម៉ា​ល់ត៍​ឡើយ ហើយ​បានទាមទារ​បណ្តេញ​កង​ទ័ព​ទាំងនោះ ចេញពី​ប្រទេស​ម៉ា​ល់ត៍ ។​

​ធ្លាក់​ក្នុង​កំ​ណ្តា​ប់​ដៃ​អង់គ្លេស​
ចក្រភព​អង់គ្លេស ដែលជា​សត្រូវ​ដ៏​ធំ​បំផុត​មួយ​របស់ ណាប៉ូឡេអុង បាន​ឆ្លៀតឱកាស​រួមដៃគ្នា ជាមួយ អាណាចក្រ Naples (​អ៊ីតាលី​ខាងត្បូង​) ជាមួយនឹង​អាណាចក្រ​ស៊ី​ស៊ិ​លី​បាន​ជួយ​ជ្រោ​ម ជ្រែង​ជនជាតិ​ម៉ា​ល់ត៍ បណ្តេញ​កងទ័ព​បារាំង ចេញពី​ទីនោះ នៅ​ឆ្នាំ​១៧៩៨​ដដែល​នោះ ។​

​ដោយ​ក្តីបារម្ភ​ខ្លាច កងទ័ព​បារាំង​របស់ ណាប៉ូឡេអុង ដ៏​មាន​មហិទ្ធិឫទ្ធិ៍ មក​សងសឹក មេដឹកនាំ ម៉ា​ល់ត៍ បានប្រគល់​ប្រទេស​ដែន​កោះ ម៉ា​ល់ត៍ ទៅឱ្យ​អង់គ្លេស ។​

​នៅក្នុង​កិច្ចសន្យា មាន​ចែងថា “ ប្រទេស​ម៉ា​ល់ត៍ គឺជា​រដ្ឋ​មាន​បូរណភាព ដោយ​ត្រូវបាន​ដាក់ឱ្យ ក្រោម​កិច្ចការពារ ដោយ​ចក្រភព​អង់គ្លេស ប៉ុន្តែ​អង់គ្លេស​គ្មាន​សិទ្ធិ​ប្រគល់​ទឹកដី​នេះ​ទៅឱ្យ ប្រទេស​ណា​ផ្សេង​ឡើយ ប្រសិនបើ​អង់គ្លេស ត្រូវ​ដកចេញ​ពី​កាតព្វកិច្ច ចំពោះ​ប្រទេស​នេះ ។ ពេលនោះ ប្រទេស​នេះ នឹង​ក្លាយជា​កម្មសិទ្ធិ​របស់​អ្នកស្រុក​ដើមកំណើត និង​អ្នក​កំពុង​រស់នៅ លើ​កោះ​នេះ ផ្តាច់មុខ ដោយ​គ្មាន​ការត្រួតត្រា ពី​ប្រទេស​ណាមួយ​ឡើយ “ ។​

​សង្គ្រាមលោក​
ភូមិសាស្ត្រ​របស់​ប្រទេស​ម៉ា​ល់ត៍ ជា​ប្រយោជន៍​សម្រាប់​នាវាចរណ៍​គ្រប់​ប្រភេទ រវាង​អង់គ្លេស ឥណ្ឌា និង​អេ​ហ្ស៊ី​ប ធ្វើឱ្យ​អង់គ្លេស កាន់តែ​ត្រូវការ​ម៉ា​ល់ត៍ ។ ទីបំផុត នៅក្នុង​សន្ធិសញ្ញា​ទី ក្រុងប៉ារីស ឆ្នាំ​១៨១៤ ម៉ា​ល់ត៍ បាន​ក្លាយជា​ផ្នែក​មួយ នៃ​ចក្រភព​អង់គ្លេស ពោលគឺ​មិនមែន គ្រាន់តែ​ក្រោម​កិច្ចការពារ ឬ​អាណានិគម​ពី អង់គ្លេស ទៀតឡើយ ។​

​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី​១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨ ) ម៉ា​ល់ត៍ ត្រូវបាន​ប្រសិទ្ធ​នាម​ថា គិលានដ្ឋាន នៃ​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ ដោយសារ​មនុស្ស​ដែល​រងរបួស ពី​សង្គ្រាម យ៉ាងច្រើន​សន្ធឹកសន្ធាប់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ទីនោះ ។​

