ទិវា​សាធារណរដ្ឋ អ៊ីតាលី​

906
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អ៊ីតាលី ប្រារព្ធ​ទិវា​សាធារណរដ្ឋ​របស់​ពួកគេ នៅ​ថ្ងៃទី​២ ខែមិថុនា ចាប់ពី​ឆ្នាំ​១៩៧៧ មក ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​បោះឆ្នោត ប្រជាមតិ កាលពី​ឆ្នាំ​១៩៤៦ លប់បំបាត់​របបរាជានិយម ហើយ​បង្កើតបានជា​របប សាធារណរដ្ឋ និយម​រហូតមកដល់​សព្វថ្ងៃ ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​អ៊ីតាលី មាន​ផ្ទៃដី ៣០១.៣៣៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​អឺរ៉ុប​ខាងត្បូង មាន​ព្រំដែន​ជាប់​នឹង​ប្រទេស បារាំង ស្វ៊ី​ស អូទ្រីស និង​ប្រទេស​ស្លូ​វេ​នី ។ ឆ្នាំ​២០១៩ មាន​ប្រជា ពលរដ្ឋ ជិត​៦០ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​គ្រិស្ត រ៉ូ​ម៉ាំង កាតូលិក ភាសាផ្លូវការ គឺ​ភាសា​អ៊ីតាលី រដ្ឋធានី គឺ​ទីក្រុង​រ៉ូម​ដែលជា​រាជា​ធានី​របស់​អតីត ចក្រភព​រ៉ូ​ម៉ាំង ដ៏​មហស្ចារ្យ​ហើយ​ទីក្រុង​រ៉ូម នៅតែ​ជាទី​ក្រុង​កណ្តាល​នៃ​គ្រិស្តសាសនា ពិភពលោក ។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី គឺជា​ក្រុម​ដ៏​ជោគជ័យ​បំផុត​មួយ នៅក្នុង​ប្រវត្តិ បាល់ទាត់​ពិភពលោក របស់ FIFA ដោយ​បានឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភព លោក​បួន​លើក​គឺ​៖ ឆ្នាំ ១៩៣៤ នៅ​ប្រទេស​ខ្លួនឯង អ៊ីតាលី ឈ្នះ ឆេ​កូ​ស្លូ​វ៉ា​គី ២-១ ។ ឆ្នាំ ១៩៣៨ នៅ​ប្រទេស បារាំង អ៊ីតាលី ឈ្នះ ហុង​គ្រី ៤-២ ។ ឆ្នាំ ១៩៨២ នៅ​ប្រទេស អេ​ស្ប៉ា​ញ អ៊ីតាលី ឈ្នះ អាល្លឺម៉ង់ (​ខាងលិច​) ៣-១ និង ឆ្នាំ ២០០៦ នៅ​ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី​ឈ្នះ បារាំង ៥- ៣ ។ បាល់ទាត់ SERIE A របស់ អ៊ីតាលី ជាលី​ក​ដ៏​មាន​ប្រជាប្រិយ បំផុត​មួយ របស់​ពិភពលោក ។​

​ប្រវត្តិសាស្ត្រ​
​នៅ​ដំណាក់កាល​ចុងក្រោយ នៃ​សង្គ្រាមលោកលើកទី​២ ស្តេច វិចទ័រ អេ​ម៉ា​នូ​អែល ទី ៣ បាន​ព្យាយាម​ស្រោច ស្រង់​រាជានិយម ដោយ​ប្រការ​ផ្សេងៗ ហើយ​បាន​សន្យាថា​នៅពេល ចប់​សង្គ្រាម (​លោក​លើក​ទី​២)​ប្រជាពលរដ្ឋ​អ៊ីតាលី​អាច​ជ្រើសរើស​ទម្រង់​រដ្ឋាភិបាល របស់ខ្លួន តាមរយៈ​ប្រជាមតិ​។ នៅ​ឆ្នាំ​១៩៤៥ កងទ័ព​សម្ព័ន្ធមិត្ត​បាន​រុលទៅមុខ​ហើយ ដោយ មាន​ការជួយ​គាំទ្រ​ពី​សំណាក់​ចលនា​តស៊ូ របស់​អ៊ីតាលី​ផង​ក៏បាន​ផ្តួលរំលំ​របប សាធារណរដ្ឋ សង្គម​ហ្វា​ស៊ី​ស នៅ​អ៊ីតាលី របស់​បេ​និ​តូ មូ​ស្សូ​លិ​នី និង​រដ្ឋ​អាយ៉ង​ផ្សេង ទៀត ដែល​តែងតាំង​ដោយ ណា​ហ្ស៊ី អាល្លឺម៉ង់ ។​

