ទិវា​សាធារណៈ នៃ​ប្រជាជាតិ​ឥណ្ឌា​

172
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាជាតិ​ឥណ្ឌា ប្រារព្ធ​ទិវា​សាធារណៈ របស់​ពួកគេ នៅ​ថ្ងៃទី ២៦ មករា ដើម្បី​សាទរ និង​រំឭក​ដល់​ថ្ងៃ​ដែល​រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ពួកគេ​បាន​ចូល​ជា​ធរមាន កាលពី​ឆ្នាំ ១៩៥០ ហើយ​ក៏បាន​ក្លាយជា​ច្បាប់​គ្រប់គ្រង​រដ្ឋ​តាំងពី​ពេល​នោះមក ។​

ភូម​សាស្ត្រ​-​ប្រជាសាស្ត្រ​
សាធារណរដ្ឋ​ឥណ្ឌា មាន​ផ្ទៃដី ៣.២៨៧.២៦៣ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅ​តំបន់ អាស៊ី​ខាង ត្បូង ជា​ប្រទេស​ធំ​លំដាប់​លេខ ៣ ក្នុង​លោក (​បន្ទាប់ពី ចិន និង​រុស្ស៊ី​) មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ចិន ប៊ូ​តាន់ ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស ណេ​ប៉ាល់ មី​យ៉ាន់​ម៉ា ស្រីលង្កា ម៉ា​ល​ឌី​វ សមុទ្ទ ឥណ្ឌា សមុទ្ទ​អារ៉ាប់ និង​ឈូងសមុទ្ទ បេង​ហ្កា​ល់ ។ ឥណ្ឌា គឺជា​ដែនដី​កំណើត​សាសនា​ធំៗ​ចំនួន​ពីរ ក្នុង​លោក (​ព្រហ្មញ្ញ និង​ពុទ្ធសាសនា​) ក្នុងចំណោម​សាសនា​ធំ​បំផុត ទាំង​បួន (​គ្រិស្ត ឥស្លាម គឺ​ហិណ្ឌូ ឬ​ព្រហ្មញ្ញ និង​ពុទ្ធសាសនា​)​។ ដើមឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ ជាង ១.៣៧៤ លាន​នាក់ ( គឺជា​ចំនួន​ច្រើន​បំផុត​លំដាប់​លេខ ២ បន្ទាប់ពី ចិន ដែលមាន​ប្រជាជន ជាង ១.៤៣៧ លាន​នាក់ ) ភាគច្រើន ជា​អ្នក​កាន់សាសនា​ហិណ្ឌូ ពុទ្ធសាសនា ឥស្លាម និង​គ្រិស្ត សាសនា ភាសាផ្លូវការ គឺ​ភាសា​ឥណ្ឌា រដ្ឋធានី គឺ​ទីក្រុង​ញូ​វ​ដេលី ។​

​ប្រវត្តិសាស្ត្រ
ក្រុមហ៊ុន​របស់​អង់គ្លេស​ឈ្មោះ The English East India Company ( ឬ British East India Company ) បាន​ចូលទៅ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត នៃ អាណា ចក្រ ឥណ្ឌា នៅ​ឆ្នាំ ១៦១១ ហើយ​បាន​បង្កើត និង ពង្រីក​រោងចក្រ​របស់​ខ្លួន​ជា​បន្ត បន្ទាប់​នៅ​ឆ្នេរ​សមុទ្ទ ឥណ្ឌា ខាងកើត និង ខាងត្បូង ។ កាលណោះ​ក៏មាន​ក្រុមហ៊ុន របស់ ព័រទុយហ្កាល់ ហុ​ល្លង់ បារាំង និង ដា​ណឺ​ម៉ាក បាន​បោះទីតាំង​បង្កើត​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅក្នុង​តំបន់​ទាំង​នោះដែរ ដែល​គេ​អាច​ស្រមៃ ឃើញថា អាណាចក្រ ឥណ្ឌា នា​សម័យ​កាលនោះ មមាញឹក​ដោយ​ពាណិជ្ជកម្ម​ជាមួយ ពួក​អឺរ៉ុប​។​