​មុនពេល​សង្គ្រាមលោកលើកទី​២ ( ០១ កញ្ញា ១៩៣៩-០២ កញ្ញា ១៩៤៥) ទីក្រុង វ៉ា​ឡេ​ត៍ គឺជា​ទីបញ្ជាការដ្ឋាន​ក​ង​ទ័ពជើងទឹក (​ក្រោយមក​គឺ​នៅ​ឆ្នាំ​១៩៣៧ នាយករដ្ឋមន្ត្រី វីន​ស្តុ​ន ឈឺ​ច​ឈី​ល ស្នើឱ្យ​ប្តូរ​ទៅ Alexendria នៃ​ប្រទេស​អេ​ហ្ស៊ី​ប វិញ​)​។ នៅក្នុង​អំឡុង​សង្គ្រាមលោក លើក​ទី ២ នោះ ម៉ា​ល់ត៍ បាន​បំពេញ​តួនាទី​យ៉ា​សំខាន់​សម្រាប់​ចក្រភព​អង់គ្លេស និង សម្ព័ន្ធមិត្ត ក្នុងការ​វាយប្រហារ​ទៅលើ​ពួក Axis (​អាល្លឺម៉ង់​-​ជប៉ុន​-​អ៊ីតាលី ) ដែលជា​បច្ចាមិត្ត អង់គ្លេស ហើយ​ប្រសិនបើ​ម៉ា​ល់ត៍ ព្រម​ចុះចាញ់​នោះ អង់គ្លេស មុខជា​មាន​ផល​លំបាក​ធ្ងន់ធ្ងរ ។​

​ឯករាជ្យភាព​យ៉ាង​លំបាក​
ការបោះឆ្នោត​សកល នា​ឆ្នាំ​១៩៦២ គណបក្ស​អ្នក​ជាតិនិយម របស់លោក​បណ្ឌិត George Borg Olivier ទទួលបាន​ជោគជ័យ និង បាន​បង្កើត​រដ្ឋាភិបាល ។ បន្ទាប់ ពីនោះ​ភ្លាម​មក ចំណុច​សំខាន់ៗ នៃ រដ្ឋធម្មនុញ្ញ​របស់ ម៉ា​ល់ត៍ ដែល​ផ្តល់​សិទ្ធិអំណាច​យ៉ាងច្រើន​ទៅឱ្យ​អង់គ្លេស ត្រូវបានធ្វើ វិសោធនកម្ម ។ លោក George Borg Olivier បាន​ក្លាយជា​នាយករដ្ឋមន្ត្រី ហើយក៏​ជា​រដ្ឋមន្ត្រី ផែនការ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផងដែរ ។​

​លោក​បណ្ឌិត Borg Olivier បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍ នៃ​ប្រទេស​អស់​គ្លេ​ស ដើម្បី​ស្នើសុំ កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ និង​ទាមទារ​រក​ឯករាជ្យភាព​របស់ ម៉ា​ល់ត៍ ដើម្បី​ឱ្យមាន​ឋានៈ​ជា សមាជិក​ពេញលេញ ជា​រដ្ឋ​សហ​ធន ។ ស្របពេលនោះ មាន​ភាព​អត់​ការងារ​ធ្វើ ៦ ភាគរយ និងមាន​ក្តីបារម្ភ​ជាច្រើន ពី​សំណាក់​កងទ័ពជើងទឹក ពី​គូប​ដិ​បក្ស​នានា ។​

​ដោយហេតុ​នោះ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៦២ លោកនាយក​រដ្ឋមន្ត្រី Borg Olivier បានដាក់​សំណើ​មួយ គឺ​ឯករាជ្យភាព របស់ ម៉ា​ល់ត៍ ។ លោក​អគ្គមេធាវី បណ្ឌិត​សាស្ត្រាចារ្យ John J. Cremona ត្រូវបាន​ប្រគល់​ភារៈ ជា​អ្នក​ព្រាង​រដ្ឋធម្មនុញ្ញ ។​

​បន្ទាប់មក​សន្និសីទ ស្តីពី​ឯករាជភាព​របស់ ម៉ា​ល់ត៍ ត្រូវបានធ្វើ​នៅក្នុង​វិមាន Marlborough House (​ជា​វិមាន​រដ្ឋការ​ដ៏​សំខាន់​របស់​អង់គ្លេស​) នាទី​ក្រុង​ឡុង​ដ៍ ចាប់ពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​១៩៦៣ ដោយមាន​តំណាង​មកពី​គ្រប់​គណបក្ស នយោបាយរ​បស់ ម៉ា​ល់ត៍​។ ការជជែក​ដេញដោល ប្រព្រឹត្តទៅ​អស់​រយៈពេល​ពេញ​មួយខែ​កក្កដា ឆ្នាំ​១៩៦៣ នោះ​។ មានការ​ខ្វែងគំនិត​គ្នា​ធំៗ ២ គឺ ខាង​រដ្ឋាភិបាល ស្នើសុំ​ថា ម៉ា​ល់ត៍ ជា​រដ្ឋ​រាជានិយម ដោយមាន​អគ្គទេសាភិបាល តំណាង​អង្គ មហាក្សត្រិយានី​អង់គ្លេស​។ ចំណែក ខាង​រដ្ឋលេខាធិការ ស្នើសុំ​ធ្វើ​ប្រជាមតិ អំពី​រដ្ឋធម្មនុញ្ញ ខណៈ​បក្ស​តូចៗ​ចំនួន ២ បាន​ជំទាស់​ទៅនឹង​ការទាមទារ​ឯករាជ្យភាព​នេះ ។​

