ទិវា​សាធារណៈ នៃប្រទេស​ប៉ា​គី​ស្ថាន​

1021

(​ភ្នំពេញ)៖ រដ្ឋ​អ៊ិ​ស្លាម ប៉ា​គី​ស្ថាន ប្រារព្ធ ទិវា​សាធារណៈ របស់ខ្លួន​ដើម្បី​រំឭក​ដល់ បដិវត្តន៍ ឬ សេច​ក្ត​ប្រកាស នៅ​ទីក្រុង ឡា​ហ័​រ ដែល ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា បដិវត្តន៍ ប៉ា​គី​ស្ថាន គឺជា​សេចក្តីថ្លែងការណ៍​នយោបាយ​ផ្លូវការ ដែល​អនុម័ត​ដោយ គណបក្ស សម្ព័ន្ធ​មូស្លីម ឥណ្ឌា ក្នុងឱកាស​ជួបជុំ​មហាជន​រយៈពេល​បី​ថ្ងៃ​គឺ​នៅ​ថ្ងៃ ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ ដើម្បី​ទាមទារ​រក​ការបង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ​ចេញពី​ប្រទេស​ឥណ្ឌា ។​

​ភូមិសាស្ត្រ​-​ប្រវត្តិសាស្ត្រ​
​សាធារណរដ្ឋ អ៊ិ​ស្លាម ប៉ា​គី​ស្ថាន មាន​ផ្ទៃដី ៧៩៦.០៩៥ ម៉ែត្រក្រឡា ស្ថិតនៅក្នុង​តំបន់ អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ ជាង ២០០ លាន​នាក់ ៩៥ ភាគរយ​ជា​អ្នក​កាន់ សាសនា អ៊ិ​ស្លាម មាន​ឆ្នេរ​សមុទ្ទ ១.០៤៦ គីឡូម៉ែត្រ មាន​ព្រំប្រទល់​ជាប់​នឹង​សមុទ្ទ​អារ៉ាប់ និង ឈូង​ស​មុ​ទ្ធ អូ​ម៉​ង់ ឥណ្ឌា អា​ហ្វ​កា​នី​ស្ថាន អ៊ីរ៉ង់ និង ចិន ភាសាផ្លូវការ​គឺ ភាសា អ៊ូ​ឌូ ( ភាសា​អង់គ្លេស ក៏​ប្រើ​ច្រើន​ណាស់ដែរ ) រដ្ឋធានី​គឺ​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ ហើយ​ប៉ា​គី​ស្ថាន ជា​ទឹកដី​មរតក​វប្បធម៌​បុរាណ​យ៉ាង​សម្បូរបែប ។ យោធា​របស់​ប៉ា​គី​ស្ថាន​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​អតីត​សហភាពសូវៀត ដូច្នេះ​សព្វាវុធ និង យោធា​របស់​ប៉ា​គី​ស្ថាន​ក៏មាន​ឥទ្ធិពល​ខ្លាំងក្លា ណាស់ដែរ ។

​ប្រវត្តិសាស្ត្រ​
​តាំងពី​បុរាណ​រហូតដល់​ដើម​សតវត្សរ៍​ទី ២០ ប្រទេស​ឥណ្ឌា​លើកតម្កើង​តែ​សាសនា​ព្រហ្មញ្ញ និង ហិណ្ឌូ បើទោះជា​មាន​សាសនា​ដទៃ​ក៏មាន​អ្នកគាំទ្រ​ច្រើន​ដែរ​ដូចជា​សាសនា​អ៊ិ​ស្លាម និង ពុទ្ធសាសនា​ជាដើម ។ ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ឬ ពួក​ជន​មូស្លីម នៅ​ភាគ​ពាយ័ព្យ នៃ ប្រទេស​ឥណ្ឌា​មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​ពុំ​សូវ​ត្រូវបាន​គេ​ផ្តល់​សិទ្ធិសេរីភាព​ឡើយ ព្រោះ​អ្នកកាន់អំណាច​សំខាន់ៗ​គឺជា​ជន​ហិណ្ឌូ ។​