​បន្ទាប់ពី​បាន​ចាញ់​សង្គ្រាមលោកលើកទី​២ មក អ៊ីតាលី​បានក្លាយ​ជា​ប្រទេស​ដ៏​ខ្ទេចខ្ទាំ យ៉ាង​ជ្រាលជ្រៅ ជាមួយនឹង​ជនរងគ្រោះ​ដ៏​ច្រើន​ឥត​គណនា ហើយ​សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវបាន​បំផ្លាញ ។ ការ​ចាញ់​សង្គ្រាម បានធ្វើឱ្យ អ៊ីតាលី ដែល​ធ្លាប់តែ​ជា​អាណាចក្រ​ដ៏​មហិមា ជាង ២០ ទសវត្សរ៍​មកហើយ​នោះ ក្លាយជា​ប្រទេស ដែល​ត្រួតត្រា​ដោយ​យោធា​បរទេស បែកបាក់​ផ្ទៃក្នុង ប្រទេស​ត្រូវបាន​ហែកហួរ ដោយ​សង្គ្រាមស៊ីវិល នៅតែ​បន្ត​អូសបន្លាយ ។​

​ស្តេច វិចទ័រ អេ​ម៉ា​នូ​អែល ទី​៣ បានដាក់​រាជ្យ​ជា​ផ្លូវការ នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩៤៦ ។ បន្ទាប់ពី​បាន​ជួបពិភាក្សា យ៉ាងយូរ​ជាមួយ​ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី​២ នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​១៩៤៦ ដដែល​នោះ អតីត​ព្រះរាជា វិចទ័រ អេ​ម៉ា​នូ​អែល ទី​៣​បាន​ចាក​ចេញពី ប្រទេស​អ៊ីតាលី របស់​ព្រះអង្គ តាម​កប៉ាល់ ទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ព​(​សោយ​ទិវង្គត នៅ​ទីនោះ​នៅ​ឆ្នាំ ១៩៤៧) ។

​ស្អែក​ឡើង គឺ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៤៦ បុត្រា​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ អ៊ុម​ប៊ែ​រ៍​តូ ទី​២ (​ដែល​ពេលនោះ នៅ​ជា​នាយ​ឧ​ត្ត​ម​សេនីយ៍​ទោ​) បាន​ឡើង​សោយរាជ្យ បន្ត​។ អ៊ុម​ប៊ែ​រ៍​តូ ទី​២ មាន​ប្រជាប្រិយភាព​គួរសម ចំពោះ​ប្រជាជន​អ៊ីតាលី ។​

​នាពេលនោះ ប្រទេស​អ៊ីតាលី មាន​ចលនា​ធំៗ បី គឺ​ចលនា​រាជានិយម ១​ចលនា​ហ្វា​ស៊ី​ស និយម ១ និង​ចលនា​ពួក​សាធារណ​រដ្ឋនិយម ១ ហើយ​គណបក្ស នយោបាយ​ដែល លេចធ្លោរ​ជាងគេ មាន​បី​គឺ​៖ គណបក្ស​ប្រជាធិបតេយ្យ អ្នក​គ្រិស្ត​និយម (DC) គណបក្ស អ្នក​សង្គមនិយម អ៊ីតាលី (PSI) និង គណ​បក្សកុម្មុយនិស្ត​និយម អ៊ីតាលី (PCI) ។​

​នៅ​ភាគ​ខាងជើង នៃ​ប្រទេស​អ៊ីតាលី ពួក​អ្នករាជានិយម បាន​រង​ការវាយប្រហារ​យ៉ាង ខ្លាំងក្លា​ឥត​សំចៃ ពី​សំណាក់​ពួក​អ្នក​សាធារណ​រដ្ឋនិយម និង ពួក​អ្នក​ហ្វា​ស៊ី ។​

​ប្រជាមតិ​-​បង្កើត​សាធារណរដ្ឋ​
​ពេលនោះ ចំណោទ​ធំ​បំផុត គឺថា ប្រមុខរដ្ឋ គប្បី​ជា​អ្នក​ចេញពី​រាជវង្ស ឬ ក៏​ជា​អ្នក​ដែល ត្រូវបាន​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​? ឆ្លើយតប​នឹង​ប្រស្នា​ខាងដើម​នេះ រាជក្រឹត្យ មួយ របស់ ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី​២ បាន​កំណត់ថា សភាធម្មនុញ្ញ​មួយ គួរតែ​ត្រូវបាន​រៀបចំឡើង ដើម្បី​ព្រាង​ទម្រង់​រដ្ឋធម្មនុញ្ញ​សម្រាប់​ជាតិ ។ គណបក្សនយោបាយ​ដែលជា​គូបដិបក្ខ ទាំងឡាយ​បាន​ព្រមព្រៀងគ្នា​ថា “ ប្រជាមតិ​មួយ​គប្បី​ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្រេច អំពី​អនាគត នៃ ជម្រើស ប្រមុខរដ្ឋ “ ។​