​ផលប្រយោជន៍​ពាណិជ្ជកម្ម បាន​នាំអោយមាន​សង្គ្រាម​រវាង​ក្រុមហ៊ុន The English East India Company និង ស្តេចត្រាញ់ ជា​ម្ចាស់​ទឹកដី​ចាប់ពី​ឆ្នាំ ១៧៥៧ ហើយ The English East India Company បាន​ជោគជ័យ​លើ​ម្ចាស់​ទឹកដី​ជា​បន្តបន្ទាប់​ទៀត​ដូចជា​សង្គ្រាម​នៅ​ឆ្នាំ ១៧៦៤ នៅ ប៊ី​ហា , សង្គ្រាម Anglo-Mysore ពី​ឆ្នាំ ១៧៦៦ -១៧៩៩ និង សង្គ្រាម Anglo-Maratha ពី​ឆ្នាំ ១៧៧២-១៨១៨ ធ្វើអោយ The English East India Company ពង្រីក​ដែនដី​ត្រួតត្រា​ធំ​ឡើងៗ គ្មាន​អំណាច​ម្ចាស់​ស្រុក​ណាមួយ​អាច​គំរាមកំហែង​ឡើយ ពោលគឺ​ក្រុមហ៊ុន​នេះ​ជា​អ្នកត្រួតត្រា ម្ចាស់​ស្រុក​ទៅវិញ ។

​អាណាខេត្ត និង ដែនដី​នានា​ត្រូវបាន​បង្រួបបង្រួម​ក្រោម​អំណាច​ត្រួតត្រា​របស់ The English East India Company ទាំងអស់​បន្ទាប់ពី​ក្រុមហ៊ុន នេះ​បានឈ្នះ​ស​ង្គ្រា Anglo-Sikh ពី​ឆ្នាំ ១៨៤៩-១៨៥៥ ។​
​ ​
នៅ​ឆ្នាំ ១៨៥៧ មាន​ឧទ្ទាម​កម្មបាន​ផ្ទុះឡើង​គ្រប់ទិសទី​ប្រឆាំងនឹង​ការត្រួតត្រា​របស់​ក្រុមហ៊ុន English East India Company ដែល​ត្រូវបាន​គេ​ហៅថា សង្គ្រាម​លើក​ទី ១ ដើម្បី​ឯករាជ្យ​ឥណ្ឌា , មហា​ឧទ្ទាម , ឧទ្ទាម ឥណ្ឌា និង បដិវត្តន៍ ១៨៥៧ ជាដើម ។

​ឧទ្ទាម​នេះ​បានធ្វើអោយ​ក្រុមហ៊ុន English East India Company ឈានដល់​ដំណាក់កាល​ជិត ដួលរលំ ។ រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ក៏បាន​ចាប់ផ្តើម​ចូល​អន្តរាគមន៍​ដោយ​រៀប​គោល នយោបាយ ប្រព័ន្ធ​រដ្ឋបាល និង ហិរញ្ញវត្ថុ ចូលទៅ​គ្រប់គ្រង​ក្រុមហ៊ុន​នេះ ហើយ​ទីបំផុត​បាន កម្ទេច​ពួក បដិវត្តន៍ ឥណ្ឌា ចោល​ដោយ​ជោគជ័យ​នៅ​ឆ្នាំ ១៨៥៨ ហើយ​ប្រទេស​ឥណ្ឌា ក៏បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់​ចក្រ​ភព​អង់គ្លេស ដោយមាន​ស្តេច​អង់គ្លេស ជា​ស្តេច​របស់ ឥណ្ឌា ទាំងស្រុង​ចាប់ពីពេលនោះ ។​
​ ​
ចលនា​ដើម្បី​ឯករាជ្យ​
ប្រជាជន ឥណ្ឌា តែងតែមាន​គំនិត​ចង់​រើបម្រះ​ពី​ការត្រួតត្រា​របស់​អង់គ្លេស​ជា​ដរាប ទីបំផុតបង្កើតបានជា​គណបក្ស​នយោបាយ​មួយ​ឈ្មោះ Indian National Congress នៅ​ឆ្នាំ ១៨៨៥ ជា​បក្ស​ដ៏​ធំ និងដំបូង​បំផុត​ក្នុងការ​ទាមទារ​រក​ឯ​ក​រាជ​ភាព​របស់ ឥណ្ឌា ។​

​អាណានិគម អង់គ្លេស បានធ្វើ​កំណែទម្រង់​ច្រើន​គួរសម​ដែរ ប៉ុន្តែ​ប្រជាពលរដ្ឋ ឥណ្ឌា ច្រើនឡើងៗ​ទាមទារ​រក​សិទ្ធិ​ស្វ័យគ្រប់គ្រង ជាពិសេស ការលេចឡើង​នូវ​ចលនា មិន​សហការ អហិង្សា ដឹកនាំ​ដោយ​លោក ម៉ូ​ហាន់​ដាស កា​រ៉ា​មចាន់ គ​ន្ធី (​មហា​ត្មៈ គ​ន្ធី ) នៅ​ឆ្នាំ ១៩៣០ ។​