​មិនមាន​ឯកភាព​ផ្ទៃក្នុង គឺជា​ការលំបាក​មួយ ហើយ​ការមិន​ព្រម​ព្រលែង​ដៃ របស់​អង់គ្លេស គឺជា​រឿង​លំបាក​មួយ​ផ្សេងទៀត​។ ទោះយ៉ាងណា ក្រោម​ការដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ម៉ា​ល់ត៍ លោក George Borġ Olivier ម៉ា​ល់ត៍ ទទួលបាន​ឯករាជ្យភាព​របស់ខ្លួន នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​១៩៦៤ បន្ទាប់ពី​ការចរចា​យ៉ាង​តឹងតែង​ជាមួយ​អង់គ្លេស (​ថ្ងៃនោះ​ក្លាយជា​ទិវា​ឯករាជ្យ​ជាតិ របស់ ម៉ា​ល់ត៍ )​។​

​រដ្ឋ​ធម្ម​នុ​ញ្ញា​របស់​ម៉ា​ល់ត៍ នា​ឆ្នាំ​១៩៦៤ នោះ ម៉ា​ល់ត៍ នៅតែ​ទទួលយក​ព្រះមហា​ក្សត្រិយានី អា​លីហ្សា​ប៊ែ​ត នៃ​ចក្រភព​អង់គ្លេស ជា​មហាក្សត្រិយ​របស់ខ្លួន (​ម៉ា​ល់ត៍​) ដោយមាន​អគ្គ​ទេ​សា ភិ​បាល​អង់គ្លេស ជា​ប្រមុខរដ្ឋ​ម៉ា​ល់ត៍ ។​

​គណបក្ស​ពលកម្ម​ម៉ា​ល់ត៍ ដឹកនាំ​ដោយ​លោក ដូ​ម មីន​តូ​ហ្វ ដែលជា​គណបក្ស​ដ៏​ធំ​លំដាប់​ទី​២ បន្ទាប់ពី​គណបក្ស​អ្នក​ជាតិនិយម​ម៉ា​ល់ត៍ មិន​ស្កប់ស្កល់​នឹង​លទ្ធផល​នេះ​ទេ ព្រោះ​គណបក្ស​នេះ ត្រូវការ​ម៉ា​ល់ត៍ ជា​រដ្ឋ​ឯករាជ្យ​ដាច់ដោយឡែក ពី​អង់គ្លេស គឺ​មិនមែន​ត្រឹមតែ​ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​នៅក្រោម​អំណាច​របស់​អង់គ្លេស ដដែល​ដូច្នេះ​ឡើយ ។ ដូច្នេះ គណបក្ស ពលកម្ម​ម៉ា​ល់ត៍ សុខចិត្ត នៅ​ជា​បក្សប្រឆាំង តទៅទៀត ។​

សាធារណរដ្ឋម៉ា​លត៍ បង្កើតឡើង​
ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៦៦ គណបក្ស​ពលកម្ម​ម៉ា​ល់ត៍ បាន​កើន​សំឡេងឆ្នោត​ប៉ុន្តែ​មិន​គ្រប់គ្រាន់ ក្នុង​ការបង្កើត​រដ្ឋាភិបាល​ឡើយ​។ គេ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ​១៩៧១ ទើប​គណបក្ស​ពលកម្ម ម៉ា​ល់ត៍ ដឹកនាំ​ដោយ​លោក ដូ​ម មីន​តូ​ហ្វ បានឈ្នះ​នូវ​ការបោះឆ្នោត​សកល​។ គណបក្ស ពលកម្ម​ម៉ា​ល់ត៍ ក៏បាន​ប្រកាស​បង្កើត​ម៉ា​ល់ត៍ ទៅជា​សាធារណរដ្ឋ​ម៉ា​លត៍ នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​១៩៧៤ ដោយមាន​លោក អាន​តូ​នី ម៉ា​ម៉ូ ជា​ប្រធានា ធិបតី និង​លោក ដូ​ម មីន​តូ​ហ្វ​ជានា​យក រដ្ឋមន្ត្រី ។​

​ម៉ា​ល់ត៍ បាន​ក្លាយជា​សាធារណរដ្ឋ ចាប់ពី​នោះមក ហើយ​បានប្រកាស​ជា​រដ្ឋ​អព្យាក្រឹត ។ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ម៉ា​លត៍ ប្រារព្ធ​ទិវា​សាធារណរដ្ឋ ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​នោះ ឯង​ហោង ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ​មេសា​

លោក ដូ​ម មីន​តូ​ហ្វ ជា​បុព្វការី​ដ៏​សំខាន់​ម្នាក់​ដើម្បី​ប្រកាស​ម៉ា់​លត៍ ជា​សាធារណរដ្ឋ (​ដូ​ម មីន​តូ​ហ្វ​)
ទីក្រុង វ៉ា​ឡែ​ត នៃ សាធារណរដ្ឋ ម៉ា​ល់ត៍ (​វ៉ា​ឡែ​ត​)