ទិវា​សាធារណៈ នៃ​ប្រជាជាតិ​ឥណ្ឌា​

202

ភ្នំពេញ៖ ហេតុនេះ​រដ្ឋាភិបាល និង​ប្រជាជាតិ​ឥណ្ឌា ប្រារព្ធ​ទិវា​សាធារណៈ របស់​ពួកគេ ដើម្បី​សាទរ និង​រំលឹក​ដល់​ថ្ងៃ ដែល​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៥០ ហើយ​ក៏បាន​ក្លាយជា​ច្បាប់​គ្រប់គ្រង​រដ្ឋ តាំងពី​ពេលនោះ​មក​។​

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​ឥណ្ឌា មាន​ផ្ទៃដី ៣.២៨៧.២៦៣ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​តំបន់ អាស៊ី​ខាងត្បូង ជា​ប្រទេស​ធំ​លំដាប់​លេខ​៣ ក្នុង​លោក (​បន្ទាប់ពី ចិន និង​រុស្ស៊ី​) មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន ប៊ូ​តាន់ ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស ណេ​ប៉ាល់ មី​យ៉ាន់​ម៉ា ស្រីលង្កា ម៉ា​ល​ឌី​វ សមុទ្ទ​ឥណ្ឌា សមុទ្ទ​អារ៉ាប់ និង​ឈូងសមុទ្ទ បេង​ហ្កា​ល់ ។ ឥណ្ឌា ជា​ដែនដី​កំណើត​សាសនា​ធំៗ​ចំនួន​ពីរ​ក្នុង​លោក (​ព្រហ្មញ្ញ និង​ពុទ្ធសាសនា​) ក្នុងចំណោម​សាសនា​ធំ​បំផុត ទាំង​បួន (​គ្រិស្ត ឥស្លាម​) គឺ​ហិណ្ឌូ (​ព្រហ្មញ្ញ​) និង​ពុទ្ធសាសនា ដើមឆ្នាំ​២០១៨ មាន​ប្រជាពលរដ្ឋ​ជាង ១.៣៥៤ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​ហិណ្ឌូ ពុទ្ធសាសនា ឥស្លាម និង​គ្រិស្តសាសនា ភាសាផ្លូវការ​របស់​ប្រទេស គឺ​ភាសា​ឥណ្ឌា រដ្ឋធានី គឺ​ទីក្រុង​ញូ​វ​ដេលី​។ ឥណ្ឌា គឺជា​មហា​យក្ស​ទី​២ នៅ​អាស៊ី (​បន្ទាប់ពី ចិន​) ទាំង​ផ្នែក​ប្រទេស ចំនួន​មនុស្ស ទំហំ​សេដ្ឋកិច្ច កងទ័ព និង បច្ចេកវិជ្ជា ។​

​ប្រវត្តិសាស្ត្រ
​ក្រុមហ៊ុន​របស់​អង់គ្លេស ឈ្មោះ The English East India Company ( ឬ British East India Company ) បាន​ចូលទៅ​ធ្វើ​ពាណិជ្ជកម្ម នៅ​ភាគ​ខាងកើត នៃ​អាណាចក្រ​ឥណ្ឌា នៅ​ឆ្នាំ ១៦១១ ហើយ​បាន​បង្កើត និង​ពង្រីក​រោងចក្រ​របស់ខ្លួន ជា​បន្តបន្ទាប់ នៅ​ឆ្នេរ​សមុទ្ទ​ឥណ្ឌា ខាងកើត និង​ខាងត្បូង​។ កាលណោះ ក៏មាន​ក្រុមហ៊ុន​របស់ ព័រទុយហ្កាល់ ហុ​ល្លង់ បារាំង និង ដា​ណឺ​ម៉ាក បាន​បោះទីតាំង​បង្កើត​ពាណិជ្ជកម្ម​របស់​ខ្លួន នៅក្នុង​តំបន់​ទាំង​នោះដែរ ដែល​គេ​អាច​ស្រមៃ​ឃើញថា អាណាចក្រ​ឥណ្ឌា នា​សម័យ​កាលនោះ មមាញឹក ដោយ​ពាណិជ្ជកម្ម​ជាមួយ​ពួក​អឺរ៉ុប​។​