​នៅ​ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ១៩០៦ មាន​គណបក្សនយោបាយ​មួយ​របស់​ពួក​មូស្លីម ឈ្មោះថា គណៈបក្ស សម្ព័ន្ធ មូ​ស្ល៊ី​ម ឥណ្ឌា ទាំងអស់ ( All India Muslim League ) ប៉ុន្តែ​វា​គ្រាន់តែ​ជា​គណបក្សនយោបាយ​ដ៏​ទន់ខ្សោយ​មួយ ហើយ​បាន​ចាញ់​ដាច់​ក្នុងការ បោះឆ្នោត​សកល​នៅ​ឥណ្ឌា នា​ឆ្នាំ ១៩៣៦ ។ ក្នុង​កិច្ចប្រឹងប្រែង​ស្វែងរក​ការគាំទ្រ​ពី​ជន មូស្លីម​ឥណ្ឌា នៅ​ខែ តុលា ឆ្នាំ ១៩៣៧ មេបក្ស All India Muslim League លោក Muhammad Ali Jinnah បាន​អញ្ជើញ​មេដឹកនាំ​មូស្លីម​ដ៏​មាន​ឥទ្ធិពល​មួយចំនួន​ទៅ​ចូលរួម ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង Lucknow ដែល​ក្នុងនោះ​មាន​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត់ ខាន់ នាយករដ្ឋមន្ត្រី​ខេត្ត ពុន​ចាប ( ជាទី​ក្រុង​ធំ​លំដាប់​ទី ពីរ របស់​ប្រទេស ប៉ា​គី​ស្ថាន បន្ទាប់ពី​ទីក្រុង អ៊ិ​ស្លា​ម៉ា​បាដ​) និង ជា​ប្រធាន​គណបក្ស​អ្នក​សហភាព ពុន​ចាប់ ផង ។​

​ពីដំបូង​ពួក​មេដឹកនាំ​មូស្លីម​ដ៏​មាន​ឥទ្ធិពល​ទាំងនោះ​មិន​ព្រម​គាំទ្រ​លោក Jinnah ឡើយ ។ ប៉ុន្តែ​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត់ យល់ថា វា​ពិតជា​អាក្រក់​ណាស់​ប្រសិនបើ​ជន​មូស្លីម មិន​រួបរួមគ្នា ។ គាត់​ក៏បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​មូស្លីម​ធំៗ​ដទៃទៀត​ឱ្យចូល​រួមជាមួយ​គាត់ ដោយ​លើក​ហេតុផល​ថា “​ឥឡូវនេះ​ដល់ពេល​ដែល​ជន​មូស្លីម​ត្រូវ​រួបរួមគ្នា​ដើម្បី​ទទួលបាន សិទ្ធិ​របស់ខ្លួន​ហើយ “ ។

​គណបក្ស Unionist Party របស់លោក​ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ បានធ្វើ​យុទ្ធនា​ការរក​សំឡេង ឆ្នោត​នៅក្នុង​ខេត្ត ពុន​ចាប់ ហើយ​បានផ្តល់​ការគាំទ្រ​ទៅឱ្យ​លោក Muhammad Ali Jinnah (​ជា​ស្ថាបនិក​ប៉ា​គី​ស្ថាន ប៉ុន្តែ​កាលណោះ​គាត់​គឺជា​មេធាវី និង ក៏​ជា​អ្នកនយោបាយ​ផងដែរ​) ។ ជាមួយនឹង​ការគាំទ្រ របស់​ពួក​មេដឹកនាំ​មូស្លីម​ទាំងឡាយ មាន​លោក ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ ជាដើម​នោះ បាន​ជំរុញ​ឱ្យ​លោក មូ​ហា​ម៉ា​ដ ហ្សា​ហ្វា​រូ​ឡា​ហ ខាន់ ប្រធាន​ក្រុមប្រឹក្សា​ច្បាប់ នៅ​ខេត្ត ពុន​ចាប់ គាំទ្រ​ដែរ ហើយ​ជា​លទ្ធផល​នាំឱ្យមាន​ក​ត្តិ​កា​សញ្ញា​មួយ​ឈ្មោះថា Sikander-Jinnah ដែល​នោះ​គឺជា​ការគាំទ្រ​ចំពោះ​គណ​សម្ព័ន្ធ​មូស្លីម​ឥណ្ឌា នោះឯង ។​

​សូមបញ្ជាក់ថា រហូតមកដល់​តំណាក់កាល​នេះ​មិនទាន់​រដ្ឋ​មួយ​ឈ្មោះថា ប៉ា​គី​ស្ថាន​នៅឡើយ​ទេ ហើយ​ពួក​ជន​មូស្លីម ដែល​ក្រោយមក​ក្លាយជា​ម្ចាស់​រដ្ឋ ប៉ា​គី​ស្ថាន បច្ចុប្បន្ននេះ កាលណោះ គឺជា​ពលរដ្ឋ​ផ្នែក​មួយ​របស់ ឥណ្ឌា ។