​ការពិភាក្សាគ្នា ត្រូវបាន​ព​ន្លឿ​ន នៅក្នុង​ឆ្នាំ​១៩៤៦ ដោយ​ក្នុងនោះ នៅ​ថ្ងៃទី​១ ខែមីនា រដ្ឋាភិបាល​របស់លោក អាល​ស៊ីដ ដឺ ហ្កា​ស្ប៉េ​រិ បានអនុម័ត​ឱ្យធ្វើ​ប្រជាមតិ​រវាង សាធារណ រដ្ឋនិយម និង​រាជានិយម ។ លុះដល់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​១៩៤៦ រដ្ឋាភិបាល បានប្រកាស​ឱ្យ​អ្នកបោះឆ្នោត​ទាំងអស់ ចេញទៅ​បោះឆ្នោត​ប្រជាមតិ នៅ​ថ្ងៃទី​២ ខែមិថុនា និង បោះឆ្នោត​បង្កើត​សភាតំណាងរាស្ត្រ នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៤៦ ។ គឺ​ការបោះឆ្នោត​នោះឯង​ហើយ ដែល​បាន​លប់បំបាត់​របបរាជានិយម​រហូតមកដល់ សព្វថ្ងៃ ហើយ​ថ្ងៃទី​២ ខែឧសភា ក៏បាន​ក្លាយជា ទិវា​ជាតិ របស់​អ៊ីតាលី​រហូតមកដល់ សព្វថ្ងៃ​នេះដែរ ។​

​កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​១៩៤៦ គណបក្ស​ប្រជាធិបតេយ្យ អ្នក​គ្រិស្ត​និយម​បាន បង្ហាញថា បន្ទាប់ពី​ការស្ទង់មតិ​ផ្ទៃក្នុង​មក សមាជិក​បក្ស ៦០ ភាគរយ​គាំទ្រ​សាធារណរដ្ឋ និយម ១៧ ភាគរយ គាំទ្រ​រាជានិយម ហើយ ២៣ ភាគរយ អនុប្បវាទ​។​

​នៅ​ថ្ងៃទី​១០ មិថុនា គេ​បានដឹង​លទ្ធផល នៃ​ការបោះឆ្នោត កាលពី​ថ្ងៃទី​២ ខែ មិថុនា និង ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​១៩៤៦ គឺ​ពួក​អ្នក​សាធារណរដ្ឋ បានឈ្នះ​សំលេង​ភាគច្រើន នៅ​តំបន់​ភាគ​ខាងជើង ចំណែក​ភាគខាងត្បូង ពួក​អ្នក រាជានិយម បានឈ្នះ​ភាគច្រើន ។ សម្រេច​សម្រួច​ទៅ ពួក​អ្នក​សាធារណរដ្ឋ ជា​អ្នកទទួលបាន​ជោគជ័យ ប៉ុន្តែ​តុលាការ បាន​ពន្យារពេល​ទុក​រហូតដល់​ថ្ងៃទី​១៨ ខែមិថុនា ។

​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កុប្បកម្ម​នយោបាយ​ធ្ងន់ធ្ងរ ដោយសារតែ​ការពន្យារពេល របស់​តុលាការ​នោះ នៅ​ថ្ងៃទី​១៣ ខែមិថុនា រដ្ឋាភិបាល​របស់លោក ដឺ ហ្កា​ស្ប៉េ​រិ បាន​ចេញមក​ប្រកាស​ដោយ​ខ្លួនឯង ដោយ​មិន​ត្រឹមត្រូវ តាមច្បាប់​រដ្ឋធម្មនុញ្ញ​ថា សាធារណរដ្ឋ ទទួលជោគជ័យ ហើយ​បានប្រកាស​តែងតាំង​លោក ដឺ ហ្កា​ស្ប៉េ​រិ ជា​ប្រមុខរដ្ឋ​បណ្តោះអាសន្ន​។ នោះ​ជា​ពេលដែល របបរាជានិយម នៅ​ប្រទេស​អ៊ីតាលី ត្រូវបាន​លប់បំបាត់ ។​

​ធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ថ្មី ត្រូវបាន​ចេញផ្សាយ ជាមួយ​ការចាត់ចែង​យ៉ាង​លម្អៀង​មួយ ចំនួន ដែល​ក្នុងនោះ មាត្រា​ទី​១៣ ដាក់​បញ្ញត្តិ​ថា បុរស​ទាំងឡាយ​ដែលជា​សមាជិក នៃ​វិមាន Savoy (​គឺជា​វិមាន​សម្រាប់​រាជវង្សានុវង្ស​) ត្រូវតែ​និរទេស​ខ្លួន​ជា​អចិន្ត្រៃយ៍​។ ស្តេច អ៊ុម​ប៊ែ​រ៍​តូ ទី​២ ដែល​ទើបតែ​ឡើង​សោយរាជ្យ បាន​ប្រហែលជា​មួយខែ​បាន​ត្រូវ និរទេស ទៅ​គង់នៅ​ប្រទេស​ព័រទុយហ្កាល់ (​បញ្ញត្តិ​នេះ លប់ចោល​នៅ​ឆ្នាំ​២០០២)​។​

​សភាតំណាងរាស្ត្រ បាន​ចូលធ្វើការ ចាប់ពី​ចន្លោះ​ខែមិថុនា ឆ្នាំ​១៩៤៦ និង​ខែមករា ឆ្នាំ ១៩៤៨ ហើយ​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ​អ៊ីតាលី ដែល​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ១៩៤៨ ៕

#