​ផលប្រយោជន៍​ពាណិជ្ជកម្ម បាន​នាំឱ្យមាន​សង្គ្រាម រវាង​ក្រុមហ៊ុន The English East India Company និង​ស្តេចត្រាញ់ ជា​ម្ចាស់​ទឹកដី ចាប់ពី​ឆ្នាំ ១៧៥៧ ហើយ The English East India Company បាន​ជោគជ័យ លើ​ម្ចាស់​ទឹកដី​ជា​បន្តបន្ទាប់​ទៀត ដូចជា សង្គ្រាម​នៅ​ឆ្នាំ ១៧៦៤ នៅ​ប៊ី​ហា​, សង្គ្រាម Anglo-Mysore ពី​ឆ្នាំ​១៧៦៦-១៧៩៩ និង​សង្គ្រាម Anglo-Maratha ពី​ឆ្នាំ ១៧៧២-១៨១៨ ធ្វើឱ្យ The English East India Company ពង្រីក​ដែនដី​ត្រួតត្រា​ធំ​ឡើងៗ គ្មាន​អំណាច​ម្ចាស់ ស្រុក​ណាមួយ អាច​គំរាមកំហែង​ឡើយ ។

​អាណាខេត្ត និង​ដែនដី​នានា ត្រូវបាន​បង្រួបបង្រួម ក្រោម​អំណាច​ត្រួតត្រា​របស់ The English East India Company ទាំងអស់ បន្ទាប់ពី​ក្រុមហ៊ុន​នេះ បានឈ្នះ​សង្គ្រាម Anglo-Sikh ពី​ឆ្នាំ ១៨៤៩-១៨៥៥ ។​
​ ​
​នៅ​ឆ្នាំ​១៨៥៧ មាន​ឧទ្ទាម​កម្ម បាន​ផ្ទុះឡើង​គ្រប់ទិសទី ប្រឆាំងនឹង​ការត្រួតត្រា របស់​ក្រុមហ៊ុន English East India Company ដែល​ត្រូវបាន​គេ​ហៅថា សង្គ្រាម​លើក​ទី​១ ដើម្បី​ឯករាជ្យ​ឥណ្ឌា​, មហា​ឧទ្ទាម​, ឧទ្ទាម​ឥណ្ឌា និង​បដិវត្តន៍ ១៨៥៧ ជាដើម ។

​ឧទ្ទាម​នេះ បានធ្វើឱ្យ​ក្រុមហ៊ុន English East India Company ឈានដល់​ដំណាក់កាល​ជិត​ដួលរលំ ។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក៏បាន​ចាប់ផ្តើម​ចូល​អន្តរាគមន៍ ដោយ​រៀប​គោលនយោបាយ ប្រព័ន្ធ រដ្ឋបាល និង​ហិរញ្ញវត្ថុ ចូលទៅ​គ្រប់គ្រង​ក្រុមហ៊ុន​នេះ ហើយ​ទីបំផុត​បាន​កម្ទេច​ពួក​បដិវត្តន៍​ឥណ្ឌា ចោល​ដោយ​ជោគជ័យ នៅ​ឆ្នាំ​១៨៥៨ ហើយ​ប្រទេស​ឥណ្ឌា ក៏បាន​ធ្លាក់​ក្រោម​ការត្រួតត្រា របស់​ចក្រភព​អង់គ្លេស ដោយមាន​ស្តេច​អង់គ្លេស ជា​ស្តេច​របស់ ឥណ្ឌា ទាំងស្រុង​ចាប់ពីពេលនោះ ។​

​ចលនា​ដើម្បី​ឯករាជ្យ​
​ប្រជាជន​ឥណ្ឌា តែងតែមាន​គំនិត​ចង់​រើបម្រះ ពី​ការត្រួតត្រា​របស់​អង់គ្លេស ជា​ដរាប ទីបំផុត បង្កើតបានជា​គណបក្ស​នយោបាយ​មួយ ឈ្មោះ Indian National Congress នៅ​ឆ្នាំ ១៨៨៥ ជា​បក្ស​ដ៏​ធំ និង ដំបូង​បំផុត ក្នុងការ​ទាមទារ រក​ឯករាជភាព​រប​ស់​ឥណ្ឌា ។​

​អាណានិគម​អង់គ្លេស បានធ្វើ​កំណែទម្រង់​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឥណ្ឌា ច្រើនឡើងៗ ទាមទារ​រក​សិទ្ធិ​ស្វ័យគ្រប់គ្រង ជាពិសេស​ការលេចឡើង​នូវ​ចលនា មិន​សហការ អហិង្សា ដឹកនាំ​ដោយ​លោក ម៉ូ​ហាន់​ដាស កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មៈ គ​ន្ធី ) នៅ​ឆ្នាំ ១០៣០ ។​