​ពេលនោះ​ប្រទេស​ឥណ្ឌា​ស្ថិតនៅក្រោម​ការ​ត្រួ​ត្រា​របស់​ចក្រភព​អង់គ្លេស ។ នៅពេល​សង្គ្រាម លោក​លើក​ទី ២ ផ្ទុះឡើង នាយករដ្ឋមន្ត្រី​អង់គ្លេស លោក វីន​ស្តុ​ន ឈឺ​ឈី​ល បាន​ស្នើសុំ​ការជួយ គាំទ្រ​ពី​ឥណ្ឌា ប៉ុន្តែ​គណបក្សនយោបាយ​ទាំងអស់​របស់​ឥណ្ឌា​មិន​គាំទ្រ​ឡើយ ព្រោះ​ពួកគេ កំពុងតែ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​អាណានិគម​អង់គ្លេស ទៅលើ​ប្រជាជន ឥណ្ឌា ហើយ​ពួកគេ ចាត់ទុក​អង់គ្លេស​ជា​ជន​ជិះជាន់ ពលរដ្ឋ ឥណ្ឌា ។ ផ្ទុយទៅវិញ លោក ស៊ី​កាន់​ដា បាន​ជួយ និង គាំទ្រ សំណើ​របស់លោក វីន​ស្តុ​ន ឈឺ​ឈី​ល ។ ពេលនោះ​ចក្រភព​អង់គ្លេស​បាន​សន្យាថា​នឹង​ផ្តល់ អំណាច​ត្រួតត្រា​ទៅឱ្យ​ឥណ្ឌា​នៅពេល​ចប់​សង្គ្រាម ។​

​តាមពិតទៅ លោក ស៊ី​កាន់​ដា មិនបាន​គិតថា​ចង់ឱ្យ​មានការ​បំបែក ឬ ការ​ផ្តាច់ខ្លួន នៃ ខេត្ត ពុន​ចាប ជាទី​ស្រលាញ់​របស់គាត់​ចេញពី​ឥណ្ឌា​ឡើយ ដូច្នេះ នៅពេលដែល​គាត់​ដឹងថា មានការ ប៉ុនប៉ង​បំបែក​ខេត្ត​ពុន​ចាប គាត់​បាន​បដិសេធ​ទាំងស្រុង ។ ប៉ុន្តែ​ពេលនោះ​ទំនាស់ នានា ជាពិសេស​បញ្ហា​សាសនា​រវាង​ពួក​អ្នក ហិណ្ឌូ ដ៏​មាន​សិទ្ធិអំណាច និង ជន​មូស្លីម​ដែល​គេ មិនសូវ ផ្តល់​សេរីភាព​ឱ្យ បាន​ឡើង​កំដៅ​ខ្លាំង​ទៅៗ​រហូតដល់​មាន​អំពើហិង្សា​ជាច្រើន បង្កើតបានជា​ភាពចលាចល​ពាសពេញ​តំបន់​មាន​ជាអាទិ៍​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​កាន់ សាសនា​ទាំងពីរ​នោះ​នៅ​តំបន់ ខា​សា ជាដើម ។​

​ស្ថិតក្នុង​សភាព​ច្របូកច្របល់​កោលាហល​បែប​នោះ ពួកគេ​ក៏បាន​សម្រេចចិត្តថា លោក A. K. Fazlul Huq (​នាយករដ្ឋមន្ត្រី​តំបន់ បេង​ហ្កា​ល់ ) ជា​អ្នក​បង្ហាញ​នូវ​ដំណោះស្រាយ ។ ខ្លឹមសារ នៃ អត្ថបទ​នៅក្នុង​ដំណោះស្រាយ​របស់ លោក A. K. Fazlul Huq នោះ បាន​បដិសេធ​យ៉ាង​ឯកច្ឆន្ទ និង យ៉ាង​ដាច់អហង្កា នូវ​គំនិត ឥណ្ឌា​រួបរួម នៅលើ​ទឹកដី​ដែល​កំពុង មានទំនាស់​អំពើហិង្សា​ថ្នាក់​តំបន់​នោះ​ពោលគឺ​ពួក​មូស្លីម​មិន​ព្រម​នៅ​រួបរួម​ជា​រដ្ឋ​ឥណ្ឌា​តែមួយ ជាមួយនឹង​ពួក​ហិណ្ឌូ​ឡើយ ហើយ​បានស្នើ​រក​ការបង្កើត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ ។ សំណើ​នេះ ទទួលបាន​ការគាំទ្រ​ពី​មេដឹកនាំ​សំខាន់​នៅ ខេត្ត ពុន​ចាប និង ខេត្ត​ភាគ​ពាយ័ព្យ​នោះ ។

​ស្វែងរក​ការបង្កើត​រដ្ឋ​មូស្លីម​
​ពួក​ជន​មូស្លីម ឥណ្ឌា បាន​ជួបជុំគ្នា​ពីថ្ងៃ​ទី ២២-២៤ ខែ មីនា ឆ្នាំ ១៩៤០ នៅឯ​ឩ​ទ្យា​ន Iqbal នាទី​ក្រុ ឡា​ហ័​រ ខេត្ត ពុន​ចាប​ហើយ​ចេញ​សេចក្តីប្រកាស​មិន​ទទួលយក​ធម្មនុញ្ញ​រប​ស់​ឥណ្ឌា ដែលមាន​ទំនោរ​ទៅរក​ហិណ្ឌូ គឺមាន​អត្ថន័យ​ស្របគ្នា​នឹង​សេចក្តីប្រកាស​របស់ លោក A. K. Fazlul Huq ដូចដែល​បានលើកឡើង​ខាងលើ​ដែរ ។