​ទីបំផុត​នៅ​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ១៩៤៧ ឥណ្ឌា ទទួលបាន​ឯករាជភាព​ពី​ចក្រភព​អង់គ្លេស តាមរយៈ​កិច្ចព្រមព្រៀង​ផ្តល់​ឯករាជភាព​អោយ ឥណ្ឌា នា​ឆ្នាំ ១៩៤៧ ។ ប៉ុន្តែ​ក្នុង​ច្បាប់​នេះ អង់គ្លេស បាន​បែងចែក​ប្រទេស​ឥណ្ឌា​ទៅជា​រដ្ឋ​ឯករាជ្យ​ពីរ​ដាច់ដោយឡែក​ពីគ្នា គឺ ឥណ្ឌា និង ប៉ា​គី​ស្ថាន ។

​ឥណ្ឌា ទទួលបាន​ឯករាជភាព​ក៏ពិតមែន ប៉ុន្តែ​ក្នុងឋានៈ​ជា​ប្រទេស រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ដោយមាន​ស្តេច ច​ច ទី​៦ របស់​អង់គ្លេស ជា​ប្រមុខរដ្ឋ និង​អគ្គទេសាភិបាល អង់គ្លេស​ម្នាក់ ។ នេះ​បានសេចក្តីថា ឥណ្ឌា ទទួលបាន​ឯករាជភាព ប៉ុន្តែ​ឥណ្ឌា​នៅ​មិនទាន់ មានច្បាប់​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​នៅឡើយ គឺ​នៅតែ​ប្រើប្រាស់​ច្បាប់ ឆ្នាំ​១៩៣៥ ដែល​ត្រូវបាន តាក់តែងឡើង ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​អាណានិគម​អង់គ្លេស ជាជាង​ប្រជាពលរដ្ឋ ឥណ្ឌា ។

​ដោយហេតុនេះ នៅ​ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៤៧ គណៈកម្មាធិការ​ពង្រាង​ច្បាប់​មួយ ត្រូវបាន​បង្កើតឡើង​ដើម្បី​ព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ ឥណ្ឌា ។

​សេចក្តីព្រាងច្បាប់​មួយ ត្រូវបាន​ដាក់ជូន​រដ្ឋ​សភា អនុម័ត​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៧ ។ រដ្ឋសភា បាន​ជួបប្រជុំគ្នា ជា​បន្តបន្ទាប់ បើកចំហ​ជា​សាធារណៈ សម្រាប់​រយៈ​១៦៦ ថ្ងៃ ក៏​នៅតែ​មិនទាន់​ព្រមព្រៀងគ្នា​ឈានដល់​ការ​អនុ​ម​ត្តិ ទើប​អូសបន្លាយ​រហូតដល់ ពីរ ឆ្នាំ ១១ ខែ និង ១៨ ថ្ងៃ ទើប​ច្បាប់​នោះ​ត្រូវ​បានអនុម័ត ។​

​បន្ទាប់ពី​ការសម្រេច និង​ការកែប្រែ​ជាច្រើន​មក សមាជិកសភា ៣០៨ រូប បាន​ចុះហត្ថលេខា លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ដំបូង​របស់​ឥណ្ឌា ដែល​សរសេរ​ជា​ពីរ​ភាសា (​ភាសា​ហិណ្ឌូ​និង​ភាសា អង់គ្លេស ) ដែលជា​ច្បាប់​សេរ​សេរ​ដោយ​ដៃ នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​១៩៥០ ។ ពីរ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​១៩៥០ នោះ ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​ទូទាំងប្រទេស ។​

​ចាប់ពីពេលនោះ​មក ឥណ្ឌា ប្រារព្ធ​ទិវា​សាធារណៈ របស់ខ្លួន​ដើម្បី​រំឭក និង​អបអរ សាទរ​ដល់ ថ្ងៃ​ដែល​ពួកគេ​មានច្បាប់​រដ្ឋធម្មនុញ្ញរ​បស់​ខ្លួន​ដោយ​ប្រការ​ដូច្នោះ​ឯង ៕ ស្រាវជ្រាវ​ដោយៈ មេសា

ក្បួនព្យុហយាត្រា នៅ ទិវា​សាធារណៈ ឥណ្ឌា
ក្បួនព្យុហយាត្រា នៅ ទិវា​សាធារណៈ ឥណ្ឌា
ទីក្រុង ញូ ដេលី នៃ ប្រទេស​ឥណ្ឌា