​ទីបំផុត នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​១៩៤៧ ឥណ្ឌា ទទួលបាន​ឯករាជ្យភាព​ពី​ចក្រភព​អង់គ្លេស តាមរយៈ​កិច្ចព្រមព្រៀង ផ្តល់​ឯករាជ្យភាព ឱ្យ​ឥណ្ឌា នា​ឆ្នាំ​១៩៤៧ ។ ប៉ុន្តែ​ក្នុង​ច្បាប់​នេះ អង់គ្លេស បាន​បែងចែក​ប្រទេស​ឥណ្ឌា ទៅជា​រដ្ឋ​ឯករាជ្យ ពីរ​ដាច់ដោយឡែក​ពីគ្នា គឺ ឥណ្ឌា និង ប៉ា​គី​ស្ថាន ។
​ឥណ្ឌា ទទួលបាន​ឯករាជ្យភាព ក៏ពិតមែន ប៉ុន្តែ​ក្នុងឋានៈ​ជា​ប្រទេស​រាជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយមាន​ស្តេច ច​ច ទី​៦ របស់​អង់គ្លេស ជា​ប្រមុខរដ្ឋ និង​អគ្គទេសាភិបាល​អង់គ្លេស​ម្នាក់ ។ នេះ​បានសេចក្តីថា ឥណ្ឌា ទទួលបាន​ឯករាជ្យភាព ប៉ុន្តែ​ឥណ្ឌា នៅ​មិនទាន់មាន​ច្បាប់រដ្ឋធម្មនុញ្ញ របស់ខ្លួន​នៅឡើយ គឺ​នៅតែ​ប្រើប្រាស់​ច្បាប់​ឆ្នាំ​១៩៣៥ ដែល​ត្រូវបាន​តាក់តែងឡើង ដើម្បី​បម្រើឱ្យ​ផល ប្រយោជន៍​អាណានិគម​អង់គ្លេស ជាជាង​ប្រជាពលរដ្ឋ​ឥណ្ឌា ។

​ដោយហេតុនេះ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​១៩៤៧ គណៈកម្មាធិការ​ពង្រាង​ច្បាប់​មួយ​ត្រូវបាន​បង្កើតឡើង ដើម្បី​ព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ​ឥណ្ឌា ។

​សេចក្តីព្រាងច្បាប់​មួយ ត្រូវបាន​ដាក់ជូន​រដ្ឋ​សភា អនុម័ត នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ ។ រដ្ឋសភា បាន​ជួបប្រជុំគ្នា ជា​បន្តបន្ទាប់ បើកចំហ​ជា​សាធារណៈ សម្រាប់​រយៈ ១៦៦ ថ្ងៃ ក៏​នៅតែ​មិនទាន់ ព្រមព្រៀងគ្នា ឈានដល់​ការអនុម័ត ទើប​អូសបន្លាយ​រហូតដល់ ពីរ ឆ្នាំ ១១​ខែ និង ១៨​ថ្ងៃ ទើប​ច្បាប់​នោះ ត្រូវបាន​អនុម័ត ។​

​បន្ទាប់ពី​ការសម្រេច និង​ការកែប្រែ​ជាច្រើន​មក សមាជិកសភា ៣០៨ រូប បាន​ចុះហត្ថលេខា​លើ ច្បាប់រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ឥណ្ឌា ដែល​សរសេរ​ជា​ពីរ​ភាសា (​ភាសា​ហិណ្ឌូ និង ភាសា​អង់គ្លេស​) ដែលជា​ច្បាប់​សេរ​សេរ​ដោយ​ដៃ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៥០​។ ពីរ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៥០ នោះ ច្បាប់​នេះ បាន​ចូល​ជា​ធរមាន​ទូទាំងប្រទេស ។​

​ចាប់ពីពេលនោះ​មក ឥណ្ឌា ប្រារព្ធ​ទិវា​សាធារណៈ​របស់ខ្លួន ដើម្បី​រំឭក និង​អបអរសាទរ​ដល់​ថ្ងៃ ដែល​ពួកគេ​មានច្បាប់​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន ដោយ​ប្រការ​ដូច្នោះ​ឯង​៕ ស្រាវជ្រាវ​ដោយ​: មេសា

ក្បួនព្យុហយាត្រា នៅ ទិវា​សាធារណៈ ឥណ្ឌា
ក្បួនព្យុហយាត្រា នៅ ទិវា​សាធារណៈ ឥណ្ឌា
ទីក្រុង ញូ ដេលី នៃ ប្រទេស​ឥណ្ឌា ( ញូ​ដេលី​)​