​បន្ថែម​ពីលើ​នោះ នាយករដ្ឋមន្ត្រី ស៊ី​កាន់​ដា ហា​យ៉ា​ត ខាន់ នៃ ខេត្ត ពុន​ចាប់ បាន​រៀបរាប់​នូវ ស្ថានភាព​ពាក់ព័ន្ធ​ទាំងឡាយ​ថា “ បញ្ហា​របស់ D.G. Khan (​គឺជា​ទីក្រុង​ភូមិសាស្ត្រ​កណ្តាល របស់​ប៉ា​គី​ស្ថាន នៅ​ចំ​ទី​ប្រសប់ និង គឺជា​ការិយាល័យ​កណ្តាល នៃ ខេត្ត​ទាំង​បួន​របស់​ប៉ា​គី​ស្ថាន ដែល​កំពុងមាន​ភាពច្របូកច្របល់​រវាង​ពួក​ហិណ្ឌូ និង មូស្លីម ឥណ្ឌា ។ ទីក្រុង​នោះ​ល្បីល្បាញ ថា​មាន​រ៉ែ អ៊ុ​រ​រ៉ានី​ញ៉ូ​ម ដែល​គេ​អាច​ប្រើ​សម្រាប់​ផលិត​អាវុធ​នុយ​គ្លី​អ៊ែរ ) មិនមាន​ជា​បញ្ហា របស់​តំបន់​ទេ ប៉ុន្តែ​ជាក់ស្តែង​វា​គឺជា​បញ្ហា​ជា​អន្តរជាតិ “ ។

​ប្រកាស​របស់ ប៉ា​គី​ស្ថាន​នៅក្នុង​សភា Sindh សភា Sindh គឺជា​សភា​ឥណ្ឌា​អង់គ្លេស ស្របច្បាប់ តែមួយគត់​ដើម្បី​អនុម័ត​សេចក្តីប្រកាស គាំទ្រ ប៉ា​គី​ស្ថាន ។ ពេលនោះ​លោក G. M. Syed ជា​សកម្មជន​ជាតិនិយម​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៃ ចលនា Jeay Sindhi ក៏បាន​ចូលរួម​នៅក្នុង​សភា​នោះដែរ ។ កត្តា​ជំរុញ​សំខាន់បំផុត​នោះ គឺជា​ការសន្យា នៃ “ សិទ្ធិ​ស្វ័យភាព និង អធិបតេយ្យភាព សម្រាប់ ស្ថាប័ន​នីតិបញ្ញត្តិ “ ។

​ប្រការនេះ​និយាយ​ដោយ​ចំ​ទៅ​គឺ​ពួក​មូស្លីម​នៅ ឥណ្ឌា មានបំណង​ចង់​បំបែក​ចេញពី​ប្រទេស ឥណ្ឌា ដែលជា​មាតុប្រទេស​របស់​ពួកគេ ដោយ​គ្រាន់តែ​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ពួកគេ (​ជា​ជន​មូស្លីម​) និង ដើម្បី​ការពារ​សិទ្ធិ​របស់​ពួកគេ​តែប៉ុណ្ណោះ ពីព្រោះ​ពួកគេ​បាន​រង​ការ​មិនឱ្យ តម្លៃ​ពី​ពួក​ហិ​ណ្ឌ​ដែល​កំពុង​កាន់អំណាច​នៅ ឥណ្ឌា ។​ទីបំផុត​រដ្ឋ​មូស្លីម​ឯករាជ្យ​មួយ​ត្រូវបាន ប្រកាស​បង្កើតឡើង​ដោយ​កំណត់​យក​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ១៩៥៦ ឈ្មោះថា សាធារណរដ្ឋ ប៉ា​គី​ស្ថាន ហើយ​បានក្លាយ​សាធារណរដ្ឋ​ទីមួយ​របស់​ពិភព​អ៊ិ​ស្លាម ៕ ​ចងក្រង​ប្រែ​សម្រួល​: មេសា​

​លោក Muhammad Ali Jinnah មេបក្ស សម្ព័ន្ធ មូ​ស្ល៊ី​ម ឥណ្ឌា ទាំងអស់ (jinah)
ក្បួនព្យុហយាត្រា នៃ កងទ័ព​ប៉ា​គី​ស្ថាន (paki 1, kapi 2)
ក្បួនព្យុហយាត្រា នៃ កងទ័ព​ប៉ា​គី​ស្ថាន (paki 1, kapi 2)